ការពន្យល់បន្ថែម
តើហ្សីអូលនិងហាដេសជាអ្វី?
ក្នុងព្រះគម្ពីរភាសាដើម ពាក្យហេព្រើរហ្សីអូល និងពាក្យក្រិចហាដេសបានត្រូវប្រើជាង៧០ដង។ ពាក្យទាំងពីរទាក់ទងនឹងសេចក្ដីស្លាប់។ ព្រះគម្ពីរខ្លះបកប្រែពាក្យនេះថា«ផ្នូរ» «នរក»ឬ«រណ្ដៅ»។ ក្នុងព្រះគម្ពីរភាសាខ្មែរ ហ្សីអូលនិងហាដេសបានត្រូវបកប្រែជាទៀងទាត់ថា«ស្ថានឃុំព្រលឹងមនុស្សស្លាប់»។ ក៏ប៉ុន្តែក្នុងភាសាភាគច្រើន គ្មានពាក្យណាមួយដែលមានន័យចំនឹងអត្ថន័យពាក្យភាសាហេព្រើរនិងក្រិចតែម្ដងនោះទេ។ ហេតុនេះ ព្រះគម្ពីរសេចក្ដីបកប្រែពិភពលោកថ្មីនៃបទគម្ពីរបរិសុទ្ធ ដាក់ពាក្យ«ហ្សីអូល»និង«ហាដេស»តែម្ដង ដោយមិនបកប្រែទេ។ តើអ្វីជាអត្ថន័យពិតប្រាកដនៃពាក្យទាំងពីរនោះ? សូមពិចារណារបៀបពាក្យ«ហ្សីអូល»និង«ហាដេស»ត្រូវប្រើក្នុងបទគម្ពីរផ្សេងៗ។
សាស្ដា ៩:១០ចែងថា៖ «នៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់[ហ្សីអូល] ជាកន្លែងដែលឯងត្រូវនៅ នោះគ្មានការធ្វើ គ្មានការគិតគូរ គ្មានដំរិះ ឬប្រាជ្ញាឡើយ»។ តើនេះមានន័យថាហ្សីអូលសំដៅលើផ្នូរឬកន្លែងកប់ខ្មោចមួយ ដូចកន្លែងបញ្ចុះសពមនុស្សជាទីស្រឡាញ់របស់យើងឬ? មិនមែនទេ។ នៅពេលដែលសំដៅលើផ្នូរឬកន្លែងកប់ខ្មោច ព្រះគម្ពីរប្រើពាក្យហេព្រើរនិងក្រិចផ្សេង មិនមែនប្រើពាក្យហ្សីអូលនិងហាដេសទេ។ (លោកុប្បត្តិ ២៣:៧-៩; ម៉ាថាយ ២៨:១) ម្យ៉ាងទៀត ព្រះគម្ពីរក៏មិនប្រើពាក្យ«ហ្សីអូល»សំដៅលើកន្លែងដែលគេបញ្ចុះសពមនុស្ស ដូចជារណ្ដៅកប់សាកសពមនុស្សច្រើនរួមគ្នានោះទេ ហើយក៏មិនមែនជាកន្លែងដែលទុកសំរាប់បញ្ចុះសពសមាជិកក្រុមគ្រួសារជាមួយគ្នានោះដែរ។—លោកុប្បត្តិ ៤៩:៣០, ៣១
បើដូច្នេះ តើ«ហ្សីអូល»សំដៅលើកន្លែងបែបណា? ព្រះបន្ទូលរបស់ព្រះឲ្យដឹងថា «ហ្សីអូល»ឬ«ហាដេស»មិនសំដៅលើអ្វីដែលមានដែនកំណត់ជាក់លាក់ដូចជាទីកប់ខ្មោចនោះទេ។ ជាឧទាហរណ៍ អេសាយ ៥:១៤ប្រាប់ថា ហ្សីអូល«បានរីកធំឡើង ព្រមទាំងហាមាត់ជាធំហួសប្រមាណ» គឺហាក់ដូចជាបានលេបបំបាត់មនុស្សជាច្រើនឥតគណនា ក៏នៅតែស្រេកឃ្លានចង់បានមនុស្សថែមទៀត។ (សុភាសិត ៣០:១៥, ១៦) ផ្ទុយពីទីកប់ខ្មោចឬផ្នូរដែលអាចដាក់តែសាកសពមួយចំនួននោះ ‹ស្ថានឃុំព្រលឹងមនុស្សស្លាប់[ហ្សីអូល] មិនចេះស្កប់ស្កល់ឡើយ›។ (សុភាសិត ២៧:២០) នេះមានន័យថាហ្សីអូលពុំដែលពេញ ហើយក៏គ្មានដែនកំណត់ឡើយ។ ដូច្នេះហ្សីអូលឬហាដេសមិនមែនជាកន្លែងពិតប្រាកដមួយទេ តែជាកន្លែងអត្ថបដិរូបឬន័យធៀបវិញ។ នៅពេលដែលមនុស្សស្លាប់ទៅ គឺប្រៀបដូចជាពួកគេចូលកន្លែងអត្ថបដិរូបនោះ។
សេចក្ដីបង្រៀនក្នុងព្រះគម្ពីរស្តីអំពីការប្រោសឲ្យរស់ឡើងវិញ ក៏ជួយយើងឲ្យយល់ថែមទៀតអំពីអត្ថន័យនៃពាក្យ«ហ្សីអូល»និង«ហាដេស»។ ព្រះបន្ទូលរបស់ព្រះឲ្យដឹងថា មនុស្សស្លាប់ដែលចូលហ្សីអូលឬហាដេសនឹងត្រូវប្រោសឲ្យរស់ឡើងវិញ។a (យ៉ូប ១៤:១៣; កិច្ចការ ២:៣១; វិវរណៈ ២០:១៣) ព្រះបន្ទូលរបស់ព្រះក៏បង្ហាញថា អ្នកនៅហ្សីអូលឬហាដេស មិនត្រឹមតែរួមបញ្ចូលអ្នកដែលបំរើព្រះយេហូវ៉ាប៉ុណ្ណោះ ប៉ុន្តែក៏មានមនុស្សជាច្រើនដែលមិនមែនជាអ្នកបំរើទ្រង់ដែរ។ (លោកុប្បត្តិ ៣៧:៣៥; ទំនុកដំកើង ៥៥:១៥) ហេតុដូច្នេះហើយ ព្រះគម្ពីរបង្រៀនថា៖ «ទាំងមនុស្សសុចរិត នឹងមនុស្សទុច្ចរិត នឹងបានរស់ឡើងវិញទាំងអស់គ្នា»។—កិច្ចការ ២៤:១៥
[កំណត់សម្គាល់]
a ផ្ទុយទៅវិញ ព្រះគម្ពីរចែងថាមនុស្សស្លាប់ដែលនឹងមិនត្រូវប្រោសឲ្យរស់ឡើងវិញ មិនមែននៅហ្សីអូលឬហាដេសឡើយ ប៉ុន្តែនៅហ្គេហេណា(ដែលព្រះគម្ពីរខ្មែរបកប្រែថា«នរក»)។ (ម៉ាថាយ ៥:៣០; ១០:២៨; ២៣:៣៣) ហ្គេហេណាមិនមែនជាកន្លែងមែនទែននោះទេ តែក៏ជាអត្ថបដិរូបដូចហ្សីអូលនិងហាដេសដែរ។