តើអ្នកចង់ដឹងអំពីសេចក្ដីពិតទេ?
សេចក្ដីពិតអំពីអ្វី? សេចក្ដីពិតអំពីសំណួរសំខាន់បំផុតមួយចំនួនដែលមនុស្សយើងធ្លាប់ឆ្ងល់។ ប្រហែលអ្នកធ្លាប់ឆ្ងល់ពីសំណួរដូចតទៅនេះ:
តើព្រះពិតជាយកចិត្តទុកដាក់នឹងយើងទេ?
តើសង្គ្រាមហើយការឈឺចាប់នឹងមានរហូតឬ?
តើមានអ្វីកើតឡើងដល់យើងនៅពេលដែលយើងស្លាប់?
តើមានសេចក្ដីសង្ឃឹមសម្រាប់មនុស្សដែលបានស្លាប់ទេ?
តើខ្ញុំអាចអធិដ្ឋានយ៉ាងណាទើបដឹងថាព្រះស្ដាប់ការអធិដ្ឋានរបស់ខ្ញុំ?
តើសុភមង្គលពិតក្នុងជីវិតមកពីណា?
ចំពោះសំណួរខាងលើនេះ តើអ្នកអាចរកចម្លើយនៅឯណា? ប្រសិនបើអ្នកសួរអ្នកឯទៀតអំពីរឿងទាំងនេះ ទោះបើសួរអ្នកប្រាជ្ញក៏ដោយ នោះអ្នកនឹងទទួលចម្លើយផ្សេងពីគ្នា។ ប្រហែលចម្លើយខ្លះមើលទៅដូចជាត្រឹមត្រូវនឹងសម័យនេះ ប៉ុន្តែមិនយូរទៅមុខចម្លើយនោះត្រូវផ្លាស់ប្ដូរ។
យ៉ាងណាក៏ដោយ មានសៀវភៅមួយដែលមានចម្លើយដ៏គួរឲ្យទុកចិត្ត។ ព័ត៌មានក្នុងសៀវភៅនោះជាសេចក្ដីពិត។ ពេលលោកយេស៊ូអធិដ្ឋានដល់បិតានៅស្ថានសួគ៌ នោះលោកមានប្រសាសន៍ថា៖ «សេចក្ដីពិតគឺជាព្រះបន្ទូលរបស់ទ្រង់»។ (យ៉ូហាន ១៧:១៧) សព្វថ្ងៃនេះយើងហៅបន្ទូលឬបណ្ដាំនោះជាគម្ពីរបរិសុទ្ធ។ នៅទំព័រជាបន្តបន្ទាប់ អ្នកនឹងរៀនអំពីចម្លើយយ៉ាងច្បាស់លាស់និងត្រឹមត្រូវពីគម្ពីរ ដែលទាក់ទងនឹងសំណួរខាងលើនេះ។
តើព្រះពិតជាយកចិត្តទុកដាក់នឹងយើងទេ?
មានសំណួរនេះដោយសារ: យើងរស់នៅក្នុងពិភពលោកដែលពោរពេញទៅដោយភាពអយុត្ដិធម៌និងមនុស្សដែលគ្មានមេត្ដា។ នៅពេលមានការឈឺចាប់ សាសនាខ្លះបង្រៀនថា នេះជាបំណងរបស់ព្រះ។
អ្វីដែលគម្ពីរបង្រៀន: ព្រះមិនមែនជាដើមហេតុនៃការអាក្រក់ទេ។ សៀវភៅយ៉ូប ៣៤:១០ក្នុងគម្ពីរចែងថា៖ «កុំឲ្យយើងថាព្រះទ្រង់ធ្វើអាក្រក់ ឬថាព្រះដ៏មានគ្រប់ព្រះចេស្ដា ទ្រង់ប្រព្រឹត្តសេចក្ដីទុច្ចរិតនោះឡើយ!»។ ព្រះមានគោលបំណងដែលប្រកបទៅដោយសេចក្ដីស្រឡាញ់ចំពោះមនុស្ស។ ហេតុនេះហើយបានជាលោកយេស៊ូបង្រៀនយើងឲ្យអធិដ្ឋានថា៖ «ឱព្រះវរបិតានៃយើងខ្ញុំ ដែលគង់នៅស្ថានសួគ៌អើយ . . . សូមឲ្យរាជ្យទ្រង់បានមកដល់ សូមឲ្យព្រះហឫទ័យទ្រង់បានសំរេចនៅផែនដីដូចនៅស្ថានសួគ៌ដែរ»។ (ម៉ាថាយ ៦:៩, ១០) ព្រះស្រឡាញ់យើងខ្លាំងណាស់! បានជាទ្រង់ចាត់វិធានការគ្រប់បែបយ៉ាងដើម្បីប្រាកដថាគោលបំណងរបស់ទ្រង់នឹងបានសម្រេចជាក់ជាពុំខាន។—យ៉ូហាន ៣:១៦
សូមអានបន្ថែម លោកុប្បត្តិ ១:២៦-២៨; យ៉ាកុប ១:១៣; និងពេត្រុសទី១ ៥:៦, ៧។
តើសង្គ្រាមហើយការឈឺចាប់នឹងមានរហូតឬ?
មានសំណួរនេះដោយសារ: មនុស្សជាច្រើនឥតគណនានៅតែបាត់បង់ជីវិតដោយសារសង្គ្រាម។ យើងទាំងអស់គ្នាធ្លាប់ឈឺចាប់។
អ្វីដែលគម្ពីរបង្រៀន: ព្រះបានទាយប្រាប់អំពីគ្រាមួយដែលទ្រង់នឹងធ្វើឲ្យមានសេចក្ដីសុខសាន្តនៅលើផែនដីទាំងមូល។ ក្រោមការគ្រប់គ្រងនៃរាជាណាចក្ររបស់ព្រះ ដែលជារដ្ឋាភិបាលនៅស្ថានសួគ៌ នោះមនុស្សនឹងមិន«ហាត់រៀនធ្វើសឹកសង្គ្រាមទៀត»ឡើយ។ ផ្ទុយទៅវិញ ពួកគេនឹង«យកដាវរបស់ខ្លួនដំធ្វើជាផាលនង្គ័ល»។ (អេសាយ ២:៤) ព្រះនឹងបំបាត់ចោលនូវអំពើអយុត្ដិធម៌ហើយការឈឺចាប់សព្វបែបយ៉ាង។ គម្ពីរសន្យាថា៖ «ព្រះទ្រង់នឹងជូតអស់ទាំងទឹកភ្នែក ពីភ្នែកគេចេញ នឹងគ្មានសេចក្ដីស្លាប់ ឬសេចក្ដីសោកសង្រេង ឬសេចក្ដីយំទួញ ឬទុក្ខលំបាកណាទៀតឡើយ។ ដ្បិតសេចក្ដីមុនទាំងប៉ុន្មាន [រួមទាំងអំពើអយុត្ដិធម៌និងការឈឺចាប់នៅសព្វថ្ងៃនេះ] បានកន្លងបាត់ទៅហើយ»។—វិវរណៈ ២១:៣, ៤
សូមអានបន្ថែម ទំនុកដំកើង ៣៧:១០, ១១; ៤៦:៩; និងមីកា ៤:១-៤។
តើមានអ្វីកើតឡើងដល់យើងនៅពេលដែលយើងស្លាប់?
មានសំណួរនេះដោយសារ: សាសនាភាគច្រើនក្នុងពិភពលោកបង្រៀនថា ពេលដែលរូបកាយស្លាប់ទៅ មានព្រលឹងវិញ្ញាណដែលចេញពីរូបកាយបន្តរស់នៅ។ អ្នកខ្លះជឿថា ព្រលឹងវិញ្ញាណជីដូនជីតារបស់យើងអាចមកធ្វើទុក្ខដល់មនុស្សដែលនៅរស់ ឬក៏ជឿថាព្រះដាក់ទោសមនុស្សអាក្រក់ដោយទម្លាក់គេចូលទៅស្ថាននរក ឲ្យរងទុក្ខយ៉ាងសែនឈឺចាប់ជារៀងរហូត។
អ្វីដែលគម្ពីរបង្រៀន: ពេលស្លាប់ ជីវិតមនុស្សសូន្យបាត់ទៅ។ សៀវភៅសាស្ដា៩:៥ក្នុងគម្ពីរចែងថា៖ «មនុស្សស្លាប់ឥតដឹងអ្វីឡើយ»។ ដោយសារមនុស្សស្លាប់មិនអាចឮ មិនអាចមើលឃើញ និយាយ ឬគិតគូរអ្វីសោះ ដូច្នេះពួកគេមិនអាចមកធ្វើទុក្ខបៀតបៀន ឬជួយមនុស្សដែលនៅរស់បានឡើយ។—ទំនុកដំកើង ១៤៦:៣, ៤
សូមអានបន្ថែម លោកុប្បត្តិ ៣:១៩; និងសាស្ដា ៩:៦, ១០។
តើមានសេចក្ដីសង្ឃឹមសម្រាប់មនុស្សដែលបានស្លាប់ទេ?
មានសំណួរនេះដោយសារ: យើងមិនចង់ស្លាប់ទេ។ តែយើងចង់មានជីវិតសប្បាយរីករាយ ជាមួយមនុស្សដែលយើងស្រឡាញ់។ គឺជាការធម្មតាទេ ដែលយើងប្រាថ្នាយ៉ាងខ្លាំងចង់ជួបបងប្អូនញាតិមិត្តជាទីស្រឡាញ់របស់យើងម្ដងទៀត។
អ្វីដែលគម្ពីរបង្រៀន: មនុស្សភាគច្រើនដែលបានស្លាប់នឹងត្រូវប្រោសឲ្យរស់ឡើងវិញ។ លោកយេស៊ូបានសន្យាថា៖ «អស់ទាំងខ្មោចនៅក្នុងផ្នូរ . . . នឹងចេញមក»។ (យ៉ូហាន ៥:២៨) ដូចគោលបំណងដើមរបស់ព្រះ អស់អ្នកដែលត្រូវបានប្រោសឲ្យរស់ឡើងវិញ នឹងមានឱកាសរស់នៅក្នុងសួនឧទ្យាននៅលើផែនដី។ (អេសាយ ៦៥:២១-២៥) អនាគតនេះដែលព្រះបានសន្យាមក រួមបញ្ចូលសុខភាពល្អឥតខ្ចោះនិងជីវិតដែលគ្មានទីបញ្ចប់ សម្រាប់អស់អ្នកដែលចេះស្ដាប់បង្គាប់តាមទ្រង់។ គម្ពីរចែងថា៖ «ពួកអ្នកសុចរិតនឹងបានស្រុកទុកជាមរដក ហើយនឹងនៅក្នុងស្រុកនោះជានិច្ច»។—ទំនុកដំកើង ៣៧:២៩
សូមអានបន្ថែម យ៉ូប ១៤:១៤, ១៥; លូកា ៧:១១-១៧; និងកិច្ចការ ២៤:១៥។
តើខ្ញុំអាចអធិដ្ឋានយ៉ាងណាទើបដឹងថាព្រះស្ដាប់ការអធិដ្ឋានរបស់ខ្ញុំ?
មានសំណួរនេះដោយសារ: នៅស្ទើរតែគ្រប់សាសនាមនុស្សអធិដ្ឋានឬបួងសួងទៅព្រះ។ ប៉ុន្តែ មនុស្សភាគច្រើនមានអារម្មណ៍ថា ព្រះមិនអើពើនឹងការអធិដ្ឋានរបស់គេឡើយ។
អ្វីដែលគម្ពីរបង្រៀន: លោកយេស៊ូបានបង្រៀនយើងឲ្យអធិដ្ឋានដោយមិនសូត្រតាមពាក្យដដែលៗ។ លោកមានប្រសាសន៍ថា៖ «កាលណាអធិស្ឋាន នោះកុំឲ្យពោលពាក្យឥតប្រយោជន៍ផ្ទួនៗ»ឡើយ។ (ម៉ាថាយ ៦:៧) ប្រសិនបើយើងចង់ឲ្យព្រះស្ដាប់ការអធិដ្ឋានរបស់យើង គប្បីឲ្យយើងអធិដ្ឋានតាមរបៀបដែលទ្រង់ពេញចិត្ត។ ដើម្បីឲ្យការអធិដ្ឋានរបស់យើងផ្គាប់ចិត្តព្រះ នោះយើងត្រូវរៀនឲ្យដឹងថា តើគោលបំណងរបស់ទ្រង់ជាអ្វីទៅ? ហើយបន្ទាប់មក ចាំបាច់ឲ្យយើងអធិដ្ឋានសមស្របតាមគោលបំណងនោះ។ យ៉ូហានទី១ ៥:១៤ពន្យល់ថា៖ «បើយើងនឹងសូមអ្វី ដែលត្រូវតាមព្រះហឫទ័យ[ឬគោលបំណង]ទ្រង់ នោះទ្រង់នឹងទទួលព្រម[ឬស្ដាប់]»។
សូមអានបន្ថែម ទំនុកដំកើង ៦៥:២; យ៉ូហាន ១៤:៦, ១៤; និងយ៉ូហានទី១ ៣:២២។
តើសុភមង្គលពិតក្នុងជីវិតមកពីណា?
មានសំណួរនេះដោយសារ: មនុស្សភាគច្រើនជឿថាសុភមង្គលគឺមកពីប្រាក់ ឈ្មោះល្បីឬរូបសម្ផស្ស។ អាស្រ័យហេតុនេះបានជាពួកគេខំសង្វាតរកអ្វីទាំងនោះ តែមិនបានទទួលសុភមង្គលសោះ។
អ្វីដែលគម្ពីរបង្រៀន: លោកយេស៊ូបានបញ្ជាក់ពីគន្លឹះនៃសុភមង្គល ដោយមានប្រសាសន៍ថា៖ «មានពរ[ឬ«សុភមង្គល»]ហើយ អស់អ្នកដែលមានសេចក្ដីកំសត់ខាងឯវិញ្ញាណ[ឬ«ស្រេកឃ្លានចំពោះការណែនាំពីព្រះ»]»។ (ម៉ាថាយ ៥:៣; ព.ថ.) ដូច្នេះ សេចក្ដីត្រូវការខ្លាំងបំផុតរបស់យើង គឺការស្រេកឃ្លានចង់ស្គាល់ព្រះនិងបំណងចិត្តរបស់ទ្រង់។ យើងត្រូវចាត់វិធានការដើម្បីបំពេញសេចក្ដីត្រូវការនោះ ទើបយើងអាចទទួលសុភមង្គលពិតបាន។ សេចក្ដីពិតគឺមាននៅក្នុងគម្ពីរ។ ដោយទទួលស្គាល់សេចក្ដីត្រូវការនេះ នោះនឹងជួយយើងឲ្យយល់ពីអ្វីដែលពិតជាសំខាន់ក្នុងជីវិតយើង ហើយអ្វីដែលមិនសំខាន់។ ការអនុញ្ញាតឲ្យសេចក្ដីពិតក្នុងគម្ពីរណែនាំការសម្រេចចិត្តនិងការប្រព្រឹត្តរបស់យើង នោះនឹងនាំឲ្យជីវិតយើងមានខ្លឹមសារលើសជាងមុនទៅទៀត។—លូកា ១១:២៨
សូមអានបន្ថែម សុភាសិត ៣:៥, ៦, ១៣-១៨; និងធីម៉ូថេទី១ ៦:៩, ១០។
នេះគ្រាន់តែជាការពិនិត្យមើលយ៉ាងសង្ខេបនូវចម្លើយក្នុងគម្ពីរ ចំពោះសំណួរតែ៦ប៉ុណ្ណោះ។ តើអ្នកចង់ដឹងច្រើនជាងនេះទៅទៀតទេ? ប្រសិនបើអ្នកនៅក្នុងចំណោមមនុស្សដែលមានការ«ស្រេកឃ្លានចំពោះការណែនាំពីព្រះ» នោះអ្នកពិតជានឹងចង់ដឹងច្រើនថែមទៀតមែន។ ប្រហែលអ្នកធ្លាប់ឆ្ងល់អំពីសំណួរឯទៀតដូចតទៅនេះ: ‹បើព្រះយកចិត្តទុកដាក់នឹងយើងមែន ហេតុអ្វីបានជាទ្រង់ទុកឲ្យមានអំពើអាក្រក់និងការឈឺចាប់ច្រើនម្ល៉េះក្នុងប្រវត្ដិសាស្ត្រមនុស្ស? តើខ្ញុំអាចធ្វើយ៉ាងណាដើម្បីឲ្យជីវភាពគ្រួសាររបស់ខ្ញុំកាន់តែប្រសើរឡើង?›។ ចំពោះសំណួរទាំងនេះនិងសំណួរជាច្រើនថែមទៀត គម្ពីរនឹងផ្ដល់ចម្លើយដែលនាំឲ្យស្កប់ចិត្តនិងអស់ចម្ងល់។
យ៉ាងណាក៏ដោយ ដោយសារមនុស្សជាច្រើនសព្វថ្ងៃនេះមិនដែលបានស្គាល់ឬដឹងឮពីគម្ពីរប៉ុន្មាន នោះពួកគេមិនសូវចង់ពិនិត្យមើលគម្ពីរទេ។ តើអ្នកចង់មានគេមកជួយអ្នករកចម្លើយក្នុងគម្ពីរទេ? សាក្សីរបស់ព្រះយេហូវ៉ាមានឧបករណ៍ពីរយ៉ាង ដែលអាចជួយអ្នកបាន។
ឧបករណ៍ទី១គឺសៀវភៅ តើគម្ពីរអាចបង្រៀនយើងអំពីអ្វី? សៀវភៅនេះត្រូវបានរៀបចំឡើងដើម្បីជួយមនុស្សដែលជាប់រវល់ខ្លាំង ឲ្យពិនិត្យមើលចម្លើយដ៏ច្បាស់លាស់ក្នុងគម្ពីរ ចំពោះសំណួរសំខាន់ៗ។ ឧបករណ៍ទី២របស់យើង គឺកម្មវិធីបង្រៀនគម្ពីរតាមផ្ទះដោយឥតគិតថ្លៃ។ សាក្សីព្រះយេហូវ៉ាមានលក្ខណៈគ្រប់គ្រាន់ដើម្បីបង្រៀនគម្ពីរ។ សាក្សីព្រះយេហូវ៉ាម្នាក់អាចចំណាយពេលពិភាក្សាអំពីគម្ពីរជាមួយលោកអ្នកបន្ដិចបន្តួចរាល់សប្ដាហ៍ នៅឯផ្ទះឬកន្លែងណាផ្សេងទៀតដែលស្រួលសម្រាប់លោកអ្នក។ មនុស្សរាប់លាននាក់ទូទាំងពិភពលោកបានទទួលប្រយោជន៍ពីកម្មវិធីនេះ។ ហើយដោយរៀនគម្ពីរតាមវិធីនេះ មនុស្សជាច្រើននាក់បានសន្និដ្ឋានថា៖ «ខ្ញុំបានរកឃើញសេចក្ដីពិតហើយ!»។
ព័ត៌មានក្នុងគម្ពីរប្រៀបដូចជារតនសម្បត្ដិដ៏មានតម្លៃ ហើយគ្មានអ្វីដែលប្រៀបផ្ទឹមបានឡើយ។ សេចក្ដីពិតក្នុងគម្ពីររំដោះយើងពីជំនឿឆ្វេង ការភាន់គំនិត និងការភ័យខ្លាចតក់ស្លុត។ សេចក្ដីពិតនាំឲ្យយើងមានក្ដីសង្ឃឹម អំណរ និងជីវិតដែលមានខ្លឹមសារ។ លោកយេស៊ូមានប្រសាសន៍ថា៖ «អ្នករាល់គ្នានឹងស្គាល់សេចក្ដីពិត ហើយសេចក្ដីពិតនោះនឹងប្រោសឲ្យអ្នករាល់គ្នាបានរួច»។—យ៉ូហាន ៨:៣២