ជំពូកទី១២៦
ពេត្រុសបដិសេធលោកយេស៊ូ
ម៉ាថាយ ២៦:៦៩-៧៥ ម៉ាកុស ១៤:៦៦-៧២ លូកា ២២:៥៤-៦២ យ៉ូហាន ១៨:១៥-១៨, ២៥-២៧
ពេត្រុសបដិសេធលោកយេស៊ូ
ពេលដែលលោកយេស៊ូត្រូវគេចាប់ខ្លួននៅសួនហ្គេតសេម៉ានី ពួកសាវ័កបានភ័យខ្លាច ដូច្នេះពួកគាត់បានបោះបង់ចោលលោក ហើយរត់ចោលលោកអស់ទៅ។ ប៉ុន្តែ មានសាវ័កពីរនាក់ដែលបានឈប់រត់ ពួកគាត់គឺពេត្រុសនិង«អ្នកកាន់តាមម្នាក់ទៀត» ដែលទំនងជាសាវ័កយ៉ូហាន។ (យ៉ូហាន ១៨:១៥; ១៩:៣៥; ២១:២៤) ពួកគាត់ប្រហែលជាទៅតាមលោកយេស៊ូ ពេលដែលលោកត្រូវគេនាំទៅឯអេណាស។ នៅពេលដែលអេណាសបញ្ជូនលោកទៅផ្ទះរបស់សម្ដេចសង្ឃកៃផាស ពេត្រុសនិងយ៉ូហានបានដើរតាមលោកពីចម្ងាយ។ ពួកគាត់ទំនងជាពិបាកចិត្តយ៉ាងខ្លាំង ពីព្រោះពួកគាត់ខ្លាចថាពួកគាត់ត្រូវស្លាប់ ហើយក៏បារម្ភអំពីអ្វីដែលនឹងកើតឡើងចំពោះម្ចាស់របស់ពួកគាត់ផងដែរ។
សម្ដេចសង្ឃស្គាល់យ៉ូហាន ហេតុនេះយ៉ូហានអាចចូលទៅក្នុងទីធ្លាផ្ទះរបស់កៃផាសបាន។ ប៉ុន្តែ ពេលនោះពេត្រុសឈរចាំនៅខាងក្រៅនៅឯមាត់ទ្វាររហូតដល់ពេលដែលយ៉ូហានត្រឡប់មកវិញ ហើយគាត់និយាយទៅកាន់ស្ត្រីបម្រើម្នាក់ដែលជាអ្នកយាមទ្វារសុំឲ្យពេត្រុសចូលមកខាងក្នុងដែរ។ បន្ទាប់មក ពេត្រុសក៏អាចចូលបាន។
យប់នេះមានអាកាសធាតុត្រជាក់ ដូច្នេះមនុស្សដែលនៅឯទីធ្លាផ្ទះកំពុងឈរអាំងភ្លើង។ ពេត្រុសអង្គុយអាំងភ្លើងនៅក្បែរពួកគេដែរ កាលដែលគាត់រង់ចាំ«ដើម្បីឲ្យដឹងថា»ការវិនិច្ឆ័យក្ដីចំពោះលោកយេស៊ូ«នឹងទៅជាយ៉ាងណា»។ (ម៉ាថាយ ២៦:៥៨) ឥឡូវនេះពេត្រុសកំពុងអង្គុយនៅជិតពន្លឺភ្លើង ដូច្នេះអ្នកយាមទ្វារដែលបានអនុញ្ញាតឲ្យពេត្រុសចូល អាចមើលឃើញគាត់ច្បាស់ជាង។ រួចនាងនិយាយថា៖ «តើអ្នកជាអ្នកកាន់តាមម្នាក់របស់បុរសនេះដែរឬ?»។ (យ៉ូហាន ១៨:១៧) ប៉ុន្តែ មិនមែនតែនាងប៉ុណ្ណោះទេដែលចំណាំពេត្រុស ហើយចោទថាគាត់ជាអ្នកដែលនៅជាមួយនឹងលោកយេស៊ូ។—ម៉ាថាយ ២៦:៦៩, ៧១-៧៣; ម៉ាកុស ១៤:៧០
ការចោទប្រកាន់នោះធ្វើឲ្យពេត្រុសបារម្ភយ៉ាងខ្លាំង ដូច្នេះគាត់គេចចេញទៅល្វែងខាងក្រៅ ហើយព្យាយាមមិនឲ្យអ្នកឯទៀតសម្គាល់ថាគាត់ធ្លាប់នៅជាមួយនឹងលោកយេស៊ូនោះទេ។ គាត់រហូតដល់បដិសេធថា៖ «ខ្ញុំមិនស្គាល់គាត់ទេ ហើយក៏មិនយល់អ្វីដែលអ្នកកំពុងនិយាយដែរ»។ (ម៉ាកុស ១៤:៦៧, ៦៨) ពេត្រុសថែមទាំងចាប់ផ្ដើម«ដាក់បណ្ដាសាខ្លួនឯងហើយស្បថ»ទៀតផង ពីព្រោះគាត់ចង់បង្ហាញថា ពាក្យសម្ដីរបស់គាត់គឺជាពាក្យពិត ប៉ុន្តែបើមិនមែនជាពាក្យពិតទេគាត់សុខចិត្តទទួលទោស។—ម៉ាថាយ ២៦:៧៤
ដំណាលគ្នានោះ លោកយេស៊ូកំពុងត្រូវគេវិនិច្ឆ័យ តាមមើលទៅលោកត្រូវគេវិនិច្ឆ័យនៅកន្លែងមួយដែលនៅខាងលើទីធ្លាផ្ទះរបស់កៃផាស។ ពេត្រុសនិងអ្នកឯទៀតដែលរង់ចាំនៅខាងក្រោមប្រហែលជាឃើញសាក្សីជាច្រើននាក់ចេញចូលដើម្បីចោទប្រកាន់លោកយេស៊ូ។
ពួកអ្នកដែលចោទប្រកាន់ពេត្រុសមិនជឿការបដិសេធរបស់គាត់ទេ ពីព្រោះរបៀបដែលគាត់និយាយបង្ហាញថាគាត់ជាអ្នកស្រុកកាលីឡេ។ បន្ថែមទៅទៀត ម្នាក់ក្នុងចំណោមមនុស្សទាំងនោះគឺជាសាច់ញាតិរបស់ម៉ាលឃូសដែលពេត្រុសបានកាប់ដាច់ស្លឹកត្រចៀក។ ដូច្នេះ គេចាប់ផ្ដើមចោទប្រកាន់ពេត្រុសថា៖ «ខ្ញុំបានឃើញអ្នកនៅសួនច្បារជាមួយនឹងគាត់ដែរ មែនទេ?»។ ពេលដែលពេត្រុសបដិសេធលោកយេស៊ូជាលើកទី៣ មាន់ក៏ចាប់ផ្ដើមរងាវដូចអ្វីដែលលោកយេស៊ូបានប្រកាសទុកជាមុន។—យ៉ូហាន ១៣:៣៨; ១៨:២៦, ២៧
នៅពេលនោះ តាមមើលទៅលោកយេស៊ូនៅរានហាល ហើយលោកកំពុងសម្លឹងមើលមកទីធ្លាផ្ទះ។ លោកម្ចាស់បែរខ្លួនសម្លឹងទៅមើលពេត្រុស ពេលនោះគាត់នឹកចាំអំពីអ្វីដែលលោកយេស៊ូបានមានប្រសាសន៍នៅប៉ុន្មានម៉ោងមុននេះនៅឯបន្ទប់ជាន់ខាងលើ។ ដូច្នេះគាត់ពិតជាឈឺចិត្តខ្លាំងណាស់។ សូមស្រមៃគិតថាពេត្រុសឈឺចិត្តខ្លាំងយ៉ាងណាទៅនៅពេលដែលគាត់ដឹងអំពីអ្វីដែលគាត់បានធ្វើ! ពេត្រុសចេញទៅខាងក្រៅហើយយំដោយនឹកស្ដាយជាខ្លាំង។—លូកា ២២:៦១, ៦២
តើរឿងនេះអាចកើតឡើងយ៉ាងដូចម្ដេច? តើពេត្រុសដែលជាអ្នកមានជំនឿរឹងមាំនិងមានភក្ដីភាពចំពោះព្រះ អាចបដិសេធម្ចាស់របស់គាត់យ៉ាងដូចម្ដេចបាន? សេចក្ដីពិតអំពីលោកយេស៊ូបានត្រូវផ្លាស់ប្ដូរឲ្យទៅជាមិនពិត ហើយលោកយេស៊ូក៏ត្រូវគេចាត់ទុកថាជាឧក្រិដ្ឋជនដ៏អាក្រក់ម្នាក់ដែរ។ នៅពេលនោះពេត្រុសអាចការពារលោកយេស៊ូដែលជាបុរសម្នាក់ដែលគ្មានកំហុស ផ្ទុយទៅវិញគាត់បានបដិសេធលោកយេស៊ូដែល«ប្រសាសន៍របស់លោកនាំឲ្យបានជីវិតដែលគ្មានទីបញ្ចប់»។—យ៉ូហាន ៦:៦៨
បទពិសោធន៍ដ៏គួរឲ្យសោកស្ដាយរបស់ពេត្រុសបង្ហាញថា ទោះបីជាមនុស្សម្នាក់មានជំនឿនិងមានចិត្តស្មោះភក្ដីចំពោះព្រះក៏ដោយ គាត់អាចបាត់បង់ជំហរមាំមួនក្នុងជំនឿបាន។ ហេតុអ្វី? ពីព្រោះគាត់មិនបានត្រៀមខ្លួនរួចជាស្រេចចំពោះទុក្ខលំបាកនិងការល្បងលដែលនឹងកើតមានដោយមិនដឹងទុកជាមុនទេ។ អ្វីដែលបានកើតឡើងចំពោះពេត្រុសគឺជាការព្រមានសម្រាប់អ្នកបម្រើទាំងអស់របស់ព្រះ!