បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w08 ១/៩ ទំ. ១៨-២២
  • ចូររក្សាចំណងអាហ៍ពិហ៍ឲ្យដូច«ពួរ៣ធ្លុង»ចុះ!

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូររក្សាចំណងអាហ៍ពិហ៍ឲ្យដូច«ពួរ៣ធ្លុង»ចុះ!
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • សូម​ឲ្យ​មាន​ព្រះ​យេហូវ៉ា​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍
  • ពេល​មាន​បញ្ហា
  • ទទួល​ពរ​ច្រើន​ថែម​ទៀត
  • អាពាហ៍ពិពាហ៍ជាអំណោយមួយពីព្រះដែលមានសេចក្ដីស្រឡាញ់
    «ចូររក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់»
  • តើគ្រិស្តសាសនិកអាចធ្វើអ្វីខ្លះដើម្បីទទួលជោគជ័យក្នុងអាពាហ៍ពិពាហ៍?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
  • ចំណងអាហ៍ពិហ៍ដែលនាំឲ្យមានអំណរ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • ចូរធ្វើឲ្យចំណងអាពាហ៍ពិពាហ៍រឹងមាំនិងមានសុភមង្គល
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
w08 ១/៩ ទំ. ១៨-២២

ចូរ​រក្សា​ចំណង​អាពាហ៍ពិពាហ៍​ឲ្យ​ដូច​«ពួរ​៣​ធ្លុង»​ចុះ!

​«ពួរ​៣​ធ្លុង​មិន​ងាយ​ដាច់​ទេ»។—សាស. ៤:១២

១​. តើ​អ្នក​ណា​រៀប​អាពាហ៍ពិពាហ៍​ឲ្យ​គូ​ស្វាមី​ភរិយា​ទី​១?

បន្ទាប់​ពី​ព្រះ​យេហូវ៉ា​បង្កើត​រុក្ខជាតិ​និង​សត្វ នោះ​ទ្រង់​បាន​បង្កើត​មនុស្ស​ទី​១​គឺ​អ័ដាម។ ក្រោយ​មក ព្រះ​ធ្វើ​ឲ្យ​អ័ដាម​ដេក​លក់ ហើយ​ទ្រង់​ក៏​យក​ឆ្អឹង​ជំនីរ​អ័ដាម​មក​បង្កើត​អ្នក​ជំនួយ​ដ៏​ល្អ​ឥត​ខ្ចោះ​ម្នាក់។ ពេល​ក្រឡេក​ឃើញ​នាង អ័ដាម​និយាយ​ថា​៖ «នេះ​ហើយ​ជា​ឆ្អឹង​ពី​ឆ្អឹង​អញ ជា​សាច់​ពី​សាច់​អញ»។ (លោ. ១:២៧; ២:១៨, ២១​-​២៣) ព្រះ​យេហូវ៉ា​ពេញចិត្ត​នឹង​ការ​នោះ ក៏​ផ្សំ​ផ្គុំ​គូ​ស្វាមី​ភរិយា​ដំបូង និង​ប្រទាន​ពរ​ដល់​ពួក​គេ​ផង​ដែរ។—លោ. ១:២៨; ២:២៤

២​. តើ​សាតាំង​បាន​ធ្វើ​ឲ្យ​អ័ដាម​និង​អេវ៉ា​មិន​ចុះ​សម្រុង​គ្នា​យ៉ាង​ដូច​ម្ដេច?

២ គួរ​ឲ្យ​ស្ដាយ​មែន អាពាហ៍ពិពាហ៍​ដែល​ព្រះ​បាន​រៀបចំ​នោះ​មិន​បាន​សម្រេច​ដូច​បំណង​ទ្រង់​ទេ។ ហេតុ​អ្វី? វិញ្ញាណ​កំណាច​ដែល​ត្រូវ​ហៅ​ថា​សាតាំង បាន​ល្បួង​អេវ៉ា​ឲ្យ​បរិភោគ​ផ្លែ​ពី​ដើម​ដែល​ព្រះ​ហាម​ឃាត់។ បន្ដិច​ក្រោយ​មក អ័ដាម​បាន​ចូល​ដៃ​នឹង​ប្រពន្ធ​បះបោរ​ប្រឆាំង​ការ​គ្រប់គ្រង​និង​ការ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​ព្រះ។ (លោ. ៣:១​-​៧) នៅ​ពេល​ដែល​ព្រះ​យេហូវ៉ា​បាន​សួរ​ប្ដី​ប្រពន្ធ​ពី​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ នោះ​បញ្ជាក់​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថា ចំណង​អាពាហ៍ពិពាហ៍​របស់​ពួក​គេ​បាន​ប្រេះឆា​រួច​ទៅ​ហើយ។ អ័ដាម​បន្ទោស​ភរិយា​ដោយ​និយាយ​៖ «ស្ត្រី​ដែល​ទ្រង់​បាន​ប្រទាន​ឲ្យ​នៅ​ជា​មួយ​នឹង​ទូល​បង្គំ វា​ឲ្យ​ផ្លែ​ឈើ​នោះ​មក​ទូល​បង្គំ ទូល​បង្គំ​ក៏​ទទួល​ទាន​ទៅ»។—លោ. ៣:១១​-​១៣

៣​. តើ​ជន​ជាតិ​យូដា​ខ្លះ​មាន​គំនិត​ខុសឆ្គង​បែប​ណា?

៣ ច្រើន​សតវត្សរ៍​កន្លង​មក សាតាំង​ធ្លាប់​ប្រើ​កលល្បិច​ផ្សេងៗ​ដើម្បី​ឲ្យ​គូ​អាពាហ៍ពិពាហ៍​មិន​ចុះ​សម្រុង​គ្នា។ ជា​ឧទាហរណ៍ ជួនកាល​សាតាំង​បាន​ប្រើ​មេ​នាំមុខ​សាសនា ដើម្បី​បំផុស​បំផុល​ទស្សនៈ​ដែល​មិន​ត្រឹមត្រូវ​តាម​គោលការណ៍​របស់​ព្រះ​ស្តី​អំពី​អាពាហ៍ពិពាហ៍។ មេ​នាំមុខ​សាសនា​យូដា​បាន​មើល​ស្រាល​ខ្នាត​តម្រា​របស់​ព្រះ អនុញ្ញាត​ឲ្យ​ប្ដី​លែង​ប្រពន្ធ​ដោយ​សារ​រឿង​តូចតាច ដូច​ជា​ដោយសារ​ម្ហូប​ប្រៃ​ពេក​ជាដើម។ ព្រះ​យេស៊ូ​បញ្ជាក់​ថា​៖ «អ្នក​ណា​ដែល​លែង​ប្រពន្ធ មិនមែន​ដោយ​ព្រោះ​នាង​នោះ​ផិត ហើយ​ទៅ​យក​ប្រពន្ធ​មួយទៀត អ្នក​នោះ​ឈ្មោះ​ថា​ប្រព្រឹត្ត​សេចក្ដី​កំផិត​ហើយ»។—ម៉ាថ. ១៩:៩

៤​. តើ​អាពាហ៍ពិពាហ៍​មាន​បញ្ហា​យ៉ាង​ណា​សព្វថ្ងៃ​នេះ?

៤ សាតាំង​នៅ​តែ​ជាប់​រវល់​ក្នុង​ការ​បំបែក​បំបាក់​ចំណង​អាពាហ៍ពិពាហ៍។ អាពាហ៍ពិពាហ៍​រវាង​ភេទ​ដូច​គ្នា រួមរស់​ជា​មួយ​គ្នា​ដោយ​ឥត​រៀប​ការ និង​ការ​ងាយ​លះ​លែង​គ្នា ស​ឲ្យ​ឃើញ​ថា​សាតាំង​បាន​ទទួល​ជោគជ័យ​យ៉ាង​ច្រើន​ក្នុង​ការ​នោះ។ (សូម​អាន ហេព្រើរ ១៣:៤) ជា​គ្រិស្ត​សាសនិក តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​កុំ​ឲ្យ​ទស្សនៈ​ខុស​ចំពោះ​អាពាហ៍ពិពាហ៍ មាន​ឥទ្ធិពល​មក​លើ​យើង? សូម​ពិចារណា​មើល​នូវ​លក្ខណៈ​ខ្លះ​ដែល​ធ្វើ​ឲ្យ​គូ​អាពាហ៍ពិពាហ៍​មាន​សុភមង្គល។

សូម​ឲ្យ​មាន​ព្រះ​យេហូវ៉ា​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍

៥​. ក្នុង​ចំណង​អាពាហ៍ពិពាហ៍ តើ​ពាក្យ​«ពួរ​៣​ធ្លុង»​មាន​ន័យ​អ្វី?

៥ ដើម្បី​ឲ្យ​គូ​អាពាហ៍ពិពាហ៍​មាន​សុភមង្គល ពួក​គេ​ត្រូវ​តែ​មាន​ព្រះ​យេហូវ៉ា​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍។ បណ្ដាំ​របស់​ទ្រង់​ចែង​ថា​៖ «ពួរ​៣​ធ្លុង​មិន​ងាយ​ដាច់​ទេ»។ (សាស. ៤:១២) «ពួរ​៣​ធ្លុង»​ជា​ន័យ​ធៀប ដូច្នេះ​ក្នុង​ចំណង​អាពាហ៍ពិពាហ៍ ស្វាមី​និង​ភរិយា​ជា​ធ្លុង​ពីរ​ដំបូង ដែល​ត្រូវ​វេញ​នឹង​ធ្លុង​កណ្ដាល ពោល​គឺ​ព្រះ​យេហូវ៉ា។ កាលណា​ស្វាមី​និង​ភរិយា​មាន​ព្រះ​យេហូវ៉ា​ក្នុង​អាពាហ៍ពិពាហ៍​ខ្លួន នេះ​ផ្ដល់​កម្លាំង​ឲ្យ​ពួក​គេ​ប្រឈម​មុខ​នឹង​បញ្ហា​ផ្សេងៗ ហើយក៏​ជា​គន្លឹះ​ដែល​ឲ្យ​មាន​សុភមង្គល​ច្រើន​បំផុត​ក្នុង​ចំណង​អាពាហ៍ពិពាហ៍។

៦, ៧​. (ក) តើ​គ្រិស្ត​សាសនិក​អាច​ធ្វើ​អ្វី ដើម្បី​ឲ្យ​ប្រាកដ​ថា​មាន​ព្រះ​ក្នុង​ចំណង​អាពាហ៍ពិពាហ៍? (ខ) តើ​បង​ស្រី​ម្នាក់​វាយ​តម្លៃ​ប្ដី​លើ​អ្វី?

៦ ក៏​ប៉ុន្តែ តើ​គូ​ស្វាមី​ភរិយា​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​ប្រាកដ​ថា អាពាហ៍ពិពាហ៍​របស់​គេ​គឺ​ដូច​ជា​ពួរ​បី​ធ្លុង? ដាវីឌ​ជា​អ្នក​តែង​បទ​ទំនុក​ដំ​កើង​បាន​ច្រៀង​ថា​៖ «ឱ​ព្រះ​នៃ​ទូល​បង្គំ​អើយ! ទូល​បង្គំ​មាន​សេចក្ដី​អំណរ នឹង​ធ្វើ​តាម​ព្រះ​ហឫទ័យ​ទ្រង់ អើ ក្រិត្យ​វិន័យ​របស់​ទ្រង់​ក៏​នៅ​ក្នុង​ចិត្ត​ទូល​បង្គំ»។ (ទំនុក. ៤០:៨) យ៉ាង​ដូច្នេះ​ដែរ សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​ជំរុញ​យើង​ឲ្យ​បម្រើ​ទ្រង់​ដោយ​ចិត្ត​ស្មោះ​ចំពោះ​ទ្រង់​តែ​មួយ។ ដូច្នេះ គូ​ស្វាមី​ភរិយា​គប្បី​បណ្ដុះ​ឲ្យ​មាន​ចំណង​មេត្រីភាព​ជិត​ស្និទ្ធ​ជាមួយ​ព្រះ​យេហូវ៉ា និង​មាន​ចិត្ត​អរ​សប្បាយ​ដើម្បី​ធ្វើ​តាម​ឆន្ទៈ​របស់​ទ្រង់។ គូ​ស្វាមី​ភរិយា​គួរ​ព្យាយាម​ជួយ​គូ​របស់​ខ្លួន​ឲ្យ​បង្កើន​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​ឲ្យ​បាន​កាន់តែ​ខ្លាំង​ឡើង។—សុ. ២៧:១៧

៧ ប្រសិនបើ​ក្រឹត្យ​វិន័យ​របស់​ទ្រង់​ពិតជា​នៅ​ក្នុង​ចិត្ត​យើង​មែន នោះ​យើង​នឹង​បង្ហាញ​គុណសម្បត្ដិ​ដូច​ជា ជំនឿ សេចក្ដី​សង្ឃឹម និង​សេចក្ដី​ស្រឡាញ់។ នេះ​នឹង​ជួយ​ឲ្យ​ចំណង​អាពាហ៍ពិពាហ៍​បាន​រឹង​មាំ​ជាក់​ជា​ពុំ​ខាន។ (១កូ. ១៣:១៣) គ្រិស្ត​សាសនិក​ឈ្មោះ​សាន់ដ្រា​បាន​រៀប​ការ​អស់​រយៈ​៥០​ឆ្នាំ​ហើយ គាត់​មាន​ប្រសាសន៍​ថា​៖ «អ្វី​ដែល​មាន​តម្លៃ​បំផុត​ចំពោះ​ខ្ញុំ គឺ​ប្ដី​ខ្ញុំ​ចេះ​ឲ្យ​ការ​ណែនាំ​និង​ឱវាទ​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ ហើយ​សេចក្ដី​ស្រឡាញ់​ដែល​គាត់​មាន​ចំពោះ​ព្រះ​យេហូវ៉ា គឺ​ខ្លាំង​ជាង​គាត់​មាន​ចំពោះ​ខ្ញុំ​ទៅ​ទៀត»។ ស្វាមី​ទាំងឡាយ​អើយ! តើ​ភរិយា​របស់​អ្នក​អាច​និយាយ​ពាក្យ​ដូច​នេះ​អំពី​អ្នក​ទេ?

៨​. ដើម្បី​ទទួល​«រង្វាន់​យ៉ាង​ល្អ»​ក្នុង​ចំណង​អាពាហ៍ពិពាហ៍ តើ​ស្វាមី​ភរិយា​ត្រូវ​ធ្វើ​អ្វី?

៨ ជា​ស្វាមី​ភរិយា តើ​អ្នក​ចាត់​ទុក​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា និង​កិច្ចការ​ខាង​រាជាណាចក្រ​របស់​ព្រះ ជា​អ្វី​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត​ទេ? ម្យ៉ាង​វិញ​ទៀត តើ​អ្នក​ចាត់​ទុក​គូ​អាពាហ៍ពិពាហ៍​ជា​ដៃគូ​ក្នុង​ការ​បម្រើ​ព្រះ​យេហូវ៉ា​ទេ? (លោ. ២:២៤) ស្តេច​សាឡូម៉ូន​បាន​សរសេរ​ថា​៖ «មាន​គ្នា​២​នាក់ នោះ​វិសេស​ជាង​នៅ​តែឯង ពីព្រោះ​គេ​មាន​រង្វាន់​យ៉ាង​ល្អ​កើត​ពី​ការ​នឿយហត់​របស់​ខ្លួន»។ (សាស. ៤:៩) ប្រាកដ​មែន ស្វាមី​ភរិយា​ត្រូវ​ខំ​ព្យាយាម​ឲ្យ​បាន​«រង្វាន់​យ៉ាង​ល្អ» ពោល​គឺ​ចំណង​អាពាហ៍ពិពាហ៍​ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់ និង​ស្ថិត​ស្ថេរ​ដែល​ព្រះ​ពេញចិត្ត។

៩​. (ក) តើ​ស្វាមី​មាន​ភារកិច្ច​ទទួល​ខុស​ត្រូវ​យ៉ាង​ណា? (ខ) យោង​ទៅ​តាម​កូល៉ុស ៣:១៩ តើ​ស្វាមី​គួរ​ប្រព្រឹត្ត​បែប​ណា​ជាមួយ​ភរិយា​ខ្លួន?

៩ អ្វី​ដែល​បញ្ជាក់​ថា​មាន​ឬ​មិន​មាន​ព្រះ​នៅ​ក្នុង​អាពាហ៍ពិពាហ៍ គឺ​របៀប​ដែល​ស្វាមី​ភរិយា​ខំ​ព្យាយាម​រស់នៅ​ឲ្យ​សម​ស្រប​តាម​សេចក្ដី​តម្រូវ​របស់​ព្រះ។ ស្វាមី​មាន​ភារកិច្ច​ចម្បង​ក្នុង​ការ​ផ្គត់ផ្គង់​ខាង​សម្ភារៈ​និង​ជួយ​ក្រុម​គ្រួសារ​ឲ្យ​មាន​ចំណង​មេត្រីភាព​ជា​មួយ​នឹង​ព្រះ។ (១ធី. ៥:​៨) ពួក​គាត់​ក៏​តម្រូវ​ឲ្យ​ចេះ​យល់​អារម្មណ៍​និង​ចេះ​ផ្គាប់ចិត្ត​ភរិយា​ដែរ។ នៅ​កូល៉ុស ៣:១៩ យើង​អាន​ថា​៖ «ពួក​ប្រុសៗ​អើយ ចូរ​ស្រឡាញ់​ប្រពន្ធ​ចុះ កុំ​ឲ្យ​មាន​ចិត្ត​ជិនឆ្អន់​ឡើយ»។ អ្នកប្រាជ្ញ​ខាង​គម្ពីរ​ម្នាក់​និយាយ​ថា​៖ «ចិត្ត​ជិនឆ្អន់» រួម​បញ្ចូល​«ពាក្យ​សម្ដី​ល្វីង​ជូរ​ចត់ មិន​បង្ហាញ​សេចក្ដី​ស្រឡាញ់ មើល​ថែរក្សា ផ្គត់ផ្គង់ ការពារ និង​ជួយ​គូ​ខ្លួន»។ គឺ​ច្បាស់​ហើយ ការ​ប្រព្រឹត្ត​បែប​នេះ​មិន​ស័ក្ដិ​សម​ក្នុង​ក្រុម​គ្រួ​សារ​របស់​គ្រិស្ត​សាសនិក​ទេ។ ប្រមុខ​ភាព​របស់​ស្វាមី​ដែល​ជា​មេ​គ្រួសារ បើ​អនុវត្ត​ដោយ​សេចក្ដី​ស្រឡាញ់ ភរិយា​មិន​ពិបាក​ក្នុង​ការ​ចុះចូល​ទេ។

១០​. តើ​ភរិយា​ជា​គ្រិស្ត​សាសនិក គួរ​មានចិត្ត​គំនិត​បែប​ណា?

១០ ភរិយា​ជា​គ្រិស្ត​សាសនិក​ដែល​ចង់​មាន​ព្រះ​យេហូវ៉ា​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍ ក៏​ត្រូវ​រស់នៅ​ឲ្យ​ស្រប​តាម​សេចក្ដី​តម្រូវ​របស់​ព្រះ​ដែរ។ សាវ័ក​ប៉ុល​បាន​សរសេរ​ថា​៖ «ស្ត្រី​រាល់​គ្នា​អើយ ចូរ​ឲ្យ​ចុះចូល​ចំពោះ​ប្ដី​ខ្លួន ដូច​ជា​ចុះចូល​នឹង​ព្រះ​អម្ចាស់​ដែរ។ ដ្បិត​ប្ដី​ជា​ក្បាល​នៃ​ប្រពន្ធ ដូច​ជា​ព្រះ​គ្រីស្ទ​ទ្រង់​ជា​សិរសា​នៃ​ពួក​ជំនុំ​ដែរ»។ (អេភ. ៥:២២, ២៣) សាតាំង​បញ្ឆោត​អេវ៉ា ដោយ​ភូតភរ​ថា​ការ​មិន​ពឹងផ្អែក​ព្រះ​នាំ​ឲ្យ​មាន​សុភមង្គល​រហូត។ សព្វថ្ងៃ​នេះ​មាន​ស្មារតី​មិន​ចុះចូល​ក្នុង​អាពាហ៍ពិពាហ៍​ជា​ច្រើន។ ប៉ុន្តែ ចំពោះ​ស្ត្រី​ដែល​កោត​ខ្លាច​ព្រះ ការ​ចុះ​ចូល​នឹង​ប្ដី​ដែល​ចេះ​បង្ហាញ​សេចក្ដី​ស្រឡាញ់ គ្មាន​អ្វី​គួរ​ឲ្យ​ស្អប់ខ្ពើម​សោះ។ ពួក​គាត់​ចាំ​ថា​ព្រះ​យេហូវ៉ា​បាន​តែង​តាំង​អេវ៉ា ជា​«ជំនួយ»​សម្រាប់​ប្ដី​នាង ហើយ​ព្រះ​ចាត់​ទុក​មុខ​នាទី​នេះ​ជា​កិត្ដិយស​មែន។ (លោ. ២:១៨) ភរិយា​ដែល​សុខចិត្ត​ទទួល​មុខ​នាទី​ដែល​ព្រះ​តម្រូវ​ឲ្យ​នាង ពិតជា​«មកុដ»​ដល់​ប្ដី​ខ្លួន។—សុ. ១២:៤

១១​. តើ​បង​ប្រុស​ម្នាក់​បាន​និយាយ​យ៉ាង​ណា ស្តី​អំពី​អ្វី​ដែល​បាន​ជួយ​ពង្រឹង​ចំណង​អាពាហ៍ពិពាហ៍​របស់​គាត់?

១១ ជំនួយ​មួយទៀត ដើម្បី​មាន​ព្រះ​ក្នុង​អាពាហ៍ពិពាហ៍ គឺ​ឲ្យ​ស្វាមី​ភរិយា​សិក្សា​បណ្ដាំ​របស់​ទ្រង់​ជាមួយ​គ្នា។ ចែ​រ៉ុល​ដែល​បាន​រៀប​ការ​អស់​៥៥​ឆ្នាំ​ហើយ មាន​ប្រសាសន៍​ថា​៖ «ការ​អាន​និង​សិក្សា​គម្ពីរ​ជាមួយ​គ្នា​ជា​ឱសថ​ដ៏​ចំណាន ក្នុង​ការ​ធ្វើ​ឲ្យ​ជីវិត​អាពាហ៍ពិពាហ៍​ប្រកប​ទៅ​ដោយ​ជោគជ័យ»។ គាត់​និយាយ​បន្ថែម​ថា​៖ «ការ​បំពេញ​ភារកិច្ច​ជា​មួយ​គ្នា​ជា​ពិសេស​ក្នុង​កិច្ច​បម្រើ​ព្រះ​នាំ​ឲ្យ​ស្វាមី​ភរិយា​មាន​ភាព​ជិតដិត ហើយ​ជិត​ស្និទ្ធ​នឹង​ព្រះ​យេហូវ៉ា​ដែរ»។ ការ​សិក្សា​គម្ពីរ​ជាមួយ​គ្នា ជួយ​គ្រួសារ​ឲ្យ​រក្សា​គោលការណ៍​របស់​ព្រះ​យេហូវ៉ា ធ្វើ​ឲ្យ​ចំណង​មេត្រីភាព​នឹង​ព្រះ​យេហូវ៉ា​កាន់តែ​រឹង​មាំ​ឡើង និង​ជួយ​យើង​ឲ្យ​រីក​ចម្រើន​ជា​និច្ច។

១២, ១៣​. (ក) ការ​អធិដ្ឋាន​ជាមួយ​គ្នា ហេតុ​អ្វី​ក៏​សំខាន់​ម្ល៉េះ? (ខ) តើ​កិច្ចការ​គ្រិស្ត​សាសនិក​អ្វី​ទៀត​ដែល​ពង្រឹង​ចំណង​អាពាហ៍ពិពាហ៍?

១២ ស្វាមី​ភរិយា​ដែល​មាន​សុភមង្គល​ក៏​អធិដ្ឋាន​ជាមួយ​គ្នា​ដែរ។ ពេល​ប្ដី​អធិដ្ឋាន​ពី​អ្វី​ដែល​មាន​‹ក្នុង​ចិត្ត› ដោយ​ធ្វើ​សំណូម​ពរ​ចំៗ​ដែល​ទាក់​ទង​នឹង​កាលៈទេសៈ​របស់​ពួក​គេ ប្រាកដជា​ជួយ​ពង្រឹង​ចំណង​អាពាហ៍ពិពាហ៍។ (ទំនុក. ៦២:៨) ឧទាហរណ៍ ក្រោយ​ពី​យើង​ទាំង​ពីរ​នាក់​សុំ​ការ​ណែនាំ​ពី​ព្រះ​ដែល​មាន​ព្រះ​ចេស្ដា​បំផុត នោះ​ងាយ​ជាង​ឲ្យ​យើង​បំបាត់​ចោល​ការ​ខ្វែង​គំនិត​ចេញ! (ម៉ាថ. ៦:១៤, ១៥) ស្វាមី​ភរិយា​គួរ​ធ្វើ​តាម​សេចក្ដី​អធិដ្ឋាន​និង​មានចិត្ត​ចង់​ជួយ​គូ​របស់​ខ្លួន «ហើយ​ទ្រាំទ្រ​គ្នា ទាំង​អត់​ទោស​ទៅ​វិញ​ទៅ​មក»។ (កូល. ៣:១៣) សូម​ចាំ​ថា សេចក្ដី​អធិដ្ឋាន​បង្ហាញ​ពី​ទំនុកចិត្ត​របស់​យើង​ទៅ​លើ​ព្រះ។ ស្តេច​ដាវីឌ​និយាយ​ថា​៖ «ភ្នែក​របស់​មនុស្ស​ទាំងអស់​រង់ចាំ​តែ​ទ្រង់»។ (ទំនុក. ១៤៥:១៥) នៅ​ពេល​ដែល​យើង​ពឹងពាក់​ទៅ​លើ​ព្រះ​យេហូវ៉ា​តាម​រយៈ​ការ​អធិដ្ឋាន នោះ​យើង​នឹង​មាន​ទុក្ខ​កង្វល់​តិច​ដោយ​ដឹង​ថា ‹ទ្រង់​តែង​យក​ព្រះ​ទ័យ​ទុកដាក់​នឹង​យើង›។—១ពេ. ៥:៧

១៣ វិធី​មួយទៀត​ដែល​ជួយ​រក្សា​ឲ្យ​មាន​ព្រះ​យេហូវ៉ា​ក្នុង​អាពាហ៍ពិពាហ៍ គឺ​ដោយ​ចូល​រួម​ប្រជុំ​និង​ទៅ​ផ្សព្វផ្សាយ​ជាមួយ​គ្នា។ នៅ​ឯ​កិច្ច​ប្រជុំ គូ​ស្វាមី​ភរិយា​រៀន​ឲ្យ​ចេះ​ទប់ទល់​នឹង​«ឧបាយកល​ទាំង​អម្បាល​ម៉ាន» ដែល​សាតាំង​ប្រើ​ដើម្បី​បំបែក​បំបាក់​ក្រុម​គ្រួសារ។ (អេភ. ៦:​១១) ស្វាមី​ភរិយា​ដែល​តែងតែ​ធ្វើ​កិច្ច​បម្រើ​ផ្សាយ​ជា​មួយ​គ្នា បង្ហាត់​ខ្លួន​ឲ្យ​«កាន់​យ៉ាង​ខ្ជាប់ខ្ជួន​ដោយ​ឥត​រង្គើ»។—១កូ. ១៥:៥៨

ពេល​មាន​បញ្ហា

១៤​. តើ​កត្ដា​អ្វីខ្លះ​ដែល​ធ្វើ​ឲ្យ​អាពាហ៍ពិពាហ៍​មានការ​លំបាក?

១៤ ពិតមែន ថ្វីបើ​យោបល់​នៅ​ខាងលើ​នេះ​មិនជា​ចម្លែក​ចំពោះ​អ្នកក្ដី សូម​អញ្ជើញ​ពិភាក្សា​ដោយ​ចំហ​ជាមួយ​គូ​ខ្លួន​ចុះ។ ហើយ​ពិនិត្យ​មើល​ក្រែងលោ​មាន​អ្វី​ដែល​ត្រូវ​កែប្រែ និង​ធ្វើ​តាម​យោបល់​ក្នុង​អាពាហ៍ពិពាហ៍​របស់​អ្នក។ ប៉ុន្តែ គម្ពីរ​ទទួល​ស្គាល់​ថា ទោះ​អស់អ្នក​ដែល​មាន​ព្រះ​នៅ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​ក្ដី ក៏​«នឹង​មាន​សេចក្ដី​ទុក្ខ​ព្រួយ​ខាង​សាច់​ឈាម»​ដែរ។ (១កូ. ៧:២៨) ចំណង​អាពាហ៍ពិពាហ៍​របស់​អ្នកបម្រើ​ស្មោះ​ភក្ដី​របស់​ព្រះ​ក៏​មានការ​ពិបាក​ដែរ ដោយហេតុ​ថា​មនុស្ស​មាន​ភាព​មិន​ល្អ​ឥត​ខ្ចោះ ឥទ្ធិពល​អាក្រក់​ពី​មនុស្ស​ក្នុង​ពិភព​លោក​ដែល​បំពាន​ច្បាប់ និង​កលល្បិច​របស់​សាតាំង។ (២កូ. ២:​១១) ក៏​ប៉ុន្តែ ព្រះ​យេហូវ៉ា​ជួយ​យើង​ឲ្យ​ស៊ូទ្រាំ​នឹង​បញ្ហា​ទាំងនេះ។ មែន​ហើយ យើង​ក៏​អាច​ស៊ូទ្រាំ​បាន! យ៉ូប​ជា​អ្នកបម្រើ​ស្មោះត្រង់ បាន​បាត់បង់​ហ្វូង​សត្វ ពួក​បាវព្រាវ និង​ពួក​កូនប្រុស​កូនស្រី​លោក។ ប៉ុន្តែ គម្ពីរ​ចែង​ថា​៖ «ក្នុង​គ្រប់​សេចក្ដី​ទាំងនេះ​យ៉ូប​មិន​បាន​ធ្វើបាប​ឡើយ ក៏​មិន​បាន​ប្រកាន់​ទោស​ដល់​ព្រះ​ដែរ»។—យ៉ូប ១:១៣​-​២២

១៥​. តើ​ការ​ថប់​បារម្ភ​បណ្ដាល​ឲ្យ​មនុស្ស​ប្រព្រឹត្ត​យ៉ាង​ណា? បើ​ម្នាក់​ខឹង តើ​ម្នាក់​ទៀត​ត្រូវ​ធ្វើ​ដូច​ម្ដេច?

១៥ ម្យ៉ាង​វិញ​ទៀត ប្រពន្ធ​យ៉ូប​និយាយ​ថា​៖ «អ្នក​នៅ​តែ​រក្សា​លក្ខណៈ​ខ្លួន​ទៀត​ឬ? ចូរ​ប្រមាថ​ដល់​ព្រះ​ហើយ​ស្លាប់​ទៅ​ចុះ!»។ (យ៉ូប ២:​៩) ប្រាកដ​មែន ពេល​មាន​សោកនាដកម្ម​ឬ​កាលៈទេសៈ​លំបាក​ផ្សេងៗ ការ​ថប់​បារម្ភ​អាច​បណ្ដាល​ឲ្យ​មនុស្ស​ប្រព្រឹត្ត​ដោយ​មិន​គិត។ អ្នក​ប្រាជ្ញ​ម្នាក់​សង្កេត​ថា​៖ «ការ​សង្កត់​សង្កិន​រមែង​បណ្ដាល​ឲ្យ​មនុស្ស​ដែល​មាន​ប្រាជ្ញា ទៅ​ជា​ក្រឡក​ចិត្ត​វិញ»។ (សាស. ៧:៧) ប្រសិនបើ​ភរិយា​ឬ​ស្វាមី​ខឹង និយាយ​ទ្រគោះ​បោះ​បោក ដោយសារ​មាន​ភាព​តានតឹង ឬ​«ការ​សង្កត់​សង្កិន» សូម​ខំ​អត់​សង្កត់​ចិត្ត។ កំហឹង​ទល់​កំហល់​អាច​ធ្វើ​ឲ្យ​រឿង​តូច​ទៅ​ជា​រឿង​ធំ។ (សូម​អាន ទំនុកដំកើង ៣៧:​៨) ដូច្នេះ ចូរ​បំភ្លេច​នូវ​ការ​និយាយ​«ជ្រួស​ហួស»​មក​ពី​ខកចិត្ត​ឬ​ការ​ធ្លាក់ទឹក​ចិត្ត។—យ៉ូប ៦:៣

១៦​. (ក) តើ​ពាក្យ​របស់​ព្រះ​យេស៊ូ​នៅ​ម៉ាថាយ ៧:១​-​៥ ទាក់ទង​នឹង​អាពាហ៍ពិពាហ៍​យ៉ាង​ណា? (ខ) ហេតុ​អ្វី​ក៏​ការ​មាន​តុល្យភាព​សំខាន់​ម្ល៉េះ​ក្នុង​រង្វង់​អាពាហ៍ពិពាហ៍?

១៦ គូ​អាពាហ៍ពិពាហ៍​ត្រូវ​មាន​គំនិត​សម​ហេតុ​សម​ផល។ គូ​អាពាហ៍ពិពាហ៍​ម្នាក់​អាច​សង្កេត​ឃើញ​លក្ខណៈ​ម្យ៉ាង​របស់​គូ​ខ្លួន ហើយ​គិត​ថា ‹ខ្ញុំ​អាច​ធ្វើ​ឲ្យ​គាត់​ដូរ​បាន›។ ដោយ​ស្រឡាញ់​និង​ចេះ​អត់ធ្មត់ អ្នក​ប្រហែល​ជា​អាច​ជួយ​គូ​របស់​អ្នក​ឲ្យ​កែប្រែ​បន្ដិច​ម្ដងៗ។ ប៉ុន្តែ ចូរ​កុំ​ភ្លេច​ថា ព្រះ​យេស៊ូ​បាន​ប្រដូច​ការ​ចាប់​កំហុស​តូចតាច​របស់​បង​ប្អូន ទៅ​នឹង​មនុស្ស​ម្នាក់​ឃើញ​«កំទេច»​ក្នុង​ភ្នែក​បង​ប្អូន តែ​មិន​បាន​ឃើញ​«ធ្នឹម»​ក្នុង​ភ្នែក​របស់​ខ្លួន​ទេ។ ព្រះ​យេស៊ូ​ដាស់​តឿន​យើង​ថា​៖ «កុំ​ឲ្យ​ថ្កោល​ទោស​គេ​ឡើយ ដើម្បី​មិន​ឲ្យ​មាន​គេ​ថ្កោល​អ្នក​វិញ»។ (សូម​អាន ម៉ាថាយ ៧:១​-​៥) នេះ​មិន​បាន​ន័យ​ថា គូ​អាពាហ៍ពិពាហ៍​មិន​គួរ​ព្យាយាម​កែប្រែ​គុណវិបត្ដិ​គ្នា​ទៅ​វិញ​ទៅ​មក​ទេ។ រ៉ូបើត​រៀប​ការ​ជិត​៤០​ឆ្នាំ​ហើយ គាត់​មាន​ប្រសាសន៍​ថា​៖ «ការ​និយាយ​ត្រង់ៗ​ហើយ​សុខ​ចិត្ត​ទទួល​យោបល់​របស់​គូ​ខ្លួន នោះ​គូ​អាពាហ៍ពិពាហ៍​ប្រហែលជា​ត្រូវ​តែ​មានការ​កែប្រែ​ក្នុង​ជីវិត»។ យើង​ត្រូវ​តែ​មាន​តុល្យភាព​ចំពោះ​រឿង​នេះ។ ជា​ជាង​មិន​សប្បាយ​ចិត្ត​នឹង​លក្ខណៈ​ខ្លះៗ​នៃ​គូ​ខ្លួន ចូរ​រៀន​ឲ្យ​ចេះ​អបអរ​និង​រីករាយ​នូវ​គុណសម្បត្ដិ​ល្អៗ​ដែល​គូ​របស់​ខ្លួន​មាននៅ​ឥឡូវ​វិញ។—សាស. ៩:៩

១៧, ១៨​. ពេល​មាន​ទុក្ខ​លំបាក តើ​យើង​សូម​ជំនួយ​ពី​អ្នក​ណា?

១៧ ការ​លំបាក​តែងតែ​កើតឡើង​នៅ​ពេល​ដែល​មាន​កាលៈទេសៈ​ប្រែ​ប្រួល។ គូ​អាពាហ៍ពិពាហ៍​ទំនងជា​ជួប​ប្រទះ​ការ​លំបាក​ពេល​មានកូន។ ប្ដី​ឬ​ប្រពន្ធ ឬ​កូន​អាច​ធ្លាក់ខ្លួន​ឈឺ​ជា​ទម្ងន់។ មាតា​បិតា​ចាស់ជរា​ប្រហែល​ជា​ត្រូវការ​ការ​បីបាច់​ថែទាំ។ ពេល​ដែល​កូនៗ​ធំ​ពេញវ័យ​ពួក​គេ​អាច​បែកចេញ​ពី​ផ្ទះ​ទៅ​រស់នៅ​ឆ្ងាយ​ពី​ឪពុក​ម្ដាយ។ ប្រហែល​ជា​មាន​ការ​ប្រែប្រួល​ផ្សេង​ទៀត ដូច​ជា​ភារកិច្ច​ក្នុង​ក្រុម​ជំនុំ​ជាដើម។ កាលៈទេសៈ​ប្រែប្រួល​ទាំងអស់​នេះ​អាច​នាំ​ឲ្យ​ចំណង​អាពាហ៍ពិពាហ៍​មាន​ភាព​តានតឹង។

១៨ ប្រសិនបើ​ភាព​តានតឹង​ធ្វើ​ឲ្យ​ចំណង​អាពាហ៍ពិពាហ៍​ជិត​បាក់បែក តើ​អ្នក​ត្រូវ​ធ្វើ​ដូច​ម្ដេច? (សុ. ២៤:១០) កុំ​រសាយ​ព្យាយាម​សោះ​ឡើយ! សាតាំង​ចង់​ឲ្យ​អ្នកបម្រើ​ព្រះ​បោះបង់​ចោល​ការ​ថ្វាយបង្គំ​បរិសុទ្ធ។ វា​រឹតតែ​សប្បាយ​ជាង​ទៅ​ទៀត បើ​ប្ដី​និង​ប្រពន្ធ​ធ្វើ​ដូច្នេះ។ ហេតុ​ដូច្នេះ​ហើយ ចូរ​ខំ​ប្រឹង​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​រក្សា​ចំណង​អាពាហ៍ពិពាហ៍​ឲ្យ​បាន​មាំទាំ​ដូច​ពួរ​បី​ធ្លុង។ គម្ពីរ​មាន​កំណត់​ហេតុ​ជា​ច្រើន​ស្តី​ពី​មនុស្ស​ដែល​នៅ​តែ​ស្មោះត្រង់ ទោះជា​មានទុក្ខ​លំបាក​យ៉ាង​ខ្លាំង​ក្ដី។ ឧទាហរណ៍ ដាវីឌ​សូម​ព្រះ​យេហូវ៉ា​ដោយ​អស់ពី​ចិត្ត​ថា​៖ «ឱ​ព្រះ​អង្គ​អើយ! សូម​ទ្រង់​អាណិត​មេត្ដា​ដល់​ទូល​បង្គំ ដ្បិត​មនុស្ស . . . គេ​សង្កត់​សង្កិន . . . ទូល​បង្គំ»​ហើយ។ (ទំនុក. ៥៦:១) តើ​អ្នក​ដែល​គិត​ថា​មាន​«មនុស្ស»​សង្កត់​សង្កិន​អ្នក​ទេ? មិន​ថា​អ្នក​មាន​ការ​តានតឹង​ដោយ​សារ​អ្វី​ដែល​នៅ​ឆ្ងាយ ឬ​មនុស្ស​ជិត​ស្និទ្ធ​របស់​អ្នក​ក្ដី ចូរ​ចាំ​ថា​ដាវីឌ​មាន​កម្លាំង​អាច​ស៊ូទ្រាំ​បាន។ យើង​ក៏​អាច​ស៊ូទ្រាំ​បាន​ដែរ។ ដាវីឌ​មាន​ប្រសាសន៍​ថា​៖ «ខ្ញុំ​បាន​ស្វែងរក​ព្រះ​យេហូវ៉ា ហើយ​ទ្រង់​ក៏​ឆ្លើយ​តប​មក​ខ្ញុំ ក៏​ប្រោស​ឲ្យ​ខ្ញុំ​រួច​ពី​អស់ទាំង​សេចក្ដី​ភិតភ័យ​របស់​ខ្ញុំ»។—ទំនុក. ៣៤:៤

ទទួល​ពរ​ច្រើន​ថែម​ទៀត

១៩​. តើ​តាម​របៀប​ណា​ដែល​យើង​អាច​ជៀសវាង​ពី​កលល្បិច​របស់​សាតាំង​បាន?

១៩ ក្នុង​ពេល​ជាន់​ក្រោយ​បង្អស់​នេះ គូ​អាពាហ៍ពិពាហ៍​ត្រូវ​«កំ​សាន្ត ហើយ​ស្អាង​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក»។ (១ថែ. ៥:១១) ចូរ​កុំ​ភ្លេច​ឲ្យ​សោះ សាតាំង​នៅ​តែ​ចោទ​ថា យើង​មាន​ភក្ដីភាព​ចំពោះ​ព្រះ​យេហូវ៉ា ដោយសារ​យើង​ចង់​បាន​ប្រយោជន៍​ផ្ទាល់ខ្លួន។ វា​ប្រើ​គ្រប់​មធ្យោបាយ រួម​ទាំង​ធ្វើ​ឲ្យ​ចំណង​អាពាហ៍ពិពាហ៍​មានការ​ប្រេះឆា ដើម្បី​បំបែក​បំបាក់​ចិត្ត​ស្មោះ​របស់​យើង​ចំពោះ​ព្រះ។ ដើម្បី​ជៀស​ឲ្យ​ផុត​ពី​កិច្ចកល​របស់​សាតាំង យើង​ត្រូវ​តែ​មាន​ទំនុកចិត្ត​ទាំងស្រុង​ទៅ​លើ​ព្រះ​យេហូវ៉ា។ (សុ. ៣:៥, ៦) ប៉ុល​បាន​សរសេរ​ថា​៖ «ខ្ញុំ​អាច​នឹង​ធ្វើ​គ្រប់​ទាំងអស់​បាន ដោយសារ​ព្រះ​គ្រីស្ទ​ដែល​ទ្រង់​ចំរើន​កំឡាំង​ដល់​ខ្ញុំ»។—ភី. ៤:១៣

២០​. បើ​មាន​ព្រះ​យេហូវ៉ា​ក្នុង​ចំណង​អាពាហ៍ពិពាហ៍ តើ​យើង​ទទួល​ពរ​អ្វី​ខ្លះ?

២០ ការ​មាន​ព្រះ​ក្នុង​ចំណង​អាពាហ៍ពិពាហ៍ គឺ​ផ្ដល់​ពរ​យ៉ាង​ច្រើន។ យ៉ូអែល​និង​ភរិយា​ដែល​បាន​រៀប​ការ​អស់​៥១​ឆ្នាំ​ហើយ​ទទួល​បាន​ពរ​ច្រើន​មែន។ គាត់​និយាយ​ថា​៖​«ខ្ញុំ​អរគុណ​ព្រះ​យេហូវ៉ា​ជា​រឿយៗ​ចំពោះ​ការ​មាន​សុភមង្គល​ក្នុង​ចំណង​អាពាហ៍ពិពាហ៍។ ប្រពន្ធ​ខ្ញុំ​ពិតជា​គូ​ដែល​ល្អ​កម្រ​រកបាន»។ តើ​ពួក​គាត់​រក្សា​ចំណង​អាពាហ៍ពិពាហ៍​បាន​រឹង​មាំ​តាម​របៀប​ណា? «យើង​រមែង​ខិតខំ​បង្ហាញ​ចិត្ត​សប្បុរស អត់ធ្មត់ សេចក្ដី​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ជា​និច្ច»។ នៅ​ក្នុង​របៀប​របប​ពិភព​លោក​នេះ គ្មាន​នរណា​ម្នាក់​អាច​ធ្វើ​ល្អ​ឥត​ខ្ចោះ​បាន​ឡើយ។ យ៉ាង​ណា​ក៏​ដោយ ចូរ​យើង​ខំ​ប្រឹង​អនុវត្ត​តាម​គោលការណ៍​របស់​ព្រះ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​របស់​យើង។ បើ​យើង​អនុវត្ត​គោលការណ៍​របស់​ព្រះ​មែន នោះ​ចំណង​អាពាហ៍ពិពាហ៍​ក្លាយ​ទៅ​ជា​ដូច​«ពួរ​៣​ធ្លុង​មិន​ងាយ​ដាច់​ទេ»។—សាស. ៤:១២

តើ​អ្នក​នៅ​ចាំ​ទេ?

• តើ​ការ​មាន​ព្រះ​យេហូវ៉ា​ក្នុង​ចំណង​អាពាហ៍ពិពាហ៍ មាន​ន័យ​អ្វី?

• ពេល​ជួប​ការ​លំបាក តើ​គូ​អាពាហ៍ពិពាហ៍​អាច​ធ្វើ​អ្វី?

• តើ​អាច​ដឹង​ថា​មាន​ព្រះ​ក្នុង​ចំណង​អាពាហ៍ពិពាហ៍​យ៉ាង​ដូច​ម្ដេច?

[រូបភាព​នៅ​ទំព័រ​២០]

ការ​អធិដ្ឋាន​ជាមួយ​គ្នា ជួយ​គូ​អាពាហ៍ពិពាហ៍​ឲ្យ​ស៊ូទ្រាំ​ពេល​ជួប​ការ​លំបាក

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក