ចំណងអាពាហ៍ពិពាហ៍ដែលនាំឲ្យមានអំណរ
«ការដែលសង់ផ្ទះឡើងបាន នោះក៏ដោយសារប្រាជ្ញា ហើយគឺដោយសារយោបល់ដែលផ្ទះនោះនឹងបានតាំងនៅជាមាំមួន»។—សុ. ២៤:៣
១. ស្តីអំពីបុរសទីមួយ តើព្រះយេហូវ៉ាបង្ហាញយ៉ាងណាថាទ្រង់ពេញទៅដោយប្រាជ្ញា?
បិតារបស់យើងនៅឯស្ថានសួគ៌ ទ្រង់ប្រកបទៅដោយប្រាជ្ញាហើយជ្រាបពីអ្វីៗដែលយើងត្រូវការ។ ជាឧទាហរណ៍ ព្រះយេហូវ៉ាទទួលស្គាល់ថា បើអ័ដាម«នៅតែម្នាក់ឯង»ក្នុងសួនច្បារអេដែនជារៀងរហូត គោលបំណងរបស់ទ្រង់មិនអាចសម្រេចឡើយ។ គោលបំណងរបស់ព្រះយេហូវ៉ាឲ្យមានមនុស្ស«ពេញពាសលើផែនដី»អាចសម្រេចបាន ឲ្យតែបុរសនិងស្ត្រីដែលជាគូស្វាមីភរិយាបង្កើតកូនចៅតៗគ្នា។—លោ. ១:២៨; ២:១៨
២. តើព្រះយេហូវ៉ាបានរៀបចំអ្វីឲ្យមនុស្សលោក?
២ ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ «អញនឹងធ្វើឲ្យមានម្នាក់ជាជំនួយសំរាប់ជួយ»អ័ដាមទុកជាគូនឹងគាត់។ រួចមក ព្រះយេហូវ៉ាធ្វើឲ្យអ័ដាមដេកលក់ស៊ប់ទៅ ហើយទ្រង់យកឆ្អឹងជំនីរមួយពីរូបកាយដ៏ល្អឥតខ្ចោះរបស់គាត់។ បន្ទាប់មក ព្រះយេហូវ៉ាសូនធ្វើជាមនុស្សស្រីពីឆ្អឹងជំនីរនោះ។ ពេលព្រះយេហូវ៉ានាំស្ត្រីល្អឥតខ្ចោះនោះ ឈ្មោះអេវ៉ា ទៅឯអ័ដាម គាត់លាន់មាត់ថា៖«នេះហើយជាឆ្អឹងពីឆ្អឹងអញ ជាសាច់ពីសាច់អញ នឹងត្រូវហៅថា‹ស្ត្រី› ពីព្រោះបានយកចេញពីបុរសមក»។ អេវ៉ាពិតជាគូល្អនឹងអ័ដាមមែន! ទោះជាអ័ដាមនិងអេវ៉ាមានលក្ខណៈនិងរូបសម្បត្ដិខុសៗគ្នាក្ដី ពួកគាត់ទាំងពីរនាក់ជាមនុស្សល្អឥតខ្ចោះដែលមានភាពដូចព្រះយេហូវ៉ា។ យ៉ាងនេះ ព្រះយេហូវ៉ាបានផ្សំផ្គុំគ្នានូវគូស្វាមីភរិយាដំបូង។ មិនជាការពិបាកទេ ឲ្យអ័ដាមនិងអេវ៉ារួមរស់ជាមួយគ្នាជាគូអាពាហ៍ពិពាហ៍ស្របទៅតាមបំណងរបស់ព្រះយេហូវ៉ា ពីព្រោះនេះជាការរៀបចំដែលផ្ដល់ឱកាសឲ្យពួកគាត់ជួយគ្នាទៅវិញទៅមក។—លោ. ១:២៧; ២:២១-២៣
៣. តើមនុស្សជាច្រើនមានទស្សនៈយ៉ាងណាចំពោះអាពាហ៍ពិពាហ៍? តើទស្សនៈនិយមនេះអាចនាំទៅដល់សំណួរអ្វីខ្លះ?
៣ រីឯពិភពលោកនាសម័យនេះ គួរឲ្យស្ដាយណាស់ដែលមនុស្សភាគច្រើនមិនចង់ចុះសម្រុងគ្នាទេ។ ស្មារតីបែបនេះតែងតែបណ្ដាលឲ្យមានបញ្ហា ដែលមិនមកពីព្រះយេហូវ៉ាឡើយ។ មនុស្សជាច្រើនមិនចាត់ទុកចំណងអាពាហ៍ពិពាហ៍ជាអំណោយល្អពីព្រះយេហូវ៉ាទេ តែពួកគេមើលងាយការរៀបចំនេះជាអ្វីដែលហួសសម័យទៅវិញ។ អ្នកខ្លះក៏ចោទថា ការរៀបអាពាហ៍ពិពាហ៍នាំឲ្យមានអារម្មណ៍អន្ទះអន្ទែងក្នុងចិត្ត ឬរហូតដល់បណ្ដាលឲ្យមានរឿងរ៉ាវ។ ណាមួយទៀត គូស្វាមីភរិយាជាច្រើនបានលែងលះគ្នាវិញ។ មាតាបិតាខ្លះក៏មិនស្រឡាញ់កូនតាមធម្មតា តែចាត់ទុកកូនជាកម្មសិទ្ធិដែលពួកគាត់អាចប្រើដើម្បីយកឈ្នះលើគូរបស់ខ្លួនពេលមានរឿងជម្លោះ។ មាតាបិតាជាច្រើនមិនប្រព្រឹត្តដោយសម្លូត ហើយមិនស៊ូទទួលខុសដើម្បីរក្សាឲ្យមានភាពសុខសាន្តនិងសាមគ្គីភាពក្នុងរង្វង់គ្រួសារឡើយ។ (២ធី. ៣:៣) បើដូច្នេះ ក្នុងគ្រាលំបាកនេះ តើស្វាមីភរិយាអាចធ្វើយ៉ាងណាដើម្បីឲ្យបានចំណងអាពាហ៍ពិពាហ៍ដែលនាំឲ្យមានអំណរ? តើការបង្ហាញចិត្តស្លូតបូតដោយចេះយោគយល់និងចុះចូលចំពោះគ្នា អាចជួយកុំឲ្យគូស្វាមីភរិយាបែកបាក់គ្នាយ៉ាងដូចម្ដេច? តើយើងអាចរៀនអ្វីខ្លះពីគំរូល្អៗរបស់ស្វាមីភរិយាមួយចំនួននៅសម័យនេះ ដែលបានរក្សាឲ្យមានចំណងអាពាហ៍ពិពាហ៍ដែលពេញទៅដោយអំណរ?
បង្ហាញចិត្តស្លូតបូត ដោយធ្វើតាមការណែនាំរបស់ព្រះយេហូវ៉ា
៤. (ក) ស្តីអំពីការរៀបអាពាហ៍ពិពាហ៍ តើប៉ុលបានផ្ដល់ការណែនាំអ្វី? (ខ) តើគ្រិស្តសាសនិកដែលចេះស្ដាប់បង្គាប់ នឹងធ្វើតាមការណែនាំរបស់ប៉ុលយ៉ាងដូចម្ដេច?
៤ ព្រះយេហូវ៉ាបានបណ្ដាលឲ្យសាវ័កប៉ុលផ្ដល់ការណែនាំដល់គ្រិស្តសាសនិកដែលជាស្ត្រីមេម៉ាយថា ប្រសិនបើពួកគេសម្រេចចិត្តរៀបការម្ដងទៀត ពួកគេគួរតែរកគូ«ក្នុងព្រះអម្ចាស់»តែប៉ុណ្ណោះ ដែលជា«អ្នកជឿព្រះអម្ចាស់ដូចគ្នា»។ (១កូ. [១ករ.] ៧:៣៩; ខ.ស.) ចំពោះគ្រិស្តសាសនិកដែលពីមុនបានកាន់សាសនាយូដា នេះមិនមែនជាតម្រូវការថ្មីដ៏ចម្លែកទេ។ ច្បាប់ដែលព្រះយេហូវ៉ាឲ្យដល់ជនជាតិអ៊ីស្រាអែលបានបង្គាប់យ៉ាងចំៗថា ពួកគេ«មិនត្រូវរៀបការ»ជាមួយនឹងជនជាតិឯទៀតនៅជុំវិញស្រុកគេ ដែលថ្វាយបង្គំព្រះមិនពិតទេ។ ព្រះយេហូវ៉ាក៏បានបញ្ជាក់អំពីគ្រោះថ្នាក់ដែលមកពីការមិនគោរពតាមបង្គាប់នេះរបស់ទ្រង់។ ព្រះយេហូវ៉ាពន្យល់ថា ជនជាតិឯទៀតនោះ«នឹងបង្វែរកូនឯងពីអញចេញ ឲ្យទៅគោរពប្រតិបត្ដិតាមព្រះដទៃ។ យ៉ាងនោះ សេចក្ដីខ្ញាល់នៃព្រះយេហូវ៉ានឹងត្រូវកាត់ឡើងទាស់នឹងឯងរាល់គ្នា ហើយទ្រង់នឹងបំផ្លាញឯងចេញជាឆាប់»។ (ចោទិ. ៧:៣, ៤) នៅសព្វថ្ងៃនេះ ពេលជ្រើសរើសគូអាពាហ៍ពិពាហ៍ តើព្រះយេហូវ៉ាតម្រូវឲ្យរាស្ត្រទ្រង់ធ្វើយ៉ាងណា? គឺច្បាស់ហើយថា អ្នកបម្រើព្រះយេហូវ៉ាគួរតែរកគូអាពាហ៍ពិពាហ៍ក្នុងចំណោម«អ្នកជឿព្រះអម្ចាស់ដូចគ្នា» ពោលគឺ អ្នករួមជំនឿដែលបានថ្វាយខ្លួននិងទទួលការជ្រមុជទឹករួចទៅហើយ។ ការបង្ហាញចិត្តស្លូតបូតដោយធ្វើតាមការណែនាំរបស់ព្រះយេហូវ៉ាក្នុងការជ្រើសរើសគូអាពាហ៍ពិពាហ៍ ពិតជាមានប្រយោជន៍មែន!
៥. តើព្រះយេហូវ៉ានិងគូស្វាមីភរិយាដែលជាគ្រិស្តសាសនិក មានទស្សនៈយ៉ាងណាចំពោះការស្បថចំពោះគ្នានៅថ្ងៃការ?
៥ ពេលសាមីខ្លួនអ្នកការស្បថចំពោះគ្នាទៅវិញទៅមក ព្រះយេហូវ៉ាចាត់ទុកសម្បថនោះជាអ្វីដ៏ពិសិដ្ឋ។ ស្តីអំពីមនុស្សដំបូងដែលជាគូស្វាមីភរិយាមុនគេ ព្រះយេស៊ូជារាជបុត្ររបស់ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ «កុំឲ្យអ្នកណាពង្រាត់មនុស្សដែលព្រះទ្រង់បានផ្សំផ្គុំគ្នាឡើយ»។ (ម៉ាថ. ១៩:៦) អ្នកតែងបទទំនុកដំកើងក៏ជួយរំលឹកយើងពីសារៈសំខាន់នៃការស្បថចំពោះគ្នាថា៖ «ចូរថ្វាយដង្វាយជាសេចក្ដីអរព្រះគុណដល់ព្រះវិញ ហើយលាបំណន់ដែលបានបន់[ឬ«ធ្វើតាមពាក្យដែលអ្នកបានសន្យា»]ដល់ព្រះដ៏ខ្ពស់បំផុតផង»។ (ទំនុក. [ទំន.] ៥០:១៤; ខ.ស.) ការស្បថចំពោះគ្នានៅថ្ងៃការ ជារឿងសំខាន់ដែលសាមីខ្លួនអ្នកការត្រូវធ្វើតាម ទើបអាចមានចំណងអាពាហ៍ពិពាហ៍ដែលនាំឲ្យមានអំណរ។—ចោទិ. ២៣:២១
៦. តើយើងអាចរៀនអ្វីខ្លះពីគំរូរបស់យែបថា?
៦ សូមគិតអំពីលោកយែបថាដែលជាចៅហ្វាយម្នាក់នៅស្រុកអ៊ីស្រាអែលនាសម័យបុរាណ។ យែបថាបានស្បថចំពោះព្រះយេហូវ៉ាថា៖ «បើសិនជាទ្រង់ប្រគល់ពួកកូនចៅអាំម៉ូនមកក្នុងកណ្ដាប់ដៃនៃទូលបង្គំពិត នោះអ្វីៗណា[ឬ«នរណាម្នាក់»]ដែលចេញពីមាត់ទ្វារផ្ទះទូលបង្គំ មកទទួលទូលបង្គំក្នុងគ្រាដែលទូលបង្គំត្រឡប់ពីពួកកូនចៅអាំម៉ូនមកវិញដោយសុខសាន្ត នោះនឹងបានជារបស់ផងព្រះយេហូវ៉ា ហើយទូលបង្គំនឹងថ្វាយជាដង្វាយដុត»។ ពេលយែបថាវិលត្រឡប់មកទីក្រុងមីសប៉ាវិញ ហើយកូនស្រីដែលជាកូនតែមួយគត់របស់គាត់បានចេញពីផ្ទះមុនគេបង្អស់ តើគាត់រកលេសដើម្បីមិនធ្វើតាមសម្បថរបស់ខ្លួនទេ? យែបថាមិនបានរកលេសទេ។ គាត់និយាយថា៖ «អញបានមានវាចានឹងព្រះយេហូវ៉ា ហើយនឹងថយមកក្រោយវិញពុំបានឡើយ»។ (ចៅ. [វប.] ១១:៣០, ៣១, ៣៥; ខ.ស.) ប្រសិនបើយែបថាធ្វើតាមអ្វីដែលគាត់ស្បថចំពោះព្រះយេហូវ៉ា គាត់មិនអាចមានកូនចៅតៗគ្នាបានទេ ហើយគ្មាននរណាមានសិទ្ធិទទួលមត៌ករបស់គាត់ក្នុងស្រុកអ៊ីស្រាអែលឡើយ។ យ៉ាងណាក៏ដោយ យែបថានៅតែធ្វើតាមសម្បថរបស់គាត់។ ទោះជាសម្បថរបស់យែបថានិងសម្បថដែលសាមីខ្លួនអ្នកការស្បថចំពោះគ្នា មិនដូចគ្នាក្ដី គំរូរបស់យែបថាក្នុងការធ្វើតាមសម្បថរបស់ខ្លួន ជាគំរូល្អសម្រាប់គ្រិស្តសាសនិកដែលបានស្បថចំពោះគ្នាជាគូអាពាហ៍ពិពាហ៍។
កត្ដាដែលនាំឲ្យមានសុភមង្គល
៧. តើអ្នកដែលទើបតែបានរៀបការត្រូវតែកែប្រែទស្សនៈបន្ដិចបន្តួចយ៉ាងដូចម្ដេច?
៧ គូស្វាមីភរិយាជាច្រើនចូលចិត្តនឹកចាំពេលដែលពួកគេបានដើរលេងជាគូមុនរៀបការ។ កាលនោះ ពួកគេសប្បាយចំណាយពេលជាមួយគ្នាដើម្បីស្គាល់គ្នាកាន់តែច្បាស់។ កាលដែលពួកគេចំណាយពេលកាន់តែច្រើនជាមួយគ្នា ពួកគេក៏មានភាពជិតស្និទ្ធកាន់តែច្រើនផងដែរ។ ប៉ុន្តែ មិនថាមាតាបិតាបានរៀបចំឲ្យពួកគេរៀបការ ឬពួកគេបានដើរលេងជាគូ ហើយសម្រេចចិត្តរៀបការដោយខ្លួនឯងក្ដី ក្រោយថ្ងៃការពួកគេពិតជាត្រូវកែប្រែទស្សនៈបន្ដិចបន្តួចដែរ។ ស្វាមីម្នាក់សារភាពថា៖ «កាលដែលយើងទើបតែបានរៀបការ បញ្ហាធំជាងគេដែលយើងមានរវាងគ្នា គឺថា យើងត្រូវតែទទួលស្គាល់ថា យើងលែងមានសិទ្ធិសម្រេចចិត្តតែឯងទៀតហើយ។ អស់មួយរយៈ គឺពិបាកណាស់ឲ្យយើងកំណត់ថា ញាតិមិត្តទាំងឡាយគួរឬមិនគួរមានអានុភាពប៉ុណ្ណាទៅលើចំណងអាពាហ៍ពិពាហ៍របស់យើង»។ រីឯបុរសម្នាក់ទៀតដែលបានរៀបការអស់៣០ឆ្នាំហើយ មិនយូរប៉ុន្មានក្រោយគាត់បានរៀបការ គាត់ទទួលស្គាល់ថា ចាំបាច់ណាស់ឲ្យគាត់«គិតពីទស្សនៈរបស់ភរិយាផង» ទើបចេះថ្លឹងថ្លែងយ៉ាងត្រឹមត្រូវ។ ពេលអ្នកដទៃអញ្ជើញគាត់ឲ្យធ្វើអ្វី និងមុនគាត់ធ្វើការសម្រេចចិត្តសំខាន់ណាមួយ គាត់តែងតែពិភាក្សាជាមួយភរិយារបស់គាត់ជាមុនសិន ទើបគាត់អាចសម្រេចចិត្តស្របទៅតាមទស្សនៈរបស់ពួកគេទាំងពីរនាក់។ ក្នុងករណីបែបនេះ ការបង្ហាញចិត្តស្លូតបូតដោយបន្ទន់ចិត្តរមែងនាំឲ្យមានប្រយោជន៍។—សុ. ១៣:១០
៨, ៩. (ក) ម្ដេចក៏សំខាន់ម្ល៉េះឲ្យគូស្វាមីភរិយាចេះប្រាស្រ័យទាក់ទងគ្នាយ៉ាងល្អ? (ខ) តើគប្បីឲ្យគូស្វាមីភរិយាសុខចិត្តកែប្រែទស្សនៈនិងដាក់កម្រិតក្នុងករណីអ្វីខ្លះ? ហេតុអ្វី?
៨ ជួនកាល សាមីខ្លួនអ្នកការជាជនជាតិផ្សេងពីគ្នា និងមានទំនៀមទម្លាប់ខុសគ្នាឆ្ងាយ។ ក្នុងករណីនេះ គឺចាំបាច់ណាស់ឲ្យពួកគេនិយាយជាមួយគ្នាដោយចំហ ហើយទទួលស្គាល់ថា មនុស្សម្នាក់ៗមានរបៀបប្រាស្រ័យទាក់ទងគ្នាយ៉ាងខុសពីគ្នាដែរ។ ការពិនិត្យមើលរបៀបដែលគូរបស់ខ្លួនប្រាស្រ័យទាក់ទងនឹងមាតាបិតា បងប្អូននិងញាតិសន្ដានឯទៀតរបស់គាត់ ប្រហែលជានឹងជួយឲ្យយល់ចិត្តគូរបស់ខ្លួនកាន់តែច្បាស់។ ជួនកាលយើងត្រូវកត់សម្គាល់ទឹកមុខនិងអាកប្បកិរិយារបស់ពួកគេពេលនិយាយ ជាជាងគិតពីពាក្យសម្ដីរបស់ពួកគេតែប៉ុណ្ណោះ ដើម្បីយល់ចិត្តនិងគំនិតឲ្យបានត្រឹមត្រូវ។ ការត្រិះរិះពិចារណា អាចបង្រៀនយើងអ្វីៗជាច្រើនមែន! (សុ. ១៦:២៤; កូល. ៤:៦) ការប្រព្រឹត្តដោយឈ្លាសវៃតែងតែនាំឲ្យមានសុភមង្គល។—សូមអាន សុភាសិត ២៤:៣, ខ.ស.
៩ ស្តីអំពីការកម្សាន្តនិងការដើរលេងលម្ហើយចិត្តលម្ហែកាយ បុរសនិងស្ត្រីជាច្រើនមានចំណង់ចំណូលចិត្តខុសៗគ្នា។ ដូច្នេះ គប្បីឲ្យគូស្វាមីភរិយាចេះបន្ទន់ចិត្តក្នុងករណីនេះដែរ។ ពេលនៅកំលោះក្រមុំ គូរបស់ខ្លួនប្រហែលជាពូកែលេងកីឡា ឬមានអ្វីទៀតដែលគាត់ឧស្សាហ៍ធ្វើ។ ដូច្នេះ ចុះឥឡូវនេះ ក្រោយបានរៀបការហើយ តើយើងត្រូវសុខចិត្តកែប្រែទស្សនៈរបស់ខ្លួន ស្តីអំពីការកម្សាន្តឬ? (១ធី. ៤:៨) ចុះយ៉ាងណាចំពោះពេលដែលយើងចំណាយជាមួយមាតាបិតា បងប្អូននិងញាតិមិត្តឯទៀត តើត្រូវដាក់កម្រិតដែរឬទេ? ពីព្រោះតាមការពិត សំខាន់ណាស់ឲ្យគូស្វាមីភរិយាមានពេលរួមគ្នាក្នុងកិច្ចបម្រើនិងការថ្វាយបង្គំព្រះ ព្រមទាំងកិច្ចការឯទៀតដែរ។—ម៉ាថ. ៦:៣៣
១០. ពេលកូនរៀបការរួចហើយ តើការបង្ហាញចិត្តស្លូតបូតដោយបន្ទន់ចិត្តអាចជួយមាតាបិតានិងកូនៗយ៉ាងដូចម្ដេច ដើម្បីឲ្យមានការប្រាស្រ័យទាក់ទងគ្នាយ៉ាងល្អ?
១០ គម្ពីរបញ្ជាក់ថា ពេលរៀបការ មនុស្សប្រុសនឹងលាចេញពីមាតាបិតា ហើយតាមធម្មតាមនុស្សស្រីក៏ធ្វើដូចគ្នាដែរ។ (សូមអាន លោកុប្បត្តិ ២:២៤) ប៉ុន្តែ ទោះជាកូនធំប៉ុណ្ណាក៏ដោយ ពួកគេត្រូវតែធ្វើតាមច្បាប់របស់ព្រះយេហូវ៉ាជារៀងរហូត ដែលតម្រូវឲ្យកូនគោរពឪពុកម្ដាយ។ ដូច្នេះ ក្រោយបានរៀបការហើយ គូអាពាហ៍ពិពាហ៍នៅតែចំណាយពេលជាមួយមាតាបិតានិងឪពុកម្ដាយក្មេកនៅឡើយ។ បុរសម្នាក់ដែលបានរៀបការអស់២៥ឆ្នាំហើយ គាត់កត់សម្គាល់ថា៖ «ជួនកាលពិបាកណាស់ឲ្យយើងធ្វើអ្វីដែលគូរបស់យើងចង់ធ្វើ រួមទាំងគិតពីប្រយោជន៍ដល់មាតាបិតា បងប្អូននិងឪពុកម្ដាយក្មេក។ ពេលខ្ញុំត្រូវធ្វើការសម្រេចចិត្តក្នុងករណីនេះ គោលការណ៍ក្នុងសៀវភៅលោកុប្បត្តិ ២:២៤ តែងតែជួយខ្ញុំឲ្យចេះគិតដោយថ្លឹងថ្លែង។ យើងមានភារកិច្ចចំពោះឪពុកម្ដាយ បងប្អូននិងញាតិមិត្តឯទៀត ហើយក៏គួរតែយកចិត្តទុកដាក់ចំពោះពួកគាត់មែន! ប៉ុន្តែ បទគម្ពីរនេះជួយរំលឹកខ្ញុំថា ខ្ញុំត្រូវតែគិតពីប្រយោជន៍ដល់ប្រពន្ធខ្ញុំជាមុន»។ សមស្របនឹងបទគម្ពីរដដែលនេះ គប្បីឲ្យមាតាបិតាទាំងឡាយបង្ហាញចិត្តស្លូតបូតដោយបន្ទន់ចិត្តនិងគោរពសិទ្ធិកូនដែលបានរៀបការហើយ។ មាតាបិតាអាចធ្វើដូច្នេះដោយទទួលស្គាល់ថា កូនបានបែកផ្ទះនិងក្លាយទៅជារង្វង់គ្រួសារថ្មី ហើយស្វាមីក្នុងក្រុមគ្រួសារថ្មីនោះមានភារកិច្ចនាំមុខជាមេគ្រួសារទៅវិញ។
១១, ១២. ហេតុអ្វីបានជាសំខាន់ម្ល៉េះដែលគូស្វាមីភរិយាអធិដ្ឋាននិងសិក្សាគម្ពីរជាមួយគ្នា?
១១ បទពិសោធន៍របស់ក្រុមគ្រួសារជាច្រើនដែលជាគ្រិស្តសាសនិកបង្ហាញថា ទម្លាប់ល្អក្នុងការសិក្សាគម្ពីរជាមួយគ្នាជាក្រុមគ្រួសារ គឺចាំបាច់ណាស់! ការបង្កើតឲ្យមានទម្លាប់រួមគ្នាដើម្បីសិក្សាគម្ពីរ និងការរក្សាឲ្យមានទម្លាប់នោះរហូត មិនតែងតែស្រួលទេ។ មេគ្រួសារម្នាក់សារភាពថា៖ «បើយើងអាចផ្ដើមជីវភាពគ្រួសារចាប់ពីថ្ងៃការម្ដងទៀត អ្វីដែលខ្ញុំនឹងធ្វើផ្សេងគឺ បង្កើតឲ្យមានទម្លាប់ល្អក្នុងការសិក្សាគម្ពីរជាក្រុមគ្រួសារ»។ បងប្រុសក៏មានប្រសាសន៍ទៀតថា៖ «ពេលខ្ញុំនិងប្រពន្ធខ្ញុំសិក្សាគម្ពីរជាមួយគ្នា ហើយនាងត្រេកអរចំពោះចំណុចដ៏គួរឲ្យចាប់អារម្មណ៍ណាមួយ ខ្ញុំមានចិត្តរីករាយរំភើបណាស់!»។
១២ ការអធិដ្ឋានជាមួយគ្នាក៏នាំឲ្យមានអំណរដែរ។ (រ៉ូម ១២:១២) ពេលគូស្វាមីភរិយារួមគ្នាក្នុងការថ្វាយបង្គំព្រះយេហូវ៉ា ចំណងមិត្តភាពជិតស្និទ្ធដែលពួកគេមានជាមួយនឹងទ្រង់ ក៏អាចពង្រឹងចំណងអាពាហ៍ពិពាហ៍របស់ពួកគេផង។ (យ៉ា. ៤:៨) ស្វាមីម្នាក់ដែលជាគ្រិស្តសាសនិកបានពន្យល់ថា៖ «ពេលយើងធ្វើខុសនិងសូមអត់ទោសភ្លាម ព្រមទាំងប្រាប់ព្រះយេហូវ៉ាពីកំហុសនោះពេលអធិដ្ឋានជាមួយគ្នា នេះបង្ហាញថាយើងពិតជាសោកស្ដាយមែន សូម្បីតែចំពោះកំហុសតូចតាចក៏ដោយ ដែលនាំឲ្យពិបាកចិត្ត»។—អេភ. ៦:១៨
ស្វាមីភរិយាដែលប្រព្រឹត្តដោយសម្លូត ចេះយោគយល់
១៣. ស្តីអំពីការរួមរ័ក តើប៉ុលបានផ្ដល់ឱវាទអ្វីចំពោះគូស្វាមីភរិយាទាំងឡាយ?
១៣ គប្បីឲ្យគ្រិស្តសាសនិកដែលបានរៀបអាពាហ៍ពិពាហ៍ជៀសវាងពីការរួមដំណេកបែបថោកទាប របៀបដែលកំពុងពេញនិយមក្នុងចំណោមមនុស្សល្មោភកាម។ ប៉ុលបានជូនឱវាទអំពីការរួមរ័កថា៖ «ត្រូវឲ្យប្ដីប្រព្រឹត្តនឹងប្រពន្ធដោយចិត្តសប្បុរស ហើយត្រូវឲ្យប្រពន្ធប្រព្រឹត្តនឹងប្ដីក៏ដូច្នោះដែរ។ ប្រពន្ធមិនមែនជាម្ចាស់លើរូបកាយខ្លួនឯងទេ គឺជាប្ដីវិញ ហើយប្ដីក៏មិនមែនជាម្ចាស់លើរូបកាយខ្លួនឯងដែរ គឺជាប្រពន្ធវិញ»។ រួចមក ប៉ុលផ្ដល់ការណែនាំយ៉ាងច្បាស់លាស់ថា៖ «កុំឲ្យបង្អត់គ្នាឡើយ លើកតែស្រុះចិត្តគ្នាក្នុង១ពេល»។ តើគូស្វាមីភរិយាគួរតែកំណត់ពេលដើម្បីធ្វើអ្វី? គឺ«ដើម្បីឲ្យបានទំនេរនឹងអធិស្ឋាន»។ ប៉ុន្តែ គូស្វាមីភរិយាមិនបង្អត់គ្នារហូត ‹ក្រែងលោពួកគេទ្រាំមិនបាន ហើយសាតាំងល្បួងចិត្ត›វិញ។ (១កូ. [១ករ.] ៧:៣-៥; ខ.ស.) ដោយសារប៉ុលបាននិយាយអំពីការអធិដ្ឋាននោះ នេះបញ្ជាក់ពីអ្វីដែលស្វាមីភរិយាគួររក្សាជាអាទិភាពក្នុងជីវិត។ ប៉ុន្តែ គាត់ក៏បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការចេះយោគយល់ចំពោះគ្នាទៅវិញទៅមក ទាំងទទួលស្គាល់ចំណង់ចំណូលចិត្តនិងអារម្មណ៍របស់គូខ្លួន។
១៤. ស្តីអំពីការរួមរ័ក តើគោលការណ៍ក្នុងគម្ពីរអាចជួយគូអាពាហ៍ពិពាហ៍បានយ៉ាងណា?
១៤ គប្បីឲ្យគូស្វាមីភរិយានិយាយដោយចំហនិងទទួលស្គាល់ថា បើពួកគេមិនយោគយល់ចំពោះគ្នាក្នុងការរួមរ័ក នេះអាចបង្កហេតុឲ្យមានរឿងរ៉ាវ។ (សូមអាន ភីលីព ២:៣, ៤; សូមពិនិត្យបន្ថែម ម៉ាថាយ ៧:១២) ស្វាមីភរិយាខ្លះដែលមិនមានជំនឿសាសនាដូចគ្នា ធ្លាប់មានបញ្ហាបែបនេះ។ ទោះបីជាគូស្វាមីភរិយាមានទស្សនៈខុសៗគ្នាអំពីការរួមរ័កក្ដី តាមធម្មតា ប្រសិនបើស្វាមីឬភរិយាដែលជាគ្រិស្តសាសនិកមានកិរិយាល្អ ចិត្តសប្បុរសនិងខំចុះសម្រុងគ្នាជាមួយគូរបស់ខ្លួន នេះអាចជួយឲ្យមានស្ថានភាពល្អឡើងវិញ។ (សូមអាន ពេត្រុសទី១ ៣:១, ២) បើគូស្វាមីភរិយាស្រឡាញ់ព្រះយេហូវ៉ានិងគូរបស់ខ្លួន ព្រមទាំងបង្ហាញចិត្តស្លូតបូតដោយចេះយោគយល់ចំពោះគ្នាទៅវិញទៅមក កម្រណាស់ដែលការរួមរ័កបង្ករឿងឡើយ។
១៥. ពេលគូស្វាមីភរិយាបង្ហាញការគោរពចំពោះគ្នាទៅវិញទៅមក តើនេះជួយឲ្យមានសុភមង្គលយ៉ាងដូចម្ដេច?
១៥ ស្វាមីដែលមានចិត្តសប្បុរសក៏គោរពសិទ្ធិនាងក្នុងករណីឯទៀតដែរ។ ជាឧទាហរណ៍ សូម្បីតែក្នុងរឿងតូចតាចក៏ដោយ ស្វាមីគួរចង់ដឹងទស្សនៈរបស់នាង។ បុរសម្នាក់ដែលបានរៀបការអស់៤៧ឆ្នាំហើយ សារភាពថា៖ «ជួនកាលខ្ញុំនៅតែភ្លេចសួរយោបល់នាងនៅឡើយ»។ រីឯភរិយាវិញ ក្នុងនាមជាគ្រិស្តសាសនិក នាងគួរកោតខ្លាចនិងគោរពស្វាមីយ៉ាងអស់ពីចិត្ត។ (អេភ. [អភ.] ៥:៣៣; ខ.ស.) បើភរិយានិយាយដើមស្វាមីខ្លួន ព្រមទាំងប្រាប់អ្នកដទៃអំពីកំហុសរបស់គាត់ ទង្វើបែបនេះមិនបង្ហាញការគោរពឡើយ។ សៀវភៅសុភាសិត ១៤:១ រំលឹកយើងថា៖ «គ្រប់ទាំងស្រីៗដែលមានប្រាជ្ញារមែងសង់ផ្ទះរបស់ខ្លួនឡើង តែស្ត្រីល្ងីល្ងើគេរំលំផ្ទះដោយដៃខ្លួនវិញ»។
កុំចុះចាញ់នឹងសាតាំង!
១៦. តើគូស្វាមីភរិយាទាំងឡាយអាចធ្វើតាមយោបល់ក្នុងសៀវភៅអេភេសូរ ៤:២៦, ២៧ យ៉ាងដូចម្ដេច?
១៦ «ចូរខឹងចុះ! តែកុំឲ្យធ្វើបាបឡើយ។ កុំឲ្យសេចក្ដីកំហឹងរបស់អ្នកនៅដរាបដល់ថ្ងៃលិចឡើយ ក៏កុំឲ្យអារក្សមានឱកាសឲ្យសោះ!»។ (អេភ. ៤:២៦, ២៧) ការអនុវត្តតាមយោបល់នេះ អាចជួយគូស្វាមីភរិយាឲ្យដោះស្រាយនិងជៀសវាងបញ្ហា។ បងស្រីម្នាក់នឹកចាំថា៖ «រៀងរាល់ដងដែលខ្ញុំនិងស្វាមីខ្ញុំមានហេតុទាស់គ្នា យើងមិនខានពិភាក្សាជាមួយគ្នា សូម្បីតែពេលដែលយើងត្រូវចំណាយច្រើនម៉ោងក្ដី ដើម្បីដោះស្រាយរឿងរ៉ាវ»។ ចាប់ពីថ្ងៃការមក បងស្រីនិងស្វាមីនាងមិនព្រមចូលគេងទាល់តែបានដោះស្រាយរឿងជម្លោះសិន។ «យើងបានសម្រេចចិត្តថា ទោះជាមានរឿងបែបណាក៏ដោយ យើងនឹងអត់ទោសគ្នាទៅវិញទៅមក បំភ្លេចរឿងចោល ហើយថ្ងៃស្អែកភ្ញាក់ឡើងដោយមិនចងគំនុំ»។ យ៉ាងនេះ ពួកគាត់មិន‹ឲ្យអារក្សមានឱកាសឈ្នះលើពួកគាត់ឲ្យសោះ!›។
១៧. សូម្បីតែគូស្វាមីភរិយាដែលមានលក្ខណៈមិនសូវស៊ីគ្នា តើអ្វីអាចជួយពួកគេបាន?
១៧ ប៉ុន្តែ ចុះយ៉ាងណាបើយើងបានរៀបការហើយ តែមិនស៊ីគ្នានឹងគូររបស់ខ្លួនទាល់តែសោះ? ប្រហែលជាចំណងអាពាហ៍ពិពាហ៍របស់យើងមិនមានលក្ខណៈស្មើនឹងគូស្វាមីភរិយាឯទៀតដែលពេញទៅដោយសេចក្ដីស្រឡាញ់នោះឡើយ។ យ៉ាងណាក៏ដោយ ការនឹកចាំពីទស្សនៈរបស់ព្រះយេហូវ៉ាដែលបានបង្កើតអ្វីៗទាំងអស់ អាចជួយយើងឲ្យមានកម្លាំងចិត្តដើម្បីស៊ូទ្រាំបាន។ ព្រះយេហូវ៉ាបានបណ្ដាលឲ្យប៉ុលសរសេរដំបូន្មានចំពោះពួកគ្រិស្តសាសនិកថា៖ «ការវិវាហមង្គលជាការប្រសើរដល់គ្រប់គ្នា ហើយដែលរួមដំណេក នោះក៏ជាការឥតសៅហ្មងដែរ តែព្រះទ្រង់នឹងជំនុំជំរះមនុស្សកំផិត ហើយនឹងមនុស្សសហាយស្មន់គ្នាវិញ»។ (ហេ. ១៣:៤) ណាមួយទៀត កុំឲ្យយើងភ្លេចពាក្យដែលថា៖ «ពួរ៣ធ្លុងមិនងាយដាច់ទេ»។ (សាស. ៤:១២) បើគូស្វាមីភរិយាទាំងពីរនាក់មានបំណងចង់លើកតម្កើងព្រះយេហូវ៉ាជាព្រះដ៏បរិសុទ្ធ ពួកគេមិនគ្រាន់តែផ្សារភ្ជាប់គ្នាដោយសារចំណងអាពាហ៍ពិពាហ៍ប៉ុណ្ណោះទេ តែក៏ផ្សារភ្ជាប់គ្នាដោយសារចំណងមិត្តភាពរបស់ពួកគេជាមួយនឹងទ្រង់ផងដែរ។ អាស្រ័យហេតុនេះ គប្បីឲ្យពួកគេខំនៅជាមួយគ្នាដោយមេត្រី ដោយដឹងថានេះអាចលើកតម្កើងព្រះយេហូវ៉ា ជាព្រះដែលបានបង្កើតមនុស្សដំបូងដោយមានបំណងឲ្យមនុស្សប្រុសស្រីរៀបការជាស្វាមីភរិយា។—១ពេ. ៣:១១
១៨. ស្តីអំពីអាពាហ៍ពិពាហ៍ តើយើងអាចប្រាកដក្នុងចិត្តអំពីអ្វី?
១៨ យ៉ាងប្រាកដណាស់! ពួកគ្រិស្តសាសនិកអាចមានចំណងអាពាហ៍ពិពាហ៍ដែលនាំឲ្យមានអំណរមែន! ប៉ុន្តែ ពួកគេត្រូវតែខិតខំព្យាយាមជានិច្ច ព្រមទាំងបង្ហាញលក្ខណៈសម្បត្ដិជាគ្រិស្តសាសនិក ដែលរួមបញ្ចូលចិត្តស្លូតបូតផង។ ទូទាំងពិភពលោក ស្ទើរតែគ្រប់ក្រុមជំនុំនៃសាក្សីព្រះយេហូវ៉ាមានគូស្វាមីភរិយាល្អៗដែលផ្ដល់សក្ខីភាពថា ចំណងអាពាហ៍ពិពាហ៍អាចនាំឲ្យមានអំណរមែន!
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើអ្វីបង្ហាញថា គូស្វាមីភរិយាអាចមានចំណងអាពាហ៍ពិពាហ៍ដែលនាំឲ្យមានអំណរមែន?
• តើកត្ដាអ្វីខ្លះដែលនាំឲ្យគូស្វាមីភរិយាមានសុភមង្គល?
• តើគូអាពាហ៍ពិពាហ៍គួរបណ្ដុះឲ្យមានលក្ខណៈសម្បត្ដិអ្វីខ្លះ?
[រូបភាពនៅទំព័រ១៣]
យកល្អឲ្យគូស្វាមីភរិយាពិភាក្សាជាមួយគ្នាជាមុនសិន ពេលបានអញ្ជើញឲ្យធ្វើអ្វី និងពេលត្រូវធ្វើការសម្រេចចិត្តសំខាន់ណាមួយ
[រូបភាពនៅទំព័រ១៥]
ចូរព្យាយាមដោះស្រាយរឿងរ៉ាវមុនពេលចូលគេង ដើម្បី«កុំឲ្យអារក្សមានឱកាសឲ្យសោះ!»