បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • lr ជំ. ៣២ ទំ. ១៦៧-១៧១
  • តើព្រះបានការពារលោកយេស៊ូយ៉ាងដូចម្ដេច?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើព្រះបានការពារលោកយេស៊ូយ៉ាងដូចម្ដេច?
  • សូមស្ដាប់គ្រូដ៏ល្អប្រសើរ
  • អត្ថបទស្រដៀងគ្នា
  • ពួកអ្នកចេះហោរាសាស្ត្រទៅជួបកូនតូចយេស៊ូ
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
  • ព្រះយេស៊ូនិងពួកហោរ
    បុរសឧត្តមបំផុតដែលធ្លាប់រស់នៅ
  • រត់គេចចេញពីអ្នកប្រើអំណាចផ្ដាច់ការ
    បុរសឧត្តមបំផុតដែលធ្លាប់រស់នៅ
  • ព្រះយេហូវ៉ាការពារលោកយេស៊ូ
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
មើលបន្ថែមទៀត
សូមស្ដាប់គ្រូដ៏ល្អប្រសើរ
lr ជំ. ៣២ ទំ. ១៦៧-១៧១

ជំពូក​ទី​៣២

តើ​ព្រះ​បាន​ការពារ​លោក​យេស៊ូ​យ៉ាង​ដូច​ម្ដេច?

ពេល​ខ្លះ​ព្រះ​យេហូវ៉ា​ធ្វើ​អ្វី​មួយ​តាម​របៀប​អស្ចារ្យ​ដើម្បី​ការពារ​កូន​ក្មេង​ដែល​មិន​អាច​ការពារ​ខ្លួន​បាន។ បើ​កូន​ដើរ​លេង​នៅ​ជនបទ កូន​ប្រហែល​ជា​ឃើញ​របៀប​មួយ​ដែល​ព្រះ​យេហូវ៉ា​ធ្វើ​ដូច្នេះ។ ក៏​ប៉ុន្តែ ពេល​កូន​ឃើញ​ភ្លាម កូន​ប្រហែល​ជា​មិន​យល់​អ្វី​ដែល​កំពុង​កើត​ឡើង​នោះ​ទេ។

ឧបមា​ថា ថ្ងៃ​មួយ​កូន​ឃើញ​សត្វ​ស្លាប​មួយ​ហោះ​ចុះ​មក​ជិត​កូន។ វា​មើល​ទៅ​ដូច​ជា​មាន​របួស​ស្លាប។ ពេល​កូន​ខំ​ចូល​ទៅ​ជិត វា​ដើរ​ចេញ​ដោយ​អូស​ស្លាប​ម្ខាង។ រាល់​ដង​ពេល​កូន​ដើរ​ចូល​បន្ដិច វា​ដើរ​ចេញ​បន្ដិច​ដែរ។ បន្ទាប់​មក ស្រាប់​តែ​សត្វ​ស្លាប​នោះ​ហោះ​ទៅ។ ស្លាប​វា​គ្មាន​របួស​ទេ! តើ​កូន​ដឹង​ថា​សត្វ​ស្លាប​នោះ​កំពុង​ធ្វើ​អ្វី​ទេ?—

ការ​ពិត មេ​សត្វ​ស្លាប​នោះ​ខ្លាច​ថា កូន​នឹង​ឃើញ​ហើយ​ធ្វើ​បាប​កូន​របស់​វា​ដែល​វា​បាន​លាក់​ក្នុង​គុម្ពោត ដូច្នេះ​វា​ហោះ​ចុះ​មក​ក្បែរ​កូន ហើយ​ធ្វើ​ពុត​ជា​របួស​ដើម្បី​នាំ​កូន​ចេញ​ឲ្យ​ឆ្ងាយ​ពី​កូន​របស់​វា។ ដូច​ជា​មេ​សត្វ​ស្លាប​នេះ​ការពារ​កូន​របស់​វា តើ​អ្នក​ណា​អាច​ការពារ​យើង? តើ​កូន​ដឹង​ទេ?— ក្នុង​គម្ពីរ​បាន​ប្រដូច​ព្រះ​យេហូវ៉ា​ទៅ​នឹង​សត្វ​ឥន្ទ្រី ដោយ​សារ​ឥន្ទ្រី​ចេះ​ជួយ​កូន​របស់​វា។—ចោទិយកថា ៣២:១១, ១២

មេសត្វស្លាបធ្វើជាមានរបួសដោយអូសស្លាបរបស់វា ពេលកូនក្មេងចូលទៅជិតកូនរបស់វា

តើ​មេ​សត្វ​ស្លាប​នេះ​កំពុង​ការពារ​កូន​ៗ​របស់​វា​យ៉ាង​ដូច​ម្ដេច?

កូន​ដ៏​វិសេស​បំផុត​និង​ជា​ទី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា គឺ​លោក​យេស៊ូ។ ពេល​លោក​យេស៊ូ​នៅ​ស្ថាន​សួគ៌ លោក​ជា​បុគ្គល​វិញ្ញាណ​ដែល​មាន​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា​ដូច​បិតា​របស់​លោក​ដែរ ដូច្នេះ លោក​អាច​មើល​ថែ​ខ្លួន​បាន។ ក៏​ប៉ុន្តែ ពេល​ដែល​លោក​យេស៊ូ​បាន​កើត​ជា​កូន​ង៉ែត​នៅ​ផែន​ដី លោក​មិន​អាច​ជួយ​ខ្លួន​ឯង​បាន​ទេ។ ដូច្នេះ​លោក​ត្រូវ​ការ​អ្នក​ជួយ​ការពារ។

ដើម្បី​ឲ្យ​លោក​យេស៊ូ​សម្រេច​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​ដែល​ឲ្យ​លោក​មក​ផែន​ដី លោក​ត្រូវ​ធំ​ឡើង​និង​ទៅ​ជា​បុរស​ពេញ​វ័យ​ដ៏​ល្អ​ឥត​ខ្ចោះ។ ប៉ុន្តែ សាថាន​បាន​ព្យាយាម​សម្លាប់​លោក​យេស៊ូ​មុន​ពេល​ដែល​លោក​ធំ​ឡើង។ របៀប​ដែល​សត្រូវ​ប៉ុនប៉ង​សម្លាប់​លោក​យេស៊ូ​ពេល​លោក​នៅ​ជា​កុមារ និង​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ការពារ​លោក គឺ​ពិត​ជា​រឿង​អស្ចារ្យ​ណាស់។ តើ​កូន​ចង់​ស្ដាប់​រឿង​នេះ​ឬ​ទេ?—

បន្ដិច​ក្រោយ​ពី​លោក​យេស៊ូ​កើត​មក សាថាន​បាន​ធ្វើ​ឲ្យ​មនុស្ស​ឃើញ​អ្វី​មួយ​ដូច​ជា​ផ្កាយ​ភ្លឺ​នៅ​តំបន់​ខាង​កើត។ ពួក​អ្នក​ចេះ​ហោរាសាស្ត្រ​ដែល​ជា​អ្នក​សិក្សា​អំពី​ផ្កាយ បាន​ធ្វើ​ដំណើរ​តាម​ផ្កាយ​នោះ​អស់​រាប់​រយ​គីឡូ​ម៉ែ​ត​ទៅ​ក្រុង​យេរូសាឡិម។ ពេល​ទៅ​ដល់​ទី​នោះ ពួក​គេ​បាន​សួរ​ថា តើ​ស្តេច​នៃ​ជន​ជាតិ​យូដា​ដែល​ទើប​តែ​កើត​មក​នោះ​នៅ​ឯ​ណា? ពួក​បុរស​ដែល​ស្គាល់​ទំនាយ​ក្នុង​គម្ពីរ​ឆ្លើយ​ថា​៖ ​«​នៅ​ភូមិ​បេថ្លេហិម​»។—ម៉ាថាយ ២:១​-​៦

អ្នកចេះហោរាសាស្ដ្រយកអំណោយឲ្យម៉ារៀនិងយ៉ូសែបសម្រាប់លោកយេស៊ូ

ក្រោយ​ពី​ពួក​អ្នក​ចេះ​ហោរាសាស្ត្រ​បាន​ទៅ​ជួប​កុមារ​យេស៊ូ តើ​ព្រះ​បាន​ព្រមាន​ពួក​គេ​យ៉ាង​ណា​ដើម្បី​សង្គ្រោះ​កុមារ​យេស៊ូ?

នៅ​គ្រា​នោះ ហេរ៉ូឌ​ដែល​ជា​ស្តេច​អាក្រក់​កំពុង​គ្រប់​គ្រង​នៅ​ក្រុង​យេរូសាឡិម។ ក្រោយពី​ហេរ៉ូឌ​ឮ​ថា​មាន​ស្តេច​ថ្មី​ដែល​ទើប​តែ​កើត​មក​នៅ​បេថ្លេហិម​ដែល​ជា​កន្លែង​មួយ​នៅ​ក្បែរ​នោះ គាត់​ប្រាប់​ដល់​ពួក​អ្នក​ចេះ​ហោរាសាស្ត្រ​ថា​៖‹ចូរ​ទៅ​ស្វែងរក​កូន​នោះ ហើយ​ត្រឡប់​មក​វិញ​ប្រាប់​ខ្ញុំ​ផង›។ ហេតុ​អ្វី​ហេរ៉ូឌ​ចង់​ដឹង​កន្លែង​ដែល​លោក​យេស៊ូ​នៅ? តើ​កូន​ដឹង​ទេ?— នេះ​គឺ​ដោយ​សារ​ហេរ៉ូឌ​មាន​ចិត្ត​ច្រណែន​ហើយ​ចង់​សម្លាប់​លោក​យេស៊ូ!

តើ​ព្រះ​បាន​ការពារ​លោក​យេស៊ូ​ដែល​ជា​កូន​របស់​លោក​យ៉ាង​ដូច​ម្ដេច?— ពេល​ពួក​អ្នក​ចេះ​ហោរាសាស្ត្រ​បាន​រក​ឃើញ​លោក​យេស៊ូ ពួក​គេ​ឲ្យ​អំណោយ​ដល់​លោក។ ក្រោយ​មក ព្រះ​បាន​ព្រមាន​ពួក​គេ​តាម​រយៈ​សុបិន​មិន​ឲ្យ​ត្រឡប់​ទៅ​ជួប​ហេរ៉ូឌ​វិញ​ទេ។ ដូច្នេះ ពួក​គេ​បាន​ត្រឡប់​ទៅ​ស្រុក​ខ្លួន តាម​ផ្លូវ​ផ្សេង​វិញ។ ពេល​ហេរ៉ូឌ​ដឹង​ថា​ពួក​អ្នក​ចេះ​ហោរាសាស្ត្រ​បាន​ត្រឡប់​ទៅ​វិញ​ហើយ គាត់​ខឹង​ខ្លាំង​ណាស់។ ដូច្នេះ​ដើម្បី​សម្លាប់​លោក​យេស៊ូ ហេរ៉ូឌ​បាន​បង្គាប់​ឲ្យ​គេ​សម្លាប់​ក្មេង​ប្រុស​ទាំង​អស់​នៅ​បេថ្លេហិម​ដែល​មាន​អាយុ​ក្រោម​ពីរ​ឆ្នាំ។ ប៉ុន្តែ នៅ​ពេល​នោះ លោក​យេស៊ូ​មិន​បាន​នៅ​ទី​នោះ​ទេ។

តើ​លោក​យេស៊ូ​បាន​គេច​ខ្លួន​យ៉ាង​ដូច​ម្ដេច? តើ​កូន​ដឹង​ទេ?— ក្រោយ​ពី​ពួក​អ្នក​ចេះ​ហោរាសាស្ត្រ​បាន​ត្រឡប់​ទៅ​ស្រុក​វិញ ព្រះ​យេហូវ៉ា​បាន​ព្រមាន​យ៉ូសែប​ជា​ប្ដី​នាង​ម៉ារៀ ឲ្យ​នាំ​ក្រុម​គ្រួសារ​រត់​ទៅ​ឲ្យ​ឆ្ងាយ​ដល់​ស្រុក​អេស៊ីប។ នៅ​ទី​នោះ លោក​យេស៊ូ​បាន​រួច​ជីវិត​ពី​ការ​តាម​សម្លាប់​របស់​ស្តេច​ហេរ៉ូឌ​ដ៏​អាក្រក់។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក យ៉ូសែប​និង​នាង​ម៉ារៀ​នាំ​លោក​យេស៊ូ​ចេញ​ពី​ស្រុក​អេស៊ីប​ត្រឡប់​មក​វិញ ពេល​នោះ​ព្រះ​ព្រមាន​យ៉ូសែប​ម្ដង​ទៀត។ លោក​បាន​ប្រាប់​គាត់​តាម​រយៈ​សុបិន​មួយ​ឲ្យ​ពួក​គាត់​ទៅ​រស់​នៅ​ក្រុង​ណាសារ៉ែត ហើយ​នៅ​ទី​នោះ​លោក​យេស៊ូ​នឹង​មាន​សុវត្ថិភាព។—ម៉ាថាយ ២:៧​-​២៣

យ៉ូសែបការរកុមារយេស៊ូដោយនាំលោកនិងម៉ារៀទៅស្រុកអេស៊ីប

តើ​ព្រះ​បាន​សង្គ្រោះ​កុមារ​យេស៊ូ​ម្ដង​ទៀត​យ៉ាង​ដូច​ម្ដេច?

តើ​កូន​ឃើញ​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ការពារ​កូន​របស់​លោក​ទេ?— តើ​អ្នក​ណា​ប្រៀប​ដូច​លោក​យេស៊ូ​ពេល​នៅ​តូច ឬ​ដូច​ជា​កូន​សត្វ​ស្លាប​ដែល​មេ​វា​បាន​លាក់​ក្នុង​គុម្ពោត? គឺ​កូន មែន​ទេ?— នៅ​សព្វ​ថ្ងៃ​នេះ ក៏​មាន​អ្នក​ខ្លះ​ចង់​ធ្វើ​បាប​កូន​ដែរ។ តើ​កូន​ដឹង​ថា​ជា​អ្នក​ណា​ទេ?—

គម្ពីរ​ប្រាប់​ថា សាថាន​គឺ​ប្រៀប​ដូច​ជា​សត្វ​តោ​ដែល​កំពុង​គ្រហឹម​ចង់​ចាប់​យើង​ស៊ី​ជា​ចំណី។ ដូច​សត្វ​តោ​ដែល​ច្រើន​តែ​ធ្វើ​បាប​សត្វ​តូច​ៗ សាថាន​និង​ពួក​វិញ្ញាណ​កំណាច​ក៏​ច្រើន​តែ​ធ្វើ​បាប​កូន​ក្មេង​ដែរ។ (​ពេត្រុស​ទី១ ៥:៨​) ប៉ុន្តែ ព្រះ​យេហូវ៉ា​ខ្លាំង​ជាង​សាថាន។ ព្រះ​យេហូវ៉ា​អាច​ការពារ​កូន​ៗ​របស់​លោក ហើយ​បើ​មាន​អ្វី​អាក្រក់​កើត​ឡើង​ចំពោះ​ពួក​គេ លោក​អាច​ធ្វើ​ឲ្យ​អ្វី​នោះ​ល្អ​ឡើង​វិញ​បាន។

នៅ​ជំពូក​ទី​១០​ក្នុង​សៀវភៅ​នេះ យើង​បាន​រៀន​ថា​សាថាន​និង​ពួក​វិញ្ញាណ​កំណាច​ព្យាយាម​ល្បួង​យើង​ឲ្យ​ធ្វើ​អ្វី​មួយ តើ​កូន​នៅ​ចាំ​ទេ?— មែន​ហើយ ពួក​វា​ព្យាយាម​ល្បួង​យើង​ឲ្យ​ធ្វើ​ខុស​ច្បាប់​ព្រះ ដោយ​រួម​ភេទ​ជា​មួយ​អ្នក​ឯ​ទៀត។ តើ​ច្បាប់​របស់​ព្រះ​អនុញ្ញាត​ឲ្យ​អ្នក​ណា​ប៉ុណ្ណោះ​រួម​ភេទ​ជា​មួយ​គ្នា?— មែន​ហើយ មាន​តែ​ប្រុស​និង​ស្រី​ដែល​ពេញ​វ័យ និង​ដែល​បាន​រៀប​ការ​ហើយ​ប៉ុណ្ណោះ ទើប​អាច​រួម​ភេទ​បាន។

ប៉ុន្តែ គួរ​ឲ្យ​សោកស្ដាយ​ណាស់ ដែល​មនុស្ស​ពេញ​វ័យ​ខ្លះ​ចូល​ចិត្ត​រួម​ភេទ​ជា​មួយ​កុមារ។ ពេល​ពួក​គេ​ធ្វើ​ដូច​នោះ កុមារ​រង​គ្រោះ​ប្រហែល​ជា​ចាប់​ផ្ដើម​ធ្វើ​អំពើ​ប្រាសចាក​សីលធម៌​ដែល​ពួក​គេ​បាន​រៀន​ពី​មនុស្ស​ពេញ​វ័យ​ទាំង​នោះ។ កុមារ​ទាំង​នោះ​ក៏​ចាប់​ផ្ដើម​ប្រើ​ប្រដាប់បន្តពូជ​របស់​ពួក​គេ​តាម​របៀប​មិន​ត្រឹម​ត្រូវ​ដែរ។ នោះ​ជា​អ្វី​ដែល​បាន​កើត​ឡើង​តាំង​ពី​យូរ​មក​ហើយ នៅ​ក្រុង​សូដុម។ គម្ពីរ​ប្រាប់​ថា​មនុស្ស​នៅ​ទី​នោះ​«​ទាំង​ក្មេង​ទាំង​ចាស់​»​ បាន​ព្យាយាម​រួម​ភេទ​ជា​មួយ​នឹង​ពួក​បុរស​ដែល​បាន​មក​លេង​ផ្ទះ​ឡុត។—លោកុប្បត្តិ ១៩:៤, ៥

កូន​បាន​រៀន​ហើយ​ថា លោក​យេស៊ូ​ត្រូវ​ការ​អ្នក​ជួយ​ការពារ ដូច​គ្នា​ដែរ កូន​ត្រូវ​ការ​អ្នក​ជួយ​ការពារ​កូន​ពី​អ្នក​ដែល​ចង់​រួម​ភេទ​ជា​មួយ​នឹង​កូន ទោះ​ជា​អ្នក​នោះ​ជា​មនុស្ស​ពេញ​វ័យ​ឬ​ក្មេង​ឯ​ទៀត​ក៏​ដោយ។ តាម​ធម្មតា មនុស្ស​ទាំង​នេះ​ធ្វើ​ពុត​ជា​មិត្ត​ភក្ដិ​របស់​កូន។ ពួក​គេ​អាច​រហូត​ដល់​ឲ្យ​កូន​អ្វី​មួយ បើ​កូន​សន្យា​ថា​កុំ​ប្រាប់​អ្នក​ឯ​ទៀត​អំពី​រឿង​ដែល​ពួក​គេ​ចង់​រួម​ភេទ​ជា​មួយ​នឹង​កូន។ ដូច​សាថាន​និង​ពួក​វិញ្ញាណ​កំណាច​របស់​វា មនុស្ស​ទាំង​នេះ​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន ហើយ​ពួក​គេ​គ្រាន់​តែ​ចង់​ឲ្យ​ខ្លួន​សប្បាយ​ប៉ុណ្ណោះ។ ម្យ៉ាង​ទៀត ពួក​គេ​ខំ​រក​ការ​សប្បាយ​បែប​នេះ ដោយ​រួម​ភេទ​ជា​មួយ​កុមារ។ នេះ​ជា​ការ​ប្រព្រឹត្ត​ដ៏​អាក្រក់​ណាស់!

តើ​ពួក​គេ​ប្រហែល​ជា​ធ្វើ​អ្វី​ដើម្បី​ឲ្យ​ខ្លួន​បាន​សប្បាយ? តើ​កូន​ដឹង​ទេ?— ពួក​គេ​ប្រហែល​ជា​ព្យាយាម​ស្ទាប​អង្អែល​ប្រដាប់បន្តពូជ​របស់​កូន ឬ​ក៏​ពួក​គេ​រហូត​ដល់​ដាក់​ប្រដាប់បន្តពូជ​របស់​ពួក​គេ​ទៅ​លើ​ប្រដាប់បន្តពូជ​របស់​កូន​ទៀត​ផង។ ប៉ុន្តែ កូន​មិន​គួរ​ឲ្យ​អ្នក​ណា​លេង​ប្រដាប់បន្តពូជ​របស់​កូន​ឡើយ ទោះ​ជា​បង​ប្អូន​បង្កើត ឬ​ឪពុក ឬ​ម្ដាយ​របស់​កូន​ក៏​ដោយ។

ក្មេងស្រីម្នាក់លើកដៃឲ្យបុរសម្នាក់ឈប់ប៉ះល់នាងតាមរបៀបមិនត្រឹមត្រូវ

បើ​អ្នក​ណា​ម្នាក់​ព្យាយាម​ប៉ះពាល់​កូន​តាម​របៀប​មិន​ត្រឹម​ត្រូវ តើ​កូន​គួរ​និយាយ​អ្វី ហើយ​គួរ​ធ្វើ​យ៉ាង​ណា?

តើ​កូន​អាច​ការពារ​រាង​កាយ​របស់​កូន​ពី​មនុស្ស​ដែល​ធ្វើ​អាក្រក់​នេះ​យ៉ាង​ដូច​ម្ដេច?— សំខាន់​បំផុត កុំ​ឲ្យ​នរណា​ម្នាក់​លេង​ប្រដាប់បន្តពូជ​របស់​កូន​ឲ្យ​សោះ។ បើ​អ្នក​ណា​ម្នាក់​ព្យាយាម​ធ្វើ​ដូច​នេះ កូន​ត្រូវ​និយាយ​ខ្លាំង​ៗ​និង​ម៉ឺង​ម៉ាត់​ថា​៖ ​«​ឈប់​ភ្លាម! ខ្ញុំ​នឹង​ប្រាប់​គេ​អំពី​អ្វី​ដែល​អ្នក​ធ្វើ!​»។ ណា​មួយ​ទៀត បើ​បុគ្គល​នោះ​និយាយ​ថា​រឿង​នេះ​គឺ​មក​តែ​ពី​កូន កូន​កុំ​ជឿ​ឲ្យ​សោះ។ អ្វី​ដែល​គាត់​និយាយ​គឺ​មិន​ពិត​ទេ។ ទោះ​ជា​បុគ្គល​ដែល​ធ្វើ​បាប​កូន​ជា​អ្នក​ណា​ក៏​ដោយ កូន​ត្រូវ​តែ​ទៅ​ប្រាប់​អ្នក​ឯ​ទៀត​ឲ្យ​ដឹង​អំពី​រឿង​នោះ​កុំ​ខាន! ម្យ៉ាង​ទៀត សូម្បី​តែ​បុគ្គល​នោះ​ប្រាប់​កូន​ថា នេះ​ជា​រឿង​សម្ងាត់​រវាង​គាត់​និង​កូន​ក៏​ដោយ កូន​ក៏​ត្រូវ​តែ​ប្រាប់​អ្នក​ឯ​ទៀត​ឲ្យ​ដឹង​ដែរ។ បន្ថែម​ទៅ​ទៀត ទោះ​បើ​បុគ្គល​នោះ​សន្យា​ថា​ឲ្យ​អំណោយ​ល្អ​ៗ​ដល់​កូន ឬ​គំរាម​ធ្វើ​បាប​កូន​ក្ដី កូន​ត្រូវ​រត់​ចេញ​ពី​គាត់ ហើយ​ទៅ​ប្រាប់​អ្នក​ឯ​ទៀត​ឲ្យ​ដឹង។

កូន​មិន​ចាំ​បាច់​ខ្លាច​ទេ តែ​កូន​ត្រូវ​ប្រុង​ប្រយ័ត្ន។ ពេល​ដែល​ឪពុក​ម្ដាយ​ព្រមាន​កូន​អំពី​មនុស្ស​ឬ​កន្លែង​ដែល​អាច​មាន​គ្រោះ​ថ្នាក់ កូន​ត្រូវ​ស្ដាប់​តាម​ពួក​គាត់។ បើ​កូន​ស្ដាប់​តាម កូន​នឹង​មិន​ឲ្យ​មនុស្ស​អាក្រក់​ណា​ម្នាក់​មាន​ឱកាស​ធ្វើ​បាប​កូន​នោះ​ទេ។

សូម​អាន​អំពី​ការ​ការពារ​ខ្លួន​ពី​ការ​ប្រព្រឹត្ត​ខុស​ឆ្គង​ណា​ដែល​ទាក់​ទង​នឹង​ការ​រួម​ភេទ​នៅ លោកុប្បត្តិ ៣៩:៧​-​១២ សុភាសិត ៤:១៤​-​១៦; ១៤:១៥, ១៦ កូរិនថូស​ទី១ ៦:១៨ និង​ពេត្រុស​ទី២ ២:១៤។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក