បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w07 ១/២ ទំ. ១២-១៧
  • ចូរបង្រៀនអ្វីដែលព្រះគម្ពីរពិតជាបង្រៀន

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរបង្រៀនអ្វីដែលព្រះគម្ពីរពិតជាបង្រៀន
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • តើ​ព្រះ​យក​ព្រះ​ទ័យ​ទុក​ដាក់​នឹង​យើង​ឬ​ទេ?
  • ហេតុ​អ្វី​បាន​ជា​យើង​មាន​ជីវិត​រស់​នៅ?
  • តើ​អ្វី​កើត​ឡើង​ពេល​ដែល​យើង​ស្លាប់?
  • សៀវភៅ​ថ្មី​មួយ​ត្រូវ​បាន​រៀបចំ
  • ចូរ​បង្ហាញ​ចិត្ត​កតញ្ញូ​ចំពោះ​ឯក​សិទ្ធ​ដ៏​ថ្លៃ​វិសេស​របស់​អ្នក
  • តើអ្នកចង់ដឹងអំពីសេចក្ដីពិតទេ?
    តើអ្នកចង់ដឹងអំពីសេចក្ដីពិតទេ?
  • តើអ្វីជាសេចក្ដីពិតអំពីព្រះ?
    តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
  • ហេតុអ្វីព្រះឲ្យមនុស្សរងទុក្ខវេទនា?
    តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
  • ចូរជួយអ្នកឯទៀតឲ្យស្ដាប់តាមអ្វីដែលព្រះគម្ពីរបង្រៀន
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
w07 ១/២ ទំ. ១២-១៧

ចូរ​បង្រៀន​អ្វី​ដែល​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន

​«បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ . . . ហើយ​បង្រៀន​ឲ្យ​គេ»។—ម៉ាថាយ ២៨:១៩, ២០

១​. តើ​ព្រះ​គម្ពីរ​ត្រូវ​បាន​ចែក​ចាយ​ដល់​កម្រិត​ណា?

ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា គឺ​ព្រះ​គម្ពីរ​បរិសុទ្ធ ជា​សៀវភៅ​មួយ​ដែល​មាន​ចំណាស់​ជាង​គេ ហើយ​បាន​ចែក​ចាយ​ច្រើន​ជាង​គេ​នៅ​លើ​ពិភព​លោក។ ព្រះ​គម្ពីរ​ទាំង​មូល​ឬ​ក៏​ផ្នែក​ខ្លះៗ​នៃ​ព្រះ​គម្ពីរ​ត្រូវ​បាន​បកប្រែ​ជាង​២​.​៣០០​ភាសា។ ហេតុ​នេះ នៅ​ទូ​ទាំង​ផែនដី​មនុស្ស​ជាង​៩០​ភាគ​រយ​អាច​អាន​ព្រះ​គម្ពីរ​ជា​ភាសា​កំណើត​របស់​គេ។

២, ៣​. (ក) ហេតុ​អ្វី​បាន​ជា​មាន​ការ​ភាន់​ច្រឡំ​អំពី​អ្វី​ដែល​ព្រះ​គម្ពីរ​បង្រៀន? (ខ) តើ​យើង​នឹង​ពិចារណា​អំពី​សំណួរ​អ្វី​ខ្លះ?

២ មនុស្ស​រាប់​លាន​នាក់​អាន​ព្រះ​គម្ពីរ​ជា​រៀង​រាល់​ថ្ងៃ។ មនុស្ស​ខ្លះ​ធ្លាប់​អាន​ព្រះ​គម្ពីរ​ទាំង​មូល​ច្រើន​ដង។ រាប់​ពាន់​សាសនា​អះអាង​ថា សេចក្ដី​បង្រៀន​របស់​ពួក​គេ​មាន​មូលដ្ឋាន​លើ​ព្រះ​គម្ពីរ។ ក៏​ប៉ុន្តែ សាសនា​ទាំង​នោះ​មាន​ការ​ខ្វែង​គំនិត​គ្នា​អំពី​អ្វី​ដែល​ព្រះ​គម្ពីរ​បង្រៀន។ ការ​ឈ្លោះ​ទាស់ទែង​គ្នា​រវាង​បុគ្គល​ផ្សេងៗ​នៅ​ក្នុង​និកាយ​នីមួយៗ​នាំ​ឲ្យ​មនុស្ស​រឹតតែ​ភាន់​ច្រឡំ។ មនុស្ស​ខ្លះ​មាន​ការ​សង្ស័យ​អំពី​ព្រះ​គម្ពីរ ពី​ដើម​កំណើត​ព្រះ​គម្ពីរ និង​តម្លៃ​នៃ​ព្រះ​គម្ពីរ។ មនុស្ស​ជា​ច្រើន​មាន​ទស្សនៈ​ថា ព្រះ​គម្ពីរ​គ្រាន់​តែ​ជា​សៀវភៅ​ដ៏​ពិសិដ្ឋ​មួយ​សម្រាប់​ប្រើ​ប្រាស់​ពេល​ធ្វើ​សម្បថ​នៅ​ចំពោះ​មុខ​តុលាការ។

៣ តាម​ពិត​ព្រះ​គម្ពីរ​មាន​បន្ទូល​របស់​ព្រះ​ដែល​ជា​សារ​ដ៏​មាន​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​ចិត្ត​គំនិត​របស់​មនុស្ស​ជាតិ។ (ហេព្រើរ ៤:១២) ដូច្នេះ​ហើយ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​មនុស្ស​រៀន​អំពី​អ្វី​ដែល​ព្រះ​គម្ពីរ​បង្រៀន។ យើង​មាន​ចិត្ត​រំភើប​ណាស់​ក្នុង​ការ​បំពេញ​តាម​បង្គាប់​របស់​ព្រះ​យេស៊ូ​គ្រិស្ត​ដែល​ថា​៖ «ចូរ​ទៅ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ . . . ហើយ​បង្រៀន​ឲ្យ​គេ»។ (ម៉ាថាយ ២៨:១៩, ២០) ពេល​ផ្សព្វផ្សាយ​ជា​សាធារណៈ យើង​ជួប​មនុស្ស​ដែល​មាន​ចិត្ត​ស្មោះ មាន​ការ​លំបាក​ក្នុង​ចិត្ត​ដោយសារ​ការ​ភាន់​ច្រឡំ​ខាង​សាសនា ដែល​មាន​នៅ​ទូ​ទាំង​ពិភព​លោក​សព្វ​ថ្ងៃ​នេះ។ ពួក​គេ​ចង់​ដឹង​សេចក្ដី​ពិត​អំពី​ព្រះ​ដែល​បាន​បង្កើត​យើង ហើយ​ចង់​ដឹង​អំពី​អ្វី​ដែល​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​អំពី​អត្ថន័យ​នៃ​ជីវិត។ សូម​ពិចារណា​រឿង​បី​យ៉ាង​ដែល​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ងឿង​ឆ្ងល់។ ពេល​ពិចារណា​រឿង​នីមួយៗ យើង​នឹង​មើល​អ្វី​ដែល​អ្នក​បង្ហាត់​បង្រៀន​សាសនា​និយាយ​ខុស រួច​មក​យើង​នឹង​មើល​អ្វី​ដែល​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន។ សំណួរ​បី​នោះ​គឺ (១) តើ​ព្រះ​យក​ព្រះ​ទ័យ​ទុក​ដាក់​នឹង​យើង​ឬ​ទេ? (២) ហេតុ​អ្វី​បាន​ជា​យើង​មាន​ជីវិត​រស់​នៅ? (៣) តើ​អ្វី​កើត​ឡើង​ពេល​ដែល​យើង​ស្លាប់?

តើ​ព្រះ​យក​ព្រះ​ទ័យ​ទុក​ដាក់​នឹង​យើង​ឬ​ទេ?

៤, ៥​. ហេតុ​អ្វី​បាន​ជា​មនុស្ស​គិត​ថា​ព្រះ​មិន​យក​ព្រះ​ទ័យ​ទុក​ដាក់​នឹង​យើង?

៤ ឥឡូវ​យើង​នឹង​ពិចារណា​សំណួរ​ទី​មួយ គឺ​តើ​ព្រះ​យក​ព្រះ​ទ័យ​ទុក​ដាក់​នឹង​យើង​ឬ​ទេ? គួរ​ឲ្យ​ស្ដាយ​ណាស់ មនុស្ស​ជា​ច្រើន​គិត​ថា​ទ្រង់​មិន​យក​ព្រះ​ទ័យ​ទុក​ដាក់​នឹង​យើង​ឡើយ។ ហេតុ​អ្វី​បាន​ជា​ពួក​គេ​គិត​ដូច្នេះ? ហេតុ​មួយ​គឺ ដោយសារ​ពួក​គេ​ឃើញ​ថា​ពិភព​លោក​ពេញ​ទៅ​ដោយ​សង្គ្រាម សម្អប់ និង​ការ​ឈឺ​ចាប់។ ពួក​គេ​វែក​ញែក​ថា​៖ ‹បើ​ព្រះ​ពិត​ជា​យក​ព្រះ​ទ័យ​ទុក​ដាក់​នឹង​យើង ទ្រង់​ប្រាកដ​ជា​មិន​អនុញ្ញាត​ឲ្យ​រឿង​អាក្រក់​បែប​នេះ​កើត​ឡើង​ទេ›។

៥ ហេតុ​មួយ​ទៀត​ដែល​មនុស្ស​គិត​ស្មាន​ថា​ព្រះ​មិន​យក​ព្រះ​ទ័យ​ទុក​ដាក់​នឹង​ពួក​គេ គឺ​ដោយសារ​អ្នក​ដឹក​នាំ​សាសនា​បាន​ធ្វើ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ដូច្នោះ។ ជា​ច្រើន​ដង ពេល​ដែល​មាន​រឿង​ខ្លោចផ្សា​កើត​ឡើង តើ​បព្វជិត​សាសនា​និយាយ​អ្វី? នៅ​ពេល​ដែល​កូន​តូចៗ​ពីរ​នាក់​របស់​ស្ត្រី​ម្នាក់​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរ នោះ​គ្រូ​គង្វាល​នៅ​ព្រះ​វិហារ​របស់​គាត់​ប្រាប់​ថា​៖ «នោះ​ជា​ព្រះ​ហឫទ័យ​របស់​ព្រះ។ ទ្រង់​ត្រូវ​ការ​ទេវតា​ពីរ​រូប​ទៀត»។ នៅ​ពេល​ដែល​បព្វជិត​សាសនា​និយាយ​ដូច្នោះ តាម​ពិត​ពួក​គេ​កំពុង​តែ​ទម្លាក់​កំហុស​ទៅ​លើ​ព្រះ​ចំពោះ​រឿង​អាក្រក់​ដែល​បាន​កើត​ឡើង។ ប៉ុន្តែ យ៉ាកុប​បាន​សរសេរ​ថា​៖ «កាល​ណា​មាន​សេចក្ដី​ល្បួង នោះ​កុំ​ឲ្យ​អ្នក​ណា​និយាយ​ថា ‹ព្រះ​ទ្រង់​ល្បួង​ខ្លួន​ឡើយ› ដ្បិត​សេចក្ដី​អាក្រក់​ពុំ​អាច​នឹង​ល្បួង​នាំ​ព្រះ​ហឫទ័យ​ព្រះ​បាន​ឡើយ ហើយ​ព្រះ​ក៏​មិន​ដែល​ល្បួង​អ្នក​ណា​ដែរ»។ (យ៉ាកុប ១:​១៣) ព្រះ​យេហូវ៉ា​មិន​ដែល​បណ្ដាល​ឲ្យ​រឿង​អាក្រក់​កើត​ឡើង​ទេ។ មែន​ហើយ «កុំ​ឲ្យ​យើង​ថា​ព្រះ​ទ្រង់​ធ្វើ​អាក្រក់»​ឡើយ។—យ៉ូប ៣៤:១០

៦​. តើ​អ្នក​ណា​ជា​ប្រភព​នៃ​អំពើ​អាក្រក់​និង​ការ​ឈឺ​ចាប់​នៅ​ក្នុង​លោកិយ​នេះ?

៦ បើ​ដូច្នេះ ហេតុ​អ្វី​បាន​ជា​មាន​អំពើ​អាក្រក់ និង​ការ​ឈឺ​ចាប់​ច្រើន​ម្ល៉េះ? ហេតុ​មួយ​គឺ មនុស្ស​ទូទៅ​មិន​ចង់​បាន​ព្រះ​ជា​អ្នក​គ្រប់គ្រង​ឡើយ ដោយសារ​ពួក​គេ​មិន​ចង់​ចុះ​ចូល​តាម​ច្បាប់​និង​គោលការណ៍​សុចរិត​របស់​ទ្រង់។ ជា​លទ្ធផល​មនុស្ស​ជាតិ​បាន​ចុះ​ចូល​ដោយ​មិន​ដឹង​ខ្លួន ចំពោះ​អារក្ស​សាតាំង​ដែល​ជា​សត្រូវ​របស់​ព្រះ​ទៅ​វិញ ដ្បិត​«លោកីយ​ទាំង​មូល​ដេក​នៅ​ក្នុង​ឱវាទ​នៃ​មេ​កំណាច»។ (យ៉ូហានទី១ ៥:១៩) ការ​ដឹង​អំពី​ការ​ពិត​នេះ ធ្វើ​ឲ្យ​យើង​ងាយ​យល់​ជាង​នូវ​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​ស្ថានការណ៍​ដ៏​អាក្រក់​បែប​នេះ។ សាតាំង​ជា​បុគ្គល​អាក្រក់​មួយ​រូប។ វា​តែង​តែ​ភូតភរ​បោក​បញ្ឆោត ហើយ​ឃោរឃៅ​ថែម​ទៀត។ ដូច្នេះ​ជា​ការ​សម​ហេតុ​សម​ផល​ដែល​លោកិយ​នេះ​មាន​លក្ខណៈ​ដូច​អ្នក​គ្រប់គ្រង​របស់​វា។ មិន​ចំឡែក​ទេ​ដែល​សព្វ​ថ្ងៃ​នេះ​មាន​ការ​ឈឺ​ចាប់​ច្រើន​ដល់​ម្ល៉េះ!

៧​. តើ​មាន​ហេតុ​អ្វី​ខ្លះ​ដែល​បណ្ដាល​ឲ្យ​យើង​មាន​ការ​ឈឺ​ចាប់?

៧ ហេតុ​មួយ​ទៀត​ដែល​មនុស្ស​រង​ការ​ឈឺ​ចាប់ គឺ​ដោយសារ​ភាព​ឥត​គ្រប់​លក្ខណ៍។ មនុស្ស​ឥត​គ្រប់​លក្ខណ៍​ចូល​ចិត្ត​ដណ្ដើម​អំណាច​គ្នា ហើយ​ការ​ដណ្ដើម​អំណាច​នោះ​ឯង​ដែល​នាំ​ឲ្យ​មាន​សង្គ្រាម ការ​ជិះជាន់ ថែម​ទាំង​ការ​ឈឺ​ចាប់។ សាស្ដា ៨:៩​ចែង​យ៉ាង​ត្រឹម​ត្រូវ​ថា​៖ «មនុស្ស​ម្នាក់ មាន​អំណាច​លើ​ម្នាក់​ទៀត ឲ្យ​គេ​ត្រូវ​វេទនា»។ ហេតុ​មួយ​ទៀត​ដែល​បណ្ដាល​ឲ្យ​មាន​ការ​ឈឺ​ចាប់​គឺ​ដោយសារ​«ពេល​វេលា​នឹង​ឱកាស»។ (សាស្ដា ៩:១១) ជា​ញឹកញាប់​ណាស់ មនុស្ស​រង​ការ​ឈឺ​ចាប់​ដោយ​ចៃដន្យ បើ​ពួក​គេ​នៅ​ចំ​ពេល​ដែល​កន្លែង​មួយ​មាន​រឿង​អាក្រក់​កើត​ឡើង។

៨, ៩​. ហេតុ​អ្វី​បាន​ជា​យើង​ដឹង​ថា​ព្រះ​យេហូវ៉ា​ពិត​ជា​យក​ព្រះ​ទ័យ​ទុក​ដាក់​នឹង​យើង?

៨ ពិត​ជា​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ធូរ​ស្រាល​ណាស់​ពេល​ដឹង​ថា ព្រះ​យេហូវ៉ា​មិន​បណ្ដាល​ឲ្យ​មនុស្ស​រង​ការ​ឈឺ​ចាប់​នោះ។ ប៉ុន្តែ តើ​ព្រះ​ពិត​ជា​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​អ្វី​ដែល​កំពុង​តែ​កើត​ឡើង​ក្នុង​ជីវិត​របស់​យើង​ម្នាក់ៗ​ឬ​ទេ? យើង​អាច​ឆ្លើយ​ដោយ​ប្រាកដ​ថា​ព្រះ​ពិត​ជា​យក​ព្រះ​ទ័យ​ទុក​ដាក់​នឹង​យើង​មែន! យើង​ដឹង​ថា​ទ្រង់​យក​ព្រះ​ទ័យ​ទុក​ដាក់​នឹង​យើង​ដោយសារ​ព្រះ​គម្ពីរ​ដែល​ទ្រង់​បណ្ដាល​ឲ្យ​សរសេរ​ប្រាប់​ឲ្យ​ដឹង​ពី​មូលហេតុ​ដែល​ព្រះ​អនុញ្ញាត​ឲ្យ​មនុស្ស​ប្រព្រឹត្ត​អំពើ​អាក្រក់។ មូលហេតុ​របស់​ទ្រង់​ផ្អែក​ទៅ​លើ​ចំណោទ​ពីរ​យ៉ាង​គឺ សិទ្ធិ​គ្រប់គ្រង​ពេញ​ច្បាប់​របស់​ទ្រង់ និង​ភាព​ស្មោះ​គ្រប់​លក្ខណ៍​របស់​មនុស្ស​ជាតិ។ ពីព្រោះ​ទ្រង់​ជា​អ្នក​បង្កើត​ដ៏​គ្រប់​ព្រះ​ចេស្ដា ព្រះ​យេហូវ៉ា​មិន​ចាំបាច់​ប្រាប់​យើង​ពី​មូលហេតុ​ដែល​ទ្រង់​អនុញ្ញាត​ឲ្យ​មាន​ការ​ឈឺ​ចាប់​ក៏​បាន​ដែរ។ ក៏​ប៉ុន្តែ ទ្រង់​ប្រាប់​យើង​ដោយសារ​ទ្រង់​ស្រឡាញ់​យើង។

៩ សូម​ពិចារណា​ពី​ទី​សម្អាង​មួយ​ទៀត​ដែល​បញ្ជាក់​ថា​ទ្រង់​ពិត​ជា​ស្រឡាញ់​យើង​មែន។ ទ្រង់​«មាន​ព្រះ​ហឫទ័យ​ព្រួយ» ពេល​ដែល​ផែនដី​ពេញ​ទៅ​ដោយ​អំពើ​អាក្រក់​នៅ​សម័យ​លោក​ណូអេ។ (លោកុប្បត្តិ ៦:៥, ៦) តើ​ទ្រង់​មាន​អារម្មណ៍​ខុស​គ្នា​ចំពោះ​សម័យ​បច្ចុប្បន្ន​ទេ? អត់​ទេ ពីព្រោះ​ព្រះ​យេហូវ៉ា​មិន​ប្រែប្រួល​ឡើយ។ (ម៉ាឡាគី ៣:៦) ទ្រង់​ស្អប់​អំពើ​អយុត្ដិធម៌​សព្វ​បែប​យ៉ាង ហើយ​ទ្រង់​ឈឺ​ព្រះទ័យ​ពេល​មនុស្ស​រង​ការ​ឈឺ​ចាប់។ ព្រះ​គម្ពីរ​បង្រៀន​ថា បន្ដិច​ទៀត​ទ្រង់​នឹង​បំបាត់​ចោល​នូវ​ផលវិបាក​ទាំង​អស់​ដែល​មក​ពី​ការ​គ្រប់គ្រង​របស់​មនុស្ស​ហើយ​និង​ឥទ្ធិពល​របស់​សាតាំង។ នោះ​ជា​ភ័ស្តុតាង​ដែល​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ព្រះ​យក​ព្រះ​ទ័យ​ទុក​ដាក់​នឹង​យើង មែន​ទេ?

១០​. តើ​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​បែប​ណា​ស្តី​ពី​ការ​ឈឺ​ចាប់​របស់​មនុស្ស​ជាតិ?

១០ ហេតុ​ដូច្នេះ អ្នក​ដឹក​នាំ​សាសនា​និយាយ​ខុស​ទាំង​ស្រុង​អំពី​ព្រះ ពេល​ដែល​ពួក​គេ​ប្រាប់​ថា​ព្រះ​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​មនុស្ស​យើង​ជួប​ប្រទះ​រឿង​ខ្លោចផ្សា។ តាម​ការ​ពិត ព្រះ​យេហូវ៉ា​មាន​ព្រះ​ទ័យ​ចង់​បំបាត់​ចោល​យ៉ាង​ខ្លាំង​នូវ​ការ​ឈឺ​ចាប់​របស់​មនុស្ស​ជាតិ។ ពេត្រុសទី១ ៥:៧ ចែង​ថា​៖ «ទ្រង់​តែង​យក​ព្រះ​ទ័យ​ទុក​ដាក់​នឹង​អ្នក​រាល់​គ្នា»។ នេះ​ជា​អ្វី​ដែល​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន!

ហេតុ​អ្វី​បាន​ជា​យើង​មាន​ជីវិត​រស់​នៅ?

១១​. តើ​សាសនា​ជា​ទូទៅ​បង្រៀន​បែប​ណា​ពី​ជីវិត​មនុស្ស​លើ​ផែនដី?

១១ សូម​ពិចារណា​សំណួរ​មួយ​ទៀត​ដែល​មនុស្ស​ជា​ច្រើន​សួរ គឺ​ហេតុ​អ្វី​បាន​ជា​យើង​មាន​ជីវិត​រស់​នៅ? សាសនា​ជា​ទូទៅ​ឆ្លើយ​ថា មនុស្ស​ជាតិ​គ្រាន់​តែ​រស់​នៅ​ជា​បណ្ដោះ​អាសន្ន​លើ​ផែនដី​នេះ។ ពួក​គេ​ចាត់​ទុក​ផែនដី​ជា​ចំណុច​កណ្ដាល​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​រស់​នៅ​កន្លែង​មួយ​ផ្សេង​ទៀត។ បព្វជិត​ខ្លះ​បង្រៀន​ថា​ថ្ងៃ​ណា​មួយ​ព្រះ​នឹង​បំផ្លាញ​ផែនដី​នេះ​ចោល។ ដោយសារ​សេចក្ដី​បង្រៀន​បែប​នេះ មនុស្ស​ជា​ច្រើន​បាន​សន្និដ្ឋាន​ថា ពួក​គេ​គួរ​តែ​ខំ​សប្បាយ​ទាន់​ពេល​ដែល​គេ​នៅ​មាន​ជីវិត ពីព្រោះ​នៅ​អនាគត​ពួក​គេ​មាន​តែ​ស្លាប់​ប៉ុណ្ណោះ។ តើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​យ៉ាង​ណា​អំពី​មូលហេតុ​ដែល​យើង​មាន​ជីវិត​រស់​នៅ​នោះ?

១២​-​១៤​. តើ​អ្វី​ដែល​ព្រះ​គម្ពីរ​បាន​បង្រៀន​ស្តី​ពី​គោល​បំណង​របស់​ព្រះ​ចំពោះ​ផែនដី​និង​មនុស្ស​ជាតិ?

១២ ព្រះ​មាន​គោល​បំណង​ដ៏​អស្ចារ្យ​សម្រាប់​ផែនដី​និង​មនុស្ស​ជាតិ។ ទ្រង់​«មិន​មែន​បង្កើត[ផែនដី]មក​ឲ្យ​នៅ​ទទេ​ទេ» តែ​«បាន​ជប​សូន​បង្កើត​ឲ្យ​ជា​ទី​អាស្រ័យ​នៅ»។ (អេសាយ ៤៥:១៨) ម្យ៉ាង​វិញ​ទៀត ព្រះ​យេហូវ៉ា​«បាន​តាំង​ឫស​ផែនដី ដើម្បី​ឲ្យ​បាន​មាំ មិន​ឲ្យ​ត្រូវ​រញ្ជួយ​នៅ​អស់​កល្ប»។ (ទំនុកដំកើង ១០៤:៥) ការ​ដឹង​អំពី​គោល​បំណង​របស់​ព្រះ​សម្រាប់​ផែនដី​និង​មនុស្ស​ជាតិ នោះ​អាច​ជួយ​យើង​ឲ្យ​យល់​ពី​មូលហេតុ​ដែល​យើង​មាន​ជីវិត​រស់​នៅ។

១៣ លោកុប្បត្តិ ជំពូក​ទី​១​និង​២ បង្ហាញ​ថា​ព្រះ​បាន​រៀបចំ​ផែនដី​យ៉ាង​ល្អ​ឥត​ខ្ចោះ​ដើម្បី​ឲ្យ​មនុស្ស​រស់​នៅ។ នៅ​ទី​បញ្ចប់​នៃ​ការ​បង្កើត​ផែនដី អ្វីៗ​ទាំង​អស់​មាន​លក្ខណៈ​«ល្អ​ប្រពៃ»។ (លោកុប្បត្តិ ១:៣១) ព្រះ​បាន​ដាក់​បុរស​និង​ស្ត្រី​ដំបូង​គឺ​អ័ដាម​និង​អេវ៉ា នៅ​ក្នុង​សួន​ដ៏​ស្អាត​មួយ​ឈ្មោះ​ថា​អេដែន ហើយ​បាន​ផ្គត់ផ្គង់​ម្ហូប​អាហារ​ដ៏​បរិបូរ។ ព្រះ​បាន​បង្គាប់​គូ​ដំបូង​ឲ្យ‹បង្កើត​កូន​ឲ្យ​ចំរើន​ជា​ច្រើន​ឡើង ឲ្យ​មាន​ពេញ​ពាស​លើ​ផែនដី ហើយ​បង្ក្រាប​ផែនដី›។ ដូច្នេះ​ពួក​គេ​ត្រូវ​មាន​កូន​គ្រប់​លក្ខណ៍ ហើយ​ត្រូវ​ពង្រីក​សួន​មនោរម្យ​ដែល​ជា​លំនៅ​ស្ថាន​របស់​ខ្លួន​ទាល់តែ​ពេញ​ផែនដី។ ពួក​គេ​ក៏​ត្រូវ​ថែរក្សា​សត្វ​ដោយ​សេចក្ដី​ស្រឡាញ់​ផង​ដែរ។—លោកុប្បត្តិ ១:២៦​-​២៨

១៤ គោល​បំណង​របស់​ព្រះ​យេហូវ៉ា​គឺ​ទ្រង់​ចង់​ឲ្យ​មាន​សង្គម​មួយ​ដែល​ពោរ​ពេញ​ទៅ​ដោយ​មនុស្ស​គ្រប់​លក្ខណ៍​និង​រស់​នៅ​លើ​ផែនដី​ជា​រៀង​រហូត។ ព្រះ​បន្ទូល​របស់​ព្រះ​ចែង​ថា​៖ «ពួក​អ្នក​សុចរិត​នឹង​បាន​ស្រុក​ទុក​ជា​មរ​ដក ហើយ​នឹង​នៅ​ក្នុង​ស្រុក​នោះ​ជា​និច្ច»។ (ទំនុកដំកើង ៣៧:២៩) ការ​ពិត​គឺ​ទ្រង់​មាន​បំណង​ឲ្យ​មនុស្ស​រស់​ជា​រៀង​រហូត​លើ​ផែនដី​សួន​មនោរម្យ។ នេះ​ជា​គោល​បំណង​របស់​ព្រះ និង​ជា​អ្វី​ដែល​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន!

តើ​អ្វី​កើត​ឡើង​ពេល​ដែល​យើង​ស្លាប់?

១៥​. តើ​សាសនា​ភាគ​ច្រើន​បង្រៀន​យ៉ាង​ណា​អំពី​អ្វី​ដែល​កើត​ឡើង​ពេល​ដែល​យើង​ស្លាប់?

១៥ ឥឡូវ​សូម​ពិចារណា​សំណួរ​ទី​បី​ដែល​មនុស្ស​ជា​ច្រើន​ងឿង​ឆ្ងល់ គឺ​តើ​អ្វី​កើត​ឡើង​ពេល​ដែល​យើង​ស្លាប់? សាសនា​ភាគ​ច្រើន​បង្រៀន​ថា មាន​អ្វី​នៅ​ក្នុង​ខ្លួន​មនុស្ស​បន្ត​រស់​ក្រោយ​ពេល​ដែល​រូប​កាយ​ស្លាប់។ សាសនា​ខ្លះ​នៅ​ប្រកាន់​តាម​ជំនឿ​ថា​ព្រះ​បោះ​មនុស្ស​ទុច្ចរិត​ទៅ​ក្នុង​ភ្លើង​នរក​ឲ្យ​រង​ទុក្ខ​ជា​រៀង​រហូត។ តើ​នេះ​ជា​ការ​ពិត​ឬ? តើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​យ៉ាង​ណា​អំពី​សេចក្ដី​ស្លាប់?

១៦, ១៧​. យោង​តាម​ព្រះ​គម្ពីរ តើ​អ្វី​ជា​ស្ថានភាព​មនុស្ស​ស្លាប់?

១៦ ព្រះ​បន្ទូល​របស់​ព្រះ​ប្រាប់​ថា​៖ «មនុស្ស​ដែល​រស់ គេ​ដឹង​ថា​ខ្លួន​នឹង​ស្លាប់​ជា​មិន​ខាន តែ​មនុស្ស​ស្លាប់​ឥត​ដឹង​អ្វី​ឡើយ គេ​ក៏​គ្មាន​រង្វាន់​អ្វី​ទៀត​ដែរ»។ ដោយសារ​មនុស្ស​ស្លាប់​«ឥត​ដឹង​អ្វី​ឡើយ» ដូច្នេះ​ពួក​គេ​មិន​អាច​ស្ដាប់​ឮ មើល​ឃើញ និយាយ​ស្តី មាន​អារម្មណ៍ ឬ​គិត​គូរ​បាន​ឡើយ។ ពួក​«គេ​ក៏​គ្មាន​រង្វាន់​អ្វី​ទៀត​ដែរ​ឬ[«មិន​រង់ចាំ​ផល​អ្វី​បាន​ឡើយ»]»។ តើ​មនុស្ស​ស្លាប់​អាច​រង់ចាំ​ផល​យ៉ាង​ដូច​ម្ដេច​បាន? ច្បាស់​ជា​ពុំ​អាច​បង្កើត​ផល​មែន ដ្បិត​ពួក​គេ​ពុំ​អាច​ធ្វើ​ការ​ឬ​មាន​សកម្មភាព​បាន​ឡើយ! ម្យ៉ាង​វិញ​ទៀត «ទោះ​ទាំង​សេចក្ដី​ស្រឡាញ់ សេចក្ដី​សំអប់ នឹង​សេចក្ដី​ឈ្នានីស​របស់​គេ​ក៏​វិនាស​សូន្យ​បាត់​ជា​យូរ​មក​ហើយ»។ នេះ​មាន​ន័យ​ថា​ពួក​គេ​លែង​មាន​អារម្មណ៍​សោះ។—សាស្ដា ៩:៥, ៦, ១០; ខ.ស.

១៧ អ្វី​ដែល​ព្រះ​គម្ពីរ​ចែង​អំពី​រឿង​នេះ​គឺ​ស្រួល​យល់ ហើយ​ក៏​ច្បាស់​ទៀត​ផង។ មនុស្ស​ស្លាប់​មិន​បន្ត​រស់​នៅ​កន្លែង​ណា​មួយ​ទៀត​ទេ។ គ្មាន​អ្វី​ដែល​ចេញ​ពី​រូប​កាយ​យើង​ហើយ​បន្ត​រស់​ក្រោយ​យើង​ស្លាប់ ដើម្បី​ទៅ​កើត​ក្នុង​រូប​កាយ​មួយ​ផ្សេង​ទៀត ដូច​ពួក​អ្នក​ដែល​ជឿ​លើ​ការ​ចាប់​ជាតិ​ឡើយ។ យើង​អាច​ប្រើ​ឧទាហរណ៍​ដូច​ត​ទៅ​នេះ: ជីវិត​របស់​យើង​គឺ​ដូច​ជា​ភ្លើង​ទៀន។ ពេល​ដែល​ភ្លើង​ទៀន​នោះ​រលត់​ទៅ វា​មិន​ធ្វើ​ដំណើរ​ទៅ​កន្លែង​ណា​ផ្សេង​ទៀត​ឡើយ។ វា​គ្រាន់​តែ​បាត់​ទៅ លែង​មាន​ទៀត​តែ​ប៉ុណ្ណោះ។

១៨​. ពេល​ដែល​សិស្ស​ព្រះ​គម្ពីរ​បាន​យល់​ដឹង​ថា​មនុស្ស​ស្លាប់​អត់​ដឹង​អ្វី​ឡើយ តើ​គាត់​អាច​ធ្វើ​ការ​សន្និដ្ឋាន​បែប​ណា?

១៨ សូម​គិត​ទៅ​មើល! សេចក្ដី​ពិត​មួយ​ចំណុច​ដ៏​សំខាន់​និង​ស្រួល​យល់​នេះ​មាន​អត្ថន័យ​ជ្រាល​ជ្រៅ​ណាស់។ ក្រោយ​សិស្ស​ព្រះ​គម្ពីរ​បាន​រៀន​ថា​មនុស្ស​ស្លាប់​មិន​ដឹង​អ្វី​ឡើយ នោះ​សិស្ស​គួរ​តែ​អាច​ធ្វើ​ការ​សន្និដ្ឋាន​ផ្សេង​ទៀត​ស្តី​ពី​ស្ថានភាព​មនុស្ស​ស្លាប់។ ជា​ឧទាហរណ៍ សិស្ស​គួរ​សន្និដ្ឋាន​ថា​ជីដូន​ជីតា​របស់​គាត់​ពុំ​អាច​ធ្វើ​បាប​គាត់​ឡើយ ទោះបី​ពេល​ដែល​ពួក​គាត់​នៅ​រស់​ធ្លាប់​ខឹង​នឹង​គាត់​ប៉ុណ្ណា​ក៏​ដោយ។ សិស្ស​ក៏​គួរ​ឆាប់​យល់​ដែរ​ថា មនុស្ស​ជា​ទី​ស្រឡាញ់​របស់​គាត់​ដែល​បាន​ស្លាប់​ទៅ​នោះ មិន​អាច​ស្ដាប់​ឮ មើល​ឃើញ និយាយ​ស្តី ឬ​គិត​គូរ។ ដូច្នេះ​ពួក​គេ​មិន​មែន​កំពុង​តែ​មាន​អារម្មណ៍​ឯកោ​កណ្ដោច​កណ្ដែង​ឬ​រង​ការ​ឈឺ​ចាប់​នៅ​ស្ថាន​នរក​ឡើយ។ យ៉ាង​ណា​ក៏​ដោយ ព្រះ​គម្ពីរ​បង្ហាញ​ថា មនុស្ស​ស្លាប់​ដែល​នៅ​ក្នុង​សេចក្ដី​នឹក​ចាំ​របស់​ព្រះ នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ នេះ​ជា​សេចក្ដី​សន្យា​ដ៏​អស្ចារ្យ​មែន!—យ៉ូហាន ៥:២៨, ២៩

សៀវភៅ​ថ្មី​មួយ​ត្រូវ​បាន​រៀបចំ

១៩, ២០​. ជា​គ្រិស្ត​សា​សនិក តើ​យើង​មាន​ភារកិច្ច​អ្វី? ហើយ​តើ​មាន​សៀវភៅ​អ្វី​ដែល​ត្រូវ​បាន​រៀបចំ​ជា​ពិសេស​ដើម្បី​ជួយ​យើង​ក្នុង​កិច្ច​បម្រើ​ផ្សាយ?

១៩ យើង​បាន​ពិចារណា​សំណួរ​តែ​បី​ប៉ុណ្ណោះ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ងឿង​ឆ្ងល់។ ពេល​ឆ្លើយ​សំណួរ​នីមួយៗ​យើង​បាន​ឃើញ​ថា អ្វី​ដែល​ព្រះ​គម្ពីរ​បង្រៀន​អំពី​រឿង​ទាំង​នោះ​គឺ​ច្បាស់​ហើយ​ចំៗ។ យើង​ពិត​ជា​សប្បាយ​ណាស់! ពេល​យើង​អាច​ប្រាប់​សេចក្ដី​ពិត​ទាំង​នេះ​ដល់​មនុស្ស​ដែល​ចង់​ដឹង​ពី​អ្វី​ដែល​ព្រះ​គម្ពីរ​បង្រៀន! ក៏​ប៉ុន្តែ​មនុស្ស​ដែល​មាន​ចិត្ត​ស្មោះ​ត្រូវ​ការ​ចម្លើយ​ចំពោះ​សំណួរ​សំខាន់ៗ​ជា​ច្រើន​ឯ​ទៀត​ដែរ។ ដោយសារ​យើង​ជា​គ្រិស្ត​សា​សនិក យើង​មាន​ភារកិច្ច​ជួយ​មនុស្ស​ឲ្យ​រក​ឃើញ​នូវ​ចម្លើយ​ចំពោះ​សំណួរ​ទាំង​អស់​នោះ។

២០ ដើម្បី​បង្រៀន​សេចក្ដី​ពិត​ពី​ព្រះ​គម្ពីរ​តាម​របៀប​ដែល​ច្បាស់​ហើយ​ទាក់ទាញ​ចិត្ត នោះ​មិន​ងាយ​ស្រួល​ទេ។ ‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ›បាន​រៀបចំ​សៀវភៅ​មួយ​ជា​ពិសេស​ដើម្បី​ជួយ​យើង​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ (ម៉ាថាយ ២៤:៤៥​-​៤៧) គឺ​ជា​សៀវភៅ​ដែល​មាន​២៥៦​ទំព័រ​ដែល​មាន​ចំណង​ជើង​ថា​តើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​យ៉ាង​ណា?

២១, ២២​. តើ​សៀវភៅ​តើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​យ៉ាង​ណា?មាន​លក្ខណៈ​សំខាន់​អ្វី​ខ្លះ?

២១ នៅ​មហា​សន្និបាត​ប្រចាំ​តំបន់​ឆ្នាំ​២០០៥​-​២០០៦​របស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ដែល​មាន​ចំណង​ជើង​ថា «ចូរ​ស្ដាប់​បង្គាប់​ព្រះ»​បាន​ចេញ​សៀវភៅ​ព្រះ​គម្ពីរ​បង្រៀន​ដែល​មាន​លក្ខណៈ​យ៉ាង​ល្អ​វិសេស។ ម្យ៉ាង​គឺ សៀវភៅ​ថ្មី​នេះ​មាន​សេចក្ដី​ផ្ដើម​ប្រាំ​ទំព័រ​ដែល​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ចាប់​ផ្ដើម​ការ​សិក្សា​ព្រះ​គម្ពីរ​នៅ​តាម​ផ្ទះ។ អ្នក​នឹង​យល់​ថា​ជា​ការ​ងាយ​ស្រួល​ក្នុង​ការ​ពិគ្រោះ​ពី​រូបភាព​និង​បទ​គម្ពីរ​ដែល​មាន​នៅ​ទំព័រ​ទាំង​នោះ។ អ្នក​អាច​ប្រើ​ព័ត៌មាន​ទាំង​នោះ​ដើម្បី​ជួយ​សិស្ស​ឲ្យ​ចេះ​ប្រើ​ព្រះ​គម្ពីរ​ក្នុង​ការ​រក​ជំពូក​និង​ខ​ផ្សេងៗ។

២២ របៀប​ដែល​សៀវភៅ​ថ្មី​នេះ​បាន​ត្រូវ​សរសេរ​គឺ​ស្រួល​យល់ ហើយ​ច្បាស់។ សៀវភៅ​នេះ​បាន​ត្រូវ​រៀបចំ​ដើម្បី​ឲ្យ​សិស្ស​អាច​ប្រាប់​ពី​មតិ​ខ្លួន​យ៉ាង​ច្រើន​បំផុត ដើម្បី​ជំរុញ​ទឹក​ចិត្ត​របស់​គាត់។ នៅ​ដើម​ជំពូក​នីមួយៗ មាន​សំណួរ​មួយ​ចំនួន។ រួច​មក នៅ​ចុង​ជំពូក​នីមួយៗ​មាន​ប្រអប់​មួយ​ដែល​មាន​ចំណង​ជើង​ថា​«អ្វី​ដែល​ព្រះ​គម្ពីរ​បង្រៀន»។ ប្រអប់​នេះ​មាន​ចម្លើយ​ចំពោះ​សំណួរ​នៅ​ដើម​ជំពូក ហើយ​ក៏​មាន​បទ​គម្ពីរ​ដែល​ជា​មូលដ្ឋាន​ដែរ។ សៀវភៅ​នេះ​មាន​រូបភាព​ល្អៗ​និង​ឧទាហរណ៍​ដែល​នឹង​ជួយ​សិស្ស​យល់​នូវ​ចំណុច​ថ្មីៗ។ ទោះ​ជា​ជំពូក​សិក្សា​បាន​ត្រូវ​រៀបចំ​ឲ្យ​មាន​ព័ត៌មាន​បឋមៗ​ប៉ុណ្ណោះ​ក៏​ពិត​មែន តែ​មាន​ផ្នែក​មួយ​ហៅ​ថា ការ​ពន្យល់​បន្ថែម ដែល​យើង​អាច​ប្រើ​ដើម្បី​ពន្យល់​ប្រធាន​១៤​យ៉ាង​ដែល​ស៊ី​ជម្រៅ​ជាង បើ​សិស្ស​ត្រូវ​ការ​ព័ត៌មាន​ថែម​ទៀត។

២៣​. តើ​យោបល់​អ្វី​ខ្លះ​ដែល​យើង​បាន​ទទួល​ស្តី​ពី​ការ​ប្រើ​សៀវភៅ​ព្រះ​គម្ពីរ​បង្រៀន​ក្នុង​ការ​បង្រៀន​សិស្ស?

២៣ សៀវភៅ​ព្រះ​គម្ពីរ​បង្រៀន​បាន​រៀបចំ​ឡើង​ដើម្បី​ជួយ​បង្រៀន​មនុស្ស​ដែល​មាន​កម្រិត​វប្បធម៌​ខុស​គ្នា​និង​ជំនឿ​សាសនា​ខុស​គ្នា​ដែរ។ ក្នុង​ការ​សិក្សា​ជំពូក​នីមួយៗ​យក​ល្អ​ត្រូវ​ចែក​ជា​ច្រើន​ផ្នែក បើ​សិស្ស​មិន​មាន​ចំណេះ​ពី​ព្រះ​គម្ពីរ​សូម្បី​តែ​បន្ដិច។ សូម​កុំ​សិក្សា​លឿន​ពេក តែ​សូម​ព្យាយាម​ទាក់ទាញ​ទឹក​ចិត្ត​សិស្ស​វិញ។ បើ​សិស្ស​មិន​យល់​ឧទាហរណ៍​ណា​មួយ​ដែល​មាន​នៅ​ក្នុង​សៀវភៅ ចូរ​ពន្យល់​ឬ​ក៏​ប្រើ​ឧទាហរណ៍​ផ្សេង​ទៀត។ ចូរ​រៀបចំ​សម្រាប់​សិក្សា​ឲ្យ​បាន​ល្អ ចូរ​ខំ​ប្រឹង​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ប្រើ​សៀវភៅ​ថ្មី​នេះ​ដោយ​ប្រ​សិទ្ធិ​ភាព និង​សូម​អធិស្ឋាន​ទូល​ព្រះ​យេហូវ៉ា​ដើម្បី​សុំ​ជំនួយ​ពី​ទ្រង់​ក្នុង​ការ​«កាត់​ស្រាយ​ព្រះ​បន្ទូល​នៃ​សេចក្ដី​ពិត​យ៉ាង​ត្រឹម​ត្រូវ»។—ធីម៉ូថេទី២ ២:១៥

ចូរ​បង្ហាញ​ចិត្ត​កតញ្ញូ​ចំពោះ​ឯក​សិទ្ធ​ដ៏​ថ្លៃ​វិសេស​របស់​អ្នក

២៤, ២៥​. តើ​ព្រះ​យេហូវ៉ា​បាន​ប្រទាន​ឯកសិទ្ធិ​ដ៏​ថ្លៃ​វិសេស​អ្វី​ដល់​រាស្ត្រ​របស់​ទ្រង់?

២៤ ព្រះ​យេហូវ៉ា​បាន​ប្រទាន​ឯកសិទ្ធិ​ដ៏​ថ្លៃ​វិសេស​ដល់​រាស្ត្រ​របស់​ទ្រង់។ ទ្រង់​អនុញ្ញាត​ឲ្យ​យើង​អាច​រៀន​សេចក្ដី​ពិត​អំពី​ទ្រង់។ យើង​មិន​ត្រូវ​មើល​ស្រាល​ចំពោះ​ឯកសិទ្ធិ​ដ៏​ថ្លៃ​វិសេស​របស់​យើង​ឡើយ! តាម​ការ​ពិត​ព្រះ​យេហូវ៉ា​បាន​លាក់​គោល​បំណង​របស់​ទ្រង់​ពី​មនុស្ស​ឆ្មើងឆ្មៃ តែ​ទ្រង់​បើក​សម្ដែង​ឲ្យ​មនុស្ស​ដែល​មាន​ចិត្ត​រាប​ទាប។ ដោយ​ហេតុ​នេះ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា​៖ «ឱ​ព្រះ​វរបិតា ជា​ព្រះ​អម្ចាស់​នៃ​ស្ថាន​សួគ៌​នឹង​ផែនដី​អើយ ទូល​បង្គំ​សរសើរ​ដល់​ទ្រង់ ដោយ​ព្រោះ​ទ្រង់​លាក់​សេចក្ដី​ទាំង​នេះ​នឹង​ពួក​អ្នកប្រាជ្ញ ហើយ​នឹង​ពួក​ឈ្លាស​វៃ តែ​បាន​សំដែង​ឲ្យ​ពួក​កូន​ក្មេង​យល់​វិញ»។ (ម៉ាថាយ ១១:​២៥) នេះ​ជា​កិត្ដិយស​កម្រ​មាន​ដែល​យើង​បាន​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​ដែល​មាន​ចិត្ត​រាប​ទាប ដើម្បី​បម្រើ​ព្រះ​មហាក្សត្រ​សកល​លោក​គឺ​ព្រះ​យេហូវ៉ា។

២៥ ព្រះ​ក៏​ប្រទាន​ឯកសិទ្ធិ​ដល់​យើង​ឲ្យ​បង្រៀន​អ្នក​ដទៃ​អំពី​ទ្រង់​ដែរ។ សូម​ចាំ​ថា​ពួក​អ្នក​ដែល​បាន​និយាយ​បង្កាច់​បង្ខូច​ទ្រង់​បាន​បង្រៀន​សេចក្ដី​មិន​ពិត​ពី​ទ្រង់។ ហេតុ​នេះ​ហើយ​មនុស្ស​ជា​ច្រើន​យល់​ខុស​អំពី​ទ្រង់ ថា​ទ្រង់​ជា​ព្រះ​ដែល​មិន​យក​ព្រះ​ទ័យ​ទុក​ដាក់ និង​មិន​មាន​ព្រះ​ទ័យ​អាណិត​អាសូរ​ដល់​មនុស្ស​ដែល​រង​ការ​ឈឺ​ចាប់​ឡើយ។ តើ​អ្នក​ស្ម័គ្រ​ចិត្ត ថែម​ទាំង​មាន​ចិត្ត​ចង់​ឲ្យ​មនុស្ស​ដឹង​ការ​ពិត​ពី​ទ្រង់​ទេ? តើ​អ្នក​ចង់​ឲ្យ​មនុស្ស​ដែល​មាន​ចិត្ត​ទៀងត្រង់​នៅ​គ្រប់​ទី​កន្លែង​បាន​ស្គាល់​សេចក្ដី​ពិត​អំពី​ព្រះ​ទេ? បើ​ដូច្នេះ ចូរ​អ្នក​បង្ហាញ​ថា​អ្នក​ស្ដាប់​បង្គាប់​ព្រះ​ដោយ​ចូល​រួម​យ៉ាង​ពេញលេញ និង​ដោយ​មាន​ចិត្ត​ខ្នះខ្នែង​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ និង​បង្រៀន​អ្នក​ឯ​ទៀត​ពី​អ្វី​ដែល​ព្រះ​គម្ពីរ​បាន​បញ្ជាក់​ទៅ​លើ​រឿង​សំខាន់ៗ។ អ្នក​ស្វែង​រក​សេចក្ដី​ពិត​ត្រូវ​ការ​រៀន​អំពី​អ្វី​ដែល​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន។

តើ​អ្នក​ឆ្លើយ​យ៉ាង​ណា?

• ហេតុ​អ្វី​បាន​ជា​យើង​ដឹង​ថា​ព្រះ​យក​ព្រះ​ទ័យ​ទុក​ដាក់​នឹង​យើង?

• ហេតុ​អ្វី​បាន​ជា​យើង​មាន​ជីវិត​រស់​នៅ?

• តើ​អ្វី​កើត​ឡើង​ពេល​ដែល​យើង​ស្លាប់?

• តើ​សៀវភៅ​ព្រះ​គម្ពីរ​បង្រៀន​មាន​លក្ខណៈ​ពិសេស​អ្វី​ដែល​អ្នក​ចូល​ចិត្ត​ជាង​គេ?

[រូបភាព​នៅ​ទំព័រ​១៤]

ព្រះ​គម្ពីរ​បង្រៀន​ថា ការ​ឈឺ​ចាប់​នឹង​មិន​មាន​ទៀត​ទេ

[អ្នក​ផ្ដល់​សិទ្ធិ]

Top right, girl: © Bruno Morandi/age fotostock; left, woman: AP Photo/Gemunu Amarasinghe; bottom right, refugees: © Sven Torfinn/Panos Pictures

[រូបភាព​នៅ​ទំព័រ​១៥]

មនុស្ស​សុចរិត​នឹង​រស់​នៅ​លើ​ផែនដី​មនោរម្យ​ជា​រៀង​រហូត

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក