ជំពូកទី៣០
វិធីយកឈ្នះអារម្មណ៍ភ័យខ្លាច
តើកូនស្រួលបម្រើព្រះយេហូវ៉ាទេ?— គ្រូដ៏ល្អប្រសើរមិនបាននិយាយថាការបម្រើព្រះយេហូវ៉ាគឺងាយស្រួលនោះទេ។ នៅយប់មុនដែលគេសម្លាប់លោកយេស៊ូ លោកបានប្រាប់ពួកសាវ័កថា៖ «ប្រសិនបើពិភពលោកនេះស្អប់អ្នករាល់គ្នា នោះអ្នករាល់គ្នាដឹងថាគេបានស្អប់ខ្ញុំ មុនគេស្អប់អ្នករាល់គ្នា»។—យ៉ូហាន ១៥:១៨
ពេត្រុសបានអួតថាគាត់នឹងមិនបោះបង់ចោលលោកយេស៊ូជាដាច់ខាត។ ប៉ុន្តែលោកយេស៊ូបាននិយាយថា ពេត្រុសនឹងបដិសេធមិនទទួលស្គាល់លោកអស់បីដងនៅយប់នោះ។ ពេត្រុសពិតជាបានធ្វើដូច្នោះមែន! (ម៉ាថាយ ២៦:៣១-៣៥, ៦៩-៧៥) តើរឿងបែបនេះអាចកើតឡើងយ៉ាងដូចម្ដេចបាន?— រឿងនោះបានកើតឡើងដោយសារពេត្រុសបានភ័យខ្លាច ហើយសាវ័កឯទៀតក៏បានភ័យខ្លាចដែរ។
ហេតុអ្វីពួកគាត់ភ័យខ្លាច? តើកូនដឹងទេ?— ដោយសារពួកគាត់មិនបានធ្វើអ្វីមួយដ៏សំខាន់។ បើយើងដឹងអំពីអ្វីដ៏សំខាន់ដែលពួកគាត់មិនបានធ្វើនោះ នោះអាចជួយយើងឲ្យបម្រើព្រះយេហូវ៉ាដោយមិនភ័យខ្លាច មិនថាមានអ្នកណាម្នាក់និយាយឬធ្វើយ៉ាងណាចំពោះយើងក៏ដោយ។ ដូច្នេះ មុនបង្អស់យើងត្រូវរំលឹកឡើងវិញនូវអ្វីដែលបានកើតឡើង នៅយប់ចុងក្រោយដែលលោកយេស៊ូបាននៅជាមួយពួកសាវ័ក។
មុនដំបូង លោកយេស៊ូនិងពួកគាត់បានធ្វើបុណ្យរំលងជាមួយគ្នា។ បុណ្យនេះជាពិធីអាហារពិសេសដែលធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹករាស្ត្ររបស់ព្រះថា លោកបានរំដោះពួកគេចេញពីការបម្រើគេនៅស្រុកអេស៊ីប។ បន្ទាប់ពីលោកយេស៊ូបានធ្វើបុណ្យរំលង លោកបានផ្ដើមធ្វើពិធីពិសេសមួយទៀតជាមួយនឹងពួកគាត់។ យើងនឹងពិគ្រោះអំពីរឿងនេះនៅជំពូកផ្សេងទៀត ហើយក្នុងជំពូកនោះនឹងពន្យល់នូវមូលហេតុដែលពិធីនោះជួយយើងឲ្យនឹកចាំអំពីលោកយេស៊ូ។ ក្រោយចប់ពិធីពិសេសនោះ លោកយេស៊ូបាននិយាយលើកទឹកចិត្តពួកសាវ័ក។ រួចមកលោកនាំពួកគាត់ចេញទៅសួនហ្គេតសេម៉ានី។ សួននេះជាកន្លែងដែលលោកយេស៊ូនិងពួកគាត់ឧស្សាហ៍ទៅលេង។
ក្នុងសួននេះ លោកយេស៊ូបានដើរចេញពីពួកគាត់ឆ្ងាយបន្ដិចដើម្បីអធិដ្ឋានទៅព្រះ។ លោកក៏បានប្រាប់ពេត្រុស យ៉ាកុប និងយ៉ូហានឲ្យអធិដ្ឋានដែរ។ ប៉ុន្តែ ពួកគាត់បានដេកលក់។ អស់បីលើកដែលលោកយេស៊ូចេញពីពួកគាត់ទៅអធិដ្ឋាន ហើយពេលលោកត្រឡប់មកវិញទាំងបីលើក លោកឃើញថាពេត្រុសនិងសាវ័កឯទៀតកំពុងដេកលក់! (ម៉ាថាយ ២៦:៣៦-៤៧) តើកូនដឹងមូលហេតុដែលពួកគាត់គួរតែដឹងខ្លួនជានិច្ចដើម្បីអធិដ្ឋានទេ?— សូមស្ដាប់អំពីរឿងនេះ។
ហេតុអ្វីពេត្រុស យ៉ាកុប និងយ៉ូហានគួរដឹងខ្លួនជានិច្ច?
នៅល្ងាចនោះ យូដាសអ៊ីស្ការីយ៉ុតក៏បានចូលរួមបុណ្យរំលងជាមួយនឹងលោកយេស៊ូនិងសាវ័កឯទៀតដែរ។ កូនប្រហែលជានៅចាំ យូដាសបានក្លាយទៅជាចោរ តែឥឡូវគាត់ក្លាយទៅជាជនក្បត់ទៀត។ គាត់ដឹងថាសួនហ្គេតសេម៉ានីជាកន្លែងដែលលោកយេស៊ូនិងពួកសាវ័កឧស្សាហ៍ជួបគ្នា។ ដូច្នេះ យូដាសបាននាំពួកទាហានទៅទីនោះដើម្បីចាប់លោកយេស៊ូ។ ពេលពួកគេទៅដល់ លោកយេស៊ូសួរពួកគេថា៖ «តើអ្នករាល់គ្នាកំពុងរកអ្នកណា?»។
ពួកទាហានឆ្លើយថា៖ ‹រកយេស៊ូ›។ លោកយេស៊ូបានឆ្លើយដោយក្លាហានទៅកាន់ពួកគេវិញថា៖ «ខ្ញុំនេះហើយជាអ្នកនោះ»។ ពេលឃើញលោកយេស៊ូតបឆ្លើយដោយក្លាហានបែបនេះ ធ្វើឲ្យពួកទាហានភ្ញាក់ផ្អើលខ្លាំងណាស់ រហូតដល់ថយក្រោយហើយដួលដល់ដី។ រួចមក លោកយេស៊ូនិយាយថា៖ ‹ប្រសិនបើអ្នករាល់គ្នាកំពុងរកខ្ញុំ ចូរឲ្យពួកសាវ័កខ្ញុំទៅចុះ›។—យ៉ូហាន ១៨:១-៩
ពេលពួកទាហានចាប់ចងលោកយេស៊ូ ពួកសាវ័កបានភ័យខ្លាចហើយរត់ចេញទៅ។ ប៉ុន្តែពេត្រុស និងយ៉ូហានចង់ដឹងថានឹងមានអ្វីកើតឡើងចំពោះលោកយេស៊ូ ដូច្នេះពួកគាត់បានដើរតាមពីចម្ងាយ។ នៅទីបំផុត គេបាននាំលោកយេស៊ូទៅផ្ទះសម្ដេចសង្ឃកៃផា។ ដោយសារសម្ដេចសង្ឃស្គាល់យ៉ូហាន អ្នកយាមទ្វារបានឲ្យគាត់និងពេត្រុសចូលក្នុងទីធ្លាផ្ទះ។
នៅទីនោះ ពួកសង្ឃបានជួបជុំគ្នានៅផ្ទះរបស់កៃផារួចហើយ ដើម្បីធ្វើការវិនិច្ឆ័យទោសលោកយេស៊ូ។ ពួកគេចង់ប្រហារជីវិតលោកយេស៊ូ។ ដូច្នេះ ពួកគេបាននាំសាក្សីខ្លះចូលមក ដើម្បីនិយាយកុហកអំពីលោក។ ពួកគេបានដាល់និងទះកំផ្លៀងលោក។ ពេលដែលរឿងទាំងអស់នេះកើតឡើង ពេត្រុសក៏នៅក្បែរនោះដែរ។
អ្នកយាមទ្វារដែលបានឲ្យពេត្រុសនិងយ៉ូហានចូលក្នុង ចំណាំមុខពេត្រុស នាងនិយាយថា៖ ‹អ្នកក៏បាននៅជាមួយនឹងយេស៊ូដែរ!›។ ប៉ុន្តែ ពេត្រុសបានបដិសេធមិនទទួលស្គាល់លោកយេស៊ូទេ។ ក្រោយពីនោះបន្ដិច ស្ត្រីម្នាក់ទៀតក៏បានចំណាំមុខពេត្រុសដែរ នាងនិយាយប្រាប់អ្នកដែលឈរនៅទីនោះថា៖ «បុរសនេះធ្លាប់នៅជាមួយនឹងយេស៊ូ»។ ម្ដងនេះទៀត ពេត្រុសក៏បដិសេធមិនទទួលស្គាល់លោកដែរ។ មិនយូរក្រោយមក មនុស្សមួយក្រុមឃើញពេត្រុសហើយនិយាយទៅគាត់ថា៖ «អ្នកច្បាស់ជាពួកនោះដែរ»។ ពេត្រុសបានបដិសេធជាលើកទី៣ថា៖ «ខ្ញុំមិនស្គាល់បុរសនោះទេ!»។ ពេត្រុសថែមទាំងស្បថថាពាក្យដែលគាត់និយាយជាពាក្យពិត ពេលនោះលោកយេស៊ូបែរទៅមើលគាត់។—ម៉ាថាយ ២៦:៥៧-៧៥; លូកា ២២:៥៤-៦២; យ៉ូហាន ១៨:១៥-២៧
ហេតុអ្វីពេត្រុសខ្លាចដល់ម្ល៉េះរហូតដល់និយាយកុហកថាមិនស្គាល់លោកយេស៊ូ?
ហេតុអ្វីពេត្រុសបាននិយាយកុហក? តើកូនដឹងទេ?— មែនហើយ ដោយសារតែគាត់ភ័យខ្លាច។ ប៉ុន្តែ ហេតុអ្វីគាត់ភ័យខ្លាច? មានអ្វីមួយដែលគាត់មិនបានធ្វើដើម្បីពង្រឹងចិត្តក្លាហាន។ តើនោះជាអ្វីទៅ? សូមគិតអំពីនេះ តើលោកយេស៊ូបានធ្វើអ្វីដើម្បីមានចិត្តក្លាហាន?— លោកបានអធិដ្ឋានទៅព្រះ ហើយព្រះបានជួយលោកឲ្យមានចិត្តក្លាហាន។ កូនប្រហែលជានៅចាំថា លោកយេស៊ូបានប្រាប់ពេត្រុសអស់បីដងឲ្យអធិដ្ឋានដើម្បីដឹងខ្លួនជានិច្ច ហើយឲ្យចាំយាម។ ប៉ុន្តែ តើគាត់បានធ្វើតាមទេ?—
រាល់លើក ពេត្រុសបានដេកលក់ គាត់មិនបានអធិដ្ឋាននិងចាំយាមទេ។ ដូច្នេះ គាត់មិនបានត្រៀមខ្លួនទុកជាមុនសម្រាប់អ្វីដែលនឹងកើតឡើង ពេលដែលគេមកចាប់លោកយេស៊ូភ្លាមៗនោះទេ។ ក្រោយមក នៅឯកន្លែងវិនិច្ឆ័យទោស ពួកគេបានវាយលោកយេស៊ូ ហើយរៀបគម្រោងប្រហារជីវិតលោក។ នេះធ្វើឲ្យពេត្រុសភ័យខ្លាច។ ប៉ុន្តែ ប៉ុន្មានម៉ោងមុននេះ តើលោកយេស៊ូបានប្រាប់ពួកសាវ័កថានឹងមានអ្វីកើតឡើងចំពោះពួកគាត់?— លោកយេស៊ូបានប្រាប់ពួកគាត់ថា មនុស្សក្នុងពិភពលោកបានស្អប់លោក ដូច្នេះពួកគេក៏នឹងស្អប់ពួកគាត់ដែរ។
តើកូនគិតថាកូនអាចនឹងជួបស្ថានភាពណាខ្លះដែលស្រដៀងនឹងពេត្រុស?
ឥឡូវសូមគិតថារឿងដែលបានកើតឡើងចំពោះពេត្រុសក៏អាចកើតឡើងចំពោះយើងដែរ។ ឧបមាថា កូនកំពុងនៅក្នុងថ្នាក់រៀន សិស្សរួមថ្នាក់ឯទៀតចាប់ផ្ដើមនិយាយអាក្រក់អំពីអ្នកដែលមិនគោរពទង់ជាតិឬធ្វើបុណ្យ។ បន្ទាប់មក សិស្សម្នាក់បែរមកកូនហើយសួរថា៖ «តើឯងមិនគោរពទង់ជាតិពិតមែនទេ?» ឬក៏សិស្សឯទៀតសួរថា៖ «យើងឮថាឯងក៏មិនធ្វើបុណ្យដែរ!»។ តើកូននឹងខ្លាចនិយាយប្រាប់ការពិតទេ?— តើចិត្តកូននឹងជំរុញកូនឲ្យនិយាយកុហកដូចពេត្រុសទេ?—
ពេត្រុសសោកស្ដាយយ៉ាងខ្លាំងដែលគាត់បានបដិសេធមិនទទួលស្គាល់លោកយេស៊ូ។ ពេលពេត្រុសដឹងកំហុស គាត់ចេញទៅក្រៅហើយយំ។ នេះបង្ហាញថាគាត់បានប្រែចិត្ត ហើយចាប់ផ្ដើមកាន់តាមលោកយេស៊ូម្ដងទៀត។ (លូកា ២២:៣២) ឥឡូវសូមកូនគិតអំពីរឿងនេះ។ តើអ្វីអាចជួយយើងមិនឲ្យភ័យខ្លាចរហូតដល់និយាយដូចពេត្រុស?— សូមចាំថា ពេត្រុសមិនបានអធិដ្ឋាននិងចាំយាមទេ។ ដូច្នេះហើយ តើកូនគិតថាយើងត្រូវធ្វើអ្វីដើម្បីក្លាយទៅជាអ្នកកាន់តាមគ្រូដ៏ល្អប្រសើរ?—
យើងត្រូវអធិដ្ឋានសុំជំនួយពីព្រះយេហូវ៉ាជាចាំបាច់។ ពេលលោកយេស៊ូបានអធិដ្ឋាន តើកូនដឹងថាព្រះបានធ្វើអ្វីដើម្បីជួយលោកយេស៊ូទេ?— ព្រះបានចាត់ទេវតាមួយរូបមកពង្រឹងកម្លាំងចិត្តលោកយេស៊ូ។ (លូកា ២២:៤៣) ស្រដៀងគ្នាដែរ តើទេវតារបស់ព្រះអាចជួយយើងទេ?— គម្ពីរប្រាប់ថា៖ ‹ទេវតានៃព្រះយេហូវ៉ាចោមរោមនៅជុំវិញនៃអស់អ្នកដែលកោតខ្លាចដល់លោក ហើយក៏ជួយគេឲ្យរួច›។ (ទំនុកតម្កើង ៣៤:៧) ប៉ុន្តែដើម្បីទទួលជំនួយពីព្រះយេហូវ៉ា យើងមិនគ្រាន់តែអធិដ្ឋានប៉ុណ្ណោះទេ តែយើងក៏ត្រូវធ្វើអ្វីផ្សេងទៀតដែរ។ តើនោះជាអ្វីទៅ? តើកូនដឹងទេ?— លោកយេស៊ូបានប្រាប់អ្នកកាន់តាមលោកឲ្យដឹងខ្លួនជានិច្ច និងចាំយាម។ តើកូនគិតថាយើងអាចធ្វើដូច្នោះយ៉ាងដូចម្ដេច?—
យើងត្រូវស្ដាប់ដោយយកចិត្តទុកដាក់នៅកិច្ចប្រជុំគ្រិស្តសាសនិក។ ពេលយើងអានគម្ពីរយើងក៏ត្រូវផ្ចង់អារម្មណ៍ដែរ។ ប៉ុន្តែ យើងក៏ត្រូវអធិដ្ឋានទៅព្រះយេហូវ៉ាជាទៀងទាត់ ហើយសុំព្រះជួយយើងឲ្យបម្រើលោក។ បើយើងធ្វើដូច្នោះ ព្រះនឹងជួយយើងឲ្យយកឈ្នះអារម្មណ៍ភ័យខ្លាច។ ដូច្នេះហើយ យើងនឹងរីករាយពេលដែលមានឱកាសប្រាប់អ្នកឯទៀតអំពីគ្រូដ៏ល្អប្រសើរនិងបិតារបស់លោក។
ដើម្បីកុំឲ្យភ័យខ្លាចអ្នកឯទៀតដែលចង់រារាំងយើងពីការធ្វើអ្វីដែលត្រឹមត្រូវ សូមអានបទគម្ពីរទាំងនេះនៅ សុភាសិត ២៩:២៥ យេរេមា ២៦:១២-១៥, ២០-២៤ និងយ៉ូហាន ១២:៤២, ៤៣។