បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w15 ១៥/១ ទំ. ១៥-២០
  • ចូរធ្វើឲ្យចំណងអាពាហ៍ពិពាហ៍រឹងមាំនិងមានសុភមង្គល

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរធ្វើឲ្យចំណងអាពាហ៍ពិពាហ៍រឹងមាំនិងមានសុភមង្គល
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ចូរ​ឲ្យ​ព្រះ​យេហូវ៉ា​មាន​ចំណែក​ក្នុង​ចំណង​អាពាហ៍ពិពាហ៍​របស់​អ្នក
  • ប្ដី​ដែល​ជា​ប្រមុខ​ដែល​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​ក្រុម​គ្រួសារ
  • ប្រពន្ធ​ដែល​មាន​ចិត្ត​រាប​ទាប​និង​ចុះ​ចូល​នឹង​ប្ដី
  • ចូរ​បន្ត​អភ័យ​ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ
  • ចូរ​អនុវត្ត​គោល​ការណ៍​ដ៏​ល្បី​ល្បាញ
  • ​«​ចូរ​បំពាក់​ខ្លួន​ដោយ​សេចក្ដី​ស្រឡាញ់​»​
  • តើគ្រិស្តសាសនិកអាចធ្វើអ្វីខ្លះដើម្បីទទួលជោគជ័យក្នុងអាពាហ៍ពិពាហ៍?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
  • តើក្រុមគ្រួសាររបស់អ្នកអាចមានសុភមង្គលយ៉ាងដូចម្ដេច? (ភាគទី១)
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
  • សូមធ្វើឲ្យចំណងអាពាហ៍ពិពាហ៍របស់អ្នកបានជាស្ថាពរ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៤
  • ការណែនាំដ៏ល្អចំគូអាហ៍ពិហ៍
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
w15 ១៥/១ ទំ. ១៥-២០

ចូរ​ធ្វើ​ឲ្យ​ចំណង​អាពាហ៍ពិពាហ៍​រឹង​មាំ​និង​មាន​សុភមង្គល

​«​បើ​គ្មាន​ព្រះ​យេហូវ៉ា​សង់ផ្ទះ​ឡើង នោះ​ពួក​ជាង​ដែល​សង់ គេ​ធ្វើ​ការ​ជា​ឥត​ប្រយោជន៍​ទេ​»។—ទំនុក​តម្កើង ១២៧:១​ក

តើ​អ្នក​អាច​ពន្យល់​បាន​ឬ​ទេ?

  • តើ​គូ​អាពាហ៍ពិពាហ៍​ជួប​ប្រទះ​ការ​ពិបាក​អ្វី​ខ្លះ?

  • តើ​តាម​របៀប​ណា​ប្ដី​ប្រពន្ធ​មួយ​គូ​អាច​ឲ្យ​ព្រះ​យេហូវ៉ា​មាន​ចំណែក​ក្នុង​អាពាហ៍ពិពាហ៍​របស់​ពួក​គេ?

  • តើ​តាម​របៀប​ណា​ប្ដី​និង​ប្រពន្ធ​អាច​អនុវត្ត​គោល​ការណ៍​ដ៏​ល្បី​ល្បាញ?

១​-​៣​. តើ​គូ​អាពាហ៍ពិពាហ៍​ជួប​ប្រទះ​ការ​ពិបាក​អ្វី​ខ្លះ? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

ប្ដី​ម្នាក់​ដែល​មាន​សុភមង្គល​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​អស់​រយៈ​ពេល​៣៨​ឆ្នាំ និយាយ​ថា​៖ ​«​បើ​អ្នក​ខំ​ប្រឹង​យ៉ាង​ស្មោះ ហើយ​បង្ហាញ​ថា​អ្នក​ចង់​ឲ្យ​ចំណង​អាពាហ៍ពិពាហ៍​របស់​អ្នក​បាន​ជោគ​ជ័យ អ្នក​អាច​ទទួល​ពរ​ពី​ព្រះ​យេហូវ៉ា​»។ ពិត​ណាស់ ប្ដី​និង​ប្រពន្ធ​អាច​សប្បាយ​ជា​មួយ​គ្នា ហើយ​គាំ​ទ្រ​គ្នា​ក្នុង​គ្រា​ពិបាក​ផ្សេង​ៗ។—សុភាសិត ១៨:២២

២ គឺ​ជា​ការ​ធម្មតា​ដែល​គូ​អាពាហ៍ពិពាហ៍​ជួប​ប្រទះ​នឹង​ការ​ពិបាក​ខ្លះ។ គម្ពីរ​ហៅ​នេះ​ថា​៖ ​«​ការ​លំបាក​ផ្សេង​ៗ​ក្នុង​ជីវិត​»។ (​កូរិនថូស​ទី១ ៧:២៨​) ហេតុ​អ្វី? បញ្ហា​ប្រចាំ​ថ្ងៃ​អាច​បង្ក​ឲ្យ​មាន​ភាព​តាន​តឹង​ក្នុង​ចំណង​អាពាហ៍ពិពាហ៍។ ដោយ​សារ​ប្ដី​និង​ប្រពន្ធ​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ ជួន​កាល​ពួក​គេ​ធ្វើ​អ្វី​ឬ​និយាយ​អ្វី​ដែល​នាំ​ឲ្យ​គូ​របស់​ខ្លួន​ឈឺ​ចិត្ត ហើយ​ជួន​កាល​ពួក​គេ​យល់​ច្រឡំ​ពាក្យ​សម្ដី​គ្នា។ (​យ៉ាកុប ៣:២, ៥, ៨​) ប្ដី​ប្រពន្ធ​ជា​ច្រើន​នាក់​ធ្វើ​ការ​នឿយ​ហត់​ច្រើន​ម៉ោង ហើយ​ថែម​ទាំង​ចិញ្ចឹម​អប់រំ​កូន។ ភាព​តាន​តឹង​និង​ការ​អស់​កម្លាំង​ធ្វើ​ឲ្យ​ប្ដី​ប្រពន្ធ​ពិបាក​មាន​ពេល​គ្រប់​គ្រាន់​ដើម្បី​ពង្រឹង​ចំណង​អាពាហ៍ពិពាហ៍​របស់​ពួក​គេ។ បញ្ហា​លុយ​កាក់ ជំងឺ ឬ​ការ​ពិបាក​ឯ​ទៀត​អាច​ធ្វើ​ឲ្យ​សេចក្ដី​ស្រឡាញ់​និង​ការ​គោរព​ដែល​ពួក​គេ​មាន​ចំពោះ​គ្នា​ចុះ​ខ្សោយ​បន្ដិច​ម្ដង​ៗ។ ម្យ៉ាង​ទៀត ចំណង​អាពាហ៍ពិពាហ៍​ដែល​មើលទៅ​ដូច​ជា​រឹង​មាំ​អាច​ត្រូវ​បំផ្លាញ​ដោយ​«​ការ​ប្រព្រឹត្ត​ដែល​ផុស​ចេញ​ពី​ភាព​ខុស​ឆ្គង​»​ ដូច​ជា​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ ការ​មាន​សីលធម៌​ធូរ​រលុង ការ​ស្អប់​គ្នា ការ​ឈ្លោះ​ប្រកែក​គ្នា ការ​ច្រណែន ការ​ច្រឡោត​ខឹង និង​ទំនាស់។—កាឡាទី ៥:១៩​-​២១

៣ អ្វី​ដែល​ធ្វើ​ឲ្យ​បញ្ហា​ទាំង​នេះ​កាន់​តែ​ពិបាក​ទៅ​ទៀត គឺ​មនុស្ស​នៅ​«​គ្រា​ចុង​ក្រោយ​បង្អស់​»​នេះ ច្រើន​តែ​គិត​ពី​ប្រយោជន៍​ខ្លួន​និង​មិន​គោរព​ព្រះ ចិត្ត​គំនិត​ទាំង​នោះ​អាច​បំផ្លាញ​ចំណង​អាពាហ៍ពិពាហ៍។ (​ធីម៉ូថេ​ទី២ ៣:១​-​៤​) បន្ថែម​ទៅ​ទៀត មាន​សត្រូវ​ដ៏​សាហាវ​ម្នាក់​បាន​តាំង​ចិត្ត​បំផ្លាញ​ចំណង​អាពាហ៍ពិពាហ៍​របស់​មនុស្ស។ សាវ័ក​ពេត្រុស​ព្រមាន​យើង​ថា​៖ ​«​មេកំណាច ដែល​ជា​សត្រូវ​របស់​អ្នក​រាល់​គ្នា ដើរ​ក្រវែល​ដូច​តោ​ដែល​កំពុង​គ្រហឹម​រក​លេប​ត្របាក់​អ្នក​ណា​ម្នាក់​»។—ពេត្រុស​ទី១ ៥:៨; ការ​បើក​បង្ហាញ ១២:១២

៤​. តើ​តាម​របៀប​ណា​ប្ដី​ប្រពន្ធ​អាច​មាន​ចំណង​អាពាហ៍ពិពាហ៍​ដ៏​រឹង​មាំ​និង​មាន​សុភមង្គល?

៤ ប្ដី​ម្នាក់​នៅ​ប្រទេស​ជប៉ុន​សារភាព​ថា​៖ ​«​បញ្ហា​លុយ​កាក់​បាន​ធ្វើ​ឲ្យ​ខ្ញុំ​តាន​តឹង​ចិត្ត​យ៉ាង​ខ្លាំង ហើយ​ដោយ​សារ​ខ្ញុំ​មិន​សូវ​បាន​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​នឹង​ប្រពន្ធ​របស់​ខ្ញុំ នាង​ក៏​តាន​តឹង​ចិត្ត​យ៉ាង​ខ្លាំង​ដែរ។ បន្ថែម​ពី​នេះ​ទៀត នាង​ទើប​តែ​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ។ ជួន​កាល ការ​តាន​តឹង​ចិត្ត​នេះ​បាន​បណ្ដាល​ឲ្យ​យើង​ឈ្លោះ​គ្នា​»។ ការ​ពិបាក​ខ្លះ​នឹង​កើត​ឡើង​ក្នុង​ចំណង​អាពាហ៍ពិពាហ៍ ប៉ុន្តែ​យើង​អាច​យក​ឈ្នះ​ការ​ពិបាក​ទាំង​នោះ​បាន។ ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា ប្ដី​ប្រពន្ធ​អាច​មាន​ចំណង​អាពាហ៍ពិពាហ៍​ដ៏​រឹង​មាំ​និង​មាន​សុភមង្គល។ (​សូម​អាន ទំនុក​តម្កើង ១២៧:១​) សូម​ឲ្យ​យើង​ពិចារណា​របៀប​ប្រាំ​យ៉ាង​ដើម្បី​ធ្វើ​ឲ្យ​ចំណង​អាពាហ៍ពិពាហ៍​រឹង​មាំ​និង​ស្ថិតស្ថេរ។ យើង​ក៏​នឹង​ពិនិត្យ​មើល​ដែរ​នូវ​មូលហេតុ​ដែល​សេចក្ដី​ស្រឡាញ់​គឺ​សំខាន់​ចាំ​បាច់​ដើម្បី​រក្សា​ចំណង​អាពាហ៍ពិពាហ៍​ឲ្យ​រឹង​មាំ។

ចូរ​ឲ្យ​ព្រះ​យេហូវ៉ា​មាន​ចំណែក​ក្នុង​ចំណង​អាពាហ៍ពិពាហ៍​របស់​អ្នក

៥, ៦​. តើ​ប្ដី​និង​ប្រពន្ធ​អាច​ធ្វើ​អ្វី​ដើម្បី​ឲ្យ​ព្រះ​យេហូវ៉ា​មាន​ចំណែក​ក្នុង​ចំណង​អាពាហ៍ពិពាហ៍​របស់​ពួក​គេ?

៥ ពេល​ប្ដី​ប្រពន្ធ​មួយ​គូ​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​ចុះ​ចូល​ចំពោះ​លោក ចំណង​អាពាហ៍ពិពាហ៍​របស់​ពួកគេ​នឹង​មាន​គ្រឹះ​ដ៏​រឹង​មាំ។ (​សូម​អាន សាស្ដា ៤:១២​) ដោយ​ធ្វើ​តាម​ការ​ណែនាំ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ប្ដី​និង​ប្រពន្ធ​ឲ្យ​ព្រះ​មាន​ចំណែក​ក្នុង​អាពាហ៍ពិពាហ៍​របស់​ពួក​គេ។ គម្ពីរ​ចែង​ថា​៖ ​«​ឯង​រាល់​គ្នា​បែរ​ទៅ​ខាង​ស្ដាំ ឬ​ខាង​ឆ្វេង នោះ​ត្រចៀក​នឹង​ឮ​ពាក្យ​ពី​ក្រោយ​ឯង​ថា​៖ ‹គឺ​ផ្លូវ​នេះ​ទេ ចូរ​ដើរ​តាម​នេះ​វិញ›​»។ (​អេសាយ ៣០:២០, ២១​) សព្វ​ថ្ងៃ​នេះ ប្ដី​ប្រពន្ធ​«​ឮ​»​ពាក្យ​របស់​ព្រះ​យេហូវ៉ា កាល​ណា​ពួក​គេ​អាន​គម្ពីរ​ជា​មួយ​គ្នា។ (​ទំនុក​តម្កើង ១:១​-​៣​) ដោយ​មាន​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​ជា​ទៀង​ទាត់​ដែល​សប្បាយ​និង​ដែល​លើក​ទឹក​ចិត្ត នោះ​ពួក​គេ​ធ្វើ​ឲ្យ​ចំណង​អាពាហ៍ពិពាហ៍​របស់​ពួក​គេ​កាន់​តែ​រឹង​មាំ​ថែម​ទៀត។ ម្យ៉ាង​វិញ​ទៀត ពេល​ប្ដី​ប្រពន្ធ​អធិដ្ឋាន​ជា​មួយ​គ្នា​រាល់​ថ្ងៃ ពួក​គេ​មាន​ចំណង​អាពាហ៍ពិពាហ៍​ដែល​អាច​ទប់​ទល់​នឹង​ការ​វាយ​ប្រហារ​ពី​ពិភព​លោក​សាថាន។

៦ បង​ប្រុស​ហ្គេហាត​ពី​ប្រទេស​អាឡឺម៉ង់​និយាយ​ថា​៖ ​«​ពេល​ណា​យើង​មិន​សូវ​មាន​អំណរ ដោយ​សារ​បញ្ហា​ឬ​ការ​យល់​ច្រឡំ​ផ្សេង​ៗ ឱវាទ​ពី​បណ្ដាំ​របស់​ព្រះ​បាន​ជួយ​យើង​បណ្ដុះ​ឲ្យ​មាន​ចិត្ត​អត់​ធ្មត់ ហើយ​ចេះ​អភ័យ​ទោស​»។ គាត់​បន្ថែម​ថា គុណ​សម្បត្ដិ​ទាំង​នេះ​គឺ​សំខាន់​ចាំ​បាច់​ក្នុង​អាពាហ៍ពិពាហ៍​ដែល​មាន​ជោគ​ជ័យ។ ពេល​ប្ដី​និង​ប្រពន្ធ​ព្យាយាម​ឲ្យ​ព្រះ​មាន​ចំណែក​ជា​និច្ច​ក្នុង​ចំណង​អាពាហ៍ពិពាហ៍​របស់​ពួក​គេ​ដោយ​បម្រើ​លោក​ជា​មួយ​គ្នា នោះ​ពួក​គេ​បន្ត​នៅ​ជិត​ស្និទ្ធ​នឹង​ព្រះ​យេហូវ៉ា ហើយ​ពង្រឹង​ទំនាក់​ទំនង​ជា​មួយ​គ្នា។

ប្ដី​ដែល​ជា​ប្រមុខ​ដែល​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​ក្រុម​គ្រួសារ

៧​. តើ​ប្ដី​គួរ​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​ប្រពន្ធ​របស់​គាត់?

៧ របៀប​ដែល​ប្ដី​នាំ​មុខ​គ្រួសារ​របស់​គាត់​អាច​ជួយ​ធ្វើ​ឲ្យ​ចំណង​អាពាហ៍ពិពាហ៍​រឹង​មាំ​និង​មាន​សុភមង្គល។ គម្ពីរ​ចែង​ថា​៖ ​«​ប្រមុខ​របស់​បុរស​ទាំង​ឡាយ​គឺ​គ្រិស្ត ឯ​ប្រមុខ​របស់​ស្ត្រី​ទាំង​ឡាយ​គឺ​បុរស​»។ (​កូរិនថូស​ទី១ ១១:៣​) តើ​នេះ​មាន​អត្ថន័យ​យ៉ាង​ណា? ប្ដី​គួរ​តែ​ប្រព្រឹត្ត​ចំពោះ​ប្រពន្ធ​របស់​គាត់​ដូច​លោក​យេស៊ូ​បាន​ប្រព្រឹត្ត​ចំពោះ​អ្នក​កាន់​តាម​របស់​លោក។ លោក​មិន​ដែល​ប្រព្រឹត្ត​ដោយ​ឃោរ​ឃៅ ឬ​ឥត​មេត្ដា​ឡើយ។ លោក​យេស៊ូ​តែង​តែ​ស្លូត សប្បុរស សម​ហេតុ​សម​ផល មាន​ចិត្ត​រាប​ទាប ហើយ​ប្រព្រឹត្ត​ដោយ​សេចក្ដី​ស្រឡាញ់។—ម៉ាថាយ ១១:២៨​-​៣០

៨​. តើ​តាម​របៀប​ណា​ប្ដី​អាច​ទទួល​សេចក្ដី​ស្រឡាញ់​និង​ការ​គោរព​ពី​ប្រពន្ធ​របស់​គាត់?

៨ ប្ដី​ដែល​ជា​គ្រិស្ត​សាសនិក​មិន​ចាំ​បាច់​ទាម​ទារ​ការ​គោរព​ពី​ប្រពន្ធ​របស់​គាត់​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​«​បន្ត​រួម​រស់​ជា​មួយ​នឹង​ប្រពន្ធ​ដោយ​ស្គាល់​ចិត្ត​នាង​ច្បាស់ ហើយ​ដោយ​ឲ្យ​កិត្ដិយស​ដល់​នាង​ជា​ភាជនៈ​ខ្សោយ​ជាង ជា​ស្ត្រីភេទ​»។ (​ពេត្រុស​ទី១ ៣:៧​) ពេល​នៅ​មុខ​អ្នក​ឯ​ទៀត​និង​ពេល​នៅ​តែ​ពីរ​នាក់ ប្ដី​គួរ​ប្រើ​ពាក្យ​ដែល​គោរព​ប្រពន្ធ ហើយ​បង្ហាញ​ចិត្ត​មេត្ដា​ករុណា។ ប្ដី​បង្ហាញ​ថា​ប្រពន្ធ​របស់​គាត់​មាន​តម្លៃ តាម​រយៈ​របៀប​ដែល​គាត់​ប្រព្រឹត្ត​ចំពោះ​ប្រពន្ធ និង​របៀប​ដែល​គាត់​និយាយ​ទៅ​នាង។ (​សុភាសិត ៣១:២៨​) ពេល​ប្ដី​ប្រព្រឹត្ត​ចំពោះ​ប្រពន្ធ​របស់​គាត់​ដោយ​សេចក្ដី​ស្រឡាញ់ នាង​នឹង​ស្រឡាញ់​និង​គោរព​គាត់ ហើយ​ព្រះ​យេហូវ៉ា​នឹង​ឲ្យ​ពរ​ទៅ​លើ​ចំណង​អាពាហ៍ពិពាហ៍​របស់​ពួក​គេ។

ប្រពន្ធ​ដែល​មាន​ចិត្ត​រាប​ទាប​និង​ចុះ​ចូល​នឹង​ប្ដី

៩​. តើ​តាម​របៀប​ណា​ប្រពន្ធ​អាច​បង្ហាញ​ថា​នាង​ចុះ​ចូល​នឹង​ប្ដី?

៩ សេចក្ដី​ស្រឡាញ់​ដែល​មិន​គិត​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ដែល​យើង​មាន​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​ដែល​មាន​មូលដ្ឋាន​លើ​គោល​ការណ៍​របស់​លោក នឹង​ជួយ​យើង​ឲ្យ​បន្ទាប​ខ្លួន​«​ក្រោម​ដៃ​ដ៏​ខ្លាំង​ក្លា​របស់​ព្រះ​»។ (​ពេត្រុស​ទី១ ៥:៦​) របៀប​ដ៏​សំខាន់​មួយ​ដែល​ប្រពន្ធ​បង្ហាញ​ការ​គោរព​ចំពោះ​អំណាច​របស់​ព្រះ​យេហូវ៉ា​គឺ​ដោយ​សហការ​ជា​មួយ​នឹង​ប្ដី​របស់​នាង។ គម្ពីរ​ចែង​ថា​៖ ​«​ប្រពន្ធ​ទាំង​ឡាយ​អើយ ចូរ​ចុះ​ចូល​នឹង​ប្ដី ព្រោះ​ធ្វើ​បែប​នេះ​គឺ​សមរម្យ​សម្រាប់​អ្នក​កាន់​តាម​លោក​ម្ចាស់​»។ (​កូឡុស ៣:១៨​) ពិត​មែន​តែ​ប្រពន្ធ​ប្រហែល​ជា​មិន​ចូល​ចិត្ត​ការ​សម្រេច​ចិត្ត​ទាំង​អស់​របស់​ប្ដី​នាង ប៉ុន្តែ​ដរាប​ណា​ការសម្រេច​ចិត្ត​របស់​គាត់​មិន​ប្រឆាំង​នឹង​ច្បាប់​របស់​ព្រះ ដរាប​នោះ​ប្រពន្ធ​ដែល​ចុះ​ចូល​ចំពោះ​ប្ដី​នឹង​ចង់​សហការ​ជា​មួយ​នឹង​ប្ដី​របស់​នាង។—ពេត្រុស​ទី១ ៣:១

១០​. ហេតុ​អ្វី​ការ​ចុះ​ចូល​ដោយ​សេចក្ដី​ស្រឡាញ់​គឺ​សំខាន់?

១០ ព្រះ​យេហូវ៉ា​បាន​ឲ្យ​ប្រពន្ធ​នូវ​តួនាទី​ដ៏​មាន​កិត្ដិយស​ក្នុង​គ្រួសារ។ ប្រពន្ធ​គឺ​ជា‹ដៃ​គូ›របស់​ប្ដី​នាង។ (​ម៉ាឡាគី ២:១៤​) ពេល​ប្ដី​ប្រពន្ធ​ធ្វើ​ការ​សម្រេច​ចិត្ត​ជា​មួយ​គ្នា​សម្រាប់​គ្រួសារ ប្រពន្ធ​និយាយ​ដោយ​គោរព​អំពី​អ្វី​ដែល​នាង​គិត​និង​អារម្មណ៍​របស់​នាង ប៉ុន្តែ​នាង​នៅ​តែ​ចុះ​ចូល។ ប្ដី​ដែល​មាន​គំនិត​ឈ្លាស​វៃ​នឹង​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​នូវ​អ្វី​ដែល​ប្រពន្ធ​របស់​គាត់​និយាយ។ (​សុភាសិត ៣១:១០​-​៣១​) ការ​ចុះ​ចូល​ដោយ​សេចក្ដី​ស្រឡាញ់​អាច​នាំ​ឲ្យ​មាន​អំណរ សន្ដិភាព ហើយ​មាន​សុខដុមរមនា​ក្នុង​គ្រួសារ។ ជា​លទ្ធផល ប្ដី​និង​ប្រពន្ធ​អាច​មាន​អារម្មណ៍​ស្កប់​ចិត្ត ដោយ​សារ​ពួក​គេ​ដឹង​ថា​ពួក​គេ​កំពុង​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត។—អេភេសូរ ៥:២២

ចូរ​បន្ត​អភ័យ​ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ

១១​. ហេតុ​អ្វី​ការ​អភ័យ​ទោស​គឺ​សំខាន់​ចាំ​បាច់?

១១ ដើម្បី​មាន​ចំណង​អាពាហ៍ពិពាហ៍​ដែល​ស្ថិតស្ថេរ ប្ដី​និង​ប្រពន្ធ​ត្រូវ​រៀន​អភ័យ​ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ ពេល​ប្ដី​ប្រពន្ធ​«​ទ្រាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​អភ័យ​ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ​»​ ពួក​គេ​ពង្រឹង​ចំណង​អាពាហ៍ពិពាហ៍​របស់​ពួក​គេ។ (​កូឡុស ៣:១៣​) ប៉ុន្តែ ចំណង​អាពាហ៍ពិពាហ៍​នឹង​ទៅ​ជា​ខ្សោយ កាល​ណា​ប្ដី​ប្រពន្ធ​មិន​ព្រម​បំភ្លេច​កំហុស​ពី​អតីតកាល ហើយ​ប្រើ​កំហុស​ទាំង​នោះ​ដើម្បី​ធ្វើ​ឲ្យ​គូ​របស់​ខ្លួន​ឈឺ​ចិត្ត។ ដូច​ជា​ស្នាម​ប្រេះ​អាច​ធ្វើ​ឲ្យ​អគារ​មួយ​មិន​រឹង​មាំ អារម្មណ៍​ឈឺ​ចាប់​និង​កំហឹង​ធ្វើ​ឲ្យ​ប្ដី​ប្រពន្ធ​កាន់​តែ​ពិបាក​អភ័យ​ទោស​ឲ្យ​គ្នា​និង​ពិបាក​សហការ​គ្នា។ ប៉ុន្តែ ចំណង​អាពាហ៍ពិពាហ៍​ទៅ​ជា​រឹង​មាំ​ជាង ពេល​ប្ដី​និង​ប្រពន្ធ​អភ័យ​ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ព្រះ​យេហូវ៉ា​អភ័យ​ទោស​ឲ្យ​ពួក​គេ។—មីកា ៧:១៨, ១៩

១២​. តើ​សេចក្ដី​ស្រឡាញ់​គ្រប​បាំង​«​ការ​ខុស​ឆ្គង​ជា​ច្រើន​»​យ៉ាង​ដូច​ម្ដេច?

១២ សេចក្ដី​ស្រឡាញ់​ពិត​«​មិន​ចាំ​ទុក​ក្នុង​ចិត្ត​នូវ​អ្វី​ដែល​គេ​ធ្វើ​ឲ្យ​យើង​ឈឺ​ចិត្ត​»​ទេ។ តាម​ពិត ​«​សេចក្ដី​ស្រឡាញ់​គ្រប​បាំង​ការ​ខុស​ឆ្គង​ជា​ច្រើន​»។ (​កូរិនថូស​ទី១ ១៣:៤, ៥; សូម​អាន ពេត្រុស​ទី១ ៤:៨​) ដូច្នេះ​បើ​យើង​ស្រឡាញ់​អ្នក​ឯ​ទៀត យើង​អាច​អភ័យ​ទោស​ឲ្យ​ពួក​គេ​ទោះ​ជា​ពួក​គេ​ធ្វើ​ខុស​ប៉ុន្មាន​ដង​ក៏​ដោយ។ ពេល​សាវ័ក​ពេត្រុស​បាន​សួរ​ថា តើ​គាត់​គួរ​អភ័យ​ទោស​ឲ្យ​អ្នក​ណា​ម្នាក់​ប៉ុន្មាន​ដង? លោក​យេស៊ូ​បាន​តប​ថា​៖ ​«​រហូត​ដល់​ចិតសិប​ប្រាំពីរ​ដង​»។ (​ម៉ាថាយ ១៨:២១, ២២​) តើ​លោក​យេស៊ូ​ចង់​បញ្ជាក់​អំពី​អ្វី? លោក​ចង់​មាន​ប្រសាសន៍​ថា​គ្រិស្ត​សាសនិក​គួរ​អភ័យ​ទោស​ឲ្យ​អ្នក​ឯ​ទៀត​ទោះ​ជា​ពួក​គេ​ធ្វើ​ខុស​ប៉ុន្មាន​ដង​ក៏​ដោយa (​សូម​មើល​កំណត់​សម្គាល់​)។—សុភាសិត ១០:១២

១៣​. តើ​តាម​របៀប​ណា​យើង​អាច​យក​ឈ្នះ​អារម្មណ៍​មិន​ចង់​អភ័យ​ទោស​ឲ្យ​គ្នា?

១៣ បង​ស្រី​អាណេត​ពី​ប្រទេស​អាឡឺម៉ង់​និយាយ​ថា​៖ ​«​បើ​ប្ដី​ប្រពន្ធ​មិន​ចង់​អភ័យ​ទោស​ឲ្យ​គ្នា ការ​តូច​ចិត្ត​និង​ការ​មិន​ទុក​ចិត្ត​គ្នា​នឹង​មាន​កាន់​តែ​ខ្លាំង ហើយ​នោះ​នឹង​បំផ្លាញ​ចំណង​អាពាហ៍ពិពាហ៍។ ការ​អភ័យ​ទោស​ឲ្យ​គ្នា​ពង្រឹង​ចំណង​អាពាហ៍ពិពាហ៍ ហើយ​នាំ​ឲ្យ​អ្នក​ជិត​ស្និទ្ធ​នឹង​គ្នា​ជាង​»។ ចូរ​ចេះ​អរគុណ​និង​បង្ហាញ​ការ​ដឹង​គុណ។ សូម​រក​ចំណុច​ល្អ​ផ្សេង​ៗ​នៃ​គូ​របស់​អ្នក​ដើម្បី​សរសើរ​គាត់។ ដោយ​ធ្វើ​ដូច្នេះ អ្នក​នឹង​អាច​យក​ឈ្នះ​អារម្មណ៍​មិន​ចង់​អភ័យ​ទោស​ឲ្យ​គ្នា។ (​កូឡុស ៣:១៥​) ជា​លទ្ធផល អ្នក​នឹង​មាន​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត សាមគ្គី​ភាព ហើយ​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ។—រ៉ូម ១៤:១៩

ចូរ​អនុវត្ត​គោល​ការណ៍​ដ៏​ល្បី​ល្បាញ

១៤, ១៥​. តើ​គោល​ការណ៍​ដ៏​ល្បី​ល្បាញ​ជា​អ្វី? តើ​ការ​អនុវត្ត​គោល​ការណ៍​ដ៏​ល្បី​ល្បាញ​នេះ​អាច​ពង្រឹង​ចំណង​អាពាហ៍ពិពាហ៍​យ៉ាង​ដូច​ម្ដេច?

១៤ អ្នក​ទំនង​ជា​ចង់​ឲ្យ​គេ​ប្រព្រឹត្ត​ចំពោះ​អ្នក​ដោយ​ភាព​ថ្លៃ​ថ្នូរ​និង​ដោយ​ការ​គោរព។ អ្នក​មាន​ចិត្ត​ដឹង​គុណ​ពេល​អ្នក​ឯ​ទៀត​ស្ដាប់​អ្នក​និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អារម្មណ៍​របស់​អ្នក។ ប៉ុន្តែ តើ​អ្នក​ធ្លាប់​ឮ​អ្នក​ណា​ម្នាក់​និយាយ​ថា​៖ ​«​ខ្ញុំ​នឹង​ធ្វើ​ដាក់​គាត់​ដូច​អ្វី​ដែល​គាត់​បាន​ធ្វើ​ដាក់​ខ្ញុំ​»​ឬ​ទេ? ជួន​កាល យើង​យល់​ប្រតិកម្ម​បែប​នេះ។ ក៏​ប៉ុន្តែ គម្ពីរ​ប្រាប់​យើង​ថា​៖ ​«​កុំ​ឲ្យ​ពោល​ដូច្នេះ​ឡើយ​ថា​៖ ‹អញ​នឹង​ប្រព្រឹត្ត​ដល់​គេ ដូច​ជា​គេ​បាន​ប្រព្រឹត្ត​ដល់​អញ​ដែរ›​»។ (​សុភាសិត ២៤:២៩​) លោក​យេស៊ូ​បាន​បង្រៀន​មនុស្ស​អំពី​ការ​ប្រព្រឹត្ត​ដ៏​ល្អ​បំផុត​ពេល​មាន​ស្ថានភាព​ពិបាក​ផ្សេង​ៗ។ ប្រសាសន៍​របស់​លោក​យេស៊ូ​ដែល​ច្រើន​តែ​បាន​ត្រូវ​ហៅ​ថា​គោល​ការណ៍​ដ៏​ល្បី​ល្បាញ គឺ ​«​ចូរ​ប្រព្រឹត្ត​ទៅ​លើ​អ្នក​ឯ​ទៀត ដូច​អ្នក​ចង់​ឲ្យ​ពួក​គេ​ប្រព្រឹត្ត​មក​លើ​អ្នក​»។ (​លូកា ៦:៣១​) លោក​យេស៊ូ​ចង់​មាន​ប្រសាសន៍​ថា យើង​គួរ​ប្រព្រឹត្ត​ទៅ​លើ​មនុស្ស​ដូច​យើង​ចង់​ឲ្យ​គេ​ប្រព្រឹត្ត​មក​លើ​យើង មិន​មែន​ដូច​គេ​ប្រព្រឹត្ត​មក​លើ​យើង​ទេ។ នេះ​មាន​ន័យ​ថា យើង​ចង់​បាន​ចំណង​អាពាហ៍ពិពាហ៍​បែប​ណា យើង​ត្រូវ​ប្រព្រឹត្ត​យ៉ាង​នោះ​ដែរ។

យើង​ចង់​បាន​ចំណង​អាពាហ៍ពិពាហ៍​បែប​ណា យើង​ត្រូវ​ប្រព្រឹត្ត​យ៉ាង​នោះ​ដែរ

១៥ ប្ដី​ប្រពន្ធ​ពង្រឹង​ចំណង​អាពាហ៍ពិពាហ៍​របស់​ពួក​គេ ពេល​ពួក​គេ​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អារម្មណ៍​របស់​គ្នា​ទៅ​វិញ​ទៅ​មក។ ប្ដី​ម្នាក់​នៅ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​និយាយ​ថា​៖ ​«​យើង​បាន​ព្យាយាម​អនុវត្ត​គោល​ការណ៍​ដ៏​ល្បី​ល្បាញ។ ពិត​មែន មាន​ពេល​ខ្លះ​ដែល​យើង​មិន​សប្បាយ​ចិត្ត ប៉ុន្តែ​យើង​បាន​ខំ​ប្រឹង​ប្រព្រឹត្ត​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ដូច​យើង​ចង់​ឲ្យ​គូ​របស់​យើង​ប្រព្រឹត្ត​មក​លើ​ខ្លួន ពោល​គឺ​ដោយ​ភាព​ថ្លៃ​ថ្នូរ​និង​ដោយ​ការ​គោរព​»។

១៦​. តើ​ប្ដី​និង​ប្រពន្ធ​មិន​គួរ​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក?

១៦ សូម​កុំ​ប្រាប់​អ្នក​ឯ​ទៀត​អំពី​ភាព​ទន់​ខ្សោយ​នៃ​គូ​របស់​អ្នក ឬ​បន្ត​ត្អូញត្អែរ​អំពី​លក្ខណៈ​របស់​គាត់​ដែល​អ្នក​ទើស​ចិត្ត សូម្បី​តែ​ក្នុង​ការ​និយាយ​លេង​សើច​ក៏​ដោយ។ សូម​ចាំ​ថា អាពាហ៍ពិពាហ៍​មិន​មែន​ជា​ការ​ប្រកួតប្រជែង​គ្នា​ដើម្បី​បង្ហាញ​ថា​អ្នក​ណា​ខ្លាំង​ជាង អ្នក​ណា​អាច​ស្រែក​ឮ​ជាង ឬ​អ្នក​ណា​អាច​និយាយ​ពាក្យ​ដែល​ធ្វើ​ឲ្យ​ឈឺ​ចិត្ត​ខ្លាំង​ជាង​គេ​នោះ​ទេ។ ពិត​មែន យើង​ទាំង​អស់​គ្នា​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ ហើយ​ជួន​កាល​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​មិន​សប្បាយ​ចិត្ត។ ប៉ុន្តែ​គ្មាន​មូលហេតុ​សម​ត្រឹម​ត្រូវ​សោះ​ឡើយ ដែល​ប្ដី​ប្រពន្ធ​ធ្វើ​ឲ្យ​គូ​របស់​ខ្លួន​អាម៉ាស់​មុខ ប្រើ​ពាក្យ​ដែល​ធ្វើ​ឲ្យ​ឈឺ​ចិត្ត​ពេល​និយាយ​ជា​មួយ​គ្នា ឬ​អាក្រក់​ជាង​នេះ ច្រាន ឬ​វាយ​គ្នា។—សូម​អាន សុភាសិត ១៧:២៧; ៣១:២៦

១៧​. តើ​តាម​របៀប​ណា​ប្ដី​អាច​ប្រព្រឹត្ត​តាម​គោល​ការណ៍​ដ៏​ល្បី​ល្បាញ?

១៧ នៅ​ក្នុង​វប្បធម៌​ខ្លះ បុរស​សម្លុត​ឬ​វាយ​ប្រពន្ធ​របស់​ពួក​គេ​ដើម្បី​បង្ហាញ​ថា​ពួក​គេ​ខ្លាំង​ពូកែ។ ប៉ុន្តែ គម្ពីរ​ចែង​ថា​៖ ​«​អ្នក​ណា​ដែល​យឺត​នឹង​ខឹង នោះ​វិសេស​ជាង​អ្នក​ដែល​មាន​កំឡាំង​ខ្លាំង ហើយ​អ្នក​ណា​ដែល​ឈ្នះ​ចិត្ត​ខ្លួន ក៏​វិសេស​ជាង​អ្នក​ដែល​ឈ្នះ​យក​បាន​ទី​ក្រុង​ទៅ​ទៀត​»។ (​សុភាសិត ១៦:៣២​) បុគ្គល​ម្នាក់​ត្រូវ​ការ​កម្លាំង​ចិត្ត​ខ្លាំង​ដើម្បី​បង្ហាញ​ការ​ចេះ​ទប់​ចិត្ត​ដូច​លោក​យេស៊ូ​គ្រិស្ត ដែល​ជា​បុរស​ដ៏​ឧត្តម​បំផុត​ដែល​ធ្លាប់​រស់​នៅ។ បុរស​ដែល​សម្លុត​ឬ​វាយ​ប្រពន្ធ​របស់​គាត់​គឺ​ជា​បុរស​ទន់​ខ្សោយ​ដែល​នឹង​បាត់​បង់​ចំណង​មិត្តភាព​របស់​គាត់​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ ដាវីឌ​ដែល​ជា​អ្នក​តែង​ទំនុក​តម្កើង​ដែល​ជា​បុរស​ខ្លាំង​ពូកែ​និង​ក្លាហាន​ម្នាក់ បាន​និយាយ​ថា​៖ ​«​ចូរ​មាន​ចិត្ត​ញ័រ​ចុះ[​ខឹង​] តែ​កុំ​ឲ្យ​ធ្វើ​បាប​ឡើយ។ ចូររំពឹង​គិត​នៅ​ក្នុង​ចិត្ត ក្នុង​កាល​ដែល​ដេក​លើ​ដំណេក ហើយ​នៅ​ស្ងៀម​ចុះ​»។—ទំនុក​តម្កើង ៤:៤

​«​ចូរ​បំពាក់​ខ្លួន​ដោយ​សេចក្ដី​ស្រឡាញ់​»​

១៨​. ហេតុ​អ្វី​ការ​បន្ត​បង្ហាញ​សេចក្ដី​ស្រឡាញ់​គឺ​ជា​ការ​សំខាន់?

១៨ សូម​អាន កូរិនថូស​ទី១ ១៣:៤​-​៧។ សេចក្ដី​ស្រឡាញ់​គឺ​ជា​គុណ​សម្បត្ដិ​ដ៏​សំខាន់​បំផុត​ក្នុង​ចំណង​អាពាហ៍ពិពាហ៍។ គម្ពីរ​ចែង​ថា​៖ ​«​ចូរ​បំពាក់​ខ្លួន​ដោយ​សេចក្ដី​មេត្ដា​ករុណា​ដ៏​ជ្រាល​ជ្រៅ​បំផុត សេចក្ដី​សប្បុរស ចិត្ត​រាប​ទាប ចិត្ត​ស្លូតបូត និង​ចិត្ត​ធ្ងន់។ ប៉ុន្តែ​ក្រៅ​ពី​ការ​ទាំង​នេះ ចូរ​បំពាក់​ខ្លួន​ដោយ​សេចក្ដី​ស្រឡាញ់ ព្រោះ​នោះ​ជា​ចំណង​ដែល​ធ្វើ​ឲ្យ​មាន​សាមគ្គី​ភាព​ល្អ​ឥត​ខ្ចោះ​»។ (​កូឡុស ៣:១២, ១៤​) ប្ដី​និង​ប្រពន្ធ​ត្រូវ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដែល​មិន​គិត​ពី​ប្រយោជន៍​ខ្លួន ដោយ​យក​តម្រាប់​លោក​យេស៊ូ​គ្រិស្ត​ដែល​សុខ​ចិត្ត​លះ​បង់​ជីវិត​របស់​លោក​សម្រាប់​អ្នក​ឯ​ទៀត។ បើ​អាពាហ៍ពិពាហ៍​មាន​មូលដ្ឋាន​លើ​សេចក្ដី​ស្រឡាញ់​បែប​នេះ នោះ​អាពាហ៍ពិពាហ៍​នឹង​រឹង​មាំ ទោះ​ជា​គូ​អាពាហ៍ពិពាហ៍​មាន​ទម្លាប់​ណា​ក៏​ដោយ​ដែល​ធ្វើ​ឲ្យ​ទាស់​ចិត្ត បញ្ហា​សុខភាព​ធ្ងន់ធ្ងរ បញ្ហា​លុយ​កាក់​ដែល​ធ្វើ​ឲ្យ​តាន​តឹង​ចិត្ត និង​បញ្ហា​ជា​មួយ​សាច់​ថ្លៃ​ក៏​ដោយ។

១៩, ២០​. (​ក​) តើ​តាម​របៀប​ណា​ប្ដី​ប្រពន្ធ​អាច​ធ្វើ​ឲ្យ​ចំណង​អាពាហ៍ពិពាហ៍​រឹង​មាំ​និង​មាន​សុភមង្គល? (​ខ​) តើ​យើង​នឹង​ពិភាក្សា​អ្វី​នៅ​អត្ថបទ​បន្ទាប់?

១៩ សេចក្ដី​ស្រឡាញ់ ភក្ដី​ភាព និង​ការ​ខំ​ប្រឹង​យ៉ាង​ស្មោះ​គឺ​ចាំ​បាច់​ដើម្បី​មាន​អាពាហ៍ពិពាហ៍​ដែល​មាន​ជោគ​ជ័យ។ កាល​ណា​មាន​ការ​ពិបាក​ផ្សេង​ៗ គូ​អាពាហ៍ពិពាហ៍​មិន​គួរ​អស់​សង្ឃឹម​ចំពោះ​អាពាហ៍ពិពាហ៍​របស់​ពួក​គេ​ឡើយ។ ពួក​គេ​គួរ​តាំង​ចិត្ត​មាន​ទំនាក់​ទំនង​កាន់​តែ​ជិត​ស្និទ្ធ​នឹង​គ្នា។ ប្ដី​ប្រពន្ធ​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា​និង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​គួរ​តាំង​ចិត្ត​ដោះ​ស្រាយ​បញ្ហា​របស់​ពួក​គេ ដោយ​សារ​«​សេចក្ដី​ស្រឡាញ់​មិន​ចេះ​សាប​សូន្យ​ឡើយ​»។—កូរិនថូស​ទី១ ១៣:៨; ម៉ាថាយ ១៩:៥, ៦; ហេប្រឺ ១៣:៤

២០ ជា​ពិសេស ការ​ធ្វើ​ឲ្យ​ចំណង​អាពាហ៍ពិពាហ៍​រឹង​មាំ​និង​មាន​សុភមង្គល​គឺ​ពិបាក​ណាស់​នៅ​គ្រា​ដ៏​«​លំបាក​»​នេះ។ (​ធីម៉ូថេ​ទី២ ៣:១​) ទោះ​ជា​យ៉ាង​នោះ​ក្ដី ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា យើង​អាច​ធ្វើ​បាន។ ប៉ុន្តែ ប្ដី​ប្រពន្ធ​ក៏​ត្រូវ​តយុទ្ធ​ដែរ​នឹង​ពិភព​លោក​ដែល​គិត​ហួស​ហេតុ​ពេក​អំពី​ការ​រួម​ភេទ។ នៅ​អត្ថបទ​បន្ទាប់ យើង​នឹង​ពិចារណា​អំពី​របៀប​ដែល​ប្ដី​និង​ប្រពន្ធ​អាច​រក្សា​ចំណង​អាពាហ៍ពិពាហ៍​របស់​ពួក​គេ​ឲ្យ​រឹង​មាំ។

a ទោះ​ជា​ប្ដី​ប្រពន្ធ​ព្យាយាម​អភ័យ​ទោស​ឲ្យ​គ្នា និង​ដោះ​ស្រាយ​ការ​ពិបាក​របស់​ពួក​គេ​ក៏​ដោយ គម្ពីរ​ចែង​ថា គូ​អាពាហ៍ពិពាហ៍​ម្នាក់​ដែល​គ្មាន​កំហុស​មាន​សិទ្ធិ​សម្រេច​ចិត្ត​ថា អភ័យ​ទោស​ឬ​លែង​លះ​គូ​ដែល​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់។ (​ម៉ាថាយ ១៩:៩​) សូម​មើល​សេចក្ដី​ពន្យល់​បន្ថែម​«​ការ​ណែនាំ​ក្នុង​គម្ពីរ​ស្តី​អំពី​ការ​លែង​លះ​គ្នា​និង​ការ​បែក​លំនៅ​សង្វាស​»​នៅ​ទំព័រ​២៥១​-​២៥៣ ក្នុង​សៀវភៅ​«​ព្រះ​ស្រឡាញ់​»។

ការ​ពន្យល់​ពាក្យ​ខ្លះ

  • ប្ដី​ដែល​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​ប្រពន្ធ មាន​ចិត្ត​គំនិត​ដូច​លោក​យេស៊ូ​គ្រិស្ត។ គាត់​ប្រព្រឹត្ត​ដោយ​សប្បុរស​និង​សម​ហេតុ​សម​ផល មិន​មែន​ប្រព្រឹត្ត​ដោយ​ឃោរ​ឃៅ ឬ​ឥត​មេត្ដា​ឡើយ។ គាត់​តែង​តែ​ប្រព្រឹត្ត​ទៅ​លើ​ប្រពន្ធ​របស់​គាត់​ដោយ​គោរព សប្បុរស និង​មេត្ដា​ករុណា

  • ប្រពន្ធ​ដែល​ចុះ​ចូល​នឹង​ប្ដី បង្ហាញ​ការ​គោរព​ចំពោះ​អំណាច​របស់​ព្រះ​ដោយ​សហការ​ជា​មួយ​នឹង​ប្ដី​របស់​នាង។ នាង​និយាយ​អំពី​អ្វី​ដែល​នាង​គិត ហើយ​ប្រាប់​ប្ដី​អំពី​អារម្មណ៍​របស់​នាង ប៉ុន្តែ​នាង​តែង​តែ​គោរព​តួនាទី​ដ៏​ថ្លៃ​ថ្នូរ​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រគល់​ឲ្យ​ប្ដី​របស់​នាង។ ទោះ​បី​ជា​នាង​មិន​ចូល​ចិត្ត​ការ​សម្រេច​ចិត្ត​ខ្លះ​របស់​ប្ដី​នាង​ក៏​ដោយ នាង​សុខ​ចិត្ត​គាំ​ទ្រ​ការ​សម្រេច​ចិត្ត​ទាំង​នេះ ដរាប​ណា​ការ​សម្រេច​ចិត្ត​ទាំង​នេះ​មិន​ប្រឆាំង​នឹង​ច្បាប់​របស់​ព្រះ

  • ប្រមុខ​គ្រួសារ: ព្រះ​យេហូវ៉ា​បាន​ប្រគល់​ឲ្យ​ប្ដី​នូវ​ភារកិច្ច​ផ្គត់​ផ្គង់​គ្រួសារ​របស់​គាត់។ គាត់​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​គ្រួសារ​ខាង​រាង​កាយ ដូច​ជា​ម្ហូប​អាហារ សម្លៀក​បំពាក់ និង​កន្លែង​ស្នាក់​នៅ។ គាត់​ក៏​នាំ​មុខ​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ​ដែរ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក