បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • bt ជំ. ១៧ ទំ. ១៥១-១៥៨
  • ‹គាត់បានលើកបទគម្ពីរមកជជែកវែកញែកជាមួយនឹងពួកគេ›

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ‹គាត់បានលើកបទគម្ពីរមកជជែកវែកញែកជាមួយនឹងពួកគេ›
  • ចូរ«ធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់»អំពីរាជាណាចក្ររបស់ព្រះ
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ‹គាត់​វែក​ញែក​ពី​បទ​គម្ពីរ› (​សកម្មភាព ១៧:១​-​៣​)
  • ​«​ពួក​គេ​ខ្លះ​បាន​ទៅ​ជា​អ្នក​ជឿ​»​ (​សកម្មភាព ១៧:៤​-​៩​)
  • ពួក​គេ​«​មាន​សន្ដាន​ចិត្ត​ល្អ​»​ (​សកម្មភាព ១៧:១០​-​១៥​)
  • ប៉ូលនិងធីម៉ូថេ
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • «សូមឆ្លងមកតំបន់ម៉ាសេដូន»
    ចូរ«ធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់»អំពីរាជាណាចក្ររបស់ព្រះ
ចូរ«ធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់»អំពីរាជាណាចក្ររបស់ព្រះ
bt ជំ. ១៧ ទំ. ១៥១-១៥៨

ជំពូក​ទី​១៧

‹គាត់​បាន​លើក​បទ​គម្ពីរ​មក​ជជែក​វែក​ញែក​ជា​មួយ​នឹង​ពួក​គេ›

មូលដ្ឋាន​គ្រឹះ​សម្រាប់​ការ​បង្រៀន​ដ៏​មាន​ប្រសិទ្ធភាព​និង​គំរូ​ល្អ​របស់​អ្នក​ក្រុង​បេរៀ

មាន​មូលដ្ឋាន​លើ​សកម្មភាព ១៧:១​-​១៥

១, ២. តើ​អ្នក​ណា​ខ្លះ​ធ្វើ​ដំណើរ​ពី​ក្រុង​ភីលីព​ទៅ​ក្រុង​ថែស្សាឡូនិច? ហើយ​តើ​ពួក​គាត់​ប្រហែល​ជា​គិត​អំពី​អ្វី?

ផ្លូវ​ធំ​ដ៏​សំខាន់​មួយ​ដែល​សាង​សង់​ដោយ​វិស្វករ​ឆ្នើម​របស់​រ៉ូម គឺ​ជា​ផ្លូវ​កាត់​តាម​ភ្នំ​ខ្ពស់​ទាប​រដិប​រដុប។ នៅ​លើ​ផ្លូវ​ដ៏​មមាញឹក​នោះ​ឮ​តែ​សំឡេង​អ៊ូអរ​ផ្សេង​ៗ​ដូច​ជា សំឡេង​សត្វ​លា សំឡេង​កង់​រទេះ​ដែល​បរ​នៅ​លើ​ផ្លូវ​ក្រាល​ថ្ម សំឡេង​ស្រែក​របស់​ពួក​ទាហាន ពួក​ឈ្មួញ និង​សំឡេង​ពួក​សិប្បករ​ជា​ដើម។ បុរស​បី​នាក់​មាន​ប៉ូល ស៊ីឡាស និង​ធីម៉ូថេ កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​នោះ​អស់​ជាង​១៣០​គីឡូ​ម៉ែត្រ ពី​ក្រុង​ភីលីព​ទៅ​ក្រុង​ថែស្សាឡូនិច។ ការ​ធ្វើ​ដំណើរ​នោះ​មិន​ងាយ​ស្រួល​ឡើយ ជា​ពិសេស​សម្រាប់​ប៉ូល​និង​ស៊ីឡាស ពីព្រោះ​ពួក​គាត់​មិន​ទាន់​បាត់​ឈឺ​មុខ​របួស ដែល​ត្រូវ​គេ​វាយ​នឹង​ដំបង​នៅ​ក្រុង​ភីលីព​នៅ​ឡើយ។—សកម្ម. ១៦:២២, ២៣

២ តើ​អ្វី​ជួយ​ពួក​គាត់​ឲ្យ​ស៊ូ​ទ្រាំ​ក្នុង​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ដ៏​វែង​ឆ្ងាយ​នេះ? ប្រាកដ​ជា​ការ​សន្ទនា​គ្នា​បាន​ជួយ​ពួក​គាត់។ ពួក​គាត់​នៅ​តែ​ចាំ​មិន​ភ្លេច​អំពី​បទ​ពិសោធន៍​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត ពេល​ដែល​ឆ្មាំ​គុក​នៅ​ក្រុង​ភីលីព និង​ក្រុម​គ្រួសារ​របស់​គាត់​បាន​ទៅ​ជា​អ្នក​ជឿ។ បទ​ពិសោធន៍​នោះ​កាន់​តែ​ពង្រឹង​ទំនុក​ចិត្ត​ពួក​គាត់ ឲ្យ​បន្ត​ផ្សព្វ​ផ្សាយ​អំពី​បណ្ដាំ​របស់​ព្រះ។ ក៏​ប៉ុន្តែ កាល​ដែល​ពួក​គាត់​ទៅ​ជិត​ដល់​ឆ្នេរ​សមុទ្រ​នៃ​ក្រុង​ថែស្សាឡូនិច ពួក​គាត់​ប្រហែល​ជា​ឆ្ងល់​ថា តើ​ជនជាតិ​យូដា​នៅ​ក្រុង​នោះ​នឹង​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​ពួក​គាត់? តើ​ពួក​គាត់​នឹង​ត្រូវ​គេ​ប្រឆាំង ហើយ​វាយ​ធ្វើ​បាប​ដូច​នៅ​ក្រុង​ភីលីព​ដែរ​ឬ​ទេ?

៣. ស្ដី​អំពី​ការ​មាន​ចិត្ត​ក្លាហាន​ដើម្បី​ផ្សព្វ​ផ្សាយ តើ​យើង​អាច​រៀន​អ្វី​ពី​គំរូ​របស់​ប៉ូល?

៣ ក្រោយ​មក ប៉ូល​បាន​បង្ហាញ​ពី​អារម្មណ៍​របស់​គាត់​ក្នុង​សំបុត្រ​មួយ ដែល​គាត់​សរសេរ​ទៅ​កាន់​គ្រិស្ត​សាសនិក​នៅ​ក្រុង​ថែស្សាឡូនិច​ថា​៖ ​«​ដូច​អ្នក​រាល់​គ្នា​ដឹង​ហើយ ទោះ​ជា​នៅ​ពេល​ដំបូង​យើង​បាន​រង​ទុក្ខ​លំបាក និង​ត្រូវ​គេ​ប្រព្រឹត្ត​ដោយ​គ្មាន​ការ​គោរព​មក​លើ​យើង​នៅ​ក្រុង​ភីលីព​ក៏​ដោយ យើង​បាន​តាំង​ចិត្ត​ក្លាហាន​ដោយ​សារ​ព្រះ​របស់​យើង ដើម្បី​ប្រាប់​ដំណឹង​ល្អ​របស់​ព្រះ​ដល់​អ្នក​រាល់​គ្នា ទាំង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​បៀតបៀន​យ៉ាង​ខ្លាំង​»។ (​១ថែ. ២:២​) ពាក្យ​ទាំង​នេះ​បង្ហាញ​ថា ប៉ូល​ហាក់​ដូច​ជា​ព្រួយ​បារម្ភ​អំពី​ការ​ចូល​ទៅ​ក្រុង​ថែស្សាឡូនិច ជា​ពិសេស​បន្ទាប់​ពី​ហេតុ​ការណ៍​ដែល​បាន​កើត​ឡើង​នៅ​ក្រុង​ភីលីព។ តើ​អ្នក​អាច​យល់​អារម្មណ៍​របស់​ប៉ូល​ទេ? តើ​អ្នក​ធ្លាប់​ជួប​ការ​ពិបាក​ក្នុង​ការ​ប្រកាស​ដំណឹង​ល្អ​ឬ​ទេ? ប៉ូល​ពឹង​ផ្អែក​ទៅ​លើ​ព្រះ​យេហូវ៉ា ដើម្បី​ឲ្យ​លោក​ជួយ​ផ្ដល់​កម្លាំង​និង​ចិត្ត​ក្លាហាន​ដែល​គាត់​ត្រូវ​ការ។ ការ​សិក្សា​អំពី​គំរូ​របស់​ប៉ូល ក៏​អាច​ជួយ​យើង​ឲ្យ​ធ្វើ​ដូច​គាត់​ដែរ។—១កូ. ៤:១៦

‹គាត់​វែក​ញែក​ពី​បទ​គម្ពីរ› (​សកម្មភាព ១៧:១​-​៣​)

៤. ហេតុ​អ្វី​យើង​អាច​និយាយ​ថា​ប៉ូល​ទំនង​ជា​ស្នាក់​នៅ​ក្រុង​ថែស្សាឡូនិច​យូរ​ជាង​បី​សប្ដាហ៍?

៤ កំណត់​ហេតុ​ប្រាប់​ថា កាល​ដែល​ប៉ូល​នៅ​ក្រុង​ថែស្សាឡូនិច គាត់​បាន​ផ្សព្វ​ផ្សាយ​នៅ​ក្នុង​សាលា​ប្រជុំ​អស់​បី​ថ្ងៃ​ឈប់​សម្រាក។ តើ​នេះ​មាន​ន័យ​ថា​គាត់​នៅ​ក្រុង​នោះ​តែ​បី​សប្ដាហ៍​ប៉ុណ្ណោះ​ឬ? ប្រហែល​ជា​មិន​ដូច្នេះ​ទេ។ យើង​មិន​ដឹង​ថា​ប៉ូល​ទៅ​ដល់​ក្រុង​ថែស្សាឡូនិច​បាន​ប៉ុន្មាន​ថ្ងៃ ទើប​គាត់​ទៅ​សាលា​ប្រជុំ​ឡើយ។ បន្ថែម​ទៅ​ទៀត សំបុត្រ​របស់​ប៉ូល​បង្ហាញ​ថា កាល​ដែល​គាត់​និង​ក្រុម​របស់​គាត់​នៅ​ក្នុង​ក្រុង​ថែស្សាឡូនិច ពួក​គាត់​បាន​ធ្វើ​ការ​ចិញ្ចឹម​ជីវិត។ (​១ថែ. ២:៩; ២ថែ. ៣:៧, ៨​) ណា​មួយ​ទៀត អំឡុង​ពេល​ដែល​ប៉ូល​ស្នាក់​នៅ​ទី​នោះ គាត់​បាន​ទទួល​ជំនួយ​ពីរ​ដង​ពី​បង​ប្អូន​នៅ​ក្រុង​ភីលីព។ (​ភី. ៤:១៦​) ដូច្នេះ ប៉ូល​ទំនង​ជា​ស្នាក់​នៅ​ក្រុង​ថែស្សាឡូនិច​យូរ​ជាង​បី​សប្ដាហ៍។

៥. តើ​តាម​របៀប​ណា​ប៉ូល​ជួយ​អ្នក​ស្ដាប់​ឲ្យ​គិត​ពិចារណា?

៥ ប៉ូល​បាន​ពង្រឹង​ចិត្ត​ក្លាហាន​ដើម្បី​ផ្សព្វ​ផ្សាយ​ដល់​អស់​អ្នក ដែល​មាន​វត្តមាន​នៅ​ក្នុង​សាលា​ប្រជុំ។ តាម​ទម្លាប់​របស់​ប៉ូល ​«​[​គាត់​]​បាន​លើក​បទ​គម្ពីរ​មក​ជជែក​វែក​ញែក​ជា​មួយ​នឹង​ពួក​គេ . . . គាត់​ពន្យល់​និង​បញ្ជាក់​ភ័ស្តុតាង​ដោយ​ផ្អែក​លើ​អ្វី​ដែល​បាន​ត្រូវ​សរសេរ ដើម្បី​ឲ្យ​ពួក​គេ​យល់​ថា​គ្រិស្ត​ត្រូវ​រង​ទុក្ខ ហើយ​រស់​ពី​ស្លាប់​ឡើង​វិញ។ គាត់​និយាយ​ថា​៖ ‹លោក​យេស៊ូ​ដែល​ខ្ញុំ​កំពុង​ផ្សព្វ​ផ្សាយ​ប្រាប់​អ្នក​រាល់​គ្នា គឺ​ជា​គ្រិស្ត​នោះ​ឯង›​»។ (​សកម្ម. ១៧:២, ៣​) សូម​កត់​សម្គាល់​ថា ប៉ូល​មិន​បាន​ព្យាយាម​និយាយ​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​រំភើប​ចិត្ត​ទេ តែ​គាត់​និយាយ​វែក​ញែក​ដែល​ធ្វើ​ឲ្យ​ពួក​គេ​គិត​ពិចារណា។ ប៉ូល​ដឹង​ថា​អ្នក​ដែល​មាន​វត្តមាន​នៅ​សាលា​ប្រជុំ​ស្គាល់​បទ​គម្ពីរ និង​គោរព​គម្ពីរ​យ៉ាង​ជ្រាល​ជ្រៅ។ ប៉ុន្តែ ពួក​គេ​មិន​ទាន់​យល់​បទ​គម្ពីរ​ទាំង​ស្រុង​នៅ​ឡើយ។ ដូច្នេះ ប៉ូល​ក៏​វែក​ញែក ពន្យល់ និង​បង្ហាញ​ភ័ស្តុតាង​ពី​បទ​គម្ពីរ​ដែល​បញ្ជាក់​ថា លោក​យេស៊ូ​ពី​ក្រុង​ណាសារ៉ែត​គឺ​ជា​មេស្ស៊ី​ឬ​គ្រិស្ត​ដែល​បាន​ត្រូវ​សន្យា។

៦. តើ​លោក​យេស៊ូ​បាន​វែក​ញែក​ពី​បទ​គម្ពីរ​យ៉ាង​ដូច​ម្ដេច? ហើយ​នាំ​ឲ្យ​មាន​លទ្ធផល​បែប​ណា?

៦ ប៉ូល​ធ្វើ​តាម​លំអាន​ដាន​របស់​លោក​យេស៊ូ ដោយ​ប្រើ​គម្ពីរ​ជា​មូលដ្ឋាន​ក្នុង​ការ​បង្រៀន។ ជា​ឧទាហរណ៍ ក្នុង​អំឡុង​ពេល​លោក​យេស៊ូ​បំពេញ​កិច្ច​បម្រើ​ផ្សាយ លោក​បាន​ប្រាប់​ពួក​អ្នក​កាន់​តាម​ថា កូន​មនុស្ស​នឹង​ត្រូវ​រង​ទុក្ខ ហើយ​ស្លាប់ រួច​មក​លោក​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដូច​បទ​គម្ពីរ​ចែង។ (​ម៉ាថ. ១៦:២១​) ក្រោយ​ពី​លោក​យេស៊ូ​រស់​ឡើង​វិញ លោក​បាន​លេច​មក​ជួប​អ្នក​កាន់​តាម​ខ្លះ។ នេះ​បង្ហាញ​យ៉ាង​ច្បាស់​ថា អ្វី​ដែល​លោក​មាន​ប្រសាសន៍​គឺ​ជា​ការ​ពិត។ ប៉ុន្តែ លោក​យេស៊ូ​បាន​ផ្ដល់​ភ័ស្តុតាង​ថែម​ទៀត។ សូម​យើង​ពិចារណា​អំពី​អ្វី​ដែល​លោក​បាន​ពន្យល់​ទៅ​អ្នក​កាន់​តាម​ខ្លះ គឺ​«​លោក​ចាប់​ផ្ដើម​បក​ស្រាយ​ប្រាប់​ពួក​គាត់​នូវ​អ្វី​ៗ​ស្ដី​អំពី​លោក​ក្នុង​បទ​គម្ពីរ​ទាំង​ឡាយ ចាប់​តាំង​ពី​ម៉ូសេ​និង​ពួក​អ្នក​ប្រកាស​ទំនាយ​គ្រប់​រូប​»។ តើ​នេះ​នាំ​ឲ្យ​មាន​លទ្ធផល​យ៉ាង​ណា? ពួក​អ្នក​កាន់​តាម​និយាយ​គ្នា​ថា​៖ ​«​យើង​បាន​រំភើប​ចិត្ត​ជា​ខ្លាំង កាល​ដែល​លោក​មាន​ប្រសាសន៍​មក​យើង​តាម​ផ្លូវ ហើយ​បាន​ពន្យល់​បទ​គម្ពីរ​យ៉ាង​អស់​សេចក្ដី​ឲ្យ​យើង​យល់ មែន​ទេ?​»។—លូក. ២៤:១៣, ២៧, ៣២

៧. ហេតុ​អ្វី​ការ​បង្រៀន​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ​មាន​សារៈ​សំខាន់​ម្ល៉េះ?

៧ ព័ត៌មាន​ក្នុង​បណ្ដាំ​របស់​ព្រះ​មាន​ឫទ្ធានុភាព។ (​ហេ. ៤:១២​) ដូច​លោក​យេស៊ូ ប៉ូល និង​សាវ័ក​ឯ​ទៀត​ដែរ គ្រិស្ត​សាសនិក​សព្វ​ថ្ងៃ​បង្រៀន​មនុស្ស​ដោយ​ផ្អែក​លើ​គម្ពីរ។ ម្យ៉ាង​ទៀត យើង​វែក​ញែក​ជា​មួយ​ម្ចាស់​ផ្ទះ ពន្យល់​អត្ថន័យ​បទ​គម្ពីរ និង​បញ្ជាក់​ភ័ស្តុតាង​ដោយ​បើក​គម្ពីរ​បង្ហាញ​ម្ចាស់​ផ្ទះ។ យ៉ាង​ណា​មិញ ដំណឹង​ដែល​យើង​ប្រាប់​មិន​មែន​មក​ពី​យើង​ទេ។ ពេល​យើង​ឧស្សាហ៍​ប្រើ​គម្ពីរ យើង​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​កត់​សម្គាល់​ថា ដំណឹង​ដែល​យើង​ផ្សាយ​មិន​មែន​មក​ពី​គំនិត​របស់​យើង​ឡើយ តែ​ជា​សេចក្ដី​បង្រៀន​មក​ពី​ព្រះ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ យើង​គួរ​ចាំ​ថា​ដំណឹង​ដែល​យើង​ផ្សាយ​មាន​មូលដ្ឋាន​រឹង​មាំ​ពី​បណ្ដាំ​របស់​ព្រះ។ ដំណឹង​នេះ​អាច​ទុក​ចិត្ត​បាន​ទាំង​ស្រុង។ ការ​ដឹង​អំពី​អ្វី​ទាំង​នោះ​ក៏​អាច​ជួយ​យើង​ឲ្យ​មាន​ទំនុក​ចិត្ត​ក្នុង​ការ​ប្រកាស​ផ្សាយ ដោយ​ចិត្ត​អង់អាច​ដូច​ប៉ូល​ដែរ។

​«​ពួក​គេ​ខ្លះ​បាន​ទៅ​ជា​អ្នក​ជឿ​»​ (​សកម្មភាព ១៧:៤​-​៩​)

៨​-​១០. ​(​ក​) តើ​បណ្ដា​ជន​នៅ​ក្រុង​ថែស្សាឡូនិច​មាន​ប្រតិកម្ម​យ៉ាង​ណា​ពេល​ឮ​ដំណឹង​ល្អ? (​ខ​) ហេតុ​អ្វី​បាន​ជា​ជនជាតិ​យូដា​ខ្លះ​ច្រណែន​ប៉ូល? (​គ​) តើ​ជនជាតិ​យូដា​ដែល​ជា​អ្នក​ប្រឆាំង​បាន​ធ្វើ​យ៉ាង​ណា?

៨ ប៉ូល​បាន​ពិសោធន៍​ហើយ​ថា ប្រសាសន៍​របស់​លោក​យេស៊ូ​គឺ​ជា​ការ​ពិត ដែល​ថា​៖ ​«​ខ្ញុំ​បម្រើ​មិន​មែន​ធំ​ជាង​ម្ចាស់​ខ្លួន​ទេ។ ប្រសិន​បើ​ពួក​គេ​បាន​បៀតបៀន​ខ្ញុំ នោះ​ពួក​គេ​នឹង​បៀតបៀន​អ្នក​រាល់​គ្នា​ដែរ។ ប្រសិន​បើ​ពួក​គេ​បាន​ប្រព្រឹត្ត​តាម​ពាក្យ​របស់​ខ្ញុំ នោះ​ពួក​គេ​នឹង​ប្រព្រឹត្ត​តាម​ពាក្យ​របស់​អ្នក​រាល់​គ្នា​ដែរ​»។ (​យ៉ូន. ១៥:២០​) នៅ​ក្រុង​ថែស្សាឡូនិច ប៉ូល​បាន​ជួប​នឹង​មនុស្ស​ដែល​មាន​ប្រតិកម្ម​ខុស​ៗ​គ្នា អ្នក​ខ្លះ​ស្ដាប់​ដោយ​យក​ចិត្ត​ទុក​ដាក់ រីឯ​អ្នក​ខ្លះ​ទៀត​ប្រឆាំង។ ស្ដី​អំពី​អស់​អ្នក​ដែល​ព្រម​ទទួល​យក​ដំណឹង​ល្អ លូកា​បាន​សរសេរ​ថា​៖ ​«​ពួក​គេ​ខ្លះ​[​គឺ​ជនជាតិ​យូដា​]​បាន​ទៅ​ជា​អ្នក​ជឿ​[​គឺ​ទៅ​ជា​គ្រិស្ត​សាសនិក​] ហើយ​បាន​សេព​គប់​ជា​មួយ​នឹង​ប៉ូល​និង​ស៊ីឡាស។ ពួក​ក្រិច​ច្រើន​សន្ធឹក​ដែល​គោរព​ប្រណិប័តន៍​ព្រះ និង​ស្ត្រី​ជា​ច្រើន​ដែល​មាន​មុខ​មាន​មាត់ ក៏​បាន​ធ្វើ​ដូច្នោះ​ដែរ​»។ (​សកម្ម. ១៧:៤​) ពួក​អ្នក​កាន់​តាម​ថ្មី​ទាំង​នេះ​ច្បាស់​ជា​សប្បាយ​ចិត្ត​ណាស់ ដែល​ពួក​គេ​បាន​យល់​បទ​គម្ពីរ​យ៉ាង​ត្រឹម​ត្រូវ។

៩ ទោះ​ជា​អ្នក​ខ្លះ​ឲ្យ​តម្លៃ​ចំពោះ​អ្វី​ដែល​ប៉ូល​បាន​និយាយ​ក៏​ដោយ អ្នក​ខ្លះ​ទៀត​បែរ​ជា​ខឹង​ទាំង​សង្កៀត​ធ្មេញ​ដាក់​គាត់។ ហេតុ​អ្វី​បាន​ជា​ជនជាតិ​យូដា​ខ្លះ​នៅ​ក្រុង​ថែស្សាឡូនិច​មាន​កំហឹង​ខ្លាំង​យ៉ាង​នេះ? ពីព្រោះ​ពួក​គេ​ច្រណែន​ប៉ូល ដោយ​សារ​គាត់​បាន​យក​ឈ្នះ​ចិត្ត​«​ពួក​ក្រិច​ច្រើន​សន្ធឹក​»។ ជនជាតិ​យូដា​ទាំង​នោះ​បាន​បង្រៀន​បទ​គម្ពីរ​ហេប្រឺ​ដល់​ជន​ជាតិ​ក្រិច​ដែល​ជា​សាសន៍​ដទៃ ក្នុង​បំណង​ឲ្យ​ពួក​គេ​ដូរ​មក​កាន់​សាសនា​យូដា ហើយ​បាន​ចាត់​ទុក​ជន​ជាតិ​ក្រិច​ទាំង​នោះ​ថា​ជា​កម្មសិទ្ធិ​របស់​ខ្លួន។ ប៉ុន្តែ នៅ​សុខ​ៗ​ស្រាប់​តែ​ប៉ូល​ហាក់​ដូច​ជា​មក​លួច​ជន​ជាតិ​ក្រិច​ទាំង​នេះ នៅ​កណ្ដាល​សាលា​ប្រជុំ​តែ​ម្ដង! ម្ល៉ោះ​ហើយ ពួក​គេ​ក្ដៅ​ចិត្ត​ណាស់!

ប៉ូលនិងស៊ីឡាសកំពុងលាក់ខ្លួននៅខាងក្រោយរបងទីធ្លា ដើម្បីគេចចេញពីមនុស្សមួយក្រុងដែលបង្កចលាចល។ បុរសម្នាក់កំពុងនិយាយទៅក្រុមមនុស្សទាំងនោះពីក្នុងរបង។

«​ពួក​គេ . . . រក​ចាប់​ប៉ូល​និង​ស៊ីឡាស​យក​ទៅ​ប្រគល់​ឲ្យ​មនុស្ស​ទាំង​នោះ​»។—សកម្មភាព ១៧:៥

១០ លូកា​បាន​ប្រាប់​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ជា​បន្ទាប់​ថា​៖ ​«​ជនជាតិ​យូដា​តាំង​មាន​ចិត្ត​ច្រណែន ក៏​ប្រមូល​បុរស​ទុច្ចរិត​មួយ​ចំនួន​ពី​ចំណោម​មនុស្ស​ត្រែត​ត្រត​ដែល​នៅ​តាម​ផ្សារ ហើយ​បង្កើត​ជា​ក្រុម​មួយ​បង្ក​ចលាចល​ក្នុង​ក្រុង។ ពួក​គេ​សម្រុក​ចូល​ក្នុង​ផ្ទះ​យេសុន ដើម្បី​រក​ចាប់​ប៉ូល​និង​ស៊ីឡាស​យក​ទៅ​ប្រគល់​ឲ្យ​មនុស្ស​ទាំង​នោះ។ លុះ​រក​ពួក​គាត់​មិន​ឃើញ ពួក​គេ​អូស​យេសុន​និង​បង​ប្រុស​ៗ​ខ្លះ​ទៅ​ឯ​ពួក​អ្នក​គ្រប់​គ្រង​ក្រុង​នោះ ដោយ​ស្រែក​ឡើង​ថា​៖ ‹ពួក​បុរស​ដែល​បាន​បង្ក​ឲ្យ​មាន​ភាព​ជ្រួល​ច្របល់​នៅ​គ្រប់​ទី​កន្លែង ក៏​នៅ​ទី​នេះ​ដែរ ហើយ​យេសុន​បាន​ទទួល​ពួក​គាត់​ឲ្យ​ស្នាក់​នៅ។ បុរស​ទាំង​អស់​នេះ​បំពាន​លើ​បញ្ញត្ដិ​របស់​សេសារ ដោយ​និយាយ​ថា​មាន​ស្ដេច​មួយ​ទៀត គឺ​យេស៊ូ›​»។ (​សកម្ម. ១៧:៥​-​៧​) តើ​ការ​វាយ​ប្រហារ​របស់​ក្រុម​មនុស្ស​ទាំង​នេះ​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​ប៉ូល​និង​គ្នា​របស់​គាត់?

១១. តើ​ពួក​អ្នក​ប្រឆាំង​បាន​ចោទ​ប្រកាន់​ប៉ូល​និង​គ្នា​របស់​គាត់​អំពី​រឿង​អ្វី​ខ្លះ? ហើយ​តើ​ពួក​អ្នក​ប្រឆាំង​ប្រហែល​ជា​គិត​អំពី​បទ​បញ្ញត្តិ​អ្វី? (​សូម​មើល​កំណត់​សម្គាល់​)

១១ ក្រុម​មនុស្ស​ទាំង​នេះ​ពោរ​ពេញ​ទៅ​ដោយ​កំហឹង ដែល​ប្រៀប​ដូច​ជា​ទឹក​បាក់​ទំនប់​ដែល​មិន​អាច​ទប់​ស្កាត់​បាន។ ការ​វាយ​ប្រហារ​នេះ​ជា​វិធី​សាស្ត្រ​ដែល​ជនជាតិ​យូដា​ប្រើ ដើម្បី​កម្ចាត់​ប៉ូល​និង​ស៊ីឡាស។ ក្រោយ​ពី​បាន​«​បង្ក​ចលាចល​»​ក្នុង​ក្រុង ពួក​គេ​ក៏​ព្យាយាម​ទៅ​បញ្ចុះ​បញ្ចូល​ពួក​អ្នក​គ្រប់​គ្រង​ក្រុង ដោយ​និយាយ​ចោទ​ប្រកាន់​ប៉ូល​និង​ស៊ីឡាស​យ៉ាង​ធ្ងន់​ធ្ងរ។ ទី​១ ពួក​គេ​ចោទ​ប្រកាន់​ប៉ូល​និង​គ្នា​របស់​គាត់​ដែល​ជា​អ្នក​ប្រកាស​ផ្សាយ​ដំណឹង​ល្អ ពី​បទ​«​បង្ក​ឲ្យ​មាន​ភាព​ជ្រួល​ច្របល់​នៅ​គ្រប់​ទី​កន្លែង​»​ ទោះ​ជា​ប៉ូល​និង​គ្នា​របស់​គាត់​មិន​បាន​ធ្វើ​ដូច្នេះ​នៅ​ក្រុង​ថែស្សាឡូនិច​ក្ដី! ទី​២ ជនជាតិ​យូដា​ទាំង​នោះ​ចោទ​ប្រកាន់​ពួក​គាត់ ពី​បទ​ផ្សព្វ​ផ្សាយ​ថា​មាន​ស្ដេច​មួយ​ទៀត​គឺ​យេស៊ូ។ ការ​ចោទ​ប្រកាន់​ទី​២​នេះ គឺ​ធ្ងន់​ធ្ងរ​ជាង​ការ​ចោទ​ប្រកាន់​ទី​១​ឆ្ងាយ​ណាស់។ ហេតុ​អ្វី? ពីព្រោះ​នេះ​បំពាន​លើ​បញ្ញត្តិ​របស់​អធិរាជ។a

១២. តើ​អ្វី​បង្ហាញ​ថា​ពាក្យ​ចោទ​ប្រកាន់​របស់​ពួក​អ្នក​ប្រឆាំង​ចំពោះ​គ្រិស្ត​សាសនិក​នៅ​ក្រុង​ថែស្សាឡូនិច អាច​នាំ​ឲ្យ​ពួក​គាត់​មាន​លទ្ធផល​ធ្ងន់​ធ្ងរ?

១២ សូម​ចាំ​ថា​ពួក​អ្នក​ដឹក​នាំ​សាសនា ក៏​ធ្លាប់​ចោទ​ប្រកាន់​លោក​យេស៊ូ​ស្រដៀង​នឹង​នោះ​ដែរ។ ពួក​គេ​បាន​និយាយ​ទៅ​កាន់​ពីឡាត​ថា​៖ ​«​យើង​ឃើញ​បុរស​នេះ​កំពុង​បំបះ​បំបោរ​ជាតិ​យើង . . . ហើយ​និយាយ​ថា​ខ្លួន​គាត់​ជា​គ្រិស្ត​ដែល​ជា​ស្ដេច​»។ (​លូក. ២៣:២​) ប្រហែល​ជា​ដោយ​សារ​ពីឡាត​ភ័យ​ខ្លាច​អធិរាជ​គិត​ថា គាត់​បណ្ដោយ​ឲ្យ​មាន​ការ​ក្បត់​ជាតិ ដូច្នេះ​គាត់​បាន​ប្រគល់​លោក​យេស៊ូ​ឲ្យ​គេ​ប្រហារ​ជីវិត។ ស្រដៀង​គ្នា​នឹង​ករណី​របស់​លោក​យេស៊ូ​ដែរ ពាក្យ​ចោទ​ប្រកាន់​របស់​ពួក​អ្នក​ប្រឆាំង​ចំពោះ​គ្រិស្ត​សាសនិក​នៅ​ក្រុង​ថែស្សាឡូនិច អាច​នាំ​ឲ្យ​ពួក​គាត់​មាន​លទ្ធផល​ធ្ងន់​ធ្ងរ។ សៀវភៅ​យោង​មួយ​បាន​ប្រាប់​ថា​៖ ​«​ពួក​គាត់​ស្ថិត​នៅ​ក្នុង​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់ ពីព្រោះ​‹បើ​គ្រាន់​តែ​អធិរាជ​គិត​ស្មាន​ថា​ពួក​គាត់​ក្បត់​ជាតិ នោះ​ពួក​គាត់​ក៏​អាច​ត្រូវ​ជាប់​ទោស​ប្រហារ​ជីវិត​ដែរ›​»។ តើ​ការ​ចោទ​ប្រកាន់​ដ៏​អាក្រក់​របស់​ពួក​គេ​បាន​ជោគ​ជ័យ​ឬ​ទេ?

១៣, ១៤. ​(​ក​) ហេតុ​អ្វី​ក្រុម​បង្ក​ចលាចល​មិន​អាច​បញ្ឈប់​កិច្ច​ការ​ផ្សព្វ​ផ្សាយ? (​ខ​) តើ​តាម​របៀប​ណា​ប៉ូល​បង្ហាញ​ការ​ប្រុង​ប្រយ័ត្ន​ដូច​លោក​យេស៊ូ​គ្រិស្ត? ហើយ​តើ​យើង​អាច​ធ្វើ​តាម​គំរូ​របស់​ប៉ូល​យ៉ាង​ដូច​ម្ដេច?

១៣ ក្រុម​មនុស្ស​ដែល​បង្ក​ចលាចល មិន​អាច​បញ្ឈប់​កិច្ច​ការ​ផ្សព្វ​ផ្សាយ​នៅ​ក្រុង​ថែស្សាឡូនិច​បាន​ឡើយ។ ហេតុ​អ្វី? ហេតុ​ផល​មួយ គឺ​ដោយ​សារ​ពួក​គេ​មិន​អាច​រក​ឃើញ​ប៉ូល​និង​ស៊ីឡាស។ បន្ថែម​ទៅ​ទៀត ពួក​គេ​គ្មាន​ភ័ស្តុតាង​គ្រប់​គ្រាន់ ដើម្បី​ធ្វើ​ឲ្យ​ពួក​អ្នក​គ្រប់​គ្រង​ក្រុង​ជឿ​ពាក្យ​ចោទ​ប្រកាន់​របស់​ពួក​គេ​ទេ។ បន្ទាប់​ពី​ពួក​អ្នក​គ្រប់​គ្រង​ក្រុង បាន​យក​«​ប្រាក់​ធានា​គ្រប់​គ្រាន់​»​ពី​យេសុន​និង​បង​ប្អូន​ឯ​ទៀត នោះ​ពួក​គេ​ក៏​ដោះ​លែង​ពួក​គាត់។ (​សកម្ម. ១៧:៨, ៩​) ប៉ូល​បាន​ធ្វើ​តាម​ឱវាទ​របស់​លោក​យេស៊ូ ដែល​ឲ្យ​«​ប្រុង​ប្រយ័ត្ន​ដូច​សត្វ​ពស់ តែ​មាន​ចិត្ត​ស្លូត​ត្រង់​ដូច​សត្វ​ព្រាប​»។ ហេតុ​នេះ គាត់​បាន​គេច​ផុត​ពី​គ្រោះ​ថ្នាក់ ហើយ​បន្ត​ផ្សព្វ​ផ្សាយ​នៅ​កន្លែង​ផ្សេង​ទៀត។ (​ម៉ាថ. ១០:១៦​) ច្បាស់​ណាស់ ចិត្ត​ក្លាហាន​របស់​ប៉ូល​មិន​មាន​ន័យ​ថា គាត់​មិន​ប្រុង​ប្រយ័ត្ន​ឡើយ។ តើ​គ្រិស្ត​សាសនិក​នៅ​សព្វ​ថ្ងៃ​អាច​ធ្វើ​តាម​គំរូ​របស់​ប៉ូល​យ៉ាង​ដូច​ម្ដេច?

១៤ នៅ​សម័យ​ទំនើប​នេះ ជា​ញឹក​ញយ​បព្វជិត​គ្រិស្ត​សាសនា​អុជ​អាល​ក្រុម​មនុស្ស ឲ្យ​ប្រឆាំង​សាក្សី​ព្រះ​យេហូវ៉ា។ ដោយ​ចោទ​ប្រកាន់​សាក្សី​ព្រះ​យេហូវ៉ា​ថា​ជា​មនុស្ស​បះ​បោរ​និង​ក្បត់​ជាតិ នោះ​ពួក​គេ​បាន​ធ្វើ​ឲ្យ​អ្នក​គ្រប់​គ្រង​ជា​ច្រើន​ប្រឆាំង​សាក្សី​ព្រះ​យេហូវ៉ា។ ដូច​ពួក​អ្នក​បៀតបៀន​នៅ​សតវត្សរ៍​ទី​១ ការ​ដែល​ពួក​អ្នក​ប្រឆាំង​ខ្លះ​ប្រព្រឹត្ត​មិន​ល្អ​ចំពោះ​សាក្សី​ព្រះ​យេហូវ៉ា​នៅ​សព្វ​ថ្ងៃ ក៏​ដោយ​សារ​ពួក​គេ​មាន​ចិត្ត​ច្រណែន​ដែរ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ គ្រិស្ត​សាសនិក​ពិត​មិន​ធ្វើ​ឲ្យ​ខ្លួន​ស្ថិត​នៅ​ក្នុង​គ្រោះ​ថ្នាក់​ឡើយ។ បើ​អាច​ធ្វើ​បាន យើង​ជៀស​វាង​ប្រឈម​មុខ​នឹង​មនុស្ស​ដែល​មាន​កំហឹង ឬ​មនុស្ស​ដែល​មិន​សម​ហេតុ​សម​ផល ព្រោះ​យើង​ចង់​ផ្សព្វ​ផ្សាយ​ក្នុង​ស្ថានភាព​ដែល​មាន​សន្តិភាព ហើយ​ប្រហែល​ជា​ត្រឡប់​ទៅ​តំបន់​នោះ​ម្ដង​ទៀត ពេល​ដែល​ស្ថានភាព​ធូរ​ស្រាល។

សេសារ​និង​សៀវភៅ​សកម្មភាព

ព្រឹត្តិការណ៍​ទាំង​អស់​ដែល​បាន​កត់​ទុក​ក្នុង​សៀវភៅ​សកម្មភាព ហើយ​តាម​ពិត​គឺ​ក្នុង​បទ​គម្ពីរ​គ្រិស្ត​សាសនិក​ជា​ភាសា​ក្រិច​ទាំង​មូល បាន​កើត​ឡើង​ក្នុង​ទឹក​ដី​នៃ​ចក្រភព​រ៉ូម។ នៅ​គ្រា​នោះ អធិរាជ​រ៉ូម​ជា​អ្នក​កាន់​អំណាច​ខ្ពស់​បំផុត។ ដូច្នេះ ពេល​ជនជាតិ​យូដា​នៅ​ក្រុង​ថែស្សាឡូនិច​និយាយ​ថា​«​បញ្ញត្ដិ​របស់​សេសារ​»​ គឺ​ពួក​គេ​សំដៅ​លើ​អធិរាជ​រ៉ូម។ (​សកម្ម. ១៧:​៧​) ព្រឹត្តិការណ៍​ក្នុង​សៀវភៅ​សកម្មភាព​កើត​ឡើង​ក្នុង​សម័យ​កាល ដែល​អធិរាជ​បួន​នាក់​ឡើង​កាន់​អំណាច​បន្ត​គ្នា​គឺ ទីប៊ែរ កៃយុស ក្លូឌាស​ទី​១ និង​នីរ៉ូ។

  • ទីប៊ែរ (​ឆ្នាំ​១៤​-​៣៧ គ.ស.​)។ គាត់​ជា​អធិរាជ​ក្នុង​អំឡុង​ពេល​ដែល​លោក​យេស៊ូ​បំពេញ​កិច្ច​បម្រើ​ផ្សាយ និង​ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​ដំបូង​ដែល​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​បាន​ត្រូវ​បង្កើត​ឡើង។ ម្យ៉ាង​ទៀត ក្នុង​ពេល​កាត់​ទោស​លោក​យេស៊ូ ជនជាតិ​យូដា​នាំ​គ្នា​ស្រែក​ឡើង​ថា​៖ ​«​ប្រសិន​បើ​[​ពីឡាត​]​ដោះ​លែង​បុរស​នេះ លោក​មិន​មែន​ជា​មិត្ត​របស់​សេសារ​ទេ។ . . . យើង​គ្មាន​ស្ដេច​ក្រៅ​ពី​សេសារ​ទេ​»។ ពេល​ពួក​គេ​ប្រើ​ពាក្យ​សេសារ គឺ​ពួក​គេ​កំពុង​សំដៅ​លើ​ទីប៊ែរ។—យ៉ូន. ១៩:១២, ១៥

  • កៃយុស មាន​ឈ្មោះ​មួយ​ទៀត​ថា​កាលីហ្គូឡា (​ឆ្នាំ​៣៧​-​៤១ គ.ស.​)។ គាត់​មិន​បាន​ត្រូវ​លើក​ឡើង​ក្នុង​បទ​គម្ពីរ​គ្រិស្ត​សាសនិក​ជា​ភាសា​ក្រិច​ទេ។

  • ក្លូឌាស​ទី​១ (​ឆ្នាំ​៤១​-​៥៤ គ.ស.​)។ គាត់​បាន​ត្រូវ​លើក​ឡើង​ពីរ​ដង​ក្នុង​សៀវភៅ​សកម្មភាព។ ប្រហែល​នៅ​ឆ្នាំ​៤៦ គ.ស. ​«​ការ​អត់​ឃ្លាន​យ៉ាង​ខ្លាំង​»​ បាន​កើត​ឡើង​«​ទូទាំង​ផែនដី . . . នៅ​សម័យ​ក្លូឌាស​»​ ដូច​អ្វី​ដែល​គ្រិស្ត​សាសនិក​ឈ្មោះ​អាកាប៊ូស​បាន​ប្រកាស​ទុក​ជា​មុន។ បន្ថែម​ទៅ​ទៀត នៅ​ឆ្នាំ​៤៩ ឬ​ដើម​ឆ្នាំ​៥០ គ.ស. ក្លូឌាស​«​បាន​បង្គាប់​ឲ្យ​ជនជាតិ​យូដា​ទាំង​អស់​ចេញ​ពី​ក្រុង​រ៉ូម​»​ ហើយ​ការ​ចេញ​បង្គាប់​នោះ​បាន​ធ្វើ​ឲ្យ​អាគីឡា​និង​ព្រីស៊ីល​ផ្លាស់​ទៅ​ក្រុង​កូរិនថូស។ នៅ​ទី​នោះ​ហើយ ដែល​ពួក​គេ​បាន​ជួប​សាវ័ក​ប៉ូល!—សកម្ម. ១១:២៨; ១៨:១, ២

  • នីរ៉ូ (​ឆ្នាំ​៥៤​-​៦៨ គ.ស.​)។ គាត់​គឺ​ជា​សេសារ ដែល​ប៉ូល​បាន​សុំ​លើក​រឿង​ក្ដី​ទៅ​គាត់។ (​សកម្ម. ២៥:១១​) មនុស្ស​ឯ​ទៀត​បាន​និយាយ​ថា ពេល​មាន​ភ្លើង​ឆេះ​បំផ្លាញ​នៅ​ក្រុង​រ៉ូម​ប្រហែល​ក្នុង​ឆ្នាំ​៦៤ គ.ស. នីរ៉ូ​បាន​ទម្លាក់​កំហុស​ទៅ​លើ​គ្រិស្ត​សាសនិក។ មិន​យូរ​ក្រោយ​មក ប្រហែល​ជា​នៅ​ឆ្នាំ​៦៥ គ.ស. សាវ័ក​ប៉ូល​បាន​ជាប់​គុក​ជា​លើក​ទី​២​នៅ​ក្រុង​រ៉ូម បន្ទាប់​មក​ក៏​ត្រូវ​គេ​ប្រហារ​ជីវិត។

ពួក​គេ​«​មាន​សន្ដាន​ចិត្ត​ល្អ​»​ (​សកម្មភាព ១៧:១០​-​១៥​)

១៥. តើ​អ្នក​ក្រុង​បេរៀ​មាន​ប្រតិកម្ម​យ៉ាង​ណា​ចំពោះ​ដំណឹង​ល្អ?

១៥ ដើម្បី​សុវត្ថិភាព​របស់​ប៉ូល​និង​ស៊ីឡាស បង​ប្អូន​បាន​ឲ្យ​ពួក​គាត់​ចេញ​ទៅ​ក្រុង​បេរៀ ដែល​មាន​ចម្ងាយ​ប្រហែល​៦៥​គីឡូ​ម៉ែ​ត។ ពេល​ទៅ​ដល់​ក្រុង​បេរៀ ប៉ូល​បាន​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ ហើយ​ផ្សព្វ​ផ្សាយ​ដល់​អស់​អ្នក​ដែល​ជុំ​គ្នា​នៅ​ទី​នោះ។ ពួក​គាត់​ប្រាកដ​ជា​រីករាយ​ណាស់ ដែល​រក​ឃើញ​មនុស្ស​ព្រម​ស្ដាប់​ដំណឹង​ល្អ! លូកា​បាន​សរសេរ​ថា ជនជាតិ​យូដា​នៅ​ក្រុង​បេរៀ​«​មាន​សន្ដាន​ចិត្ត​ល្អ​ជាង​ពួក​អ្នក​នៅ​ក្រុង​ថែស្សាឡូនិច ព្រោះ​ពួក​គេ​ទទួល​យក​បណ្ដាំ​របស់​ព្រះ​ដោយ​ក្ដី​រំភើប ហើយ​បាន​ពិនិត្យ​មើល​បទ​គម្ពីរ​រាល់​ថ្ងៃ ដើម្បី​ឲ្យ​ដឹង​ថា​ការ​ទាំង​នោះ​ជា​ការ​ពិត​ឬ​មិន​ពិត​»។ (​សកម្ម. ១៧:១០, ១១​) តើ​ពាក្យ​ពេចន៍​នេះ​បង្ហាញ​ថា អ្នក​ក្រុង​ថែស្សាឡូនិច​មិន​ព្រម​ទទួល​យក​សេចក្ដី​ពិត​ឬ? មិន​មែន​ទាំង​អស់​ទេ។ ក្រោយ​មក ប៉ូល​បាន​សរសេរ​ទៅ​កាន់​បង​ប្អូន​នៅ​ក្រុង​ថែស្សាឡូនិច​ថា​៖ ​«​យើង​អរគុណ​ព្រះ​ជា​និច្ច ដោយ​សារ​ពេល​ដែល​អ្នក​រាល់​គ្នា​បាន​ឮ​បណ្ដាំ​របស់​ព្រះ​ពី​យើង អ្នក​រាល់​គ្នា​បាន​ទទួល​យក មិន​មែន​ទុក​ជា​បណ្ដាំ​របស់​មនុស្ស​ទេ តែ​បាន​ទទួល​យក​ទុក​ជា​បណ្ដាំ​របស់​ព្រះ​តាម​ភាព​ពិត​នៃ​បណ្ដាំ​នោះ ជា​បណ្ដាំ​ដែល​កំពុង​មាន​ឥទ្ធិពល​ទៅ​លើ​អ្នក​រាល់​គ្នា​ដែល​ជា​អ្នក​ជឿ​»។ (​១ថែ. ២:១៣​) ប៉ុន្តែ ហេតុ​អ្វី​ជនជាតិ​យូដា​នៅ​ក្រុង​បេរៀ​មាន​សន្ដាន​ចិត្ត​ល្អ?

១៦. ហេតុ​អ្វី​ជា​ការ​សម​ត្រឹម​ត្រូវ​ដែល​និយាយ​ថា អ្នក​ក្រុង​បេរៀ​«​មាន​សន្ដាន​ចិត្ត​ល្អ​»​?

១៦ ពិត​មែន​តែ​អ្នក​ក្រុង​បេរៀ​បាន​ស្ដាប់​សេចក្ដី​បង្រៀន​ថ្មី តែ​ពួក​គេ​មិន​សង្ស័យ​ឬ​រិះ​គន់​នោះ​ទេ ហើយ​ពួក​គេ​ក៏​មិន​ឆាប់​ជឿ​ដែរ។ ដំបូង ពួក​គេ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ប៉ូល​និយាយ។ បន្ទាប់​មក ពួក​គេ​បើក​គម្ពីរ​ដើម្បី​ផ្ទៀង​មើល​ថា អ្វី​ដែល​ប៉ូល​បាន​ពន្យល់​ពួក​គេ​គឺ​ត្រឹម​ត្រូវ​ឬ​យ៉ាង​ណា។ ជាង​នោះ​ទៅ​ទៀត ពួក​គេ​ខិត​ខំ​សិក្សា​បណ្ដាំ​របស់​ព្រះ​រាល់​ថ្ងៃ មិន​មែន​តែ​នៅ​ថ្ងៃ​ឈប់​សម្រាក​ទេ។ ពួក​គេ​ធ្វើ​ដូច្នេះ​«​ដោយ​ក្ដី​រំភើប​»​ ដោយ​ស្វែង​យល់​អ្វី​ដែល​បទ​គម្ពីរ​បញ្ជាក់​អំពី​សេចក្ដី​បង្រៀន​ថ្មី ដែល​ពួក​គេ​ទើប​តែ​បាន​ឮ។ រួច​មក ពួក​គេ​កែ​ប្រែ​ខ្លួន​ដោយ​ចិត្ត​រាប​ទាប។ ជា​លទ្ធផល ​«​ពួក​គេ​ជា​ច្រើន​នាក់​បាន​ទៅ​ជា​អ្នក​ជឿ​»។ (​សកម្ម. ១៧:១២​) ហេតុ​នេះ មិន​ចម្លែក​ទេ​ដែល​លូកា​រៀប​រាប់​ថា អ្នក​ក្រុង​បេរៀ​«​មាន​សន្ដាន​ចិត្ត​ល្អ​»​!

១៧. ហេតុ​អ្វី​គំរូ​របស់​អ្នក​ក្រុង​បេរៀ​គួរ​ឲ្យ​កោត​សរសើរ? ទោះ​ជា​យើង​បាន​ទៅ​ជា​អ្នក​ជឿ​ហើយ​ក្ដី តើ​យើង​អាច​បន្ត​ធ្វើ​តាម​គំរូ​របស់​អ្នក​ក្រុង​នោះ​យ៉ាង​ដូច​ម្ដេច?

១៧ ពួក​អ្នក​ក្រុង​បេរៀ​ប្រាកដ​ជា​មិន​នឹក​ស្មាន​ថា ប្រតិកម្ម​របស់​ពួក​គេ​ចំពោះ​ដំណឹង​ល្អ​បាន​ត្រូវ​សរសេរ​ក្នុង​បណ្ដាំ​របស់​ព្រះ ទុក​ជា​គំរូ​សម្រាប់​អ្នក​កាន់​តាម​ឯ​ទៀត រហូត​មក​ដល់​សព្វ​ថ្ងៃ។ ពួក​គេ​បាន​ធ្វើ​អ្វី​ដែល​ប៉ូល​និង​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​ពួក​គេ​ធ្វើ នោះ​ក៏​ជា​អ្វី​ដែល​យើង​លើក​ទឹក​ចិត្ត​មនុស្ស​ឯ​ទៀត​ឲ្យ​ធ្វើ​ដែរ ពោល​គឺ​ឲ្យ​ពួក​គេ​ពិនិត្យ​មើល​គម្ពីរ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ដើម្បី​ឲ្យជំនឿ​របស់​ពួក​គេ​មាន​មូលដ្ឋាន​រឹង​មាំ​លើ​បណ្ដាំ​របស់​ព្រះ។ ប៉ុន្តែ ក្រោយ​ពី​យើងបានទៅ​ជា​អ្នក​ជឿ តើ​យើង​ចាំ​បាច់​មាន​ចិត្ត​គំនិត​ដូច​អ្នក​ក្រុង​បេរៀ​ត​ទៅ​ទៀត​ទេ? ពិត​ជា​ត្រូវ​មាន​មែន។ យើង​កាន់​តែ​ត្រូវ​មាន​សន្ដាន​ចិត្ត​ល្អ ដើម្បី​រៀន​ច្រើន​ថែម​ទៀត​ពី​ព្រះ​យេហូវ៉ា និង​ឆាប់​អនុវត្តសេចក្ដី​បង្រៀន​របស់​លោក។ ពេល​យើង​ធ្វើ​ដូច្នេះ យើង​អនុញ្ញាត​ឲ្យ​ព្រះ​យេហូវ៉ា​បង្ហាត់​បង្រៀន និង​អប់រំ​យើង​ស្រប​តាម​បំណង​ប្រាថ្នា​របស់​លោក។ (​អេ. ៦៤:៨​) ជា​លទ្ធផល យើង​អាច​ធ្វើ​ឲ្យ​បិតា​នៅ​ស្ថាន​សួគ៌​ពេញ​ចិត្ត​យើង​យ៉ាង​ខ្លាំង ហើយ​អាច​ធ្វើ​ឲ្យ​លោក​បន្ត​ប្រើ​យើង​ត​ទៅ​ទៀត។

១៨, ១៩. ​(​ក​) ហេតុ​អ្វី​ប៉ូល​ចាក​ចេញ​ពី​ក្រុង​បេរៀ? ប៉ុន្តែ​តើ​គាត់​បាន​ទុក​គំរូ​ល្អ​យ៉ាង​ដូច​ម្ដេច​អំពី​ការ​ស៊ូ​ទ្រាំ? (​ខ​) បន្ទាប់​មក តើ​ប៉ូល​នឹង​ផ្សព្វ​ផ្សាយ​ដល់​អ្នក​ណា ហើយ​នៅ​កន្លែង​ណា?

១៨ ប៉ូល​មិន​បាន​ស្នាក់​នៅ​ក្រុង​បេរៀ​យូរ​ទេ។ តាម​កំណត់​ហេតុ​ថា​៖ ​«​កាល​ដែល​ជនជាតិ​យូដា​ពី​ក្រុង​ថែស្សាឡូនិច​ដឹង​ថា ប៉ូល​កំពុង​ផ្សព្វ​ផ្សាយ​បណ្ដាំ​របស់​ព្រះ​នៅ​ក្រុង​បេរៀ​ដែរ ពួក​គេ​ក៏​បាន​ទៅ​ទី​នោះ​ដើម្បី​អុជ​អាល​មហា​ជន​ឲ្យ​ជ្រួល​ច្របល់។ ដូច្នេះ ភ្លាម​ៗ​បង​ប្អូន​ឲ្យ​ប៉ូល​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​មាត់​សមុទ្រ ឯ​ស៊ីឡាស​និង​ធីម៉ូថេ​នៅ​ទី​នោះ​ត​ទៅ​ទៀត។ ក៏​ប៉ុន្តែ ពួក​អ្នក​ដែល​ជូន​ដំណើរ​ប៉ូល​បាន​នាំ​គាត់​រហូត​ដល់​ក្រុង​អាថែន។ រួច​មក ប៉ូល​ផ្ដាំ​ពួក​គាត់​ឲ្យ​ទៅ​ប្រាប់​ស៊ីឡាស​និង​ធីម៉ូថេ​ឲ្យ​មក​ជួប​គាត់​ជា​ប្រញាប់​»។ (​សកម្ម. ១៧:១៣​-​១៥​) ពួក​សត្រូវ​នៃ​ដំណឹង​ល្អ​ពិត​ជា​ខ្លាំង​ដៃ​ណាស់! ពួក​គេ​មិន​ឆ្អែត​ឆ្អន់​ក្នុង​ការ​បណ្ដេញ​ប៉ូល​ចេញ​ពី​ក្រុង​ថែស្សាឡូនិច​ទេ បាន​ជា​ពួក​គេ​បន្ត​ទៅ​រុក​កួន​ប៉ូល​ដល់​ក្រុង​បេរៀ​ដោយ​ប្រើ​វិធី​សាស្ត្រ​ដូច​គ្នា ប៉ុន្តែ​ពួក​គេ​ទទួល​បរាជ័យ​ទាំង​ស្រុង។ ប៉ូល​ដឹង​ថា​តំបន់​ផ្សាយ​របស់​គាត់​គឺ​ធំ​ទូលាយ​ណាស់ ម្ល៉ោះ​ហើយ​គាត់​បាន​រើ​ទៅ​ផ្សព្វ​ផ្សាយ​នៅ​កន្លែង​ផ្សេង​ទៀត។ ដូច​គ្នា​ដែរ សូម​យើង​ទាំង​អស់​គ្នា​នៅ​សព្វ​ថ្ងៃ​តាំង​ចិត្ត កុំ​ឲ្យ​ពួក​អ្នក​ដែល​ព្យាយាម​បញ្ឈប់​កិច្ច​ការ​ផ្សព្វ​ផ្សាយ​របស់​យើង ធ្វើ​ឲ្យ​យើង​ភ័យ​ខ្លាច​ឡើយ!

១៩ ប៉ូល​ប្រាកដ​ជា​បាន​រៀន​ច្រើន​អំពី​សារៈ​សំខាន់ នៃ​ការ​ផ្សព្វ​ផ្សាយ​ដោយ​ចិត្ត​ក្លាហាន​និង​ការ​វែក​ញែក​ពី​បទ​គម្ពីរ ពេល​ដែល​គាត់​ធ្វើ​ជា​សាក្សី​បញ្ជាក់​យ៉ាង​សព្វ​គ្រប់ ដល់​ជនជាតិ​យូដា​នៅ​ក្រុង​ថែស្សាឡូនិច​និង​ក្រុង​បេរៀ។ យើង​ក៏​ទាញ​មេ​រៀន​ដូច​គាត់​ដែរ។ ប៉ុន្តែ​ឥឡូវ ប៉ូល​ហៀប​នឹង​ជួប​មនុស្ស​មួយ​ក្រុម​ទៀត គឺ​ជន​ជាតិ​ដទៃ​នៅ​ក្រុង​អាថែន។ តើ​នឹង​មាន​រឿង​អ្វី​កើត​ឡើង​ចំពោះ​គាត់​នៅ​ក្រុង​នោះ? យើង​នឹង​ពិនិត្យ​មើល​ក្នុង​ជំពូក​បន្ទាប់។

a បណ្ឌិត​ម្នាក់​ប្រាប់​ថា សេសារ​ធ្លាប់​ចេញ​បញ្ញត្តិ​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ប្រកាស​ថា​៖ ​«​នឹង​មាន​ស្ដេច​ថ្មី​ឬ​រាជាណាចក្រ​ថ្មី ជា​ពិសេស​បើ​នោះ​មក​ជំនួស​អធិរាជ​ដែល​កំពុង​កាន់​អំណាច​»។ ពួក​សត្រូវ​ប្រហែល​ជា​បាន​មួល​បង្កាច់​ថា អ្វី​ដែល​ប៉ូល​និយាយ​គឺ​ប្រឆាំង​នឹង​បញ្ញត្តិ​នោះ។ សូម​មើល​ប្រអប់​«​សេសារ​និង​សៀវភៅ​សកម្មភាព​»។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក