ការណែនាំដ៏ល្អចំពោះគូអាពាហ៍ពិពាហ៍
«ស្ត្រីរាល់គ្នាអើយ! ចូរឲ្យចុះចូលចំពោះប្ដីខ្លួន ដូចជាចុះចូលនឹងព្រះអម្ចាស់ដែរ។ បុរសរាល់គ្នាអើយ! ចូរស្រឡាញ់ប្រពន្ធខ្លួន»។—អេភេសូរ ៥:២២, ២៥
១. តើគ្រីស្ទានទាំងឡាយគួរមានទស្សនៈយ៉ាងណាចំពោះចំណងអាពាហ៍ពិពាហ៍?
ព្រះយេស៊ូបានមានបន្ទូលថា អាពាហ៍ពិពាហ៍ជាការផ្សំផ្គុំបុរសនិងស្ត្រីឲ្យក្លាយជា«សាច់តែ១»ដែលរៀបចំឡើងដោយព្រះ។ (ម៉ាថាយ ១៩:៥, ៦) នេះជាការផ្សំផ្គុំមនុស្សពីរនាក់ដែលមានលក្ខណៈខុសៗគ្នា ឲ្យរៀនបណ្ដុះឲ្យមានចំណង់ចំណូលចិត្តដូចគ្នា ហើយឲ្យព្យាយាមសហការជាមួយគ្នាដើម្បីបំពេញគោលដៅផ្សេងៗ។ ការរៀបអាពាហ៍ពិពាហ៍ជាការសន្យារួមរស់ជាមួយគ្នាអស់មួយជីវិត មិនមែនជាការព្រមព្រៀងគ្នាជាបណ្ដោះអាសន្ន ដែលយើងអាចដកខ្លួនចេញតាមតែចិត្តចង់នោះទេ។ នៅប្រទេសជាច្រើន គឺមិនពិបាកទេឲ្យស្វាមីភរិយាលែងលះគ្នាតាមច្បាប់ តែចំពោះពួកគ្រីស្ទានវិញ ចំណងអាពាហ៍ពិពាហ៍ជាអ្វីដ៏ពិសិដ្ឋ។ ការផ្ដាច់ចំណងអាពាហ៍ពិពាហ៍ត្រូវផ្អែកលើមូលហេតុធ្ងន់ធ្ងរ។—ម៉ាថាយ ១៩:៩
២. (ក) តើស្វាមីភរិយាអាចទទួលជំនួយអ្វី? (ខ) ហេតុអ្វីក៏សំខាន់ម្ល៉េះឲ្យខិតខំធ្វើឲ្យចំណងអាពាហ៍ពិពាហ៍បានស្ថិតស្ថេរ?
២ ស្ត្រីម្នាក់ដែលជាអ្នកជូនឱវាទចំពោះគូស្វាមីភរិយាបានមានប្រសាសន៍ថា៖ «ចំណងអាពាហ៍ពិពាហ៍ដ៏ស្ថិតស្ថេរតម្រូវឲ្យចេះប្រែប្រួលតាមកាលៈទេសៈថ្មីៗ ទាំងដោះស្រាយបញ្ហាដែលជួបប្រទះ ហើយប្រើជំនួយផ្សេងៗតាមដំណាក់កាលខុសៗគ្នាក្នុងជីវិត»។ ជំនួយផ្សេងៗសំរាប់ស្វាមីភរិយាគ្រីស្ទាន ក៏រួមបញ្ចូលឱវាទល្អៗពីព្រះគម្ពីរ ជំនួយពីបងប្អូនគ្រីស្ទានរួមជំនឿដូចគ្នា ហើយទំនាក់ទំនងជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ាតាមរយៈការអធិស្ឋាន។ ចំណងអាពាហ៍ពិពាហ៍ដ៏រឹងមាំអាចស្ថិតស្ថេរបាន សូម្បីតែក្នុងគ្រាលំបាកក៏ដោយ ហើយក៏នាំឲ្យស្វាមីភរិយាមានសុភមង្គលនិងចិត្តស្កប់ស្កល់។ សំខាន់ជាងនេះទៅទៀត នេះនឹងលើកកិត្ដិយសថ្វាយព្រះយេហូវ៉ាដែលជាអ្នកបង្កើតឲ្យមានចំណងអាពាហ៍ពិពាហ៍នៅដើមដំបូង។—លោកុប្បត្តិ ២:១៨, ២១-២៤; កូរិនថូសទី១ ១០:៣១; អេភេសូរ ៣:១៥; ថែស្សាឡូនីចទី១ ៥:១៧
ចូរធ្វើតាម ព្រះយេស៊ូនិងក្រុមជំនុំរបស់ទ្រង់
៣. (ក) សូមសង្ខេបឱវាទរបស់ប៉ុលដែលជូនចំពោះស្វាមីភរិយា។ (ខ) តើព្រះយេស៊ូបានទុកគំរូល្អអ្វី?
៣ ពីរពាន់ឆ្នាំមុននេះ សាវ័កប៉ុលបានជូនឱវាទដ៏ល្អៗចំពោះស្វាមីភរិយាគ្រីស្ទាន ពេលដែលគាត់សរសេរថា៖ «ដូចជាពួកជំនុំចុះចូលនឹងព្រះគ្រីស្ទជាយ៉ាងណា នោះត្រូវឲ្យប្រពន្ធចុះចូលនឹងប្ដីខ្លួន ក្នុងគ្រប់ការទាំងអស់យ៉ាងនោះដែរ។ បុរសរាល់គ្នាអើយ! ចូរស្រឡាញ់ប្រពន្ធខ្លួន ដូចជាព្រះគ្រីស្ទបានស្រឡាញ់ដល់ពួកជំនុំ ហើយបានប្រគល់ព្រះអង្គទ្រង់ជំនួសផង»។ (អេភេសូរ ៥:២៤, ២៥) ខទាំងនេះមានការប្រៀបធៀបដ៏ល្អណាស់! ភរិយាគ្រីស្ទានដែលចុះចូលជានិច្ចចំពោះស្វាមីដោយចិត្តរាបទាបនោះ កំពុងតែយកតម្រាប់តាមក្រុមជំនុំដោយទទួលស្គាល់និងធ្វើតាមគោលការណ៍ខាងប្រមុខភាព។ ស្វាមីដែលជាអ្នកជឿហើយស្រឡាញ់ភរិយាជានិច្ចនោះ មិនថាមានស្ថានភាពស្រួលឬពិបាកក្ដី ក៏បង្ហាញថាខ្លួនកំពុងតែយកតម្រាប់តាមគំរូរបស់ព្រះគ្រីស្ទយ៉ាងដិតដល់ ដូចទ្រង់បានស្រឡាញ់និងថែទាំក្រុមជំនុំ។
៤. តើស្វាមីអាចយកតម្រាប់តាមគំរូរបស់ព្រះយេស៊ូបានយ៉ាងណា?
៤ ស្វាមីគ្រីស្ទានជាមេគ្រួសារ តែគាត់ក៏មានសិរសាឬមេលើគាត់ដែរ ពោលគឺ ព្រះយេស៊ូ។ (កូរិនថូសទី១ ១១:៣) អាស្រ័យហេតុនេះ ស្វាមីត្រូវថែរក្សាក្រុមគ្រួសារដោយសេចក្ដីស្រឡាញ់ដូចព្រះយេស៊ូបានថែទាំក្រុមជំនុំ គឺដោយផ្គត់ផ្គង់សេចក្ដីត្រូវការខាងវិញ្ញាណនិងខាងរាងកាយ ទោះជានេះតម្រូវឲ្យស្វាមីលះបង់ប្រយោជន៍ខ្លួនឯងក្ដី។ ស្វាមីតែងតែចាត់ទុកប្រយោជន៍របស់ក្រុមគ្រួសារជាអ្វីដែលសំខាន់ជាងសេចក្ដីប៉ងប្រាថ្នានិងចំណង់ចំណូលចិត្តខ្លួនឯង។ ព្រះយេស៊ូបានមានបន្ទូលថា៖ «អស់ទាំងការអ្វី ដែលអ្នករាល់គ្នាចង់ឲ្យមនុស្សលោក ប្រព្រឹត្តនឹងខ្លួន នោះត្រូវឲ្យអ្នកប្រព្រឹត្តនឹងគេដូច្នោះដែរ»។ (ម៉ាថាយ ៧:១២) គោលការណ៍នេះរឹតតែសំខាន់ក្នុងចំណងអាពាហ៍ពិពាហ៍។ ប៉ុលបានបង្ហាញពីសារៈសំខាន់នៃគោលការណ៍នោះពេលដែលគាត់មានប្រសាសន៍ថា៖ «ត្រូវឲ្យប្ដីស្រឡាញ់ប្រពន្ធបែបយ៉ាងនោះឯង គឺដូចជាស្រឡាញ់រូបកាយរបស់ខ្លួនដែរ . . . ដ្បិតមិនដែលមានអ្នកណាស្អប់រូបសាច់ខ្លួនឯងឡើយ គឺគេតែងចិញ្ចឹម ហើយថ្នាក់ថ្នមវិញ»។ (អេភេសូរ ៥:២៨, ២៩) បុរសត្រូវខ្នះខ្នែងចិញ្ចឹមនិងថ្នាក់ថ្នមភរិយាដូចជាចិញ្ចឹមហើយថ្នាក់ថ្នមខ្លួនឯង។
៥. តើភរិយាអាចធ្វើតាមគំរូរបស់ក្រុមជំនុំគ្រីស្ទានបានយ៉ាងណា?
៥ ភរិយាដែលថ្វាយបង្គំព្រះក៏អាចមើលក្រុមជំនុំគ្រីស្ទានជាគំរូ។ ពេលដែលព្រះយេស៊ូគង់នៅផែនដី ពួកអ្នកកាន់តាមទ្រង់សុខចិត្តលះបង់មុខរបរដោយក្ដីរីករាយដើម្បីធ្វើតាមទ្រង់។ ក្រោយពីព្រះយេស៊ូបានសោយទិវង្គតហើយ ពួកគេនៅតែបានចុះចូលចំពោះទ្រង់ ហើយក្នុងកំឡុងពេលជិត២.០០០ឆ្នាំកន្លងមកនេះ ក្រុមជំនុំគ្រីស្ទានពិតបានចុះចូលចំពោះទ្រង់ជានិច្ច ហើយបានធ្វើតាមប្រមុខភាពរបស់ទ្រង់ក្នុងគ្រប់ការទាំងអស់។ ស្រដៀងគ្នាដែរ ភរិយាគ្រីស្ទានមិនមើលងាយស្វាមី ឬចាត់ទុកគោលការណ៍ក្នុងព្រះគម្ពីរអំពីប្រមុខភាពក្នុងអាពាហ៍ពិពាហ៍ជាអ្វីដែលមិនសំខាន់នោះទេ។ ផ្ទុយទៅវិញ ភរិយាគ្រីស្ទានតែងតែជួយគាំទ្រស្វាមីនិងចុះចូលចំពោះគាត់ ព្រមទាំងសហការជាមួយនឹងគាត់។ នេះនឹងលើកទឹកចិត្តស្វាមី។ បើទាំងស្វាមីទាំងភរិយាប្រព្រឹត្តដោយសេចក្ដីស្រឡាញ់ដូច្នេះ នោះពួកគាត់នឹងមានចំណងអាពាហ៍ពិពាហ៍ស្ថិតស្ថេរ ហើយនឹងមានអំណរជាមួយគ្នាដែរ។
ត្រូវនៅជាមួយនឹងនាង
៦. តើពេត្រុសជូនឱវាទអ្វីដល់ស្វាមី? ហើយហេតុអ្វីបានជាឱវាទនោះសំខាន់ម្ល៉េះ?
៦ សាវ័កពេត្រុសក៏បានជូនយោបល់ចំពោះគូស្វាមីភរិយាដែរ ហើយពាក្យរបស់គាត់ជូនចំពោះស្វាមីគឺចំៗណាស់! ពេត្រុសមានប្រសាសន៍ថា៖ «ត្រូវនៅជាមួយនឹងប្រពន្ធដោយប្រាជ្ញាដែរ ដូចនឹងគ្រឿងភាជនៈដែលខ្សោយជាងគឺជាមនុស្សស្រី ព្រមទាំងរាប់អាន[ឬ«គោរព», ខ.ស.]នាង ទុកដូចជាអ្នកគ្រងព្រះគុណនៃជីវិត ទុកជាមរដកជាមួយគ្នា ដើម្បីកុំឲ្យមានអ្វីបង្អាក់ ដល់សេចក្ដីអធិស្ឋានរបស់អ្នករាល់គ្នាឡើយ»។ (ពេត្រុសទី១ ៣:៧) សារៈសំខាន់នៃឱវាទរបស់ពេត្រុសត្រូវបញ្ជាក់ដោយពាក្យចុងខនោះ។ បើស្វាមីមិនបង្ហាញការគោរពចំពោះភរិយា នេះអាចមានឥទ្ធិពលលើចំណងមិត្តភាពរបស់ស្វាមីជាមួយនឹងព្រះយេហូវ៉ា។ នេះអាចបង្អាក់ដល់សេចក្ដីអធិស្ឋានរបស់ស្វាមី។
៧. តើស្វាមីគួរបង្ហាញការគោរពចំពោះភរិយាដោយរបៀបណា?
៧ បើដូច្នេះ តើស្វាមីអាចបង្ហាញការគោរពចំពោះភរិយាបានយ៉ាងណា? ការគោរពនាងមានន័យថា ស្វាមីប្រព្រឹត្តលើនាងដោយសេចក្ដីស្រឡាញ់ ហើយដោយគោរពភាពថ្លៃថ្នូររបស់នាងព្រមទាំងលើកកិត្ដិយសនាងទៀតផង។ នៅសម័យរបស់សាវ័កពេត្រុស ការប្រព្រឹត្តលើនាងដោយសេចក្ដីសប្បុរសបែបនេះ ប្រហែលជារឿងចម្លែកសំរាប់មនុស្សជាច្រើន។ បណ្ឌិតម្នាក់ខាងភាសាក្រិចបានសរសេរថា៖ «ច្បាប់រ៉ូមមិនប្រគល់សិទ្ធិអ្វីសោះឲ្យស្ត្រី។ ក្រោមច្បាប់នោះ ស្ត្រីមានសិទ្ធិស្មើនឹងកូនក្មេង។ . . . ភរិយាត្រូវចុះចូលទាំងស្រុងចំពោះស្វាមី ហើយគាត់មានសិទ្ធិប្រព្រឹត្តលើនាងតាមតែចិត្តចង់»។ នេះគឺខុសស្រឡះពីសេចក្ដីបង្រៀនរបស់ពួកគ្រីស្ទាន! ស្វាមីគ្រីស្ទានបានបង្ហាញការគោរពចំពោះភរិយា។ របៀបដែលស្វាមីប្រព្រឹត្តលើនាង គឺសមស្របទៅតាមគោលការណ៍គ្រីស្ទាន មិនមែនតាមតែចិត្តខ្លួនទេ។ ម្យ៉ាងទៀត ស្វាមីតែងយកចិត្តទុកដាក់ចំពោះនាង«ដោយប្រាជ្ញា» គឺដោយទទួលស្គាល់ថា នាងប្រៀបដូចជាគ្រឿងភាជនៈដែលខ្សោយជាង។
តើស្ត្រីជា«គ្រឿងភាជនៈដែលខ្សោយជាង»យ៉ាងដូចម្ដេច?
៨, ៩. តើបុរសនិងស្ត្រីមានភាពស្មើគ្នាក្នុងលក្ខណៈអ្វី?
៨ ពេលដែលពេត្រុសសរសេរថា ស្ត្រីជា«គ្រឿងភាជនៈដែលខ្សោយជាង»នោះ គាត់មិនមានន័យថាស្ត្រីមានភាពខ្សោយជាងបុរសខាងបញ្ញាឬខាងវិញ្ញាណនោះទេ។ ពិតមែន បុរសគ្រីស្ទានជាច្រើនមានឯកសិទ្ធិដែលស្ត្រីមិនអាចទទួលក្នុងក្រុមជំនុំបានទេ ហើយក្នុងក្រុមគ្រួសារ ស្ត្រីក៏ត្រូវចុះចូលចំពោះស្វាមីផងដែរ។ (កូរិនថូសទី១ ១៤:៣៥; ធីម៉ូថេទី១ ២:១២) យ៉ាងណាក្ដី បុរសនិងស្ត្រីត្រូវមានជំនឿ ត្រូវចេះស៊ូទ្រាំ និងត្រូវធ្វើតាមខ្នាតតម្រាសីលធម៌ខ្ពង់ខ្ពស់ដូចគ្នា។ ហើយដូចពេត្រុសបានពន្យល់នោះ ស្វាមីនិងភរិយា«ជាអ្នកគ្រងព្រះគុណនៃជីវិត ទុកជាមរដក»។ បើគិតអំពីសេចក្ដីសង្គ្រោះ នោះស្វាមីនិងភរិយាមានភាពស្មើគ្នាចំពោះព្រះយេហូវ៉ា។ (កាឡាទី ៣:២៨) ពេត្រុសបានសរសេរសំបុត្រនោះផ្ញើចំពោះបណ្ដាគ្រីស្ទានចាក់ប្រេងតាំងនៅសតវត្សរ៍ទីមួយ។ ដូច្នេះ សំណេររបស់ពេត្រុសបានរំឭកស្វាមីគ្រីស្ទានថា ក្នុងនាម‹ជាអ្នកទទួលមរដកជាមួយនឹងព្រះគ្រីស្ទ› នោះភរិយាក៏មានសេចក្ដីសង្ឃឹមដូចគ្នាដែរ ចំពោះជីវិតនៅស្ថានសួគ៌។ (រ៉ូម ៨:១៧) នៅទីបំផុត បុរសហើយស្ត្រីនឹងបំរើជាសង្ឃនិងជាស្តេចក្នុងព្រះរាជាណាចក្ររបស់ព្រះនៅស្ថានសួគ៌!—វិវរណៈ ៥:១០
៩ ភរិយាគ្រីស្ទានដែលជាអ្នកចាក់ប្រេងតាំង មិនមែនទាបជាងស្វាមីដែលជាគ្រីស្ទានចាក់ប្រេងតាំងនោះទេ។ ហើយបើផ្អែកលើគោលការណ៍នេះ នោះស្ត្រីដែលមានសេចក្ដីសង្ឃឹមរស់នៅលើផែនដីក៏មិនមែនទាបជាងស្វាមីដែលមានសេចក្ដីសង្ឃឹមដូចគ្នានោះដែរ។ មានទាំងប្រុសទាំងស្រីក្នុងចំណោម«មនុស្ស១ហ្វូងយ៉ាងធំ»ដែលកំពុងតែបោកអាវដើម្បីឲ្យឡើងសក្នុងឈាមរបស់កូនចៀម។ មានទាំងមនុស្សប្រុសនិងស្រីកំពុងតែរួមចំណែកក្នុងការបន្លឺសម្លេងសរសើរព្រះយេហូវ៉ា«ទាំងយប់ទាំងថ្ងៃ»ទូទាំងពិភពលោក។ (វិវរណៈ ៧:៩, ១០, ១៤, ១៥) មានទាំងមនុស្សប្រុសនិងស្រីសង្ឃឹមនឹងទទួលបាននូវ«សេរីភាពនៃសិរីល្អរបស់ពួកកូនព្រះ» ពេលដែលពួកគេត្រេកអរដោយមាន«ជីវិតអស់កល្បជានិច្ច»។ (រ៉ូម ៨:២១; ធីម៉ូថេទី១ ៦:១៩) មិនថាយើងជាអ្នកចាក់ប្រេងតាំងឬជាចៀមឯទៀតនោះ គ្រីស្ទានទាំងឡាយកំពុងតែបំរើព្រះយេហូវ៉ាជាមួយគ្នាជា«ហ្វូងតែ១» ក្រោម«អ្នកគង្វាលតែ១»។ (យ៉ូហាន ១០:១៦) ដោយសារមូលហេតុសំខាន់នេះ គួរឲ្យស្វាមីភរិយាគ្រីស្ទានបង្ហាញការគោរពចំពោះគ្នាទៅវិញទៅមក!
១០. តើស្ត្រីប្រៀបដូចជា«គ្រឿងភាជនៈដែលខ្សោយជាង»ក្នុងលក្ខណៈអ្វី?
១០ បើដូច្នេះ តើស្ត្រីប្រៀបដូចជា«គ្រឿងភាជនៈដែលខ្សោយជាង»យ៉ាងដូចម្ដេច? ប្រហែលជាពេត្រុសបានសំដៅទៅលើហេតុការណ៍ដែលថា បើនិយាយទូទៅនោះ ស្ត្រីមានមាឌតូចជាងហើយមានកម្លាំងតិចជាងបុរស។ បន្ថែមទៅទៀត ស្ត្រីមានឯកសិទ្ធិពិសេសក្នុងការបង្កើតកូន ហើយដោយព្រោះមានភាពមិនគ្រប់ល័ក្ខណ៍នេះ នោះការមានផ្ទៃពោះនិងការសម្រាលកូនក៏ធ្វើទុក្ខដល់សុខភាពរបស់ស្ត្រីដែរ។ ស្ត្រីដែលគ្រប់ការ ក៏មិនស្រួលខ្លួនជាទៀងទាត់ផងដែរ។ គប្បីឲ្យបុរសថែរក្សានិងបង្ហាញការយោគយល់ចំពោះនាង ពេលដែលនាងមិនស្រួលខ្លួន ឬពេលអស់កម្លាំងក្នុងកាលដែលមានផ្ទៃពោះនិងត្រូវសម្រាលកូន។ បើស្វាមីចេះបង្ហាញការគោរពចំពោះភរិយា និងយល់ថាគាត់ត្រូវជួយទ្រទ្រង់នាងខាងផ្លូវចិត្តដែរ នេះនឹងជួយយ៉ាងច្រើនដើម្បីឲ្យចំណងអាពាហ៍ពិពាហ៍បានស្ថិតស្ថេរ។
សមាជិកគ្រួសារដែលមិនមានជំនឿដូចគ្នា
១១. ទោះបើស្វាមីភរិយាមានជំនឿសាសនាផ្សេងពីគ្នាក្ដី តើពួកគាត់នៅតែអាចមានចំណងអាពាហ៍ពិពាហ៍ដែលស្ថិតស្ថេរក្នុងន័យអ្វី?
១១ ប៉ុន្តែ ចុះយ៉ាងណាបើស្វាមីភរិយាមានជំនឿសាសនាផ្សេងពីគ្នា ដោយសារស្វាមីឬភរិយាបានទទួលយកជំនឿគ្រីស្ទានពិតក្រោយបានរៀបអាពាហ៍ពិពាហ៍ តែគូរបស់ខ្លួនមិនព្រមជឿឡើយ? តើចំណងអាពាហ៍ពិពាហ៍បែបនេះអាចស្ថិតស្ថេរបានឬទេ? បទពិសោធន៍របស់មនុស្សជាច្រើនបង្ហាញថា អាចស្ថិតស្ថេរបាន។ ស្វាមីភរិយាដែលមានជំនឿសាសនាផ្សេងពីគ្នាអាចមានចំណងអាពាហ៍ពិពាហ៍ស្ថិតស្ថេរបាន ដោយសារទាំងពីរនាក់ព្រមរស់នៅជាមួយគ្នារហូត ហើយមានសុភមង្គលដែរ។ ម្យ៉ាងវិញទៀត ព្រះយេហូវ៉ានៅតែចាត់ទុកទាំងពីរនាក់ជាគូអាពាហ៍ពិពាហ៍ ហើយនៅតែជា«សាច់តែ១»ដដែល។ ហេតុនេះហើយបានជាមានដំបូន្មានឲ្យស្វាមីភរិយាគ្រីស្ទានរស់នៅជាមួយគូរបស់ខ្លួនដែលមិនមានជំនឿសាសនាដូចគ្នា ឲ្យតែគាត់យល់ព្រមដែរ។ បើមានកូន ពួកគេក៏ទទួលប្រយោជន៍ពីភាពស្មោះត្រង់របស់មាតាឬបិតាដែលជាជនគ្រីស្ទានម្នាក់។—កូរិនថូសទី១ ៧:១២-១៤
១២, ១៣. ស្របទៅតាមឱវាទរបស់ពេត្រុស តើភរិយាគ្រីស្ទានអាចជួយស្វាមីដែលមិនមែនជាអ្នកជឿដូចគ្នាបានយ៉ាងណា?
១២ ពេត្រុសក៏ជូនឱវាទដោយសំឡូតចំពោះភរិយាគ្រីស្ទានដែលកំពុងតែរស់ក្នុងរង្វង់គ្រួសារដែលមិនមានជំនឿសាសនាតែមួយ។ ពាក្យរបស់គាត់ក៏ជាគោលការណ៍ដែលអាចសំដៅទៅលើស្វាមីដែលមានស្ថានភាពគ្រួសារដូចគ្នា។ ពេត្រុសសរសេរថា៖ «ឯពួកស្រីៗ ត្រូវចុះចូលចំពោះប្ដីខ្លួនបែបដូច្នោះដែរ ដើម្បីបើមានអ្នកណាដែលមិនព្រមស្ដាប់បង្គាប់ តាមព្រះបន្ទូល នោះប្រពន្ធនឹងទាញចិត្តមកបាន ដោយសារកិរិយាល្អក្រៅពីព្រះបន្ទូល ដោយអ្នកនោះឃើញកិរិយាបរិសុទ្ធ ដែលប្រពន្ធប្រព្រឹត្តយ៉ាងកោតខ្លាចដល់ព្រះ»។—ពេត្រុសទី១ ៣:១, ២
១៣ បើភរិយាអាចពន្យល់ដល់ស្វាមីដោយប៉ិនប្រសប់អំពីជំនឿរបស់នាង គឺជាការល្អមែន! ប៉ុន្តែ ចុះយ៉ាងណាបើស្វាមីមិនចង់ស្ដាប់នោះ? នេះជាសិទ្ធិរបស់គាត់។ យ៉ាងណាក៏ដោយ រឿងនេះមិនគួរធ្វើឲ្យអស់សង្ឃឹមឡើយ ដ្បិតកិរិយាគ្រីស្ទានក៏អាចធ្វើបន្ទាល់យ៉ាងខ្លាំងក្លាផងដែរ។ ស្វាមីជាច្រើនដែលមិនចាប់អារម្មណ៍ពីដើមមក ឬរហូតដល់ប្រឆាំងនឹងជំនឿរបស់ភរិយា ក៏បានក្លាយជា«អ្នកដែលព្រះជាម្ចាស់តម្រូវអោយទទួលជីវិតអស់កល្បជានិច្ច»ដែរ ក្រោយបានឃើញនូវកិរិយាល្អរបស់ភរិយា។ (កិច្ចការ ១៣:៤៨, ខ.ស.) ទោះបើស្វាមីមិនព្រមជឿទៅលើជំនឿគ្រីស្ទានពិតក្ដី គាត់ប្រហែលជាកោតស្ងើចចំពោះកិរិយាល្អរបស់ភរិយា ហើយនេះក៏អាចពង្រឹងចំណងអាពាហ៍ពិពាហ៍បានដែរ។ ស្វាមីម្នាក់ដែលមានភរិយាជាស្មរបន្ទាល់ព្រះយេហូវ៉ាបានសារភាពថា គាត់មិនអាចរស់នៅស្របទៅតាមខ្នាតតម្រាខ្ពង់ខ្ពស់របស់ពួកស្មរបន្ទាល់បានទេ។ យ៉ាងណាក៏ដោយ បុរសនោះមានប្រសាសន៍ថា គាត់ជា«ស្វាមីដែលមានសុភមង្គលដោយសារមានភរិយាដែលមានលក្ខណៈសម្បត្ដិល្អ» ហើយគាត់ក៏បានសរសេរសំបុត្រផ្ញើកាសែត ដើម្បីសរសើរនាងនិងស្មរបន្ទាល់គ្នីគ្នារបស់នាងយ៉ាងស្មោះពីចិត្ត។
១៤. តើស្វាមីអាចជួយភរិយាដែលមានជំនឿសាសនាផ្សេងតាមរបៀបណា?
១៤ ស្វាមីគ្រីស្ទានដែលធ្វើតាមគោលការណ៍ដែលពេត្រុសសរសេរនោះ បានទាញចិត្តភរិយាដែរដោយសារកិរិយាល្អ។ ភរិយាដែលមិនមានជំនឿដូចស្វាមី បានសង្កេតឃើញស្វាមីក្លាយជាបុរសដែលយល់ព្រមទទួលភារកិច្ចរបស់ខ្លួន លែងបង្ខាតប្រាក់ដោយជក់បារី ពិសាស្រានិងលេងល្បែងភ្នាល់ ព្រមទាំងឈប់ប្រើពាក្យជេរប្រមាថទៀត។ ភរិយាខ្លះក៏ចាប់ផ្ដើមស្គាល់បងប្អូនឯទៀតក្នុងក្រុមជំនុំដែរ។ ពួកអ្នកមិនជឿនោះកោតស្ងើចចំពោះសេចក្ដីស្រឡាញ់ដែលបងប្អូនមានចំពោះគ្នាជាភាតរភាពគ្រីស្ទាន ហើយទំនាក់ទំនងរវាងបងប្អូនទាំងឡាយបានទាក់ចិត្តទាញអារម្មណ៍ពួកគេឲ្យមកគោរពព្រះយេហូវ៉ាដែរ។—យ៉ូហាន ១៣:៣៤, ៣៥
«មនុស្សលាក់កំបាំងក្នុងចិត្ត»
១៥, ១៦. តើអាកប្បកិរិយាបែបណារបស់ភរិយាគ្រីស្ទានដែលអាចទាក់ទាញស្វាមីឲ្យរួមជំនឿ?
១៥ តើកិរិយាបែបណាអាចទាញចិត្តស្វាមីបាន? តាមពិត នេះជាកិរិយាដែលស្ត្រីត្រូវលត់ដំខ្លួនឲ្យមានក្នុងនាមជាគ្រីស្ទាន។ ពេត្រុសរៀបរាប់ថា៖ «[ចូរ]តែងខ្លួនមិនមែនដោយបែបខាងក្រៅ ដូចជាក្រងសក់ ពាក់មាសឬសំលៀកបំពាក់ផ្សេងៗឡើយ។ គឺតែងចំពោះមនុស្សលាក់កំបាំងក្នុងចិត្តវិញ ដោយគ្រឿងដ៏មិនចេះពុករលួយរបស់វិញ្ញាណសំឡូត ហើយរម្យទម នោះឯងជាសេចក្ដីដែលមានដំឡៃវិសេសនៅចំពោះព្រះ ដ្បិតពីដើម ពួកស្រីៗបរិសុទ្ធដែលសង្ឃឹមដល់ព្រះ ក៏បានតែងខ្លួនយ៉ាងដូច្នោះ ទាំងចុះចូលចំពោះប្ដីខ្លួនដែរ ដូចជានាងសារ៉ាបានចុះចូលនឹងលោកអ័ប្រាហាំ ព្រមទាំងហៅលោកជា‹ម្ចាស់›ផង។ ឯអ្នករាល់គ្នា ក៏បានត្រឡប់ជាពូជនាងនោះ ដោយបានប្រព្រឹត្តល្អ ឥតភិតភ័យនឹងសេចក្ដីស្ញែងខ្លាចណាឡើយ»។—ពេត្រុសទី១ ៣:៣-៦
១៦ ពេត្រុសដាស់តឿនស្ត្រីគ្រីស្ទានថា កុំឲ្យអាងលើសម្រស់ខាងក្រៅនោះឡើយ។ ផ្ទុយទៅវិញ ចូរឲ្យស្វាមីឃើញនូវឥទ្ធិពលដែលសេចក្ដីបង្រៀនពីព្រះគម្ពីរមានមកលើមនុស្សលាក់កំបាំងក្នុងចិត្តវិញ។ ចូរឲ្យស្វាមីមើលឃើញនូវការប្រព្រឹត្តដែលបង្ហាញពីបុគ្គលិកលក្ខណៈថ្មី។ ប្រហែលជាគាត់នឹងឃើញថានោះខុសគ្នាពីបុគ្គលិកលក្ខណៈចាស់ដែលភរិយាធ្លាប់មានពីមុន។ (អេភេសូរ ៤:២២-២៤) ស្វាមីពិតជានឹងចាត់ទុក«វិញ្ញាណសំឡូត ហើយរម្យទម»របស់នាង ជាអ្វីដ៏ល្អនិងគួរឲ្យចង់បាន។ វិញ្ញាណឬលក្ខណៈទាំងនោះមិនគ្រាន់តែធ្វើឲ្យស្វាមីពេញចិត្តប៉ុណ្ណោះទេ តែក៏«មានដំឡៃវិសេសនៅចំពោះព្រះ»ផងដែរ។—កូល៉ុស ៣:១២
១៧. តើនាងសារ៉ាតាំងគំរូល្អអ្វីសំរាប់ភរិយាគ្រីស្ទាន?
១៧ នាងសារ៉ាបានត្រូវចាត់ទុកជាគំរូមួយ ហើយនាងជាគំរូដ៏សមរម្យសំរាប់ភរិយាគ្រីស្ទាន មិនថាស្វាមីជាអ្នករួមជំនឿជាមួយនាងឬអត់ក្ដី។ សារ៉ាពិតជាបានចាត់ទុកអ័ប្រាហាំជាប្រមុខរបស់នាង។ សូម្បីតែក្នុងចិត្ត នោះនាងបានហៅអ័ប្រាហាំជា«លោកម្ចាស់»។ (លោកុប្បត្តិ ១៨:១២) ប៉ុន្តែ នេះមិនបន្ទាបកិត្ដិយសនាងឡើយ។ ជំនឿមុតមាំរបស់នាងទៅលើព្រះយេហូវ៉ាបង្ហាញថានាងច្បាស់ជាស្ត្រីដែលយកចិត្តទុកដាក់ចំពោះរឿងខាងវិញ្ញាណ។ ប្រាកដហើយ នាងក៏រួមចំណែកក្នុងចំណោម«ស្មរបន្ទាល់១ហ្វូងធំ»ដែលបានតាំងគំរូជាអ្នកមានជំនឿ ដែលគួរជំរុញចិត្តយើងឲ្យ«រត់ក្នុងទីប្រណាំង ដែលនៅមុខយើង ដោយអំណត់»។ (ហេព្រើរ ១១:១១; ១២:១) ការធ្វើដូចនាងសារ៉ាមិនបន្ទាបបន្ថោកភរិយាគ្រីស្ទានទេ។
១៨. ក្នុងរង្វង់គ្រួសារដែលមិនកាន់សាសនាដូចគ្នា តើគប្បីឲ្យចងចាំនូវគោលការណ៍អ្វីខ្លះ?
១៨ ក្នុងរង្វង់គ្រួសារដែលមិនកាន់សាសនាដូចគ្នា នោះស្វាមីនៅតែជាប្រមុខឬជាមេគ្រួសារ។ បើស្វាមីជាអ្នកជឿទៅលើព្រះយេហូវ៉ា នោះគាត់មិនបំពានលើជំនឿរបស់ភរិយា ហើយក៏មិនលះបង់គោលការណ៍ខាងជំនឿរបស់ខ្លួនទេ។ ប្រសិនបើភរិយាជាអ្នកជឿវិញ នោះនាងក៏មិនលះចោលគោលការណ៍ខាងជំនឿរបស់នាងដែរ។ (កិច្ចការ ៥:២៩) យ៉ាងណាក៏ដោយ នាងក៏មិនបានប្រឆាំងនឹងប្រមុខភាពរបស់ស្វាមីទេ។ នាងនឹងគោរពសិទ្ធិអំណាចរបស់ស្វាមី ហើយចុះចូលចំពោះ«ច្បាប់របស់ប្ដី»។—រ៉ូម ៧:២
ការណែនាំដ៏ល្អពីព្រះគម្ពីរ
១៩. តើមានអ្វីខ្លះធ្វើឲ្យចំណងអាពាហ៍ពិពាហ៍មិនរឹងមាំ? ប៉ុន្តែ តើស្វាមីភរិយាអាចចៀសវាងពីបញ្ហានេះយ៉ាងដូចម្ដេច?
១៩ សព្វថ្ងៃនេះ មានកត្ដាផ្សេងៗជាច្រើនដែលអាចធ្វើឲ្យចំណងអាពាហ៍ពិពាហ៍មិនរឹងមាំ។ បុរសខ្លះមិនបំពេញភារកិច្ចរបស់ខ្លួនឡើយ។ ស្ត្រីខ្លះមិនព្រមចុះចូលចំពោះស្វាមីជាមេគ្រួសារទេ។ ក្នុងក្រុមគ្រួសារខ្លះ គូស្វាមីភរិយាក៏ប្រើអំពើហិង្សា។ ចំពោះជនគ្រីស្ទាន ក៏មានការពិបាករកប្រាក់ចំណូល មានបញ្ហាមកពីភាពមិនគ្រប់ល័ក្ខណ៍ ហើយក៏មានវិញ្ញាណឬចិត្តគំនិតអសីលធម៌របស់លោកីយ៍នេះដែលគ្មានខ្នាតតម្រាត្រឹមត្រូវអាចល្បងលម្នាក់ៗថា តើនឹងមានចិត្តស្មោះត្រង់ឬយ៉ាងណា? តែនៅទីបំផុត បុរសនិងស្ត្រីគ្រីស្ទានដែលធ្វើតាមគោលការណ៍ព្រះគម្ពីរ នោះនឹងទទួលពរពីព្រះយេហូវ៉ា មិនថាមានកាលៈទេសៈណាក៏ដោយ។ បើមានតែស្វាមីឬភរិយាម្នាក់ដែលធ្វើតាមគោលការណ៍ព្រះគម្ពីរ នោះប្រសើរជាងទាំងពីរនាក់ដែលមិនស្គាល់គោលការណ៍នោះ។ ម្យ៉ាងទៀត ព្រះយេហូវ៉ាស្រឡាញ់និងជួយគាំទ្រអ្នកបំរើរបស់ទ្រង់ដែលរក្សាឲ្យមានភាពស្មោះភក្ដីចំពោះចំណងអាពាហ៍ពិពាហ៍ ទោះជាមានកាលៈទេសៈពិបាកក៏ដោយ។ ព្រះយេហូវ៉ាមិនភ្លេចនូវចិត្តមេត្ដានិងភាពស្មោះត្រង់របស់នរណាម្នាក់សោះឡើយ។—ទំនុកដំកើង ១៨:២៥; ហេព្រើរ ៦:១០; ពេត្រុសទី១ ៣:១២
២០. តើពេត្រុសជូនឱវាទអ្វី ចំពោះជនគ្រីស្ទានទាំងឡាយ?
២០ ពេលសាវ័កពេត្រុសជូនឱវាទដល់ស្វាមីភរិយានោះ គាត់បានបញ្ចប់សេចក្ដីដោយពាក្យកក់ក្ដៅដ៏គួរឲ្យលើកទឹកចិត្ត។ គាត់សរសេរថា៖ «ក្រោយបង្អស់នេះ ចូរឲ្យគ្រប់គ្នាមានគំនិតតែ១ ព្រមទាំងមានចិត្តអាណិតអាសូរហើយស្រឡាញ់គ្នាជាបងប្អូន នឹងមានចិត្តទន់សន្ដោស ហើយសុភាព ឥតធ្វើការអាក្រក់ស្នងនឹងការអាក្រក់ ឬពាក្យប្រមាថស្នងនឹងពាក្យប្រមាថឡើយ គឺត្រូវឲ្យពរវិញដោយដឹងថា ទ្រង់បានហៅអ្នករាល់គ្នា មកឯសេចក្ដីនោះឯង ដើម្បីឲ្យបានព្រះពរទុកជាមរដក»។ (ពេត្រុសទី១ ៣:៨, ៩) នេះជាឱវាទដ៏ល្អសំរាប់មនុស្សទាំងឡាយមែន តែជាពិសេសចំពោះគូស្វាមីភរិយា!
តើអ្នកនៅចាំទេ?
• តើស្វាមីគ្រីស្ទានធ្វើតាមគំរូរបស់ព្រះយេស៊ូយ៉ាងដូចម្ដេច?
• តើភរិយាគ្រីស្ទានធ្វើតាមក្រុមជំនុំដោយរបៀបណា?
• តើស្វាមីអាចបង្ហាញការគោរពចំពោះភរិយាដោយរបៀបណាខ្លះ?
• បើស្វាមីមិនមានជំនឿសាសនាដូចភរិយាគ្រីស្ទាន តើនាងគួរប្រព្រឹត្តយ៉ាងណា?
[រូបភាពនៅទំព័រ១៤]
ស្វាមីគ្រីស្ទានតែងតែស្រឡាញ់និងថែទាំភរិយា
[រូបភាពនៅទំព័រ១៤]
ភរិយាគ្រីស្ទានតែងតែគោរព និងលើកកិត្ដិយសស្វាមី
[រូបភាពនៅទំព័រ១៥]
មិនដូចជាច្បាប់រ៉ូមនោះ សេចក្ដីបង្រៀនរបស់ពួកគ្រីស្ទានតម្រូវឲ្យស្វាមីបង្ហាញការគោរពចំពោះភរិយា
[រូបភាពនៅទំព័រ១៦]
«មនុស្ស១ហ្វូងយ៉ាងធំ»ត្រូវរួមបញ្ចូលបុរសនិងស្ត្រីដែលមានសង្ឃឹមនឹងទទួលបាននូវជីវិតជារៀងរហូតក្នុងសួនមនោរម្យ
[រូបភាពនៅទំព័រ១៨]
នាងសារ៉ាបានចាត់ទុកអ័ប្រាហាំជាម្ចាស់របស់នាង