បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • bh ទំ. ២២៥-ទំ. ២២៧ វ. ៣
  • ការប្រើព្រះនាមរបស់ព្រះ និងអត្ថន័យនៃព្រះនាមទ្រង់

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការប្រើព្រះនាមរបស់ព្រះ និងអត្ថន័យនៃព្រះនាមទ្រង់
  • តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
  • អត្ថបទស្រដៀងគ្នា
  • តើ​ព្រះ​មាន​នាម​អ្វី?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០១៩
  • ក៤ នាមរបស់ព្រះក្នុងបទគម្ពីរភាសាហេប្រឺ
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ហេតុអ្វីយើងគួរប្រើនាមរបស់ព្រះ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១២
  • ចូរលើកតម្កើងនាមដ៏ឧត្ដមរបស់ព្រះយេហូវ៉ា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
មើលបន្ថែមទៀត
តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
bh ទំ. ២២៥-ទំ. ២២៧ វ. ៣

ការ​ពន្យល់​បន្ថែម

ការ​ប្រើ​ព្រះ​នាម​របស់​ព្រះ និង​អត្ថន័យ​នៃ​ព្រះ​នាម​ទ្រង់

ក្នុង​ព្រះ​គម្ពីរ​របស់​អ្នក តើ​ពាក្យ​នៅ​ទំនុក​ដំកើង ៨៣:១៨​បាន​ត្រូវ​បក​ប្រែ​ដូច​ម្ដេច? ក្នុង​ព្រះ​គម្ពីរ​សមាគម​ខ្មែរ​នៃ​ព្រះ​គម្ពីរ​បរិសុទ្ធ ខ​នេះ​បាន​ត្រូវ​បក​ប្រែ​ថា​៖ ​«​ដើម្បី​ឲ្យ​គេ​បាន​ដឹង​ថា គឺ​ទ្រង់​តែ​១​អង្គ ព្រះ​នាម​ជា​យេហូវ៉ា ដែល​ជា​ព្រះ​ដ៏​ខ្ពស់​បំផុត​លើ​ផែន​ដី​ទាំង​មូល​»។ ព្រះ​គម្ពីរ​មួយ​ចំនួន​ទៀត​ក៏​បក​ប្រែ​ដូច​នេះ​ដែរ។ ក៏​ប៉ុន្តែ​សេចក្ដី​បក​ប្រែ​ជា​ច្រើន​មិន​ដាក់​ព្រះ​នាម​ព្រះ​យេហូវ៉ា​សោះ​ឡើយ។ ព្រះ​គម្ពីរ​ទាំង​នោះ​ដាក់​ជំនួស​ដោយ​ឋានន្តរ​ផ្សេង​ៗ​ដូច​ជា​«​ព្រះ​អម្ចាស់​»​ឬ​«​ព្រះ​ដែល​មាន​ព្រះ​ជន្ម​ជា​រៀង​រហូត​»​ជា​ដើម។ តើ​គួរ​មាន​ព្រះ​នាម​យេហូវ៉ា​ក្នុង​ខ​នេះ​ឬ​ទេ? ឬ​ក៏​តើ​គួរ​ដាក់​ឋានន្តរ​មួយ​ជំនួស​វិញ?

ខ​នេះ​ចែង​អំពី​ព្រះ​នាម​មួយ។ នៅ​ដើម​ដំបូង បទ​គម្ពីរ​ភាគ​ច្រើន​បាន​ត្រូវ​សរសេរ​ជា​ភាសា​ហេព្រើរ។ ក្នុង​ភាសា​ដើម ខ​នេះ​មាន​ព្រះ​នាម​មួយ​ដ៏​ពិសេស។ បើ​សរសេរ​ជា​អក្សរ​ហេព្រើរ ព្រះ​នាម​នោះ​ប្រកប יהוה​(​យ​ហ​វ​ហ​)។ ធម្មតា​ភាសា​ខ្មែរ​សរសេរ​ព្រះ​នាម​នោះ​«​យេហូវ៉ា​»។ តើ​ព្រះ​នាម​នោះ​មាន​តែ​ក្នុង​ខ​គម្ពីរ​មួយ​ប៉ុណ្ណោះ​ឬ? មិន​មែន​ទេ។ ព្រះ​នាម​នោះ​មាន​ជិត​៧.០០០​ដង​ក្នុង​បទ​គម្ពីរ​ដើម​ជា​ភាសា​ហេព្រើរ!

តើ​ព្រះ​នាម​របស់​ព្រះ​គឺ​សំខាន់​ប៉ុន​ណា? សូម​ពិចារណា​សេចក្ដី​អធិស្ឋាន​គំរូ​របស់​ព្រះ​យេស៊ូ។ សេចក្ដី​អធិស្ឋាន​នោះ​ចាប់​ផ្ដើម​ដោយ​ពាក្យ​ថា​៖ ​«​ឱ​ព្រះ​វរបិតា​នៃ​យើង​ខ្ញុំ ដែល​គង់​នៅ​ស្ថាន​សួគ៌​អើយ! សូម​ឲ្យ​ព្រះ​នាម​ទ្រង់​បាន​បរិសុទ្ធ​»។ (​ម៉ាថាយ ៦:៩​) នៅ​គ្រា​មួយ​ផ្សេង​ទៀត ព្រះ​យេស៊ូ​បាន​អធិស្ឋាន​ទូល​ព្រះ​ថា​៖ ​«​ឱ​ព្រះ​វរបិតា​អើយ! សូម​ដំ​កើង​ព្រះ​នាម​ទ្រង់​ឡើង​»។ ព្រះ​បាន​មាន​បន្ទូល​តប​ពី​ស្ថាន​សួគ៌​ថា​៖ ​«​អញ​បាន​ដំ​កើង​ហើយ ក៏​នឹង​ដំ​កើង​ឡើង​ទៀត​ដែរ​»។ (​យ៉ូហាន ១២:២៨​) នោះ​បង្ហាញ​យ៉ាង​ច្បាស់​ថា ព្រះ​នាម​របស់​ព្រះ​ជា​អ្វី​សំខាន់​បំផុត។ បើ​ដូច្នេះ ហេតុ​អ្វី​អ្នក​បក​ប្រែ​ខ្លះ​មិន​បាន​ដាក់​ព្រះ​នាម​របស់​ព្រះ​ក្នុង​ព្រះ​គម្ពីរ ហើយ​ដាក់​ជំនួស​ឋានន្តរ​ផ្សេង​ៗ​វិញ?

តាម​មើល​ទៅ​មាន​មូលហេតុ​ពីរ​ដ៏​សំខាន់។ ទី​មួយ អ្នក​បក​ប្រែ​ជា​ច្រើន​នាក់​អះអាង​ថា គ្មាន​អ្នក​ណា​ដឹង​របៀប​ហៅ​ព្រះ​នាម​ព្រះ​យ៉ាង​ត្រឹម​ត្រូវ​តាម​ភាសា​ដើម​នោះ​ទេ ដូច្នេះ​ហើយ​មិន​គួរ​ប្រើ​ព្រះ​នាម​ព្រះ​ឡើយ។ នៅ​សម័យ​បុរាណ អក្សរ​ហេព្រើរ​មិន​ប្រើ​ស្រៈ​ទេ។ ហេតុ​នេះ​គ្មាន​អ្នក​ណា​សព្វ​ថ្ងៃ​នេះ​អាច​ប្រាកដ​ថា មនុស្ស​នៅ​សម័យ​បុរាណ​បាន​អាន​តួ​អក្សរ​«​យ​ហ​វ​ហ​»​យ៉ាង​ដូច​ម្ដេច​ឡើយ។ បើ​ដូច្នេះ តើ​នេះ​មាន​ន័យ​ថា​យើង​មិន​គួរ​ប្រើ​ព្រះ​នាម​របស់​ព្រះ​ទេ? នៅ​សម័យ​បុរាណ ព្រះ​នាម​«​យេស៊ូ​»​ប្រហែល​ជា​ហៅ​ថា​«​យេសួ​»​ ឬ​«​យេហូសួ​»​ តែ​គ្មាន​អ្នក​ណា​ដឹង​ប្រាកដ​បាន​ទេ។ យ៉ាង​ណា​ក៏​ដោយ​មនុស្ស​ទូ​ទាំង​ពិភព​លោក​ហៅ​ព្រះ​នាម​«​យេស៊ូ​»​តាម​របៀប​ផ្សេង​ៗ​អាស្រ័យ​លើ​ភាសា​របស់​ពួក​គេ។ ពិត​មែន​ថា​ពួក​គេ​មិន​ដឹង​ថា​នៅ​សតវត្សរ៍​ទី​មួយ​មនុស្ស​ធ្លាប់​ហៅ​ព្រះ​នាម​ព្រះ​យេស៊ូ​យ៉ាង​ដូច​ម្ដេច​នោះ​ទេ ប៉ុន្តែ​ពួក​គេ​នៅ​តែ​ហៅ​ព្រះ​នាម​ព្រះ​យេស៊ូ​ដោយ​ប្រើ​ភាសា​របស់​ពួក​គេ​រៀង​ខ្លួន​ដែរ។ ស្រដៀង​គ្នា​ដែរ ប្រសិន​បើ​អ្នក​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ក្រៅ អ្នក​ប្រហែល​ជា​នឹង​ឃើញ​ថា​មនុស្ស​ដែល​និយាយ​ភាសា​ផ្សេង​នឹង​ហៅ​ឈ្មោះ​អ្នក​តាម​របៀប​ផ្សេង។ អាស្រ័យ​ហេតុ​នេះ ទោះ​ជា​មិន​ដឹង​ប្រាកដ​អំពី​របៀប​មនុស្ស​ធ្លាប់​ហៅ​ព្រះ​នាម​របស់​ព្រះ​នៅ​សម័យ​បុរាណ​ក្ដី មិន​មែន​ជា​ហេតុ​ត្រឹម​ត្រូវ​ឲ្យ​ឈប់​ប្រើ​ព្រះ​នាម​ទ្រង់​នោះ​ទេ។

ហេតុ​ទី​ពីរ​ដែល​អ្នក​បក​ប្រែ​ជា​ច្រើន​មិន​ប្រើ​ព្រះ​នាម​របស់​ព្រះ​ក្នុង​ព្រះ​គម្ពីរ គឺ​ពួក​គេ​អាង​លើ​ទំនៀម​ទម្លាប់​មួយ​របស់​សាសន៍​យូដា​ដែល​មាន​តាំង​ពី​បុរាណ​មក។ ពួក​គេ​ជា​ច្រើន​ជឿ​ថា មនុស្ស​មិន​ត្រូវ​ហៅ​ព្រះ​នាម​របស់​ព្រះ​សោះ​ឡើយ។ ជំនឿ​នេះ​ទំនង​ជា​មាន​មូលដ្ឋាន​លើ​ច្បាប់​មួយ​ក្នុង​ព្រះ​គម្ពីរ​ដែល​ពួក​គេ​បាន​បក​ស្រាយ​ខុស។ ច្បាប់​នោះ​ថា​៖ ​«​កុំ​ឲ្យ​ចេញ​ព្រះ​នាម​របស់​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ជា​អសារ​ឥត​ការ​ឡើយ ដ្បិត​ព្រះ​យេហូវ៉ា​ទ្រង់​នឹង​មិន​រាប់​ជា​ឥត​ទោស​ដល់​អ្នក​ណា ដែល​ចេញ​ព្រះ​នាម​ទ្រង់ ជា​អសារ​ឥត​ការ​នោះ​ទេ​»។—និក្ខមនំ ២០:៧

ច្បាប់​នោះ​ហាមឃាត់​ការ​ប្រើ​ព្រះ​នាម​របស់​ព្រះ​ក្នុង​ផ្លូវ​ខុស។ ប៉ុន្តែ តើ​ច្បាប់​នោះ​ហាមឃាត់​ការ​ប្រើ​ព្រះ​នាម​របស់​ព្រះ​ដោយ​ការ​គោរព​ឬ​ទេ? មិន​មែន​ទេ។ អ្នក​សរសេរ​បទ​គម្ពីរ​ភាសា​ហេព្រើរ(​«​សញ្ញា​ចាស់​»​)ជា​មនុស្ស​ស្មោះ​ត្រង់​កាន់​តាម​ច្បាប់​ដែល​ព្រះ​បាន​ប្រទាន​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​នៅ​សម័យ​បុរាណ ហើយ​ពួក​គេ​តែង​ប្រើ​ព្រះ​នាម​របស់​ព្រះ​ជា​រឿយ​ៗ។ ជា​ឧទាហរណ៍ ពួក​គេ​ប្រើ​ព្រះ​នាម​របស់​ព្រះ​ក្នុង​ទំនុក​ដំកើង​ដែល​អ្នក​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​បាន​ជួប​ជុំ​គ្នា​ច្រៀង​ដោយ​សម្លេង​ស្រុះ​គ្នា។ ព្រះ​យេហូវ៉ា​ក៏​បាន​បង្គាប់​អ្នក​ថ្វាយ​បង្គំ​ទ្រង់​ឲ្យ​អំពាវ​នាវ​ដល់​ព្រះ​នាម​ទ្រង់ ហើយ​មនុស្ស​ស្មោះ​ត្រង់​បាន​ស្ដាប់​បង្គាប់​ទ្រង់។ (​យ៉ូអែល ២:៣២; កិច្ច​ការ ២:២១​) ហេតុ​នេះ បណ្ដា​គ្រីស្ទាន​សព្វ​ថ្ងៃ​នេះ​មិន​ស្ទាក់​ស្ទើរ​ក្នុង​ការ​ប្រើ​ព្រះ​នាម​របស់​ព្រះ​ដោយ​ការ​គោរព ដូច​អ្វី​ដែល​ព្រះ​យេស៊ូ​បាន​ធ្វើ​ដែរ។—យ៉ូហាន ១៧:២៦

ដោយ​សារ​អ្នក​បក​ប្រែ​ដាក់​ឋានន្តរ​ផ្សេង​ៗ​ជំនួស​ព្រះ​នាម​ព្រះ នោះ​ពួក​គេ​បាន​ធ្វើ​កំហុស​ធ្ងន់​ធ្ងរ​មួយ។ ពោល​គឺ​ធ្វើ​ឲ្យ​មនុស្ស​គិត​ថា​ព្រះ​គង់​ឆ្ងាយ​ពី​គេ ទាំង​គិត​ថា​ទ្រង់​មិន​មែន​ជា​បុគ្គល​ដែល​យើង​អាច​ស្គាល់​និង​មាន​ភាព​ជិត​ស្និទ្ធ​ជា​មួយ​នោះ​ទេ។ ប៉ុន្តែ​ព្រះ​គម្ពីរ​ជំរុញ​ឲ្យ​មនុស្ស​បង្កើត​ឲ្យ​មាន‹សេចក្ដី​មេត្រី​មិត្រ​ជា​មួយ​ព្រះ​យេហូវ៉ា›។ (​ទំនុក​ដំកើង ២៥:១៤​) សូម​គិត​អំពី​មិត្ត​ជិត​ស្និទ្ធ​របស់​អ្នក។ តើ​អ្នក​នឹង​មាន​ភាព​ជិត​ស្និទ្ធ​ប៉ុន​ណា ប្រសិន​បើ​អ្នក​មិន​ដែល​ស្គាល់​ឈ្មោះ​មិត្ត​របស់​អ្នក? ស្រដៀង​គ្នា​ដែរ បើ​មិន​ឲ្យ​មនុស្ស​ស្គាល់​ព្រះ​នាម​ព្រះ​យេហូវ៉ា តើ​ពួក​គេ​អាច​មាន​ភាព​ជិត​ស្និទ្ធ​នឹង​ទ្រង់​ដូច​ម្ដេច​បាន? ម្យ៉ាង​វិញ​ទៀត នៅ​ពេល​ដែល​មនុស្ស​មិន​ប្រើ​ព្រះ​នាម​របស់​ព្រះ ពួក​គេ​ក៏​មិន​ដឹង​ពី​អត្ថន័យ​ដ៏​អស្ចារ្យ​នៃ​ព្រះ​នាម​ទ្រង់​ដែរ។ តើ​ព្រះ​នាម​របស់​ព្រះ​មាន​ន័យ​ដូច​ម្ដេច?

ដោយ​អង្គ​ទ្រង់​ផ្ទាល់ ព្រះ​បាន​ពន្យល់​ពី​អត្ថន័យ​នៃ​ព្រះ​នាម​របស់​ទ្រង់ ពេល​មាន​បន្ទូល​ទៅ​កាន់​ម៉ូសេ​ដែល​ជា​អ្នក​បំរើ​ស្មោះ​ភក្ដី​របស់​ទ្រង់។ នៅ​ពេល​ម៉ូសេ​សួរ​អំពី​ព្រះ​នាម​របស់​ព្រះ ព្រះ​យេហូវ៉ា​មាន​បន្ទូល​ឆ្លើយ​ថា​៖ ​«​អញ​ជា​ព្រះ​ដ៏​ជា​ព្រះ[​ឬ​«​យើង​នឹង​ក្លាយ​ទៅ​ជា​អ្វី​ដែល​យើង​នឹង​ក្លាយ​ទៅ​ជា​»​, ព.ថ.​]​»។ (​និក្ខមនំ ៣:១៤​) សេចក្ដី​បក​ប្រែ​ព្រះ​គម្ពីរ​ជា​ច្រើន​បក​ប្រែ​ឃ្លា​នេះ​ថា​៖ ​«​អញ​ជា​ព្រះ​ដ៏​ជា​ព្រះ​»។ ប៉ុន្តែ​ការ​បក​ប្រែ​យ៉ាង​ហ្មត់​ចត់​ក្នុង​សេចក្ដី​បក​ប្រែ​ព្រះ​គម្ពីរ​ពិភព​លោក​ថ្មី​បង្ហាញ​ថា ព្រះ​មិន​គ្រាន់​តែ​បញ្ជាក់​ថា​ទ្រង់​ជា​ព្រះ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ទ្រង់​កំពុង​តែ​បង្រៀន​ម៉ូសេ​និង​យើង​រាល់​គ្នា​នូវ​ខ្លឹម​សារ​នៃ​ព្រះ​នាម​ទ្រង់។ ព្រះ​យេហូវ៉ា​នឹង​«​ទៅ​ជា​»​ឬ​ក្លាយ​ជា​អ្វី​ដ៏​ចាំ​បាច់ ដើម្បី​សម្រេច​សេចក្ដី​សន្យា​ទាំង​ប៉ុន្មាន​របស់​ទ្រង់។ សេចក្ដី​បក​ប្រែ​របស់​លោក​រ៉ូថឺរ៉ាម​បក​ប្រែ​ខ​នេះ​ថា​៖ ​«​យើង​នឹង​ក្លាយ​ទៅ​ជា​អ្វី​ក៏​ដោយ​ដែល​យើង​សព្វ​ព្រះ​ហឫទ័យ​»។ នេះ​មាន​ន័យ​ថា​ព្រះ​យេហូវ៉ា​អាច​ក្លាយ​ទៅ​ជា​អ្វី​ក៏​ដោយ​ដែល​ចាំ​បាច់ ដើម្បី​ធ្វើ​ឲ្យ​គោល​បំណង​របស់​ទ្រង់​បាន​សម្រេច។

ឧបមា​ថា​អ្នក​អាច​ក្លាយ​ទៅ​ជា​អ្វី​ក៏​ដោយ​ដែល​ចាំ​បាច់​នោះ។ តើ​អ្នក​នឹង​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ជួយ​មិត្ត​ភក្ដិ​របស់​អ្នក? ប្រសិន​បើ​មិត្ត​ម្នាក់​ធ្លាក់​ខ្លួន​ឈឺ អ្នក​អាច​ក្លាយ​ទៅ​ជា​គ្រូ​ពេទ្យ​ដ៏​ប៉ិន​ប្រសប់​ម្នាក់​ដើម្បី​ព្យាបាល​គាត់។ ប្រសិន​បើ​មិត្ត​ម្នាក់​ធ្លាក់​ខ្លួន​ក្រ អ្នក​អាច​ក្លាយ​ទៅ​ជា​មហា​សេដ្ឋី​ម្នាក់​ហើយ​ជួយ​គាត់។ ក៏​ប៉ុន្តែ​តាម​ពិត សមត្ថភាព​របស់​យើង​ទាំង​អស់​គ្នា​មាន​កំរិត។ នៅ​ពេល​ដែល​អ្នក​សិក្សា​ព្រះ​គម្ពីរ អ្នក​នឹង​កោត​ស្ងើច​ណាស់​ពេល​ឃើញ​របៀប​ព្រះ​យេហូវ៉ា​ក្លាយ​ទៅ​ជា​អ្វី​ក៏​ដោយ​ដែល​ចាំ​បាច់​ដើម្បី​ធ្វើ​ឲ្យ​សេចក្ដី​សន្យា​ទាំង​ប៉ុន្មាន​របស់​ទ្រង់​បាន​សម្រេច។ ហើយ​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​ប្រើ​អំណាច​របស់​ទ្រង់​ដើម្បី​ជួយ​អ្នក​ដែល​ស្រឡាញ់​ទ្រង់។ (​របា​ក្សត្រ​ទី២ ១៦:៩​) អ្នក​ដែល​មិន​ស្គាល់​ព្រះ​នាម​របស់​ព្រះ​យេហូវ៉ា​មិន​អាច​ឃើញ​នូវ​លក្ខណៈ​ប្រសើរ​ថ្លៃ​ថ្លា​របស់​ទ្រង់​ឡើយ។

យើង​អាច​ឃើញ​ច្បាស់​ហើយ​ថា ព្រះ​នាម​របស់​ព្រះ​យេហូវ៉ា​គួរ​មាន​ក្នុង​ព្រះ​គម្ពីរ។ ការ​ស្គាល់​អត្ថន័យ​នៃ​ព្រះ​នាម​ទ្រង់ ហើយ​ការ​ប្រើ​ព្រះ​នាម​ទ្រង់​ដោយ​សេរី​ក្នុង​ការ​ថ្វាយ​បង្គំ អាច​ជួយ​យើង​យ៉ាង​ច្រើន​ណាស់​ក្នុង​ការ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​វរបិតា​របស់​យើង​ដែល​គង់​នៅ​ស្ថាន​សួគ៌។a

[កំណត់​សម្គាល់]

a ដើម្បី​អាន​ព័ត៌មាន​ថែម​ទៀត​អំពី​ព្រះ​នាម​របស់​ព្រះ អត្ថន័យ​នៃ​នាម​នោះ និង​មូលហេតុ​ដែល​គួរ​ប្រើ​ក្នុង​ការ​ថ្វាយ​បង្គំ សូម​មើល​សៀវភៅ​ស្តើង​ជា​ភាសា​អង់គ្លេស​ចំណង​ជើង​ថា​ព្រះ​នាម​ដែល​នឹង​ស្ថិត​នៅ​ជា​និរន្តរ៍ (​The Divine Name That Will Endure Forever​) បោះ​ពុម្ព​ដោយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។

[រូប​ភាព​នៅ​ទំព័រ​២២៥]

​ព្រះ​នាម​របស់​ព្រះ​ជា​អក្សរ​ហេប្រឺ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក