បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w07 ១/៥ ទំ. ២៣-២៧
  • កុំពង្រាត់មនុស្សដែលព្រះបានផ្សំផ្គុំគ្នា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • កុំពង្រាត់មនុស្សដែលព្រះបានផ្សំផ្គុំគ្នា
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ការ​យក​ឈ្នះ​បញ្ហា​ផ្សេងៗ
  • «ចូរ​ស្រឡាញ់​ប្រពន្ធ​ខ្លួន»
  • វិធី​ផ្គត់ផ្គង់​ភរិយា
  • វិធី​ថ្នាក់ថ្នម​ភរិយា
  • ភរិយា​ដែល​ធ្វើ​តាម​គោលការណ៍​ក្នុង​គម្ពីរ
  • សារៈ​សំខាន់​នៃ​ភក្ដីភាព
  • ការណែនាំដ៏ល្អចំគូអាហ៍ពិហ៍
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • កត្ដាសំខាន់ពីរដែលនាំឲ្យអាពាហ៍ពិពាហ៍នៅស្ថិតស្ថេរជាដរាប
    គន្លឹះនៃសុភមង្គលគ្រួសារ
  • សូមធ្វើឲ្យចំណងអាពាហ៍ពិពាហ៍របស់អ្នកបានជាស្ថាពរ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៤
  • ចូរធ្វើឲ្យចំណងអាពាហ៍ពិពាហ៍រឹងមាំនិងមានសុភមង្គល
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
w07 ១/៥ ទំ. ២៣-២៧

កុំ​ពង្រាត់​មនុស្ស​ដែល​ព្រះ​បាន​ផ្សំផ្គុំ​គ្នា

«គេ​មិន​មែន​ជា​២​ទៀត គឺ​ជា​សាច់​តែ​១​ទេ ដូច្នេះ​កុំ​ឲ្យ​អ្នក​ណា​ពង្រាត់​មនុស្ស​ដែល​ព្រះ​ទ្រង់​បាន​ផ្សំផ្គុំ​គ្នា​ឡើយ»។—ម៉ាថាយ ១៩:៦

១, ២​. ហេតុ​អ្វី​ក៏​សម​ហេតុ​សម​ផល​ហើយ​ស្រប​ទៅ​នឹង​គម្ពីរ​ដែល​ឲ្យ​យើង​ដឹង​ថា ស្វាមី​ភរិយា​នឹង​មាន​បញ្ហា​ម្ដងម្កាល?

សូម​គិត​មើល អ្នក​បាន​ត្រៀម​ខ្លួន​ដើម្បី​ធ្វើ​ដំណើរ​យ៉ាង​ឆ្ងាយ​តាម​រថយន្ត។ តើ​អាច​មាន​បញ្ហា​តាម​ផ្លូវ​ទេ? ច្បាស់​ជា​អាច​មាន​មែន! ជា​ឧទាហរណ៍ ប្រហែល​ជា​មាន​ខ្យល់​ព្យុះ​ដែល​បង្ខំ​អ្នក​ឲ្យ​បន្ថយ​ល្បឿន​និង​បើក​បរ​ដោយ​ប្រុង​ប្រយ័ត្ន។ ឬ​មួយ​ក៏​ប្រហែល​ជា​រថយន្ត​ខូច​ហើយ​អ្នក​មិន​ចេះ​ជួសជុល​ដោយ​ខ្លួន​ឯង ដូច្នេះ​ត្រូវ​ផ្អាក​ដំណើរ​សិន​ដើម្បី​រក​ជាង។ បើ​មាន​ស្ថានការណ៍​បែប​នោះ​មែន តើ​អ្នក​នឹង​ស្ដាយ​ក្រោយ​ពី​ការ​ចេញ​ដំណើរ​ទេ? ឬ​តើ​អ្នក​នឹង​សម្រេច​ចិត្ត​ចោល​រថយន្ត​នៅ​ទី​នោះ​ទេ? មិន​ទេ ពីព្រោះ​ពេល​អ្នក​ធ្វើ​ដំណើរ​ឆ្ងាយ អ្នក​ដឹង​ថា​អាច​មាន​បញ្ហា​មែន ដូច្នេះ​អ្នក​ខំ​គិត​ពី​វិធី​ដោះស្រាយ​បញ្ហា​ទាំង​នោះ។

២ ការ​រៀប​អាពាហ៍ពិពាហ៍​ក៏​មាន​លក្ខណៈ​ស្រដៀង​គ្នា​ដែរ ពីព្រោះ​ស្វាមី​ភរិយា​មិន​អាច​ជៀស​វាង​បញ្ហា​ទាំង​ស្រុង​បាន​ឡើយ។ មិន​ជា​ការ​សម​ហេតុ​សម​ផល​ទេ ឲ្យ​សាមី​ខ្លួន​អ្នក​ការ​គិត​ថា​ពួក​គេ​នឹង​រៀប​ការ​ហើយ​មាន​សុភមង្គល​រហូត។ សៀវភៅ​កូរិនថូសទី១ ៧:២៨ ក្នុង​គម្ពីរ​បង្ហាញ​យ៉ាង​ច្បាស់​ថា ស្វាមី​ភរិយា«នឹង​មាន​សេចក្ដី​ទុក្ខ​ព្រួយ​ខាង​សាច់​ឈាម»ជា​មិន​ខាន។ ហេតុ​អ្វី? និយាយ​ឲ្យ​ចំ​ទៅ ស្វាមី​ភរិយា​តែង​មាន​ទុក្ខ​ព្រួយ​ខ្លះៗ ពីព្រោះ​ពួក​គាត់​មិន​មាន​ភាព​ល្អ​ឥតខ្ចោះ​ទេ ហើយ​ណា​មួយ​ទៀត យើង​កំពុង​រស់​នៅ«ជាន់​ក្រោយ​បង្អស់​[ដែល]​មាន​គ្រា​លំបាក​ណាស់»។ (ធីម៉ូថេទី២ ៣:១; រ៉ូម ៣:២៣) អាស្រ័យ​ហេតុ​នេះ សូម្បី​តែ​ស្វាមី​ភរិយា​ដែល​ចុះ​សម្រុង​គ្នា​និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​ណែនាំ​ពី​ព្រះ ក៏​នឹង​មាន​បញ្ហា​ម្ដងម្កាល​ដែរ។

៣​. (ក) នៅ​សម័យ​នេះ តើ​មនុស្ស​ជា​ច្រើន​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​អាពាហ៍ពិពាហ៍? (ខ) ហេតុ​អ្វី​ក៏​ស្វាមី​ភរិយា​ដែល​ជា​គ្រិស្ត​សា​សនិក​ខិតខំ​ឲ្យ​នៅ​ភ្ជាប់​នឹង​គ្នា​រហូត?

៣ ពេល​ស្វាមី​ភរិយា​មាន​បញ្ហា​នៅ​សម័យ​នេះ ខ្លះ​សុខ​ចិត្ត​លែង​លះ​គ្នា​ភ្លាម។ នៅ​ប្រទេស​ជា​ច្រើន ចំនួន​ស្វាមី​ភរិយា​ដែល​លែង​លះ​គ្នា​ចេះ​តែ​កើន​ឡើងៗ​ជានិច្ច។ ប៉ុន្តែ គ្រិស្ត​សា​សនិក​ពិត​មិន​ប្រព្រឹត្ត​ដូច​មនុស្ស​នៅ​សម័យ​នេះ​ទេ។ ផ្ទុយ​ទៅ​វិញ ស្វាមី​ភរិយា​ដែល​ជា​គ្រិស្ត​សា​សនិក​ខំ​រក​វិធី​ដោះស្រាយ​បញ្ហា​ដែល​ពួក​គាត់​មាន។ ហេតុ​អ្វី? ពីព្រោះ​ពួក​គាត់​ចាត់​ទុក​ចំណង​អាពាហ៍ពិពាហ៍​ជា​អំណោយ​មួយ​ដ៏​វិសេស​ដែល​មក​ពី​ព្រះ​យេហូវ៉ា។ ស្តី​អំពី​ស្វាមី​ភរិយា ព្រះ​យេស៊ូ​បាន​បង្គាប់​ថា៖ «កុំ​ឲ្យ​អ្នក​ណា​ពង្រាត់​មនុស្ស​ដែល​ព្រះ​ទ្រង់​បាន​ផ្សំផ្គុំ​គ្នា​ឡើយ»។ (ម៉ាថាយ ១៩:៦) តាម​ពិត មិន​តែង​តែ​ស្រួល​ទេ​ឲ្យ​យើង​ធ្វើ​តាម​បង្គាប់​នោះ ពីព្រោះ​ពេល​ស្វាមី​ភរិយា​មាន​បញ្ហា ញាតិ​មិត្ត​និង​អ្នក​ឯ​ទៀត​ដែល​ជូន​ឱវាទ​ច្រើន​តែ​លើក​ទឹក​ចិត្ត​ពួក​គាត់​ឲ្យ​លែង​លះ​គ្នា​ឬ​បែក​គ្នា​មួយ​រយៈ។ ជួន​កាល​យោបល់​នោះ​ប្រាស​ចាក​គោលការណ៍​ក្នុង​គម្ពីរ​ដែរ ពីព្រោះ​អ្នក​ដែល​ជូន​ឱវាទ​នោះ​មិន​ជា​អ្នក​ជឿ​លើ​គម្ពីរ​ទេ។a ចំពោះ​គ្រិស្ត​សា​សនិក​វិញ យើង​ដឹង​ថា​ការ​រក​វិធី​ដោះស្រាយ​បញ្ហា​ដើម្បី​ឲ្យ​ស្វាមី​ភរិយា​នៅ​ភ្ជាប់​នឹង​គ្នា​រហូត នោះ​មាន​ប្រយោជន៍​ជា​ជាង​ការ​លែង​លះ​គ្នា​ភ្លាមៗ។ ប្រាកដ​ហើយ យក​ល្អ​ឲ្យ​សាមី​ខ្លួន​អ្នក​ការ​តាំង​ចិត្ត​ធ្វើ​តាម​ការ​ណែនាំ​របស់​ព្រះ​យេហូវ៉ា មិន​មែន​តាម​យោបល់​របស់​អ្នក​ដទៃ​ឡើយ។—សុភាសិត ១៤:១២

ការ​យក​ឈ្នះ​បញ្ហា​ផ្សេងៗ

៤, ៥​. (ក) តើ​ស្វាមី​ភរិយា​ត្រូវ​យក​ឈ្នះ​បញ្ហា​អ្វី​ខ្លះ? (ខ) សូម្បី​តែ​ពេល​ស្វាមី​ភរិយា​មាន​បញ្ហា​រវាង​គ្នា ហេតុ​អ្វី​ក៏​គោលការណ៍​ក្នុង​គម្ពីរ​មាន​ប្រសិទ្ធភាព?

៤ ស្វាមី​ភរិយា​ទាំង​ឡាយ​នឹង​មាន​បញ្ហា​ម្ដងម្កាល​ជា​មិន​ខាន។ ក្នុង​ករណី​ភាគ​ច្រើន ស្វាមី​ភរិយា​មាន​បញ្ហា​តូចតាច​ដោយ​ព្រោះ​ពួក​គេ​ទាំង​ពីរ​នាក់​មាន​ទស្សនៈ​ខុស​គ្នា​តិច​តួច។ ប៉ុន្តែ គូ​ស្វាមី​ភរិយា​ខ្លះ​មាន​បញ្ហា​ធំ​ធ្ងន់​ដែល​អាច​បង្ខូច​ចំណង​អាពាហ៍ពិពាហ៍​តែ​ម្ដង។ ជួន​កាល​ស្វាមី​ភរិយា​ត្រូវ​សូម​ជំនួយ​ពី​អ្នក​ចាស់​ទុំ​គ្រិស្ត​សា​សនិក​ដែល​មាន​បទពិសោធន៍​ច្រើន​ដោយសារ​មាន​គ្រួសារ​ខ្លួន​ឯង។ បើ​អ្នក​មាន​បញ្ហា​ធំ​បែប​នេះ កុំ​គិត​ថា​អ្នក​ទាំង​ពីរ​នាក់​មិន​អាច​នៅ​ជា​មួយ​គ្នា​ទៀត​ទេ។ តាម​ពិត ពេល​មាន​បញ្ហា នេះ​គ្រាន់​តែ​បញ្ជាក់​ពី​សារៈ​សំខាន់​នៃ​ការ​ធ្វើ​តាម​គោលការណ៍​ក្នុង​គម្ពីរ​ដើម្បី​រក​វិធី​ដោះស្រាយ​រឿង​នោះ។

៥ ដោយសារ​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​បាន​បង្កើត​មនុស្ស​លោក ហើយ​ជា​អ្នក​ផ្ដើម​គំនិត​ឲ្យ​មនុស្ស​ជាតិ​រៀប​អាពាហ៍ពិពាហ៍​ជា​ស្វាមី​ភរិយា នោះ​ទ្រង់​ដឹង​ច្បាស់​ជាង​គេ​បង្អស់​អំពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ឲ្យ​មាន​ចំណង​អាពាហ៍ពិពាហ៍​ល្អ​ដែល​ស្ថិតស្ថេរ។ ប៉ុន្តែ អ្វី​ដែល​យើង​ត្រូវ​សួរ​ខ្លួន​ឯង​គឺ​ថា តើ​យើង​នឹង​ស្ដាប់​តាម​ឱវាទ​ដែល​ទ្រង់​បាន​ផ្ដាំ​ទុក​ក្នុង​គម្ពីរ​ឬ​ទេ? បើ​យើង​សុខ​ចិត្ត​ធ្វើ​តាម​នោះ យើង​ប្រាកដ​ជា​នឹង​ទទួល​ប្រយោជន៍​មែន។ ព្រះ​យេហូវ៉ា​បាន​ប្រាប់​រាស្ត្រ​ទ្រង់​ពី​បុរាណ​ថា៖ ‹បើ​អ្នក​ស្ដាប់​តាម​បញ្ញត្ត​ទាំង​ប៉ុន្មាន​របស់​យើង នោះ​សេចក្ដី​សុខ​របស់​អ្នក​នឹង​បាន​ដូច​ជា​ទន្លេ សេចក្ដី​សុចរិត​របស់​អ្នក​នឹង​បាន​ដូច​ជា​រលក​នៃ​សមុទ្រ›។ (អេសាយ ៤៨:១៨) ពេល​ស្វាមី​ភរិយា​ធ្វើ​តាម​ការ​ណែនាំ​ក្នុង​គម្ពីរ ពួក​គេ​អាច​ទទួល​ជោគជ័យ​បាន។ មុន​ដំបូង យើង​សូម​ពិនិត្យ​មើល​ឱវាទ​ក្នុង​គម្ពីរ​ចំពោះ​ស្វាមី​ទាំង​ឡាយ។

«ចូរ​ស្រឡាញ់​ប្រពន្ធ​ខ្លួន»

៦​. តើ​គម្ពីរ​ព្រះ​មាន​ឱវាទ​អ្វី​ចំពោះ​ស្វាមី​ទាំង​ឡាយ?

៦ សំបុត្រ​ដែល​សាវ័ក​ប៉ុល​បាន​សរសេរ​ចំពោះ​ក្រុមជំនុំ​នៅ​ទី​ក្រុង​អេភេសូរ មាន​ការ​ណែនាំ​ដ៏​ច្បាស់​លាស់​សម្រាប់​ស្វាមី​ទាំង​ឡាយ។ ប៉ុល​សរសេរ​ថា៖ «បុរស​រាល់​គ្នា​អើយ! ចូរ​ស្រឡាញ់​ប្រពន្ធ​ខ្លួន​ដូច​ជា​ព្រះ​គ្រីស្ទ​បាន​ស្រឡាញ់​ដល់​ពួក​ជំនុំ ហើយ​បាន​ប្រគល់​ព្រះ​អង្គ​ទ្រង់​ជំនួស​ផង។ ត្រូវ​ឲ្យ​ប្ដី​ស្រឡាញ់​ប្រពន្ធ​បែប​យ៉ាង​នោះ​ឯង គឺ​ដូច​ជា​ស្រឡាញ់​រូប​កាយ​របស់​ខ្លួន​ដែរ។ អ្នក​ណា​ដែល​ស្រឡាញ់​ប្រពន្ធ​ខ្លួន នោះ​ក៏​ឈ្មោះ​ថា​ស្រឡាញ់​ដល់​ខ្លួន​ឯង​ហើយ ដ្បិត​មិន​ដែល​មាន​អ្នក​ណា​ស្អប់​រូប​សាច់​ខ្លួន​ឯង​ឡើយ គឺ​គេ​តែង​ចិញ្ចឹម ហើយ​ថ្នាក់ថ្នម​វិញ ដូច​ជា​ព្រះ​អម្ចាស់​ដល់​ពួក​ជំនុំ​ដែរ។ ប៉ុន្តែ ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ទាំង​អស់​ស្រឡាញ់​ប្រពន្ធ​ខ្លួន​ដូច​ជា​ខ្លួន​ឯង»។—អេភេសូរ ៥:២៥, ២៨, ២៩, ៣៣

៧​. (ក) តើ​ចំណង​អាពាហ៍ពិពាហ៍​របស់​ពួក​គ្រិស្ត​សា​សនិក​គួរ​ផ្អែក​លើ​អ្វី? (ខ) តើ​ការ​ស្រឡាញ់​ភរិយា​រហូត​តម្រូវ​ឲ្យ​ស្វាមី​ធ្វើ​អ្វី​ខ្លះ?

៧ ជា​ជាង​រៀប​រាប់​អំពី​បញ្ហា​គ្រប់​បែប​យ៉ាង​ដែល​ស្វាមី​ភរិយា​អាច​មាន​រវាង​គ្នា ប៉ុល​បាន​ពន្យល់​អំពី​របៀប​ដោះស្រាយ​រឿង​ទាំង​ឡាយ​ដោយ​សម្គាល់​លក្ខណៈ​សំខាន់​ជាង​គេ​ដែល​ស្វាមី​ភរិយា​គួរ​បង្ហាញ​ចំពោះ​គ្នា ពោល​គឺ សេចក្ដី​ស្រឡាញ់។ តាម​ពិត ខ​ទាំង​នោះ​មាន​ពាក្យ​ស្រឡាញ់​៧​ដង ហើយ​គួរ​ឲ្យ​កត់​សម្គាល់​មួយ​ទៀត​ថា ពេល​ប៉ុល​បង្គាប់​ឲ្យ​ស្វាមី«ស្រឡាញ់​ប្រពន្ធ​ខ្លួន»នោះ ពាក្យ​ភាសា​ដើម​រួម​បញ្ចូល​គំនិត​ថា ស្វាមី​ត្រូវ​ស្រឡាញ់​នាង​រហូត។ យ៉ាង​នេះ ប៉ុល​ច្បាស់​ជា​ទទួល​ស្គាល់​ថា ការ​ស្រឡាញ់​គ្នា​រហូត​មិន​ជា​ការ​ងាយ​ស្រួល​ដូច​ពេល​ឃើញ​គេ​ភ្លាម​ស្រឡាញ់​ភ្លែត​ទេ។ ហើយ​ការ​ស្រឡាញ់​គ្នា​រហូត​គឺ​រឹតតែ​ពិបាក​នៅ«ជាន់​ក្រោយ​បង្អស់»នេះ ពេល​មនុស្ស​ចេះ​តែ«ស្រឡាញ់​តែ​ខ្លួន​ឯង»និង«គ្មាន​អធ្យាស្រ័យ»។ (ធីម៉ូថេទី២ ៣:១​-​៣; ខ.ស.) សព្វ​ថ្ងៃ គុណ​វិបត្ដិ​បែប​នេះ​កំពុង​ពង្រេចពង្រឹល​ចំណង​អាពាហ៍ពិពាហ៍​របស់​ស្វាមី​ភរិយា​ជា​ច្រើន ប៉ុន្តែ​ស្វាមី​ដែល​ខំ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ភរិយា​នឹង​មិន​អនុញ្ញាត​ឲ្យ​អាត្មា​និយម​របស់​មនុស្ស​សម័យ​នេះ​មាន​ឥទ្ធិពល​លើ​គំនិត​និង​អាកប្បកិរិយា​របស់​គាត់​ទេ។—រ៉ូម ១២:២

វិធី​ផ្គត់ផ្គង់​ភរិយា

៨, ៩​. តើ​ស្វាមី​ដែល​ជា​គ្រិស្ត​សា​សនិក​ត្រូវ​ផ្គត់ផ្គង់​អ្វី​ខ្លះ​ឲ្យ​ភរិយា?

៨ បើ​អ្នក​ជា​គ្រិស្ត​សា​សនិក​ដែល​មាន​ភរិយា តើ​អ្នក​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​នាង ហើយ​ទប់ទល់​កុំ​ឲ្យ​អាត្មា​និយម​បាន​យ៉ាង​ណា? ក្នុង​ពាក្យ​របស់​ប៉ុល​ចំពោះ​ពួក​អេភេសូរ​ដែល​ដក​ស្រង់​នៅ​ខាង​លើ គាត់​បាន​បញ្ជាក់​ចំណុច​ពីរ​យ៉ាង​ដែល​ស្វាមី​ត្រូវ​ធ្វើ ពោល​គឺ ផ្គត់ផ្គង់​ភរិយា ហើយ​ថ្នាក់ថ្នម​នាង​ដូច​ជា​ថ្នាក់ថ្នម​ខ្លួន​ឯង។ តើ​អ្នក​អាច​ផ្គត់ផ្គង់​ភរិយា​បាន​យ៉ាង​ណា? របៀប​មួយ​គឺ​ដោយ​ចិញ្ចឹម​នាង។ ប៉ុល​បាន​សរសេរ​ចំពោះ​ធី​ម៉ូថេ​ថា៖ «បើ​មាន​អ្នក​ណា​ដែល​មិន​ផ្គត់ផ្គង់​ឲ្យ​ពួក​ញាតិ​សន្ដាន​ខ្លួន គឺ​ឲ្យ​ពួក​អ្នក​ផ្ទះ​ខ្លួន​ជា​ដើម អ្នក​នោះ​ឈ្មោះ​ថា​បាន​បោះបង់​ចោល​សេចក្ដី​ជំនឿ​ហើយ ក៏​អាក្រក់​ជាង​មនុស្ស​ដែល​មិន​បាន​ជឿ​ទៅ​ទៀត»។—ធីម៉ូថេទី១ ៥:៨

៩ ប៉ុន្តែ ការ​ចិញ្ចឹម​ភរិយា​មិន​ទាក់ទង​តែ​ការ​ផ្គត់ផ្គង់​អាហារ សម្លៀក​បំពាក់​និង​ទី​ជម្រក​ប៉ុណ្ណោះ​ទេ។ ហេតុ​អ្វី? ពីព្រោះ​ចុះ​យ៉ាង​ណា​បើ​ស្វាមី​ពូកែ​ផ្ដល់​សម្ភារៈ​ដែល​ភរិយា​ត្រូវ​ការ តែ​មិន​បំពេញ​ការ​ស្រេក​ឃ្លាន​របស់​នាង​ខាង​ផ្លូវ​ចិត្ត ហើយ​មិន​ជួយ​នាង​ឲ្យ​មាន​ចំណង​មិត្តភាព​ល្អ​ជា​មួយ​នឹង​ព្រះ។ រឿង​ទាំង​នេះ​គឺ​សំខាន់​ដូច​គ្នា។ ទោះ​បើ​បុរស​គ្រិស្ត​សា​សនិក​ខ្លះ​រវល់​ណាស់​ក្នុង​ការ​បម្រើ​ក្រុមជំនុំ​ក្ដី ពួក​គាត់​ក៏​មិន​គួរ​អនុញ្ញាត​ឲ្យ​ភារកិច្ច​ធ្ងន់ធ្ងរ​នោះ រំខាន​ដល់​កាតព្វកិច្ច​ដែល​ព្រះ​ប្រទាន​ឲ្យ​គាត់​ជា​មេ​គ្រួសារ​ឡើយ។ (ធីម៉ូថេទី១ ៣:៥, ១២) ប៉ុន្មាន​ឆ្នាំ​មុន​នេះ មាន​ការ​ពន្យល់​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម​ថា៖ «ស្រប​ទៅ​តាម​អ្វី​ដែល​ចែង​ទុក​ក្នុង​គម្ពីរ នោះ​ពួក​អ្នក​ចាស់​ទុំ​ត្រូវ​ឃ្វាល​ក្រុម​គ្រួសារ​របស់​ខ្លួន​ទុក​ជា​មុន។ បើ​អ្នក​ចាស់​ទុំ​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ក្រុម​គ្រួសារ​របស់​ខ្លួន គាត់​ប្រហែល​ជា​នឹង​បាត់បង់​មុខ​តំណែង​ជា​អ្នក​ចាស់​ទុំ​ទៀត»។b នេះ​បង្ហាញ​យ៉ាង​ច្បាស់​ថា ជា​ការ​ចាំបាច់​ណាស់​ឲ្យ​ស្វាមី​ផ្គត់ផ្គង់​អ្វី​ដែល​ភរិយា​ត្រូវ​ការ​ខាង​សម្ភារៈ​និង​ផ្លូវ​ចិត្ត ប៉ុន្តែ​សំខាន់​បំផុត​គាត់​ត្រូវ​ជួយ​នាង​ឲ្យ​មាន​ជំនឿ​មាំមួន​ផង។

វិធី​ថ្នាក់ថ្នម​ភរិយា

១០​. តើ​ស្វាមី​អាច​ថ្នាក់ថ្នម​ភរិយា​ដោយ​របៀប​ណា?

១០ ការ​ថ្នាក់ថ្នម​ភរិយា​របស់​ខ្លួន មាន​ន័យ​ថា​អ្នក​នឹង​ថែទាំ​នាង​ដោយ​ក្ដី​ស្រឡាញ់ ហើយ​មាន​វិធី​ច្រើន​យ៉ាង​ឲ្យ​អ្នក​ធ្វើ​ដូច្នេះ​បាន។ ទី​មួយ អ្នក​គួរ​ចំណាយ​ពេល​គ្រប់គ្រាន់​នៅ​ជា​មួយ​នាង។ បើ​អ្នក​មិន​សូវ​ចំណាយ​ពេល​នៅ​ជា​មួយ​ភរិយា សេចក្ដី​ស្រឡាញ់​របស់​នាង​ចំពោះ​អ្នក​អាច​រសាយ​បាត់​អស់។ ម្យ៉ាង​ទៀត សូម​គិត​ពិចារណា​ថា ទោះ​ជា​អ្នក​មាន​ទស្សនៈ​ថា អ្នក​កំពុង​យក​ចិត្ត​ទុក​ដាក់​ហើយ​ចំណាយ​ពេល​គ្រប់គ្រាន់​ជា​មួយ​នាង​ក៏​ដោយ តើ​នាង​ពិត​ជា​មាន​ចិត្ត​ស្កប់ស្កល់​ទេ? កុំ​ឲ្យ​ពេញ​ចិត្ត​ចំពោះ​តែ​ទស្សនៈ​របស់​ខ្លួន​ថា អ្នក​កំពុង​ថ្នាក់ថ្នម​ភរិយា​យ៉ាង​ល្អ។ ផ្ទុយ​ទៅ​វិញ ចូរ​ខំ​ស្វែង​យល់​អំពី​ភរិយា​ថា តើ​នាង​ពេញ​ចិត្ត​នឹង​របៀប​ដែល​អ្នក​ថ្នាក់ថ្នម​នាង​ទេ? ប៉ុល​បាន​សរសេរ​ថា៖ «កុំ​ឲ្យ​អ្នក​ណា​ស្វែង​រក​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ ត្រូវ​រក​ដល់​អ្នក​ដទៃ​វិញ»។ (កូរិនថូសទី១ ១០:២៤) បើ​អ្នក​ជា​ស្វាមី​ដែល​ស្រឡាញ់​ភរិយា​មែន នោះ​គួរ​គប្បី​ឲ្យ​អ្នក​ខំ​យល់​ច្បាស់​ថា តើ​នាង​ពិត​ជា​ត្រូវ​ការ​អ្វី​ពី​អ្នក?—ភីលីព ២:៤

១១​. របៀប​ដែល​ស្វាមី​និយាយ​និង​ប្រព្រឹត្ត​ទៅ​លើ​ភរិយា តើ​នេះ​អាច​មាន​ឥទ្ធិពល​យ៉ាង​ណា​លើ​ចំណង​មិត្តភាព​របស់​គាត់​ជា​មួយ​ព្រះ​និង​ក្រុមជំនុំ?

១១ វិធី​មួយ​ទៀត​ដែល​អ្នក​អាច​ថ្នាក់ថ្នម​ភរិយា​បាន គឺ​ដោយ​និយាយ​របៀប​ផ្អែម​ល្ហែម​និង​ប្រព្រឹត្ត​យ៉ាង​ទន់ភ្លន់​លើ​នាង។ (សុភាសិត ១២:១៨) ប៉ុល​បាន​សរសេរ​ចំពោះ​ពួក​គ្រិស្ត​សា​សនិក​នៅ​ទី​ក្រុង​កូល៉ុស​ថា៖ «ពួក​ប្រុសៗ​អើយ! ចូរ​ស្រឡាញ់​ប្រពន្ធ​ចុះ! កុំ​ឲ្យ​មាន​ចិត្ត​ជិនឆ្អន់​[ឬ«មួម៉ៅ​ដាក់​នាង»]​ឡើយ»។ (កូល៉ុស ៣:១៩; ខ.ស.) យោង​ទៅ​តាម​សៀវភៅ​មួយ ពាក្យ​របស់​ប៉ុល​ដែល​ថា ‹កុំ​ឲ្យ​មាន​ចិត្ត​ជិនឆ្អន់​ឬ​មួម៉ៅ​ដាក់​នាង›នោះ អាច​បកប្រែ​តាម​ពាក្យ​សាមញ្ញ​ជាង​ថា «កុំ​ប្រព្រឹត្ត​លើ​នាង​ដូច​ជា​អ្នក​បម្រើ»​ឬ​«ខ្ញុំ​បម្រើ​ដាច់​ថ្លៃ​ទេ»។ បើ​ស្វាមី​ជិះជាន់​ភរិយា (មិន​ថា​នៅ​មុខ​អ្នក​ដទៃ​ឬ​ដោយ​ឡែក​ពី​មនុស្ស​ឯ​ទៀត​ក្ដី) នេះ​មិន​មែន​ជា​ការ​ថ្នាក់ថ្នម​ទេ។ បើ​ស្វាមី​និយាយ​មិន​ពីរោះ​ឬ​ប្រព្រឹត្ត​មិន​សម​គួរ​ទៅ​លើ​ភរិយា នេះ​អាច​មាន​ឥទ្ធិពល​មិន​ល្អ​លើ​ចំណង​មិត្តភាព​របស់​គាត់​ជា​មួយ​នឹង​ព្រះ។ យ៉ាង​នេះ សាវ័ក​ពេត្រុស​បាន​សរសេរ​ប្រាប់​ស្វាមី​ទាំង​ឡាយ​ថា៖ «ឯ​ពួក​ប្រុសៗ នោះ​ក៏​ត្រូវ​នៅ​ជា​មួយ​នឹង​ប្រពន្ធ​ដោយ​ប្រាជ្ញា​ដែរ ដូច​នឹង​គ្រឿង​ភាជនៈ​ដែល​ខ្សោយ​ជាង គឺ​ជា​មនុស្ស​ស្រី ព្រម​ទាំង​រាប់​អាន​នាង ទុក​ដូច​ជា​អ្នក​គ្រង​ព្រះ​គុណ​នៃ​ជីវិត​ទុក​ជា​មរ​ដក​ជា​មួយ​គ្នា ដើម្បី​កុំ​ឲ្យ​មាន​អ្វី​បង្អាក់​ដល់​សេចក្ដី​អធិស្ឋាន​របស់​អ្នក​រាល់​គ្នា​ឡើយ»។c—ពេត្រុស​ទី១ ៣:៧

១២​. តើ​ស្វាមី​ទាំង​ឡាយ​អាច​រៀន​អ្វី​ខ្លះ​អំពី​របៀប​ដែល​ព្រះ​យេស៊ូ​បាន​ប្រព្រឹត្ត​លើ​ក្រុមជំនុំ​នៃ​ពួក​គ្រិស្ត​សា​សនិក?

១២ កុំ​គិត​ថា​ភរិយា​ជំពាក់​សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​ឡើយ។ ចូរ​ប្រាប់​នាង​ម្ដង​ហើយ​ម្ដង​ទៀត​ថា អ្នក​ស្រឡាញ់​នាង​ជានិច្ច។ របៀប​ដែល​ព្រះ​យេស៊ូ​បាន​ប្រព្រឹត្ត​លើ​ពួក​ជំនុំ ជា​គំរូ​ល្អ​ចំពោះ​ស្វាមី​ទាំង​ឡាយ​ដែល​ជា​គ្រិស្ត​សា​សនិក។ ព្រះ​យេស៊ូ​បាន​ប្រព្រឹត្ត​ដោយ​សុភាព​រាបសា​ចំពោះ​អស់​អ្នក​ដែល​កាន់​តាម​ទ្រង់ ហើយ​ទ្រង់​បង្ហាញ​ចិត្ត​មេត្ដា​និង​អត់​ឱន​ទោស​ពួក​គេ​ផង​ដែរ សូម្បី​តែ​ពេល​ពួក​គេ​មាន​លក្ខណៈ​មិន​ល្អ​ជា​ញយៗ​ក្ដី។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​យេស៊ូ​អាច​អញ្ជើញ​អ្នក​ដទៃ​ដោយ​ថា៖ «ចូរ​មក​ឯ​ខ្ញុំ . . . ដ្បិត​ខ្ញុំ​ស្លូត​ហើយ​មាន​ចិត្ត​សុភាព នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សេចក្ដី​សំរាក​[ឬ«ស្ងប់​ចិត្ត»]»។ (ម៉ាថាយ ១១:២៨, ២៩; ខ.ស.) ស្វាមី​ទាំង​ឡាយ​ដែល​ជា​គ្រិស្ត​សា​សនិក​ក៏​គួរ​យក​តម្រាប់​តាម​គំរូ​របស់​ព្រះ​យេស៊ូ ដោយ​ប្រព្រឹត្ត​លើ​ភរិយា​ដូច​ទ្រង់​បាន​ប្រព្រឹត្ត​លើ​ពួក​ជំនុំ។ ពេល​ស្វាមី​ថ្នាក់ថ្នម​ភរិយា​ដោយ​យក​ចិត្ត​ទុក​ដាក់ (ដែល​រួម​បញ្ចូល​ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ត​ផង) នោះ​នាង​នឹង​មាន​អារម្មណ៍​ស្ងប់​ចិត្ត​ដែរ។

ភរិយា​ដែល​ធ្វើ​តាម​គោលការណ៍​ក្នុង​គម្ពីរ

១៣​. តើ​មាន​គោលការណ៍​អ្វី​ខ្លះ​ក្នុង​គម្ពីរ​ដែល​អាច​ជួយ​ណែនាំ​ភរិយា​ទាំង​ឡាយ?

១៣ គម្ពីរ​ព្រះ​ក៏​មាន​គោលការណ៍​ផ្សេងៗ​ដែល​អាច​ជួយ​ភរិយា​ទាំង​ឡាយ​ដែរ។ សៀវភៅ​អេភេសូរ​ចែង​ថា៖ «ស្ត្រី​រាល់​គ្នា​អើយ! ចូរ​ឲ្យ​ចុះ​ចូល​ចំពោះ​ប្ដី​ខ្លួន​ដូច​ជា​ចុះ​ចូល​នឹង​ព្រះ​អម្ចាស់​ដែរ ដ្បិត​ប្ដី​ជា​ក្បាល​នៃ​ប្រពន្ធ​ដូច​ជា​ព្រះ​គ្រីស្ទ​ទ្រង់​ជា​សិរសា​នៃ​ពួក​ជំនុំ​ដែរ ក៏​ជា​ព្រះ​អង្គ​សង្គ្រោះ​ដល់​រូប​កាយ​ផង ហើយ​ដូច​ជា​ពួក​ជំនុំ​ចុះ​ចូល​នឹង​ព្រះ​គ្រីស្ទ​ជា​យ៉ាង​ណា នោះ​ត្រូវ​ឲ្យ​ប្រពន្ធ​ចុះ​ចូល​នឹង​ប្ដី​ខ្លួន​ក្នុង​គ្រប់​ការ​ទាំង​អស់​យ៉ាង​នោះ​ដែរ។ . . . ហើយ​ប្រពន្ធ​ក៏​ត្រូវ​កោត​ខ្លាច​[ឬ«គោរព»]​ប្ដី​ដែរ»។—អេភេសូរ ៥:២២​-​២៤, ៣៣; ខ.ស.

១៤​. ហេតុ​អ្វី​ក៏​មិន​ជា​ការ​ថោកទាប​ទេ ឲ្យ​ស្ត្រី​ចុះ​ចូល​ចំពោះ​ស្វាមី​តាម​គោលការណ៍​ក្នុង​គម្ពីរ?

១៤ សូម​កត់​សម្គាល់​ថា ប៉ុល​បាន​សង្កត់​ធ្ងន់​ទៅ​លើ​ការ​ចុះ​ចូល​និង​ការ​គោរព។ ខ​ទាំង​នោះ​ជួយ​រំលឹក​ភរិយា​ទាំង​ឡាយ​ថា នាង​ត្រូវ​ចុះ​ចូល​ចំពោះ​ស្វាមី​ជានិច្ច ហើយ​នេះ​ជា​ការ​រៀបចំ​របស់​ព្រះ។ មនុស្ស​និង​ទេវតា​ទាំង​ឡាយ​សុទ្ធតែ​ត្រូវ​ចុះ​ចូល​តាម​ឋានៈ​រៀងៗខ្លួន។ សូម្បី​តែ​ព្រះ​យេស៊ូ​ក៏​ចុះ​ចូល​ចំពោះ​ព្រះ​យេហូវ៉ា​ដែរ។ (កូរិនថូសទី១ ១១:៣) បើ​ស្វាមី​ប្រើ​អំណាច​ជា​មេ​គ្រួសារ​យ៉ាង​ត្រឹម​ត្រូវ នោះ​មិន​ជា​ការ​ពិបាក​ឲ្យ​ភរិយា​ចុះ​ចូល​ជានិច្ច​ចំពោះ​គាត់​ទេ។

១៥​. តើ​គម្ពីរ​ព្រះ​មាន​ឱវាទ​អ្វី​ខ្លះ​ចំពោះ​ភរិយា​ទាំង​ឡាយ?

១៥ ប៉ុល​ក៏​បាន​មាន​ប្រសាសន៍​ថា ភរិយា​ទាំង​ឡាយ​គួរ«គោរព»ស្វាមី​ផង​ដែរ។ ភរិយា​ដែល​ជា​គ្រិស្ត​សា​សនិក​គួរ​មាន​ចិត្ត«សំ​ឡូ​ត​ហើយ​រម្យទម» ដោយ​មិន​ចង់​ធ្វើ​អ្វី​តាម​តែ​ចិត្ត​ខ្លួន​ឯង​ឬ​បង្ហាញ​អំណួត​ដោយ​ប្រកួត​ប្រជែង​នឹង​ស្វាមី​ទេ។ (ពេត្រុសទី១ ៣:៤) ភរិយា​ដែល​ស្រឡាញ់​ព្រះ​រមែង​ធ្វើ​ការ​ដោយ​ខ្នះខ្នែង​ដើម្បី​ក្រុម​គ្រួសារ ហើយ​នាង​ក៏​ផ្ដល់​កិត្ដិយស​ឲ្យ​ស្វាមី​ជា​មេ​គ្រួសារ​ផង។ (ទីតុស ២:៤, ៥) ភរិយា​ល្អ​តែង​តែ​និយាយ​បែប​គួរ​សម​អំពី​ស្វាមី ហើយ​មិន​ចង់​ធ្វើ​អ្វី​សោះ​ដែល​អាច​នាំ​ឲ្យ​មនុស្ស​ដទៃ​មើលងាយ​គាត់។ នាង​ក៏​ខិតខំ​បំពេញ​តាម​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​ដែរ។—សុភាសិត ១៤:១

១៦​. តើ​ភរិយា​ដែល​ជា​គ្រិស្ត​សា​សនិក​អាច​ទាញ​យក​មេ​រៀន​អ្វី​ពី​គំរូ​របស់​សារ៉ា​និង​រេបិកា?

១៦ ពេល​និយាយ​ថា ភរិយា​គួរ​មាន​ចិត្ត​ស្លូត​ហើយ​រម្យទម​នោះ នេះ​មិន​បាន​សេចក្ដី​ថា គំនិត​របស់​ស្ត្រី​ដែល​ជា​គ្រិស្ត​សា​សនិក​គ្មាន​តម្លៃ ឬ​គាត់​មិន​គួរ​មាន​ទស្សនៈ​ផ្ទាល់​ខ្លួន​ទេ។ ស្ត្រី​ខ្លះ​ដែល​ជា​អ្នក​គោរព​ព្រះ​នៅ​សម័យ​បុរាណ (ដូច​នាង​សារ៉ា​និង​រេបិកា) បាន​និយាយ​ដោយ​ឥត​លាក់​លៀម​ពេល​ពួក​គាត់​ខ្វល់ខ្វាយ​អំពី​រឿង​សំខាន់ៗ ហើយ​កំណត់​ហេតុ​ក្នុង​គម្ពីរ​បង្ហាញ​ឲ្យ​ដឹង​ថា ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ចំពោះ​អ្វី​ដែល​ពួក​គាត់​បាន​ធ្វើ​នោះ។ (លោកុប្បត្តិ ២១:៨​-​១២; ២៧:​៤៦​–​​២៨:៤) ភរិយា​ទាំង​ឡាយ​ដែល​ជា​គ្រិស្ត​សា​សនិក​ក៏​មាន​សិទ្ធិ​ប្រាប់​ពី​អារម្មណ៍​ក្នុង​ចិត្ត​ខ្លួន​ដែរ។ ប៉ុន្តែ ពេល​ធ្វើ​ដូច្នេះ នាង​គួរ​គិត​ដល់​អារម្មណ៍​ស្វាមី​ខ្លួន ហើយ​មិន​ត្រូវ​ប្រើ​សម្ដី​ថោកទាប​ទេ។ បើ​ភរិយា​ប្រើ​សម្ដី​ល្អ នោះ​ស្វាមី​ទំនង​ជា​នឹង​ស្ដាប់​ហើយ​ធ្វើ​តាម​យោបល់​របស់​នាង​មែន។

សារៈ​សំខាន់​នៃ​ភក្ដីភាព

១៧, ១៨​. តើ​ស្វាមី​ភរិយា​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ទប់ទល់​នឹង​សាតាំង​ដែល​ចង់​បង្ខូច​ចំណង​អាពាហ៍ពិពាហ៍?

១៧ ពេល​រៀប​អាពាហ៍ពិពាហ៍ សាមី​ខ្លួន​អ្នក​ការ​ស្បថ​ថា ពួក​គេ​នឹង​មាន​ភក្ដីភាព​ចំពោះ​គ្នា​អស់​មួយ​ជីវិត។ ដូច្នេះ ពួក​គេ​ទាំង​ពីរ​នាក់​គួរ​មាន​ចិត្ត​ប្រាថ្នា​មិន​ឃ្លាត​គ្នា​រហូត។ បើ​ស្វាមី​ភរិយា​មិន​និយាយ​រក​គ្នា​ដោយ​ឥត​លាក់​លៀម នេះ​អាច​នាំ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​អន្ទះអន្ទែង ដែល​អាច​ក្លាយ​ជា​រឿង​ធំ​ផង។ ពេល​ស្វាមី​ភរិយា​មាន​បញ្ហា​រវាង​គ្នា ជា​ការ​ធម្មតា​ដែល​ពួក​គេ​ឈប់​និយាយ​រក​គ្នា ហើយ​ជា​លទ្ធផល​ពួក​គេ​ចាប់​ផ្ដើម​ចង​គំនុំ​នឹង​គ្នា​ដែរ។ ស្វាមី​ភរិយា​ខ្លះ​ក៏​រក​ហេតុ​លែង​លះ​គ្នា ប្រហែល​ជា​ដោយ​មាន​គូ​ស្នេហ៍​ថ្មី​មួយ​ទៀត។ ព្រះ​យេស៊ូ​បាន​ព្រមាន​ថា៖ «អ្នក​ណា​ដែល​គ្រាន់​តែ​ក្រឡេក​ឃើញ​ស្ត្រី​ហើយ​មាន​ដំ​រេ​ក​សំរើប​ចង់​បាន នោះ​ឈ្មោះ​ថា​បាន​ប្រព្រឹត្ត​សេចក្ដី​កំផិត​នឹង​នាង​នោះ​នៅ​ក្នុង​ចិត្ត​ខ្លួន​ហើយ»។—ម៉ាថាយ ៥:២៨

១៨ សាវ័ក​ប៉ុល​បាន​ទូន្មាន​គ្រិស្ត​សា​សនិក​ទាំង​ឡាយ ដែល​រួម​បញ្ចូល​គ្រិស្ត​សា​សនិក​ដែល​បាន​រៀប​អាពាហ៍ពិពាហ៍​ហើយ​ថា៖ «ចូរ​ខឹង​ចុះ! តែ​កុំ​ឲ្យ​ធ្វើ​បាប​ឡើយ។ កុំ​ឲ្យ​សេចក្ដី​កំហឹង​របស់​អ្នក​នៅ​ដរាប​ដល់​ថ្ងៃ​លិច​ឡើយ ក៏​កុំ​ឲ្យ​អារក្ស​មាន​ឱកាស​ឲ្យ​សោះ»។ (អេភេសូរ ៤:​២៦, ២៧) សាតាំង​ជា​មេ​ស​ត្រូវ​របស់​យើង ហើយ​វា​ខំ​ឆ្លៀត​ឱកាស​ដើម្បី​យក​ឈ្នះ​លើ​ពួក​គ្រិស្ត​សា​សនិក​ពេល​យើង​មាន​រឿង​ជម្លោះ​នឹង​គ្នា។ កុំ​អនុញ្ញាត​ឲ្យ​វា​មាន​ជ័យ​ជម្នះ​លើ​យើង​ឡើយ! ពេល​មាន​បញ្ហា ចូរ​ស្រាវជ្រាវ​ក្នុង​គម្ពីរ​និង​សៀវភៅ​ឯ​ទៀត​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ ដើម្បី​ដឹង​អំពី​ទស្សនៈ​ព្រះ​យេហូវ៉ា។ ចូរ​ពិភាក្សា​ជា​មួយ​គ្នា​ដោយ​ឥត​លាក់​លៀម​ដើម្បី​ដោះស្រាយ​រឿង​ដោយ​សន្ដិ​វិធី ហើយ​ព្យាយាម​ធ្វើ​តាម​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា​ជា​ជាង​ស្ដាប់​ប៉ុណ្ណោះ។ (យ៉ាកុប ១:២២​-​២៥) ចូរ​តាំង​ចិត្ត​ឲ្យ​នៅ​ភ្ជាប់​នឹង​គ្នា​រហូត​ជា​ស្វាមី​ឬ​ភរិយា ព្រម​ទាំង​ដើរ​ជា​មួយ​នឹង​ព្រះ​ដោយ​មិន​អនុញ្ញាត​ឲ្យ​នរណា​ឬ​អ្វី​ក៏​ដោយ​ពង្រាត់​អ្នក​ទាំង​ពីរ​នាក់​ចេញ​ពី​គ្នា ដែល​ទ្រង់​បាន​ផ្សំផ្គុំ​គ្នា​ហើយ!—មីកា ៦:៨

[កំណត់​សម្គាល់]

a សូម​មើល​សៀវភៅ​ស្តើង​ដែល​មាន​ចំណង​ជើង​ថា តើ​ព្រះ​តម្រូវ​អ្វី​ពី​យើង? ទំព័រ​១៧ វគ្គ​៦, ៧ បោះ​ពុម្ព​ដោយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។

b មក​ពី​ទស្សនាវដ្ដី​ប៉មយាម​ជា​ភាសា​អង់គ្លេស ចុះ​ថ្ងៃ​ទី១៥ ខែ​ឧសភា ឆ្នាំ​១៩៨៩ ទំព័រ​១២។

c បើ​បុរស​ម្នាក់​ចង់​ទទួល​ឯកសិទ្ធិ​ក្នុង​ក្រុម​ជំនុំ​នៃ​ពួក​គ្រិស្ត​សា​សនិក គាត់​មិន​គួរ​មាន​លក្ខណៈ​ជា​អ្នក«ឈ្លោះ​ប្រកែក» ដែល​ពាក្យ​ភាសា​ដើម​អាច​សំដៅ​ទៅ​លើ​មនុស្ស​ដែល​ពូកែ​ស្តី​ឲ្យ​ឬ​រហូត​ដល់​វាយ​គេ​ផង។ ដូច្នេះ ទស្សនាវដ្ដី​ប៉មយាម​ជា​ភាសា​អង់គ្លេស ចុះ​ថ្ងៃ​ទី១ ខែ​កញ្ញា ឆ្នាំ​១៩៩០ មាន​ការ​ពន្យល់​នៅ​ទំព័រ​ទី២៥ ថា៖ «បើ​បុរស​ម្នាក់​ប្រព្រឹត្ត​បែប​សំណំ​ជា​អ្នក​គោរព​ព្រះ​ពេល​នៅ​មុខ​មនុស្ស​ដទៃ តែ​ជិះជាន់​ភរិយា​ពេល​នៅ​ឯ​ផ្ទះ នោះ​គាត់​មិន​មាន​លក្ខណៈ​សម​[ជា​អ្នក​ចាស់​ទុំ​ឬ​អ្នក​ងារ​ជំនួយ]​ទេ»។—ធីម៉ូថេទី១ ៣:២​-​៥, ១២

តើ​អ្នក​នៅ​ចាំ​ទេ?

• ហេតុ​អ្វី​ក៏​ស្វាមី​ភរិយា​ដែល​ជា​គ្រិស្ត​សា​សនិក​មាន​បញ្ហា​ម្ដង​ម្កាល?

• តើ​ស្វាមី​អាច​ផ្គត់ផ្គង់​និង​ថ្នាក់ថ្នម​ភរិយា​ដោយ​វិធី​ណា​ខ្លះ?

• តើ​ភរិយា​អាច​បង្ហាញ​ការ​គោរព​ចំពោះ​ស្វាមី​ដោយ​របៀប​ណា?

• តើ​ស្វាមី​ភរិយា​អាច​ធ្វើ​អ្វី​ដើម្បី​រក្សា​ភក្ដីភាព​ចំពោះ​គ្នា​រហូត?

[រូបភាព​នៅ​ទំព័រ​២៤]

ស្វាមី​ល្អ​តែង​ផ្គត់ផ្គង់​អ្វី​ដែល​ភរិយា​ត្រូវ​ការ​ខាង​សម្ភារៈ ហើយ​គាត់​ក៏​ជួយ​នាង​ឲ្យ​មាន​ជំនឿ​មាំមួន​ផង

[រូបភាព​នៅ​ទំព័រ​២៥]

ពេល​ស្វាមី​ថ្នាក់ថ្នម​ភរិយា​ដោយ​យក​ចិត្ត​ទុក​ដាក់ នោះ​នាង​មាន​អារម្មណ៍​ស្ងប់​ក្នុង​ចិត្ត​ដែរ

[រូបភាព​នៅ​ទំព័រ​២៦]

ភរិយា​ដែល​ជា​គ្រិស្ត​សា​សនិក​មាន​សិទ្ធិ​ប្រាប់​ស្វាមី​អំពី​អារម្មណ៍​ក្នុង​ចិត្ត ដោយ​បង្ហាញ​ការ​គោរព

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក