បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • bt ជំ. ២១ ទំ. ១៨៨-១៩៦
  • «ខ្ញុំគ្មានទោសចំពោះឈាមរបស់មនុស្សណាម្នាក់ទេ»

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • «ខ្ញុំគ្មានទោសចំពោះឈាមរបស់មនុស្សណាម្នាក់ទេ»
  • ចូរ«ធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់»អំពីរាជាណាចក្ររបស់ព្រះ
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ‹គាត់​ចេញ​ដំណើរ​ទៅ​តំបន់​ម៉ាសេដូន› (​សកម្មភាព ២០:១, ២​)
  • ពួក​គេ​«​សម​គំនិត​គ្នា​ដើម្បី​សម្លាប់​គាត់​»​ (​សកម្មភាព ២០:៣, ៤​)
  • ពួក​គាត់​«​ធូរ​ស្រាល​ក្នុង​ចិត្ត​ពន់​ពេក​ក្រៃ​»​ (​សកម្មភាព ២០:៥​-​១២​)
  • ​«​ជា​សាធារណៈ និង​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​»​ (​សកម្មភាព ២០:១៣​-​២៤​)
  • ​«​ចូរ​ប្រយ័ត្ន​ខ្លួន​អ្នក ហើយ​មើល​ការ​ខុស​ត្រូវ​ហ្វូង​ចៀម​»​ (​សកម្មភាព ២០:២៥​-​៣៨​)
  • «ចូរបន្តនិយាយ ហើយកុំនៅស្ងៀម»
    ចូរ«ធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់»អំពីរាជាណាចក្ររបស់ព្រះ
  • «ធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់»
    ចូរ«ធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់»អំពីរាជាណាចក្ររបស់ព្រះ
  • ចូរមានចិត្តក្លាហានឡើង ព្រះយេហូវ៉ាជាអ្នកជួយអ្នក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២០
  • ដូចសាវ័កប៉ុល ចូរបណ្ដុះឲ្យមានលក្ខណៈកាន់តែល្អក្នុងកិច្ចបម្រើព្រះ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
មើលបន្ថែមទៀត
ចូរ«ធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់»អំពីរាជាណាចក្ររបស់ព្រះ
bt ជំ. ២១ ទំ. ១៨៨-១៩៦

ជំពូក​ទី​២១

«​ខ្ញុំ​គ្មាន​ទោស​ចំពោះ​ឈាម​របស់​មនុស្ស​ណា​ម្នាក់​ទេ​»

ចិត្ត​ខ្នះ​ខ្នែង​របស់​ប៉ូល​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ និង​ឱវាទ​របស់​គាត់​ចំពោះ​ពួក​អ្នក​ចាស់​ទុំ

មាន​មូលដ្ឋាន​លើ​សកម្មភាព ២០:១​-​៣៨

១​-​៣. ​(​ក​) សូម​រៀប​រាប់​អំពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​យប់​ដែល​អឺទីកុស​ស្លាប់។ (​ខ​) តើ​ប៉ូល​បាន​ធ្វើ​អ្វី? ហើយ​តើ​អ្វី​ដែល​គាត់​បាន​ធ្វើ​បង្ហាញ​ថា​គាត់​ជា​មនុស្ស​បែប​ណា?

ប៉ូល​នៅ​បន្ទប់​ខាង​លើ​ជា​មួយ​នឹង​បង​ប្អូន​ជា​ច្រើន​ក្នុង​ក្រុង​ត្រូអាស។ គាត់​ថ្លែង​សុន្ទរកថា​យ៉ាង​យូរ​ទៅ​កាន់​បង​ប្អូន ដោយ​សារ​នេះ​ជា​ល្ងាច​ចុង​ក្រោយ​ដែល​គាត់​នៅ​ជា​មួយ​នឹង​ពួក​គេ។ ឥឡូវ​ចូល​ដល់​ពាក់​កណ្ដាល​អធ្រាត្រ ចង្កៀង​មួយ​ចំនួន​បាន​ត្រូវ​អុជ​បំភ្លឺ​ក្នុង​បន្ទប់ ហើយ​ផ្សែង​ដែល​ហុយ​ចេញ​ពី​ចង្កៀង​ទាំង​នោះ បាន​ធ្វើ​ឲ្យ​បន្ទប់​កាន់​តែ​ក្ដៅ​ស្អុះស្អាប់។ មាន​យុវជន​ម្នាក់​ឈ្មោះ​អឺទីកុស​កំពុង​អង្គុយ​ស្ដាប់​នៅ​មាត់​បង្អួច។ កាល​ដែល​ប៉ូល​កំពុង​ថ្លែង​សុន្ទរកថា អឺទីកុស​ងងុយ​ដេក ហើយ​ក៏​ធ្លាក់​ពី​បង្អួច​ជាន់​ទី​៣!

២ ក្នុង​នាម​ជា​គ្រូ​ពេទ្យ លូកា​ទំនង​ជា​នៅ​ក្នុង​ចំណោម​អ្នក​ដែល​បាន​រត់​ចេញ​ទៅ​មើល​យុវជន​អឺទីកុស​មុន​គេ។ ពួក​គេ​គ្មាន​ការ​សង្ស័យ​អំពី​ស្ថានភាព​របស់​អឺទីកុស​ទេ ពីព្រោះ​ពេល​ពួក​គេ​លើក​គាត់​ឡើង ​«​គាត់​ស្លាប់​បាត់​ហើយ​»។ (​សកម្ម. ២០:៩​) ប៉ុន្តែ បន្ទាប់​មក​អព្ភូតហេតុ​មួយ​ក៏​កើត​ឡើង។ ប៉ូល​បាន​ទ្រោប​លើ​យុវជន​នោះ ហើយ​និយាយ​ទៅ​កាន់​ពួក​គេ​ថា​៖ ​«​ឈប់​ជ្រួល​ច្របល់​ទៅ ព្រោះ​គាត់​នៅ​រស់​ទេ​»។ រួច​មក ប៉ូល​បាន​ប្រោស​អឺទីកុស​ឲ្យ​រស់​ឡើង​វិញ!—សកម្ម. ២០:១០

៣ ហេតុ​ការណ៍​នេះ បង្ហាញ​អំពី​អំណាច​នៃ​ឫទ្ធានុភាព​បរិសុទ្ធ​របស់​ព្រះ។ តាម​ពិត ទោះ​ជា​គ្មាន​អ្នក​ណា​បន្ទោស​ប៉ូល​ចំពោះ​ការ​ស្លាប់​របស់​អឺទីកុស​ក៏​ដោយ ប៉ូល​មិន​ចង់​ឲ្យ​មាន​អនុស្សាវរីយ៍​អាក្រក់ ឬ​ធ្វើ​ឲ្យ​អ្នក​ណា​ម្នាក់​ជំពប់​ដួល ដោយ​សារ​ការ​ស្លាប់​របស់​អឺទីកុស​ឡើយ។ ដូច្នេះ ប៉ូល​បាន​ប្រោស​អឺទីកុស​ឲ្យ​រស់​ឡើង​វិញ នោះ​បាន​ផ្ដល់​ការ​សម្រាល​ទុក្ខ​និង​ពង្រឹង​កម្លាំង​បង​ប្អូន​ក្រុម​ជំនុំ ឲ្យ​បន្ត​បំពេញ​កិច្ច​បម្រើ​របស់​ពួក​គេ។ ជាក់​ស្ដែង​ណាស់​ថា ប៉ូល​មាន​ទំនួល​ខុស​ត្រូវ​ចំពោះ​ជីវិត​របស់​អ្នក​ឯ​ទៀត។ នេះ​រំឭក​យើង​ថា ប៉ូល​តែង​តែ​ព្យាយាម​ដើម្បី​«​គ្មាន​ទោស​ចំពោះ​ឈាម​របស់​មនុស្ស​ណា​ម្នាក់​ទេ​»។ (​សកម្ម. ២០:​២៦​) សូម​យើង​ពិចារណា​អំពី​របៀប​ដែល​គំរូ​របស់​គាត់​អាច​ជួយ​យើង​ក្នុង​រឿង​នេះ។

‹គាត់​ចេញ​ដំណើរ​ទៅ​តំបន់​ម៉ាសេដូន› (​សកម្មភាព ២០:១, ២​)

៤. តើ​ប៉ូល​បាន​ឆ្លង​កាត់​បទ​ពិសោធន៍​ដ៏​គួរ​ឲ្យ​តក់​ស្លុត​អ្វី?

៤ ដូច​បាន​រៀប​រាប់​នៅ​ជំពូក​មុន ប៉ូល​បាន​ឆ្លង​កាត់​បទ​ពិសោធន៍​ដ៏​គួរ​ឲ្យ​តក់​ស្លុត​មួយ។ កិច្ច​ផ្សព្វ​ផ្សាយ​របស់​គាត់​នៅ​ក្រុង​អេភេសូរ បាន​បង្ក​ឲ្យ​មាន​ភាព​ចលាចល​យ៉ាង​ខ្លាំង។ តាម​ពិត​ទៅ​គឺ​ពួក​ជាង​ធ្វើ​ប្រាក់​ដែល​បាន​បង្ក​នូវ​ចលនា​បះ​បោរ​នោះ ពីព្រោះ​ពួក​គេ​រក​ប្រាក់​បាន​ដោយ​សារ​បណ្ដា​ជន​គោរព​បូជា​រូប​ព្រះ​អាតេមីស។ សកម្មភាព ២០:១ ចែង​ថា​៖ ​«​ពេល​ភាព​ចលាចល​បាន​ស្ងប់​ស្ងាត់ ប៉ូល​ហៅ​ពួក​អ្នក​កាន់​តាម​ឲ្យ​មក។ រួច​គាត់​បាន​លើក​ទឹក​ចិត្ត​និង​លា​ពួក​គាត់ ហើយ​ចេញ​ដំណើរ​ទៅ​តំបន់​ម៉ាសេដូន​»។

៥, ៦. ​(​ក​) តើ​ប៉ូល​ប្រហែល​ជា​ស្នាក់​នៅ​តំបន់​ម៉ាសេដូន​យូរ​ប៉ុណ្ណា? ហើយ​តើ​គាត់​បាន​ធ្វើ​អ្វី​សម្រាប់​បង​ប្អូន​នៅ​ទី​នោះ? (​ខ​) តើ​ប៉ូល​នៅ​តែ​រក្សា​ចិត្ត​គំនិត​បែប​ណា​ចំពោះ​បង​ប្អូន​រួម​ជំនឿ?

៥ នៅ​តាម​ផ្លូវ​ទៅ​តំបន់​ម៉ាសេដូន ប៉ូល​បាន​ឈប់​មួយ​រយៈ​នៅ​កំពង់​ផែ​ក្រុង​ត្រូអាស ហើយ​ចំណាយ​ពេល​នៅ​ទី​នោះ។ ប៉ូល​សង្ឃឹម​ថា ទីតុស​ដែល​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​ក្រុង​កូរិនថូស នឹង​មក​ចូល​រួម​ជា​មួយ​គាត់​នៅ​ក្រុង​ត្រូអាស។ (​២កូ. ២:១២, ១៣​) ប៉ុន្តែ ពេល​ដឹង​ច្បាស់​ថា​ទីតុស​មិន​បាន​មក ប៉ូល​ក៏​បន្ត​ដំណើរ​ទៅ​តំបន់​ម៉ាសេដូន។ គាត់​ចំណាយ​ពេល​ក្នុង​តំបន់​នោះ​ប្រហែល​ជិត​មួយ​ឆ្នាំ ដោយ​«​លើក​ទឹក​ចិត្ត​ពួក​អ្នក​កាន់​តាម​ដែល​នៅ​ទី​នោះ​ដោយ​ពាក្យ​ជា​ច្រើន​»។a (​សកម្ម. ២០:២​) ទី​បំផុត ទីតុស​បាន​មក​ចូល​រួម​ជា​មួយ​ប៉ូល​នៅ​តំបន់​ម៉ាសេដូន ដោយ​នាំ​យក​ដំណឹង​ល្អ​អំពី​បង​ប្អូន​នៅ​ក្រុង​កូរិនថូស​ដែល​បាន​ធ្វើ​តាម​ពាក្យ​ណែនាំ​ក្នុង​សំបុត្រ​ទី​១ ដែល​ប៉ូល​បាន​សរសេរ​ទៅ​ឲ្យ​ពួក​គេ។ (​២កូ. ៧:៥​-​៧​) នេះ​បាន​ជំរុញ​ចិត្ត​ប៉ូល​ឲ្យ​សរសេរ​សំបុត្រ​មួយ​ទៀត​ទៅ​ឲ្យ​ពួក​គេ ដែល​យើង​ស្គាល់​ថា​ជា​សំបុត្រ​ទី​២​ជូន​ចំពោះ​គ្រិស្ត​សាសនិក​នៅ​ក្រុង​កូរិនថូស។

៦ គួរ​ឲ្យ​កត់​សម្គាល់​ដែល​លូកា​ប្រើ​ពាក្យ​«​លើក​ទឹក​ចិត្ត​»​ ដើម្បី​ពណ៌នា​អំពី​ការ​ដែល​ប៉ូល​ទៅ​លេង​បង​ប្អូន​នៅ​ក្រុង​អេភេសូរ​និង​តំបន់​ម៉ាសេដូន។ ពាក្យ​ពណ៌នា​នោះ​សម​នឹង​ការ​ប្រព្រឹត្ត​របស់​ប៉ូល​ចំពោះ​បង​ប្អូន​រួម​ជំនឿ! ផ្ទុយ​ពី​ពួក​ផារិស៊ី​ដែល​មើល​ងាយ​ជន​សាមញ្ញ ប៉ូល​បាន​ចាត់​ទុក​បង​ប្អូន​ឯ​ទៀត​ថា​ជា​អ្នក​រួម​ការ​ងារ។ (​យ៉ូន. ៧:៤៧​-​៤៩; ១កូ. ៣:៩​) ប៉ូល​នៅ​តែ​រក្សា​ចិត្ត​គំនិត​និង​ការ​ប្រព្រឹត្ត​ដូច​នោះ សូម្បី​តែ​គាត់​ត្រូវ​ជូន​ឱវាទ​ខ្លាំង​ៗ​ដល់​ពួក​គេ។—២កូ. ២:៤

៧. តើ​ពួក​អ្នក​ត្រួត​ពិនិត្យ​នៅ​សព្វ​ថ្ងៃ​អាច​ធ្វើ​តាម​គំរូ​របស់​ប៉ូល​យ៉ាង​ដូច​ម្ដេច?

៧ នៅ​សព្វ​ថ្ងៃ ពួក​អ្នក​ចាស់​ទុំ​និង​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​ព្យាយាម​ធ្វើ​តាម​គំរូ​របស់​ប៉ូល។ សូម្បី​តែ​ពេល​ពួក​គាត់​ផ្ដល់​ការ​កែ​តម្រង់ គោល​ដៅ​គឺ​ដើម្បី​ពង្រឹង​ជំនឿ​របស់​បង​ប្អូន​ដែល​ត្រូវ​ការ​ចាំ​បាច់​នូវ​ជំនួយ​បែប​នោះ។ ជា​ជាង​ស្ដី​បន្ទោស ពួក​អ្នក​ត្រួត​ពិនិត្យ​ខំ​ប្រឹង​យល់​អារម្មណ៍​និង​លើក​ទឹក​ចិត្ត​បង​ប្អូន។ អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​ដែល​មាន​បទ​ពិសោធន៍​ម្នាក់ បាន​និយាយ​ថា​៖ ​«​បង​ប្អូន​ជា​ច្រើន​ចង់​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ ប៉ុន្តែ​ជា​ញឹក​ញយ ពួក​គេ​ពិបាក​យក​ឈ្នះ​ការ​ខក​ចិត្ត ការ​ភ័យ​ខ្លាច និង​អារម្មណ៍​អស់​សង្ឃឹម​»។ ពួក​អ្នក​ចាស់​ទុំ​អាច​ពង្រឹង​កម្លាំង​បង​ប្អូន​ដែល​មាន​អារម្មណ៍​បែប​នោះ។—ហេ. ១២:១២, ១៣

សំបុត្រ​របស់​ប៉ូល​ពី​តំបន់​ម៉ាសេដូន

ក្នុង​សំបុត្រ​ទី​២​ដែល​ប៉ូល​សរសេរ​ទៅ​កាន់​បង​ប្អូន​នៅ​ក្រុង​កូរិនថូស គាត់​បាន​និយាយ​ថា​ពេល​គាត់​មក​ដល់​តំបន់​ម៉ាសេដូន គាត់​មាន​ការ​ព្រួយ​បារម្ភ​អំពី​បង​ប្អូន​នៅ​ក្រុង​កូរិនថូស។ ក៏​ប៉ុន្តែ ដំណឹង​ល្អ​ដែល​ទីតុស​បាន​នាំ​មក​ពី​ក្រុង​កូរិនថូស ធ្វើ​ឲ្យ​ប៉ូល​ធូរ​ស្រាល​ក្នុង​ចិត្ត។ ពេល​នោះ​ប្រហែល​ជា​ឆ្នាំ​៥៥ គ.ស. ដែល​ប៉ូល​បាន​សរសេរ​សំបុត្រ​កូរិនថូស​ទី​២ ហើយ​ក្នុង​សំបុត្រ​នោះ​បញ្ជាក់​ថា គាត់​នៅ​ក្នុង​តំបន់​ម៉ាសេដូន​នៅ​ឡើយ។ (​២កូ. ៧:៥​-​៧; ៩:​២​-​៤​) ពេល​នោះ​អ្វី​មួយ​ដែល​ប៉ូល​កំពុង​គិត គឺ​បញ្ចប់​ការ​ប្រមូល​អំណោយ​សម្រាប់​ពួក​អ្នក​បរិសុទ្ធ​នៅ​តំបន់​យូឌា។ (​២កូ. ៨:១៨​-​២១​) ប៉ូល​ក៏​មាន​ការ​ព្រួយ​បារម្ភ​ដែរ អំពី​វត្តមាន​របស់​«​សាវ័ក​ក្លែង​ក្លាយ និង​ជា​មនុស្ស​ឆបោក​»​នៅ​ក្នុង​ក្រុង​កូរិនថូស។—២កូ. ១១:៥, ១៣, ១៤

សំបុត្រ​ដែល​ប៉ូល​បាន​សរសេរ​ទៅ​ទីតុស ប្រហែល​ជា​គាត់​សរសេរ​ពី​តំបន់​ម៉ាសេដូន។ ក្នុង​អំឡុង​ពេល​មួយ នៅ​ចន្លោះ​ឆ្នាំ​៦១​ដល់​៦៤ គ.ស. ប៉ូល​បាន​ទៅ​លេង​កោះ​ក្រេត បន្ទាប់​ពី​គាត់​បាន​ត្រូវ​ដោះ​លែង​ពី​គុក​ក្រោយ​ជាប់​ទោស​ជា​លើក​ដំបូង​នៅ​ក្រុង​រ៉ូម។ ប៉ូល​បាន​ទុក​ទីតុស​នៅ​ទី​នោះ ដើម្បី​ឲ្យ​ដោះ​ស្រាយ​បញ្ហា​មួយ​ចំនួន និង​តែង​តាំង​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ។ (​ទីត. ១:៥​) ប៉ូល​បាន​សុំ​ទីតុស​ឲ្យ​មក​ជួប​គាត់​នៅ​ក្រុង​នីកូពើលិស។ មាន​ក្រុង​ជា​ច្រើន​ឈ្មោះ​នីកូពើលិស ក្នុង​តំបន់​មេឌីទែរ៉ានេ​សម័យ​បុរាណ។ ប៉ុន្តែ ប៉ូល​ទំនង​ជា​សំដៅ​លើ​ក្រុង​នីកូពើលិស​នៅ​ភាគ​ខាង​ជើង​ឆៀង​ខាង​លិច​នៃ​ស្រុក​ក្រិច។ ពេល​ប៉ូល​សរសេរ​សំបុត្រ​នេះ​ទៅ​ទីតុស ប៉ូល​ប្រហែល​ជា​កំពុង​បំពេញ​កិច្ច​បម្រើ​ផ្សាយ​នៅ​ជិត​ឬ​នៅ​ជុំ​វិញ​ក្រុង​នោះ។—ទីត. ៣:១២

សំបុត្រ​ទី​១​ដែល​ប៉ូល​បាន​សរសេរ​ទៅ​កាន់​ធីម៉ូថេ គឺ​គាត់​សរសេរ​នៅ​ចន្លោះ​ឆ្នាំ​៦១​និង​៦៤ គ.ស. ក្នុង​រវាង​ពេល​ដែល​គាត់​ជាប់​គុក​ពីរ​ដង​នៅ​ក្រុង​រ៉ូម។ ក្នុង​សេចក្ដី​ផ្ដើម​សំបុត្រ​នោះ ប៉ូល​បាន​និយាយ​ថា គាត់​សុំ​ធីម៉ូថេ​ឲ្យ​បន្ត​ស្នាក់​នៅ​ក្រុង​អេភេសូរ ពេល​ដែល​គាត់​ចេញ​ទៅ​តំបន់​ម៉ាសេដូន។ (​១ធី. ១:៣​) តាម​មើល​ទៅ ប៉ូល​បាន​សរសេរ​សំបុត្រ​ពី​តំបន់​ម៉ាសេដូន​ទៅ​ឲ្យ​ធីម៉ូថេ ដោយ​និយាយ​ទៅ​កាន់​ធីម៉ូថេ​ដូច​ឪពុក​និយាយ​ទៅ​កាន់​កូន។ ប៉ូល​បាន​ប្រាប់​ធីម៉ូថេ​នូវ​ដំបូន្មាន ការ​លើក​ទឹក​ចិត្ត និង​ការ​ណែនាំ ស្ដី​អំពី​របៀប​រៀបចំ​មួយ​ចំនួន​ដែល​ក្រុម​ជំនុំ​គួរ​អនុវត្ត​តាម។

ពួក​គេ​«​សម​គំនិត​គ្នា​ដើម្បី​សម្លាប់​គាត់​»​ (​សកម្មភាព ២០:៣, ៤​)

៨, ៩. ​(​ក​) តើ​អ្វី​បាន​បង្អាក់​គម្រោង​របស់​ប៉ូល​ក្នុង​ការ​ជិះ​ទូក​ទៅ​ស្រុក​ស៊ីរី? (​ខ​) ហេតុ​អ្វី​បាន​ជា​ជនជាតិ​យូដា​ខ្លះ​ស្អប់​ប៉ូល​ខ្លាំង​ម្ល៉េះ?

៨ ប៉ូល​បាន​ធ្វើ​ដំណើរ​ពី​តំបន់​ម៉ាសេដូន​ទៅ​ក្រុង​កូរិនថូស។b ក្រោយ​ពី​បាន​ចំណាយ​ពេល​អស់​បី​ខែ​នៅ​ក្រុង​កូរិនថូស គាត់​អន្ទះសា​ចង់​បន្ត​ដំណើរ​ទៅ​ក្រុង​សង់គ្រា ដើម្បី​ជិះ​ទូក​ពី​ទី​នោះ​ទៅ​ស្រុក​ស៊ីរី។ បន្ទាប់​មក គាត់​អាច​ចេញ​ពី​ស្រុក​ស៊ីរី​ទៅ​ក្រុង​យេរូសាឡិម ដើម្បី​នាំ​យក​អំណោយ​ទៅ​ឲ្យ​បង​ប្អូន​ដែល​ខ្វះ​ខាត​នៅ​ទី​នោះ។c (​សកម្ម. ២៤:១៧; រ៉ូម ១៥:២៥, ២៦​) ក៏​ប៉ុន្តែ ហេតុ​ការណ៍​មួយ​ដែល​មិន​នឹក​ស្មាន​បាន​កើត​ឡើង ដែល​នាំ​ឲ្យ​ប៉ូល​ផ្លាស់​ប្ដូរ​គម្រោង​របស់​គាត់។ សកម្មភាព ២០:៣ ចែង​ថា​៖ ​«​ជនជាតិ​យូដា​សម​គំនិត​គ្នា​ដើម្បី​សម្លាប់​គាត់​»​!

៩ មិន​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទេ​ដែល​ជនជាតិ​យូដា​ខ្លះ​ស្អប់​ប៉ូល​យ៉ាង​ខ្លាំង ដោយ​សារ​ពួក​គេ​គិត​ថា​ប៉ូល​ជា​ជន​ក្បត់​ជំនឿ។ មុន​ពេល​នោះ កិច្ច​ផ្សព្វ​ផ្សាយ​របស់​ប៉ូល​បាន​នាំ​ឲ្យ​គ្រីស្ពូស​ប្រែ​ចិត្ត។ គ្រីស្ពូស​ជា​បុគ្គល​ម្នាក់​ដែល​មាន​មុខ​តំណែង​ខ្ពស់​ក្នុង​សាលា​ប្រជុំ​ក្រុង​កូរិនថូស។ (​សកម្ម. ១៨:៧, ៨; ១កូ. ១:១៤​) នៅ​ឱកាស​មួយ​ទៀត ជនជាតិ​យូដា​នៅ​ក្រុង​កូរិនថូស​បាន​ចោទ​ប្រកាន់​ប៉ូល​នៅ​ចំពោះ​មុខ​កាលីយ៉ូ ដែល​ជា​អភិបាល​ខេត្តអាខេយ៉ា។ ប៉ុន្តែ កាលីយ៉ូ​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​ពួក​គេ​ថា​គ្មាន​មូលដ្ឋាន។ នេះ​បាន​នាំ​ឲ្យ​ពួក​គេ​ក្ដៅ​ក្រហាយ​នឹង​ប៉ូល​ជា​ខ្លាំង។ (​សកម្ម. ១៨:១២​-​១៧​) ជនជាតិ​យូដា​ខ្លះ​នៅ​ក្រុង​កូរិនថូស​ប្រហែល​ជា​បាន​ដឹង​ឬ​សន្និដ្ឋាន​ថា មិន​យូរ​ទៀត​ប៉ូល​នឹង​ចុះ​ទូក​ពី​កំពង់​ផែ​ដែល​នៅ​ជិត​ក្រុង​សង់គ្រា។ ដូច្នេះ ពួក​គេ​ក៏​រៀប​គម្រោង​ដើម្បី​វាយ​ប្រហារ​ប៉ូល​នៅ​ទី​នោះ។ តើ​ប៉ូល​នឹង​ធ្វើ​អ្វី?

១០. កា​រ​ដែល​ប៉ូល​មិន​ធ្វើ​ដំណើរ​កាត់​តាម​ក្រុង​សង់គ្រា តើ​គាត់​ជា​មនុស្ស​កំសាក​ឬ? សូម​ពន្យល់។

១០ ម្ល៉ោះ​ហើយ ដើម្បី​សុវត្ថិភាព​ផ្ទាល់​ខ្លួន និង​ដើម្បី​ការ​ពារ​ប្រាក់​វិភាគទាន​ដែល​បង​ប្អូន​បាន​ប្រគល់​ឲ្យ​គាត់ ប៉ូល​បាន​សម្រេច​ចិត្ត​មិន​ធ្វើ​ដំណើរ​កាត់​តាម​ក្រុង​សង់គ្រា​ទេ តែ​គាត់​ត្រឡប់​ទៅ​តាម​ផ្លូវ​តំបន់​ម៉ាសេដូន​វិញ។ ជា​ការ​ពិត​នៅ​សម័យ​នោះ ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​គោក​ក៏​មាន​គ្រោះ​ថ្នាក់​ដែរ។ ជា​រឿយ​ៗ តាម​ផ្លូវ​ច្រើន​តែ​មាន​ចោរ​ពួន​ស្ទាក់​ចាំ​ប្លន់ រីឯ​ការ​ស្នាក់​នៅ​ផ្ទះ​សម្នាក់​វិញ មិន​សូវ​មាន​សុវត្ថិភាព​ទេ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ប៉ូល​សុខ​ចិត្ត​ប្រថុយ​គ្រោះ​ថ្នាក់​ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​គោក ជា​ជាង​ប្រឈម​មុខ​គ្រោះ​ថ្នាក់​ដែល​កំពុង​រង់​ចាំ​គាត់​នៅ​ក្រុង​សង់គ្រា។ ពិត​ជា​ល្អ​ណាស់​ដែល​ប៉ូល​មិន​បាន​ធ្វើ​ដំណើរ​តែ​ម្នាក់​ឯង ព្រោះ​មាន​បង​ប្អូន​ខ្លះ​បាន​អម​ដំណើរ​ប៉ូល​ទៅ​ជា​មួយ​ដែរ រួម​មានអារីស្តាក កៃយុស សេគុនដុស សូប៉ាទែរ ធីម៉ូថេ ត្រូភីមឹស និង​ទីឃីកុស។—សកម្ម. ២០:៣, ៤

១១. តើ​គ្រិស្ត​សាសនិក​សព្វ​ថ្ងៃ​ចាត់​វិធានការ​ដ៏​សម​ហេតុ​សម​ផល​យ៉ាង​ណា​ដើម្បី​ការ​ពារ​ខ្លួន? ហើយ​តើ​លោក​យេស៊ូ​បាន​ទុក​គំរូ​អ្វី​ក្នុង​រឿង​នេះ?

១១ ដូច​ប៉ូល​ដែរ គ្រិស្ត​សាសនិក​នៅ​សព្វ​ថ្ងៃ​ធ្វើ​អ្វី​ដែល​ពួក​គេ​អាច​ធ្វើ​បាន​ដើម្បី​ការ​ពារ​ខ្លួន ក្នុង​ពេល​ធ្វើ​កិច្ច​ការ​ផ្សព្វ​ផ្សាយ។ នៅ​តំបន់​ខ្លះ ពួក​គេ​ធ្វើ​ដំណើរ​ជា​ក្រុម ឬ​យ៉ាង​ហោច​ណាស់​ទៅ​គ្នា​ពីរ​នាក់ ជា​ជាង​ទៅ​ម្នាក់​ឯង។ ចុះ​យ៉ាង​ណា​អំពី​ការ​បៀតបៀន? គ្រិស្ត​សាសនិក​ជឿ​ថា ពួក​គេ​ជៀស​មិន​ផុត​ពី​ការ​បៀតបៀន​នោះ​ទេ។ (​យ៉ូន. ១៥:២០; ២ធី. ៣:១២​) ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពួក​គេ​ក៏​មិន​បណ្ដោយ​ខ្លួន​ឲ្យ​ស្ថិត​នៅ​ក្នុង​ស្ថានភាព ដែល​អាច​នាំ​ឲ្យ​ពួក​គេ​មាន​គ្រោះ​ថ្នាក់​ដែរ។ សូម​ពិចារណា​គំរូ​របស់​លោក​យេស៊ូ។ នៅ​ពេល​មួយ កាល​ដែល​ពួក​អ្នក​ប្រឆាំង​នៅ​ក្រុង​យេរូសាឡិម​រើស​ថ្ម​បម្រុង​នឹង​គប់​លោក​យេស៊ូ នោះ​«​លោក​បាន​លាក់​ខ្លួន រួច​ចេញ​ពី​វិហារ​ទៅ​»។ (​យ៉ូន. ៨:៥៩​) ក្រោយ​មក ពេល​ជនជាតិ​យូដា​រៀប​គម្រោង​ដើម្បី​សម្លាប់​លោក នោះ​«​លោក​យេស៊ូ​លែង​បង្ហាញ​ខ្លួន​ជាសាធារណៈ​ក្នុង​ចំណោម​ជនជាតិ​យូដា​ទៀត តែ​លោក​បាន​ចេញ​ពី​ទី​នោះ ទៅ​ក្រុង​មួយ . . . ដែល​នៅ​ជិត​តំបន់​ស្ងាត់​ជ្រងំ​»។ (​យ៉ូន. ១១:៥៤​) លោក​យេស៊ូ​បាន​ចាត់​វិធានការ​យ៉ាង​សម​ហេតុ​សម​ផល​ដើម្បី​ការ​ពារ​ខ្លួន បើ​នោះ​មិន​ផ្ទុយ​ពី​បំណង​ប្រាថ្នា​របស់​ព្រះ។ គ្រិស្ត​សាសនិក​សព្វ​ថ្ងៃ​ក៏​ធ្វើ​ដូច​គ្នា​ដែរ។—ម៉ាថ. ១០:១៦

ប៉ូល​នាំ​យក​អំណោយ

នៅ​ឆ្នាំ​បន្ទាប់​ពី​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣ គ.ស. គ្រិស្ត​សាសនិក​នៅ​ក្រុង​យេរូសាឡិម​បាន​រង​ទុក្ខ​លំបាក​ជា​ច្រើន ដោយ​សារ​ពួក​គេ​ជួប​ការ​អត់​ឃ្លាន ការ​បៀតបៀន និង​ការ​លួច​ប្លន់។ អ្វី​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​បង​ប្អូន​ខ្លះ​ត្រូវ​ការ​ជំនួយ​ជា​ខ្លាំង។ (​សកម្ម. ១១:២៧–១២:១; ហេ. ១០:៣២​-​៣៤​) ដូច្នេះ ប្រហែល​នៅ​ឆ្នាំ​៤៩ គ.ស. ពេល​ពួក​អ្នក​ចាស់​ទុំ​នៅ​ក្រុង​យេរូសាឡិម​ប្រាប់​ប៉ូល​ឲ្យ​ផ្ដោត​ទៅ​លើ​ការ​ផ្សព្វ​ផ្សាយ​ដល់​ជន​ជាតិ​ដទៃ ពួក​គាត់​ក៏​បាន​លើក​ទឹក​ចិត្ត​ប៉ូល​«​កុំ​ឲ្យ​ភ្លេច​គិត​ដល់​បង​ប្អូន​ក្រី​ក្រ​»។ ប៉ូល​បាន​ធ្វើ​តាម​ពាក្យ​លើក​ទឹក​ចិត្ត​នោះ ដោយ​មើល​ការ​ខុស​ត្រូវ​លើ​ការ​ប្រមូល​ជំនួយ​ក្នុង​ក្រុម​ជំនុំ។—កាឡ. ២:១០

នៅ​ឆ្នាំ​៥៥ គ.ស. ប៉ូល​បាន​ប្រាប់​បង​ប្អូន​នៅ​ក្រុង​កូរិនថូស​ថា​៖ ​«​សូម​ធ្វើ​ដូច​ដែល​ខ្ញុំ​បាន​ណែនាំ​ក្រុម​ជំនុំ​ទាំង​ប៉ុន្មាន​នៅ​ខេត្ត​កាឡាទី។ រាល់​ថ្ងៃ​ដំបូង​នៃ​សប្ដាហ៍ ចូរ​អ្នក​រាល់​គ្នា​ម្នាក់​ៗ​ទុក​របស់​ទ្រព្យ​ខ្លះ​ដោយ​ឡែក​តាម​ដែល​ខ្លួន​មាន ដើម្បី​កុំ​ឲ្យ​ចាប់​ផ្ដើម​ប្រមូល​វិភាគទាន​នៅ​ពេល​ដែល​ខ្ញុំ​មក​ដល់។ ប៉ុន្តែ ពេល​ខ្ញុំ​មក​ដល់ ខ្ញុំ​នឹង​ចាត់​ពួក​បុរស​ដែល​អ្នក​រាល់​គ្នា​បាន​លើក​ឈ្មោះ​ឡើង​ក្នុង​សំបុត្រ ឲ្យ​យក​អំណោយ​ដ៏​សប្បុរស​របស់​អ្នក​រាល់​គ្នា​ទៅ​ក្រុង​យេរូសាឡិម​»។ (​១កូ. ១៦:១​-​៣​) មិន​យូរ​ក្រោយ​មក​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ ប៉ូល​បាន​សរសេរ​សំបុត្រ​ទី​២​ទៅ​បង​ប្អូន​នៅ​ក្រុង​កូរិនថូស ដោយ​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​រៀបចំ​អំណោយ​ជា​ស្រេច ហើយ​គាត់​បាន​ប្រាប់​ថា បង​ប្អូន​នៅ​តំបន់​ម៉ាសេដូន​ក៏​កំពុង​ធ្វើ​វិភាគទាន​ដែរ។—២កូ. ៨:១–៩:១៥

បន្ទាប់​មក នៅ​ឆ្នាំ​៥៦ គ.ស. បង​ប្អូន​ដែល​តំណាង​ក្រុម​ជំនុំ​ផ្សេង​ៗ​បាន​មក​ជួប​ប៉ូល ដើម្បី​សរុប​អំណោយ​ទាំង​អស់​ដែល​បាន​មក​ពី​ក្រុម​ជំនុំ។ បង​ប្អូន​៩​នាក់​បាន​រួម​ដំណើរ​ជា​មួយ​ប៉ូល​ក្នុង​បំណង​ការ​ពារ​សុវត្ថិភាព​គាត់ និង​ធ្វើ​ជា​សាក្សី​អំពី​អំណោយ​ដែល​បាន​ប្រមូល​មក ដើម្បី​ជៀស​វាង​ពាក្យ​ចោទ​ប្រកាន់​ថា ប៉ូល​កិបកេង​ប្រាក់​វិភាគទាន។ (​២កូ. ៨:២០​) គោល​ដៅ​ចម្បង​ដែល​ប៉ូល​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូសាឡិម គឺ​ដើម្បី​ប្រគល់​ប្រាក់​វិភាគទាន​ទាំង​អស់​នេះ។ (​រ៉ូម ១៥:២៥, ២៦​) ក្រោយ​មក ប៉ូល​បាន​ប្រាប់​អភិបាល​ភេលីច​ថា​៖ ​«​ក្រោយ​ច្រើន​ឆ្នាំ​កន្លង​ផុត​ទៅ ខ្ញុំ​បាន​មក​ដើម្បី​យក​អំណោយ​មក​ជូន​ជន​រួម​ជាតិ​របស់​ខ្ញុំ ហើយ​ក៏​បាន​យក​គ្រឿង​បូជា​មក​ជូន​ព្រះ​ដែរ​»។—សកម្ម. ២៤:១៧

ពួក​គាត់​«​ធូរ​ស្រាល​ក្នុង​ចិត្ត​ពន់​ពេក​ក្រៃ​»​ (​សកម្មភាព ២០:៥​-​១២​)

១២, ១៣. ​(​ក​) តើ​ការ​ប្រោស​អឺទីកុស​ឲ្យ​រស់​ឡើង​វិញ​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​បង​ប្អូន​ក្រុម​ជំនុំ? (​ខ​) ហេតុ​អ្វី​សេចក្ដី​សង្ឃឹម​ពី​គម្ពីរ​ជួយ​សម្រាល​ទុក្ខ​ដល់​អស់​អ្នក​ដែល​មាន​មនុស្ស​ជា​ទី​ស្រឡាញ់​ស្លាប់?

១២ ប៉ូល​និង​គ្នា​របស់​គាត់​បាន​ធ្វើ​ដំណើរ​កាត់​តំបន់​ម៉ាសេដូន បន្ទាប់​មក​ពួក​គាត់​ទំនង​ជា​បែក​ផ្លូវ​គ្នា។ ប៉ុន្តែ តាម​មើល​ទៅ ក្រោយ​មក​ពួក​គាត់​ជួប​គ្នា​ម្ដង​ទៀត​នៅ​ក្រុង​ត្រូអាស។d គម្ពីរ​ចែង​ថា​៖ ​«​លុះ​ប្រាំ​ថ្ងៃ​ក្រោយ​មក យើង​បាន​មក​ឯ​ពួក​គាត់​នៅ​ក្រុង​ត្រូអាស​»។e (​សកម្ម. ២០:៦​) ដូច​បាន​រៀប​រាប់​នៅ​ដើម​ជំពូក​នេះ ការ​ប្រោស​យុវជន​អឺទីកុស​ឲ្យ​រស់​ឡើង​វិញ​បាន​កើត​ឡើង​នៅ​ទី​នោះ។ សូម​ស្រមៃ​គិត​អំពី​អារម្មណ៍​របស់​បង​ប្អូន​នៅ​ក្រុង​ត្រូអាស ពេល​ឃើញ​អឺទីកុស​ដែល​ជា​បង​ប្អូន​រួម​ជំនឿ​រស់​ឡើង​វិញ! ដូច​កំណត់​ហេតុ​បាន​រៀប​រាប់ ពួក​គាត់​«​ធូរ​ស្រាល​ក្នុង​ចិត្ត​ពន់​ពេក​ក្រៃ​»។—សកម្ម. ២០:១២

១៣ ប្រាកដ​ណាស់ អព្ភូតហេតុ​ដូច​នោះ​មិន​កើត​ឡើង​នៅ​សព្វ​ថ្ងៃ​នេះ​ទេ។ ទោះ​ជា​យ៉ាង​ណា​ក្ដី អស់​អ្នក​ដែល​បាត់​បង់​មនុស្ស​ជា​ទី​ស្រឡាញ់​នឹង​«​ធូរ​ស្រាល​ក្នុង​ចិត្ត​ពន់​ពេក​ក្រៃ​»​ ដោយ​សារ​សេចក្ដី​សង្ឃឹម​ដែល​មាន​ចែង​ក្នុង​គម្ពីរ​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ (​យ៉ូន. ៥:២៨, ២៩​) សូម​ពិចារណា​៖ ដោយសារ​ភាព​មិន​ល្អ​ឥត​ខ្ចោះ ទោះ​ជា​អឺទីកុស​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ក៏​ដោយ តែ​ទី​បំផុត​គាត់​ស្លាប់​ទៅ​វិញ។ (​រ៉ូម ៦:២៣​) ប៉ុន្តែ អស់​អ្នក​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ក្នុង​ពិភព​លោក​ថ្មី​របស់​ព្រះ នឹង​មាន​លទ្ធភាព​រស់​ជា​រៀង​រហូត! បន្ថែម​ទៅ​ទៀត អស់​អ្នក​ដែល​បាន​រស់​ឡើង​វិញ​ដើម្បី​គ្រប់​គ្រង​ជា​មួយ​លោក​យេស៊ូ​នៅ​ស្ថាន​សួគ៌ នឹង​ទទួល​បាន​ជីវិត​អមតៈ។ (​១កូ. ១៥:​៥១​-​៥៣​) គ្រិស្ត​សាសនិក​សព្វ​ថ្ងៃ មិន​ថា​ជា​អ្នក​រើស​តាំង ឬ​«​ចៀម​ឯ​ទៀត​»​ទេ ពួក​គេ​មាន​មូលហេតុ​ល្អ​ដើម្បី​«​ធូរ​ស្រាល​ក្នុង​ចិត្ត​ពន់​ពេក​ក្រៃ​»។—យ៉ូន. ១០:១៦

​«​ជា​សាធារណៈ និង​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​»​ (​សកម្មភាព ២០:១៣​-​២៤​)

១៤. ពេល​ពួក​អ្នក​ចាស់​ទុំ​ក្រុង​អេភេសូរ​បាន​មក​ជួប​ប៉ូល​នៅ​ក្រុង​មីលេតូស តើ​ប៉ូល​បាន​និយាយ​អ្វី​ទៅ​កាន់​ពួក​គេ?

១៤ ប៉ូល​និង​ក្រុម​របស់​គាត់​បាន​ធ្វើ​ដំណើរ​ចេញ​ពី​ក្រុង​ត្រូអាស ទៅ​ក្រុង​អាសុស។ បន្ទាប់​មក ទៅ​ក្រុង​មីទូលេន កោះ​ឃីយ៉ូស កោះ​សាម៉ូស និង​ក្រុង​មីលេតូស។ ប៉ូល​មាន​គោល​ដៅ​ទៅ​ដល់​ក្រុង​យេរូសាឡិម​ឲ្យ​ទាន់​ពេល​បុណ្យ​ថ្ងៃ​ទី​៥០។ ដោយ​សារ​គាត់​ប្រញាប់​ប្រញាល់​ត្រឡប់​ទៅ​ឲ្យ​ទាន់​បុណ្យ​នោះ បាន​ជា​គាត់​ជ្រើស​រើស​ធ្វើ​ដំណើរ​តាម​សំពៅ​មួយ​ដែល​មិន​ចូល​ចត​នៅ​ក្រុង​អេភេសូរ។ យ៉ាង​ណា​ក៏​ដោយ ប៉ូល​ចង់​និយាយ​ជា​មួយ​នឹង​ពួក​អ្នក​ចាស់​ទុំ​នៅ​ក្រុង​អេភេសូរ ដូច្នេះ​ប៉ូល​បាន​សុំ​ពួក​គេ​ឲ្យ​មក​ជួប​គាត់​នៅ​ក្រុង​មីលេតូស។ (​សកម្ម. ២០:១៣​-​១៧​) កាល​ដែល​ពួក​គេ​មក​ដល់ ប៉ូល​បាន​និយាយ​ទៅ​កាន់​ពួក​គេ​ថា​៖ ​«​តាំង​ពី​ថ្ងៃ​ដំបូង​ដែល​ខ្ញុំ​ឈាន​ជើង​ចូល​ខេត្ត​អាស៊ី អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ខ្ញុំ​បាន​ប្រើ​ជីវិត​យ៉ាង​ណា​ពេល​ដែល​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា។ ខ្ញុំ​បាន​ធ្វើ​ការ​យ៉ាង​នឿយ​ហត់​ដើម្បី​បម្រើ​លោក​ម្ចាស់​ដោយ​ចិត្ត​រាប​ទាប ទាំង​ស្រក់​ទឹក​ភ្នែក និង​ទាំង​រង​ទុក្ខ​លំបាក​ដោយ​សារ​គម្រោង​ការ​អាក្រក់​របស់​ជនជាតិ​យូដា។ នៅ​ពេល​ដំណាល​គ្នា​នោះ ខ្ញុំ​មិន​បាន​ខាន​ប្រាប់​អ្នក​រាល់​គ្នា​អំពី​អ្វី​ៗ​ដែល​មាន​ប្រយោជន៍​ទេ ហើយ​ក៏​មិន​បាន​ខាន​បង្រៀន​អ្នក​រាល់​គ្នា​ជា​សាធារណៈ និង​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ដែរ។ ប៉ុន្តែ ខ្ញុំ​បាន​ធ្វើ​ជា​សាក្សី​បញ្ជាក់​យ៉ាង​សព្វ​គ្រប់​ប្រាប់​ពួក​យូដា​និង​ពួក​ក្រិច​ថា ពួក​គេ​ត្រូវ​ប្រែ​ចិត្ត បែរ​មក​គោរព​ប្រណិប័តន៍​ព្រះ ហើយ​មាន​ជំនឿ​លើ​លោក​យេស៊ូ ដែល​ជា​លោក​ម្ចាស់​របស់​យើង​»។—សកម្ម. ២០:១៨​-​២១

១៥. តើ​ការ​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​មាន​ប្រយោជន៍​អ្វី​ខ្លះ?

១៥ នៅ​សព្វ​ថ្ងៃ យើង​ប្រើ​វិធី​ផ្សេង​ៗ​ជា​ច្រើន​ដើម្បី​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ។ ដូច​ប៉ូល យើង​ព្យាយាម​ទៅ​គ្រប់​កន្លែង​ដែល​មាន​មនុស្ស មិន​ថា​នៅ​ចំណត​ឡាន​ក្រុង នៅ​ផ្លូវ​ដ៏​មមាញឹក ឬ​នៅ​ឯ​ផ្សារ​ទេ។ ប៉ុន្តែ ការ​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ នៅ​តែ​ជា​វិធី​ផ្សព្វ​ផ្សាយ​ចម្បង​របស់​សាក្សី​ព្រះ​យេហូវ៉ា។ ហេតុ​អ្វី? មូលហេតុ​ទី​១ ការ​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ផ្ដល់​ឱកាស​ដល់​មនុស្ស​គ្រប់​រូប​បាន​ឮ​ដំណឹង​ល្អ​ជា​ទៀង​ទាត់ ហើយ​នេះ​បង្ហាញ​ថា​ព្រះ​មិន​រើស​មុខ​ឡើយ។ មូលហេតុ​ទី​២ ការ​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ជួយ​មនុស្ស​ដែល​មាន​ចិត្ត​ស្មោះ​ឲ្យ​ទទួល​ជំនួយ​ស្រប​តាម​សេចក្ដី​ត្រូវ​ការ​របស់​ពួក​គេ។ មូលហេតុ​ទី​៣ ការ​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ជួយ​ពង្រឹង​ជំនឿ​និង​ការ​ស៊ូ​ទ្រាំ​របស់​អ្នក​ផ្សាយ។ ប្រាកដ​ណាស់ សញ្ញា​សម្គាល់​របស់​គ្រិស្ត​សាសនិក​ពិត​នៅ​សព្វ​ថ្ងៃ គឺ​ចិត្ត​ខ្នះ​ខ្នែង​ផ្សព្វ​ផ្សាយ​«​ជា​សាធារណៈ និង​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​»។

១៦, ១៧. តើ​តាម​របៀប​ណា​ប៉ូល​បង្ហាញ​ថា​គាត់​មិន​ភ័យ​ខ្លាច? ហើយ​តើ​គ្រិស្ត​សាសនិក​នៅ​សព្វ​ថ្ងៃ​ធ្វើ​តាម​គំរូ​របស់​គាត់​យ៉ាង​ដូច​ម្ដេច?

១៦ ប៉ូល​បាន​ពន្យល់​ពួក​អ្នក​ចាស់​ទុំ​នៅ​ក្រុង​អេភេសូរ​ថា គាត់​មិន​ដឹង​ថា​មាន​គ្រោះ​ថ្នាក់​អ្វី​កំពុង​រង់​ចាំ​គាត់​ទេ ពេល​គាត់​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ។ គាត់​ប្រាប់​ពួក​គេ​ថា​៖ ​«​ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ខ្ញុំ​មិន​ចាត់​ទុក​ថា​ជីវិត​ខ្ញុំ​គឺ​សំខាន់​ចំពោះ​ខ្ញុំ​ទេ សុំ​ឲ្យ​តែ​ខ្ញុំ​បាន​រត់​ក្នុង​ការ​ប្រណាំង​នេះ​រហូត​ដល់​ទី​បញ្ចប់ ហើយ​បង្ហើយ​កិច្ច​បម្រើ​ដែល​ខ្ញុំ​បាន​ទទួល​ពី​លោក​ម្ចាស់​យេស៊ូ នោះ​គ្រប់​គ្រាន់​ហើយ ពោល​គឺ​ការ​ធ្វើ​ជា​សាក្សី​បញ្ជាក់​យ៉ាង​សព្វ​គ្រប់​ពី​ដំណឹង​ល្អ​ស្ដី​អំពី​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ​»។ (​សកម្ម. ២០:២៤​) ប៉ូល​មិន​ភ័យ​ខ្លាច​ឡើយ ហើយ​ក៏​មិន​ឲ្យ​អ្វី​មក​រារាំង​គាត់​ពី​ការ​បំពេញ​ភារកិច្ច​របស់​គាត់​ដែរ មិន​ថា​បញ្ហា​ខាង​សុខភាព ឬ​ការ​ប្រឆាំង​យ៉ាង​ខ្លាំង​នោះ​ទេ។

១៧ គ្រិស្ត​សាសនិក​នៅ​សព្វ​ថ្ងៃ ក៏​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​ផ្សេង​ៗ​ដែរ។ គ្រិស្ត​សាសនិក​ខ្លះ​កំពុង​រង​ការ​ដាក់​បម្រាម​ឬ​ការ​បៀតបៀន​ពី​សំណាក់​រដ្ឋាភិបាល។ រីឯ​គ្រិស្ត​សាសនិក​ខ្លះ​ទៀត ពួក​គេ​កំពុង​ត​ស៊ូ​យ៉ាង​ខ្លាំង​ចំពោះ​បញ្ហា​ខាង​ផ្លូវ​កាយ​ឬ​ខាង​ផ្លូវ​ចិត្ត។ ចំណែក​ឯ​គ្រិស្ត​សាសនិក​វ័យ​ក្មេង​វិញ ពួក​គេ​ត្រូវ​ប្រឈម​មុខ​នឹង​សម្ពាធ​ពី​មនុស្ស​ស្រករ​គ្នា​នៅ​ឯ​សាលា​រៀន។ ទោះ​ជា​សាក្សី​ព្រះ​យេហូវ៉ា​ស្ថិត​នៅ​ក្នុង​កាលៈទេសៈ​បែប​ណា​ក៏​ដោយ ពួក​គេ​បង្ហាញ​ជំហរ​មាំ​មួន​ដូច​ប៉ូល​ដែរ។ ពួក​គេ​ប្ដេជ្ញា​ចិត្ត​«​ធ្វើ​ជា​សាក្សី​បញ្ជាក់​យ៉ាង​សព្វ​គ្រប់​អំពី​ដំណឹង​ល្អ​»។

​«​ចូរ​ប្រយ័ត្ន​ខ្លួន​អ្នក ហើយ​មើល​ការ​ខុស​ត្រូវ​ហ្វូង​ចៀម​»​ (​សកម្មភាព ២០:២៥​-​៣៨​)

១៨. តើ​តាម​របៀប​ណា​ប៉ូល​បាន​រក្សា​ខ្លួន​មិន​ឲ្យ​មាន​ទោស​ចំពោះ​ឈាម? ហើយ​តើ​ពួក​អ្នក​ចាស់​ទុំ​នៅ​ក្រុង​អេភេសូរ​អាច​ធ្វើ​តាម​គំរូ​របស់​គាត់​យ៉ាង​ដូច​ម្ដេច?

១៨ បន្ទាប់​មក ប៉ូល​បាន​ដាស់​តឿន​ពួក​អ្នក​ចាស់​ទុំ​នៅ​ក្រុង​អេភេសូរ ដោយ​លើក​ឡើង​អំពី​បទ​ពិសោធន៍​របស់​គាត់​ផ្ទាល់។ ដំបូង ប៉ូល​ប្រាប់​ពួក​អ្នក​ចាស់​ទុំ​ថា នេះ​ប្រហែល​ជា​លើក​ចុង​ក្រោយ​ដែល​ពួក​គេ​ឃើញ​មុខ​គាត់។ រួច​មក ប៉ូល​និយាយ​ថា​៖ ​«​ខ្ញុំ​គ្មាន​ទោស​ចំពោះ​ឈាម​របស់​មនុស្ស​ណា​ម្នាក់​ទេ ព្រោះ​ខ្ញុំ​មិន​បាន​ខាន​ប្រាប់​អ្នក​រាល់​គ្នា​អំពី​ឱវាទ​ណា​មួយ​របស់​ព្រះ​ឡើយ​»។ ដូច្នេះ តើ​ពួក​អ្នក​ចាស់​ទុំ​ក្រុង​អេភេសូរ​អាច​ធ្វើ​តាម​គំរូ​របស់​ប៉ូល ដោយ​រក្សា​ខ្លួន​មិន​ឲ្យ​មាន​ទោស​ចំពោះ​ឈាម​យ៉ាង​ដូច​ម្ដេច? ប៉ូល​បាន​ប្រាប់​ពួក​គេ​ថា​៖ ​«​ចូរ​ប្រយ័ត្ន​ខ្លួន​អ្នក ហើយ​មើល​ការ​ខុស​ត្រូវ​ហ្វូង​ចៀម ដោយ​សារ​ឫទ្ធានុភាព​បរិសុទ្ធ​បាន​តែង​តាំង​អ្នក​រាល់​គ្នា​ឲ្យ​ធ្វើ​ជា​អ្នក​ត្រួត​ពិនិត្យ ដើម្បី​ឃ្វាល​ក្រុម​ជំនុំ​របស់​ព្រះ ដែល​លោក​បាន​ទិញ​ដោយ​ឈាម​របស់​បុត្រ​លោក​ផ្ទាល់​»។ (​សកម្ម. ២០:​២៦​-​២៨​) ប៉ូល​ថែម​ទាំង​បាន​ព្រមាន​ពួក​គេ​ថា​«​ឆ្កែ​ចចក​ដ៏​សាហាវ​»​នឹង​ចូល​មក​ក្នុង​ចំណោម​ហ្វូង​ចៀម ហើយ​នឹង​«​និយាយ​បង្ខុស​សេចក្ដី​ពិត ដើម្បី​អូស​ទាញ​ពួក​អ្នក​កាន់​តាម​ឲ្យ​ទៅ​តាម​ពួក​គេ​វិញ​»។ តើ​ពួក​អ្នក​ចាស់​ទុំ​គួរ​ធ្វើ​អ្វី? ប៉ូល​ប្រាប់​ពួក​គេ​ថា​៖ ​«​ចូរ​ចាំ​យាម ហើយ​ចាំ​ជា​និច្ច​ថា ខ្ញុំ​បាន​ដាស់​តឿន​អ្នក​រាល់​គ្នា​ម្នាក់​ៗ​ដោយ​ស្រក់​ទឹក​ភ្នែក​ទាំង​យប់​ទាំង​ថ្ងៃ​អស់​បី​ឆ្នាំ​»។—សកម្ម. ២០:​២៩​-​៣១

១៩. តើ​មាន​អ្វី​កើត​ឡើង​នៅ​ចុង​សតវត្សរ៍​ទី​១? ហើយ​តើ​នេះ​បាន​នាំ​ឲ្យ​មាន​អ្វី​ទៀត​នៅ​សតវត្សរ៍​ក្រោយ​ៗ​មក?

១៩ ​«​ឆ្កែ​ចចក​ដ៏​សាហាវ​»​បាន​លេច​មក​នៅ​ចុង​សតវត្សរ៍​ទី​១។ ប្រហែល​នៅ​ឆ្នាំ​៩៨ គ.ស. សាវ័ក​យ៉ូហាន​បាន​សរសេរ​ថា​៖ ​«​សូម្បី​តែ​ឥឡូវ​នេះ សត្រូវ​ជា​ច្រើន​របស់​គ្រិស្ត​បាន​លេច​មក . . . ពួកគេ​បាន​ចេញ​ពី​ចំណោម​យើង​ទៅ តែ​ពួក​គេ​មិន​មែន​ជា​គ្នា​យើង​ទេ ពីព្រោះ​បើ​ជា​គ្នា​យើង​មែន នោះ​ពួក​គេ​នឹង​នៅ​ជាប់​ជា​មួយ​នឹង​យើង​»។ (​១​យ៉ូន. ២:១៨, ១៩​) មក​ដល់​សតវត្សរ៍​ទី​៣ ការ​ក្បត់​ជំនឿ​មាន​ច្រើន​ដល់​ម្ល៉េះ បាន​ជា​នាំ​ឲ្យ​មនុស្ស​មួយ​ក្រុម​លើក​ខ្លួន​ជា​អ្នក​ដឹក​នាំ​គ្រិស្ត​សាសនា ហើយ​នៅ​សតវត្សរ៍​ទី​៤​អធិរាជ​ខន់ស្ទែនធីន​បាន​ចាត់​ទុក​«​គ្រិស្ត​សាសនា​»​ក្លែង​ក្លាយ​នេះ​ថា​ស្រប​ច្បាប់។ ពួក​អ្នក​ដឹក​នាំ​សាសនា​បាន​យក​សេចក្ដី​បង្រៀន​និង​ទំនៀម​ទម្លាប់​របស់​សាសនា​មិន​ពិត មក​កាឡៃ​ជា​សេចក្ដី​បង្រៀន​របស់​«​គ្រិស្ត​សាសនា​»។ ពិត​ណាស់ ពួក​គេ​បាន​«​និយាយ​បង្ខុស​សេចក្ដី​ពិត​»។ ឥទ្ធិពល​នៃ​ការ​ក្បត់​ជំនឿ​នោះ នៅ​តែ​ឃើញ​មាន​ក្នុង​សេចក្ដី​បង្រៀន និង​ក្នុង​ទំនៀមទម្លាប់​របស់​ពិភព​គ្រិស្ត​សាសនា។

២០, ២១. តើ​ប៉ូល​បាន​លះ​បង់​ប្រយោជន៍​ខ្លួន​យ៉ាង​ដូច​ម្ដេច? ហើយ​តើ​នៅ​សព្វ​ថ្ងៃ​ពួក​អ្នក​ចាស់​ទុំ​អាច​ធ្វើ​តាម​គំរូ​របស់​គាត់​ដោយ​របៀប​ណា?

២០ របៀប​រស់​នៅ​របស់​ប៉ូល​មាន​ភាព​ខុស​គ្នា​ស្រឡះ​ពី​មនុស្ស​ជំនាន់​ក្រោយ ដែល​តែង​តែ​មក​កេង​ចំណេញ​ពី​ហ្វូង​ចៀម។ ហេតុ​អ្វី​បាន​ជា​ខុស​គ្នា? ពីព្រោះ​ប៉ូល​ធ្វើ​ការ​ដើម្បី​ចិញ្ចឹម​ជីវិត មិន​មែន​ធ្វើ​ជា​បន្ទុក​ដល់​បង​ប្អូន​ក្រុម​ជំនុំ​ឡើយ។ ម្យ៉ាង​ទៀត ការ​ខំ​ប្រឹង​ប្រែង​របស់​គាត់​គឺ​ដើម្បី​បង​ប្អូន​រួម​ជំនឿ មិន​មែន​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ទេ។ ប៉ូល​បាន​ដាស់​តឿន​ពួក​អ្នក​ចាស់​ទុំ​នៅ​ក្រុង​អេភេសូរ ឲ្យ​បង្ហាញ​ចិត្ត​គំនិត​លះ​បង់​ប្រយោជន៍​ខ្លួន ដោយ​ប្រាប់​ថា​៖ ​«​អ្នក​រាល់​គ្នា​ត្រូវ​ជួយ​អស់​អ្នក​ដែល​ខ្សោយ . . . ហើយ​អ្នក​រាល់​គ្នា​ត្រូវ​ចាំ​ប្រសាសន៍​របស់​លោក​ម្ចាស់​យេស៊ូ ដែល​ថា​៖ ‹ការ​ឲ្យ​គេ នោះ​មាន​សុភមង្គល​ច្រើន​ជាង​ការ​ទទួល›​»។—សកម្ម. ២០:៣៥

២១ នៅ​សព្វ​ថ្ងៃ ពួក​អ្នក​ចាស់​ទុំ​ក៏​លះ​បង់​ប្រយោជន៍​ខ្លួន​ដូច​ប៉ូល​ដែរ។ ផ្ទុយ​ពី​បព្វជិត​នៃ​ពិភព​គ្រិស្ត​សាសនា​ដែល​បោក​បញ្ឆោត​ហ្វូង​ចៀម​ដើម្បី​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន នោះ​អស់​អ្នក​ដែល​បាន​ទទួល​ភារកិច្ច​ដើម្បី​«​ឃ្វាល​ក្រុម​ជំនុំ​របស់​ព្រះ​»​ ត្រូវ​បំពេញ​ភារកិច្ច​របស់​ពួក​គេ​ដោយ​មិន​គិត​ប្រយោជន៍​ផ្ទាល់​ខ្លួន។ នៅ​ក្នុង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ពិត មិន​មាន​កន្លែង​សម្រាប់​អស់​អ្នក​ដែល​មាន​អំណួត​ឬ​មាន​មហិច្ឆតា​ទេ ពីព្រោះ​អស់​អ្នក​ដែល​ស្វែង​រក​«​កិត្តិសព្ទ​»​ ទី​បំផុត​នឹង​បរាជ័យ​ទាំង​ស្រុង។ (​សុភ. ២៥:២៧​) មនុស្ស​ព្រហើន​ទទួល​បាន​តែ​ភាព​អាប់​កិត្តិយស​ប៉ុណ្ណោះ។—សុភ. ១១:២

ប៉ូលនិងគ្នារបស់គាត់ឡើងជិះសំពៅ។ ពួកអ្នកចាស់ទុំពីក្រុងអេភេសូរឱបប៉ូលទាំងស្រក់ទឹកភ្នែក។

«​ពួក​គាត់​ទាំង​អស់​គ្នា​ហូរ​ទឹក​ភ្នែក​»។—សកម្មភាព ២០:៣៧

២២. ហេតុ​អ្វី​ពួក​អ្នក​ចាស់​ទុំ​នៅ​ក្រុង​អេភេសូរ​ស្រឡាញ់​ប៉ូល?

២២ បង​ប្អូន​ស្រឡាញ់​ប៉ូល ដោយ​សារ​ប៉ូល​ស្រឡាញ់​ពួក​គាត់​យ៉ាង​ស្មោះ។ នេះ​បាន​ឃើញ​ជាក់​ស្ដែង​ពេល​ដែល​ប៉ូល​ចេញ​ដំណើរ គឺ​«​ពួក​គាត់​ទាំង​អស់​គ្នា​ហូរ​ទឹក​ភ្នែក រួច​ពួក​គាត់​ឱប​ប៉ូល ហើយ​ថើប​លា​គាត់​ដោយ​ក្ដី​ស្រឡាញ់​»។ (​សកម្ម. ២០:៣៧, ៣៨​) បង​ប្អូន​រួម​ជំនឿ​ពិត​ជា​ស្រឡាញ់ និង​ដឹង​គុណ​អស់​អ្នក​ដែល​បម្រើ​ហ្វូង​ចៀម ដោយ​មិន​គិត​ប្រយោជន៍​ផ្ទាល់​ខ្លួន​ដូច​ប៉ូល​បាន​ធ្វើ​ដែរ។ ក្រោយ​ពី​បាន​ពិចារណា​គំរូ​ដ៏​ល្អ​របស់​ប៉ូល យើង​ច្បាស់​ជា​យល់​ស្រប​ថា គាត់​មិន​មាន​ចិត្ត​អំណួត​ឬ​និយាយ​ពន្លើស​ឡើយ ពេល​ដែល​គាត់​ពោល​ពាក្យ​ថា​៖ ​«​ខ្ញុំ​គ្មាន​ទោស​ចំពោះ​ឈាម​របស់​មនុស្ស​ណា​ម្នាក់​ទេ​»។—សកម្ម. ២០:២៦

a សូម​មើល​ប្រអប់​«​សំបុត្រ​របស់​ប៉ូល​ពី​តំបន់​ម៉ាសេដូន​»។

b ប៉ូល​ទំនង​ជា​បាន​សរសេរ​សំបុត្រ​ទៅ​កាន់​បង​ប្អូន​នៅ​ក្រុង​រ៉ូម ក្នុង​អំឡុង​ពេល​គាត់​ធ្វើ​ទស្សនកិច្ច​នៅ​ក្រុង​កូរិនថូស។

c សូម​មើល​ប្រអប់​«​ប៉ូល​នាំ​យក​អំណោយ​»។

d លូកា​ប្រើ​ពាក្យ​ថា​«​យើង​»​នៅ​សកម្មភាព ២០:៥, ៦។ តាម​មើល​ទៅ​នេះ​បញ្ជាក់​ថា គាត់​បាន​ជួប​ប៉ូល​ម្ដង​ទៀត​នៅ​ក្រុង​ភីលីព ជា​កន្លែង​ដែល​ប៉ូល​បាន​ចាក​ចេញ​ពី​គាត់​មួយ​រយៈ។—សកម្ម. ១៦:១០​-​១៧, ៤០

e ការ​ធ្វើ​ដំណើរ​ពី​ក្រុង​ភីលីព​ទៅ​ក្រុង​ត្រូអាស ចំណាយ​ពេល​អស់​ប្រាំ​ថ្ងៃ។ នេះ​ប្រហែល​ជា​ដោយ​សារ​ខ្យល់​មិន​អំណោយ​ផល ពីព្រោះ​លើក​មុន​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ដដែល ចំណាយ​ពេល​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ។—សកម្ម. ១៦:១១

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក