បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w07 ១/៣ ទំ. ១៣-១៨
  • ភរិយាទាំងឡាយ ចូរគោរពស្វាមីយ៉ាងជ្រាលជ្រៅ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ភរិយាទាំងឡាយ ចូរគោរពស្វាមីយ៉ាងជ្រាលជ្រៅ
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ការ​ព្រមាន​ចំពោះ​អស់​អ្នក​ដែល​ចង់​រៀប​ការ
  • របៀប​ដែល​ព្រះ​យេស៊ូ​ចុះ​ចូល
  • របៀប​ភរិយា​អាច​ទាញ​ចិត្ត​ស្វាមី​បាន
  • ការ​ទាញ​យក​មេ​រៀន​ពី​គំរូ​ផ្សេងៗ
  • ឱវាទ​បន្ថែម​ទៀត​ពី​ព្រះ
  • ការណែនាំដ៏ល្អចំគូអាហ៍ពិហ៍
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • ស្វាមីទាំងឡាយ ចូរនាំមុខគ្រួសារតាមគំរូព្រះគ្រិស្ដ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • «ប្រមុខរបស់ស្ត្រីទាំងឡាយគឺបុរស»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២១
  • កុំពង្រាត់មនុស្សដែលព្រះបានផ្សំផ្គុំគ្នា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
w07 ១/៣ ទំ. ១៣-១៨

ភរិយា​ទាំង​ឡាយ ចូរ​គោរព​ស្វាមី​យ៉ាង​ជ្រាល​ជ្រៅ

​«ស្ត្រី​រាល់​គ្នា​អើយ! ចូរ​ឲ្យ​ចុះ​ចូល​ចំពោះ​ប្ដី​ខ្លួន»។—អេភេសូរ ៥:២២

១​. ហេតុ​អ្វី​ក៏​ពិបាក​ម្ល៉េះ​ឲ្យ​ស្ត្រី​ជា​ច្រើន​គោរព​ស្វាមី?

នៅ​ថ្ងៃ​មង្គលការ​ក្នុង​ប្រទេស​ជា​ច្រើន កូន​ក្រមុំ​ស្បថ​ចំពោះ​កូន​កំលោះ​ថា នាង​នឹង​គោរព​ស្វាមី​យ៉ាង​ជ្រាល​ជ្រៅ។ ប៉ុន្តែ ការ​ធ្វើ​តាម​សម្បថ​នោះ​ជា​អ្វី​ដែល​ស្រួល​ឬ​ពិបាក​ធ្វើ គឺ​អាស្រ័យ​លើ​របៀប​ស្វាមី​ប្រព្រឹត្ត​លើ​ភរិយា។ តាម​ពិត ការ​ផ្សំផ្គុំ​គ្នា​ជា​ស្វាមី​ភរិយា​មុន​គេ​បង្អស់​បាន​នាំ​ឲ្យ​ពួក​គេ​មាន​ចិត្ត​រីករាយ។ ព្រះ​យេហូវ៉ា​បាន​យក​ឆ្អឹង​ជំនីរ​មួយ​ពី​អ័ដាម​ដែល​ជា​បុរស​មុន​គេ​បង្អស់ ហើយ​ទ្រង់​បាន​បង្កើត​ស្ត្រី​ពី​ឆ្អឹង​នោះ។ ជា​លទ្ធផល អ័ដាម​បាន​លាន់​មាត់​ថា​៖ «នេះ​ហើយ​ជា​ឆ្អឹង​ពី​ឆ្អឹង​អញ ជា​សាច់​ពី​សាច់​អញ»។—លោកុប្បត្តិ ២:១៩​-​២៣

២​. ពេល​ថ្មីៗ​នេះ តើ​មនុស្ស​ស្រី​ជា​ច្រើន​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ការ​រៀប​អាពាហ៍ពិពាហ៍?

២ ការ​ផ្សំផ្គុំ​គ្នា​ជា​គូ​ស្វាមី​ភរិយា​មុន​គេ​បង្អស់​បាន​នាំ​ឲ្យ​ពួក​គេ​មាន​ចិត្ត​រីករាយ​មែន ប៉ុន្តែ​នៅ​សហរដ្ឋ​អា​ម៉េរិក​តាំង​ពី​ឆ្នាំ​១៩៦០​ជាង ពួក​គេ​ចាប់​ផ្ដើម​ផ្សាយ​ទស្សនៈ​ថ្មី​ដែល​ចង់​ជួយ​ឲ្យ​ស្ត្រី​មាន​សេរីភាព ពោល​គឺ កុំ​ឲ្យ​មនុស្ស​ប្រុស​ត្រួតត្រា​លើ​មនុស្ស​ស្រី​ទៀត។ នៅ​គ្រា​នោះ ក្នុង​ចំណោម​បុរស​៣០០​នាក់​ដែល​បាន​ចាក​ចោល​ក្រុម​គ្រួសារ​របស់​ខ្លួន គឺ​មាន​តែ​ស្ត្រី​ម្នាក់​ប៉ុណ្ណោះ​ដែល​បាន​ធ្វើ​ដូច្នេះ។ ប៉ុន្តែ ជិត​មក​ដល់​ឆ្នាំ​១៩៧០ ចំនួន​ស្ត្រី​ដែល​បាន​ចាក​ចោល​ក្រុម​គ្រួសារ​បាន​កើន​ដល់​បី​នាក់។ នៅ​សព្វ​ថ្ងៃ​នេះ មើល​ទៅ​ដូច​ជា​មនុស្ស​ស្រី​បែរ​ជា​ចេះ​ជេរ​ប្រមាថ ផឹក​ស្រា ជក់​បារី​និង​ធ្វើ​អំពើ​អសីលធម៌​ច្រើន​ស្មើ​នឹង​មនុស្ស​ប្រុស។ តើ​នេះ​នាំ​ឲ្យ​មនុស្ស​ស្រី​មាន​សុភមង្គល​ច្រើន​ជាង​មុន​ទេ? គឺ​អត់​ទេ! ដ្បិត​នៅ​ប្រទេស​ខ្លះ ប្រមាណ​៥០​ភាគ​រយ​នៃ​មនុស្ស​ដែល​រៀប​ការ​ក៏​លែង​លះ​គ្នា។ តើ​ការ​ប្រឹងប្រែង​របស់​មនុស្ស​ស្រី​ទាំង​នេះ​ពិត​ជា​បាន​ជួយ​ឲ្យ​ពួក​គេ​មាន​ស្ថានភាព​ក្នុង​គ្រួសារ​ប្រសើរ​ជាង​មុន​ទេ?—ធីម៉ូថេទី២ ៣:១​-​៥

៣​. តើ​អ្វី​ជា​ដើម​ហេតុ​នៃ​បញ្ហា​គ្រួសារ?

៣ តើ​អ្វី​ជា​ដើម​ហេតុ​នៃ​បញ្ហា​គ្រួសារ? តាម​ពិត បញ្ហា​នេះ​មាន​តាំង​ពី​នាង​អេវ៉ា​បាន​ចាញ់​បញ្ឆោត​ទេវតា​បះបោរ​មួយ​រូប​ដែល​ជា​«ពស់​ពី​បុរាណ​ដែល​ឈ្មោះ​ហៅ​ថា​អារក្ស​ហើយ​សាតាំង​ផង»។ (វិវរណៈ ១២:៩; ធីម៉ូថេទី១ ២:១៣, ១៤) សាតាំង​កំពុង​តែ​ពង្រេចពង្រឹល​សេចក្ដី​បង្រៀន​របស់​ព្រះ​យេហូវ៉ា។ ជា​ឧទាហរណ៍ អារក្ស​បាន​ញុះញង់​ឲ្យ​មនុស្ស​ច្រើន​មាន​គំនិត​ថា អ្នក​ដែល​រៀប​ការ​លែង​មាន​សិទ្ធិ​សេរីភាព​ហើយ​តែង​តែ​មាន​បញ្ហា។ ដោយសារ​សាតាំង​ជា​ចៅហ្វាយ​លើ​ពិភពលោក​នេះ វា​ប្រើ​បណ្ដាញ​អ្នក​ផ្សាយ​ព័ត៌មាន​ដើម្បី​ឃោសនា​ទស្សនៈ​ដែល​នាំ​ឲ្យ​មនុស្ស​គិត​ថា ការ​ណែនាំ​របស់​ព្រះ​សុទ្ធតែ​ហួស​សម័យ​ហើយ​តឹងរ៉ឹង​ពេក។ (កូរិនថូសទី២ ៤:៣, ៤) ប៉ុន្តែ បើ​យើង​ពិនិត្យ​មើល​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​តួ​នាទី​របស់​មនុស្ស​ស្រី​ដែល​មាន​ស្វាមី យើង​នឹង​ឃើញ​ថា​យោបល់​ក្នុង​ព្រះ​គម្ពីរ​ពិត​ជា​ល្អ​ហើយ​នាំ​ឲ្យ​មាន​ប្រយោជន៍។

ការ​ព្រមាន​ចំពោះ​អស់​អ្នក​ដែល​ចង់​រៀប​ការ

៤, ៥​. (ក) ពេល​គិត​ចង់​រៀប​ការ ហេតុ​អ្វី​ក៏​មនុស្ស​ស្រី​គួរ​ប្រុង​ប្រយ័ត្ន? (ខ) មុន​នឹង​យល់​ព្រម​រៀប​ការ​ជា​មួយ​បុរស​ណា​ម្នាក់ តើ​ស្ត្រី​ដែល​នៅ​លីវ​គួរ​ធ្វើ​អ្វី​ជា​មុន​សិន?

៤ ព្រះ​គម្ពីរ​ព្រមាន​ថា អស់​អ្នក​ដែល​ចង់​រៀប​ការ​គួរ​ប្រុង​ប្រយ័ត្ន។ ព្រះ​គម្ពីរ​ពន្យល់​ថា សូម្បី​តែ​ស្វាមី​ភរិយា​ដែល​មាន​សុភមង្គល​ក៏​នឹង​មាន​«សេចក្ដី​ទុក្ខ​ព្រួយ»​ដែរ។ ដូច្នេះ ទោះបី​ជា​ព្រះ​យេហូវ៉ា​មាន​បំណង​ឲ្យ​មនុស្ស​ប្រុស​ស្រី​រៀប​ការ​ក៏​ដោយ ព្រះ​គម្ពីរ​នៅ​តែ​ផ្ដល់​ការ​ព្រមាន​ខ្លះ​ដែរ។ ព្រះ​យេហូវ៉ា​បាន​ផ្ដាំ​ឲ្យ​បុរស​ម្នាក់​សរសេរ​ក្នុង​ព្រះ​គម្ពីរ​ថា ក្នុង​ករណី​ដែល​ស្វាមី​ស្លាប់​ទៅ នោះ​ភរិយា​របស់​គាត់​មាន​សិទ្ធិ​រៀប​ការ​ម្ដង​ទៀត។ ប៉ុន្តែ «បើ​នាង​នោះ​នៅ​តែ​មេម៉ាយ​ត​ទៅ​[ឬ​«មិន​យក​ប្ដី​ទៀត»] នោះ​នាង​បាន​សប្បាយ​ជាង»។ ចំពោះ​អស់​អ្នក​«ដែល​អាច​[នៅ​លីវ​រហូត]​បាន» ព្រះ​យេស៊ូ​បាន​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​នៅ​លីវ​វិញ។ ប៉ុន្តែ ចំពោះ​អស់​អ្នក​ដែល​សម្រេច​ចិត្ត​រៀប​ការ​វិញ ពួក​គេ​ត្រូវ​រក​គូ​អាពាហ៍ពិពាហ៍​«ក្នុង​ព្រះ​អម្ចាស់»​ប៉ុណ្ណោះ ដែល​មាន​ន័យ​ថា ពួក​គេ​គួរ​រក​ស្វាមី​ឬ​ភរិយា​ដែល​ជា​អ្នក​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​ដែល​បាន​ឧទ្ទិស​ថ្វាយ​ខ្លួន​និង​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​រួច​ហើយ។—កូរិនថូសទី១ ៧:២៨, ៣៦​-​៤០; ខ.ស.; ម៉ាថាយ ១៩:១០​-​១២

៥ មូលហេតុ​ដែល​មនុស្ស​ស្រី​ត្រូវ​ប្រុង​ប្រយ័ត្ន​ជាង​គេ​ពេល​ជ្រើសរើស​ស្វាមី គឺ​ដោយសារ​ព្រះ​គម្ពីរ​ព្រមាន​ថា ស្ត្រី​ដែល​រៀប​ការ​ត្រូវ​នៅ​«ជាប់​នឹង​ប្ដី​ដោយសារ​ក្រិត្យ​វិន័យ»។ នាង​មិន​អាច​ដក​ខ្លួន​«រួច​ពី​ច្បាប់​របស់​ប្ដី»​បាន​ទេ លើក​លែង​តែ​ស្វាមី​ស្លាប់ ឬ​ក៏​នាង​បាន​លែង​លះ​គាត់​ដោយ​ព្រោះ​គាត់​ប្រព្រឹត្ត​អំពើ​អសីលធម៌។ (រ៉ូម ៧:២, ៣) ក្ដី​ស្នេហា​ដែល​មាន​ពេល​ដើរ​លេង​ជា​គូ​ប្រហែល​ជា​នាំ​ឲ្យ​សប្បាយ​មែន ប៉ុន្តែ​នេះ​មិន​មែន​ជា​មូលដ្ឋាន​រឹង​មាំ​ដើម្បី​ឲ្យ​បាន​សុភមង្គល​ពិត​ពេល​រៀប​ការ​ទេ។ ដូច្នេះ ស្ត្រី​ដែល​នៅ​លីវ​ត្រូវ​សួរ​ខ្លួន​ឯង​ថា ‹តើ​ខ្ញុំ​សុខ​ចិត្ត​ចុះ​ចូល​ក្រោម​ច្បាប់​បុរស​នេះ​ទេ?›។ ស្ត្រី​ទាំង​ឡាយ​ត្រូវ​គិត​អំពី​សំណួរ​នេះ​មុន​គាត់​រៀប​ការ មិន​មែន​ក្រោយ​ថ្ងៃ​មង្គលការ​ទេ។

៦​. តើ​ស្ត្រី​ភាគ​ច្រើន​នៅ​សព្វ​ថ្ងៃ​នេះ​មាន​សិទ្ធិ​សម្រេច​ចិត្ត​ខ្លួន​ឯង​អំពី​អ្វី? ហេតុ​អ្វី​ក៏​ចាំបាច់​ឲ្យ​មនុស្ស​ស្រី​ប្រុង​ប្រយ័ត្ន​ពេល​ធ្វើ​ការ​សម្រេច​ចិត្ត​នោះ?

៦ នៅ​ប្រទេស​ជា​ច្រើន​សព្វ​ថ្ងៃ​នេះ ស្ត្រី​មាន​សិទ្ធិ​សម្រេច​ចិត្ត​ខ្លួន​ឯង​ថា យល់​ព្រម​ឬ​មិន​យល់​ព្រម​រៀប​ការ​ជា​មួយ​បុរស​ណា​ម្នាក់។ ប៉ុន្តែ ការ​សម្រេច​ចិត្ត​ឲ្យ​បាន​ល្អ​ប្រហែល​ជា​ពិបាក​ណាស់ ពីព្រោះ​ក្ដី​ប្រាថ្នា​ចង់​បាន​ប្ដី​ដែល​ស្រឡាញ់​ខ្លួន​និង​ជា​មិត្ត​១០០​ឆ្នាំ ជា​អ្វី​ដែល​គេ​ចង់​បាន​ខ្លាំង​ណាស់។ អ្នក​និពន្ធ​ម្នាក់​បាន​សរសេរ​ថា​៖ «កាល​ណា​យើង​ប្រាថ្នា​យ៉ាង​ខ្លាំង​ចង់​ធ្វើ​អ្វី​មួយ (មិន​ថា​ចង់​រៀប​ការ​ឬ​ចង់​ឡើង​ភ្នំ​ខ្ពស់​ក្ដី) យើង​ច្បាស់​ជា​មិន​សូវ​គិត​ដោយ​ប្រយ័ត្នប្រយែង​ទេ ហើយ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​តែ​ព័ត៌មាន​ណា​ដែល​ត្រូវ​ចិត្ត​ប៉ុណ្ណោះ»។ ចំពោះ​អ្នក​ដែល​ចង់​ឡើង​ភ្នំ​ខ្ពស់ គាត់​អាច​បាត់បង់​ជីវិត​បាន បើ​គាត់​មិន​ប្រុង​ប្រយ័ត្ន​ពេល​ធ្វើ​ការ​សម្រេច​ចិត្ត​ផ្សេងៗ។ ដូច​គ្នា​ដែរ ការ​ជ្រើសរើស​គូ​អាពាហ៍ពិពាហ៍​ដោយ​មិន​យក​ចិត្ត​ទុក​ដាក់ នោះ​អាច​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​មែន។

៧​. តើ​មាន​យោបល់​ល្អៗ​អ្វី​ខ្លះ​ដែល​ទាក់ទង​នឹង​ការ​រក​ស្វាមី​ឬ​ភរិយា?

៧ ពេល​បុរស​ម្នាក់​សូម​នារី​ម្នាក់​រៀប​ការ​ជា​មួយ​គាត់ គប្បី​ឲ្យ​នាង​គិត​ពិចារណា​ថា តើ​ការ​ចុះ​ចូល​ក្រោម​ច្បាប់​បុរស​នោះ​នឹង​តម្រូវ​ឲ្យ​នាង​ធ្វើ​អ្វី​ខ្លះ? ប៉ុន្មាន​ឆ្នាំ​មុន​នេះ នារី​ជន​ជាតិ​ឥណ្ឌា​ម្នាក់​បង្ហាញ​ពី​ចិត្ត​រាប​ទាប​របស់​គាត់​ដោយ​មាន​ប្រសាសន៍​ថា​៖ «ឪពុក​ម្ដាយ​មាន​វ័យ​ចាស់​និង​មាន​ប្រាជ្ញា​ច្រើន​ជាង​យើង ហើយ​គាត់​មិន​ងាយ​ចាញ់​បោក​គេ​ដូច​ជា​យើង​ទេ។ . . . នេះ​គឺ​ងាយ​ស្រួល​ណាស់​ឲ្យ​ខ្ញុំ​ធ្វើ​ការ​សម្រេច​ចិត្ត​ខុស»។ ជំនួយ​ដែល​យើង​អាច​ទទួល​ពី​មាតា​បិតា​និង​មនុស្ស​ឯ​ទៀត​គឺ​សំខាន់​ណាស់។ បុរស​ម្នាក់​ដែល​ជា​អ្នក​ជូន​យោបល់​ល្អ​ច្រើន​ឆ្នាំ​ហើយ គាត់​លើក​ទឹក​ចិត្ត​ឲ្យ​កំលោះ​ក្រមុំ​ស្គាល់​មាតា​បិតា​របស់​បុរស​ឬ​ស្ត្រី​ដែល​នឹង​ទៅ​ជា​ស្វាមី​ឬ​ភរិយា​របស់​ខ្លួន ព្រម​ទាំង​កត់​សម្គាល់​របៀប​ដែល​គាត់​ប្រព្រឹត្ត​លើ​មាតា​បិតា​និង​បងប្អូន​របស់​គាត់។

របៀប​ដែល​ព្រះ​យេស៊ូ​ចុះ​ចូល

៨, ៩​. (ក) តើ​ព្រះ​យេស៊ូ​មាន​ទស្សនៈ​យ៉ាង​ណា​ពេល​ចុះ​ចូល​ចំពោះ​ព្រះ? (ខ) តើ​ការ​ចេះ​ចុះ​ចូល​អាច​នាំ​ឲ្យ​មាន​ប្រយោជន៍​អ្វី​ខ្លះ?

៨ ជួន​កាល​ការ​ចុះ​ចូល​ចំពោះ​ស្វាមី​ជា​ការ​ពិបាក​ក៏​ពិត​មែន ប៉ុន្តែ​មនុស្ស​ស្រី​អាច​ចាត់​ទុក​ការ​ចុះ​ចូល​នោះ​ជា​អ្វី​ដែល​នាំ​ឲ្យ​មាន​កិត្ដិយស​វិញ ដូច​ព្រះ​យេស៊ូ​ពេញ​ចិត្ត​ចុះ​ចូល​ចំពោះ​ព្រះ។ ព្រះ​យេស៊ូ​បាន​រង​ទុក្ខ​លំបាក​ខ្លះ គឺ​រហូត​ដល់​ទទួល​មរណភាព​នៅ​លើ​បង្គោល​ទារុណកម្ម ពីព្រោះ​ទ្រង់​ពេញ​ចិត្ត​ចុះ​ចូល​ចំពោះ​ព្រះ​យេហូវ៉ា។ ត្រូវ​ហើយ ព្រះ​យេស៊ូ​មាន​អំណរ​ក្នុង​ការ​ចុះ​ចូល​ចំពោះ​ព្រះ។ (លូកា ២២:​៤១​-​៤៤; ហេព្រើរ ៥:៧, ៨; ១២:៣) ស្ត្រី​ទាំង​ឡាយ​ក៏​អាច​យក​ព្រះ​យេស៊ូ​ជា​គំរូ ដ្បិត​ព្រះ​គម្ពីរ​ចែង​ថា​៖ «បុរស . . . ជា​ក្បាល​[ឬ​អ្នក​«នាំ​មុខ»]​ស្ត្រី ហើយ​សិរសា​[ឬ​អ្នក​«នាំ​មុខ»]​ព្រះ​គ្រីស្ទ គឺ​ជា​ព្រះ»។ (កូរិនថូសទី១ ១១:៣; ខ.ស.) ប៉ុន្តែ​គួរ​ឲ្យ​កត់​សម្គាល់​ដែរ​ថា មនុស្ស​ស្រី​ត្រូវ​ចុះ​ចូល​ចំពោះ​មនុស្ស​ប្រុស​ជា​អ្នក​នាំ​មុខ មិន​គ្រាន់​តែ​ពេល​រៀប​ការ​ប៉ុណ្ណោះ​ទេ។

៩ ព្រះ​គម្ពីរ​ពន្យល់​ថា​មនុស្ស​ស្រី (មិន​ថា​នៅ​លីវ​ឬ​មាន​ស្វាមី​ក្ដី) គួរ​តែ​ចុះ​ចូល​ចំពោះ​បុរស​នានា​ដែល​មាន​លក្ខណៈ​គ្រប់គ្រាន់​តាម​ព្រះ​គម្ពីរ​ឲ្យ​ធ្វើ​ជា​អ្នក​នាំ​មុខ​ក្នុង​ក្រុម​ជំនុំ​នៃ​ពួក​គ្រិស្ត​សា​សនិក។ (ធីម៉ូថេទី១ ២:១២, ១៣; ហេព្រើរ ១៣:១៧) ពេល​មនុស្ស​ស្រី​ស្ដាប់​តាម​បង្គាប់​ព្រះ​ដោយ​ធ្វើ​ដូច្នេះ ពួក​គេ​ក៏​តាំង​គំរូ​ឲ្យ​ពួក​ទេវតា​ចុះ​ចូល​តាម​ការ​រៀបចំ​របស់​ព្រះ​ដែរ។ (កូរិនថូសទី១ ១១:៨​-​១០) បន្ថែម​ទៅ​ទៀត មនុស្ស​ស្រី​វ័យ​ចំណាស់​ដែល​មាន​ស្វាមី​ហើយ អាច​បង្រៀន​ស្ត្រី​វ័យ​ក្មេង​ដោយ​ធ្វើ​ជា​គំរូ​ល្អ​ដល់​ពួក​គេ ព្រម​ទាំង​ជូន​យោបល់​ដែល​ជួយ​ឲ្យ​ពួក​គេ​«ចុះ​ចូល​ចំពោះ​ប្ដី»​ខ្លួន​ដែរ។—ទីតុស ២:៣​-​៥

១០​. តើ​ព្រះ​យេស៊ូ​ទុក​គំរូ​អ្វី​ក្នុង​ការ​ចុះ​ចូល?

១០ ព្រះ​យេស៊ូ​ទទួល​ស្គាល់​ថា ការ​ចុះ​ចូល​ចំពោះ​អ្នក​ដែល​យើង​គួរ​គោរព​គឺ​ពិត​ជា​មាន​តម្លៃ​មែន។ មាន​គ្រា​មួយ​ដែល​ព្រះ​យេស៊ូ​បាន​បង្គាប់​ឲ្យ​ពេត្រុស​បង់​ពន្ធ​ដល់​ពួក​រាជការ​ដែល​ទារ​ពន្ធ​ពី​គាត់​ទាំង​ពីរ​នាក់ ហើយ​ទ្រង់​ក៏​ផ្ដល់​ប្រាក់​ឲ្យ​ពេត្រុស​បង់​ពន្ធ​ដែរ។ ក្រោយៗ​មក ពេត្រុស​បាន​សរសេរ​ថា​៖ «ចូរ​ឲ្យ​ចុះ​ចូល​នឹង​គ្រប់​ទាំង​ច្បាប់​នៃ​មនុស្ស​លោក​ដោយ​យល់​ដល់​ព្រះ​អម្ចាស់»។ (ពេត្រុសទី១ ២:១៣; ម៉ាថាយ ១៧:២៤​-​២៧) យើង​ក៏​អាច​អាន​អំពី​គំរូ​ដ៏​អស្ចារ្យ​បំផុត​ដែល​ព្រះ​យេស៊ូ​បាន​ទុក​សម្រាប់​យើង​ក្នុង​ការ​ចុះ​ចូល​នោះ​គឺ «ទ្រង់​បាន​លះបង់​ព្រះ​អង្គ​ទ្រង់​មក​យក​រូបភាព​ជា​បាវ​បំរើ​វិញ ព្រម​ទាំង​ប្រសូត​មក​មាន​រូប​ជា​មនុស្ស​ផង ហើយ​ដែល​ឃើញ​ទ្រង់​មាន​ភាព​ជា​មនុស្ស​ដូច្នោះ នោះ​ក៏​បន្ទាប​ព្រះ​អង្គ​ទ្រង់ ទាំង​ចុះ​ចូល​ស្ដាប់​បង្គាប់​រហូត​ដល់​ទី​មរណៈ»។—ភីលីព ២:៥​-​៨

១១​. ហេតុ​អ្វី​បាន​ជា​ពេត្រុស​លើក​ទឹក​ចិត្ត​ឲ្យ​ស្ត្រី​ទាំង​ឡាយ​ចុះ​ចូល​ចំពោះ​ស្វាមី​ខ្លួន សូម្បី​តែ​ចំពោះ​ស្វាមី​ដែល​មិន​ជឿ​លើ​ព្រះ​យេហូវ៉ា​ក្ដី?

១១ ពេត្រុស​បាន​លើក​ទឹក​ចិត្ត​ពួក​គ្រិស្ត​សា​សនិក​ឲ្យ​ចុះ​ចូល​ចំពោះ​ពួក​រាជការ​ដែល​មាន​ក្នុង​ពិភព​លោក​នេះ សូម្បី​តែ​ពេល​អ្នក​ទាំង​នោះ​ប្រើ​អំពើ​ហិង្សា​ឬ​ធ្វើ​អ្វី​ដែល​អយុត្ដិធម៌​ក្ដី។ ពេត្រុស​ពន្យល់​ថា​៖ «[ព្រះ​យេស៊ូ]​បាន​ហៅ​អ្នក​រាល់​គ្នា​មក​ឯ​សេចក្ដី​នោះ​ឯង ពីព្រោះ​ព្រះ​គ្រីស្ទ​ក៏​បាន​រង​ទុក្ខ​ជំនួស​យើង​ដែរ ទាំង​ទុក​ដំ​រាប់​ឲ្យ​យើង​រាល់​គ្នា​ដើរ​តាម​លំអាន​ដាន​នៃ​ទ្រង់»។ (ពេត្រុសទី១ ២:២១) ក្រោយ​មក​ពេត្រុស​ពន្យល់​ថា ព្រះ​យេស៊ូ​បាន​ស៊ូទ្រាំ​នឹង​ទុក្ខ​លំបាក​ខ្លះ​ដែរ​ក្នុង​ការ​ចុះ​ចូល​ចំពោះ​ព្រះ។ រួច​មក ពេត្រុស​លើក​ទឹក​ចិត្ត​ពួក​ស្ត្រី​ទាំង​ឡាយ​ដែល​មាន​ស្វាមី​មិន​ជឿ​លើ​ព្រះ​យេហូវ៉ា​ថា​៖ «ពួក​ស្រីៗ​ត្រូវ​ចុះ​ចូល​ចំពោះ​ប្ដី​ខ្លួន​បែប​ដូច្នោះ​ដែរ ដើម្បី​បើ​មាន​អ្នក​ណា​ដែល​មិន​ព្រម​ស្ដាប់​បង្គាប់​តាម​ព្រះ​បន្ទូល នោះ​ប្រពន្ធ​នឹង​ទាញ​ចិត្ត​មក​បាន​ដោយសារ​កិរិយា​ល្អ [គឺ​«មិន​បាច់​បញ្ចេញ​ពាក្យ​សំដី​ទេ»​, ខ.ស.]»។ នេះ​មាន​ន័យ​ថា ស្វាមី​នឹង​«ឃើញ​កិរិយា​បរិសុទ្ធ​ដែល​ប្រពន្ធ​ប្រព្រឹត្ត»​រួម​ទាំង​«សេចក្ដី​គោរព​យ៉ាង​ជ្រាល​ជ្រៅ»។—ពេត្រុសទី១ ៣:១, ២; ព.ថ.

១២​. តើ​ការ​ចុះ​ចូល​របស់​ព្រះ​យេស៊ូ​បាន​នាំ​ឲ្យ​មាន​ប្រយោជន៍​អ្វី​ខ្លះ?

១២ អ្នក​ខ្លះ​គិត​ថា មាន​តែ​មនុស្ស​ទន់ខ្សោយ​ទេ​ដែល​សុខ​ចិត្ត​ចុះ​ចូល​ចំពោះ​អ្នក​ដែល​ធ្វើ​បាប​ខ្លួន​ឬ​ពេល​គេ​ជេរ​ប្រមាថ​នោះ។ ប៉ុន្តែ ព្រះ​យេស៊ូ​មិន​ដែល​មាន​ទស្សនៈ​ដូច​នោះ​ទេ។ ពេត្រុស​សរសេរ​ថា​៖ «កាល​គេ​បាន​ជេរ​ប្រមាថ​ដល់​ទ្រង់ នោះ​ទ្រង់​មិន​បាន​ជេរ​តប​វិញ​ទេ ខណៈ​ដែល​ទ្រង់​រង​ទុក្ខ នោះ​ក៏​មិន​បាន​គំហក​កំហែង​ដល់​គេ​ដែរ»។ (ពេត្រុសទី១ ២:២៣) ជា​លទ្ធផល ពេល​មនុស្ស​ខ្លះ​ឃើញ​ព្រះ​យេស៊ូ​រង​ទុក្ខ​វេទនា​នោះ ពួក​គេ​ក៏​មាន​ជំនឿ​ទៅ​លើ​ទ្រង់​តិច​តួច​ដែរ ដូច​ជា​ចោរ​ម្នាក់​ដែល​ជាប់​នៅ​លើ​បង្គោល​ឈើ​ក្បែរ​ព្រះ​យេស៊ូ និង​មេទ័ព​ដែល​មើល​គេ​ប្រហារ​ជីវិត​ទ្រង់។ (ម៉ាថាយ ២៧:៣៨​-​៤៤, ៥៤; ម៉ាកុស ១៥:៣៩; លូកា ២៣:៣៩​-​៤៣) ស្រដៀង​គ្នា​ដែរ ពេត្រុស​បង្ហាញ​ថា​ស្វាមី​ខ្លះ​ដែល​មិន​ទាន់​ជឿ​ទៅ​លើ​ព្រះ​យេហូវ៉ា (សូម្បី​តែ​អ្នក​ខ្លះ​ធ្លាប់​ធ្វើ​បាប​ភរិយា​ផង)អាច​ក្លាយ​ជា​គ្រិស្ត​សា​សនិក​បាន ពេល​គាត់​ឃើញ​កិរិយា​របស់​ភរិយា​ដែល​តែង​តែ​ចុះ​ចូល​ចំពោះ​គាត់។ នៅ​សព្វ​ថ្ងៃ​នេះ​យើង​ក៏​ធ្លាប់​ឃើញ​បុរស​ខ្លះ​ធ្វើ​ដូច្នេះ​មែន។

របៀប​ភរិយា​អាច​ទាញ​ចិត្ត​ស្វាមី​បាន

១៣, ១៤​. តើ​ការ​ចុះ​ចូល​ចំពោះ​ស្វាមី​ដែល​មិន​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​បាន​នាំ​ឲ្យ​មាន​ប្រយោជន៍​អ្វី​ខ្លះ?

១៣ ប្រសិន​បើ​ស្ត្រី​ណា​ម្នាក់​ចាប់​ផ្ដើម​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​ហើយ​មាន​កិរិយា​ល្អ​ជា​គ្រិស្ត​សា​សនិក នាង​ក៏​អាច​យក​ឈ្នះ​ចិត្ត​ស្វាមី​បាន​ឬ​ទាញ​ចិត្ត​គាត់​ឲ្យ​ទៅ​ជា​អ្នក​មាន​ជំនឿ​ដែរ។ កាល​ដែល​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​មាន​កម្មវិធី​មហា​សន្និបាត​តាម​តំបន់​ពេល​ថ្មីៗ​នេះ បុរស​ម្នាក់​បាន​រៀប​រាប់​អំពី​ភរិយា​របស់​គាត់​ដែល​ជា​គ្រិស្ត​សា​សនិក​ថា​៖ «មើល​ទៅ ខ្ញុំ​ជា​មនុស្ស​ភ្លើ​សុទ្ធ​ដែល​ប្រព្រឹត្ត​ដូច្នេះ​ទៅ​លើ​នាង។ យ៉ាង​ណា​ក៏​ដោយ នាង​តែង​តែ​បង្ហាញ​ការ​គោរព​ចំពោះ​ខ្ញុំ។ គាត់​មិន​ដែល​មើល​ងាយ​ខ្ញុំ​សោះ ហើយ​ក៏​មិន​បង្ខំ​ឲ្យ​ខ្ញុំ​ចូល​សាសនា​គាត់​ទេ។ នាង​តែង​តែ​ស្រឡាញ់​និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ខ្ញុំ។ ពេល​នាង​ទៅ​សន្និបាត គាត់​ធ្វើ​ម្ហូប​ទុក​ឲ្យ​ខ្ញុំ ហើយ​គាត់​តែង​តែ​បង្ហើយ​កិច្ចការ​ផ្ទះ​ជា​មុន​ដែរ។ អាកប្បកិរិយា​របស់​នាង​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​អារម្មណ៍​ចង់​ដឹង​អំពី​ព្រះ​គម្ពីរ ហើយ​ឥឡូវ​នេះ​ខ្ញុំ​ក៏​ជា​អ្នក​ជឿ​ដែរ!»។ ត្រូវ​ហើយ កិរិយា​ល្អ​របស់​ភរិយា​បាន​«ទាញ​ចិត្ត»​ស្វាមី​មែន!

១៤ ដូច​ពេត្រុស​បាន​បញ្ជាក់​នោះ លទ្ធផល​ល្អ​ច្រើន​តែ​ទាក់ទង​នឹង​ការ​ប្រព្រឹត្ត​របស់​ភរិយា​ជា​ជាង​អ្វី​ដែល​គាត់​និយាយ។ បទពិសោធន៍​របស់​បង​ស្រី​ម្នាក់​ឈ្មោះ​អេកនីសស​ឲ្យ​ឃើញ​ការ​ពិត​នេះ។ បង​ស្រី​បាន​រៀន​សេចក្ដី​ពិត​ពី​ព្រះ​គម្ពីរ ហើយ​គាត់​ខំ​ចូល​រួម​កិច្ច​ប្រជុំ​របស់​ពួក​គ្រិស្ត​សា​សនិក​ពុំ​ដែល​ខាន។ មាន​ពេល​មួយ​ដែល​ស្វាមី​របស់​បង​ស្រី​ស្រែក​ដាក់​គាត់​ថា​៖ «បើ​ឯង​ហ៊ាន​ចេញ​ពី​ទ្វារ​នោះ មិន​បាច់​ត្រឡប់​មក​ផ្ទះ​វិញ​ទេ»។ ដូច្នេះ បង​ស្រី​អេកនីស​មិន​បាន​ចេញ​«ពី​ទ្វារ​នោះ»​ទេ តែ​បាន​ចេញ​ពី​ផ្ទះ​តាម​ទ្វារ​ផ្សេង​ទៀត! លើក​ក្រោយ​ដែល​បង​ស្រី​អេកនីស​ចង់​ទៅ​ប្រជុំ ស្វាមី​គំរាម​ថា​៖ «ពេល​ឯង​ត្រឡប់​មក​វិញ នឹង​មិន​ឃើញ​អញ​ទៀត»។ តាំង​ពី​ពេល​នោះ​មក បង​ស្រី​មិន​បាន​ជួប​គាត់​ទៀត​ទេ ដោយសារ​គាត់​បាន​ចាក​ចេញ​ពី​ផ្ទះ​អស់​បី​ថ្ងៃ។ ប៉ុន្តែ ពេល​គាត់​ត្រឡប់​មក​ផ្ទះ​វិញ បង​ស្រី​សួរ​ដោយ​ទន់ភ្លន់​ថា​៖ «តើ​បង​ចង់​ពិសា​អី​ទេ?»។ បង​ស្រី​អេកនីស​មិន​បាន​ឈប់​គោរព​ព្រះ​យេហូវ៉ា​ទេ ហើយ​មិន​បន្ថយ​សកម្មភាព​សូម្បី​តែ​បន្ដិច​បន្តួច​ក្ដី។ នៅ​ទីបំផុត ស្វាមី​របស់​បង​ស្រី​ក៏​យល់​ព្រម​រៀន​ព្រះ​គម្ពីរ​ដែរ ហើយ​គាត់​បាន​ឧទ្ទិស​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ​យេហូវ៉ា និង​ក្រោយៗ​មក​បាន​បម្រើ​ជា​អ្នក​ចាស់​ទុំ​ដែល​មាន​ភារកិច្ច​ជា​ច្រើន។

១៥​. តើ​ភរិយា​គ្រិស្ត​សា​សនិក​គួរ​«តែង​ខ្លួន»​បែប​ណា?

១៥ បង​ស្រី​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ​បាន​ធ្វើ​តាម​យោបល់​របស់​សាវ័ក​ពេត្រុស​អំពី​ការ​«តែង​ខ្លួន»។ ការ​«តែង​ខ្លួន»​នេះ​មិន​មែន​សំដៅ​ទៅ​លើ​ការ​យក​ចិត្ត​ទុក​ដាក់​ហួស​ហេតុ​ពេក​ចំពោះ​ការ​«ក្រង​សក់»​និង​ការ​ពាក់​«សំលៀក​បំពាក់​ផ្សេងៗ​ឡើយ»។ ផ្ទុយ​ទៅ​វិញ ពេត្រុស​មាន​ប្រសាសន៍​ថា ការ​តែង​ខ្លួន​នោះ​ទាក់ទង​នឹង​«មនុស្ស​លាក់​កំបាំង​ក្នុង​ចិត្ត​វិញ ដោយ​គ្រឿង​ដ៏​មិន​ចេះ​ពុក​រលួយ​របស់​វិញ្ញាណ​សំ​ឡូ​ត​ហើយ​រម្យទម។ នោះ​ឯង​ជា​សេចក្ដី​ដែល​មាន​ដំឡៃ​វិសេស​នៅ​ចំពោះ​ព្រះ»។ មនុស្ស​ស្រី​អាច​បង្ហាញ​វិញ្ញាណ​ឬ​លក្ខណៈ​សម្លូត​ហើយ​រមទម​នេះ ដោយ​ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ត​គួរ​សម​ជា​ជាង​ទាមទារ​ច្រើន​ពេក​ពី​ស្វាមី​ហើយ​ប្រកួត​ប្រជែង​នឹង​គាត់។ បើ​ដូច្នេះ ភរិយា​គ្រិស្ត​សា​សនិក​អាច​គោរព​ស្វាមី​យ៉ាង​ជ្រាល​ជ្រៅ​បាន។—ពេត្រុសទី១ ៣:៣, ៤

ការ​ទាញ​យក​មេ​រៀន​ពី​គំរូ​ផ្សេងៗ

១៦​. តើ​សារ៉ា​តាំង​គំរូ​ល្អ​អ្វី​សម្រាប់​ស្ត្រី​គ្រិស្ត​សា​សនិក​ដែល​មាន​ស្វាមី?

១៦ ពេត្រុស​សរសេរ​ថា​៖ «ពី​ដើម ពួក​ស្រីៗ​បរិសុទ្ធ​ដែល​សង្ឃឹម​ដល់​ព្រះ​ក៏​បាន​តែង​ខ្លួន​យ៉ាង​ដូច្នោះ ទាំង​ចុះ​ចូល​ចំពោះ​ប្ដី​ខ្លួន​ដែរ»។ (ពេត្រុសទី១ ៣:៥) ស្ត្រី​ទាំង​នោះ​ទទួល​ស្គាល់​ថា ពួក​គាត់​អាច​មាន​សុភមង្គល​ក្នុង​គ្រួសារ​និង​មាន​ជីវិត​ជា​រៀង​រហូត​បាន​ទុក​ជា​រង្វាន់ បើ​គាត់​ធ្វើ​អ្វី​ដែល​គាប់​ចិត្ត​ព្រះ​យេហូវ៉ា​ហើយ​ស្ដាប់​តាម​ដំបូន្មាន​ពី​ទ្រង់។ ពេត្រុស​រៀប​រាប់​អំពី​នាង​សារ៉ា​ដែល​ជា​ភរិយា​ស្អាត​របស់​លោក​អ័ប្រាហាំ​ថា នាង​«បាន​ចុះ​ចូល​នឹង​លោក​អ័ប្រាហាំ ព្រម​ទាំង​ហៅ​លោក​ជា​ម្ចាស់​ផង»។ ព្រះ​យេហូវ៉ា​បាន​បង្គាប់​អ័ប្រាហាំ​ឲ្យ​ទៅ​បម្រើ​ទ្រង់​នៅ​ឯ​ប្រទេស​ក្រៅ​យ៉ាង​ឆ្ងាយ​ពី​ស្រុក​កំណើត ហើយ​សារ៉ា​បាន​គាំទ្រ​ស្វាមី​របស់​ខ្លួន​ដែល​កោត​ខ្លាច​ព្រះ ដោយ​លះបង់​ជីវិត​ស្រណុក​ស្រួល​និង​សុខ​ចិត្ត​ប្រថុយ​ជីវិត​ទៅ​តាម​ស្វាមី​នាង។ (លោកុប្បត្តិ ១២:១, ១០​-​១៣) ពេត្រុស​បាន​សរសើរ​សារ៉ា​ដែល​ជា​គំរូ​ល្អ​នោះ ដោយ​សរសេរ​ថា​៖ «អ្នក​រាល់​គ្នា​ក៏​បាន​ត្រឡប់​ជា​ពូជ​នាង​នោះ ដោយ​បាន​ប្រព្រឹត្ត​ល្អ​ឥត​ភិតភ័យ​នឹង​សេចក្ដី​ស្ញែង​ខ្លាច​ណា​ឡើយ»។—ពេត្រុសទី១ ៣:៦

១៧​. តើ​ពេត្រុស​ប្រហែល​ជា​គិត​ពី​អ័ប៊ីកែល​ជា​គំរូ​ល្អ​សម្រាប់​ភរិយា​គ្រិស្ត​សា​សនិក​ដោយ​ព្រោះ​អ្វី?

១៧ ពេត្រុស​ប្រហែល​ជា​បាន​គិត​ពី​នាង​អ័ប៊ីកែល​ជា​គំរូ​ល្អ​មួយ​ទៀត ដ្បិត​នាង​បាន​សង្ឃឹម​លើ​ព្រះ​យេហូវ៉ា​ហើយ​ក៏​ឥត​មាន​ភិតភ័យ​អ្វី​ឡើយ។ អ័ប៊ីកែល​«ជា​ស្ត្រី​ប្រកប​ដោយ​ប្រាជ្ញា» តែ​ស្វាមី​នាង​ឈ្មោះ​ណា​បាល​«ជា​មនុស្ស​កាច​អាក្រក់​ក្នុង​កិរិយា​ប្រព្រឹត្ត»។ ពេល​ណា​បាល​មិន​ព្រម​ជួយ​ដាវីឌ​និង​ពួក​អ្នក​នៅ​ជា​មួយ​គាត់ នោះ​ពួក​គេ​បាន​ត្រៀម​ខ្លួន​ទៅ​សម្លាប់​ណា​បាល​និង​ក្រុម​គ្រួសារ​ទាំង​មូល​របស់​គាត់។ ប៉ុន្តែ អ័ប៊ីកែល​បាន​ចាត់​វិធានការ​ដើម្បី​សង្គ្រោះ​ក្រុម​គ្រួសារ​របស់​នាង។ អ័ប៊ីកែល​បាន​រៀប​អាហារ​ដាក់​លើ​សត្វ​លា​ទាំង​ប៉ុន្មាន ហើយ​ក៏​ទៅ​ជួប​ដាវីឌ​និង​គ្នា​របស់​គាត់​ដែល​ប្រដាប់​ដោយ​អាវុធ​កំពុង​តែ​មក​រក​សងសឹក​ណា​បាល។ ពេល​អ័ប៊ីកែល​ឃើញ​ដាវីឌ នាង​ចុះ​ពី​លា​ហើយ​ទម្លាក់​ខ្លួន​នៅ​ទៀប​ជើង​លោក​ទាំង​អង្វរ​សូម​កុំ​ឲ្យ​ដាវីឌ​រហ័ស​ទៅ​សងសឹក។ សម្ដី​របស់​អ័ប៊ីកែល​មាន​ឥទ្ធិពល​ខ្លាំង​ណាស់​លើ​ដាវីឌ ហើយ​គាត់​ក៏​និយាយ​ទៅ​កាន់​នាង​ថា​៖ «សូម​ក្រាប​ថ្វាយ​បង្គំ​ដល់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ដែល​ទ្រង់​បាន​ចាត់​អ្នក​ឲ្យ​មក​ជួប​នឹង​ខ្ញុំ​នៅ​ថ្ងៃ​នេះ! ហើយ​សូម​ពរ​ដល់​ប្រាជ្ញា​របស់​អ្នក​នឹង​ដល់​ខ្លួន​អ្នក​ផង»។—សាំយូអែលទី១ ២៥:២​-​៣៣

១៨​. បើ​បុរស​ដទៃ​ស្រឡាញ់​ស្ត្រី​ដែល​មាន​ស្វាមី​ហើយ តើ​នាង​គួរ​នឹក​ចាំ​គំរូ​របស់​អ្នក​ណា? ហេតុ​អ្វី?

១៨ នាង​ពី​ក្រុង​ស៊ូ​ឡាម​ក៏​ជា​គំរូ​ល្អ​មួយ​ទៀត​សម្រាប់​ភរិយា​ទាំង​ឡាយ ដ្បិត​នាង​បាន​រក្សា​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​គូ​ដណ្ដឹង​របស់​នាង ទោះ​បើ​គាត់​ជា​អ្នក​គង្វាល​សាមញ្ញ​ម្នាក់​ក្ដី។ នាង​នៅ​តែ​ស្រឡាញ់​គាត់​យ៉ាង​ខ្លាំង សូម្បី​តែ​ពេល​ស្តេច​ដែល​ជា​អ្នក​មាន​ស្តុកស្តម្ភ​បាន​សូម​ស្រឡាញ់​នាង​ក៏​ដោយ។ នាង​ប្រាប់​អារម្មណ៍​របស់​ខ្លួន​ទៅ​អ្នក​កំលោះ​គង្វាល​ថា​៖ «សូម​ចារឹក​រូប​អូន​ក្នុង​ដួង​ចិត្ត​របស់​បង​ដើម្បី​កុំ​អោយ​ភ្លេច​ឡើយ ដ្បិត​សេចក្ដី​ស្រឡាញ់​មាន​កម្លាំង​ដូច​សេចក្ដី​ស្លាប់» ហើយ​«ទឹក​ជា​ច្រើន​យ៉ាង​ណា​ក៏​មិន​អាច​នឹង​ពន្លត់​សេចក្ដី​ស្រឡាញ់​បាន​ឡើយ ទឹក​ជំនន់​នឹង​ពន្លិច​ក៏​មិន​បាន​ដែរ»។ (បទ​ចំរៀង​សាឡូម៉ូន ៨:៦, ៧; ខ.ស.) ដូច​គ្នា​ដែរ​ចំពោះ​ស្ត្រី​ដែល​យល់​ព្រម​រៀប​ការ​ជា​មួយ​បុរស​ណា​ម្នាក់ នាង​គួរ​តាំង​ចិត្ត​នៅ​ស្មោះ​ត្រង់​ចំពោះ​ស្វាមី​និង​គោរព​គាត់​យ៉ាង​ជ្រាល​ជ្រៅ។

ឱវាទ​បន្ថែម​ទៀត​ពី​ព្រះ

១៩, ២០​. (ក) ហេតុ​អ្វី​ក៏​ចាំបាច់​ម្ល៉េះ​ឲ្យ​ភរិយា​ចុះ​ចូល​ចំពោះ​ស្វាមី? (ខ) តើ​អ្នក​ណា​បាន​តាំង​គំរូ​ល្អ​ចំពោះ​ភរិយា​ទាំង​ឡាយ?

១៩ ចុង​ក្រោយ​បង្អស់ សូម​មើល​ម្ដង​ទៀត​នូវ​ប្រធាន​បទ​គម្ពីរ​សម្រាប់​អត្ថបទ​សិក្សា​នេះ​ដែល​ដាស់​តឿន​ឲ្យ​«ស្ត្រី​រាល់​គ្នា . . . ចុះ​ចូល​ចំពោះ​ប្ដី​ខ្លួន» ហើយ​សូម​គិត​ពី​ចំណុច​សំខាន់​ក្នុង​ខ​បន្ទាប់។ (អេភេសូរ ៥:២២) ហេតុ​អ្វី​ក៏​ចាំបាច់​ម្ល៉េះ​ឲ្យ​ពួក​ស្ត្រី​ចុះ​ចូល​ចំពោះ​ស្វាមី? ខ​២៣​បញ្ជាក់​ថា​ភរិយា​គួរ​ចុះ​ចូល​ចំពោះ​ស្វាមី «ដ្បិត​ប្ដី​ជា​ក្បាល​[ឬ​អ្នក​«នាំ​មុខ»]​ប្រពន្ធ ដូច​ជា​ព្រះ​គ្រីស្ទ​ទ្រង់​ជា​សិរសា​[ឬ​អ្នក​«នាំ​មុខ»]​ពួក​ជំនុំ​ដែរ»។ ដូច្នេះ ភរិយា​ទាំង​ឡាយ​បាន​ត្រូវ​ដាស់​តឿន​ថា​៖ «ដូច​ជា​ពួក​ជំនុំ​ចុះ​ចូល​នឹង​ព្រះ​គ្រីស្ទ​ជា​យ៉ាង​ណា នោះ​ត្រូវ​ឲ្យ​ប្រពន្ធ​ចុះ​ចូល​នឹង​ប្ដី​ខ្លួន​ក្នុង​គ្រប់​ការ​ទាំង​អស់​យ៉ាង​នោះ​ដែរ»។—អេភេសូរ ៥:២៣, ២៤, ៣៣; ខ.ស.

២០ ដើម្បី​ធ្វើ​តាម​បង្គាប់​ឲ្យ​ចុះ​ចូល​ចំពោះ​ស្វាមី​នោះ ភរិយា​ទាំង​ឡាយ​គួរ​ពិនិត្យ​មើល​និង​ធ្វើ​តាម​គំរូ​របស់​ពួក​ជំនុំ​នៃ​ព្រះ​គ្រិស្ត​ដែល​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថានសួគ៌។ សូម​អាន​សៀវភៅ​កូរិនថូសទី២ ១១:​២៣​-​២៨ ដើម្បី​ពិនិត្យ​មើល​អ្វី​ដែល​សាវ័ក​ប៉ុល​បាន​ស៊ូទ្រាំ​ក្នុង​ការ​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេស៊ូ​គ្រិស្ត​ជា​អ្នក​នាំ​មុខ ដ្បិត​គាត់​ជា​សមាជិក​នៃ​ពួក​ជំនុំ​នោះ។ ភរិយា​ទាំង​ឡាយ​រួម​ជា​មួយ​ក្រុមជំនុំ​ទាំង​មូល​គួរ​ធ្វើ​តាម​គំរូ​របស់​ប៉ុល​ដោយ​មាន​ភាព​ស្មោះ​ត្រង់​ក្នុង​ការ​ចុះ​ចូល​ចំពោះ​ព្រះ​យេស៊ូ។ ភរិយា​ទាំង​ឡាយ​អាច​ធ្វើ​ដូច្នេះ​បាន​ដោយ​ចុះ​ចូល​ចំពោះ​ស្វាមី។

២១​. តើ​អ្វី​អាច​ជំរុញ​ចិត្ត​ស្ត្រី​ឲ្យ​ចុះ​ចូល​ជានិច្ច​ចំពោះ​ស្វាមី?

២១ នៅ​សព្វ​ថ្ងៃ​នេះ​ស្ត្រី​ជា​ច្រើន​មិន​ចូល​ចិត្ត​ចុះ​ចូល​ចំពោះ​ស្វាមី​ទេ តែ​ស្ត្រី​ដែល​មាន​ប្រាជ្ញា​នឹង​គិត​ពិចារណា​ពី​ប្រយោជន៍​ដែល​មក​ពី​ការ​ចុះ​ចូល​នោះ​វិញ។ ជា​ឧទាហរណ៍ សូម​គិត​អំពី​ស្ត្រី​ដែល​ចុះ​ចូល​ចំពោះ​ស្វាមី​ដែល​មិន​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា។ បើ​នាង​ចុះ​ចូល​ចំពោះ​គាត់​ក្នុង​គ្រប់​ករណី​ដែល​មិន​ប្រាស​ចាក​គោលការណ៍​ព្រះ​គម្ពីរ​ហើយ​មិន​បំពាន​ច្បាប់​ព្រះ​ផង នោះ​នាង​អាច​ទទួល​រង្វាន់​ដ៏​អស្ចារ្យ​មួយ ពោល​គឺ ប្រហែល​ជា​នាង​អាច​«សង្គ្រោះ​ប្ដី»​របស់​ខ្លួន​បាន! (កូរិនថូសទី១ ៧:១៣, ១៦) ម្យ៉ាង​ទៀត ស្ត្រី​ដែល​ចុះ​ចូល​ចំពោះ​ស្វាមី​អាច​មាន​អារម្មណ៍​ស្កប់ស្កល់​បាន ដោយ​ដឹង​ថា​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ចំពោះ​ទង្វើ​របស់​គាត់ ហើយ​ទ្រង់​នឹង​សង​គុណ​គាត់​ពីព្រោះ​បាន​ធ្វើ​តាម​គំរូ​របស់​បុត្រ​ជា​ទី​ស្រឡាញ់​របស់​ទ្រង់។

តើ​អ្នក​នៅ​ចាំ​ទេ?

• ហេតុ​អ្វី​ក៏​ជួន​កាល​ពិបាក​ម្ល៉េះ​ឲ្យ​ភរិយា​ចុះ​ចូល​ចំពោះ​ស្វាមី?

• ហេតុ​អ្វី​ក៏​ការ​សម្រេច​ចិត្ត​យល់​ព្រម​ឬ​មិន​យល់​ព្រម​រៀប​ការ​ជា​មួយ​បុរស​ណា​ម្នាក់​ជា​រឿង​សំខាន់?

• តើ​ព្រះ​យេស៊ូ​តាំង​គំរូ​អ្វី​សម្រាប់​ភរិយា​ទាំង​ឡាយ? ពេល​ភរិយា​ធ្វើ​តាម​គំរូ​របស់​ព្រះ​យេស៊ូ តើ​អាច​មាន​ប្រយោជន៍​អ្វី​ខ្លះ?

[រូបភាព​នៅ​ទំព័រ​១៥]

ហេតុ​អ្វី​ការ​សម្រេច​ចិត្ត​យល់​ព្រម​ឬ​មិន​យល់​ព្រម​រៀប​ការ​ជា​មួយ​បុរស​ណា​ម្នាក់​ជា​រឿង​សំខាន់​ម្ល៉េះ?

[រូបភាព​នៅ​ទំព័រ​១៧]

តើ​ភរិយា​ទាំង​ឡាយ​អាច​ទាញ​យក​មេ​រៀន​អ្វី​ពី​គំរូ​ល្អៗ​ក្នុង​ព្រះ​គម្ពីរ​ដូច​ជា​គំរូ​របស់​នាង​អ័ប៊ីកែល​នោះ?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក