បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • lv ទំ. ២៣៩-ទំ. ២៤២ វ. ២
  • តើស្ត្រីត្រូវពាក់អ្វីលើក្បាលនៅពេលណា ហើយហេតុអ្វី?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើស្ត្រីត្រូវពាក់អ្វីលើក្បាលនៅពេលណា ហើយហេតុអ្វី?
  • «ចូររក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់»
  • អត្ថបទស្រដៀងគ្នា
  • ប្រអប់សំណួរ
    ២០១៣ កិច្ចបម្រើព្រះ
  • ការយល់អំពីប្រមុខភាពក្នុងក្រុមជំនុំ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២១
«ចូររក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់»
lv ទំ. ២៣៩-ទំ. ២៤២ វ. ២

សេចក្ដី​ពន្យល់​បន្ថែម

តើ​ស្ត្រី​ត្រូវ​ពាក់​អ្វី​លើ​ក្បាល​នៅ​ពេល​ណា ហើយ​ហេតុ​អ្វី?

តើ​នៅ​ពេល​ណា​ហើយ​ហេតុ​អ្វី​ស្ត្រី​គ្រិស្ត​សាសនិក​ត្រូវ​ពាក់​អ្វី​លើ​ក្បាល ពេល​គោរព​ប្រណិប័តន៍​ព្រះ? ដើម្បី​ឆ្លើយ​សំណួរ​ទាំង​នេះ យើង​នឹង​ពិចារណា​អ្វី​ដែល​ប៉ូល​បាន​ពន្យល់​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ។ គាត់​ផ្ដល់​ការ​ណែនាំ​ដែល​យើង​ត្រូវ​ការ​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ត្រឹម​ត្រូវ ពោល​គឺ​ការ​សម្រេច​ចិត្ត​ដែល​លើក​កិត្ដិយស​ព្រះ។ (​កូរិនថូសទី១ ១១:៣​-​១៦​) ប៉ូល​បញ្ជាក់​អំពី​កត្ដា​បី​យ៉ាង​ដែល​យើង​ត្រូវ​ថ្លឹង​ថ្លែង គឺ(​១​) ទង្វើ​ដែល​តម្រូវ​ឲ្យ​ស្ត្រី​ពាក់​អ្វី​លើ​ក្បាល (​២​) ស្ថានភាព​ដែល​តម្រូវ​ឲ្យ​នាង​ធ្វើ​ដូច្នោះ ហើយ(​៣​) បំណង​ចិត្ត​ដែល​គួរ​ជំរុញ​នាង​ឲ្យ​ធ្វើ​តាម​ខ្នាត​តម្រា​នេះ។

ស្ដ្រីគ្រិស្ដសាសនិកម្នាក់ក់កន្សែងគ្របក្បាលដើម្បីបង្រៀនគម្ពីរ ពេលប្ដីរបស់គាត់មានវត្ដមាននៅទីនោះ

ទង្វើ។ ប៉ូល​បញ្ជាក់​អំពី​ទង្វើ​ពីរ​យ៉ាង គឺ​ការ​អធិដ្ឋាន​និង​ការ​ប្រកាស​ទំនាយ។ (​ខ​៤​និង​៥​) ក្នុង​គម្ពីរ​សេចក្ដី​អធិដ្ឋាន​សំដៅ​ទៅ​ការ​ជម្រាប​ព្រះ​យេហូវ៉ា​ដោយ​ការ​គោរព។ ចុះ​ការ​ប្រកាស​ទំនាយ​វិញ? សព្វ​ថ្ងៃ​នេះ ការ​ប្រកាស​ទំនាយ​សំដៅ​ទៅ​លើ​គ្រិស្ត​សាសនិក​ម្នាក់​បង្រៀន​អ្នក​ឯ​ទៀត​អំពី​គម្ពីរ ទោះ​ជា​នៅ​ពេល​ណា​ឬ​ក្នុង​ស្ថានភាព​ណា​ក៏​ដោយ។ ប៉ុន្តែ​តើ​ប៉ូល​ចង់​និយាយ​ថា​ស្ត្រី​ត្រូវ​ពាក់​អ្វី​លើ​ក្បាល​រាល់​ដង​ដែល​នាង​អធិដ្ឋាន​ឬ​បង្រៀន​សេចក្ដី​ពិត​ពី​គម្ពីរ​ឬ​ទេ? មិន​មែន​ទេ។ នោះ​អាស្រ័យ​ទៅ​លើ​ស្ថានភាព ពេល​ដែល​ស្ត្រី​អធិដ្ឋាន​ឬ​បង្រៀន។

ស្ថានភាព។ ពាក្យ​របស់​ប៉ូល​នាំ​ឲ្យ​គិត​អំពី​ស្ថានភាព​ពីរ​យ៉ាង គឺ​ក្នុង​ក្រុម​គ្រួសារ​និង​ក្នុង​ក្រុម​ជំនុំ។ ប៉ូល​ប្រាប់​ថា​៖ ​«​ប្រមុខ​របស់​ស្ត្រី​ទាំង​ឡាយ​គឺ​បុរស . . . ស្ត្រី​ណា​ដែល​អធិដ្ឋាន​ឬ​ប្រកាស​ទំនាយ​ដោយ​មិន​ពាក់​អ្វី​លើ​ក្បាល ធ្វើ​ឲ្យ​ក្បាល[​ឬ​«​ប្រមុខ​»​]ខ្លួន​អាប់​ឱន​កិត្ដិយស​»។ (​ខ​៣​និង​៥; កំណត់​សម្គាល់​) ក្នុង​ក្រុម​គ្រួសារ ប្ដី​របស់​ស្ត្រី​ជា​អ្នក​ដែល​ព្រះ​យេហូវ៉ា​បាន​តែង​តាំង​ជា​ប្រមុខ​របស់​នាង។ បើ​នាង​បំពេញ​ភារកិច្ច​ដែល​ព្រះ​យេហូវ៉ា​ប្រគល់​ឲ្យ​ប្ដី តែ​នាង​មិន​ទទួល​ស្គាល់​សិទ្ធិ​អំណាច​របស់​ប្ដី​ទេ នោះ​នាង​ធ្វើ​ឲ្យ​ប្ដី​អាប់​ឱន​កិត្ដិយស។ ជា​ឧទាហរណ៍ បើ​ស្ត្រី​ត្រូវ​ដឹក​នាំ​ការ​សិក្សា​គម្ពីរ​ពេល​ដែល​ប្ដី​របស់​នាង​នៅ​ក្បែរ​ៗ នោះ​នាង​ត្រូវ​ទទួល​ស្គាល់​សិទ្ធិ​អំណាច​របស់​ប្ដី​ដោយ​ពាក់​អ្វី​លើ​ក្បាល។ នាង​ត្រូវ​ធ្វើ​ដូច្នេះ ទោះ​ជា​ប្ដី​របស់​នាង​បាន​ទទួល​ការ​ជ្រមុជ​ទឹក​រួច​ហើយ ឬ​មិន​ទាន់​ទទួល​ក្ដី ដោយ​សារ​គាត់​ជា​ប្រមុខ​ក្រុម​គ្រួសារ។a ដូច​គ្នា​ដែរ បើ​នាង​មាន​កូន​ប្រុស​ដែល​មិន​ទាន់​គ្រប់​អាយុ​តែ​បាន​ទទួល​ការ​ជ្រមុជ​ទឹក ហើយ​នាង​ត្រូវ​អធិដ្ឋាន​ឬ​បង្រៀន​ពេល​ដែល​កូន​ប្រុស​នៅ​ក្បែរ​ៗ នោះ​នាង​ត្រូវ​ពាក់​អ្វី​លើ​ក្បាល​ដែរ មិន​មែន​ដោយ​សារ​កូន​ប្រុស​ជា​ប្រមុខ​គ្រួសារ​ទេ តែ​ដោយ​សារ​នាង​ទទួល​ស្គាល់​សិទ្ធិ​អំណាច​របស់​បុរស​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ជា​សមាជិក​ក្នុង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក។

ប៉ូល​បញ្ជាក់​អំពី​ស្ថានភាព​ទី​២ ពោល​គឺ​ក្នុង​ក្រុម​ជំនុំ ដោយ​និយាយ​ថា​៖ ​«​ប្រសិនបើ​មាន​អ្នក​ណា​ដែល​មើល​ទៅ​ដូច​ជា​ចង់​តវ៉ា​ដើម្បី​ធ្វើ​តាម​ទម្លាប់​ណា​ផ្សេង​ទៀត យើង​គ្មាន​ទម្លាប់​ណា​ផ្សេង​ទៀត​ទេ ហើយ​ក្រុម​ជំនុំ​ទាំង​ឡាយ​របស់​ព្រះ​ក៏​គ្មាន​ដែរ​»។ (​ខ​១៦​) ក្នុង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក បុរស​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​បាន​ទទួល​សិទ្ធិ​អំណាច​ជា​ប្រមុខ។ (​ធីម៉ូថេទី១ ២:១១​-​១៤; ហេប្រឺ ១៣:១៧​) មាន​តែ​បុរស​ប៉ុណ្ណោះ​ដែល​អាច​ទទួល​តំណែង​ជា​អ្នក​ចាស់​ទុំ​និង​ជំនួយ​ការ​ខាង​កិច្ច​បម្រើ ដែល​ព្រះ​ប្រគល់​ភារកិច្ច​ឲ្យ​ថែ​រក្សា​ហ្វូង​ចៀម​របស់​លោក។ (​សកម្មភាព ២០:២៨​) ប៉ុន្តែ​ម្ដង​ម្កាល ប្រហែល​ជា​ស្ត្រី​គ្រិស្ត​សាសនិក​ត្រូវ​បំពេញ​ភារកិច្ច​មួយ ដែល​តាម​ធម្មតា​ត្រូវ​បំពេញ​ដោយ​បុរស​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក ហើយ​មាន​គុណ​សម្បត្ដិ​គ្រប់​គ្រាន់។ ជា​ឧទាហរណ៍ នាង​ប្រហែលជា​ត្រូវ​ដឹក​នាំ​ក្រុម​ផ្សព្វ​ផ្សាយ​ដោយ​សារ​គ្មាន​បុរស​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក ហើយ​មាន​គុណ​សម្បត្ដិ​គ្រប់​គ្រាន់​នៅ​ទី​នោះ​ទេ។ ឬ​ក៏​នាង​ប្រហែលជា​ដឹក​នាំ​ការ​សិក្សា​ដែល​បាន​ត្រូវ​រៀបចំ​ទុក​ជា​មុន ដោយ​មាន​បុរស​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ជា​មួយ។b ដោយ​សារ​សកម្មភាព​ទាំង​នេះ​តាម​ពិត​ជានា​ទី​របស់​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក នាង​ត្រូវ​ពាក់​អ្វី​លើ​ក្បាល​ដើម្បី​បង្ហាញ​ថា នាង​ទទួល​ស្គាល់​ថា​នាង​កំពុង​បំពេញ​តួនាទី​មួយ​ដែល​តាម​ធម្មតា​ជា​តួនាទី​របស់​បុរស។

ប៉ុន្តែ​មាន​ផ្នែក​ជា​ច្រើន​នៃ​ការ​គោរព​ប្រណិប័តន៍​ពិត​ដែល​មិន​តម្រូវ​ឲ្យ​បង​ស្រី​ម្នាក់​ពាក់​អ្វី​លើ​ក្បាល​ទេ។ ជា​ឧទាហរណ៍ នាង​មិន​ចាំ​បាច់​ពាក់​អ្វី​លើ​ក្បាល​ពេល​ឆ្លើយ​នៅ​កិច្ច​ប្រជុំ ពេល​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ជា​មួយ​នឹង​ប្ដី​របស់​នាង ឬ​បុរស​ផ្សេង​ទៀត​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ហើយ ឬ​ពេល​នាង​សិក្សា​ឬ​អធិដ្ឋាន​ជា​មួយ​នឹង​កូន​ដែល​មិន​ទាន់​ទទួល​ការ​ជ្រមុជ​ទឹក​ទេ។ ប៉ុន្តែ​ប្រហែលជា​បង​ស្រី​ណា​ម្នាក់​នឹង​មាន​សំណួរ​ផ្សេង​ទៀត​អំពី​រឿង​នេះ ហើយ​បើ​នាង​មិន​ច្បាស់​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា នាង​អាច​ស្រាវជ្រាវ​ថែម​ទៀត​បាន។ បើ​នាង​នៅ​តែ​មិន​ប្រាកដ ហើយ​បើ​សមត្ថភាព​វិនិច្ឆ័យ​របស់​នាង​ជំរុញ​ឲ្យ​ពាក់​អ្វី​លើ​ក្បាល នោះ​មិន​ខុស​ទេ ដូច​រូបភាព​ក្នុង​អត្ថបទ​នេះ​បាន​បង្ហាញ។

បំណង​ចិត្ត។ នៅ​ខ​១០ យើង​ឃើញ​នូវ​មូលហេតុ​ពីរ​យ៉ាង​ដែល​ស្ត្រី​គ្រិស្ត​សាសនិក​គួរ​មាន​ចិត្ត​ចង់​ធ្វើ​តាម​ខ្នាត​តម្រា​នេះ: ​«​ស្ត្រី​ត្រូវ​មាន​អ្វី​លើ​ក្បាល​ដែល​បញ្ជាក់​ពី​ការ​ចុះ​ចូល ហើយ​ដោយ​សារ​បណ្ដា​ទេវតា​»។ មុន​បង្អស់​សូម​កត់​សម្គាល់​ពាក្យ​ថា​‹អ្វី​ដែល​បញ្ជាក់​ពី​ការ​ចុះ​ចូល›។ ពេល​ស្ត្រី​ពាក់​អ្វី​លើ​ក្បាល នាង​បង្ហាញ​ថា​នាង​ទទួល​ស្គាល់​សិទ្ធិ​អំណាច​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រគល់​ឲ្យ​បុរស​ក្នុង​ក្រុម​ជំនុំ​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក។ ដូច្នេះ ដោយ​ពាក់​អ្វី​លើ​ក្បាល នាង​បង្ហាញ​នូវ​សេចក្ដី​ស្រឡាញ់​និង​ភាព​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា។ មូលហេតុ​ទី​២​បាន​ត្រូវ​បញ្ជាក់​ដោយ​ពាក្យ​ថា​«​ដោយ​សារ​បណ្ដា​ទេវតា​»។ ដោយ​ពាក់​អ្វី​លើ​ក្បាល តើ​ស្ត្រី​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​បុគ្គល​វិញ្ញាណ​ខ្លាំងក្លា​ទាំង​នោះ?

ទេវតា​ចាប់​អារម្មណ៍​ចង់​ឃើញ​បុគ្គល​ទាំង​អស់​ទទួល​ស្គាល់​អំណាច​របស់​ព្រះ​យេហូវ៉ា​ក្នុង​អង្គការ​របស់​លោក ទាំង​នៅ​ស្ថាន​សួគ៌​ទាំង​នៅ​ផែនដី។ ពួក​គេ​ទទួល​ប្រយោជន៍​ពី​គំរូ​របស់​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​ក្នុង​រឿង​នេះ​ផង​ដែរ។ យ៉ាង​ណា​មិញ ពួក​គេ​ក៏​ត្រូវ​ចុះ​ចូល​ចំពោះ​របៀប​រៀបចំ​របស់​ព្រះ​យេហូវ៉ា​ដែរ ហើយ​នេះ​ជា​អ្វី​មួយ​ដែល​ទេវតា​ច្រើន​រូប​មិន​បាន​ធ្វើ​នៅ​អតីតកាល។ (​យូដាស ៦​) ទេវតា​ប្រហែលជា​ឃើញ​បង​ស្រី​ម្នាក់​ដែល​មាន​បទ​ពិសោធន៍ ចំណេះ​ដឹង និង​ប្រាជ្ញា​ច្រើន​ជាង​បង​ប្រុស​ម្នាក់​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក ប៉ុន្តែ​នាង​ពេញ​ចិត្ត​ចុះ​ចូល​ចំពោះ​សិទ្ធិ​អំណាច​របស់​គាត់។ ក្នុង​ករណី​ខ្លះ ស្ត្រី​នោះ​ជា​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​ឲ្យ​គ្រប់​គ្រង​ជា​មួយ​គ្រិស្ត​នៅ​អនាគត។ នៅ​ទី​បំផុត​នាង​នឹង​មាន​ឋានៈ​ខ្ពស់​ជាង​ទេវតា​ទៅ​ទៀត។ នេះ​ជា​គំរូ​ល្អ​ប្រសើរ​ណាស់​សម្រាប់​បណ្ដា​ទេវតា! តាម​ពិត បង​ប្អូន​ស្រី​ទាំង​ឡាយ​មាន​ឯកសិទ្ធិ​ដ៏​អស្ចារ្យ​ណាស់ ពោល​គឺ​ពួក​គេ​អាច​បង្ហាញ​ថា​ពួក​គេ​ស្ដាប់​បង្គាប់​ព្រះ​ដោយ​ចិត្ត​រាប​ទាប តាម​រយៈ​ការ​ចុះ​ចូល​ដោយ​ភក្ដីភាព ដោយ​មាន​ទេវតា​រាប់​លាន​រូប​មើល!

a ធម្មតា ស្ត្រី​ជា​គ្រិស្ត​សាសនិក​នឹង​មិន​អធិដ្ឋាន​ដោយ​ឮ​ៗ​ទេ ពេល​ដែល​ប្ដី​របស់​នាង​ដែល​ជា​អ្នក​ជឿ​នៅ​ក្បែរ​ៗ​នាង លើក​លែង​តែ​មាន​ស្ថានភាព​ខុស​ពី​ធម្មតា ឧទាហរណ៍​ដូច​ជា​ប្ដី​របស់​នាង​មាន​ជំងឺ​ដែល​នាំ​ឲ្យ​គាត់​ទៅ​ជា​គ។

b បើ​ស្ត្រី​ម្នាក់​ដែល​ជា​គ្រិស្ត​សាសនិក​ដឹក​នាំ​ការ​សិក្សា​ដែល​បាន​ត្រូវ​រៀបចំ​ទុក​ជា​មុន ហើយ​នាង​នៅ​ជា​មួយ​បុរស​ជា​អ្នក​ផ្សាយ​ដែល​មិន​ទាន់​ទទួល​ការ​ជ្រមុជ​ទឹក និង​ដែល​មិន​មែន​ជា​ប្ដី​នាង នោះ​នាង​មិន​ចាំ​បាច់​ពាក់​អ្វី​លើ​ក្បាល​ទេ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក