បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • bt ជំ. ៤ ទំ. ៣១-៣៩
  • «ពួកគាត់ជាជនសាមញ្ញ ហើយមិនបានរៀនសូត្រ»

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • «ពួកគាត់ជាជនសាមញ្ញ ហើយមិនបានរៀនសូត្រ»
  • ចូរ«ធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់»អំពីរាជាណាចក្ររបស់ព្រះ
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • មិន​មែន​‹ដោយ​សារ​ឫទ្ធានុភាព​របស់​យើង​ផ្ទាល់​ទេ› (​សកម្មភាព ៣:១១​-​២៦​)
  • ​«​យើង​មិន​អាច​ឈប់​និយាយ​»​បាន​ទេ (​សកម្មភាព ៤:១​-​២២​)
  • ​«​ពួក​គាត់ . . . បន្លឺ​សំឡេង​រួម​គ្នា​អធិដ្ឋាន​ទៅ​ព្រះ​»​ (​សកម្មភាព ៤:២៣​-​៣១​)
  • ​«​មិន​គ្រាន់​តែ​កុហក​មនុស្ស​ទេ តែ​ក៏​បាន​កុហក​ព្រះ​ដែរ​»​ (​សកម្មភាព ៤:៣២–៥:១១​)
  • ដូចពេត្រុស អ្នកអាចតស៊ូបាន
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៣
  • សូមឲ្យយើងកាន់ខ្ជាប់ខ្ជួននឹងសេចក្ដីជំនឿដ៏មានតម្លៃរបស់យើង!
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • វិធីយកឈ្នះអារម្មណ៍ភ័យខ្លាច
    សូមស្ដាប់គ្រូដ៏ល្អប្រសើរ
ចូរ«ធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់»អំពីរាជាណាចក្ររបស់ព្រះ
bt ជំ. ៤ ទំ. ៣១-៣៩

ជំពូក​ទី​៤

«​ពួក​គាត់​ជា​ជន​សាមញ្ញ ហើយ​មិន​បាន​រៀន​សូត្រ​»

ពួក​សាវ័ក​ប្រព្រឹត្ត​ដោយ​ចិត្ត​ក្លាហាន ហើយ​ព្រះ​យេហូវ៉ា​ឲ្យ​ពរ​ដល់​ពួក​គាត់

មាន​មូលដ្ឋាន​លើ​សកម្មភាព ៣:១–៥:១១

១, ២. នៅ​ក្បែរ​ទ្វារ​វិហារ តើ​ពេត្រុស​និង​យ៉ូហាន​បាន​ធ្វើ​អព្ភូតហេតុ​អ្វី?

ពន្លឺ​ដួង​អាទិត្យ​នា​ពេល​រសៀល បាន​ចាំង​មក​លើ​ក្រុម​មនុស្ស​ដ៏​ច្រើន​កក​កុញ។ ទាំង​ជនជាតិ​យូដា​ទាំង​អ្នក​កាន់​តាម​គ្រិស្ត​ដែល​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ បាន​នាំ​គ្នា​ចូល​ក្នុង​វិហារ។ បន្តិច​ទៀត ដល់​«​ម៉ោង​អធិដ្ឋាន​»។a (​សកម្ម. ២:៤៦; ៣:១​) ពេត្រុស​និង​យ៉ូហាន​ដើរ​កាត់​ក្រុម​មនុស្ស​ឆ្ពោះ​ទៅ​ឯ​ទ្វារ​វិហារ ដែល​ហៅ​ថា​ទ្វារ​លម្អ។ នៅ​ទី​នោះ​មាន​សំឡេង​អ៊ូអរ សំឡេង​សម្រឹប​ជើង​ដើរ​របស់​បណ្ដា​ជន និង​សំឡេង​ស្រែក​សុំ​ទាន​របស់​បុរស​វ័យ​កណ្ដាល​ម្នាក់ ដែល​ខ្វិន​តាំង​ពី​កំណើត។—សកម្ម. ៣:២; ៤:២២

២ ពេល​ពេត្រុស​និង​យ៉ូហាន​ទៅ​ជិត​ដល់​ទ្វារ​វិហារ ពួក​គាត់​ឮ​សំឡេង​ស្រែក​សុំ​ប្រាក់​ម្ដង​ហើយ​ម្ដង​ទៀត​របស់​បុរស​ខ្វិន​នោះ។ ពួក​គាត់​ក៏​បង្អង់​ដំណើរ ហើយ​មើល​ទៅ​បុរស​ខ្វិន នេះ​បាន​ធ្វើ​ឲ្យ​បុរស​ខ្វិន​មើល​មក​ពួក​គាត់​វិញ​ដោយ​ក្ដី​សង្ឃឹម។ រួច​ពេត្រុស​និយាយ​ថា​៖ ​«​មាស​និង​ប្រាក់​ខ្ញុំ​មិន​មាន​ទេ តែ​អ្វី​ដែល​ខ្ញុំ​មាន ខ្ញុំ​នឹង​ឲ្យ​អ្នក។ ដោយ​នូវ​នាម​លោក​យេស៊ូ​គ្រិស្ត​ពី​ក្រុង​ណាសារ៉ែត ចូរ​ដើរ​ទៅ​ចុះ!​»។ សូម​ស្រមៃ​គិត​អំពី​ការ​ភ្ញាក់​ផ្អើល​របស់​ក្រុម​មនុស្ស កាល​ដែល​ពេត្រុស​ចាប់​លើក​ដៃ​បុរស​ខ្វិន​នោះ ស្រាប់​តែ​គាត់​ក៏​ក្រោក​ឈរ​ឡើង នេះ​ជា​លើក​ដំបូង​ក្នុង​ជីវិត​របស់​គាត់! (​សកម្ម. ៣:៦, ៧​) តើ​អ្នក​អាច​ស្រមៃ​ឃើញ​គាត់​កំពុង​សម្លឹង​មើល​ជើង​ខ្លួន​ដែល​ជា​សះ​ស្បើយ ហើយ​ដើរ​មួយ​ៗ​ជា​លើក​ដំបូង​ឬ​ទេ? យើង​អាច​យល់​ច្បាស់​ពី​មូលហេតុ​ដែល​បុរស​នោះ​បាន​លោត​កញ្ឆេង ហើយ​បន្លឺ​សំឡេង​សរសើរ​ព្រះ​យ៉ាង​ខ្លាំង!

៣. តើ​បណ្ដា​ជន​និង​បុរស​ដែល​ធ្លាប់​ខ្វិន​អាច​ទទួល​អំណោយ​ដ៏​អស្ចារ្យ​អ្វី?

៣ ក្រុម​មនុស្ស​ដែល​មាន​ចិត្ត​រំភើប​រីករាយ បាន​រត់​មក​ជួប​ពេត្រុស​និង​យ៉ូហាន​នៅ​ឯ​ល្វែង​សាឡូម៉ូន។ នេះ​ជា​កន្លែង​ដែល​លោក​យេស៊ូ​ធ្លាប់​ឈរ​បង្រៀន។ ពេត្រុស​ប្រាប់​ពួក​គេ​អំពី​អត្ថន័យ​ពិត​នៃ​ហេតុ​ការណ៍​ដែល​ទើប​នឹង​កើត​ឡើង។ (​យ៉ូន. ១០:២៣​) ពេល​នោះ​ពេត្រុស​បាន​ឲ្យ​អំណោយ ដែល​មាន​តម្លៃ​ជាង​មាស​ប្រាក់​ដល់​បណ្ដា​ជន​និង​បុរស​ខ្វិន។ អំណោយ​នេះ​មិន​គ្រាន់​តែ​ជា​ការ​ធ្វើ​ឲ្យ​មាន​សុខភាព​ល្អ​ឡើង​វិញ​ប៉ុណ្ណោះ​ទេ តែ​ក៏​រួម​បញ្ចូល​នូវ​ឱកាស​ដើម្បី​ឲ្យ​ពួក​គេ​ប្រែ​ចិត្ត ដើម្បី​លុប​បំបាត់​អំពើ​ខុស​ឆ្គង និង​ដើម្បី​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ​គ្រិស្ត ដែល​ព្រះ​យេហូវ៉ា​បាន​តែង​តាំង​ឲ្យ​ធ្វើ​ជា​«​មេ​ដឹក​នាំ​ដែល​ផ្ដល់​ជីវិត​»។—សកម្ម. ៣:១៥

៤. ​(​ក​) តើ​ការ​ធ្វើ​ឲ្យ​ជា​សះ​ស្បើយ​ដោយ​អព្ភូតហេតុ បង្ក​ឲ្យ​មាន​បញ្ហា​អ្វី? (​ខ​) តើ​យើង​នឹង​ឆ្លើយ​សំណួរ​ពីរ​យ៉ាង​អ្វី?

៤ នេះ​ពិត​ជា​ថ្ងៃ​ដែល​មិន​អាច​បំភ្លេច​បាន! មនុស្ស​ម្នាក់​បាន​ត្រូវ​ធ្វើ​ឲ្យ​ជា​សះ​ស្បើយ​ខាង​រូប​កាយ ដូច្នេះ​គាត់​អាច​ដើរ​បាន។ ចំណែក​មនុស្ស​រាប់​ពាន់​នាក់​ទៀត ពួក​គេ​បាន​ទទួល​ឱកាស​ដែល​ជា​នា​នឹង​ព្រះ​ឡើង​វិញ។ យ៉ាង​នេះ ពួក​គេ​អាច​មាន​ការ​ប្រព្រឹត្ត​សម​ជា​អ្នក​បម្រើ​របស់​ព្រះ។ (​កូឡ. ១:៩, ១០​) បន្ថែម​ទៅ​ទៀត ព្រឹត្តការណ៍​នៅ​ថ្ងៃ​នោះ​ក៏​បាន​នាំ​ឲ្យ​មាន​បញ្ហា រវាង​ពួក​អ្នក​តាម​គ្រិស្ត​ដ៏​ស្មោះ​ត្រង់​និង​ពួក​អ្នក​មាន​អំណាច ដែល​ព្យាយាម​រា​រាំង​ពួក​គាត់​មិន​ឲ្យ​ធ្វើ​តាម​បង្គាប់​លោក​យេស៊ូ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​រាជាណាចក្រ។ (​សកម្ម. ១:៨​) ទោះ​ជា​ពេត្រុស​និង​យ៉ូហាន​ជា​«​ជន​សាមញ្ញ ហើយ​មិន​បាន​រៀន​សូត្រ​»​ក្ដី តើ​យើង​អាច​រៀន​អ្វី​ពី​វិធី​សាស្ត្រ​និង​ចិត្ត​គំនិត​របស់​ពួក​គាត់ កាល​ដែល​ពួក​គាត់​ផ្សព្វ​ផ្សាយ​ដល់​ក្រុម​មនុស្ស?b (​សកម្ម. ៤:១៣​) តើ​តាម​របៀប​ណា​យើង​អាច​ធ្វើ​តាម​វិធី​ដែល​ពួក​គាត់ និង​អ្នក​កាន់​តាម​ឯ​ទៀត​បាន​ប្រព្រឹត្ត​តប​ចំពោះ​ការ​ប្រឆាំង?

មិន​មែន​‹ដោយ​សារ​ឫទ្ធានុភាព​របស់​យើង​ផ្ទាល់​ទេ› (​សកម្មភាព ៣:១១​-​២៦​)

៥. តើ​យើង​អាច​រៀន​អ្វី​ពី​របៀប​ដែល​ពេត្រុស​និយាយ​ទៅ​កាន់​ក្រុម​មនុស្ស?

៥ ពេត្រុស​និង​យ៉ូហាន​កំពុង​ឈរ​នៅ​ចំពោះ​មុខ​ក្រុម​មនុស្ស ទាំង​ដឹង​ថា​អ្នក​ខ្លះ​ក្នុង​ចំណោម​នោះ ប្រហែល​ជា​អ្នក​ដែល​ទើប​តែ​បាន​ស្រែក​ទាម​ទារ​ឲ្យ​គេ​សម្លាប់​លោក​យេស៊ូ។ (​ម៉ាក. ១៥:៨​-​១៥; សកម្ម. ៣:១៣​-​១៥​) សូម​គិត​អំពី​ចិត្ត​ក្លាហាន​របស់​ពេត្រុស​ដែល​បាន​ប្រកាស​យ៉ាង​អង់អាច​ថា បុរស​ខ្វិន​នោះ​បាន​ត្រូវ​ធ្វើ​ឲ្យ​ជា​សះ​ស្បើយ​ក្នុង​នាម​លោក​យេស៊ូ។ ពេត្រុស​មិន​បាន​លាក់​បាំង​ការ​ពិត​ទេ។ គាត់​បាន​និយាយ​យ៉ាង​ចំ​ៗ​ថា ក្រុម​មនុស្ស​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ស្លាប់​របស់​គ្រិស្ត។ ប៉ុន្តែ ពេត្រុស​មិន​គុំ​កួន​នឹង​បណ្ដា​ជន​ទាំង​នេះ​ឡើយ ពីព្រោះ​ពួក​គេ​បាន​«​ប្រព្រឹត្ត​ដោយ​មិន​ដឹង​ខ្លួន​»។ (​សកម្ម. ៣:១៧​) គាត់​បាន​ហៅ​ពួក​គេ​ថា​បង​ប្អូន ហើយ​ផ្ដោត​ទៅ​លើ​ចំណុច​ដែល​ទាក់​ទាញ​ចិត្ត​ពួក​គេ។ បើ​បណ្ដា​ជន​ប្រែ​ចិត្ត ហើយ​បង្ហាញ​ជំនឿ​លើ​គ្រិស្ត នោះ​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​ពួក​គេ​មាន​«​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត​»។ (​សកម្ម. ៣:១៩​) ស្រដៀង​គ្នា​ដែរ យើង​ត្រូវ​មាន​ចិត្ត​ក្លាហាន​និង​មិន​លាក់​លៀម ពេល​ប្រកាស​អំពី​ការ​វិនិច្ឆ័យ​របស់​ព្រះ​ដែល​នឹង​មក​ដល់។ ប៉ុន្តែ នៅ​ដំណាល​គ្នា​នោះ យើង​មិន​គួរ​និយាយ​ដោយ​គំរោះ​គំរើយ ឬ​វិនិច្ឆ័យ​គេ​ឡើយ។ ផ្ទុយ​ទៅ​វិញ យើង​ចាត់​ទុក​ថា​អស់​អ្នក​ដែល​យើង​ផ្សព្វ​ផ្សាយ​អាច​ទៅ​ជា​បង​ប្អូន​រួម​ជំនឿ។ ម្យ៉ាង​ទៀត ដូច​ពេត្រុស យើង​ត្រូវ​ផ្ដោត​ទៅ​លើ​ចំណុច​ដែល​ទាក់​ទាញ​ចិត្ត​អ្នក​ស្ដាប់។

៦. តើ​ពេត្រុស​និង​យ៉ូហាន​បាន​បង្ហាញ​ចិត្ត​សុភាព​យ៉ាង​ដូច​ម្ដេច?

៦ ពួក​សាវ័ក​មាន​ចិត្ត​សុភាព។ ពួក​គាត់​មិន​បាន​យក​មុខ​យក​មាត់​ថា ខ្លួន​ជា​អ្នក​ធ្វើ​អព្ភូតហេតុ​ទាំង​នោះ​ទេ។ ពេត្រុស​និយាយ​ទៅ​កាន់​ក្រុម​មនុស្ស​ថា​៖ ​«​ហេតុ​អ្វី​អ្នក​រាល់​គ្នា​សម្លឹង​មើល​យើង​ដូច​ជា​យើង​បាន​ធ្វើ​ឲ្យ​បុរស​នេះ​ដើរ ដោយ​សារ​ឫទ្ធានុភាព​របស់​យើង​ផ្ទាល់ ឬ​ដោយ​សារ​យើង​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ?​»។ (​សកម្ម. ៣:១២​) ពេត្រុស​និង​សាវ័ក​ឯ​ទៀត​ដឹង​ថា សមិទ្ធផល​ដែល​ពួក​គាត់​បាន​ទទួល​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ គឺ​មក​ពី​ឫទ្ធានុភាព​របស់​ព្រះ មិន​មែន​មក​ពី​ពួក​គាត់​ឡើយ។ ដូច្នេះ ពួក​គាត់​បាន​ផ្ដល់​ការ​សរសើរ​ទាំង​អស់​ដល់​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ អំពី​អ្វី​ដែល​ពួក​គាត់​បាន​សម្រេច។

៧, ៨. ​(​ក​) តើ​មាន​អំណោយ​អ្វី​ដែល​យើង​អាច​ផ្ដល់​ឲ្យ​អ្នក​ឯ​ទៀត? (​ខ​) តើ​ពាក្យ​សន្យា​ដែល​ថា​៖ ​«​លោក​ធ្វើ​អ្វី​ៗ​ទាំង​អស់​ជា​ថ្មី​ឡើង​វិញ​»​កំពុង​សម្រេច​នៅ​សព្វ​ថ្ងៃ​នេះ​យ៉ាង​ដូច​ម្ដេច?

៧ យើង​ក៏​ត្រូវ​បង្ហាញ​ចិត្ត​សុភាព​ដូច​ពួក​គាត់​ដែរ ពេល​យើង​ចូល​រួម​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ។ ពិត​មែន​តែ​គ្រិស្ត​សាសនិក​សព្វ​ថ្ងៃ មិន​បាន​ទទួល​ឫទ្ធានុភាព​ពី​ព្រះ​ដើម្បី​ធ្វើ​ឲ្យ​ជា​សះ​ស្បើយ តែ​យើង​អាច​ជួយ​មនុស្ស​ឯ​ទៀត​ឲ្យ​មាន​ជំនឿ​លើ​ព្រះ​និង​គ្រិស្ត ព្រម​ទាំង​ជួយ​ពួក​គេ​ឲ្យ​ទទួល​អំណោយ​ដូច​ពេត្រុស​បាន​ឲ្យ​ដែរ ពោល​គឺ​ឱកាស​ទទួល​ការ​អភ័យ​ទោស​ចំពោះ​អំពើ​ខុស​ឆ្គង​និង​ទទួល​កម្លាំង​ចិត្ត​ពី​ព្រះ​យេហូវ៉ា។ ជា​រៀង​រាល់​ឆ្នាំ មនុស្ស​រាប់​សែន​នាក់​ព្រម​យក​អំណោយ​នេះ ហើយ​ទទួល​ការ​ជ្រមុជ​ទឹក​ទៅ​ជា​អ្នក​កាន់​តាម​គ្រិស្ត។

៨ តាម​ពិត​យើង​កំពុង​រស់​នៅ​ក្នុង​គ្រា ដែល​ពេត្រុស​បាន​និយាយ​ថា​៖ ​«​លោក​ធ្វើ​អ្វី​ៗ​ទាំង​អស់​ជា​ថ្មី​ឡើង​វិញ​»។ រាជាណាចក្រ​ព្រះ​បាន​ត្រូវ​បង្កើត​ឡើង​នៅ​ស្ថាន​សួគ៌​ក្នុង​ឆ្នាំ​១៩១៤ នេះ​បាន​សម្រេច​តាម​អ្វី​ដែល​«​ព្រះ​បាន​មាន​ប្រសាសន៍​តាម​រយៈ​មាត់​របស់​ពួក​អ្នក​ប្រកាស​ទំនាយ​ដ៏​បរិសុទ្ធ​របស់​លោក​នៅ​សម័យ​បុរាណ​»។ (​សកម្ម. ៣:២១; ចសព. ១១០:១​-​៣; ដាន. ៤:១៦, ១៧​) មិន​យូរ​ប៉ុន្មាន​ក្រោយ​មក គ្រិស្ត​ចាប់​ផ្ដើម​ដឹក​នាំ​ការ​ស្ថាបនា​ឡើង​វិញ​នូវ​ការ​គោរព​ប្រណិប័តន៍​ពិត​នៅ​ផែនដី។ ជា​លទ្ធផល មនុស្ស​រាប់​លាន​នាក់​បាន​ត្រូវ​នាំ​ចូល​ទៅ​ក្នុង​ស្ថានភាព​ដែល​ប្រៀប​ដូច​ជា​សួន​ឧទ្យាន ហើយ​ក្លាយ​ទៅ​ជា​រាស្ត្រ​នៃ​រាជាណាចក្រ​ព្រះ។ ពួក​គេ​បាន​ដោះ​ចេញ​នូវ​បុគ្គលិក​លក្ខណៈ​ចាស់ ហើយ​«​ពាក់​បុគ្គលិក​លក្ខណៈ​ថ្មី ដែល​បាន​ត្រូវ​បង្កើត​ស្រប​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​»។ (​អេភ. ៤:​២២​-​២៤​) ដូច​បុរស​ខ្វិន​សុំ​ទាន​ដែល​បាន​ត្រូវ​ធ្វើ​ឲ្យ​ជា​សះ​ស្បើយ កិច្ច​ការ​ដ៏​អស្ចារ្យ​ដែល​កំពុង​កើត​ឡើង​នេះ មិន​មែន​ដោយ​សារ​ការ​ប្រឹង​ប្រែង​របស់​មនុស្ស​ទេ តែ​ដោយ​សារ​ឫទ្ធានុភាព​របស់​ព្រះ។ ដូច​ពេត្រុស​ដែរ យើង​ត្រូវ​ប្រើ​បណ្ដាំ​របស់​ព្រះ​ដើម្បី​បង្រៀន​គេ​ដោយ​ចិត្ត​ក្លាហាន និង​ដោយ​មាន​ប្រសិទ្ធភាព។ ភាព​ជោគ​ជ័យ​ណា​មួយ​ដែល​យើង​អាច​មាន​ក្នុង​ការ​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ក្លាយ​ជា​អ្នក​កាន់​តាម​គ្រិស្ត គឺ​ដោយ​សារ​ឫទ្ធានុភាព​របស់​ព្រះ មិន​មែន​ដោយ​សារ​យើង​ទេ។

​«​យើង​មិន​អាច​ឈប់​និយាយ​»​បាន​ទេ (​សកម្មភាព ៤:១​-​២២​)

៩​-​១១. ​(​ក​) តើ​មេ​ដឹក​នាំ​ជនជាតិ​យូដា​មាន​ប្រតិកម្ម​យ៉ាង​ណា​ចំពោះ​សម្ដី​របស់​ពេត្រុស​និង​យ៉ូហាន? (​ខ​) តើ​ពួក​សាវ័ក​តាំង​ចិត្ត​ធ្វើ​អ្វី?

៩ សុន្ទរកថា​របស់​ពេត្រុស និង​ការ​លោត​កញ្ឆេង​ទាំង​បន្លឺ​សំឡេង​ដោយ​អំណរ​របស់​បុរស​ដែល​ធ្លាប់​ខ្វិន បាន​បង្ក​ឲ្យ​មាន​ភាព​ចលាចល។ ហេតុ​នេះ មេ​កង​រក្សា​វិហារ​ដែល​ទទួល​ខុស​ត្រូវ​លើ​សន្តិសុខ​តំបន់​វិហារ និង​ពួក​សង្ឃ​នាយក ក៏​ប្រញាប់​ចេញ​មក​មើល​ថា​មាន​រឿង​អ្វី​កើត​ឡើង។ បុរស​ទាំង​នេះ​ទំនង​ជា​ពួក​សាឌូស៊ី ដែល​ជា​ក្រុម​របស់​ពួក​អ្នក​មាន​ទ្រព្យ និង​ពួក​អ្នក​កាន់​អំណាច​ខាង​នយោបាយ។ ពួក​គេ​បាន​ព្យាយាម​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​នឹង​អាជ្ញាធរ​រ៉ូម។ បុរស​ទាំង​នេះ​បដិសេធ​ច្បាប់​ដែល​មក​ពី​ពួក​ផារិស៊ី ជា​ច្បាប់​ដែល​ពួក​ផារិស៊ី​ស្រឡាញ់​ជា​ខ្លាំង ហើយ​ពួក​គេ​ចំអក​មើល​ងាយ​ជំនឿ​លើ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។c ដូច្នេះ ពួក​គេ​ពិត​ជា​ទើស​ចិត្ត​ខ្លាំង​ណាស់ ពេល​ឃើញ​ពេត្រុស​និង​យ៉ូហាន​នៅ​ក្នុង​វិហារ ដោយ​បង្រៀន​យ៉ាង​ក្លាហាន​ថា​លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ!

១០ ពួក​អ្នក​ប្រឆាំង​ដែល​មាន​កំហឹង​យ៉ាង​ខ្លាំង បាន​ចាប់​ពេត្រុស​និង​យ៉ូហាន​ដាក់​គុក។ នៅ​ថ្ងៃ​បន្ទាប់ អ្នក​ទាំង​នោះ​បាន​នាំ​ពួក​គាត់​ទៅ​តុលាការ​ជាន់​ខ្ពស់​របស់​ជនជាតិ​យូដា។ ពួក​អ្នក​គ្រប់​គ្រងដែល​គិត​ថា​ខ្លួន​ជា​មនុស្ស​ខ្ពង់​ខ្ពស់ បាន​ចាត់​ទុក​ពេត្រុស​និង​យ៉ូហាន​ថា​«​ជា​ជន​សាមញ្ញ ហើយ​មិន​បាន​រៀន​សូត្រ​»​ ដែល​គ្មាន​សិទ្ធិ​បង្រៀន​នៅ​ក្នុង​វិហារ​ទេ។ ពួក​គាត់​មិន​បាន​សិក្សា​នៅ​សាលា​សាសនា​ល្បី​ណា​មួយ​ឡើយ។ ប៉ុន្តែ ពេល​តុលាការ​ឃើញ​ពួក​គាត់​និយាយ​ដោយ​ចិត្ត​ក្លាហាន​និង​ដោយ​ជឿ​ជាក់ នោះ​ធ្វើ​ឲ្យ​តុលាការ​ងឿង​ឆ្ងល់​ជា​ខ្លាំង។ ហេតុ​អ្វី​ពេត្រុស​និង​យ៉ូហាន​អាច​និយាយ​ដោយ​មាន​ប្រសិទ្ធភាព? មូលហេតុ​មួយ គឺ​ដោយ​សារ​«​ពួក​គាត់​ធ្លាប់​នៅ​ជា​មួយ​នឹង​លោក​យេស៊ូ​»។ (​សកម្ម. ៤:១៣​) ម្ចាស់​របស់​ពួក​គាត់ បាន​បង្រៀន​ពួក​គាត់​ដោយ​មាន​អំណាច​ពី​ព្រះ មិន​ដូច​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់​ទេ។—ម៉ាថ. ៧:២៨, ២៩

១១ តុលាការ​បាន​ចេញ​បង្គាប់​ឲ្យ​ពួក​សាវ័ក​ឈប់​ផ្សព្វ​ផ្សាយ។ នៅ​ក្នុង​សង្គម​នោះ បង្គាប់​របស់​តុលាការ​មាន​អំណាច​ខ្លាំង​ណាស់។ ប៉ុន្មាន​សប្ដាហ៍​មុន​នោះ ពេល​លោក​យេស៊ូ​មក​ឈរ​នៅ​ចំពោះ​មុខ​តុលាការ​នេះ សមាជិក​ក្រុម​ប្រឹក្សា​ខ្លះ​បាន​ប្រកាស​ថា​៖ ​«​អ្នក​នេះ​[​សំដៅ​លើ​លោក​យេស៊ូ​]​សម​តែ​ស្លាប់​»។ (​ម៉ាថ. ២៦:៥៩​-​៦៦​) ប៉ុន្តែ ពេត្រុស​និង​យ៉ូហាន​មិន​ខ្លាច​ការ​គំរាម​ឡើយ។ ទោះ​ជា​ពួក​គាត់​ឈរ​នៅ​ចំពោះ​មុខ​ពួក​អ្នក​មាន​ស្តុក​ស្តម្ភ ពួក​អ្នក​មាន​ការ​សិក្សា​ខ្ពស់ និង​ពួក​អ្នក​មាន​អំណាច​ក៏​ដោយ ពួក​គាត់​មិន​បាន​ភ័យ​ខ្លាច​ទេ។ ផ្ទុយ​ទៅ​វិញ ពួក​គាត់​បាន​និយាយ​ដោយ​ការ​គោរព​ថា​៖ ​«​បើ​អ្នក​រាល់​គ្នា​គិត​ថា​ការ​ស្ដាប់​បង្គាប់​អ្នក​រាល់​គ្នា​ជា​ជាង​ស្ដាប់​បង្គាប់​ព្រះ ជា​អ្វី​ដែល​ព្រះ​ចាត់​ទុក​ជា​អំពើ​សុចរិត នោះ​ស្រេច​លើ​អ្នក​រាល់​គ្នា​ចុះ។ ប៉ុន្តែ​ចំណែក​យើង​វិញ យើង​មិន​អាច​ឈប់​និយាយ​អំពី​អ្វី​ដែល​យើង​បាន​ឃើញ​និង​បាន​ឮ​ទេ​»។—សកម្ម. ៤:១៩, ២០

សម្ដេច​សង្ឃ​និង​សង្ឃ​នាយក

សម្ដេច​សង្ឃ​ជា​តំណាង​បណ្ដា​ជន​នៅ​ចំពោះ​ព្រះ។ នៅ​សតវត្សរ៍​ទី​១ គ.ស. សម្ដេច​សង្ឃ​ក៏​ជា​អ្នក​នាំ​មុខ​សមាជិក​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ដែរ។ រីឯ​មេ​ដឹក​នាំ​នៃ​ជនជាតិ​យូដា គឺ​ជា​ពួក​សង្ឃ​នាយក។ ពួក​សង្ឃ​នាយក​ទាំង​នោះ​រួម​មាន អតីត​សម្ដេច​សង្ឃ​ដូច​ជា អេណាស និង​ពួក​បុរស​ពេញ​វ័យ​ឯ​ទៀត​ពី​វង្ស​ត្រកូល​របស់​សម្ដេច​សង្ឃ (​តាម​មើល​ទៅ​មាន​តែ​បួន​ឬ​ប្រាំ​ក្រុម​គ្រួសារ​ដែល​មាន​ឯកសិទ្ធិ​ធ្វើ​ជា​សម្ដេច​សង្ឃ​)។ បណ្ឌិត​អ៊ីមឹល ស៊ូរើ បាន​សរសេរ​ថា​៖ ​«​បើ​គ្រាន់​តែ​បុរស​ណា​ម្នាក់​មក​ពី​ក្រុម​គ្រួសារ​ដ៏​មាន​កិត្តិយស​ទាំង​នេះ បុរស​នោះ​នឹង​មាន​មុខ​មាត់​»​ក្នុង​ចំណោម​ពួក​សង្ឃ។

បទ​គម្ពីរ​បញ្ជាក់​ថា សម្ដេច​សង្ឃ​មាន​អាណត្តិ​ពេញ​មួយ​ជីវិត។ (​ជប. ៣៥:២៥​) ទោះ​ជា​យ៉ាង​ណា​ក្ដី ក្នុង​អំឡុង​ពេល​ដែល​ព្រឹត្តិការណ៍​បាន​ត្រូវ​រៀប​រាប់​ក្នុង​សៀវភៅ​សកម្មភាព ពួក​អភិបាល​រ៉ូម​និង​ពួក​ស្ដេច​ដែល​គ្រប់​គ្រង​ក្រោម​អំណាច​របស់​រ៉ូម មាន​សិទ្ធិ​តែង​តាំង​និង​ដក​តំណែង​សម្ដេច​សង្ឃ​តាម​ចិត្ត​របស់​ពួក​គេ។ ប៉ុន្តែ ទោះ​ជា​ពួក​អ្នក​គ្រប់​គ្រង​ទាំង​នេះ​មិន​កាន់​សាសនា​យូដា​ក៏​ដោយ ពួក​គេ​បាន​ជ្រើស​រើស​សង្ឃ​ពី​ក្នុង​ចំណោម​ក្រុម​គ្រួសារ​នៃ​វង្ស​ត្រកូល​អេរ៉ុន។

១២. តើ​អ្វី​អាច​ជួយ​អ្នក​ឲ្យ​មាន​ភាព​ក្លាហាន​និង​ភាព​ជឿ​ជាក់​កាន់​តែ​ខ្លាំង?

១២ តើ​អ្នក​អាច​បង្ហាញ​ចិត្ត​ក្លាហាន​ដូច​នោះ​ដែរ​ឬ​ទេ? តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា នៅ​ពេល​ដែល​អ្នក​មាន​ឱកាស​ផ្សព្វ​ផ្សាយ​ដល់​អ្នក​មាន​ទ្រព្យ​សម្បត្តិ អ្នក​មាន​ការ​អប់រំ​ខ្ពស់ ឬ​អ្នក​មាន​អំណាច​ក្នុង​តំបន់​ដែល​អ្នក​រស់​នៅ? ចុះ​បើ​សមាជិក​គ្រួសារ មិត្ត​រួម​ថ្នាក់ ឬ​អ្នក​រួម​ការ​ងារ​សើច​ចំអក​អំពី​ជំនឿ​របស់​អ្នក តើ​អ្នក​ភ័យ​ខ្លាច​ទេ? បើ​អ្នក​ភ័យ​ខ្លាច អ្នក​អាច​យក​ឈ្នះ​អារម្មណ៍​នោះ​បាន។ កាល​ដែល​លោក​យេស៊ូ​នៅ​ផែនដី លោក​បាន​បង្រៀន​ពួក​សាវ័ក​ឲ្យ​បង្ហាញ​ភាព​ជឿ​ជាក់​និង​ការ​គោរព ពេល​និយាយ​ការ​ពារ​ជំនឿ​របស់​ខ្លួន។ (​ម៉ាថ. ១០:១១​-​១៨​) ក្រោយ​ពី​លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ លោក​បាន​សន្យា​ចំពោះ​ពួក​អ្នក​កាន់​តាម​ថា លោក​នឹង​បន្ត​នៅ​ជា​មួយ​ពួក​គេ ​«​រហូត​ដល់​គ្រា​ចុង​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​នេះ​»។ (​ម៉ាថ. ២៨:២០​) ក្រោម​ការ​ដឹក​នាំ​របស់​លោក​យេស៊ូ ​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»​ក៏​បង្រៀន​យើង​អំពី​របៀប​ការ​ពារ​ជំនឿ​ដែរ។ (​ម៉ាថ. ២៤:៤៥​-​៤៧; ១ពេ. ៣:១៥​) តើ​តាម​របៀប​ណា? ពួក​គាត់​ជួយ​បង្រៀន​យើង​តាម​រយៈ​កិច្ច​ប្រជុំ​ក្រុម​ជំនុំ​ដូច​ជា កិច្ច​បម្រើ​និង​ជីវិត​ជា​គ្រិស្ត​សាសនិក និង​តាម​រយៈ​សៀវភៅ​ផ្សេង​ៗ​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ​ដូច​ជា អត្ថបទ​«​សំណួរ​និង​ចម្លើយ​ពី​គម្ពីរ​»​ក្នុង​គេហទំព័រ jw.org។ តើ​អ្នក​កំពុង​ទាញ​យក​ប្រយោជន៍​ពី​ការ​រៀបចំ​ទាំង​នេះ​ទេ? បើ​ដូច្នេះ​មែន អ្នក​នឹង​មាន​ភាព​ក្លាហាន​និង​ភាព​ជឿ​ជាក់​កាន់​តែ​ខ្លាំង។ ដូច​ពួក​សាវ័ក​ដែរ អ្នក​ប្រាកដ​ជា​តាំង​ចិត្ត​មិន​ឲ្យ​អ្វី​ក៏​ដោយ មក​បញ្ឈប់​អ្នក​មិន​ឲ្យ​និយាយ​អំពី​សេចក្ដី​ពិត​ដ៏​អស្ចារ្យ ដែល​អ្នក​បាន​ឃើញ​និង​បាន​ឮ​ឡើយ។

ស្ត្រីសាក្សីម្នាក់កំពុងផ្សព្វផ្សាយដល់អ្នករួមការងារ ក្នុងពេលសម្រាក។

កុំ​ឲ្យ​អ្វី​មក​រារាំង​អ្នក​ក្នុង​ការ​ប្រាប់​អំពី​សេចក្ដី​ពិត​ដ៏​អស្ចារ្យ​ដែល​អ្នក​បាន​រៀន​ឡើយ

​«​ពួក​គាត់ . . . បន្លឺ​សំឡេង​រួម​គ្នា​អធិដ្ឋាន​ទៅ​ព្រះ​»​ (​សកម្មភាព ៤:២៣​-​៣១​)

១៣, ១៤. បើ​យើង​ជួប​ប្រទះ​ការ​ប្រឆាំង តើ​យើង​គួរ​ធ្វើ​អ្វី? ហើយ​ហេតុ​អ្វី?

១៣ ភ្លាម​ៗ បន្ទាប់​ពី​ពេត្រុស​និង​យ៉ូហាន​បាន​ត្រូវ​ដោះ​លែង ពួក​គាត់​បាន​ទៅ​ជួប​បង​ប្អូន​ក្រុម​ជំនុំ។ រួច​មក ​«​ពួក​គាត់ . . . បន្លឺ​សំឡេង​រួម​គ្នា​អធិដ្ឋាន​ទៅ​ព្រះ​»​សុំ​ចិត្ត​ក្លាហាន​ដើម្បី​បន្ត​ផ្សព្វ​ផ្សាយ។ (​សកម្ម. ៤:២៤​) ពេត្រុស​ដឹង​ច្បាស់​ថា គឺ​ជា​ការ​ល្ងង់​ខ្លៅ​ណាស់​ដែល​ទុក​ចិត្ត​លើ​កម្លាំង​របស់​ខ្លួន ពេល​ព្យាយាម​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ។ គ្រាន់​តែ​ប៉ុន្មាន​សប្ដាហ៍​មុន​នោះ គាត់​និយាយ​ទៅ​កាន់​លោក​យេស៊ូ​ដោយ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ថា​៖ ​«​ទោះ​ជា​ពួក​គេ​ទាំង​អស់​គ្នា​ជំពប់​ដួល​ដោយ​សារ​អ្វី​ដែល​នឹង​កើត​ឡើង​ចំពោះ​លោក​ក៏​ដោយ ក៏​ខ្ញុំ​មិន​ជំពប់​ដួល​ឡើយ!​»។ ប៉ុន្តែ ដូច​លោក​យេស៊ូ​បាន​ប្រាប់​ទុក​ជា​មុន ពេត្រុស​បាន​ចុះ​ចាញ់​ការ​ខ្លាច​មនុស្ស​ភ្លាម​ៗ ហើយ​បដិសេធ​មិត្ត​ភក្តិ និង​អ្នក​បង្រៀន​របស់​គាត់។ ទោះ​ជា​យ៉ាង​នោះ​ក្ដី ពេត្រុស​បាន​រៀន​ពី​កំហុស​របស់​ខ្លួន។—ម៉ាថ. ២៦:៣៣, ៣៤, ៦៩​-​៧៥

១៤ ការ​តាំង​ចិត្ត​ប៉ុណ្ណោះ មិន​គ្រប់​គ្រាន់​ដើម្បី​ជួយ​អ្នក​ឲ្យ​បំពេញ​ភារកិច្ច​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​គ្រិស្ត​ទេ។ ពេល​អ្នក​ប្រឆាំង​ព្យាយាម​បំផ្លាញ​ជំនឿ​របស់​អ្នក ឬ​បញ្ឈប់​អ្នក​ពី​កិច្ច​ផ្សព្វ​ផ្សាយ ចូរ​ធ្វើ​តាម​គំរូ​របស់​ពេត្រុស​និង​យ៉ូហាន។ ចូរ​អធិដ្ឋាន​សុំ​កម្លាំង​ពី​ព្រះ​យេហូវ៉ា ហើយ​ស្វែង​រក​ការ​គាំទ្រ​ពី​ក្រុម​ជំនុំ។ សូម​ប្រាប់​ពួក​អ្នក​ចាស់​ទុំ និង​បង​ប្អូន​ឯ​ទៀត​ដែល​មាន​ភាព​ចាស់​ទុំ​ឲ្យ​ដឹង​អំពី​ទុក្ខ​លំបាក​ដែល​អ្នក​កំពុង​ប្រឈម​មុខ។ សេចក្ដី​អធិដ្ឋាន​របស់​បង​ប្អូន​ឯ​ទៀត អាច​ជា​ជំនួយ​គាំទ្រ​ដ៏​ខ្លាំង​មួយ។—អេភ. ៦:១៨; យ៉ា. ៥:១៦

១៥. ហេតុ​អ្វី​អស់​អ្នក​ដែល​ឈប់​ផ្សព្វ​ផ្សាយ​អស់​មួយ​រយៈ មិន​គួរ​ធ្លាក់​ទឹក​ចិត្ត?

១៥ បើ​អ្នក​បាន​ចុះ​ចាញ់​ការ​ដាក់​សម្ពាធ ហើយ​ឈប់​ផ្សព្វ​ផ្សាយ​អស់​មួយ​រយៈ សូម​កុំ​ធ្លាក់​ទឹក​ចិត្ត​ឡើយ។ សូម​ចាំ​ថា​ក្រោយ​ពី​លោក​យេស៊ូ​ស្លាប់ ពួក​សាវ័ក​ទាំង​អស់​ក៏​បាន​ឈប់​ផ្សព្វ​ផ្សាយ​អស់​មួយ​រយៈ​ដែរ។ ប៉ុន្តែ​មិន​យូរ​ក្រោយ​មក ពួក​គាត់​ចាប់​ផ្ដើម​មាន​សកម្មភាព​ម្ដង​ទៀត។ (​ម៉ាថ. ២៦:៥៦; ២៨:១០, ១៦​-​២០​) ជា​ជាង​ឲ្យ​កំហុស​នៅ​អតីតកាល​ធ្វើ​ឲ្យ​អ្នក​ធ្លាក់​ទឹក​ចិត្ត​យូរ សូម​រៀន​ពី​បទ​ពិសោធន៍​នោះ ហើយ​ប្រើ​អ្វី​ដែល​អ្នក​បាន​រៀន​ដើម្បី​ជួយ​ពង្រឹង​កម្លាំង​ចិត្ត​អ្នក​ឯ​ទៀត។

១៦, ១៧. តើ​យើង​អាច​រៀន​អ្វី​ពី​សេចក្ដី​អធិដ្ឋាន​របស់​ពួក​អ្នក​កាន់​តាម​គ្រិស្ត​នៅ​ក្រុង​យេរូសាឡិម?

១៦ ពេល​ពួក​អ្នក​មាន​អំណាច​ដាក់​សម្ពាធ​លើ​យើង តើ​យើង​គួរ​អធិដ្ឋាន​អំពី​អ្វី? សូម​ចាំ​ថា ពួក​អ្នក​កាន់​តាម​មិន​បាន​អធិដ្ឋាន​សុំ​ឲ្យ​រួច​ផុត​ពី​ការ​ល្បង​ល​ទេ។ ពួក​គាត់​ចាំ​យ៉ាង​ច្បាស់​នូវ​ប្រសាសន៍​របស់​លោក​យេស៊ូ​ដែល​ថា​៖ ​«​ប្រសិន​បើ​ពួក​គេ​បាន​បៀតបៀន​ខ្ញុំ នោះ​ពួក​គេ​នឹង​បៀតបៀន​អ្នក​រាល់​គ្នា​ដែរ​»។ (​យ៉ូន. ១៥:២០​) ផ្ទុយ​ទៅ​វិញ ពួក​អ្នក​កាន់​តាម​ដ៏​ស្មោះ​ត្រង់​បាន​អធិដ្ឋាន​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​«​ស្ដាប់​»​ការ​គំរាម​របស់​ពួក​អ្នក​ប្រឆាំង។ (​សកម្ម. ៤:២៩​) ឥឡូវ​ពួក​អ្នក​កាន់​តាម​យល់​ច្បាស់​ថា​ការ​បៀតបៀន​ដែល​ពួក​គាត់​ជួប​ប្រទះ គឺ​ជា​ការ​សម្រេច​នៃ​ទំនាយ។ ដូច​លោក​យេស៊ូ​បង្រៀន​ពួក​គាត់​ឲ្យ​អធិដ្ឋាន ពួក​គាត់​ដឹង​ថា​បំណង​ប្រាថ្នា​របស់​ព្រះ​នឹង​«​សម្រេច​នៅ​ផែនដី​»​ ទោះ​ជា​ពួក​អ្នក​គ្រប់​គ្រង​និយាយ​អ្វី​ក៏​ដោយ។—ម៉ាថ. ៦:៩, ១០

១៧ ដើម្បី​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា ពួក​អ្នក​កាន់​តាម​បាន​អធិដ្ឋាន​ទៅ​លោក​ថា​៖ ​«​សូម​ជួយ​ពួក​ខ្ញុំ​បម្រើ​របស់​លោក​ឲ្យ​បន្ត​ប្រកាស​បណ្ដាំ​របស់​លោក​ដោយ​ចិត្ត​ក្លាហាន​»។ តើ​ព្រះ​យេហូវ៉ា​បាន​ឆ្លើយ​តប​ភ្លាម​ៗ​យ៉ាង​ដូច​ម្ដេច? ​«​កន្លែង​ដែល​ពួក​គាត់​ជួប​ជុំ​គ្នា​ក៏​រញ្ជួយ ហើយ​ពួក​គាត់​ទាំង​អស់​គ្នា​បាន​ពេញ​ទៅ​ដោយ​ឫទ្ធានុភាព​បរិសុទ្ធ​របស់​ព្រះ រួច​ប្រកាស​បណ្ដាំ​របស់​ព្រះ​ដោយ​ចិត្ត​ក្លាហាន​»។ (​សកម្ម. ៤:២៩​-​៣១​) គ្មាន​អ្វី​អាច​រា​រាំង​បំណង​ប្រាថ្នា​របស់​ព្រះ​មិន​ឲ្យ​សម្រេច​បាន​ឡើយ។ (​អេ. ៥៥:​១១​) មិន​ថា​យើង​រង​ទុក្ខ​លំបាក​ខ្លាំង​យ៉ាង​ណា ឬ​អ្នក​ប្រឆាំង​មាន​អំណាច​ធំ​ប៉ុណ្ណា​ទេ បើ​យើង​អធិដ្ឋាន​ទៅ​ព្រះ យើង​អាច​ជឿ​ជាក់​ថា​លោក​នឹង​ផ្ដល់​កម្លាំង​ឲ្យ​យើង​បន្ត​និយាយ​អំពី​បណ្ដាំ​របស់​លោក​ដោយ​ចិត្ត​ក្លាហាន។

​«​មិន​គ្រាន់​តែ​កុហក​មនុស្ស​ទេ តែ​ក៏​បាន​កុហក​ព្រះ​ដែរ​»​ (​សកម្មភាព ៤:៣២–៥:១១​)

១៨. តើ​បង​ប្អូន​ក្នុង​ក្រុង​យេរូសាឡិម​បាន​ធ្វើ​អ្វី ដើម្បី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក?

១៨ មិន​យូរ​ប៉ុន្មាន ក្រុម​ជំនុំ​ដែល​ទើប​បង្កើត​ថ្មី​នៅ​ក្រុង​យេរូសាឡិម​បាន​រីក​ចម្រើន​យ៉ាង​លឿន រហូត​ដល់​មាន​បង​ប្អូន​ជាង​៥.០០០​នាក់។d ទោះ​ជា​ពួក​អ្នក​កាន់​តាម​មាន​ប្រវត្តិ​ខុស​ៗ​គ្នា​ក៏​ដោយ ពួក​គេ​«​រួម​ចិត្ត​គំនិត​តែ​មួយ​»។ ពួក​គេ​ចុះ​សម្រុង​គ្នា ហើយ​មាន​ឯកភាព។ (​សកម្ម. ៤:៣២; ១កូ. ១:១០​) ពួក​អ្នក​កាន់​តាម​មិន​គ្រាន់​តែ​អធិដ្ឋាន​សុំ​ព្រះ​យេហូវ៉ា ឲ្យ​ពរ​ដល់​ការ​ខំ​ប្រឹង​ប្រែង​របស់​ពួក​គេ​ប៉ុណ្ណោះ​ទេ តែ​ពួក​គេ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ខាង​ជំនឿ ហើយ​បើ​ចាំ​បាច់​ក៏​ជួយ​គ្នា​ខាង​ទ្រព្យ​សម្បត្តិ​ដែរ។ (​១យ៉ូន. ៣:១៦​-​១៨​) ជា​ឧទាហរណ៍ អ្នក​កាន់​តាម​ម្នាក់​ឈ្មោះ​យ៉ូសែប ដែល​ពួក​សាវ័ក​ហៅ​គាត់​ថា​បាណាបាស បាន​លក់​ដី​របស់​ខ្លួន ហើយ​ធ្វើ​វិភាគទាន​ប្រាក់​ទាំង​អស់​ដោយ​ចិត្ត​ទូលាយ។ នេះ​ដើម្បី​ជួយ​អស់​អ្នក​ដែល​មក​ពី​ឆ្ងាយ​ឲ្យ​ស្នាក់​នៅ​ក្រុង​យេរូសាឡិម​យូរ​ជាង។ យ៉ាង​នេះ ពួក​គេ​អាច​រៀន​ថែម​ទៀត​អំពី​ជំនឿ​ថ្មី ដែល​ពួក​គេ​ទើប​តែ​បាន​ទទួល។

១៩. ហេតុ​អ្វី​បាន​ជា​ព្រះ​យេហូវ៉ា​ប្រហារ​ជីវិត​អាណានាស​និង​សាភីរ៉ា?

១៩ ប្ដី​ប្រពន្ធ​មួយ​គូ​ឈ្មោះ​អាណានាស​និង​សាភីរ៉ា ក៏​បាន​លក់​ដី​របស់​ខ្លួន ហើយ​ធ្វើ​វិភាគទាន​ដែរ។ ពួក​គេ​កុហក​ថា បាន​ឲ្យ​ប្រាក់​ទាំង​អស់​ពី​ថ្លៃ​លក់​ដី ប៉ុន្តែ​តាម​ពិត​ពួក​គេ​បាន​«​លាក់​ប្រាក់​មួយ​ចំនួន​ទុក​»។ (​សកម្ម. ៥:២​) ព្រះ​យេហូវ៉ា​បាន​ប្រហារ​ជីវិត​ប្ដី​ប្រពន្ធ​នេះ មិន​មែន​ដោយ​សារ​ពួក​គេ​ឲ្យ​ប្រាក់​តិច​នោះ​ទេ តែ​ដោយ​សារ​ពួក​គេ​ឲ្យ​ដោយ​បំណង​អាក្រក់​និង​ការ​បោក​ប្រាស់។ ពួក​គេ​«​មិន​គ្រាន់​តែ​កុហក​មនុស្ស​ទេ តែ​ក៏​បាន​កុហក​ព្រះ​ដែរ​»។ (​សកម្ម. ៥:៤​) ដូច​មនុស្ស​លាក់​ពុត​ដែល​លោក​យេស៊ូ​បាន​ផ្ដន្ទា​ទោស អាណានាស​និង​សាភីរ៉ា​ចង់​បាន​ការ​សរសើរ​ពី​មនុស្ស ជា​ជាង​ការ​ពេញ​ចិត្ត​ពី​ព្រះ។—ម៉ាថ. ៦:១​-​៣

២០. តើ​យើង​រៀន​អ្វី​ខ្លះ​អំពី​ការ​ឲ្យ​ដល់​ព្រះ​យេហូវ៉ា?

២០ សព្វ​ថ្ងៃ​នេះ​សាក្សី​ព្រះ​យេហូវ៉ា​រាប់​លាន​នាក់ ក៏​បង្ហាញ​ចិត្ត​ទូលាយ​ដូច​ពួក​អ្នក​កាន់​តាម​ដ៏​ស្មោះ​ត្រង់​នៅ​សតវត្សរ៍​ទី​១​ក្នុង​ក្រុង​យេរូសាឡិម​ដែរ គឺ​ពួក​គេ​គាំទ្រ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​នៅ​ទូ​ទាំង​ពិភព​លោក ដោយ​ធ្វើ​វិភាគទាន​ស្ម័គ្រ​ចិត្ត។ គ្មាន​អ្នក​ណា​ម្នាក់​បាន​ត្រូវ​បង្ខំ​ឲ្យ​ចំណាយ​ពេល​វេលា ឬ​លុយ​កាក់​ដើម្បី​គាំទ្រ​កិច្ច​ការ​នេះ​ទេ។ ប្រាកដ​ណាស់ ព្រះ​យេហូវ៉ា​មិន​ចង់​ឲ្យ​យើង​បម្រើ​លោក​ដោយ​បង្ខំ​ចិត្ត ឬ​ដោយ​ទើស​ទាល់​ឡើយ។ (​២កូ. ៩:៧​) យើង​គួរ​ចាំ​ថា​ចំពោះ​ព្រះ​យេហូវ៉ា សំខាន់​បំផុត​គឺ​បំណង​ចិត្ត​ដែល​យើង​ឲ្យ មិន​មែន​បរិមាណ​ឬ​ចំនួន​ដែល​យើង​ឲ្យ​ទេ។ (​ម៉ាក. ១២:៤១​-​៤៤​) ហេតុ​នេះ យើង​មិន​ចង់​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​សារ​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន ឬ​ចង់​បាន​ការ​សរសើរ​ដូច​អាណានាស​និង​សាភីរ៉ា​ឡើយ។ ផ្ទុយ​ទៅ​វិញ ដូច​ពេត្រុស យ៉ូហាន និង​បាណាបាស យើង​ចង់​បន្ត​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​សារ​យើង​ស្រឡាញ់​លោក និង​ស្រឡាញ់​បង​ប្អូន​រួម​ជំនឿ។—ម៉ាថ. ២២:៣៧​-​៤០

ពេត្រុស ពី​អ្នក​នេសាទ​ទៅ​ជា​សាវ័ក​ដ៏​ខ្នះ​ខ្នែង

ពេត្រុស​មាន​ឈ្មោះ​ប្រាំ​នៅ​ក្នុង​គម្ពីរ។ ឈ្មោះ​គាត់​ជា​ភាសា​ហេប្រឺ​ហៅ​ថា​ស៊ីម្មាន ហើយ​ជា​ភាសា​ក្រិច​ហៅ​ថា​ស៊ីម៉ូន​ឬ​ពេត្រុស និង​ជា​ភាសា​អារ៉ាម​ហៅ​ថា​កេផាស។ សាវ័ក​ម្នាក់​នេះ​ក៏​បាន​ត្រូវ​ហៅ​ដែរ​ថា​ស៊ីម៉ូន​ពេត្រុស ដែល​ជា​ការ​ដាក់​ឈ្មោះ​ពីរ​បញ្ចូលគ្នា។—ម៉ាថ. ១០:២; យ៉ូន. ១:៤២; សកម្ម. ១៥:១៤

សាវ័កពេត្រុសកំពុងកាន់ត្រីមួយកញ្ឆើ។

ពេត្រុស​បាន​រៀប​ការ ហើយ​ក្រោយ​មក​ម្ដាយ​ក្មេក និង​ប្អូន​ប្រុស​គាត់​មក​រស់​នៅ​ផ្ទះ​គាត់​ជា​មួយ​គ្នា។ (​ម៉ាក. ១:២៩​-​៣១​) ពេត្រុស​ជា​អ្នក​នេសាទ​ត្រី​មក​ពី​ក្រុង​បេតសេដា ដែល​ជា​ក្រុង​មួយ​នៅ​ឆ្នេរ​ខាង​ជើង​សមុទ្រ​កាលីឡេ។ (​យ៉ូន. ១:៤៤​) ក្រោយ​មក គាត់​រស់​នៅ​ជិត​ក្រុង​កាពើណិម។ (​លូក. ៤:​៣១, ៣៨​) ទូក​ដែល​លោក​យេស៊ូ​បាន​អង្គុយ ពេល​លោក​មាន​ប្រសាសន៍​ទៅ​កាន់​មនុស្ស​ជា​ច្រើន​ដែល​មក​ជុំ​គ្នា​នៅ​ឆ្នេរ​សមុទ្រ​កាលីឡេ ជា​ទូក​របស់​ពេត្រុស។ លុះ​បង្រៀន​ចប់ លោក​យេស៊ូ​បង្គាប់​ពេត្រុស​ឲ្យ​ទម្លាក់​អួន។ រួច​មក លោក​ធ្វើ​អព្ភូតហេតុ​ឲ្យ​គាត់​ចាប់​ត្រី​បាន​យ៉ាង​ច្រើន។ ឃើញ​ដូច្នោះ ពេត្រុស​លុត​ជង្គង់​ដោយ​ការ​ភ័យ​ខ្លាច ប៉ុន្តែ​លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​កុំ​ខ្លាច​ឡើយ។ ចាប់​តាំង​ពី​ឥឡូវ​នេះ​ទៅ អ្នក​នឹង​នេសាទ​មនុស្ស​វិញ​»។ (​លូក. ៥:១​-​១១​) ពេត្រុស​បាន​នេសាទ​ត្រី​ជា​មួយ​អនទ្រេ​ជា​ប្អូន​ប្រុស រួម​ទាំង​យ៉ាកុប និង​យ៉ូហាន។ ពួក​គាត់​ទាំង​បួន​នាក់​បាន​ទទួល​យក​ការ​អញ្ជើញ​ពី​លោក​យេស៊ូ ដើម្បី​ទៅ​ជា​អ្នក​កាន់​តាម​លោក។ ដូច្នេះ ពួក​គាត់​បោះ​បង់​ចោល​មុខ​របរ​នេសាទ។ (​ម៉ាថ. ៤:១៨​-​២២; ម៉ាក. ១:១៦​-​១៨​) ប្រហែល​មួយ​ឆ្នាំ​ក្រោយ​មក លោក​យេស៊ូ​បាន​ជ្រើស​រើស​អ្នក​កាន់​តាម​១២​នាក់​ឲ្យ​ធ្វើ​ជា​«​សាវ័ក​»​ ដែល​មាន​ន័យ​ថា​«​ចាត់​ឲ្យ​ទៅ​»​ ហើយ​ពេត្រុស​ក៏​ជា​សាវ័ក​ម្នាក់​ក្នុង​ចំណោម​ពួក​គាត់​ដែរ។—ម៉ាក. ៣:​១៣​-​១៦

លោក​យេស៊ូ​បាន​ជ្រើស​រើស​ពេត្រុស យ៉ាកុប និង​យ៉ូហាន​ឲ្យ​រួម​ដំណើរ​ជា​មួយ​លោក​ក្នុង​ឱកាស​ពិសេស​ដូច​ជា លោក​បាន​ឲ្យ​ពួក​គាត់​ឃើញ​ការ​ផ្លាស់​ប្រែ​លក្ខណៈ​ក្រៅ​របស់​លោក ឃើញ​លោក​ប្រោស​កូន​ស្រី​យ៉ែរ៉ូស​ឲ្យ​រស់​ឡើង​វិញ និង​ឲ្យ​ពួក​គាត់​នៅ​ជា​មួយ​ពេល​ដែល​លោក​កើត​ទុក្ខ​យ៉ាង​ខ្លាំង​ក្នុង​សួន​កេតសេម៉ានី។ (​ម៉ាថ. ១៧:១, ២; ២៦:៣៦​-​៤៦; ម៉ាក. ៥:២២​-​២៤, ៣៥​-​៤២; លូក. ២២:៣៩​-​៤៦​) ពួក​គាត់​ទាំង​បី​នាក់​និង​អនទ្រេ​បាន​សួរ​លោក​យេស៊ូ អំពី​សញ្ញា​សម្គាល់​នៃ​វត្តមាន​របស់​លោក។—ម៉ាក. ១៣:១​-​៤

ពេត្រុស​ជា​មនុស្ស​និយាយ​ត្រង់ រឹង​មាំ​ស្វាហាប់ និង​ជួន​កាល​តក់​ក្រ​ហល់។ តាម​មើល​ទៅ គាត់​ច្រើន​តែ​និយាយ​មុន​បង​ប្អូន​ឯ​ទៀត​និយាយ។ សៀវភៅ​ដំណឹង​ល្អ​មាន​ពាក្យ​សម្ដី​របស់​ពេត្រុស ច្រើន​ជាង​ពាក្យ​សម្ដី​របស់​សាវ័ក​១១​នាក់​ទៀត។ ពេត្រុស​ចូល​ចិត្ត​សួរ​សំណួរ ខណៈ​ដែល​អ្នក​ឯ​ទៀត​នៅ​ស្ងៀម។ (​ម៉ាថ. ១៥:១៥; ១៨:២១; ១៩:២៧​-​២៩; លូក. ១២:៤១; យ៉ូន. ១៣:៣៦​-​៣៨​) នៅ​ពេល​មួយ គាត់​មិន​ព្រម​ឲ្យ​លោក​យេស៊ូ​លាង​ជើង​របស់​គាត់​ទេ តែ​ក្រោយ​ពី​គាត់​រង​ការ​ស្ដី​បន្ទោស គាត់​បាន​សុំ​លោក​ឲ្យ​លាង​ដៃ​និង​ក្បាល​គាត់​ផង!—យ៉ូន. ១៣:៥​-​១០

ពេត្រុស​ស្រឡាញ់​លោក​យេស៊ូ​ខ្លាំង​ដល់​ម្ល៉េះ បាន​ជា​គាត់​ព្យាយាមបញ្ចុះ​បញ្ចូល​លោក​ឲ្យ​គិត​ថា លោក​មិន​ចាំ​បាច់​រង​ការ​ឈឺ​ចាប់​និង​ស្លាប់​ឡើយ។ ប៉ុន្តែ លោក​យេស៊ូ​បាន​កែ​តម្រង់​គាត់​យ៉ាង​ម៉ឺង​ម៉ាត់ ពីព្រោះ​គាត់​និយាយ​ដោយ​មិន​គិត​ពិចារណា។ (​ម៉ាថ. ១៦:២១​-​២៣​) ក្នុង​រាត្រី​ចុង​ក្រោយ​ដែល​លោក​យេស៊ូ​នៅ​ផែនដី ពេត្រុស​បាន​ប្រកាស​ថា ទោះ​ជា​សាវ័ក​ឯ​ទៀត​បោះ​បង់​ចោល​លោក តែ​គាត់​នឹង​មិន​បោះ​បង់​ចោល​លោក​ជា​ដាច់​ខាត។ ពេល​សត្រូវ​ចាប់​ខ្លួន​លោក​យេស៊ូ ពេត្រុស​កាន់​ដាវ​យ៉ាង​ក្លាហាន​ការ​ពារ​លោក រួច​គាត់​បាន​ដើរ​តាម​លោក​ទៅ​ទី​ធ្លា​ផ្ទះ​របស់​សម្ដេច​សង្ឃ។ ប៉ុន្តែ មិន​យូរ​ប៉ុន្មាន ពេត្រុស​បាន​បដិសេធ​លោក​ម្ចាស់​របស់​គាត់​អស់​បី​ដង រួច​មក​ពេល​គាត់​ដឹង​អំពី​ទង្វើ​របស់​ខ្លួន គាត់​យំ​ដោយ​នឹក​ស្ដាយ​ជា​ខ្លាំង។—ម៉ាថ. ២៦:៣១​-​៣៥, ៥១, ៥២, ៦៩​-​៧៥

បន្តិច​មុន​លោក​យេស៊ូ​លេច​មក​ជួប​ពួក​សាវ័ក​នៅ​ស្រុក​កាលីឡេ​ជា​លើក​ដំបូង ពេត្រុស​បាន​និយាយ​ថា​គាត់​នឹង​ទៅ​នេសាទ​ត្រី ហើយ​សាវ័ក​ឯ​ទៀត​ក៏​បាន​ទៅ​ជា​មួយ​គាត់​ដែរ។ ពេល​ពេត្រុស​ដឹង​ថា លោក​យេស៊ូ​នៅ​លើ​ឆ្នេរ គាត់​បាន​លោត​ចូល​ទឹក​យ៉ាង​តក់​ក្រ​ហល់ ហើយ​ហែល​ទៅ​ឯ​ច្រាំង។ នៅ​ពេល​ពួក​សាវ័ក​បរិភោគ​ត្រី​ជា​អាហារ​ព្រឹក ដែល​លោក​យេស៊ូ​បាន​ចម្អិន​ឲ្យ លោក​បាន​សួរ​ពេត្រុស​ថា​គាត់​ស្រឡាញ់​លោក​ច្រើន​ជាង​«​អ្វី​ៗ​ទាំង​នេះ​»​ ពោល​គឺ​ត្រី​ដែល​នៅ​ពី​មុខ​ពួក​គាត់​ឬ​យ៉ាង​ណា។ លោក​យេស៊ូ​បាន​ដាស់​តឿន​ពេត្រុស ឲ្យ​ជ្រើស​រើស​ធ្វើ​ជា​អ្នក​កាន់​តាម​លោក​ពេញ​ពេល ជា​ជាង​ផ្ដោត​ទៅ​លើ​អាជីព​ដូច​ជា​របរ​នេសាទ​ត្រី។—យ៉ូន. ២១:១​-​២២

ប្រហែល​នៅ​ឆ្នាំ​៦២​ដល់​៦៤ គ.ស. ពេត្រុស​បាន​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​នៅ​ក្រុង​បាប៊ីឡូន ដែល​សព្វ​ថ្ងៃ​នៅ​ប្រទេស​អ៊ីរ៉ាក់ ជា​កន្លែង​ដែល​មាន​ជនជាតិ​យូដា​ច្រើន​រស់​នៅ។ (​១ពេ. ៥:១៣​) នៅ​ក្រុង​បាប៊ីឡូន ពេត្រុស​បាន​សរសេរ​សំបុត្រ​ទី​១ និង​ប្រហែល​ជា​សំបុត្រ​ទី​២​ដែរ ហើយ​សំបុត្រ​ទាំង​ពីរ​នោះ​បាន​ហៅ​តាម​ឈ្មោះ​របស់​គាត់។ លោក​យេស៊ូ​ទុក​ចិត្ត​ពេត្រុស​ដោយ​‹ឲ្យ​អំណាច​ដល់​គាត់​ដើម្បី​ធ្វើ​ជា​សាវ័ក​សម្រាប់​ពួក​អ្នក​ដែល​បាន​ទទួល​ការ​កាត់​ចុង​ស្បែក›។ (​កាឡ. ២:៨, ៩​) ពេត្រុស​បំពេញ​ភារកិច្ច​របស់​គាត់​យ៉ាង​ខ្នះខ្នែង និង​ដោយ​ចិត្ត​អាណិត​មេត្តា។

យ៉ូហាន អ្នក​កាន់​តាម​ជា​ទី​ស្រឡាញ់​របស់​លោក​យេស៊ូ

សាវ័ក​យ៉ូហាន​ជា​កូន​ប្រុស​របស់​សេបេដេ និង​ជា​ប្អូន​ប្រុស​របស់​សាវ័ក​យ៉ាកុប។ តាម​មើល​ទៅ​ម្ដាយ​គាត់​ឈ្មោះ​សាឡូមេ ប្រហែល​ជា​ប្អូន​ស្រី​របស់​ម៉ារៀ​ដែល​ជា​ម្ដាយ​លោក​យេស៊ូ។ (​ម៉ាថ. ១០:២; ២៧:៥៥, ៥៦; ម៉ាក. ១៥:៤០; លូក. ៥:៩, ១០​) ដូច្នេះ យ៉ូហាន​អាច​ជា​សាច់​ញាតិ​របស់​លោក​យេស៊ូ។ ជំនួញ​នេសាទ​ត្រី​របស់​សេបេដេ​គឺ​ធំ​ល្មម ជា​ហេតុ​ដែល​គាត់​មាន​កូន​ឈ្នួល។ នេះ​បញ្ជាក់​ថា​ក្រុម​គ្រួសារ​យ៉ូហាន​ទំនង​ជា​អ្នក​មាន។ (​ម៉ាក. ១:២០​) សាឡូមេ​បាន​ទៅ​ជា​មួយ​នឹង​លោក​យេស៊ូ​ដើម្បី​បម្រើ​លោក ពេល​លោក​នៅ​ស្រុក​កាលីឡេ ហើយ​ក្រោយ​មក​សាឡូមេ​បាន​យក​គ្រឿង​ក្រអូប​មក​លាប​សព​លោក​យេស៊ូ។ (​ម៉ាក. ១៦:១; យ៉ូន. ១៩:៤០​) យ៉ូហាន​ប្រហែល​ជា​មាន​ផ្ទះ​ខ្លួន​ឯង។—យ៉ូន. ១៩:២៦, ២៧

សាវ័កយ៉ូហានកំពុងកាន់រមូរ។

យ៉ូហាន​ធ្លាប់​ជា​អ្នក​កាន់​តាម​យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក។ តាម​មើល​ទៅ គាត់​បាន​ឈរ​ជា​មួយ​នឹង​អនទ្រេ ក្នុង​កាល​ដែល​យ៉ូហាន​ជា​អ្នក​ជ្រមុជ​ទឹក​កំពុង​មើល​លោក​យេស៊ូ ហើយ​និយាយ​ថា​៖ ​«​មើល​ហ្ន៎! កូន​ចៀម​របស់​ព្រះ!​»។ (​យ៉ូន. ១:៣៥, ៣៦, ៤០​) បន្ទាប់​ពី​ឮ​ដូច្នេះ យ៉ូហាន​ជា​កូន​សេបេដេ​ក៏​ទៅ​តាម​លោក​យេស៊ូ ពួក​គាត់​ទំនង​ជាទៅ​ភូមិ​កាណា។ នៅ​ទី​នោះ យ៉ូហាន​បាន​ឃើញ​អព្ភូតហេតុ​ដំបូង​របស់​លោក។ (​យ៉ូន. ២:១​-​១១​) ការ​រៀប​រាប់​យ៉ាង​ល្អិត​ល្អន់ និង​ច្បាស់​លាស់​របស់​យ៉ូហាន​អំពី​សកម្មភាព​ក្រោយ​មក​របស់​លោក​យេស៊ូ​នៅ​ក្រុង​យេរូសាឡិម នៅ​ស្រុក​សាម៉ារី និង​ស្រុក​កាលីឡេ បង្ហាញ​ថា​យ៉ូហាន​ដែល​បាន​សរសេរ​សៀវភៅ​ដំណឹង​ល្អ ក៏​ប្រហែល​ជា​បាន​ឃើញ​ព្រឹត្តិការណ៍​ទាំង​នោះ​ដែរ។ ដូច​យ៉ាកុប ពេត្រុស និង​អនទ្រេ​ដែរ យ៉ូហាន​បាន​ស្ម័គ្រ​ចិត្ត​បោះ​បង់​ចោល​អួន ទូក និង​មុខ​របរ ពេល​លោក​យេស៊ូ​ហៅ​គាត់​ឲ្យ​ធ្វើ​ជា​អ្នក​កាន់​តាម​លោក។ នេះ​ជា​ភ័ស្តុតាង​ដែល​បង្ហាញ​ថា គាត់​មាន​ជំនឿ។—ម៉ាថ. ៤:១៨​-​២២

ក្នុង​សៀវភៅ​ដំណឹង​ល្អ យ៉ូហាន​មិន​លេច​ធ្លោ​ដូច​ពេត្រុស​ទេ។ យ៉ាង​ណា​មិញ យ៉ូហាន​ជា​មនុស្ស​រឹង​មាំ​ស្វាហាប់ ដូច​ដែល​លោក​យេស៊ូ​បាន​ដាក់​រហស្សនាម​ឲ្យ​គាត់​និង​យ៉ាកុប​ជា​បង​ថា បោណាគើស ដែល​មាន​ន័យ​ថា​«​កូន​ផ្គរ​លាន់​»។ (​ម៉ាក. ៣:១៧​) ដំបូង យ៉ូហាន​ជា​មនុស្ស​ចង់​បាន​មុខ​មាត់​ខ្លាំង​ណាស់ រហូត​ដល់​ប្រាប់​ម្ដាយ​ឲ្យ​ទៅ​សុំ​លោក​យេស៊ូ​ដើម្បី​ឲ្យ​ពួក​គាត់​មាន​តំណែង​ខ្ពស់​ក្នុង​រាជាណាចក្រ​លោក។ ពិត​មែន​តែ​ពួក​គាត់​មាន​ចិត្ត​លោភ​លន់ តែ​នេះ​ក៏​បង្ហាញ​ថា​ពួក​គាត់​មាន​ជំនឿ​ថា​រាជាណាចក្រ​ព្រះ​ពិត​ជា​មាន​មែន! ចិត្ត​លោភ​លន់​របស់​ពួក​គាត់ បាន​ផ្ដល់​ឱកាស​ឲ្យ​លោក​យេស៊ូ​ដាស់​តឿន​ដល់​ពួក​សាវ័ក​ទាំង​អស់ អំពី​សារៈ​សំខាន់​នៃ​ការ​មាន​ចិត្ត​រាប​ទាប។—ម៉ាថ. ២០:២០​-​២៨

យ៉ូហាន​ឆាប់​បង្ហាញ​ប្រតិកម្ម ពេល​គាត់​ព្យាយាម​បញ្ឈប់​បុរស​ម្នាក់​ដែល​កំពុង​បណ្ដេញ​វិញ្ញាណ​កំណាច​ដោយ​នូវ​នាម​លោក​យេស៊ូ ដោយ​សារ​បុរស​នោះ​មិន​មែន​ជា​អ្នក​កាន់​តាម​លោក​ទេ។ នៅ​ពេល​មួយ​ទៀត យ៉ូហានបម្រុង​នឹង​ហៅ​ភ្លើង​ពី​លើ​មេឃ មក​បំផ្លាញ​ភូមិ​មួយ​របស់​ជន​ជាតិ​សាម៉ារី ដែល​មិន​ព្រម​ស្វាគមន៍​លោក​យេស៊ូ ពេល​លោក​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​រៀបចំ​សម្រាប់​ទទួល​លោក។ ពេល​ឃើញ​យ៉ូហាន​មាន​អាកប្បកិរិយា​បែប​នេះ លោក​យេស៊ូ​បាន​ស្ដី​បន្ទោស​គាត់។ ប៉ុន្តែ បន្តិចម្ដង​ៗ​យ៉ូហាន​បាន​រៀន​ឲ្យ​ចេះ​ថ្លឹង​ថ្លែង និង​មាន​សេចក្ដី​មេត្តា​ករុណា។ (​លូក. ៩:៤៩​-​៥៦​) ទោះ​ជា​យ៉ូហាន​មាន​ចំណុច​ខ្វះ​ខាត​ក្ដី គាត់​ជា​«​អ្នក​កាន់​តាម​ដែល​លោក​យេស៊ូ​ស្រឡាញ់​»។ ដូច្នេះ ពេល​លោក​យេស៊ូ​ហៀប​នឹង​ស្លាប់ លោក​បាន​ឲ្យ​យ៉ូហាន​មើល​ថែ​ម៉ារៀ​ដែល​ជា​ម្ដាយ​របស់​លោក។—យ៉ូន. ១៩:២៦, ២៧; ២១:៧, ២០, ២៤

យ៉ូហាន​ជា​សាវ័ក​ដែល​មាន​អាយុ​វែង​ជាង​សាវ័ក​ឯ​ទៀត ដូច​លោក​យេស៊ូ​បាន​ប្រាប់​ទុក​ជា​មុន។ (​យ៉ូន. ២១:២០​-​២២​) យ៉ូហាន​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់​អស់​ប្រហែល៧០​ឆ្នាំ។ នៅ​ជិត​ចុង​បញ្ចប់​នៃ​ជីវិត​របស់​គាត់ ក្នុង​អំឡុង​ការ​គ្រប់​គ្រង​របស់​អធិរាជ​រ៉ូម​ឈ្មោះ​ដូមីធាន យ៉ូហាន​បាន​ត្រូវ​និរទេស​ទៅ​កោះ​ប៉ាត់ម៉ុស ដោយ​សារ​គាត់​«​និយាយ​អំពី​ព្រះ​និង​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​លោក​យេស៊ូ​»។ នៅ​ទី​នោះ ប្រហែល​ជា​ឆ្នាំ​៩៦ គ.ស. យ៉ូហាន​បាន​ទទួល​ការ​បើក​បង្ហាញ​ក្នុង​គំនិត ដែល​គាត់​បាន​កត់​ទុក​ក្នុង​សៀវភៅ​ការ​បើក​បង្ហាញ។ (​បប. ១:១, ២, ៩​) យោង​តាម​អ្វី​ដែល​គេ​និយាយ ក្រោយ​ពី​យ៉ូហាន​បាន​ត្រូវ​ដោះ​លែង គាត់​បាន​ទៅ​ក្រុង​អេភេសូរ ជា​កន្លែង​ដែល​គាត់​បាន​សរសេរ​សៀវភៅ​ដំណឹង​ល្អ​ដោយ​ដាក់​តាម​ឈ្មោះ​របស់​គាត់​គឺ សំបុត្រ​យ៉ូហាន​ទី​១ ទី២ និង​ទី​៣។ រួច​មក គាត់​ស្លាប់​ប្រហែល​ជា​នៅ​ឆ្នាំ​១០០ គ.ស. ក្នុង​ក្រុង​អេភេសូរ។

a ក្នុង​វិហារ មាន​ការ​អធិដ្ឋាន​នៅ​ពេល​ជូន​គ្រឿង​បូជា​ពេល​ព្រឹក​និង​ពេល​ល្ងាច។ គ្រឿង​បូជា​ពេល​ល្ងាច ត្រូវ​ជូននៅ​«​ម៉ោង​ទី​៩​»​ ឬ​ប្រហែល​ជា​ម៉ោង​៣​រសៀល។

b សូម​មើល​ប្រអប់​«​ពេត្រុស ពី​អ្នក​នេសាទ​ទៅ​ជា​សាវ័ក​ដ៏​ខ្នះ​ខ្នែង​» និង​«​យ៉ូហាន អ្នក​កាន់​តាម​ជា​ទី​ស្រឡាញ់​របស់​លោក​យេស៊ូ​»។

c សូម​មើល​ប្រអប់​«​សម្ដេច​សង្ឃ​និង​សង្ឃ​នាយក​»។

d នៅ​ឆ្នាំ​៣៣ គ.ស. ក្នុង​ក្រុង​យេរូសាឡិម​មាន​ពួក​ផារិស៊ី​ប្រហែល​៦.០០០​នាក់ ហើយ​មាន​ចំនួន​ពួក​សាឌូស៊ី​តិច​ជាង​នោះ​ទៅ​ទៀត។ ម្ល៉ោះ​ហើយ នេះ​អាច​ជា​ហេតុ​ផល​មួយ​ទៀត​ដែល​ធ្វើ​ឲ្យ​ក្រុម​ទាំង​ពីរ​នោះ កាន់​តែ​ភ័យ​ខ្លាច​ចំពោះ​សេចក្ដី​បង្រៀន​របស់​លោក​យេស៊ូ ដោយ​សារ​ចំនួន​អ្នក​កាន់​តាម​លោក​កាន់​តែ​ច្រើន។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក