សូមធ្វើឲ្យចំណងអាពាហ៍ពិពាហ៍របស់អ្នកបានជាស្ថាពរ
«កុំឲ្យអ្នកណាពង្រាត់មនុស្ស ដែលព្រះទ្រង់បានផ្សំផ្គុំគ្នាឡើយ»។—ម៉ាថាយ ១៩:៦
១. តើការជោគជ័យខាងអាពាហ៍ពិពាហ៍ក្នុងចំណោមជនគ្រីស្ទានពិត នៅសព្វថ្ងៃនេះមានមូលដ្ឋានទៅលើអ្វី?
នៅសព្វថ្ងៃនេះ មនុស្សរាប់ពាន់នាក់នៅក្នុងចំណោមប្រជារាស្ត្ររបស់ព្រះយេហូវ៉ា មានអាពាហ៍ពិពាហ៍ដែលស្កប់ចិត្តនិងស្ថិតស្ថេរ។ ក៏ប៉ុន្តែ ការទទួលជោគជ័យជាទូទៅបែបនេះ គឺមិនបានកើតឡើងដោយចៃដន្យទេ។ អាពាហ៍ពិពាហ៍ជនគ្រីស្ទានជាច្រើន បានចម្រើនល្អឡើងនៅពេលដែលគូស្វាមីភរិយា (១) គោរពទស្សនៈរបស់ព្រះអំពីចំណងអាពាហ៍ពិពាហ៍ ហើយ (២) ខំប្រឹងប្រែងប្រព្រឹត្តតាមគោលការណ៍នៃបន្ទូលរបស់ទ្រង់។ ពីព្រោះគឺព្រះទ្រង់ផ្ទាល់ ដែលបានស្ថាបនាឲ្យមានអាពាហ៍ពិពាហ៍មកនោះ។ ទ្រង់ជាបុគ្គល‹ដែលគ្រប់ក្រុមគ្រួសារនៅផែនដី មាននាមត្រកូលពីទ្រង់មក›។ (អេភេសូរ ៣:១៤, ១៥) ដោយសារតែព្រះយេហូវ៉ាទ្រង់ជ្រាបនូវអ្វីៗដែលអាចធ្វើឲ្យអាពាហ៍ពិពាហ៍បានជោគជ័យនោះ យើងនឹងទទួលផលប្រយោជន៍ដល់ខ្លួនផ្ទាល់ បើយើងកាន់តាមការណែនាំរបស់ទ្រង់។—អេសាយ ៤៨:១៧
២. តើការមិនអនុវត្តតាមគោលការណ៍របស់ព្រះគម្ពីរក្នុងអាពាហ៍ពិពាហ៍ មានលទ្ធផលយ៉ាងណាខ្លះ?
២ ផ្ទុយទៅវិញ ការមិនអនុវត្តតាមគោលការណ៍ព្រះគម្ពីរ អាចមានលទ្ធផលជាសេចក្ដីវេទនារវាងប្ដីប្រពន្ធ។ ពួកអ្នកជំនាញខ្លះជឿថា ពីរភាគបីនៃពួកអ្នកដែលរៀបការនៅសហរដ្ឋអាមេរិកសព្វថ្ងៃនេះ នឹងត្រូវលះលែងគ្នាជាមិនខាននៅទីបំផុត។ សូម្បីតែពួកគ្រីស្ទានក៏មិនគេចផុតពីភាពតានតឹងនៃ«គ្រាដ៏លំបាក»ទាំងនេះដែរ។ (ធីម៉ូថេទី២ ៣:១) ភាពតានតឹងខាងសេដ្ឋកិច្ចនិងការបង្ខិតបង្ខំនៅឯកន្លែងធ្វើការ ក៏អាចធ្វើឲ្យមានគ្រោះថ្នាក់លើអាពាហ៍ពិពាហ៍ដែរ។ ជនគ្រីស្ទានខ្លះបានខកទឹកចិត្តយ៉ាងខ្លាំង ដោយសារតែគូរបស់គេមិនអនុវត្តតាមគោលការណ៍ព្រះគម្ពីរ។ ភរិយាគ្រីស្ទានម្នាក់និយាយថា៖ «ខ្ញុំស្រឡាញ់ព្រះយេហូវ៉ា ក៏ប៉ុន្តែអាពាហ៍ពិពាហ៍របស់ខ្ញុំ មានពេញទៅដោយបញ្ហាអស់រយៈ២០ឆ្នាំមកហើយ។ ប្ដីរបស់ខ្ញុំជាបុរសអញនិយម ហើយមិនចង់កែប្រែចិត្តគំនិតសោះឡើយ។ ខ្ញុំដូចជាជាប់អន្ទាក់អញ្ចឹង»។ ប្ដីឬភរិយាគ្រីស្ទានជាច្រើន បានសម្ដែងមនោសញ្ចេតនាស្រដៀងគ្នានេះដែរ។ តើអ្វីទៅដែលខុស? ហើយតើអ្វីដែលអាចការពារអាពាហ៍ពិពាហ៍ ពីការរសាត់ចូលទៅក្នុងភាពព្រងើយកន្តើយនឹងគ្នា ឬក៏ភាពប្រទូស្តប្រទាំងផ្ដាច់ព្រ័ត្រនោះ?
អចិន្ត្រៃយ៍ភាពនៃអាពាហ៍ពិពាហ៍
៣, ៤. (ក) តើអ្វីជាបមាណីយរបស់ព្រះចំពោះអាពាហ៍ពិពាហ៍? (ខ) ហេតុអ្វីក៏អចិន្ត្រៃយ៍ភាពនៃអាពាហ៍ពិពាហ៍ជាការសមហេតុផល ហើយមានផលប្រយោជន៍?
៣ សូម្បីតែនៅក្រោមកាលៈទេសៈដ៏ប្រសើរក្ដី អាពាហ៍ពិពាហ៍គឺជាចំណងនៃមនុស្សដែលមិនល្អឥតខ្ចោះ។ (ចោទិយកថា ៣២:៥) ដូច្នេះ សាវកប៉ុលក៏មានប្រសាសន៍ថា៖ «តែពួកអ្នក[រៀបការ]យ៉ាងនោះ នឹងមានសេចក្ដីទុក្ខព្រួយខាងសាច់ឈាម»។ (កូរិនថូសទី១ ៧:២៨) កាលៈទេសៈដ៏ពិបាកក្រៃលែងខ្លះ ក៏អាចធ្វើឲ្យមានការបែកបាក់ពីគ្នា ឬលះលែងគ្នាដែរ។ (ម៉ាថាយ ១៩:៩; កូរិនថូសទី១ ៧:១២-១៥) ក៏ប៉ុន្តែ ក្នុងករណីជាច្រើន ជនគ្រីស្ទានអនុវត្តតាមឱវាទរបស់សាវកប៉ុល ដែលចែងថា៖ «កុំឲ្យប្រពន្ធលែងប្ដីឡើយ . . . ហើយឯប្ដី ក៏កុំឲ្យលែងប្រពន្ធខ្លួនដែរ»។ (កូរិនថូសទី១ ៧:១០, ១១) ពិតហើយ អាពាហ៍ពិពាហ៍មានបំណងមកឲ្យបានទៅជាចំណងជាអចិន្ត្រៃយ៍ ពីព្រោះព្រះយេស៊ូវបានមានបន្ទូលថា៖ «កុំឲ្យអ្នកណាពង្រាត់មនុស្ស ដែលព្រះទ្រង់បានផ្សំផ្គុំគ្នាឡើយ»។—ម៉ាថាយ ១៩:៦
៤ ចំពោះអស់អ្នកណាដែលមានអារម្មណ៍ថាគេជាប់អន្ទាក់ក្នុងអាពាហ៍ពិពាហ៍ ដែលអមិត្តភាពនិងគ្មានសេចក្ដីស្រឡាញ់នោះ បមាណីយរបស់ព្រះយេហូវ៉ាប្រហែលជាតឹងរឹង ហើយមិនសមហេតុផលផង។ ក៏ប៉ុន្តែគឺមិនមែនដូច្នោះឡើយ។ អចិន្ត្រៃយ៍ភាពនៃចំណងអាពាហ៍ពិពាហ៍ ជម្រុញឲ្យគូស្វាមីភរិយាដែលកោតខ្លាចព្រះ ប្រឈមមុខនិងលៃលកដោះស្រាយបញ្ហារបស់គេ ជាជាងបោះបង់ចោលដោយកំហឹងនូវកាតព្វកិច្ចនោះ នៅពេលមានបញ្ហា។ បុរសម្នាក់ដែលបានរៀបការជាង២០ឆ្នាំមកហើយ បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «អ្នកមិនអាចជៀសវាងផុតពីគ្រាលំបាកបានឡើយ។ ហើយអ្នកក៏មិនចេះតែសប្បាយចិត្តនឹងគ្នាជារៀងរាល់ដងដែរ។ នៅគ្រាលំបាកនេះហើយ ដែលការទទួលបន្ទុកគឺពិតជាសំខាន់នោះ»។ ពិតហើយ គូស្វាមីភរិយាគ្រីស្ទានមានកាតព្វកិច្ចដ៏សំខាន់បំផុតចំពោះព្រះយេហូវ៉ា ជាអ្នកផ្ដើមនៃអាពាហ៍ពិពាហ៍។—ប្រៀបធៀប សាស្ដា ៥:៤
ប្រមុខភាពនិងការចុះចូល
៥. តើឱវាទរបស់ប៉ុលចំពោះប្ដីនិងភរិយាទាំងឡាយមានអ្វីខ្លះ?
៥ ដូច្នេះ នៅពេលដែលមានបញ្ហាកើតឡើង ជាជាងគេចចេញពីបញ្ហា នេះគឺជាពេលដែលត្រូវស្វែងរកផ្លូវដ៏ប្រសើរក្នុងការអនុវត្តតាមឱវាទរបស់ព្រះបន្ទូលនៃព្រះ។ ជាឧទាហរណ៍ សូមពិចារណាពាក្យរបស់ប៉ុលទាំងនេះ ដែលរកឃើញនៅអេភេសូរ ៥:២២-២៥, ២៨, ២៩ថា៖ «ស្ត្រីរាល់គ្នាអើយ ចូរឲ្យចុះចូលចំពោះប្ដីខ្លួន ដូចជាចុះចូលនឹងព្រះអម្ចាស់ដែរ ដ្បិតប្ដីជាក្បាលនៃប្រពន្ធ ដូចជាព្រះគ្រីស្ទទ្រង់ជាសិរសានៃពួកជំនុំដែរ ក៏ជាព្រះអង្គសង្គ្រោះដល់រូបកាយផង ហើយដូចជាពួកជំនុំចុះចូលនឹងព្រះគ្រីស្ទជាយ៉ាងណា នោះត្រូវឲ្យប្រពន្ធចុះចូលនឹងប្ដីខ្លួន ក្នុងគ្រប់ការទាំងអស់យ៉ាងនោះដែរ។ បុរសរាល់គ្នាអើយ ចូរស្រឡាញ់ប្រពន្ធខ្លួន ដូចជាព្រះគ្រីស្ទបានស្រឡាញ់ដល់ពួកជំនុំ ហើយបានប្រគល់ព្រះអង្គទ្រង់ជំនួសផង។ ត្រូវឲ្យប្ដីស្រឡាញ់ប្រពន្ធបែបយ៉ាងនោះឯង គឺដូចជាស្រឡាញ់រូបកាយរបស់ខ្លួនដែរ អ្នកណាដែលស្រឡាញ់ប្រពន្ធខ្លួន នោះក៏ឈ្មោះថាស្រឡាញ់ដល់ខ្លួនឯងហើយ ដ្បិតមិនដែលមានអ្នកណាស្អប់រូបសាច់ខ្លួនឯងឡើយ គឺគេតែងចិញ្ចឹម ហើយថ្នាក់ថ្នមវិញ ដូចជាព្រះអម្ចាស់ដល់ពួកជំនុំដែរ»។
៦. តើប្ដីគ្រីស្ទានត្រូវធ្វើឲ្យខុសប្លែកពីពួកបុរសនៃលោកីយ៍នេះ ដូចម្ដេចបាន?
៦ នៅពេលខ្លះពួកបុរសតែងតែបានប្រព្រឹត្តល្មើសនឹងអំណាចរបស់ខ្លួនជាប្ដី ហើយបានជិះជាន់លើភរិយារបស់គេ។ (លោកុប្បត្តិ ៣:១៦) ក៏ប៉ុន្តែ ប៉ុលបានដាស់តឿនប្ដីគ្រីស្ទានទាំងឡាយ ឲ្យខុសប្លែកពីពួកបុរសនៅក្នុងលោកីយ៍ ហើយឲ្យបានដូចព្រះគ្រីស្ទវិញ គឺមិនត្រូវប្រើអំណាចផ្ដាច់ការត្រួតត្រាលើជីវិតរបស់ភរិយាគេឡើយ។ ប្រាកដហើយ កាលជាមនុស្ស ព្រះយេស៊ូវគ្រីស្ទទ្រង់មិនដែលឃោរឃៅ ឬជិះជាន់លើគេសោះឡើយ។ ចំពោះពួកអ្នកកាន់តាមទ្រង់ៗផ្ដល់ឲ្យកិត្ដិយសនិងសេចក្ដីគោរពដល់ពួកគេ ដោយមានបន្ទូលថា៖ «អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សំរាក ចូរទទួលនឹមខ្ញុំ ហើយរៀននឹងខ្ញុំចុះ ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព នោះអ្នករាល់គ្នានឹងបានសេចក្ដីសំរាកដល់ព្រលឹង»។—ម៉ាថាយ ១១:២៨, ២៩
៧. តើតាមរបៀបណា ដែលបុរសម្នាក់អាចផ្ដល់កិត្ដិយសដល់ភរិយារបស់គាត់ នៅពេលដែលនាងមានកិច្ចការនៅខាងលោកីយ៍?
៧ ប្ដីគ្រីស្ទានត្រូវផ្ដល់ឲ្យកិត្ដិយសដល់ភរិយារបស់គាត់ ដែលជាមនុស្សខ្សោយជាងខ្លួន។ (ពេត្រុសទី១ ៣:៧) ជាឧទាហរណ៍ ឧបមាថានាងមានកិច្ចការណាមួយធ្វើនៅខាងលោកីយ៍។ គាត់នឹងយោគយល់អំពីការនេះ ដោយចេះជួយជ្រោមជ្រែង ហើយចេះគិតគូរដល់នាងផង។ មូលហេតុដ៏ធំមួយ ដែលស្ត្រីផ្ដល់នូវការលែងលះគ្នានោះ គឺដោយសារតែប្ដីរបស់គេមិនយកចិត្តទុកដាក់នឹងកូនចៅហើយផ្ទះសម្បែង។ ដូច្នេះហើយ ប្ដីគ្រីស្ទានត្រូវស្វែងរកវិធីដើម្បីជួយជ្រោមជ្រែងនាងនៅឯផ្ទះ តាមរបៀបដែលមានអត្ថន័យ ដែលផ្ដល់ប្រយោជន៍ដល់គ្រួសារទាំងមូល។
៨. ចំពោះភរិយាគ្រីស្ទាន តើការចុះចូលទាក់ទងអ្វីខ្លះ?
៨ ភរិយាគ្រីស្ទាននឹងចុះចូលចំពោះប្ដីរបស់នាងបានយ៉ាងស្រួល បើកាលណាប្ដីរបស់នាងបានផ្ដល់កិត្ដិយសឲ្យនាង។ ប៉ុន្តែ នេះមិនមានសេចក្ដីថា ជាទាសភាពដ៏ទាបបំផុតទេ។ ព្រះបានចុះបញ្ញត្តថា ភរិយាមិនមែនជាទាសីទេ តែជា«គូបង្គ្រប់»[ពថ] ដែលជាអ្វីមួយផ្សំបង្គ្រប់សំរាប់បុរស។ (លោកុប្បត្តិ ២:១៨) នៅម៉ាឡាគី ២:១៤ បាននិយាយថា ភរិយាជា«គូ»របស់បុរស។ ដោយសារហេតុនេះ ភរិយានៅជំនាន់ព្រះគម្ពីរមានសេរីភាពដ៏សន្ធឹក។ ព្រះគម្ពីរចែងអំពី«ស្ត្រីគ្រប់លក្ខណ៍»ថា៖ «ប្ដីនាងនឹងទុកចិត្តចំពោះនាង»។ ពិតប្រាកដហើយ ប្ដីនាងត្រូវបានប្រគល់ឲ្យនាងមើលការខុសត្រូវក្នុងការចាត់ការផ្ទះសម្បែងទូទៅ ត្រួតពិនិត្យការទិញម្ហូបម្ហា ការទិញលក់ដូរអសង្ហាររិមភណ្ឌ និងការធ្វើជំនួញបន្ដិចបន្តួច។—សុភាសិត ៣១:១០-៣១
៩. (ក) នៅជំនាន់ព្រះគម្ពីរ តើពួកស្ត្រីដែលកោតខ្លាចព្រះ សម្ដែងនូវការចុះចូលដ៏ពិតយ៉ាងណាខ្លះ? (ខ) នៅសព្វថ្ងៃនេះ តើអ្វីដែលអាចជួយភរិយាគ្រីស្ទានឲ្យចុះចូលនោះ?
៩ យ៉ាងណាក៏ដោយ ភរិយាដែលកោតខ្លាចព្រះ បានទទួលស្គាល់អំណាចរបស់ប្ដីនាង។ ជាឧទាហរណ៍ នាងសារ៉ា«បានចុះចូលនឹងលោកអ័ប្រាហាំព្រមទាំងហៅលោកជាម្ចាស់ផង» ដែលជាការបង្ហាញនូវការចុះចូលយ៉ាងស្មោះរបស់នាង មិនមែនគ្រាន់តែជាកិច្ចគួរសមនោះទេ។ (ពេត្រុសទី១ ៣:៦; លោកុប្បត្តិ ១៨:១២) នាងក៏សុខចិត្តលះបង់ចោលផ្ទះដ៏ស្រណុករបស់នាងនៅក្នុងទីក្រុងអ៊ើរ ដើម្បីរស់នៅក្នុងត្រសាលជាមួយប្ដីរបស់នាង។ (ហេព្រើរ ១១:៨, ៩) ប៉ុន្តែ ការចុះចូលនេះមិនមែនមានសេចក្ដីថា ភរិយាមិនអាចចាត់វិធានការដ៏ត្រឹមត្រូវនោះឡើយ នៅពេលត្រូវការជាចាំបាច់នោះ។ នៅពេលដែលម៉ូសេមិនបានធ្វើតាមច្បាប់របស់ព្រះ ចំពោះការកាត់ស្បែកអង្គជាតិ ភរិយារបស់លោកឈ្មោះសេផូរ៉ាបានបង្ការសេចក្ដីហិនវិនាសដោយមិនរួញរានឹងចាត់វិធានការ។ (និក្ខមនំ ៤:២៤-២៦) ការបំពេញចិត្តបុរសដែលមិនល្អឥតខ្ចោះនោះ មិនគ្រប់គ្រាន់ទេ គឺមានជាប់ទាក់ទងច្រើនទៅទៀត។ ភរិយាទាំងឡាយត្រូវតែ«ចុះចូលចំពោះប្ដីខ្លួន ដូចជាចុះចូលនឹងព្រះអម្ចាស់ដែរ»។ (អេភេសូរ ៥:២២) នៅពេលដែលភរិយាគ្រីស្ទានគិតអំពីទំនាក់ទំនងរបស់នាងជាមួយព្រះ នេះនឹងជួយនាងបំភ្លេចការខុសឆ្គងឬការខ្វះខាតរបស់ប្ដីនាង ហើយក្នុងការប្រព្រឹត្តជាមួយនាងនោះ ប្ដីក៏ត្រូវធ្វើដូច្នេះដែរ។
គមនាគមន៍—ជាការសំខាន់ដ៏ជីវិតសម្ព័ន្ធចំពោះអាពាហ៍ពិពាហ៍
១០. តើការធ្វើគមនាគមន៍ជាការសំខាន់យ៉ាងណា ចំពោះអាពាហ៍ពិពាហ៍?
១០ នៅពេលដែលគេសួរមេធាវីខាងការលែងលះគ្នាម្នាក់ នូវអ្វីជាមូលហេតុដ៏ធំមួយដែលធ្វើឲ្យគូស្វាមីភរិយាបែកបាក់គ្នានោះ គាត់បានឆ្លើយថា៖ «នេះគឺដោយសារតែគេគ្មានសមត្ថភាពក្នុងការនិយាយដោយស្មោះត្រង់នឹងគ្នា ហើយក្នុងការបញ្ចេញឲ្យដឹងពីគំនិតក្នុងចិត្ត ព្រមទាំងគ្មានសមត្ថភាពរាប់គ្នាជាសំឡាញ់ដ៏ល្អ»។ ត្រូវហើយ គមនាគមន៍ជាការសំខាន់ដ៏ជីវិតសម្ព័ន្ធនៃអាពាហ៍ពិពាហ៍ដ៏មាំមួនមួយ។ ដូចជាព្រះគម្ពីរចែងមកថា៖ «ទីណាគ្មានការប្រឹក្សា នោះមិនបានតាមចិត្តប៉ងទេ»។ (សុភាសិត ១៥:២២) ប្ដីនិងភរិយាទាំងឡាយត្រូវតែធ្វើយ៉ាងណាឲ្យបានជាគូសំឡាញ់ដ៏ទុកចិត្តនឹងគ្នា ដោយមានទំនាក់ទំនងដ៏ស្និទ្ធស្នាលហើយនិងការកក់ក្ដៅ។ (សុភាសិត ២:១៧) ប៉ុន្តែ គូស្វាមីភរិយាជាច្រើនមានការពិបាកក្នុងការនិយាយទាក់ទងគ្នា។ ដូច្នេះ ការតូចចិត្តនឹងគ្នាក៏ដុះមានឡើង រហូតទាល់តែកំហឹងដែលធ្វើឲ្យបំផ្លិចបំផ្លាញនោះផ្ទុះឡើង។ ឬក៏គូស្វាមីភរិយាប្រហែលជាសម្ដែងអាការខាងក្រៅជាអ្នកគួរសមនឹងគ្នា តែមនោសញ្ចេតនារបស់គេឃ្លាតចេញឆ្ងាយពីគ្នាទៅវិញ។
១១. តើគមនាគមន៍រវាងស្វាមីភរិយា អាចចម្រើនឡើងតាមរបៀបណាខ្លះ?
១១ បញ្ហាមួយដែលបុរសនិងស្ត្រីទាំងឡាយតែងតែមាននោះ គឺការធ្វើគមនាគមន៍បែបបទខុសពីគ្នា។ ស្ត្រីភាគច្រើនចូលចិត្តពិគ្រោះអំពីមនោសញ្ចេតនា ឯពួកបុរសវិញ ជាទូទៅពួកគេចូលចិត្តពិគ្រោះការណ៍ពិត។ ពួកស្ត្រីច្រើនតែទោរទន់ទៅរកការបង្ហាញចិត្តអធ្យាស្រ័យ ហើយជួយប្រដុងប្រជាខាងអារម្មណ៍ តែឯពួកបុរសវិញទោរទន់ទៅរកការដោះស្រាយ។ ប៉ុន្តែ គមនាគមន៍ដ៏ល្អនឹងអាចសម្រេចបាន បើកាលណាគូស្វាមីភរិយាមានចិត្តប្ដេជ្ញាក្នុងការ«ឆាប់នឹងស្ដាប់ ក្រនឹងនិយាយ ហើយយឺតនឹងខឹងដែរ»។ (យ៉ាកុប ១:១៩) សូមមើលភ្នែកគ្នានៅពេលនិយាយរកគ្នា ហើយប្រុងស្ដាប់នឹងគ្នាឲ្យបានប្រាកដប្រជាផង។ សូមអនុញ្ញាតឲ្យគូនិមួយៗបញ្ចេញមតិដោយសេរី ដោយប្រើសំនួរដែលចេះយោគយល់ដល់គូរបស់ខ្លួន។ (ប្រៀបធៀប សាំយូអែលទី១ ១:៨; សុភាសិត ២០:៥) នៅពេលដែលគូរបស់អ្នកប្រាប់អំពីបញ្ហាអ្វីមួយ ជាជាងព្យាយាមដោះស្រាយភ្លាមនោះ សូមស្ដាប់ឲ្យបានផ្ចិតផ្ចង់សិន កាលដែលអ្នករិះរកវិធីដោះស្រាយបញ្ហាទាំងនោះ។ ហើយសូមអធិស្ឋានជាមួយគ្នាដោយមានចិត្តរាបទាប ដើម្បីស្វែងរកការណែនាំពីព្រះ។—ទំនុកដំកើង ៦៥:២; រ៉ូម ១២:១២
១២. តើគូស្វាមីភរិយាគ្រីស្ទានអាចលៃលករកពេលវេលាសំរាប់គ្នាបានយ៉ាងណាខ្លះ?
១២ នៅពេលខ្លះ ការតានតឹងនិងការលំបាកនៃជីវិតធ្វើឲ្យគូស្វាមីភរិយាមានពេលតិចតួចឬក៏គ្មានកម្លាំង ក្នុងការពិគ្រោះគ្នាឲ្យបានខ្លឹមសារឡើយ។ យ៉ាងណាក៏ដោយ បើសិនជាជនគ្រីស្ទានចង់ធ្វើឲ្យអាពាហ៍ពិពាហ៍របស់គេឲ្យបានប្រសើរឡើង ហើយការពារពីការធ្វើឲ្យខូចកេរ្ដិ៍ឈ្មោះ ពួកគេទាំងពីរត្រូវតែមានការស្និទ្ធស្នាលនឹងគ្នា។ គេត្រូវតែចាត់ទុកការផ្សំផ្គុំរបស់គេ ជាអ្វីដែលមានតម្លៃនិងជាទីស្រឡាញ់ ហើយត្រូវលៃលករកពេលវេលាសំរាប់អាពាហ៍ពិពាហ៍និងសំរាប់គ្នាទៅវិញទៅមក។ (ប្រៀបធៀប កូល៉ុស ៤:៥) ក្នុងករណីខ្លះ ការរកពេលវេលាដើម្បីពីព្រោះគ្នាឲ្យបានត្រឹមត្រូវនោះ ប្រហែលជាអាចរកបានយ៉ាងស្រួលដោយបិទទូរទស្សន៍។ ការអង្គុយផឹកតែឬកាហ្វេជាមួយគ្នាដោយទៀងទាត់ អាចជួយគូស្វាមីភរិយារក្សាការទាក់ទងគ្នាខាងផ្លូវចិត្ត។ នៅឱកាសដូចនេះ គេអាចពិគ្រោះជាមួយគ្នាអំពីរឿងគ្រួសារផ្សេងៗ។ (សុភាសិត ១៣:១០) ហើយជាការប្រកបដោយប្រាជ្ញាម្ល៉េះហ្ន៎ ដោយទម្លាប់ខ្លួនពិគ្រោះអំពីសេចក្ដីសៅហ្មងតូចតាច ឬការយល់ច្រឡំខ្លះៗ មុននឹងសេចក្ដីទាំងនោះក្លាយទៅជាប្រភពដ៏ធំមួយនៃការតានតឹង!—ប្រៀបធៀប ម៉ាថាយ ៥:២៣, ២៤; អេភេសូរ ៤:២៦
១៣. (ក) តើព្រះយេស៊ូវបានធ្វើជាគំរូដូចម្ដេច ចំពោះការឥតលាក់បាំងនិងសេចក្ដីស្មោះពីចិត្ត? (ខ) តើមានរបៀបណាខ្លះ ដែលគូស្វាមីភរិយាអាចបង្កើតឲ្យមានការស្និទ្ធស្នាលនឹងគ្នានោះ?
១៣ បុរសម្នាក់បានសារភាពថា៖ «សឹងតែរាល់ដង ខ្ញុំមានការពិបាកណាស់ ក្នុងការបញ្ចេញទស្សនៈរបស់ខ្ញុំ ហើយប្រាប់ភរិយារបស់ខ្ញុំនូវអារម្មណ៍ដ៏ពិតរបស់ខ្ញុំនោះ»។ ប៉ុន្តែ ការបញ្ចេញឲ្យដឹងសេចក្ដីទាំងអស់អំពីខ្លួន ជាគោលដ៏សំខាន់ក្នុងការបង្កើតឲ្យមានការស្និទ្ធស្នាលនឹងគ្នា។ សូមកត់សម្គាល់នូវរបៀបដែលព្រះយេស៊ូវមានសេចក្ដីស្មោះពីចិត្ត ហើយឥតលាក់បាំងអ្វីឡើយ នឹងពួកសមាជិកនៃភរិយាថ្មោងថ្មីរបស់ទ្រង់។ ទ្រង់បានមានបន្ទូលថា៖ «ខ្ញុំមិនហៅជាអ្នកបំរើទៀត ពីព្រោះអ្នកបំរើគេមិនដឹងជាចៅហ្វាយធ្វើអ្វីទេ គឺខ្ញុំហៅអ្នករាល់គ្នាថាជាសំឡាញ់វិញ ពីព្រោះខ្ញុំបានឲ្យអ្នករាល់គ្នាដឹងគ្រប់ការទាំងអស់ ដែលខ្ញុំឮពីព្រះវរបិតាខ្ញុំមក»។ (យ៉ូហាន ១៥:១៥) ដូច្នេះ សូមចាត់ទុកស្វាមីឬភរិយារបស់អ្នក ជាមិត្តសំឡាញ់ទៅ។ សូមអ្នកមានអារម្មណ៍ទុកចិត្តនឹងគូរបស់អ្នកចុះ។ សូមខំខ្នះខ្នែងសម្ដែងពាក្យសំដីថ្នាក់ថ្នមដោយស្មោះពីចិត្ត។ (បទចំរៀងសាឡូម៉ូន ១:២) នៅពេលខ្លះ ការធ្វើគមនាគមន៍ដោយឥតលាក់បាំង ប្រហែលជាឆ្គងបន្ដិច។ ប៉ុន្តែ នៅពេលដែលគូស្វាមីភរិយាទាំងពីរខំប្រឹងប្រែងអស់ពីសមត្ថភាព នោះនឹងបានជោគជ័យជាមិនខាន ក្នុងការធ្វើឲ្យអាពាហ៍ពិពាហ៍របស់គេមានចំណងជាស្ថាពរនោះ។
ការដោះស្រាយរឿងឈ្លោះប្រកែកគ្នា
១៤, ១៥. តើការទាស់ទែងគ្នាអាចជៀសវាងបានយ៉ាងណា?
១៤ ពីពេលមួយទៅពេលមួយ ការឈ្លោះប្រកែកគ្នា នឹងកើតមានឡើងជាមិនខាន។ ប៉ុន្តែ ផ្ទះរបស់អ្នកមិនចាំបាច់ឱនថយទៅ‹ជាផ្ទះដែលមានពេញដោយសេចក្ដីទាស់ទែងគ្នា›នោះទេ។ (សុភាសិត ១៧:១) សូមប្រយ័ត្នប្រយែងក្នុងការពិគ្រោះរឿងដែលពិបាកដល់គំនិត ក្រែងកូនចៅអាចឮ ហើយសូមចេះគិតដល់អារម្មណ៍គូរបស់អ្នកផង។ នៅពេលដែលរ៉ាជែលមានការទុក្ខព្រួយដោយសារនាងមិនអាចមានកូន ហើយសុំយ៉ាកុបឲ្យនាងមានកូនផងនោះ គាត់បានតបឆ្លើយទាំងខឹងថា៖ «តើអញជាព្រះឬអី ដែលបានបង្ខាំងមិនឲ្យឯងមានកូនដូច្នេះ»? (លោកុប្បត្តិ ៣០:១, ២) បើមានភាពពិបាកក្នុងក្រុមគ្រួសារ សូមរកផ្លូវដោះស្រាយបញ្ហាទៅ កុំទិតៀនដល់បុគ្គលឡើយ។ ពេលដែលអ្នកពិគ្រោះគ្នាអំពីរឿងអ្វីមួយជាសម្ងាត់ សូមជៀសវាង«ពោលពាក្យឥតបើគិត» និងជៀសវាងពីការនិយាយកាត់សំដីគ្នា ដោយមិនចាំបាច់នោះឡើយ។—សុភាសិត ១២:១៨
១៥ ត្រូវហើយ អ្នកប្រហែលជាមានអារម្មណ៍យ៉ាងខ្លាំងចំពោះទស្សនៈរបស់អ្នក ប៉ុន្តែ អ្នកអាចបញ្ចេញទស្សនៈទាំងនេះដោយមិនចាំបាច់ប្រើ«គ្រប់ទាំងសេចក្ដីជូរល្វីង ក្ដៅក្រហាយ កំហឹង ឡូឡា ជេរប្រមាថ»ឡើយ។ (អេភេសូរ ៤:៣១) ប្ដីម្នាក់មានប្រសាសន៍ថា៖ «សូមពិគ្រោះបញ្ហារបស់អ្នកដោយសំដីធម្មតា តែបើសិនជាមានសំដីគំហកកំហែងគ្នា សូមបញ្ឈប់ការពិគ្រោះនោះភ្លាម។ ក្រោយពីមួយសន្ទុះមក សូមត្រឡប់មកវិញហើយចាប់ផ្ដើមពិគ្រោះគ្នាម្ដងទៀត»។ នៅសុភាសិត ១៧:១៤ ឲ្យឱវាទដ៏ល្អដូចនេះថា៖ «ចូរលើកការទាស់គ្នាចេញ មុនដែលកើតមានការប្រឈ្លោះគ្នា»។ នៅពេលដែលអ្នកទាំងពីរបានស្រាកកំហឹងហើយ សូមខំព្យាយាមពិគ្រោះបញ្ហានោះម្ដងទៀតចុះ។
សូមរក្សាការស្មោះត្រង់នឹងគ្នា
១៦. ហេតុអ្វីក៏អំពើកំផិត ជារឿងដ៏ធ្ងន់នោះ?
១៦ នៅហេព្រើរ ១៣:៤ ចែងថា៖ «ការវិវាហមង្គលជាការប្រសើរដល់គ្រប់គ្នា ហើយដែលរួមដំណេក នោះក៏ជាការឥតសៅហ្មងដែរ តែព្រះទ្រង់នឹងជំនុំជំរះមនុស្សកំផិត ហើយនឹងមនុស្សសហាយស្មន់គ្នាវិញ»។ ការផិតជាអំពើបាបប្រឆាំងនឹងព្រះ។ ហើយក៏ធ្វើឲ្យខូចខាតដល់អាពាហ៍ពិពាហ៍ដែរ។ (លោកុប្បត្តិ ៣៩:៩) អ្នកឲ្យឱវាទខាងអាពាហ៍ពិពាហ៍ម្នាក់បានសរសេរថា៖ «ក្រោយពីបានដឹងថាគូខ្លួនបានប្រព្រឹត្តអំពើកំផិតហើយ នេះប៉ះទង្គិចដល់ក្រុមគ្រួសារទាំងមូល ហាក់បីដូចជាវេរម្ភវាតដ៏ធំសម្បើមមួយ មកកំទេចក្រុមគ្រួសារនោះ។ ហើយនោះក៏ធ្វើឲ្យលែងមានការទុកចិត្ត និងគ្មានសេចក្ដីគោរពទៀតទេ ព្រមទាំងធ្វើទុក្ខទោសដល់កូនក្មេងផង»។ ជាលទ្ធផល ដំណើរមានផ្ទៃពោះឬជម្ងឺឆ្លងដោយការរួមដំណេក ក៏អាចមានឡើង។
១៧. តើអាចជៀសវាងឬក៏បដិសេធចោលគំនិតទោរទន់ទៅរកអំពើកំផិតបានយ៉ាងដូចម្ដេច?
១៧ មនុស្សខ្លះបន្តុះឲ្យមានគំនិតដែលទោរទន់ទៅរកអំពើកំផិត ដោយយកចូលទស្សនៈលោកីយ៍នៃអំពីសេពមេថុនកម្ម ដូចជាបានពណ៌នាមកតាមសៀវភៅ ទូរទស្សន៍ និងភាពយន្តជាដើម។ (កាឡាទី ៦:៨) តែពួកអ្នកស្រាវជ្រាវមានប្រសាសន៍ថា ជាធម្មតាហេតុដែលមានអំពើកំផិតនោះ គឺមិនមែនពីការប្រាថ្នាចង់រួមដំណេកទេ តែដោយសារមានគំនិតចង់សម្ដែងខ្លួនគេថានៅស្អាតអាចធ្វើឲ្យទាក់ចិត្តបាន ឬក៏ប្រាថ្នាចង់បានសេចក្ដីស្រឡាញ់ថែមទៀត។ (ប្រៀបធៀប សុភាសិត ៧:១៨) ទោះបីជាមានមូលហេតុយ៉ាងណាក្ដី ជនគ្រីស្ទានត្រូវបដិសេធចោលគំនិតរវើរវាយឥតសីលធម៌ទាំងនេះចេញ។ ចូរពិគ្រោះអារម្មណ៍របស់អ្នកជាមួយគូអ្នកយ៉ាងស្មោះពីចិត្ត។ បើត្រូវការជាចាំបាច់នោះ សូមឲ្យពួកអ្នកចាស់ទុំក្នុងក្រុមជំនុំជួយទៅ។ ការធ្វើយ៉ាងដូច្នេះ នឹងអាចការពារពីការធ្លាក់ចូលក្នុងអំពើបាបបាន។ ថែមទៀតនោះ ជនគ្រីស្ទានត្រូវតែបង្ហាញការប្រយ័ត្នប្រយែង ក្នុងការប្រព្រឹត្តជាមួយសមាជិកភេទផ្ទុយ។ ជាការល្មើសនឹងគោលការណ៍ព្រះគម្ពីរ បើបានរៀបការជាមួយនឹងបុគ្គលណាម្នាក់ហើយ ប៉ុន្តែសម្លឹងមើលអ្នកឯទៀតដោយកាមរាគរំជើបរំជួលនោះ។ (យ៉ូប ៣១:១; ម៉ាថាយ ៥:២៨) ជាពិសេស ជនគ្រីស្ទានគួរតែប្រយ័ត្នប្រយែង ក្នុងការបន្តុះឲ្យមានមនោសញ្ចេតនាជាប់ជំពាក់ជាមួយនឹងអ្នកដែលធ្វើការជាមួយ។ សូមរក្សាទំនាក់ទំនងបែបនេះឲ្យបានរាក់ទាក់ ប៉ុន្តែតាមបែបបទធ្វើជំនួញវិញ។
១៨. នៅក្នុងអាពាហ៍ពិពាហ៍ តើអ្វីដែលតែងតែជាដើមហេតុនៃបញ្ហាខាងរួមដំណេក ហើយតើអាចដោះស្រាយបញ្ហាទាំងនេះដូចម្ដេចបាន?
១៨ ការការពារដ៏ប្រសើរទៅទៀតនោះ គឺទំនាក់ទំនងដែលកក់ក្ដៅហើយដែលឥតលាក់បាំងជាមួយនឹងគូរបស់ខ្លួន។ ពួកស្រាវជ្រាវជាច្រើនមានប្រសាសន៍ថា បញ្ហាខាងរួមដំណេកក្នុងអាពាហ៍ពិពាហ៍ គឺមិនសូវកើតមកតាមផ្លូវកាយទេ ក៏ប៉ុន្តែជាធម្មតាគឺកើតមកពីការខ្វះគមនាគមន៍។ បញ្ហាបែបនេះកម្រមានណាស់ នៅពេលដែលគូស្វាមីភរិយាធ្វើគមនាគមន៍ដោយឥតលាក់បាំងនឹងគ្នា ហើយផ្ដល់នូវភារៈក្នុងអាពាហ៍ពិពាហ៍ ដែលជាការសម្ដែងនៃសេចក្ដីស្រឡាញ់ មិនមែនដោយសារជាភារកិច្ចនោះទេ។a នៅក្រោមកាលៈទេសៈត្រឹមត្រូវនោះ ទំនាក់ទំនងដ៏ស្និទ្ធស្នាល អាចធ្វើឲ្យចំណងអាពាហ៍ពិពាហ៍បានមាំមួនទៀតផង។—កូរិនថូសទី១ ៧:២-៥; ១០:២៤
១៩. តើ«ចំណងនៃសេចក្ដីគ្រប់លក្ខណ៍»ជាអ្វីទៅ ហើយតើអាចមានអានុភាពលើអាពាហ៍ពិពាហ៍យ៉ាងណា?
១៩ សេចក្ដីស្រឡាញ់គឺជា«ចំណងនៃសេចក្ដីគ្រប់លក្ខណ៍»នៅក្នុងក្រុមជំនុំគ្រីស្ទាន។ ដោយបណ្ដុះឲ្យមានសេចក្ដីស្រឡាញ់ គូស្វាមីភរិយាដែលគោរពតាមព្រះនឹងអាច‹ទ្រាំទ្រគ្នា ទាំងអត់ទោសគ្នាទៅវិញទៅមកដោយសេរី›។ (កូល៉ុស ៣:១៣, ១៤) សេចក្ដីស្រឡាញ់ដែលញ៉ាំងពីគោលការណ៍ ខំប្រឹងរកផលប្រយោជន៍ដល់សុខុមាលភាពនៃអ្នកដទៃ។ (កូរិនថូសទី១ ១៣:៤-៨) សូមបណ្ដុះឲ្យមានសេចក្ដីស្រឡាញ់បែបនេះចុះ។ ពីព្រោះនេះនឹងជួយអ្នកឲ្យពង្រឹងចំណងអាពាហ៍ពិពាហ៍របស់អ្នកឡើង។ សូមអនុវត្តគោលការណ៍ព្រះគម្ពីរក្នុងជីវភាពគ្រួសាររបស់អ្នក។ បើសិនជាអ្នកធ្វើដូច្នោះ នោះចំណងអាពាហ៍ពិពាហ៍របស់អ្នកនឹងបានជាស្ថាពរ ហើយនេះនឹងផ្ដល់ការសរសើរនិងកិត្ដិយសដល់ព្រះយេហូវ៉ា។
[កំណត់សម្គាល់]
a អត្ថបទ«គមនាគមន៍—មិនគ្រាន់តែនិយាយប៉ុណ្ណោះទេ» គឺមាននៅក្នុង ទស្សនាវដ្ដីប៉មយាម នៃខែសីហា ថ្ងៃទី១ ១៩៩៣ បានបង្ហាញនូវរបៀបដែលគូស្វាមីភរិយាមានជ័យជំនះលើបញ្ហាទាំងនេះ។ (ជាភាសាអង់គ្លេស)
តើអ្នកនឹងឆ្លើយយ៉ាងណា?
◻ ហេតុអ្វីក៏អាពាហ៍ពិពាហ៍ត្រូវតែជាចំណងជាអចិន្ត្រៃយ៍?
◻ តើអ្វីជាទស្សនៈខាងព្រះគម្ពីរ ចំពោះប្រមុខភាពនិងការចុះចូល?
◻ តើគូស្វាមីភរិយាអាចធ្វើឲ្យគមនាគមន៍បានចម្រើនឡើងតាមរបៀបណាខ្លះ?
◻ តើគូស្វាមីភរិយាអាចដោះស្រាយរឿងឈ្លោះប្រកែកគ្នាតាមលំនាំគ្រីស្ទានយ៉ាងណា?
◻ តើអ្វីនឹងជួយពង្រឹងចំណងអាពាហ៍ពិពាហ៍នោះ?
[រូបភាពនៅទំព័រ២៤]
បើសិនជាភរិយារបស់គាត់ត្រូវធ្វើការខាងលោកីយ៍នេះ ស្វាមីគ្រីស្ទានមិនត្រូវធ្វើឲ្យនាងមានបន្ទុកហួសហេតុឡើយ