ជំពូកទី១០
អាពាហ៍ពិពាហ៍ជាអំណោយមួយពីព្រះដែលមានសេចក្ដីស្រឡាញ់
«ពួរ៣ធ្លុងមិនងាយដាច់ទេ»។—សាស្ដា ៤:១២
១, ២. (ក) ជួនកាលពេលដែលឃើញប្ដីប្រពន្ធថ្មី តើយើងប្រហែលជាឆ្ងល់អំពីអ្វីខ្លះ? ហើយហេតុអ្វី? (ខ) តើយើងនឹងពិចារណាអំពីសំណួរអ្វីខ្លះក្នុងជំពូកនេះ?
តើអ្នកចូលចិត្តទៅពិធីមង្គលការឬទេ? មនុស្សជាច្រើនចូលចិត្តទៅ ពីព្រោះនោះជាពិធីដ៏សប្បាយរីករាយ។ នៅឯពិធីនោះ អ្នកឃើញកូនកំលោះដែលស្លៀកពាក់តុបតែងខ្លួនយ៉ាងសង្ហាបំផុត ឯកូនក្រមុំមានសម្រស់ស្រស់ត្រកាល។ ពួកគេទាំងពីរនាក់ញញឹមពព្រាយដូចផ្ការីក បង្ហាញពីអំណរព្រឺព្រួចក្នុងចិត្ត។ តាមមើលទៅ អនាគតរបស់គូស្វាមីភរិយាថ្មីនោះនឹងពោរពេញទៅដោយសុភមង្គល។
២ ទោះជាយ៉ាងនោះក៏ដោយ បើគិតអំពីស្ថានភាពជាក់ស្តែងដែលមាននៅសព្វថ្ងៃនេះ យើងត្រូវនិយាយថាអាពាហ៍ពិពាហ៍របស់មនុស្សជាច្រើនកំពុងជួបប្រទះវិបត្ដិ។ ពិតមែនតែយើងសង្ឃឹមថាគូស្វាមីភរិយាថ្មីនឹងមានសុភមង្គលច្រើនបំផុត ប៉ុន្តែជួនកាលយើងប្រហែលជាឆ្ងល់ថា ‹តើពួកគេពិតជានឹងមានសុភមង្គលឬទេ? តើពួកគេនឹងនៅជាប្ដីប្រពន្ធរហូតឬ?›។ ប្ដីប្រពន្ធអាចមានសុភមង្គលនិងចំណងអាពាហ៍ពិពាហ៍ដ៏ស្ថិតស្ថេរបាន លុះត្រាតែពួកគេទាំងពីរនាក់ទុកចិត្តទៅលើឱវាទរបស់ព្រះស្តីអំពីអាពាហ៍ពិពាហ៍ ហើយធ្វើតាមឱវាទនោះ។ (សូមអាន សុភាសិត ៣:៥, ៦) ពួកគេត្រូវធ្វើដូច្នេះដើម្បីរក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់។ ឥឡូវយើងនឹងផ្ចង់អារម្មណ៍ទៅលើរបៀបដែលគម្ពីរឆ្លើយសំណួរបួនយ៉ាងគឺ ហេតុអ្វីមនុស្សរៀបការ? បើអ្នករៀបការ តើអ្នកគួរជ្រើសរើសមនុស្សប្រភេទណាជាគូអាពាហ៍ពិពាហ៍? តើអ្នកអាចធ្វើអ្វីខ្លះដើម្បីត្រៀមលក្ខណៈសម្រាប់អាពាហ៍ពិពាហ៍? តើអ្វីអាចជួយប្ដីប្រពន្ធឲ្យមានសុភមង្គលជានិច្ច ហើយមានចំណងអាពាហ៍ពិពាហ៍ដ៏ស្ថិតស្ថេរ?
ហេតុអ្វីមនុស្សរៀបការ?
៣. ហេតុអ្វីការរៀបការដោយសារមូលហេតុតូចតាចមិនមែនជាការសម្រេចចិត្តដ៏ឈ្លាសវៃ?
៣ មនុស្សខ្លះជឿថាមនុស្សពុំអាចមានសុភមង្គលក្នុងជីវិតបានឡើយបើមិនរៀបការ។ គំនិតនេះគឺខុសទាំងស្រុង! លោកយេស៊ូមិនធ្លាប់មានប្រពន្ធទេ ហើយលោកមានប្រសាសន៍ថាការនៅលីវជាអំណោយមួយ ហើយលោកថែមទាំងបានលើកទឹកចិត្តថា បើអ្នកណាអាចទទួលយកជីវិតបែបនោះបាន ឲ្យទទួលយកទៅ។ (ម៉ាថាយ ១៩:១១, ១២) សាវ័កប៉ូលក៏បានបញ្ជាក់ដែរអំពីផលប្រយោជន៍ដែលមកពីការនៅលីវ។ (កូរិនថូសទី១ ៧:៣២-៣៨) លោកយេស៊ូនិងប៉ូលមិនបានបង្កើតច្បាប់ស្តីអំពីរឿងនោះទេ។ តាមការពិត ការហាមមិនឲ្យរៀបការគឺនៅក្នុងចំណោម«សេចក្ដីបង្រៀនរបស់ពួកវិញ្ញាណកំណាច»។ (ធីម៉ូថេទី១ ៤:១-៣) ទោះជាយ៉ាងនោះក៏ដោយ អ្នកដែលចង់បម្រើព្រះយេហូវ៉ាដោយគ្មានអ្វីបំបែរអារម្មណ៍អាចទទួលប្រយោជន៍ច្រើនពីការនៅលីវ។ បើដូច្នេះ ការសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ដោយសារមូលហេតុតូចតាច ដូចជាការបង្ខិតបង្ខំពីមិត្តភក្ដិជាដើម នោះមិនមែនជាការសម្រេចចិត្តដ៏ឈ្លាសវៃទេ។
៤. តើចំណងអាពាហ៍ពិពាហ៍ដ៏រឹងមាំផ្ដល់បរិយាកាសល្អបំផុតសម្រាប់ការចិញ្ចឹមអប់រំកូនយ៉ាងដូចម្ដេច?
៤ ប៉ុន្តែ តើមានមូលហេតុត្រឹមត្រូវដើម្បីរៀបអាពាហ៍ពិពាហ៍ឬទេ? ពិតជាមានមែន។ អាពាហ៍ពិពាហ៍ក៏ជាអំណោយពីព្រះដែលស្រឡាញ់យើងដែរ។ (សូមអាន លោកុប្បត្តិ ២:១៨) ដូច្នេះ អាពាហ៍ពិពាហ៍ផ្ដល់ប្រយោជន៍ខ្លះៗ ហើយអាចនាំឲ្យមានសុភមង្គល។ ជាឧទាហរណ៍ ចំណងអាពាហ៍ពិពាហ៍ដ៏រឹងមាំផ្ដល់បរិយាកាសល្អបំផុតសម្រាប់ការចិញ្ចឹមអប់រំកូន។ កូនត្រូវការបរិយាកាសមួយដែលមានស្ថិរភាព ដោយមានឪពុកម្ដាយចិញ្ចឹមបីបាច់ បង្ហាញសេចក្ដីស្រឡាញ់ ប្រដៅ ហើយណែនាំពួកគេ។ (ទំនុកតម្កើង ១២៧:៣; អេភេសូរ ៦:១-៤) ក៏ប៉ុន្តែ ការចិញ្ចឹមអប់រំកូនមិនមែនជាមូលហេតុតែមួយគត់ដើម្បីរៀបអាពាហ៍ពិពាហ៍ទេ។
៥, ៦. (ក) យោងទៅតាមសាស្ដា ៤:៩-១២ តើមិត្តភាពជិតស្និទ្ធផ្ដល់ប្រយោជន៍អ្វីខ្លះ? (ខ) តើអាពាហ៍ពិពាហ៍អាចដូចជាពួរបីធ្លុងយ៉ាងដូចម្ដេច?
៥ សូមពិចារណាអំពីបទគម្ពីរដែលជាប្រធានសម្រាប់ជំពូកនេះព្រមទាំងខគម្ពីរមុនៗនោះ។ ខទាំងនោះចែងថា៖ «មានគ្នា២នាក់ នោះវិសេសជាងនៅតែឯង ពីព្រោះគេមានរង្វាន់យ៉ាងល្អកើតពីការនឿយហត់របស់ខ្លួន ដ្បិតបើដួល នោះម្នាក់នឹងជ្រោងគ្នាឡើងវិញ តែវរហើយ អ្នកណាដែលដួលក្នុងកាលដែលនៅតែម្នាក់ឯង ឥតមានគ្នានឹងជួយជ្រោងឡើងវិញ មួយទៀត បើដេកមានគ្នា២នាក់ នោះក៏បានកក់ក្ដៅ តែបើដេកតែម្នាក់ឯង នោះធ្វើដូចម្ដេចឲ្យកក់ក្ដៅបាន ហើយបើមានខ្មាំងណាមក ដែលមានកំឡាំងជាង នោះ២នាក់នឹងអាចទប់ទល់បាន ឯពួរ៣ធ្លុងមិនងាយដាច់ទេ»។—សាស្ដា ៤:៩-១២
៦ អត្ថន័យសំខាន់បំផុតនៃខគម្ពីរទាំងនេះ ទាក់ទងនឹងតម្លៃនៃមិត្តភាព។ អាពាហ៍ពិពាហ៍នាំឲ្យមនុស្សពីរនាក់ទៅជាមិត្តជិតស្និទ្ធបំផុត។ យោងទៅតាមខគម្ពីរទាំងនេះ អាពាហ៍ពិពាហ៍អាចផ្ដល់នូវជំនួយ ការសម្រាលទុក្ខ និងការការពារ។ ដើម្បីធ្វើឲ្យចំណងអាពាហ៍ពិពាហ៍រឹងមាំជាង នោះត្រូវការអ្វីផ្សេងទៀតក្រៅពីចំណងមេត្រីភាពរវាងប្ដីនិងប្រពន្ធ។ ខគម្ពីរនោះបញ្ជាក់ថាពួរពីរធ្លុងអាចត្រូវផ្ដាច់បាន។ ប៉ុន្តែពួរដែលមានបីធ្លុងវេញចូលគ្នាគឺពិបាកផ្ដាច់ជាង។ ពេលដែលប្ដីប្រពន្ធទាំងពីរនាក់ចាត់ទុកថាការធ្វើឲ្យព្រះយេហូវ៉ាពេញចិត្តជាអ្វីសំខាន់បំផុត នោះអាពាហ៍ពិពាហ៍របស់ពួកគេគឺដូចពួរបីធ្លុង។ ភក្ដីភាពរបស់ប្ដីប្រពន្ធចំពោះព្រះយេហូវ៉ាជាកត្ដាសំខាន់មួយក្នុងអាពាហ៍ពិពាហ៍របស់ពួកគេ ដូច្នេះចំណងអាពាហ៍ពិពាហ៍របស់ពួកគេគឺមាំណាស់។
៧, ៨. (ក) តើប៉ូលបានសរសេរឱវាទអ្វីសម្រាប់គ្រិស្តសាសនិកដែលនៅលីវនិងដែលពិបាកទប់ចំណង់ខាងផ្លូវភេទ? (ខ) តើគម្ពីរប្រាប់ការពិតអ្វីស្តីអំពីការរួមរស់ជាប្ដីប្រពន្ធ?
៧ មានតែក្នុងអាពាហ៍ពិពាហ៍ប៉ុណ្ណោះ ដែលចំណង់ខាងផ្លូវភេទអាចត្រូវបំពេញយ៉ាងត្រឹមត្រូវ។ ក្នុងស្ថានភាពនេះ ទំនាក់ទំនងខាងផ្លូវភេទពិតជាអាចត្រូវចាត់ទុកជាអ្វីដែលធ្វើឲ្យរីករាយ។ (សុភាសិត ៥:១៨) ទោះជាអ្នកដែលនៅលីវ«មិនក្មេងពេក» ពោលគឺបានផុតពីគ្រាដែលចំណង់ខាងផ្លូវភេទទើបតែមានខ្លាំងក៏ដោយ ក៏ចំណង់ខាងផ្លូវភេទនៅតែអាចធ្វើឲ្យគាត់មានការពិបាកដែរ។ បើគាត់មិនទប់ចិត្ត ចំណង់នោះអាចនាំឲ្យគាត់ប្រព្រឹត្តអ្វីដែលស្មោកគ្រោកឬមិនត្រឹមត្រូវ។ ប៉ូលបានត្រូវដឹកនាំឲ្យសរសេរឱវាទសម្រាប់អ្នកដែលនៅលីវដូចតទៅនេះថា៖ «បើពួកគាត់ទប់ចិត្តមិនបាន ចូររៀបការទៅចុះ ព្រោះបើរៀបការ នោះគឺប្រសើរជាងមានតណ្ហារោលរាល»។—កូរិនថូសទី១ ៧:៩, ៣៦; យ៉ាកុប ១:១៥
៨ ទោះជាបុគ្គលម្នាក់រៀបការដោយសារមូលហេតុអ្វីក៏ដោយ ជាការល្អបើគាត់ទទួលស្គាល់ការពិត។ ប៉ូលបានសរសេរថា អ្នកដែលរៀបការ«នឹងមានការលំបាកផ្សេងៗក្នុងជីវិត»។ (កូរិនថូសទី១ ៧:២៨) ប្ដីប្រពន្ធត្រូវប្រឈមមុខនឹងការពិបាកខ្លះៗដែលអ្នកនៅលីវមិនមានទេ។ ប៉ុន្តែ បើអ្នកសម្រេចចិត្តរៀបការ តើអ្នកអាចកាត់បន្ថយបញ្ហាឲ្យតិចបំផុត ហើយធ្វើឲ្យមានសុភមង្គលច្រើនបំផុតយ៉ាងដូចម្ដេច? វិធីមួយគឺដោយជ្រើសរើសគូអាពាហ៍ពិពាហ៍ដ៏ល្អម្នាក់។
តើមនុស្សប្រភេទណាជាគូអាពាហ៍ពិពាហ៍ដ៏ល្អ?
៩, ១០. (ក) តើប៉ូលប្រើឧទាហរណ៍អ្វីដើម្បីបញ្ជាក់អំពីបញ្ហាដែលកើតឡើងបើអ្នកជឿបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយនឹងអ្នកមិនជឿ? (ខ) តើអ្នកដែលមិនអើពើចំពោះឱវាទរបស់ព្រះស្តីអំពីការរៀបការជាមួយនឹងអ្នកមិនជឿច្រើនតែទទួលលទ្ធផលបែបណា?
៩ ប៉ូលបានត្រូវដឹកនាំឲ្យកត់ទុកគោលការណ៍ដ៏សំខាន់មួយដែលយើងត្រូវអនុវត្តពេលជ្រើសរើសគូអាពាហ៍ពិពាហ៍។ គោលការណ៍នោះគឺ«កុំផ្សំផ្គុំខ្លួនជាមួយនឹងអ្នកមិនជឿឡើយ»។ (កូរិនថូសទី២ ៦:១៤) ក្នុងខនេះប៉ូលលើកឧទាហរណ៍ពីហេតុការណ៍ពិតក្នុងកសិកម្ម។ បើកសិករយកសត្វពីរក្បាលដែលមានមាឌឬកម្លាំងខុសគ្នាឆ្ងាយ មកទឹមនឹមជាមួយគ្នា នោះសត្វទាំងពីរនឹងពិបាក។ ស្រដៀងគ្នាដែរ បើអ្នកមិនជឿនិងអ្នកជឿរៀបការជាមួយគ្នា នោះពួកគេប្រាកដជានឹងមានភាពតានតឹង ហើយមិនចុះសម្រុងគ្នាឡើយ។ បើម្ខាងចង់រក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់ តែម្ខាងទៀតមិនសូវចាប់អារម្មណ៍ឬមិនចាប់អារម្មណ៍សោះនឹងរឿងនេះ នោះពួកគេកំពុងដើរផ្លូវពីរផ្សេងគ្នា ហើយបញ្ហានេះទំនងជានឹងនាំឲ្យមានការពិបាកច្រើនណាស់។ ហេតុនេះប៉ូលដាស់តឿនគ្រិស្តសាសនិកឲ្យរៀបការតែជាមួយនឹង«អ្នកកាន់តាមលោកម្ចាស់»ប៉ុណ្ណោះ។—កូរិនថូសទី១ ៧:៣៩
១០ ក្នុងករណីខ្លះ គ្រិស្តសាសនិកដែលនៅលីវបានសន្និដ្ឋានថា ការផ្សំផ្គុំខ្លួនជាមួយនឹងអ្នកមិនជឿគឺល្អជាងរស់នៅត្រមង់ត្រមោច។ ពួកគេខ្លះសម្រេចចិត្តមិនអើពើនឹងឱវាទក្នុងគម្ពីរ ហើយរៀបការជាមួយនឹងអ្នកដែលមិនបម្រើព្រះយេហូវ៉ា។ ច្រើនដងណាស់ ការសម្រេចចិត្តនេះនាំឲ្យមានលទ្ធផលគួរឲ្យស្ដាយ ពីព្រោះក្រោយមក អ្នកដែលរៀបការជាមួយនឹងអ្នកមិនជឿឃើញថា គាត់ត្រូវរួមរស់ជាមួយនឹងបុគ្គលម្នាក់ដែលគាត់មិនអាចនិយាយជាមួយអំពីអ្វីដែលសំខាន់បំផុតក្នុងជីវិតរបស់គាត់។ អារម្មណ៍ត្រមង់ត្រមោចដែលគាត់មាននៅពេលនោះ ប្រហែលជាខ្លាំងជាងពេលមុនរៀបការទៅទៀត។ ប៉ុន្តែយើងសប្បាយចិត្តដោយដឹងថា គ្រិស្តសាសនិករាប់ពាន់នាក់ដែលនៅលីវទុកចិត្តឱវាទរបស់ព្រះស្តីអំពីរឿងនេះ ហើយកំពុងកាន់ខ្ជាប់យ៉ាងស្មោះភក្ដីតាមឱវាទនោះ។ (សូមអាន ទំនុកតម្កើង ៣២:៨) ពិតមែនតែពួកគេសង្ឃឹមថានឹងបានរៀបការនៅថ្ងៃណាមួយ ប៉ុន្តែពួកគេសុខចិត្តនៅលីវរហូតដល់អាចរកឃើញគូម្នាក់ក្នុងចំណោមអ្នកដែលគោរពប្រណិប័តន៍ព្រះយេហូវ៉ា។
១១. តើអ្វីអាចជួយអ្នកជ្រើសរើសគូអាពាហ៍ពិពាហ៍ដ៏ល្អម្នាក់? (សូមមើលប្រអប់ដែលមានចំណងជើងថា «តើខ្ញុំចង់បានគូអាពាហ៍ពិពាហ៍បែបណា?»)
១១ មិនមែនអ្នកបម្រើព្រះយេហូវ៉ាទាំងអស់សមយកមកធ្វើជាគូអាពាហ៍ពិពាហ៍ទេ។ បើអ្នកចង់រៀបការ សូមស្វែងរកបុគ្គលដែលមានបុគ្គលិកលក្ខណៈដូចអ្នក ព្រមទាំងមានគោលដៅក្នុងកិច្ចបម្រើព្រះនិងសេចក្ដីស្រឡាញ់ចំពោះព្រះដូចអ្នកដែរ។ ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណាបានផ្ដល់ព័ត៌មានច្រើនណាស់អំពីរឿងនេះ។ អ្នកគួរពិចារណាឱវាទបែបនេះដែលមកពីគម្ពីរ ហើយអធិដ្ឋានទៀតផង ដើម្បីឲ្យឱវាទនោះណែនាំអ្នកពេលដែលធ្វើការសម្រេចចិត្តដ៏សំខាន់នេះ។a—សូមអាន ទំនុកតម្កើង ១១៩:១០៥
១២. នៅប្រទេសជាច្រើន តើមនុស្សមានទម្លាប់យ៉ាងដូចម្ដេចក្នុងការជ្រើសរើសប្ដីឬប្រពន្ធ? ក្នុងគម្ពីរ តើគំរូរបស់អ្នកណាផ្ដល់ការណែនាំខ្លះៗអំពីរឿងនេះ?
១២ នៅប្រទេសជាច្រើន ឪពុកម្ដាយជាអ្នករើសប្ដីឬប្រពន្ធឲ្យកូន។ ក្នុងវប្បធម៌បែបនោះ មនុស្សទូទៅជឿថាឪពុកម្ដាយមានប្រាជ្ញានិងបទពិសោធន៍ច្រើនជាងកូន ដូច្នេះគឺល្អជាងបើពួកគាត់ធ្វើការសម្រេចចិត្តដ៏សំខាន់នេះ។ ច្រើនដង មានលទ្ធផលល្អពេលដែលឪពុកម្ដាយជ្រើសរើសប្ដីឬប្រពន្ធឲ្យកូន ដូចនៅសម័យគម្ពីរ។ គំរូរបស់អាប្រាហាំពេលដែលគាត់ចាត់អ្នកបម្រើម្នាក់ឲ្យទៅរកប្រពន្ធឲ្យអ៊ីសាក បង្កប់មេរៀនសម្រាប់ឪពុកម្ដាយនៅសព្វថ្ងៃនេះដែលប្រហែលជាចង់រើសប្ដីឬប្រពន្ធឲ្យកូនដែរ។ លុយឬមុខមាត់ក្នុងសង្គមមិនសំខាន់ចំពោះអាប្រាហាំទេ។ ផ្ទុយទៅវិញ អាប្រាហាំបានខំប្រឹងព្យាយាមរកប្រពន្ធឲ្យអ៊ីសាកក្នុងចំណោមអ្នកដែលគោរពប្រណិប័តន៍ព្រះយេហូវ៉ា។b—លោកុប្បត្តិ ២៤:៣, ៦៧
តើអ្នកអាចត្រៀមលក្ខណៈយ៉ាងណាដើម្បីបានជោគជ័យក្នុងអាពាហ៍ពិពាហ៍?
១៣-១៥. (ក) តើតាមរបៀបណាដែលគោលការណ៍នៅសុភាសិត ២៤:២៧អាចជួយយុវបុរសម្នាក់ដែលចង់រៀបការ? (ខ) តើយុវនារីម្នាក់អាចធ្វើអ្វីដើម្បីត្រៀមខ្លួនសម្រាប់រៀបការ?
១៣ បើអ្នកចង់រៀបការ អ្នកគួរដណ្ដឹងសួរខ្លួនថា‹តើខ្ញុំមានគុណសម្បត្ដិគ្រប់គ្រាន់ដើម្បីរៀបការឬទេ?›។ ចម្លើយចំពោះសំណួរនេះ មិនទាក់ទងតែនឹងអារម្មណ៍របស់អ្នកចំពោះស្នេហា ការរួមភេទ ការមានគូជីវិត ឬការចិញ្ចឹមអប់រំកូនទេ។ ផ្ទុយទៅវិញ អ្នកដែលចង់រៀបការគួរគិតពិចារណាអំពីគោលដៅជាក់លាក់មួយចំនួន។
១៤ យុវបុរសណាដែលចង់រកប្រពន្ធគួរគិតឲ្យបានវែងឆ្ងាយអំពីគោលការណ៍ដូចតទៅនេះថា៖ «ចូរត្រៀមការឯងនៅខាងក្រៅចុះ ហើយរៀបចំសំរាប់ខ្លួន នៅឯវាលជាមុនសិន ទើបសង់ផ្ទះឯងឡើងជាក្រោយ»។ (សុភាសិត ២៤:២៧) តើខនេះមានន័យដូចម្ដេច? នៅសម័យនោះ បុរសម្នាក់ដែលចង់រៀបការមានក្រុមគ្រួសារ គាត់ត្រូវសួរខ្លួនគាត់ថា‹តើខ្ញុំមានលទ្ធភាពចិញ្ចឹមបីបាច់ថែរក្សាប្រពន្ធឬទេ? ចុះបើក្រោយមកខ្ញុំមានកូន តើខ្ញុំអាចចិញ្ចឹមពួកគេបានដែរឬទេ?›។ មុនដំបូងគាត់ត្រូវធ្វើការសិន ដោយថែស្រែចម្ការនិងផលដំណាំរបស់គាត់។ សព្វថ្ងៃនេះ បុរសណាដែលចង់រៀបការក៏ត្រូវធ្វើតាមគោលការណ៍នេះដែរ។ គាត់ត្រូវត្រៀមលក្ខណៈទទួលភារៈរបស់ខ្លួន។ ដរាបណាដែលគាត់មានសុខភាពល្មមនឹងធ្វើការបាន នោះគាត់ត្រូវតែធ្វើការ។ បណ្ដាំរបស់ព្រះបញ្ជាក់ថា បុរសណាដែលមិនផ្គត់ផ្គង់ក្រុមគ្រួសារ ថែមទាំងមិនផ្ដល់អ្វីដែលពួកគេត្រូវការខាងផ្លូវចិត្ត និងសម្រាប់រក្សាចំណងមិត្តភាពជាមួយនឹងព្រះ បុរសនោះគឺអាក្រក់ជាងមនុស្សដែលគ្មានជំនឿ!—សូមអាន ធីម៉ូថេទី១ ៥:៨
១៥ ស្ត្រីណាដែលសម្រេចចិត្តរៀបការក៏ត្រូវព្រមរែកពុនបន្ទុកធ្ងន់ៗមួយចំនួនដែរ។ គម្ពីរសរសើរស្ត្រីដែលមានការប៉ិនប្រសប់និងគុណសម្បត្ដិផ្សេងៗដែលនាងប្រហែលជាត្រូវការដើម្បីជួយប្ដី ហើយបីបាច់ថែរក្សាក្រុមគ្រួសារ។ (សុភាសិត ៣១:១០-៣១) តាមពិត បុរសនិងស្ត្រីដែលរៀបការដោយមិនរៀបចំខ្លួនដើម្បីបំពេញភារកិច្ចសំខាន់ៗទាំងនេះ កំពុងគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ហើយមិនគិតអំពីអ្វីដែលពួកគេអាចផ្ដល់ឲ្យគូអនាគតរបស់ខ្លួនឡើយ។ សំខាន់បំផុត អ្នកដែលចង់រៀបការត្រូវចេះធ្វើតាមគោលការណ៍របស់ព្រះក្នុងចំណងអាពាហ៍ពិពាហ៍។
១៦, ១៧. តើអ្នកដែលចង់រៀបការគួររំពឹងគិតអំពីគោលការណ៍គម្ពីរអ្វីខ្លះ?
១៦ ការត្រៀមខ្លួនដើម្បីរួមរស់ជាប្ដីប្រពន្ធរួមបញ្ចូលការរំពឹងគិតអំពីតួនាទីដែលព្រះបានកំណត់ឲ្យប្ដីប្រពន្ធ។ បុរសត្រូវយល់អត្ថន័យនៃការធ្វើជាប្រមុខនៃក្រុមគ្រួសារដែលជាគ្រិស្តសាសនិក។ តួនាទីនេះមិនអនុញ្ញាតឲ្យគាត់ប្រព្រឹត្តដូចជាអ្នកកាន់អំណាចផ្ដាច់ការនោះទេ។ ផ្ទុយទៅវិញ គាត់ត្រូវប្រើសិទ្ធិអំណាចជាប្រមុខតាមគំរូរបស់លោកយេស៊ូ។ (អេភេសូរ ៥:២៣) ស្រដៀងគ្នាដែរ ស្ត្រីដែលជាគ្រិស្តសាសនិកពិត ត្រូវយល់តួនាទីដ៏ថ្លៃថ្នូររបស់ប្រពន្ធ។ តើនាងនឹងសុខចិត្ត«ចុះចូលនឹងប្ដី»ឬទេ? (អេភេសូរ ៥:២២) នាងនៅក្រោមអំណាចរបស់ព្រះយេហូវ៉ានិងគ្រិស្តរួចហើយ។ (កូរិនថូសទី១ ១១:៣) ដូច្នេះ ដោយសារប្ដីរបស់នាងមានសិទ្ធិអំណាចក្នុងក្រុមគ្រួសារ នោះនាងក៏ត្រូវសុខចិត្តចុះចូលគាត់ដែរ។ ពេលដែលនាងនៅក្រោមអំណាចរបស់ប្ដីដែលជាបុរសមិនល្អឥតខ្ចោះ តើនាងអាចគាំទ្រហើយចុះចូលគាត់បានឬទេ? បើនាងមិនចង់ធ្វើដូច្នេះទេ នាងមិនគួររៀបការឡើយ។
១៧ ម្យ៉ាងទៀត ទាំងប្ដីទាំងប្រពន្ធត្រូវត្រៀមលក្ខណៈដើម្បីយកចិត្តទុកដាក់ចំពោះសេចក្ដីត្រូវការពិសេសរបស់គូខ្លួន។ (សូមអាន ភីលីព ២:៤) សាវ័កប៉ូលបានសរសេរថា៖ «ចូរអ្នករាល់គ្នាម្នាក់ៗស្រឡាញ់ប្រពន្ធរបស់ខ្លួន ដូចស្រឡាញ់ខ្លួនអ្នក ឯប្រពន្ធត្រូវគោរពប្ដីយ៉ាងជ្រាលជ្រៅ»។ ក្រោមការដឹកនាំរបស់ព្រះ សាវ័កប៉ូលយល់ថាបុរសមានសេចក្ដីត្រូវការពិសេសមួយ គឺគាត់ត្រូវមានអារម្មណ៍ថាប្រពន្ធគោរពគាត់យ៉ាងជ្រាលជ្រៅ។ ឯប្រពន្ធវិញ នាងក៏មានសេចក្ដីត្រូវការពិសេសមួយដែរ គឺនាងត្រូវមានអារម្មណ៍ថាប្ដីស្រឡាញ់នាង។—អេភេសូរ ៥:២១-៣៣
ពេលដែលចំណាយពេលខំស្គាល់ចិត្តគ្នា គូជាច្រើនធ្វើការសម្រេចចិត្តល្អដោយសុំអ្នកណាម្នាក់ឲ្យនៅជាមួយ
១៨. ហេតុអ្វីបុគ្គលពីរនាក់ដែលចង់រៀបការជាមួយគ្នាគួរចេះទប់ចិត្ត?
១៨ ដូច្នេះ ក្នុងករណីខ្លះ បុរសនិងស្ត្រីដែលចង់រៀបការ ចំណាយពេលខ្លះជាមួយគ្នាដើម្បីសម្រេចចិត្តថាពួកគេសមគ្នាឬមិនសមគ្នា។ ទង្វើនេះមិនខុសទេ។ ក៏ប៉ុន្តែគ្រាដែលពួកគេចំណាយពេលជាមួយគ្នានោះ មិនមែនដើម្បីកម្សាន្តសប្បាយប៉ុណ្ណោះទេ។ នោះជាពេលដែលពួកគេត្រូវរៀនឲ្យចេះប្រព្រឹត្តត្រឹមត្រូវចំពោះគ្នាទៅវិញទៅមក ដើម្បីដឹងថាពួកគេគួររៀបការឬមិនគួររៀបការ។ គ្រាដែលចំណាយពេលជាមួយគ្នាក៏ជាពេលដែលពួកគេត្រូវចេះទប់ចិត្តដែរ! នៅពេលនោះពួកគេអាចកើតមានតណ្ហាខ្លាំង ដែលនាំឲ្យចង់ស្និទ្ធស្នាលដូចប្ដីប្រពន្ធ ហើយនេះជាអារម្មណ៍ធម្មតាទេ។ ក៏ប៉ុន្តែ បុគ្គលពីរនាក់ដែលពិតជាស្រឡាញ់គ្នា នឹងមិននាំឲ្យមនុស្សជាទីស្រឡាញ់ប្រព្រឹត្តអ្វីដែលបង្ខូចចំណងមិត្តភាពជាមួយនឹងព្រះឡើយ។ (ថែស្សាឡូនិចទី១ ៤:៦) ដូច្នេះ ពេលអ្នកចំណាយពេលជាមួយនឹងបុគ្គលដែលអ្នកចង់រៀបការជាមួយនោះ ចូរទប់ចិត្ត។ គុណសម្បត្ដិនោះអាចជួយអ្នកអស់មួយជីវិត ទោះជាអ្នករៀបការឬមិនរៀបការក៏ដោយ។
តើតាមរបៀបណាដែលអ្នកអាចធ្វើឲ្យចំណងអាពាហ៍ពិពាហ៍ស្ថិតស្ថេរ?
១៩, ២០. តើទស្សនៈដែលគ្រិស្តសាសនិកពិតមានចំពោះអាពាហ៍ពិពាហ៍ត្រូវខុសគ្នាពីទស្សនៈរបស់មនុស្សទូទៅសព្វថ្ងៃនេះយ៉ាងដូចម្ដេច? សូមឲ្យឧទាហរណ៍។
១៩ បើប្ដីប្រពន្ធចង់ឲ្យចំណងអាពាហ៍ពិពាហ៍របស់ពួកគេស្ថិតស្ថេររហូត ពួកគេត្រូវមានទស្សនៈត្រឹមត្រូវចំពោះភាពស្មោះត្រង់។ ក្នុងរឿងប្រលោមលោកនិងភាពយន្តផ្សេងៗ បើតួឯកប្រុសនិងតួឯកស្រីរៀបការជាមួយគ្នា មនុស្សចាត់ទុកថានោះជាសេចក្ដីបញ្ចប់ដ៏ល្អបំផុតសម្រាប់រឿងនោះ។ ក៏ប៉ុន្តែ ក្នុងជីវិតពិតប្រាកដអាពាហ៍ពិពាហ៍មិនមែនជាសេចក្ដីបញ្ចប់ទេ តែជាការចាប់ផ្ដើមនៃជីវិតមួយដែលព្រះយេហូវ៉ាបានរៀបចំឲ្យនៅស្ថិតស្ថេរជារៀងរហូត។ (លោកុប្បត្តិ ២:២៤) គួរឲ្យស្ដាយណាស់ដែលសព្វថ្ងៃនេះ មនុស្សកម្រមានទស្សនៈដូច្នេះ។ ក្នុងវប្បធម៌ខ្លះ មនុស្សមានទស្សនៈថា ចំណងអាពាហ៍ពិពាហ៍គឺដូចជាខ្សែពីរដែលបានត្រូវចងជាមួយគ្នាជាចំណង។ ពេលដែលពួកគេនិយាយដូច្នេះ ពួកគេប្រហែលជាមិនដឹងទេថាការប្រៀបធៀបនោះបញ្ជាក់ត្រឹមត្រូវណាស់អំពីទស្សនៈរបស់មនុស្សទូទៅចំពោះចំណងអាពាហ៍ពិពាហ៍។ ហេតុអ្វីបញ្ជាក់ត្រឹមត្រូវ? ពីព្រោះគេអាចចងខ្សែពីរជាចំណងដ៏មាំបាន ដរាបណាដែលចំណងនោះគឺចាំបាច់ ប៉ុន្តែលក្ខណៈសំខាន់មួយទៀតនៃចំណង គឺគេអាចចងវា ហើយគេក៏អាចស្រាយវាទៅវិញយ៉ាងស្រួលបានដែរ។
២០ សព្វថ្ងៃនេះ មនុស្សជាច្រើនចាត់ទុកថាចំណងអាពាហ៍ពិពាហ៍ជាចំណងបណ្ដោះអាសន្នប៉ុណ្ណោះ។ ពួកគេសប្បាយចិត្តរៀបការដោយចាត់ទុកអាពាហ៍ពិពាហ៍ជាវិធីបំពេញសេចក្ដីត្រូវការរបស់ខ្លួន ហើយពួកគេក៏គិតដែរថា ពួកគេអាចដកខ្លួនចេញបាន ពេលណាមើលទៅដូចជាមានការពិបាក។ ប៉ុន្តែសូមចាំឧទាហរណ៍អំពីខ្សែពួរដែលគម្ពីរប្រើសម្រាប់ចំណងមិត្តភាពដ៏ជិតស្និទ្ធ ដូចអាពាហ៍ពិពាហ៍ជាដើម។ ខ្សែពួរដែលគេធ្វើសម្រាប់ទូកក្ដោង គឺគេធ្វើតាមរបៀបដែលវាមិនដាច់ឬរសាយធ្លុងឡើយ សូម្បីតែមានខ្យល់ព្យុះដ៏ខ្លាំងបំផុតក៏ដោយ។ ស្រដៀងគ្នាដែរ ចំណងអាពាហ៍ពិពាហ៍បានត្រូវបង្កើតដើម្បីនៅស្ថិតស្ថេរជានិច្ច។ សូមចាំអ្វីដែលលោកយេស៊ូបានមានប្រសាសន៍ថា៖ «កុំឲ្យអ្នកណាពង្រាត់គូដែលព្រះបានផ្សំផ្គុំឡើយ»។ (ម៉ាថាយ ១៩:៦) បើអ្នករៀបការ អ្នកត្រូវមានទស្សនៈដូច្នេះដែរ អំពីចំណងអាពាហ៍ពិពាហ៍។ បើអ្នកតាំងចិត្តនៅជាមួយគូរបស់អ្នករហូតអស់មួយជីវិត តើនោះនាំឲ្យចំណងអាពាហ៍ពិពាហ៍ទៅជាបន្ទុកធ្ងន់ឬទេ? គឺមិនដូច្នេះទេ។
២១. តើប្ដីប្រពន្ធត្រូវមានទស្សនៈបែបណាចំពោះគ្នាទៅវិញទៅមកជានិច្ច? ហើយតើអ្វីអាចជួយពួកគេឲ្យធ្វើដូច្នេះ?
២១ ប្ដីប្រពន្ធត្រូវមានទស្សនៈត្រឹមត្រូវជានិច្ចចំពោះគ្នាទៅវិញទៅមក។ បើពួកគេទាំងពីរនាក់ព្យាយាមប្រមូលអារម្មណ៍ទៅលើគុណសម្បត្ដិនិងទង្វើល្អៗរបស់គូខ្លួន នោះចំណងអាពាហ៍ពិពាហ៍នឹងនាំឲ្យពួកគេមានអំណរនិងសេចក្ដីសុខ។ មនុស្សខ្លះគិតថា គ្មានអ្នកណាអាចមើលឃើញតែគុណសម្បត្ដិរបស់បុគ្គលដែលមានភាពខុសឆ្គងបានឡើយ ហើយពួកគេគិតថាការព្យាយាមធ្វើដូច្នេះគឺមិនសមហេតុសមផលទេ។ ប៉ុន្តែសូមគិតអំពីព្រះយេហូវ៉ា លោកមិនដែលធ្វើអ្វីដែលមិនសមហេតុសមផលទេ តែយើងទុកចិត្តថាលោកនឹងមើលគុណសម្បត្ដិរបស់យើងជាជាងកំហុសរបស់យើង មែនទេ? អ្នកតែងទំនុកតម្កើងបានសួរថា៖ «ឱព្រះយេហូវ៉ាអើយ បើសិនជាទ្រង់កត់ចំណាំអស់ទាំងអំពើទុច្ចរិតនោះ ឱព្រះអម្ចាស់អើយ តើអ្នកណានឹងធន់នៅបាន?»។ (ទំនុកតម្កើង ១៣០:៣) ស្រដៀងគ្នាដែរ ប្ដីប្រពន្ធត្រូវមានទស្សនៈល្អចំពោះគូខ្លួន ហើយចេះអភ័យទោសឲ្យគ្នាទៅវិញទៅមក។—សូមអាន កូឡុស ៣:១៣
២២, ២៣. តើអាប្រាហាំនិងសារ៉ាបានទុកគំរូល្អយ៉ាងដូចម្ដេចសម្រាប់ប្ដីប្រពន្ធសព្វថ្ងៃនេះ?
២២ ចំណងអាពាហ៍ពិពាហ៍អាចធ្វើឲ្យប្ដីប្រពន្ធមានសុភមង្គលកាន់តែច្រើនឡើង ពេលដែលពួកគេរួមរស់ជាមួយគ្នាកាន់តែយូរទៅ។ គម្ពីរបញ្ជាក់អំពីចំណងអាពាហ៍ពិពាហ៍របស់អាប្រាហាំនិងសារ៉ាពេលពួកគាត់មានវ័យចាស់ហើយ។ ពួកគាត់បានហែលឆ្លងការលំបាកនិងបញ្ហាផ្សេងៗជាមួយគ្នា។ សូមគិតអំពីសារ៉ាថានាងពិបាកយ៉ាងណា ពេលដែលនាងមានអាយុប្រហែល៦០ឆ្នាំប្លាយ ហើយត្រូវចាកចេញពីក្រុងអ៊ើរដែលជាក្រុងជឿនលឿន ថែមទាំងចេញពីផ្ទះដ៏ស្រួលរស់នៅរបស់នាង រួចចាប់ផ្ដើមរស់នៅក្នុងត្រសាលវិញ រហូតអស់មួយជីវិត។ ទោះជាពិបាកយ៉ាងណាក៏ដោយ សារ៉ានៅតែចុះចូលប្រមុខភាពរបស់ប្ដី។ នាងបង្ហាញថានាងជាអ្នកជួយដ៏ពិតប្រាកដចំពោះអាប្រាហាំ ដោយជួយធ្វើឲ្យការសម្រេចចិត្តរបស់គាត់កើតការ។ នាងមិនមែនចុះចូលតែសម្បកក្រៅប៉ុណ្ណោះទេ សូម្បីតែ«ក្នុងខ្លួន»នាងក៏ដោយ នាងបាននិយាយអំពីប្ដីរបស់នាងថាជាលោកម្ចាស់របស់នាង។ (លោកុប្បត្តិ ១៨:១២; ពេត្រុសទី១ ៣:៦) នាងគោរពអាប្រាហាំដោយស្មោះពីចិត្ត។
២៣ នេះមិនមានន័យថាអាប្រាហាំនិងសារ៉ាតែងតែមានគំនិតស្របគ្នានោះទេ។ នាងធ្លាប់ជូនយោបល់មួយទៅអាប្រាហាំ ដែលធ្វើឲ្យគាត់«ពិបាកចិត្តណាស់»។ ទោះជាយ៉ាងនោះក៏ដោយ ដោយមានការណែនាំពីព្រះយេហូវ៉ា អាប្រាហាំបានបន្ទាបខ្លួនស្ដាប់យោបល់របស់ប្រពន្ធ ហើយដោយធ្វើដូច្នេះ ក្រុមគ្រួសាររបស់អាប្រាហាំបានទទួលពរ។ (លោកុប្បត្តិ ២១:៩-១៣) ប្ដីប្រពន្ធសព្វថ្ងៃនេះ សូម្បីតែអ្នកដែលបានរៀបការយូរឆ្នាំហើយក្ដី អាចរៀនច្រើនពីគូស្វាមីភរិយានេះដែលកោតខ្លាចព្រះ។
២៤. តើចំណងអាពាហ៍ពិពាហ៍បែបណាធ្វើឲ្យព្រះយេហូវ៉ាទទួលការលើកតម្កើង? ហើយហេតុអ្វី?
២៤ ក្នុងក្រុមជំនុំគ្រិស្តសាសនិកពិត មានប្ដីប្រពន្ធរាប់ពាន់គូដែលមានសុភមង្គល ដោយមានប្រពន្ធដែលគោរពប្ដីយ៉ាងជ្រាលជ្រៅ ប្ដីដែលស្រឡាញ់ ថែមទាំងឲ្យកិត្ដិយសប្រពន្ធរបស់គាត់ ហើយពួកគេទាំងពីរនាក់សហការគ្នាដើម្បីទុកការគោរពប្រណិប័តន៍ព្រះយេហូវ៉ាជាអ្វីសំខាន់បំផុតក្នុងជីវិត។ បើអ្នកសម្រេចចិត្តរៀបការ សូមរើសគូដ៏ល្អម្នាក់ ត្រៀមលក្ខណៈឲ្យបានសព្វគ្រប់ដើម្បីរៀបការ ហើយព្យាយាមធ្វើឲ្យជីវិតគ្រួសារមានសេចក្ដីសុខសាន្ត និងសេចក្ដីស្រឡាញ់ដែលនាំឲ្យព្រះយេហូវ៉ាទទួលការលើកតម្កើង។ ក្នុងករណីនោះ ចំណងអាពាហ៍ពិពាហ៍របស់អ្នកប្រាកដជានឹងជួយអ្នករក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់។
a សូមមើលជំពូកទី២ក្នុងសៀវភៅគន្លឹះនៃសុភមង្គលគ្រួសារ បោះពុម្ពផ្សាយដោយសាក្សីព្រះយេហូវ៉ា។
b មេគ្រួសារខ្លះដែលបម្រើព្រះមុនសម័យអ៊ីស្រាអែលធ្លាប់មានប្រពន្ធលើសពីមួយ។ ព្រះយេហូវ៉ាបានអនុញ្ញាតឲ្យមេគ្រួសារទាំងនោះនិងជនជាតិអ៊ីស្រាអែលមានប្រពន្ធលើសពីមួយ។ លោកមិនបានបង្គាប់ពួកគេឲ្យធ្វើដូច្នេះឡើយ តែលោកបានដាក់ច្បាប់ដើម្បីគ្រប់គ្រងទៅលើទំនៀមទម្លាប់នេះ។ ក៏ប៉ុន្តែ គ្រិស្តសាសនិកពិតចាំមិនភ្លេចថា ព្រះយេហូវ៉ាមិនអនុញ្ញាតឲ្យអ្នកគោរពប្រណិប័តន៍លោកនៅសព្វថ្ងៃនេះមានប្រពន្ធលើសពីមួយទៀតទេ។—ម៉ាថាយ ១៩:៩; ធីម៉ូថេទី១ ៣:២