បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • kp ទំ. ១២-១៥
  • ‹គ្រាជំនុំជំរះ› បានមកដល់ហើយ!

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ‹គ្រាជំនុំជំរះ› បានមកដល់ហើយ!
  • ចូរចាំយាមចុះ!
  • អត្ថបទស្រដៀងគ្នា
  • តើ​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​ជា​អ្វី?
    សំណួរនិងចម្លើយពីគម្ពីរ
ចូរចាំយាមចុះ!
kp ទំ. ១២-១៥

‹គ្រា​ជំនុំជំរះ› បាន​មក​ដល់​ហើយ!

សៀវភៅ​វិវរណៈ ដែល​ជា​សៀវភៅ​ចុង​ក្រោយ​បង្អស់​ក្នុង​ព្រះ​គម្ពីរ ជួយ​ប្រាប់​ឲ្យ​យើង​យល់​ដឹង​ថា ទេវតា​មួយ​រូប​កំពុង​តែ​ហោះ​កាត់​កណ្ដាល​មេឃ ទាំង «មាន​ដំណឹង​ល្អ​ដ៏​នៅ​អស់កល្ប​ជានិច្ច សំរាប់​នឹង​ថ្លែង​ប្រាប់»។ ទេវតា​នោះ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា⁠៖ «ចូរ​កោត​ខ្លាច​ដល់​ព្រះ ហើយ​សរសើរ​សិរី​ល្អ​របស់​ទ្រង់​ចុះ! ដ្បិត​ពេល​ដែល​ទ្រង់​ត្រូវ​ជំនុំជំរះ នោះ​បាន​មក​ដល់​ហើយ»។ (វិវរណៈ ១៤:​៦, ៧) ‹គ្រា​ជំនុំជំរះ› ជា​គ្រា​ប្រកាស​នូវ​សេចក្ដី​ជំនុំជំរះ​របស់​ព្រះ ហើយ​ជា​ពេល​ដែល​ទ្រង់​នឹង​កាត់​ក្ដី​ផង​ដែរ។ ‹គ្រា​ជំនុំជំរះ› នឹង​នាំ​មក​នូវ​ទីបញ្ចប់​នៃ «ជាន់​ក្រោយ​បង្អស់» ហើយ​ឥឡូវ​នេះ​យើង​កំពុង​តែ​រស់​នៅ​គ្រា​នោះ។​—⁠ធីម៉ូថេទី២ ៣:១

មនុស្ស​ដែល​ស្រឡាញ់​សេចក្ដី​សុចរិត មាន​ចិត្ត​រីករាយ​ដោយសារ ‹គ្រា​ជំនុំជំរះ› បាន​មក​ដល់​ហើយ ដ្បិត​គ្រា​នោះ​ជា​ពេល​ដែល​ព្រះ​នឹង​ដោះ​ទុក្ខ​សោក​របស់​អ្នក​បំរើ​ទ្រង់ ដែល​បាន​រង​ទុក្ខ​ដោយ​លោកីយ៍​នេះ​ដែល​ឃោរឃៅ​ហើយ​គ្មាន​សេចក្ដី​ស្រឡាញ់។

នៅ​ពេល​ឥឡូវ​នេះ មុន​នឹង ‹គ្រា​ជំនុំជំរះ› មក​ដល់​ទីបញ្ចប់​ដោយ​ការ​បំផ្លាញ​ចោល​នូវ​របប​លោកីយ៍​អាក្រក់​នា​បច្ចុប្បន្ន​នេះ នោះ​យើង​បាន​ត្រូវ​ដាស់​តឿន​ថា⁠៖ «ចូរ​កោត​ខ្លាច​ដល់​ព្រះ ហើយ​សរសើរ​សិរី​ល្អ​របស់​ទ្រង់​ចុះ!»។ តើ​អ្នក​កំពុង​តែ​ធ្វើ​ដូច្នេះ​ឬ​ទេ? គ្រាន់​តែ​និយាយ​ថា «ខ្ញុំ​ជឿ​លើ​ព្រះ» នោះ​មិន​គ្រប់គ្រាន់​ទេ។ (ម៉ាថាយ ៧:​២១​-​២៣; យ៉ាកុប ២:​១៩, ២០) ការ​កោត​ខ្លាច​ដល់​ព្រះ​យ៉ាង​ត្រឹម​ត្រូវ​គួរ​ជំរុញ​យើង​ឲ្យ​មាន​ចិត្ត​គោរព​ដល់​ទ្រង់ ហើយ​ក៏​គួរ​ជំរុញ​យើង​ឲ្យ​ជៀស​ចេញ​ពី​ការ​អាក្រក់។ (សុភាសិត ៨:⁠១៣) ការ​កោត​ខ្លាច​ដល់​ព្រះ​នឹង​ជួយ​យើង​រៀន​ឲ្យ​ចេះ​ស្រឡាញ់ សេចក្ដី​ល្អ ហើយ​ចេះ​ស្អប់ នូវ​អ្វី​ដែល​អាក្រក់​វិញ។ (អេម៉ុស ៥:​១៤, ១៥) បើ​យើង​ជា​អ្នក​លើក​កិត្ដិយស​ថ្វាយ​ព្រះ នោះ​យើង​នឹង​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​តាម​ទ្រង់។ យើង​នឹង​មិន​ឲ្យ​អ្វី​ផ្សេង​ទៀត​មក​រំខាន​ដល់​ការ​អាន​ព្រះ​គម្ពីរ​ដែល​ជា​បន្ទូល​របស់​ព្រះ​យ៉ាង​ទៀងទាត់​នោះ​ទេ។ យើង​នឹង​ទុក​ចិត្ត​លើ​ទ្រង់​អស់​អំពី​ចិត្ត​ជានិច្ច។ (ទំនុកដំកើង ៦២:៨; សុភាសិត ៣:​៥, ៦) មនុស្ស​ដែល​ពិត​ជា​លើក​កិត្ដិយស​ថ្វាយ​ព្រះ គឺ​ជា​អ្នក​ដែល​ទទួល​ស្គាល់​ទ្រង់​ជា​អ្នក​បង្កើត​ផ្ទៃ​មេឃ​និង​ផែនដី និង​ចាត់​ទុក​ទ្រង់​ជា​ព្រះ​មហាក្សត្រ​សកលលោក ហើយ​ពួក​គេ​ក៏​ស្រឡាញ់​ទ្រង់​និង​ចុះ​ចូល​ចំពោះ​ទ្រង់​ជា​ព្រះ​មហាក្សត្រ​ដែល​គ្រប់គ្រង​លើ​ជីវិត​របស់​គេ។ ប្រសិន​បើ​យើង​យល់​ឃើញ​ថា យើង​គួរ​ធ្វើ​នេះ​ឲ្យ​បាន​ច្រើន​ជាង នោះ​ចូរ​ធ្វើ​កុំ​ខាន​ឡើយ។

គ្រា​កាត់​ទោស​តាម​ការ​ជំនុំជំរះ​ដែល​ទេវតា​បាន​ប្រកាស​ប្រាប់​នោះ ក៏​បាន​ហៅ​ថា «ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា»។ នៅ​ឆ្នាំ ៦០៧ មុនស.យ. មនុស្ស​នៅ​ទី​ក្រុង​យេរូសាឡិម​បាន​ឆ្លង​កាត់ «ថ្ងៃ» មួយ​នៃ​ព្រះ​យេហូវ៉ា ពីព្រោះ​ពួក​គេ​មិន​បាន​ធ្វើ​តាម​ការ​ព្រមាន​ពី​ព្រះ​តាម​រយៈ​ព្យាការី​ទ្រង់។ ពួក​គេ​បាន​ប្រថុយ​ជីវិត​ដោយ​បញ្ឆោត​ខ្លួន​ថា ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​គឺ​មិន​នៅ​ជិត​ប៉ុន្មាន​ទេ។ ព្រះ​យេហូវ៉ា​បាន​ព្រមាន​ពួក​គេ​ថា⁠៖ ថ្ងៃ​នោះ «បាន​មក​ជិត​ហើយ ក៏​ប្រញឹក​ណាស់​ដែរ»។ (សេផានា ១:⁠១៤) នៅ​ឆ្នាំ ៥៣៩ មុនស.យ. ក៏​មាន «ថ្ងៃ» មួយ​ទៀត «នៃ​ព្រះ​យេហូវ៉ា» ដែល​បាន​មក​លើ​ទី​ក្រុង​បាប៊ីឡូន​ពី​បុរាណ។ (អេសាយ ១៣:​១, ៦) ព្យាការី​របស់​ព្រះ​យេហូវ៉ា​បាន​ព្រមាន​ដល់​ពួក​សាសន៍​បាប៊ីឡូន​នោះ តែ​គេ​មិន​អើពើ​ទេ ពីព្រោះ​គេ​បាន​ទុក​ចិត្ត​លើ​សំណង់​កំផែង​រឹង​មាំ​និង​ព្រះ​របស់​គេ។ ប៉ុន្តែ ក្នុង​រយៈ​ពេល​តែ​មួយ​យប់​គត់ ពួក​សាសន៍​មេឌី​និង​ពើ​ស៊ី​បាន​លុក​ចូល​ដណ្ដើម​យក​ទី​ក្រុង​បាប៊ីឡូន​ដ៏​ឆ្នើម​នោះ។

តើ​យើង​ប្រឈម​មុខ​នឹង​អ្វី​សព្វ​ថ្ងៃ​នេះ? យើង​ក៏​ប្រឈម​មុខ​នឹង «ថ្ងៃ» មួយ​ទៀត «នៃ​ព្រះ​យេហូវ៉ា» ដែល​មាន​អានុភាព​ធំធេង​ជាង «ថ្ងៃ» មុន⁠ៗទៅ​ទៀត។ (ពេត្រុសទី២ ៣:​១១​-​១៤) ព្រះ​បាន​កាត់​ទោស «បាប៊ីឡូន​ដ៏​ជា​ធំ» ស្រប​ទៅ​តាម​អ្វី​ដែល​ទេវតា​មួយ​រូប​បាន​ប្រកាស​ប្រាប់​នៅ​វិវរណៈ ១៤:៨ ថា⁠៖ «ក្រុង​បាប៊ីឡូន​ដ៏​ជា​ធំ​បាន​រលំ​ហើយ! បាន​រលំ​ហើយ!»។ នេះ​បាន​កើត​ឡើង​រួច​ហើយ។ វា​មិន​អាច​ឃាត់​ឃាំង​អ្នក​ថ្វាយ​បង្គំ​របស់​ព្រះ​យេហូវ៉ា​ទៀត​ទេ។ សេចក្ដី​ពុក​រលួយ​របស់​វា និង​ការ​រួម​ដៃ​ធ្វើ​សង្គ្រាម បាន​ត្រូវ​បក​អាក្រាត​ទូទៅ​រួច​ហើយ។ ឥឡូវ សេចក្ដី​ហិនវិនាស​លើក​ចុង​ក្រោយ​បង្អស់​របស់​វា​បាន​មក​ជិត​ដល់។ ហេតុ​នោះ​ហើយ​បាន​ជា​ព្រះ​គម្ពីរ​ដាស់​តឿន​មនុស្ស​នៅ​គ្រប់​ទី​កន្លែង​ថា⁠៖ «ចូរ​ចេញ​ពី​ទី​ក្រុង[បាប៊ីឡូន​ដ៏​ធំ]នោះ​មក ដើម្បី​កុំ​ឲ្យ​ត្រូវ​មាន​ចំណែក​ក្នុង​អំពើ​បាប​វា​ឡើយ ក្រែង​ត្រូវ​វេទនា​ដូច​ជា​វា​ដែរ។ ដ្បិត​អំពើ​បាប​វា​បាន​គរ​ជា​គំនរ​ឡើង​ដល់​ផ្ទៃ​មេឃ ហើយ​ព្រះ​ទ្រង់​បាន​នឹក​ចាំ​ពី​ការ​ទុច្ចរិត​របស់​វា»។​—⁠វិវរណៈ ១៨:​៤, ៥

តើ​បាប៊ីឡូន​ដ៏​ធំ​នោះ​ជា​អ្វី? បាប៊ីឡូន​ដ៏​ធំ​គឺ​ជា​របប​សាសនា​ទូទាំង​ផែនដី​ដែល​មាន​លក្ខណៈ​ដូច​ទី​ក្រុង​បាប៊ីឡូន​ពី​បុរាណ។ (វិវរណៈ ជំពូក​១៧, ១៨) សូម​ពិចារណា​លក្ខណៈ​ខ្លះ​ដែល​ដូច​គ្នា​នោះ :

• ពួក​សង្ឃ​ឬ​បព្វជិត​សាសនា​នៅ​ទី​ក្រុង​បាប៊ីឡូន​ពី​បុរាណ​បាន​ចូល​រួម​ចំណែក​ក្នុង​រឿង​នយោបាយ​នៃ​សាសន៍​នោះ។ សាសនា​ជា​ច្រើន​សព្វ​ថ្ងៃ​នេះ​ក៏​ធ្វើ​ដូច្នេះ​ដែរ។

• បព្វជិត​សាសនា​នៅ​ទី​ក្រុង​បាប៊ីឡូន​បាន​គាំទ្រ​ចំបាំង​របស់​សាសន៍​ខ្លួន។ ពេល​ដែល​ប្រទេស​និមួយ⁠ៗធ្វើ​សង្គ្រាម​នៅ​សម័យ​យើង​នេះ សាសនា​នានា​ក៏​ច្រើន​តែ​នាំ​មុខ​ក្នុង​ការ​ប្រទាន​ពរ​ទៅ​លើ​ពល​ទ័ព​ដែរ។

• សេចក្ដី​បង្រៀន​និង​ទំលាប់​ផ្សេង⁠ៗនៅ​ទី​ក្រុង​បាប៊ីឡូន​ពី​បុរាណ បាន​បណ្ដាល​ឲ្យ​សាសន៍​នោះ​ប្រព្រឹត្ត​អំពើ​អសីលធម៌​ដ៏​លា​មក​អាក្រក់។ សព្វ​ថ្ងៃ​នេះ ពេល​ដែល​មេ​ដឹក​នាំ​សាសនា​មើលងាយ​នូវ​ខ្នាត​តម្រា​សីលធម៌​ក្នុង​ព្រះ​គម្ពីរ នោះ​ក៏​មាន​អំពើ​អសីលធម៌​ជា​ទូទៅ​ដែរ ដែល​ប្រព្រឹត្ត​ដោយ​ពួក​បរិស័ទ​និង​ពួក​បព្វជិត​ផង​ដែរ។ គួរ​ឲ្យ​កត់​សម្គាល់​ដែរ​ថា ក្នុង​សៀវភៅ​វិវរណៈ បាប៊ីឡូន​ដ៏​ធំ​ត្រូវ​តំណាង​ជា​ស្រីពេស្យា ដោយសារ​អំពើ​ពេស្យា​ចារ​របស់​វា​ជា​មួយ​នឹង​លោកីយ៍​នេះ ហើយ​ជា​មួយ​នឹង​របប​នយោបាយ​របស់​លោកីយ៍​នេះ​ដែរ។

• ព្រះ​គម្ពីរ​ក៏​រៀប​រាប់​ថា បាប៊ីឡូន​ដ៏​ធំ​កំពុង​តែ «ឈ្លក់​នឹង​ទ្រព្យ​សម្បត្ដិ​ដ៏​ហូរ​ហៀរ» ហើយ «ហ៊ឺហា» ផង។ នៅ​ទី​ក្រុង​បាប៊ីឡូន​ពី​បុរាណ ពួក​សង្ឃ​ឬ​បព្វជិត​បាន​ប្រមូល​ដី​ជា​ច្រើន​ក្នុង​នាម​សាសនា ហើយ​ក៏​មាន​មុខ​មាន​មាត់​ក្នុង​រឿង​ពាណិជ្ជកម្ម​ដែរ។ សព្វ​ថ្ងៃ​នេះ បាប៊ីឡូន​ដ៏​ធំ​មិន​គ្រាន់​តែ​មាន​កន្លែង​ថ្វាយ​បង្គំ​ជា​ច្រើន តែ​មាន​ដី​និង​សម្បត្ដិ​ផ្សេង⁠ៗយ៉ាង​សន្ធឹក​ជា​ភោគ​ហ៊ុន​ដែរ។ សេចក្ដី​បង្រៀន​និង​ពិធី​បុណ្យ​ផ្សេង⁠ៗក៏​ជួយ​ឲ្យ​បាប៊ីឡូន​ដ៏​ធំ​នោះ​និង​ពួក​ពាណិជ្ជករ​ប្រមូល​ទ្រព្យ​សម្បត្ដិ​យ៉ាង​សន្ធឹក​សន្ធាប់​ផង​ដែរ។

• នៅ​ទី​ក្រុង​បាប៊ីឡូន​ពី​បុរាណ គេ​បាន​ថ្វាយ​បង្គំ​រូប​ព្រះ​និង​ប្រើ​អំពើ​មន្តអាគម​ទូទៅ ដូច​ជា​មាន​នៅ​ច្រើន​កន្លែង​សព្វ​ថ្ងៃ​នេះ​ដែរ។ ពួក​គេ​ជឿ​ថា សេចក្ដី​ស្លាប់​ជា​ផ្លូវ​ចូល​ទៅ​ក្នុង​វិស័យ​ផ្សេង។ ទី​ក្រុង​បាប៊ីឡូន​បាន​ពេញ​ទៅ​ដោយ​វិហារ​និង​ទី​កន្លែង​ថ្វាយ​បង្គំ​ព្រះ​ជា​ច្រើន ប៉ុន្តែ​ពួក​សាសន៍​បាប៊ីឡូន​បាន​ប្រឆាំង​នឹង​ពួក​អ្នក​ដែល​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​វិញ។ បាប៊ីឡូន​ដ៏​ធំ​ក៏​ត្រូវ​សម្គាល់​ដោយ​ជំនឿ​សាសនា​និង​ទំនៀម​ទំលាប់​ដូច​គ្នា។

នៅ​សម័យ​បុរាណ​ព្រះ​យេហូវ៉ា​បាន​ប្រើ​សាសន៍​ផ្សេង⁠ៗដែល​ខ្លាំង​ពូកែ​ខាង​នយោបាយ​និង​យោធ​សាស្ត្រ ដើម្បី​កាត់​ទោស​លើ​អស់​អ្នក​ដែល​មិន​បាន​បង្ហាញ​ការ​គោរព​ចំពោះ​ព្រះ​និង​ព្រះ​ហឫទ័យ​របស់​ទ្រង់​ម្ដង​ហើយ​ម្ដង​ទៀត។ តួ​យ៉ាង​ដូច​ជា សាសន៍​អាសស៊ើរ​បាន​បំផ្លាញ​ចោល​ទី​ក្រុង​សាម៉ារី​នៅ​ឆ្នាំ ៧៤០ មុនស.យ.។ ទី​ក្រុង​យេរូសាឡិម​បាន​ត្រូវ​កំទេច​ម្ដង​ដោយ​សាសន៍​បាប៊ីឡូន​នៅ​ឆ្នាំ ៦០៧ មុនស.យ. ហើយ​ម្ដង​ទៀត​ដោយ​សាសន៍​រ៉ូម​នៅ​ឆ្នាំ ៧០ ស.យ.។ រីឯ​ក្រុង​បាប៊ីឡូន​វិញ នោះ​បាន​ត្រូវ​បំផ្លាញ​ដោយ​ពួក​សាសន៍​មេឌី​និង​ពើ​ស៊ី​នៅ​ឆ្នាំ ៥៣៩ មុនស.យ.។ ព្រះ​គម្ពីរ​រៀប​រាប់​អំពី​សម័យ​យើង​នេះ​ថា ពួក​នយោបាយ​ឬ​រដ្ឋាភិបាល​នានា​ដែល​ប្រៀប​ដូច​ជា​សត្វ​សាហាវ នឹង​ពាធា «ស្រី​សំផឹង» នោះ ហើយ​នឹង​បក​អាក្រាត​នូវ​លក្ខណៈ​ពិត​របស់​វា។ រដ្ឋាភិបាល​ទាំង​នោះ​នឹង​បំផ្លាញ​វា​អស់​ទៅ​ដែរ។​—⁠វិវរណៈ ១៧:⁠១៦

តើ​រដ្ឋាភិបាល​នានា​ក្នុង​លោកីយ៍​នេះ​ពិត​ជា​នឹង​ធ្វើ​ដូច្នេះ​មែន​ឬ? ព្រះ​គម្ពីរ​ចែង​ថា ‹ព្រះ​នឹង​បណ្ដាល​ឲ្យ​គេ​មាន​ចិត្ត› ធ្វើ​ដូច្នេះ។ (វិវរណៈ ១៧:⁠១៧) ព្រឹត្ដិការណ៍​នេះ​ត្រូវ​កើត​ឡើង​យ៉ាង​ឆាប់​ក្នុង​មួយ​រំពេច​ប៉ុណ្ណោះ ទាំង​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ហើយ​តក់ស្លុត​ផង មិន​មែន​ជា​អ្វី​ដែល​មនុស្ស​អាច​ស្មាន​ទុក​ជា​មុន​ទេ ហើយ​ក៏​មិន​កើត​ឡើង​បន្ដិច​ម្ដង⁠ៗនោះ​ដែរ។

តើ​អ្នក​ត្រូវ​ប្រព្រឹត្ត​យ៉ាង​ណា? សូម​សួរ​ខ្លួន​អ្នក​ថា : ‹តើ​ខ្ញុំ​នៅ​តែ​កាន់​ខ្ជាប់​នឹង​អង្គការ​សាសនា​ដែល​ល្អក់​កករ​ដោយ​សេចក្ដី​បង្រៀន​និង​ទំលាប់​ដែល​សម្គាល់​សាសនា​នោះ​ជា​ផ្នែក​នៃ​បាប៊ីឡូន​ដ៏​ធំ​ទី​ឬ​ទេ?›។ ទោះ​បើ​អ្នក​មិន​កាន់​សាសនា​ណា​មួយ​ក៏​ដោយ សូម​សួរ​ខ្លួន​អ្នក​ថា : ‹តើ​ខ្ញុំ​បាន​អនុញ្ញាត​ឲ្យ​បាប៊ីឡូន​ដ៏​ធំ​មាន​ឥទ្ធិពល​លើ​ទស្សនៈ​របស់​ខ្ញុំ​ឬ​ទេ?›។ តើ​ជា​ទស្សនៈ​អ្វី? គឺ​ទស្សនៈ​ស្តី​អំពី​ការ​ត្រាប្រណី​នឹង​ការ​មិន​គោរព​តាម​គោលការណ៍​សីលធម៌ ដែល​ចូល​ចិត្ត​តែ​នឹង​ការ​សប្បាយ​ទាំង​ស្រឡាញ់​វត្ថុ​ទ្រព្យ​ជាជាង​ព្រះ ឬ​មិន​អើពើ​នឹង​ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា (សូម្បី តែ​ក្នុង​រឿង​តូចតាច​ក៏​ដោយ)។ សូម​គិត​ឲ្យ​បាន​ហ្មត់ចត់​មុន​នឹង​ឆ្លើយ។

ប្រសិន​បើ​យើង​ចង់​ឲ្យ​ព្រះ​យេហូវ៉ា​សព្វ​ព្រះ​ហឫទ័យ​នឹង​យើង គឺ​ចាំបាច់​ណាស់​ដែល​យើង​ផ្ដល់​សក្ខីភាព​ដោយ​ការ​ប្រព្រឹត្ត​ព្រម​ជា​មួយ​នឹង​ចំណង់​ចំណូល​ចិត្ត​របស់​យើង ថា​យើង​មិន​រួម​ចំណែក​ជា​មួយ​នឹង​បាប៊ីឡូន​ដ៏​ធំ​សោះ​ឡើយ។ គឺ​គ្មាន​ពេល​រេ​រង់​ឡើយ។ ព្រះ​គម្ពីរ​ព្រមាន​ថា ទីបញ្ចប់​នៃ​បាប៊ីឡូន​ដ៏​ធំ​នឹង​មក​ជា​ឆាប់​ក្នុង​មួយ​រំពេច​ប៉ុណ្ណោះ ពោល​គឺ⁠៖ «ទី​ក្រុង​បាប៊ីឡូន​ដ៏​ជា​ធំ នឹង​ត្រូវ​បោះ​ទំលាក់​ទៅ ដោយ​គំហុក​យ៉ាង​ដូច្នេះ គេ​នឹង​រក​ទៀត​មិន​ឃើញ​ឡើយ»។​—⁠វិវរណៈ ១៨:⁠២១

ប៉ុន្តែ ‹គ្រា​ជំនុំជំរះ› មាន​លក្ខណៈ​ម្យ៉ាង​ទៀត។ ‹គ្រា​ជំនុំជំរះ› ជា​គ្រា​ដែល​ព្រះ​យេហូវ៉ា​នឹង​កាត់​ទោស​របប​នយោបាយ​និង​អ្នក​គ្រប់គ្រង​ទាំង​ឡាយ​ទូទាំង​ពិភពលោក​នេះ។ ព្រះ​យេហូវ៉ា​ក៏​នឹង​កាត់​ទោស​អស់​ទាំង​មនុស្ស​ដែល​មិន​ទទួល​ស្គាល់​សិទ្ធិ​របស់​ទ្រង់​ក្នុង​ការ​គ្រប់គ្រង​តាម​រយៈ​ព្រះ​រាជាណាចក្រ​នៅ​ស្ថានសួគ៌ ក្រោម​អំណាច​នៃ​ព្រះ​យេស៊ូ​គ្រីស្ទ។ (វិវរណៈ ១៣:​១, ២; ១៩:​១៩​-​២១) ចក្ខុនិមិត្ត​អំពី​រូប​ធំ​សម្បើម​មួយ​ដែល​ធ្វើ​ពី​មាស ប្រាក់ លង្ហិន ដែក និង​ដីឥដ្ឋ ដែល​កត់​ទុក​នៅ​ដានីយ៉ែល ២:​២០​-​៤៥ ជា​ទំនាយ​សំដៅ​ទៅ​លើ​ការ​គ្រប់គ្រង​របស់​ពួក​នយោបាយ​តាំង​ពី​សាសន៍​បាប៊ីឡូន​ពី​បុរាណ រហូត​មក​ដល់​បច្ចុប្បន្ន​យើង​នេះ។ ស្តី​អំពី​សម័យ​យើង​នេះ ទំនាយ​នោះ​បាន​ទាយ​ថា⁠៖ «ព្រះ​នៃ​ស្ថានសួគ៌​ទ្រង់​នឹង​តាំង​នគរ​១​ឡើង ដែល​មិន​ត្រូវ​បំផ្លាញ​ឡើយ»។ ព្រះ​គម្ពីរ​ក៏​រៀប​រាប់​អំពី​អ្វី​ដែល​ព្រះ​រាជាណាចក្រ​របស់​ព្រះ​នឹង​ធ្វើ​ក្នុង​កំឡុង ‹គ្រា​ជំនុំជំរះ› របស់​ព្រះ​យេហូវ៉ា ដោយ​ចែង​ថា⁠៖ «រាជាណាចក្រ​មួយ​នេះ​នឹង​កំទេច​រាជាណាចក្រ​ឯ​ទៀត[ដែល​មនុស្ស​បង្កើត​ឡើង]អោយ​វិនាស​សូន្យ ហើយ​រាជាណាចក្រ​នេះ​នឹង​នៅ​ស្ថិត​ស្ថេរ​រហូត​ត​ទៅ»។​—⁠ដានីយ៉ែល ២:​៤៤, ខ.ស.

ព្រះ​គម្ពីរ​ព្រមាន​ដល់​អ្នក​ថ្វាយ​បង្គំ​ពិត​ថា កុំ​ឲ្យ​ស្រឡាញ់ «របស់​អ្វី​ដែល​នៅ​ក្នុង​លោកីយ» ពោល​គឺ វិថី​ជីវិត​ដែល​លោកីយ៍​នេះ​និយម​តែ​ប្រាស​ចាក​ពី​ព្រះ​ហឫទ័យ​របស់​ព្រះ​ពិត។ (យ៉ូហានទី១ ២:​១៥​-​១៧) តើ​ការ​សម្រេច​ចិត្ត​និង​ការ​ប្រព្រឹត្ត​របស់​អ្នក​បង្ហាញ​ថា​អ្នក​កំពុង​តែ​គាំទ្រ​ខាង​ព្រះ​រាជាណាចក្រ​របស់​ព្រះ​យ៉ាង​ដាច់ខាត​ឬ​ទេ? តើ​អ្នក​ពិត​ជា​ចាត់​ទុក​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ជា​អាទិ​ភាព​ក្នុង​ជីវិត​របស់​អ្នក​ឬ​ទេ?​—⁠ម៉ាថាយ ៦:⁠៣៣; យ៉ូហាន ១៧:​១៦, ១៧

[ប្រអប់​នៅ​ទំព័រ​១៤]

តើ​ទីបញ្ចប់​នឹង​មក​ដល់ នៅ​ពេល​ណា?

«កូន​មនុស្ស​នឹង​មក​នៅ​វេលា​ដែល​អ្នក​រាល់​គ្នា​មិន​គិត»។​—⁠ម៉ាថាយ ២៤:⁠៤៤

«ចូរ​ចាំ​យាម​ចុះ! ដ្បិត​អ្នក​រាល់​គ្នា​មិន​ដឹង​ជា​ថ្ងៃ​ណា ឬ​ពេល​ណា»។​—⁠ម៉ាថាយ ២៥:⁠១៣

«គ្រា​នោះ . . . នឹង​មក​ជា​ពិត ឥត​រារង់​ឡើយ»។​—⁠ហាបាគុក ២:៣

[ប្រអប់​នៅ​ទំព័រ​១៤]

បើ​អាច​ដឹង​ថ្ងៃ​ខែ​ជា​មុន តើ​អ្នក​នឹង​កែ​ប្រែ​ជីវិត​របស់​អ្នក​ឬ?

ប្រសិន​បើ​អ្នក​អាច​ដឹង​ជាក់​ច្បាស់​ថា នៅ​មាន​បី​បួន​ឆ្នាំ​ទៀត​ទើប​ការ​ជំនុំជំរះ​របស់​ព្រះ​នឹង​មក​ដល់ តើ​ជីវិត​របស់​អ្នក​នឹង​កែ​ប្រែ​ឬ​ទេ? ចុះ​យ៉ាង​ណា​បើ​អ្នក​គិត​ថា ទីបញ្ចប់​នៃ​របប​លោកីយ៍​ចាស់​នេះ​បាន​បង្អង់​យូរ​ពេក តើ​នេះ​ធ្វើ​ឲ្យ​អ្នក​បន្ថយ​សកម្មភាព​ក្នុង​កិច្ចបំរើ​ព្រះ​យេហូវ៉ា​ឬ​ទេ?​—⁠ហេព្រើរ ១០:​៣៦​-​៣៨

ដោយសារ​យើង​មិន​ដឹង​ពេល​កំណត់​នោះ នេះ​ហុច​ឱកាស​ឲ្យ​យើង​បង្ហាញ​ថា យើង​កំពុង​តែ​បំរើ​ព្រះ​ដោយ​បំណង​ចិត្ត​បរិសុទ្ធ។ មនុស្ស​ដែល​ស្គាល់​ព្រះ​យេហូវ៉ា ដឹង​ថា​ការ​ចាំ​ទំរាំ​ទីបញ្ចប់​ជិត​មក​ដល់​ទើប​ខ្នះខ្នែង​បំរើ​ទ្រង់ នោះ​មិន​អាច​ផ្គាប់​ព្រះ​ហឫទ័យ​របស់​ព្រះ​ដែល​ចេះ​ស្ទង់​មើល​ចិត្ត​បាន​ឡើយ។​—⁠យេរេមា ១៧:⁠១០; ហេព្រើរ ៤:⁠១៣

មនុស្ស​ដែល​ពិត​ជា​ស្រឡាញ់​ព្រះ​យេហូវ៉ា​តែង​តែ​ចាត់​ទុក​ការ​បំរើ​ទ្រង់​ជា​អាទិ​ភាព។ បណ្ដា​គ្រីស្ទាន​ក៏​ប្រកប​ការងារ​ចិញ្ចឹម​ជីវិត​ដូច​មនុស្ស​ដទៃ​ដែរ តែ​មិន​មាន​បំណង​ក្លាយ​ជា​អ្នក​មាន​ទេ។ ពួក​គេ​ធ្វើ​ការ​ឲ្យ​បាន​តែ​អ្វី​ដែល​ត្រូវ​ការ​ចាំបាច់​ដើម្បី ចិញ្ចឹម​ជីវិត ហើយ​មាន​សល់​បន្ដិច​បន្តួច​ដើម្បី ចែក​ដល់​អ្នក​ដទៃ​ដែរ។ (អេភេសូរ ៤:⁠២៨; ធីម៉ូថេទី១ ៦:​៧​-​១២) ជន​គ្រីស្ទាន​ក៏​ចូល​ចិត្ត​មាន​ពេល​សំរាក​និង​ការ​កំសាន្ត​សប្បាយ​ដោយ​មាន​បំណង​ចង់​លំហែ​កាយ មិន​មាន​បំណង​ចង់​ធ្វើ​ដូច​មនុស្ស​ដទៃ​ឡើយ។ (ម៉ាកុស ៦:⁠៣១; រ៉ូម ១២:២) ពួក​គេ​មាន​ទស្សនៈ​ដូច​ព្រះ​យេស៊ូ​គ្រីស្ទ ដែល​ត្រេកអរ​តែ​នឹង​ការ​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ។​—⁠ទំនុកដំកើង ៣៧:៤; ៤០:៨

គ្រីស្ទាន​ពិត​ចង់​រស់​នៅ​និង​បំរើ​ព្រះ​យេហូវ៉ា​ជានិច្ច។ សេចក្ដី​សង្ឃឹម​នោះ​នឹង​មិន​ឥត​ប្រយោជន៍​ឡើយ ទោះ​ជា​ពួក​គេ​ត្រូវ​រង់ចាំ​យូរ​ជាង​ការ​គិត​ស្មាន​ក៏​ដោយ។

[ប្រអប់​/​រូបភាព​នៅ​ទំព័រ​១៥]

រឿង​ស្តី​ពី​អធិបតីភាព

បើ​យើង​ចង់​យល់​នូវ​មូលហេតុ​ដែល​ព្រះ​អនុញ្ញាត​ឲ្យ​មាន​ការ​រង​ទុក្ខ​លំបាក​ច្រើន​ដល់​ម្ល៉េះ​នោះ យើង​ត្រូវ​យល់​អំពី​រឿង​ខាង​អធិបតីភាព​សិន។ តើ​អធិបតីភាព​ជា​អ្វី? អធិបតីភាព​គឺ​ជា​ភាព​នៃ​បុគ្គល​ដែល​មាន​ឋានៈ​ធំដុំ​ឬ​មាន​អំណាច​ខ្ពង់​ខ្ពស់​បំផុត។

ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​បាន​បង្កើត​របស់​សព្វសារពើ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ទ្រង់​មាន​សិទ្ធិ​គ្រប់គ្រង​លើ​ផែនដី​និង​របស់​ទាំង​ឡាយ​ដែល​មាន​នៅ។ ក៏​ប៉ុន្តែ ព្រះ​គម្ពីរ​ពន្យល់​ថា នៅ​ដើម​ប្រវត្ដិសាស្ត្រ​របស់​មនុស្ស​លោក មាន​រឿង​មួយ​ផ្ទុះ​ឡើង​ដែល​ប្រជែង​នឹង​អធិបតីភាព​របស់​ព្រះ​យេហូវ៉ា។ អារក្ស​សាតាំង​អះអាង​ថា ព្រះ​យេហូវ៉ា​បាន​ដាក់​កំរិត​ហួស​ហេតុ​ពេក​ទៅ​លើ​សិទ្ធិ​សេរីភាព​របស់​មនុស្ស​លោក។ វា​ក៏​ចោទ​ថា ព្រះ​មាន​បន្ទូល​កុហក​ដល់​ឪពុក​ម្ដាយ​ដំបូង​បង្អស់​របស់​យើង ស្តី​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​បើ​ពួក​គេ​បដិសេធ​ចោល​ច្បាប់​របស់​ព្រះ ហើយ​ធ្វើ​តាម​តែ​ចិត្ត​ខ្លួន។ វា​ថា ពួក​គេ​នឹង​ទទួល​ប្រយោជន៍​ច្រើន​ជាង បើ​គេ​គ្រប់គ្រង​ខ្លួន​ឯង​ដោយ​ឡែក​ពី​អំណាច​របស់​ព្រះ។​—⁠លោកុប្បត្តិ ជំពូក​២​និង​៣

ព្រះ​អាច​បង្ហាញ​ឲ្យ​គេ​ឃើញ​នូវ​អំណាច​របស់​ទ្រង់​បាន ដោយ​បំផ្លាញ​អ្នក​បះបោរ​នោះ​ចោល​ភ្លាម⁠ៗ។ ប៉ុន្តែ បើ​ធ្វើ​ដូច្នេះ​នឹង​មិន​ដោះស្រាយ​រឿង​ចំណោទ​ទាំង​ប៉ុន្មាន​នោះ​បាន​ទេ។ ជាជាង​បំផ្លាញ​អ្នក​បះបោរ​ភ្លាម⁠ៗនោះ ព្រះ​យេហូវ៉ា​បាន​ទុក​ពេល​ឲ្យ​ទេវតា​និង​មនុស្ស​ជាតិ​ទាំង​ឡាយ​ឃើញ​ច្បាស់​នូវ​លទ្ធផល​ដែល​មក​ពី​ការ​បះបោរ​នឹង​ព្រះ។ ទោះ​ជា​នេះ​បណ្ដាល​ឲ្យ​យើង​មាន​ទុក្ខ​វេទនា​ក៏​ពិត​មែន តែ​ក៏​បាន​បើក​ឱកាស​ឲ្យ​យើង​មាន​កំណើត​លើ​លោក​ផង​ដែរ។

ម្យ៉ាង​ទៀត ព្រះ​យេហូវ៉ា​ក៏​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​យើង​ដែរ​ទោះ​ជា​នេះ​តម្រូវ​ឲ្យ​ទ្រង់​ធ្វើ​ពលិកម្ម​យ៉ាង​ធំ​ក៏​ដោយ។ ទ្រង់​បាន​រៀបចំ​ផ្លូវ​ដើម្បី​ប្រោស​មនុស្ស​ឲ្យ​រួច​ពី​បាប​និង​ផល​អាក្រក់​ដែល​មក​ពី​បាប ដើម្បី​ឲ្យ​គេ​រស់​នៅ​ក្នុង​សួន​មនោរម្យ​បាន ឲ្យ​តែ​គេ​ចេះ​ស្ដាប់​បង្គាប់​ព្រះ និង​បង្ហាញ​ជំនឿ​ទៅ​លើ​យញ្ញបូជា​លោះ​នៃ​រាជបុត្រា​ទ្រង់។ ព្រះ​ក៏​អាច​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​បាន​ដែរ បើ​ជា​ចាំបាច់​នោះ។

ការ​ទុក​ពេល​ដើម្បី​ដោះស្រាយ​រឿង​ចំណោទ​នេះ​បាន​ហុច​ឱកាស​ឲ្យ​រាស្ត្រ​របស់​ព្រះ​ប្រព្រឹត្ត​តប​នឹង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ហើយ​ឲ្យ​គេ​បង្ហាញ​នូវ​ចិត្ត​ស្មោះ​គ្រប់​លក្ខណ៍​ចំពោះ​ព្រះ​យេហូវ៉ា​នៅ​គ្រប់​កាលៈទេសៈ​របស់​គេ។ ដើម្បី​ឲ្យ​មាន​ការ​គោរព​យ៉ាង​ត្រឹម​ត្រូវ​ចំពោះ​ច្បាប់​ទាំង​ឡាយ​ក្នុង​សកលលោក​យើង​នេះ គឺ​ចាំបាច់​ត្រូវ​ដោះស្រាយ​នូវ​រឿង​ចំណោទ​ពីរ​សិន ពោល​គឺ  តើ​ព្រះ​មាន​សិទ្ធិ​គ្រប់គ្រង​ឬ​ក៏​អត់ ហើយ​តើ​មនុស្ស​នឹង​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណ៍​ចំពោះ​ព្រះ​ឬ​ទេ? បើ​មិន​មាន​ការ​គោរព​យ៉ាង​ត្រឹម​ត្រូវ​ចំពោះ​អំណាច​គ្រប់គ្រង​ទេ នោះ​ពុំ​អាច​មាន​សន្ដិសុខ​ពិត​បាន​ឡើយ។a

[កំណត់​សម្គាល់]

a រឿង​ចំណោទ​ហើយ​អ្វី​ខ្លះ​ដែល​ទាក់ទង​នឹង​រឿង​ទាំង​នេះ បាន​ត្រូវ​ពិគ្រោះ​យ៉ាង​ល្អិតល្អន់​ក្នុង​សៀវភៅ​ចូរ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា បោះ​ពុម្ព​ដោយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។

[រូបភាព]

របប​នយោបាយ​ទូទាំង​ពិភពលោក នឹង​មក​ដល់​ទីបញ្ចប់

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក