បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • bh ជំ. ១១ ទំ. ១២១-១៣១
  • ហេតុអ្វីព្រះឲ្យមនុស្សរងទុក្ខវេទនា?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ហេតុអ្វីព្រះឲ្យមនុស្សរងទុក្ខវេទនា?
  • តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ហេតុ​អ្វី​មាន​ទុក្ខ​វេទនា​ច្រើន​ម្ល៉េះ?
  • រឿង​សំខាន់​មួយ​បាន​ត្រូវ​ចោទ​ឡើង
  • ហេតុ​អ្វី​យូរ​ម្ល៉េះ?
  • តើ​អ្នក​នឹង​ប្រើ​អំណោយ​ពី​ព្រះ​យ៉ាង​ណា?
  • ហេតុអ្វីមានទុក្ខវេទនាច្រើនម្ល៉េះ?
    តើគម្ពីរអាចបង្រៀនយើងអំពីអ្វី?
  • ហេតុអ្វីមានអំពើអាក្រក់និងទុក្ខវេទនា?
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
  • ហេតុអ្វីព្រះអនុញ្ញាតឲ្យមានការឈឺចាប់កើតឡើង?
    ចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច
  • តើគម្ពីរបង្រៀនយ៉ាងណា?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០១៧
មើលបន្ថែមទៀត
តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
bh ជំ. ១១ ទំ. ១២១-១៣១

ជំពូក​ទី​ដប់​មួយ

ហេតុ​អ្វី​ព្រះ​ឲ្យ​មនុស្ស​រង​ទុក្ខ​វេទនា?

តើ​ព្រះ​ជា​អ្នក​ធ្វើ​ឲ្យ​មនុស្ស​រង​ទុក្ខ​វេទនា​ឬ?

នៅ​សួន​ច្បារ​អេដែន តើ​មាន​ការ​ចោទ​ប្រកាន់​អ្វី?

តើ​ព្រះ​នឹង​លុប​បំបាត់​រាល់​ផល​វិបាក​ដែល​មក​ពី​ទុក្ខ​វេទនា​នោះ​យ៉ាង​ដូច​ម្ដេច?

១, ២​. សព្វ​ថ្ងៃ​នេះ តើ​មាន​អ្វី​ខ្លះ​ដែល​នាំ​ឲ្យ​មនុស្ស​រង​ទុក្ខ​វេទនា? តើ​នេះ​នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​សួរ​សំនួរ​អ្វី​ខ្លះ?

ក្រោយ​ពី​មាន​ចំ​បាំង​នៅ​ប្រទេស​មួយ​ដែល​ហែកហួរ​ដោយ​សង្គ្រាម សព​របស់​ស្ត្រី​និង​កុមារ​រាប់​ពាន់​នាក់​ដែល​បាត់​បង់​ជីវិត​បាន​ត្រូវ​គេ​កប់​ក្នុង​ផ្នូរ​ធំ​មួយ ហើយ​យក​ឈើ​ឆ្កាង​តូច​ៗ​ដោត​ក្នុង​ដី​ព័ទ្ធ​ជុំ​វិញ​ផ្នូរ​នោះ។ ឈើ​ឆ្កាង​នីមួយ​ៗ​មាន​ដាក់​អក្សរ​ថា ​«​ហេតុ​អ្វី?​»។ ជួន​កាល​មនុស្ស​សួរ​សំនួរ​ថា​៖ ​«​ហេតុ​អ្វី?​»​ ពេល​មាន​ការ​ឈឺ​ចាប់​ខ្លោច​ផ្សា​យ៉ាង​ខ្លាំង​នោះ។ មនុស្ស​សួរ​សំនួរ​នេះ​ពេល​ដែល​ឧក្រិដ្ឋកម្ម មហន្តរាយ ជំងឺ ឬ​សង្គ្រាម​នាំ​ឲ្យ​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​ពួក​គេ​បាត់​បង់​ជីវិត បំផ្លាញ​ផ្ទះ​របស់​ពួក​គេ ឬ​ក៏​នាំ​ឲ្យ​រង​ទុក្ខ​វេទនា​ផ្សេង​ៗ​ទៀត។ ពួក​គេ​ចង់​ដឹង​ថា​តើ​រឿង​ខ្លោច​ផ្សា​បែប​នេះ​កើត​ឡើង​ដល់​ពួក​គេ​ដោយ​សារ​មូលហេតុ​អ្វី?

២ ហេតុ​អ្វី​ព្រះ​ឲ្យ​មនុស្ស​រង​ទុក្ខ​វេទនា? បើ​ព្រះ​យេហូវ៉ា​មាន​សេចក្ដី​ស្រឡាញ់ ប្រាជ្ញា ហើយ​ប្រព្រឹត្ត​ដោយ​យុត្ដិធម៌ ថែម​ទាំង​មាន​មហិទ្ធិឫទ្ធិ​បំផុត​នោះ ហេតុ​អ្វី​ពិភព​លោក​ពោរ​ពេញ​ទៅ​ដោយ​ការ​ស្អប់​គ្នា​និង​អំពើ​អយុត្ដិធម៌​ដូច្នេះ? តើ​អ្នក​ធ្លាប់​ឆ្ងល់​អំពី​រឿង​នេះ​ដែរ​ឬ​ទេ?

៣, ៤​. (​ក​) ហេតុ​អ្វី​យើង​ដឹង​ថា​ការ​សួរ​អំពី​មូលហេតុ​ដែល​ព្រះ​អនុញ្ញាត​ឲ្យ​មាន​ទុក្ខ​វេទនា​មិន​មែន​ជា​ការ​ខុស​នោះ? (​ខ​) តើ​ព្រះ​យេហូវ៉ា​មាន​ព្រះ​ទ័យ​យ៉ាង​ណា​ចំពោះ​អំពើ​អាក្រក់​និង​ការ​រង​ទុក្ខ​វេទនា?

៣ តើ​ការ​សួរ​អំពី​មូលហេតុ​ដែល​ព្រះ​ឲ្យ​មនុស្ស​រង​ទុក្ខ​វេទនា​ជា​ការ​ខុស​ទេ? មនុស្ស​ខ្លះ​ខ្លាច​ដោយ​គិត​ថា​បើ​សួរ​សំនួរ​នេះ​មាន​ន័យ​ថា​ពួក​គេ​គ្មាន​ជំនឿ​គ្រប់​គ្រាន់ ឬ​ជា​ការ​មិន​គោរព​ចំពោះ​ព្រះ។ ក៏​ប៉ុន្តែ​នៅ​ពេល​ដែល​អ្នក​អាន​ព្រះ​គម្ពីរ អ្នក​នឹង​ឃើញ​ថា​មនុស្ស​ស្មោះ​ត្រង់​ដែល​កោត​ខ្លាច​ព្រះ​ក៏​ធ្លាប់​សួរ​សំនួរ​ស្រដៀង​នេះ​ដែរ។ ជា​ឧទាហរណ៍​ព្យាការី​ហាបាគុក​ធ្លាប់​ទូល​សួរ​ព្រះ​យេហូវ៉ា​ថា​៖ ​«​ហេតុ​អ្វី​បាន​ជា​ទ្រង់​ឲ្យ​ទូល​បង្គំ​ឃើញ​អំពើ​ទុច្ចរិត ហើយ​ឲ្យ​ទូល​បង្គំ​មើល​ឃើញ​តែ​សេចក្ដី​ទំនាស់​ចិត្ត​ដូច្នេះ? ដ្បិត​មាន​សុទ្ធតែ​ការ​បំផ្លាញ នឹង​ការ​ច្រឡោត​នៅ​មុខ​ទូល​បង្គំ ក៏​មាន​សេចក្ដី​ឈ្លោះ​ប្រកែក នឹង​ការ​ទាស់​ទែង​គ្នា​កើត​ឡើង​»។—ហាបាគុក ១:៣

៤ តើ​ព្រះ​យេហូវ៉ា​បាន​ស្តី​បន្ទោស​ហាបាគុក ព្យាការី​ស្មោះ​ត្រង់​របស់​ទ្រង់​ដោយ​សារ​គាត់​សួរ​សំនួរ​នោះ​ឬ? ទ្រង់​មិន​បាន​ធ្វើ​ដូច្នេះ​ឡើយ។ ផ្ទុយ​ទៅ​វិញ សំនួរ​ដែល​ហាបាគុក​បាន​សួរ​ដោយ​ស្មោះ​នោះ ព្រះ​បាន​រួម​បញ្ចូល​ក្នុង​កំណត់​ហេតុ​ព្រះ​គម្ពីរ។ ព្រះ​ក៏​បាន​ជួយ​ឲ្យ​ហាបាគុក​យល់​ច្បាស់​ជាង​ហើយ​ពង្រឹង​ជំនឿ​របស់​គាត់។ ព្រះ​យេហូវ៉ា​មាន​ព្រះ​ទ័យ​ចង់​ជួយ​អ្នក​ដែរ។ តើ​អ្នក​ចាំ​ទេ? ព្រះ​គម្ពីរ​បង្រៀន​ថា​៖ ‹ទ្រង់​យក​ព្រះ​ទ័យ​ទុក​ដាក់​នឹង​អ្នក›។ (​ពេត្រុស​ទី១ ៥:៧​) គ្មាន​អ្នក​ណា​ស្អប់​អំពើ​អាក្រក់​ហើយ​ទុក្ខ​វេទនា​ដែល​មក​ពី​អំពើ​អាក្រក់​នោះ​ខ្លាំង​ជាង​ព្រះ​ឡើយ។ (​អេសាយ ៥៥:៨, ៩​) បើ​ដូច្នេះ ហេតុ​អ្វី​បាន​ជា​មាន​ទុក្ខ​វេទនា​ច្រើន​ម្ល៉េះ?

ហេតុ​អ្វី​មាន​ទុក្ខ​វេទនា​ច្រើន​ម្ល៉េះ?

៥​. ជួន​កាល​តើ​មនុស្ស​និយាយ​ដូច​ម្ដេច​ខ្លះ​ដើម្បី​ពន្យល់​មូលហេតុ​ដែល​មាន​ទុក្ខ​វេទនា​នោះ? តើ​ព្រះ​គម្ពីរ​បង្រៀន​យ៉ាង​ណា?

៥ សមាជិក​សាសនា​ផ្សេង​ៗ​ធ្លាប់​សួរ​អ្នក​បង្ហាត់​បង្រៀន​សាសនា​របស់​ពួក​គេ​ថា​តើ​នៅ​ក្នុង​លោក​នេះ​ហេតុ​អ្វី​បាន​ជា​មាន​ទុក្ខ​វេទនា​ច្រើន​ម្ល៉េះ? អ្នក​បង្ហាត់​បង្រៀន​ច្រើន​តែ​ឆ្លើយ​ថា ការ​រង​ទុក្ខ​វេទនា​គឺ​សម​ស្រប​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ ហើយ​អ្វី​ៗ​ទាំង​អស់​ដែល​កើត​ឡើង រួម​ទាំង​រឿង​ខ្លោច​ផ្សា​ទាំង​ឡាយ​សុទ្ធតែ​កើត​ឡើង​ដោយ​សារ​ព្រះ​បាន​កំណត់​ព្រឹត្ដិការណ៍​ទាំង​នោះ​តាំង​ពី​យូរ​យារ​ណាស់​មក​ហើយ។ មាន​គេ​ប្រាប់​ថា កិច្ច​ការ​របស់​ព្រះ​សុទ្ធតែ​អាថ៌​កំបាំង​ដែល​គ្មាន​អ្នក​ណា​អាច​យល់​បាន​នោះ​ទេ ឬ​ក៏​អ្នក​ខ្លះ​ទៀត​ថា​ព្រះ​ជា​អ្នក​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ដើម្បី​អាច​យក​ពួក​គេ​ទៅ​ស្ថាន​សួគ៌​ឲ្យ​នៅ​ជា​មួយ​នឹង​ទ្រង់ សូម្បី​តែ​កូន​ក្មេង​ក៏​ដោយ។ ក៏​ប៉ុន្តែ ដូច​ដែល​អ្នក​បាន​រៀន​ហើយ​នោះ ព្រះ​យេហូវ៉ា​មិន​ដែល​ធ្វើ​ឲ្យ​រឿង​អាក្រក់​កើត​ឡើង​ឡើយ។ ព្រះ​គម្ពីរ​ប្រាប់​ថា​៖ ​«​កុំ​ឲ្យ​យើង​ថា​ព្រះ​ទ្រង់​ធ្វើ​អាក្រក់ ឬ​ថា​ព្រះ​ដ៏​មាន​គ្រប់​ព្រះ​ចេស្ដា ទ្រង់​ប្រព្រឹត្ត​សេចក្ដី​ទុច្ចរិត​នោះ​ឡើយ!​»។—យ៉ូប ៣៤:១០

៦​. ហេតុ​អ្វី​មនុស្ស​ជា​ច្រើន​ភាន់​ច្រឡំ​ដោយ​ទម្លាក់​កំហុស​ទៅ​លើ​ព្រះ​ថា ទ្រង់​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​រង​ទុក្ខ​វេទនា​ដែល​មាន​សព្វ​ថ្ងៃ​នេះ?

៦ តើ​អ្នក​ដឹង​មូលហេតុ​ដែល​មនុស្ស​ភាន់​ច្រឡំ​ដោយ​ទម្លាក់​កំហុស​ទៅ​លើ​ព្រះ​ថា​ទ្រង់​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​រង​ទុក្ខ​វេទនា​ដែល​មាន​នៅ​សព្វ​ថ្ងៃ​នេះ​ទេ? ក្នុង​ករណី​ភាគ​ច្រើន ពួក​គេ​ទម្លាក់​កំហុស​ទៅ​លើ​ព្រះ​ដែល​មាន​គ្រប់​ព្រះ​ចេស្ដា ដោយ​សារ​ពួក​គេ​គិត​ស្មាន​ថា​ទ្រង់​ជា​អ្នក​គ្រប់​គ្រង​ពិភព​លោក។ ពួក​គេ​មិន​ដឹង​សេចក្ដី​ពិត​ដ៏​ស្រួល​យល់​មួយ​ដែល​ព្រះ​គម្ពីរ​បង្រៀន​ទេ។ អ្នក​បាន​រៀន​សេចក្ដី​ពិត​នេះ​នៅ​ជំពូក​ទី៣។ តាម​ពិត អ្នក​គ្រប់​គ្រង​លោកីយ៍​នេះ​គឺ​អារក្ស​សាតាំង។

៧, ៨​. (​ក​) តើ​លោកីយ៍​នេះ​បង្ហាញ​លក្ខណៈ​អ្វី​ខ្លះ​ដែល​ដូច​អ្នក​គ្រប់​គ្រង​លោកីយ៍? (​ខ​) តើ​ភាព​ឥត​គ្រប់​ល័ក្ខណ៍​របស់​មនុស្ស​ព្រម​ទាំង‹ពេល​វេលា​និង​ឱកាស›នាំ​ឲ្យ​មាន​ការ​រង​ទុក្ខ​វេទនា​យ៉ាង​ដូច​ម្ដេច?

៧ ព្រះ​គម្ពីរ​ប្រាប់​យ៉ាង​ច្បាស់​ថា​៖ ​«​លោ​កី​យ​ទាំង​មូល​ដេក​នៅ​ក្នុង​ឱវាទ​នៃ​មេ​កំណាច​វិញ​»។ (​យ៉ូហាន​ទី១ ៥:១៩​) បើ​គិត​ទៅ នោះ​គឺ​សម​ហេតុ​សម​ផល​ណាស់ មែន​ទេ? លោកីយ៍​នេះ​មាន​លក្ខណៈ​ដូច​បុគ្គល​វិញ្ញាណ​មួយ​រូប​នោះ ដែល​កំពុង​តែ​«​នាំ​លោ​កី​យ​ទាំង​មូល​ឲ្យ​វង្វេង​ចេញ​»។ (​វិវរណៈ ១២:៩​) សាតាំង​ជា​បុគ្គល​អាក្រក់​មួយ​រូប។ វា​តែង​តែ​ភូតភរ​បោក​បញ្ឆោត​ហើយ​ក៏​ឃោរ​ឃៅ​ទៀត​ផង។ ដូច្នេះ​លោកីយ៍​នេះ​ដែល​នៅ​ក្រោម​អានុភាព​របស់​វា​ក៏​ពោរ​ពេញ​ទៅ​ដោយ​អំពើ​អាក្រក់ ការ​ភូតភរ​បោក​បញ្ឆោត និង​អំពើ​ឃោរ​ឃៅ​ដែរ។ នេះ​ជា​ហេតុ​មួយ​ដែល​មាន​ការ​រង​ទុក្ខ​វេទនា​ច្រើន​ម្ល៉េះ។

៨ ហេតុ​ទី​ពីរ​ដែល​មាន​ការ​រង​ទុក្ខ​វេទនា​ច្រើន​យ៉ាង​នេះ​គឺ​ជាប់​ទាក់​ទង​នឹង​អ្វី​ដែល​អ្នក​បាន​រៀន​នៅ​ជំពូក​ទី៣​ដែល​ថា មនុស្ស​មាន​ភាព​ឥត​គ្រប់​ល័ក្ខណ៍​និង​មាន​បាប​តាំង​តែ​ពី​មនុស្ស​ដំបូង​ប្រឆាំង​ព្រះ​នៅ​សួន​ច្បារ​អេដែន​នោះ។ មនុស្ស​ដែល​មាន​បាប​ច្រើន​តែ​ប្រកួត​ប្រជែង​ដណ្ដើម​អំណាច​គ្នា ហើយ​នេះ​បណ្ដាល​ឲ្យ​មាន​សង្គ្រាម ការ​ជិះ​ជាន់ និង​ការ​រង​ទុក្ខ​វេទនា។ (​សាស្ដា ៤:១; ៨:៩​) ហេតុ​ទី​បី​ដែល​មាន​ការ​រង​ទុក្ខ​វេទនា​គឺ​ដោយ​សារ‹ពេល​វេលា​និង​ឱកាស› ឬ​ព្រឹត្ដិការណ៍​ដែល​មើល​មិន​ឃើញ​ជា​មុន។ (​សាស្ដា ៩:១១​) ដោយ​សារ​ព្រះ​យេហូវ៉ា​មិន​មែន​ជា​អ្នក​គ្រប់​គ្រង​លោកីយ៍​ឬ​ផ្ដល់​ការ​ការពារ​នោះ មនុស្ស​ប្រហែល​ជា​រង​ទុក្ខ​វេទនា​ដោយ​ចៃដន្យ បើ​ពួក​គេ​នៅ​កន្លែង​មួយ​នៅ​ចំ​ពេល​ដែល​មាន​រឿង​អាក្រក់​កើត​ឡើង។

៩​. ហេតុ​អ្វី​យើង​អាច​ប្រាកដ​ថា ព្រះ​យេហូវ៉ា​មាន​មូលហេតុ​ត្រឹម​ត្រូវ​ក្នុង​ការ​អនុញ្ញាត​ឲ្យ​មាន​ទុក្ខ​វេទនា?

៩ ពេល​ដែល​យើង​ដឹង​ថា​ព្រះ​មិន​បណ្ដាល​ឲ្យ​មនុស្ស​រង​ទុក្ខ​វេទនា នោះ​សម្រាល​ទុក្ខ​យើង​ណាស់។ ទ្រង់​មិន​មែន​ជា​ដើម​ហេតុ​ដែល​នាំ​ឲ្យ​មាន​សង្គ្រាម ឧក្រិដ្ឋកម្ម ការ​ជិះ​ជាន់ ឬ​មហន្តរាយ​ធម្មជាតិ​ដែល​ធ្វើ​ឲ្យ​មនុស្ស​រង​ទុក្ខ​វេទនា​នោះ​ឡើយ។ យ៉ាង​ណា​ក៏​ដោយ យើង​ត្រូវ​ដឹង​ថា តើ​ព្រះ​យេហូវ៉ា​អនុញ្ញាត​ឲ្យ​មនុស្ស​រង​ទុក្ខ​វេទនា​យ៉ាង​ច្រើន​ដោយ​ព្រោះ​អ្វី? បើ​ទ្រង់​មាន​គ្រប់​ព្រះ​ចេស្ដា នោះ​ទ្រង់​អាច​លុប​បំបាត់​ទុក្ខ​វេទនា​ទាំង​នេះ​បាន។ បើ​ដូច្នេះ តើ​ហេតុ​អ្វី​ទ្រង់​មិន​ចាត់​វិធានការ​លុប​បំបាត់​ទុក្ខ​វេទនា​ទាំង​នោះ​ទៅ? យើង​ដឹង​ថា​ព្រះ​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ ដូច្នេះ​ទ្រង់​ច្បាស់​ជា​មាន​មូលហេតុ​ត្រឹម​ត្រូវ​ដែល​ទ្រង់​អនុញ្ញាត​ឲ្យ​មាន​ទុក្ខ​វេទនា។—យ៉ូហាន​ទី១ ៤:៨

រឿង​សំខាន់​មួយ​បាន​ត្រូវ​ចោទ​ឡើង

១០​. តើ​សាតាំង​បាន​បង្កើត​ឲ្យ​មាន​ការ​សង្ស័យ​ទៅ​លើ​អ្វី? តើ​វា​បាន​ធ្វើ​ឲ្យ​មាន​ការ​សង្ស័យ​តាម​វិធី​ណា?

១០ ដើម្បី​ដឹង​នូវ​មូលហេតុ​ដែល​ព្រះ​អនុញ្ញាត​ឲ្យ​មាន​ការ​រង​ទុក្ខ​វេទនា​នោះ យើង​ត្រូវ​គិត​អំពី​ពេល​ដែល​ការ​រង​ទុក្ខ​វេទនា​បាន​ចាប់​ផ្ដើម។ នៅ​ពេល​ដែល​សាតាំង​នាំ​អ័ដាម​និង​អេវ៉ា​កុំ​ឲ្យ​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​នោះ មាន​រឿង​សំខាន់​មួយ​ដែល​បាន​ចោទ​ឡើង។ សាតាំង​មិន​បាន​បង្កើត​ឲ្យ​មាន​ការ​សង្ស័យ​ទៅ​លើ​តេជានុភាព​របស់​ព្រះ​យេហូវ៉ា​ទេ។ សូម្បី​តែ​សាតាំង​ក៏​ដឹង​ថា​តេជានុភាព​របស់​ព្រះ​យេហូវ៉ា​គ្មាន​កំរិត។ ក៏​ប៉ុន្តែ​សាតាំង​បាន​បង្កើត​ឲ្យ​មាន​ការ​សង្ស័យ​ទៅ​លើ​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា​វិញ។ ពេល​ដែល​វា​ចោទ​ប្រកាន់​ព្រះ​ថា​ទ្រង់​ជា​អ្នក​ភូតភរ​ដែល​គាប​សង្កត់​រាស្ត្រ​ទ្រង់​មិន​ឲ្យ​ទទួល​ប្រយោជន៍ នោះ​សាតាំង​ចោទ​ប្រកាន់​ថា​ព្រះ​យេហូវ៉ា​ជា​អ្នក​គ្រប់​គ្រង​មិន​ល្អ។ (​លោកុប្បត្តិ ៣:២​-​៥​) សាតាំង​បាន​និយាយ​បញ្ឆិត​បញ្ឆៀង​ថា មនុស្ស​ជាតិ​នឹង​ទទួល​ប្រយោជន៍​ច្រើន​ជាង​បើ​ព្រះ​មិន​គ្រប់​គ្រង​លើ​ពួក​គេ។ នេះ​ជា​ការ​ចោទ​ប្រកាន់​ទៅ​លើ​អធិបតេយ្យ​ឬ​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា។

១១​. ហេតុ​អ្វី​ព្រះ​យេហូវ៉ា​មិន​បាន​បំផ្លាញ​ចោល​ពួក​អ្នក​ដែល​ប្រឆាំង​នៅ​សួន​ច្បារ​អេដែន?

១១ អ័ដាម​និង​អេវ៉ា​បាន​ឈប់​ចុះ​ចូល​នឹង​ព្រះ។ ទង្វើ​នេះ​គឺ​ហាក់​ដូច​ជា​ពួក​គេ​បាន​និយាយ​ថា​៖ ​«​យើង​មិន​ត្រូវ​ការ​ព្រះ​យេហូវ៉ា​គ្រប់​គ្រង​លើ​យើង​ទេ។ យើង​អាច​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​ចំពោះ​អ្វី​ដែល​ល្អ និង​អ្វី​ដែល​អាក្រក់​»។ តើ​ព្រះ​យេហូវ៉ា​អាច​ដោះ​ស្រាយ​បញ្ហា​នេះ​យ៉ាង​ដូច​ម្ដេច? តើ​ទ្រង់​អាច​ធ្វើ​ដូច​ម្ដេច​ដើម្បី​ឲ្យ​មនុស្ស​និង​ទេវតា​ឃើញ​ថា ពួក​អ្នក​ដែល​ប្រឆាំង​នោះ​បាន​គិត​ខុស ហើយ​ការ​គ្រប់​គ្រង​របស់​ទ្រង់​គឺ​ល្អ​បំផុត? មនុស្ស​ខ្លះ​ប្រហែល​ជា​និយាយ​ថា ព្រះ​គួរ​តែ​បំផ្លាញ​ពួក​អ្នក​ប្រឆាំង​ទាំង​នោះ​ចោល​ទៅ ហើយ​បង្កើត​មនុស្ស​ថ្មី​វិញ។ ប៉ុន្តែ​ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ថា បំណង​ព្រះ​ហឫទ័យ​ទ្រង់​គឺ​ចង់​ឲ្យ​ផែន​ដី​ពេញ​ទៅ​ដោយ​កូន​ចៅ​របស់​អ័ដាម​និង​អេវ៉ា ហើយ​ទ្រង់​ចង់​ឲ្យ​ពួក​គេ​រស់​ក្នុង​សួន​មនោ​រម្យ។ (​លោកុប្បត្តិ ១:២៨​) ព្រះ​យេហូវ៉ា​តែង​តែ​ធ្វើ​ឲ្យ​បំណង​ព្រះ​ហឫទ័យ​របស់​ទ្រង់​បាន​សម្រេច។ (​អេសាយ ៥៥:១០, ១១​) ម្យ៉ាង​ទៀត ការ​បំផ្លាញ​ពួក​អ្នក​ប្រឆាំង​នៅ​សួន​ច្បារ​អេដែន​មិន​មែន​ជា​ការ​តប​ឆ្លើយ​ចំពោះ​ការ​ចោទ​ប្រកាន់​ទៅ​លើ​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា​ឡើយ។

១២, ១៣​. សូម​ឲ្យ​ឧទាហរណ៍​អំពី​មូលហេតុ​ព្រះ​យេហូវ៉ា​បាន​ឲ្យ​សាតាំង​គ្រប់​គ្រង​លោកីយ៍ ហើយ​មូលហេតុ​ព្រះ​ឲ្យ​មនុស្ស​គ្រប់​គ្រង​ខ្លួន​ឯង។

១២ សូម​ពិចារណា​ឧទាហរណ៍​មួយ។ គ្រូ​បង្រៀន​គណិត​វិទ្យា​ម្នាក់​កំពុង​តែ​ពន្យល់​សិស្ស​ឲ្យ​យល់​ពី​វិធី​ធ្វើ​លំ​ហាត់។ ឧបមា​ថា​មាន​សិស្ស​ឆ្លាត​ម្នាក់​ដែល​មិន​ចូល​ចិត្ត​ស្ដាប់​គ្រូ ហើយ​គាត់​អះអាង​ថា​ការ​ពន្យល់​របស់​គ្រូ​គឺ​មិន​ត្រឹម​ត្រូវ​ទេ។ សិស្ស​នោះ​និយាយ​បញ្ឆិត​បញ្ឆៀង​ថា គ្រូ​មិន​ចេះ​ទេ ហើយ​ប្រាប់​ម្ដង​ហើយ​ម្ដង​ទៀត​ថា​គាត់​ស្គាល់​វិធី​មួយ​ផ្សេង​ទៀត​ដែល​ល្អ​ជាង​នេះ​ឆ្ងាយ​ណាស់។ សិស្ស​ខ្លះ​គិត​ស្មាន​ថា​គាត់​និយាយ​ត្រូវ ហើយ​ពួក​គេ​ក៏​ឈប់​ស្ដាប់​គ្រូ​ដែរ។ តើ​គ្រូ​គួរ​ធ្វើ​យ៉ាង​ណា? បើ​គ្រូ​បណ្ដេញ​សិស្ស​ដែល​ប្រឆាំង​ចេញ​ពី​ថ្នាក់​រៀន តើ​សិស្ស​ឯ​ទៀត​នឹង​គិត​ដូច​ម្ដេច? សិស្ស​ឯ​ទៀត​នឹង​គិត​ស្មាន​ថា​សិស្ស​ដែល​ប្រឆាំង​នោះ​ហើយ​និង​អ្នក​ដែល​គាំ​ទ្រ​គាត់​បាន​និយាយ​ត្រឹម​ត្រូវ មែន​ទេ? សិស្ស​ឯ​ទៀត​ក្នុង​ថ្នាក់​រៀន​ប្រហែល​ជា​នឹង​លែង​គោរព​គ្រូ​នោះ ដោយ​គិត​ស្មាន​ថា​គ្រូ​មិន​ចង់​ឲ្យ​សិស្ស​ដែល​ប្រឆាំង​បង្ហាញ​ឲ្យ​ឃើញ​នូវ​កំហុស​របស់​គ្រូ ពី​ព្រោះ​គ្រូ​ខ្លាច​បាក់​មុខ។ ក៏​ប៉ុន្តែ ចុះ​បើ​គ្រូ​ឲ្យ​សិស្ស​ដែល​ប្រឆាំង​នោះ​បង្ហាញ​វិធី​ដែល​គាត់​នឹង​ធ្វើ​លំ​ហាត់​នោះ​វិញ។

១៣ អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​គឺ​ស្រដៀង​នឹង​អ្វី​ដែល​គ្រូ​នោះ​បាន​ធ្វើ​ដែរ។ សូម​ចាំ​ថា មិន​មាន​តែ​អ្នក​ប្រឆាំង​នៅ​សួន​ច្បារ​អេដែន​ទេ​ដែល​ឃើញ​រឿង​នោះ។ ទេវតា​រាប់​លាន​រូប​ក៏​បាន​មើល​ឃើញ​ដែរ។ (​យ៉ូប ៣៨:៧; ដានីយ៉ែល ៧:១០​) អ្វី​ដែល​ព្រះ​យេហូវ៉ា​សម្រេច​ធ្វើ​ក្នុង​ករណី​នោះ​នឹង​មាន​ឥទ្ធិពល​ទៅ​លើ​ទេវតា​ទាំង​អស់ ហើយ​មនុស្ស​ទាំង​ឡាយ​ដែល​កើត​ក្រោយ​ៗ​មក​ដែរ។ ដូច្នេះ តើ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​អ្វី? ទ្រង់​បាន​ឲ្យ​សាតាំង​បង្ហាញ​របៀប​ដែល​វា​នឹង​គ្រប់​គ្រង​មនុស្ស​ជាតិ​វិញ។ ព្រះ​ក៏​បាន​អនុញ្ញាត​ឲ្យ​មនុស្ស​គ្រប់​គ្រង​ខ្លួន​ឯង​ក្រោម​ការ​ដឹក​នាំ​របស់​សាតាំង​ដែរ។

១៤​. ព្រះ​យេហូវ៉ា​បាន​សម្រេច​ឲ្យ​មនុស្ស​ជាតិ​គ្រប់​គ្រង​ខ្លួន​ឯង តើ​នោះ​នឹង​មាន​ប្រយោជន៍​អ្វី?

១៤ ក្នុង​ឧទាហរណ៍​របស់​យើង គ្រូ​នោះ​ដឹង​ថា​សិស្ស​ដែល​ប្រឆាំង​និង​សិស្ស​ឯ​ទៀត​ដែល​គាំ​ទ្រ​គាត់​កំពុង​តែ​គិត​ខុស។ ក៏​ប៉ុន្តែ គ្រូ​ក៏​ដឹង​ដែរ​ថា បើ​អនុញ្ញាត​ឲ្យ​សិស្ស​ប្រឆាំង​ខំ​បញ្ជាក់​ថា​ពួក​គេ​និយាយ​ត្រឹម​ត្រូវ​នោះ សិស្ស​ទាំង​អស់​ក្នុង​ថ្នាក់​នឹង​ទទួល​ប្រយោជន៍។ នៅ​ពេល​សិស្ស​ដែល​ប្រឆាំង​ទាំង​នោះ​ទទួល​បរាជ័យ សិស្ស​ដែល​មាន​ចិត្ត​ស្មោះ​នឹង​ឃើញ​ថា មាន​តែ​គ្រូ​ទេ​ដែល​មាន​សមត្ថភាព​បង្រៀន​ក្នុង​ថ្នាក់។ ពួក​គេ​នឹង​យល់​នូវ​មូលហេតុ​ដែល​គ្រូ​បណ្ដេញ​សិស្ស​ណា​ដែល​ប្រឆាំង​ចេញ​ពី​ថ្នាក់​ក្រោយ​មក។ ស្រដៀង​គ្នា​ដែរ ព្រះ​យេហូវ៉ា​ជ្រាប​ថា មនុស្ស​ហើយ​ទេវតា​ស្មោះ​ត្រង់​ទាំង​អស់​នឹង​ទទួល​ប្រយោជន៍​ពេល​ឃើញ​សាតាំង​និង​អ្នក​ដែល​ចូល​ដៃ​ជា​មួយ​វា​បរាជ័យ ហើយ​ឃើញ​ថា​មនុស្ស​គ្រប់​គ្រង​ខ្លួន​ឯង​មិន​បាន។ ដូច​យេរេមា​នៅ​សម័យ​បុរាណ ពួក​គេ​នឹង​រៀន​សេចក្ដី​ពិត​មួយ​ដែល​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​អើយ! ទូល​បង្គំ​ដឹង​ថា ផ្លូវ​របស់​មនុស្ស​មិន​ស្រេច​នៅ​ខ្លួន​គេ​ទេ ហើយ​ដែល​ដំ​រង់​ជំហាន​របស់​ខ្លួន នោះ​ក៏​មិន​ស្រេច​នៅ​មនុស្ស​ដែល​ដើរ​ដែរ​»។—យេរេមា ១០:២៣

ហេតុ​អ្វី​យូរ​ម្ល៉េះ?

១៥, ១៦​. (​ក​) ហេតុ​អ្វី​ព្រះ​យេហូវ៉ា​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​រង​ទុក្ខ​វេទនា​យូរ​ម្ល៉េះ? (​ខ​) ហេតុ​អ្វី​ព្រះ​យេហូវ៉ា​មិន​ទប់​ស្កាត់​អំពើ​អាក្រក់ ដូច​ជា​អំពើ​ឃោរ​ឃៅ​ព្រៃផ្សៃ​ជា​ដើម?

១៥ ក៏​ប៉ុន្តែ ហេតុ​អ្វី​ព្រះ​យេហូវ៉ា​ឲ្យ​ការ​រង​ទុក្ខ​វេទនា​បន្ត​យូរ​ម្ល៉េះ? ហើយ​ហេតុ​អ្វី​ទ្រង់​មិន​ធ្វើ​អន្តរាគមន៍ កុំ​ឲ្យ​រឿង​អាក្រក់​ៗ​កើត​ឡើង? សូម​ពិចារណា​អ្វី​ពីរ​យ៉ាង​ដែល​គ្រូ​បង្រៀន​ក្នុង​ឧទាហរណ៍​មុន​មិន​បាន​ធ្វើ។ ទី​មួយ គ្រូ​មិន​បាន​ឃាត់​សិស្ស​ដែល​ប្រឆាំង​ទេ ពេល​ខំ​បញ្ជាក់​ថា​គាត់​និយាយ​ត្រឹម​ត្រូវ​នោះ។ ទី​ពីរ គ្រូ​មិន​បាន​ជួយ​សិស្ស​ដែល​ប្រឆាំង​រក​វិធី​បញ្ជាក់​ថា​គាត់​និយាយ​ត្រឹម​ត្រូវ។ ស្រដៀង​គ្នា​ដែរ សូម​ពិចារណា​អ្វី​ពីរ​យ៉ាង​ដែល​ព្រះ​យេហូវ៉ា​បាន​សម្រេច​ថា​ទ្រង់​នឹង​មិន​ធ្វើ​នោះ។ ទី​មួយ ទ្រង់​មិន​បាន​ឃាត់​សាតាំង​និង​អ្នក​ដែល​គាំ​ទ្រ​វា កុំ​ឲ្យ​បង្ហាញ​ភស្តុ​តាង​ថា​ពួក​គេ​គឺ​ត្រឹម​ត្រូវ​នោះ។ ដូច្នេះ ទ្រង់​ត្រូវ​ទុក​ពេល​ឲ្យ​ពួក​គេ​បង្ហាញ​ភស្តុ​តាង​នេះ។ ក្នុង​កំលុង​រាប់​ពាន់​ឆ្នាំ​ដែល​មនុស្ស​បាន​រស់​នៅ​ផែន​ដី មនុស្ស​ជាតិ​បាន​សាក​ការ​គ្រប់​គ្រង​សព្វ​បែប​យ៉ាង។ ក្នុង​វិស័យ​វិទ្យា​សាស្ត្រ និង​វិស័យ​ឯ​ទៀត​មាន​ការ​ជឿន​លឿន​គួរ​សម​ដែរ។ ក៏​ប៉ុន្តែ​ភាព​អយុត្ដិធម៌ ភាព​ក្រី​ក្រ ឧក្រិដ្ឋកម្ម និង​សង្គ្រាម​មាន​រឹត​តែ​ច្រើន​ឡើង​ដែរ។ ទាំង​អស់​នេះ​បង្ហាញ​ថា​ការ​គ្រប់​គ្រង​របស់​មនុស្ស​បាន​ទទួល​បរាជ័យ។

១៦ ទី​ពីរ ព្រះ​យេហូវ៉ា​មិន​បាន​ជួយ​ឲ្យ​សាតាំង​គ្រប់​គ្រង​លោកីយ៍។ ជា​ឧទាហរណ៍ បើ​ព្រះ​ទប់​ស្កាត់​អំពើ​ឃោរ​ឃៅ​ព្រៃផ្សៃ នោះ​មាន​ន័យ​ថា​ទ្រង់​កំពុង​តែ​គាំ​ទ្រ​អ្នក​ប្រឆាំង មែន​ទេ? បើ​ព្រះ​ធ្វើ​ដូច្នេះ នោះ​នឹង​នាំ​ឲ្យ​មនុស្ស​គិត​ថា​ពួក​គេ​អាច​គ្រប់​គ្រង​ខ្លួន​ឯង​ដោយ​គ្មាន​លទ្ធផល​អាក្រក់ មែន​ទេ? បើ​ព្រះ​យេហូវ៉ា​ធ្វើ​ដូច្នេះ នេះ​មាន​ន័យ​ថា​ទ្រង់​កំពុង​តែ​គាំ​ទ្រ​សេចក្ដី​ភូតភរ។ ក៏​ប៉ុន្តែ ​«​ព្រះ​ទ្រង់​កុហក​ពុំ​បាន​ទេ​»។—ហេព្រើរ ៦:១៨

១៧, ១៨​. តើ​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​យ៉ាង​ណា​ចំពោះ​ផល​វិបាក​ដែល​មក​ពី​ការ​គ្រប់​គ្រង​របស់​មនុស្ស​ហើយ​អានុភាព​របស់​សាតាំង?

១៧ ក៏​ប៉ុន្តែ ចុះ​យ៉ាង​ណា​វិញ​ចំពោះ​ផល​វិបាក​ដែល​មក​ពី​ការ​ប្រឆាំង​ព្រះ​អស់​រយៈ​ពេល​យូរ​ដូច្នេះ? យើង​គួរ​ចាំ​ថា ព្រះ​យេហូវ៉ា​មាន​គ្រប់​ព្រះ​ចេស្ដា។ ដូច្នេះ ទ្រង់​អាច​លុប​បំបាត់​ហើយ​ទ្រង់​នឹង​បំបាត់​ចោល​រាល់​ផល​វិបាក​ដែល​មក​ពី​ទុក្ខ​វេទនា​នោះ។ យើង​បាន​រៀន​ហើយ​ថា ផល​ប៉ះ​ពាល់​ដែល​មក​ពី​ការ​បង្ខូច​ផែន​ដី​នឹង​ត្រូវ​បំបាត់​ចោល​ដោយ​ធ្វើ​ឲ្យ​ផែន​ដី​ទៅ​ជា​សួន​មនោ​រម្យ​វិញ។ រាល់​ផល​វិបាក​ដែល​មក​ពី​បាប​នឹង​ត្រូវ​បំបាត់​ចោល​តាម​រយៈ​ជំនឿ​លើ​យញ្ញ​បូជា​លោះ​របស់​ព្រះ​យេស៊ូ ហើយ​សេចក្ដី​ស្លាប់​នឹង​ត្រូវ​បំបាត់​ចោល​ដោយ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ យ៉ាង​នេះ ព្រះ​នឹង​ប្រើ​ព្រះ​យេស៊ូ​ដើម្បី​«​បំផ្លាញ​ការ​របស់​អារក្ស​ចេញ​»។ (​យ៉ូហាន​ទី១ ៣:៨​) ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ការ​ទាំង​អស់​នេះ​នៅ​ពេល​ដ៏​ល្អ​បំផុត។ យើង​គួរ​សប្បាយ​ដែល​ទ្រង់​មិន​បាន​ធ្វើ​ការ​ទាំង​នេះ​មុន ដ្បិត​ការ​អត់​ធ្មត់​របស់​ទ្រង់​បាន​ផ្ដល់​ឱកាស​ឲ្យ​យើង​រៀន​សេចក្ដី​ពិត​និង​បំរើ​ទ្រង់។ (​ពេត្រុស​ទី២ ៣:៩, ១០​) ចន្លោះ​ពេល​នោះ ព្រះ​បាន​ស្វែង​រក​អ្នក​ដែល​ចង់​ថ្វាយ​បង្គំ​ទ្រង់​ដោយ​ចិត្ត​ស្មោះ ហើយ​សព្វ​ថ្ងៃ​នេះ​ទ្រង់​ក៏​កំពុង​តែ​ធ្វើ​ដូច្នេះ​ដែរ។ ទ្រង់​ជួយ​ពួក​គេ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​វេទនា​ណា​ដែល​ពួក​គេ​ជួប​ប្រទះ​ក្នុង​លោកីយ៍​នេះ​ដែល​ពេញ​ទៅ​ដោយ​បញ្ហា។—យ៉ូហាន ៤:២៣; កូរិនថូស​ទី១ ១០:១៣

១៨ មនុស្ស​ខ្លះ​គិត​ថា យើង​ប្រហែល​ជា​នឹង​គ្មាន​ការ​រង​ទុក្ខ​វេទនា​ទេ បើ​ព្រះ​បាន​បង្កើត​អ័ដាម​និង​អេវ៉ា​ឲ្យ​មាន​គំនិត​ល្អ​រហូត​ដើម្បី​មិន​អាច​ប្រឆាំង​ទ្រង់​បាន។ ដើម្បី​យល់​អំពី​មូលហេតុ​ទ្រង់​មិន​បាន​ធ្វើ​ដូច្នោះ អ្នក​ត្រូវ​ចាំ​អំពី​អំណោយ​ថ្លៃ​វិសេស​មួយ​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រទាន។

តើ​អ្នក​នឹង​ប្រើ​អំណោយ​ពី​ព្រះ​យ៉ាង​ណា?

១៩​. តើ​ព្រះ​យេហូវ៉ា​បាន​ប្រទាន​អំណោយ​វិសេស​អ្វី​ដល់​យើង? ហេតុ​អ្វី​យើង​គួរ​យល់​តម្លៃ​នៃ​អំណោយ​នេះ?

១៩ ដូច​ដែល​យើង​បាន​អាន​នៅ​ជំពូក​ទី​៥​នោះ មនុស្ស​បាន​ត្រូវ​បង្កើត​ឲ្យ​មាន​ចិត្ត​សេរី។ តើ​អ្នក​យល់​តម្លៃ​វិសេស​នៃ​អំណោយ​នោះ​ឬ​ទេ? ព្រះ​បាន​បង្កើត​សត្វ​ច្រើន​ឥត​គណនា ហើយ​សត្វ​ទាំង​ឡាយ​ច្រើន​តែ​ធ្វើ​អ្វី​ៗ​ទៅ​តាម​សភាវគតិ​របស់​វា។ (​សុភាសិត ៣០:២៤​) បើ​ព្រះ​បាន​បង្កើត​យើង​ដូច​សត្វ​ទាំង​នោះ តើ​អ្នក​សប្បាយ​ឬ​ទេ? មិន​សប្បាយ​ទាល់​តែ​សោះ! យើង​សប្បាយ​ដែល​យើង​មាន​ចិត្ត​សេរី​ដើម្បី​សម្រេច​ចិត្ត​ថា​ចង់​ទៅ​ជា​មនុស្ស​បែប​ណា ចង់​ជ្រើស​រើស​វិថី​ជីវិត​ណា និង​ចង់​ជ្រើស​រើស​អ្នក​ណា​ជា​មិត្ត​ភក្ដិ​ជា​ដើម។ យើង​ស្រឡាញ់​សេរី​ភាព ហើយ​ព្រះ​ចង់​ឲ្យ​យើង​រីក​រាយ​នឹង​សេរី​ភាព​នោះ​ផង​ដែរ។

២០, ២១​. តើ​យើង​អាច​ប្រើ​ចិត្ត​សេរី​របស់​យើង​ដែល​ជា​អំណោយ​ពី​ព្រះ​ក្នុង​ផ្លូវ​ល្អ​បំផុត​យ៉ាង​ណា? តើ​យើង​គួរ​ធ្វើ​ដូច្នេះ​ដោយ​សារ​អ្វី?

២០ ព្រះ​យេហូវ៉ា​មិន​សព្វ​ព្រះ​ហឫទ័យ​នឹង​កិច្ច​បំរើ​ដែល​ថ្វាយ​ដោយ​សារ​មាន​ការ​បង្ខិត​បង្ខំ​នោះ​ទេ។ (​កូរិនថូស​ទី២ ៩:៧​) ជា​ឧទាហរណ៍ តើ​មួយ​ណា​ធ្វើ​ឲ្យ​ឪពុក​ម្ដាយ​សប្បាយ​ជាង​ពេល​មាន​គេ​បង្គាប់​កូន​ឲ្យ​និយាយ​ថា​«​កូន​ស្រឡាញ់​ប៉ា​ម៉ាក់​»​ ឬ​ពេល​កូន​និយាយ​ចេញ​ពី​ចិត្ត​ដោយ​ខ្លួន​ឯង? ដូច្នេះ​ជា​ការ​សំខាន់​ដែល​យើង​សួរ​ខ្លួន​ឯង​ថា តើ​អ្នក​នឹង​ប្រើ​ចិត្ត​សេរី​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រទាន​ឲ្យ​អ្នក​ដើម្បី​ធ្វើ​អ្វី​ខ្លះ? សាតាំង អ័ដាម និង​អេវ៉ា​បាន​ប្រើ​ចិត្ត​សេរី​របស់​ពួក​គេ​ក្នុង​ផ្លូវ​អាក្រក់​បំផុត។ ពួក​គេ​មិន​ព្រម​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​ឡើយ។ តើ​អ្នក​នឹង​ធ្វើ​យ៉ាង​ណា​ដែរ?

២១ អ្នក​មាន​ឱកាស​ប្រើ​ចិត្ត​សេរី​ដែល​ជា​អំណោយ​វិសេស​នោះ ក្នុង​ផ្លូវ​ល្អ​បំផុត។ អ្នក​អាច​ចូល​រួម​ជា​មួយ​នឹង​មនុស្ស​រាប់​លាន​នាក់​ដែល​បាន​ចូល​ខាង​ព្រះ​យេហូវ៉ា។ ពួក​គេ​ធ្វើ​ឲ្យ​ទ្រង់​រីក​រាយ ដោយ​សារ​ពួក​គេ​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​បង្ហាញ​ថា​សាតាំង​ជា​អ្នក​ភូតភរ ហើយ​បាន​បរាជ័យ​យ៉ាង​ជូរ​ចត់​ជា​អ្នក​គ្រប់​គ្រង។ (​សុភាសិត ២៧:១១​) អ្នក​ក៏​អាច​ធ្វើ​ដូច​គ្នា​ដែរ​ដោយ​សម្រេច​ចិត្ត​ដើរ​តាម​មាគ៌ា​ដែល​នាំ​ទៅ​ឯ​ជីវិត។ នេះ​នឹង​ត្រូវ​ពន្យល់​ក្នុង​ជំពូក​បន្ទាប់។

អ្វី​ដែល​ព្រះ​គម្ពីរ​បង្រៀន

▪ ព្រះ​មិន​បណ្ដាល​ឲ្យ​អំពើ​អាក្រក់​កើត​ឡើង​ឡើយ។—យ៉ូប ៣៤:១០

▪ សាតាំង​បាន​បង្កើត​ឲ្យ​មាន​ការ​សង្ស័យ​ទៅ​លើ​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា ដោយ​ចោទ​ប្រកាន់​ថា​ព្រះ​ជា​អ្នក​ភូត​កុហក ហើយ​ថា​ទ្រង់​គាប​សង្កត់​រាស្ត្រ​ទ្រង់​មិន​ឲ្យ​គេ​ទទួល​ប្រយោជន៍។—លោកុប្បត្តិ ៣:២​-​៥

▪ ព្រះ​យេហូវ៉ា​នឹង​ប្រើ​ព្រះ​រាជបុត្រា​របស់​ទ្រង់​ដែល​ជា​អ្នក​គ្រប់​គ្រង​ព្រះ​រាជាណាចក្រ​របស់​ព្រះ​មេស្ស៊ី ដើម្បី​បំបាត់​នូវ​ទុក្ខ​វេទនា​ទាំង​អស់​និង​រាល់​ផល​វិបាក​ដែល​មាន​ដោយ​សារ​ទុក្ខ​វេទនា​នោះ។—យ៉ូហាន​ទី១ ៣:៨

[រូប​ភាព​នៅ​ទំព័រ​១២៣]

ព្រះ​យេហូវ៉ា​នឹង​លុប​បំបាត់​ការ​រង​ទុក្ខ​វេទនា

[រូប​ភាព​នៅ​ទំព័រ​១២៦]

តើ​សិស្ស​មាន​សមត្ថភាព​ច្រើន​ជាង​គ្រូ​ទេ?

[រូប​ភាព​នៅ​ទំព័រ​១២៩]

ព្រះ​នឹង​ជួយ​យើង​ស៊ូ​ទ្រាំ​ទុក្ខ​វេទនា

​​​​​

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក