ដូចសាវ័កប៉ុល ចូរបណ្ដុះឲ្យមានលក្ខណៈកាន់តែល្អក្នុងកិច្ចបម្រើព្រះ
«ខ្ញុំបានតយុទ្ធយ៉ាងល្អ ខ្ញុំបានរត់ប្រណាំងជាស្រេច ខ្ញុំបានរក្សាសេចក្ដីជំនឿទៅហើយ»។—២ធី. ៤:៧
១, ២. តើសុលពីទីក្រុងតើសុសបានកែប្រែយ៉ាងណាខ្លះ? ក្រោយមក តើសុលចាប់ផ្ដើមធ្វើកិច្ចការដ៏សំខាន់អ្វី?
លោកសុលពីទីក្រុងតើសុស គាត់ជាអ្នកប្រាជ្ញម្នាក់ដែលពូកែតាំងចិត្តឲ្យសម្រេចការ។ ក៏ប៉ុន្តែ សុលបាន‹ប្រព្រឹត្តតាមសេចក្ដីប៉ងប្រាថ្នា›របស់ខ្លួនដែរ។ (អេភ. ២:៣) ក្រោយមក សុលពិពណ៌នាអំពីខ្លួនគាត់ថា ជា«អ្នកប្រមាថ[ដែល]ធ្វើទុក្ខបៀតបៀន ហើយព្រហើនឈ្លានពាន»ផង។—១ធី. ១:១៣
២ បន្ដិចម្ដងៗ សុលបានកែប្រែយ៉ាងច្រើន។ សុលឈប់ប្រព្រឹត្តដូចមុន ហើយព្យាយាម‹ឥតរកផលប្រយោជន៍ដល់ខ្លួនទៀត តែរកប្រយោជន៍ដល់មនុស្សជាច្រើនវិញ›។ (១កូ. ១០:៣៣) សុលចាប់ផ្ដើមមានចិត្តស្លូតបូត ហើយក៏បង្ហាញសេចក្ដីស្រឡាញ់ដល់បងប្អូនក្នុងក្រុមជំនុំដែលគាត់ធ្លាប់គំរាមកំហែង។ (សូមអាន ថែស្សាឡូនីចទី១ ២:៧, ៨) សុលសរសេរថា គាត់បានក្លាយទៅជា«អ្នកបំរើ»បងប្អូនវិញ ហើយក៏បញ្ជាក់ថា ព្រះយេហូវ៉ា«បានប្រទានព្រះគុណនេះ គឺជាសម្បត្ដិរបស់ព្រះគ្រីស្ទដ៏ប្រមាណមិនបានមកខ្ញុំដែលជាអ្នកតូចជាងបំផុតក្នុងពួកបរិសុទ្ធទាំងអស់ ឲ្យខ្ញុំបានផ្សាយដំណឹងល្អក្នុងពួកសាសន៍ដទៃ»។—អេភ. ៣:៧, ៨
៣. ការពិនិត្យមើលសំបុត្រទាំងឡាយដែលប៉ុលបានសរសេរ ព្រមទាំងរៀនអំពីកិច្ចបម្រើផ្សាយរបស់គាត់ តើទង្វើបែបនេះអាចជំរុញចិត្តយើងឲ្យធ្វើអ្វី?
៣ ក្នុងកិច្ចបម្រើព្រះយេហូវ៉ា សុលដែលហៅថាប៉ុលក៏បាន បានបណ្ដុះឲ្យមានលក្ខណៈកាន់តែល្អយ៉ាងគួរឲ្យអស្ចារ្យ។ (កិច្ច. ១៣:៩) របៀបមួយដែលយើងអាចបណ្ដុះឲ្យមានលក្ខណៈកាន់តែល្អក្នុងការថ្វាយបង្គំព្រះពិត គឺដោយពិនិត្យមើលសំបុត្រទាំងឡាយដែលប៉ុលបានសរសេរ ព្រមទាំងរៀនអំពីកិច្ចបម្រើផ្សាយរបស់គាត់ ហើយយកតម្រាប់តាមគំរូរបស់គាត់ជាអ្នកដែលមានជំនឿមុតមាំ។ (សូមអាន កូរិនថូសទី១ ១១:១; ហេព្រើរ ១៣:៧) អត្ថបទនេះនឹងបង្ហាញថា ទង្វើបែបនោះនឹងជំរុញចិត្តយើងឲ្យចង់បណ្ដុះឲ្យមានទម្លាប់សិក្សាគម្ពីរយ៉ាងទៀងទាត់ ព្រមទាំងបណ្ដុះឲ្យមានចិត្តស្រឡាញ់មនុស្សដទៃយ៉ាងស្មោះ និងចេះចាត់ទុកខ្លួនឲ្យបានសមរម្យ។
ប៉ុលសិក្សាគម្ពីរយ៉ាងទៀងទាត់
៤, ៥. តើប៉ុលបានទទួលប្រយោជន៍អ្វីខ្លះពីការសិក្សាដោយខ្លួនឯង?
៤ ដោយសារប៉ុលជាសមាជិកម្នាក់នៃសាសនាយូដានិកាយផារិស៊ី ហើយបានទទួលការអប់រំនៅ«ទៀបជើងលោកកាម៉ាលាល» ដែលបង្រៀនគាត់«តាមន័យត្រឹមត្រូវក្នុងក្រិត្យវិន័យ»របស់បុព្វបុរស នេះបានន័យថា ប៉ុលមានចំណេះច្រើនហើយ ស្តីអំពីអ្វីដែលចែងទុកក្នុងគម្ពីរ។ (កិច្ច. ២២:១-៣; ភី. ៣:៤-៦) ក្រោយទទួលការជ្រមុជទឹក ភ្លាមៗនោះប៉ុលបាន«ទៅឯស្រុកអារ៉ាប់» ដែលប្រហែលជាសំដៅទៅលើទីរហោឋាននៅស្រុកស៊ីរី ឬទីកន្លែងដាច់ស្រយាលនៅឧបទ្វីបអារ៉ាប់ដែលស្ថិតនៅប៉ែកខាងកើតសមុទ្រក្រហម។ (កា. ១:១៧) តាមមើលទៅ ប៉ុលបានធ្វើដំណើរទៅកន្លែងនោះ ដោយមានបំណងរំពឹងគិតពីបទគម្ពីរនានាដែលផ្ដល់ទីសំអាងថាព្រះយេស៊ូពិតជាមេស្ស៊ី។ ម្យ៉ាងទៀត ប៉ុលក៏ចង់ត្រៀមខ្លួនសម្រាប់កិច្ចការដែលគាត់ហៀបនឹងចាប់ផ្ដើមធ្វើ។ (សូមអាន កិច្ចការ ៩:១៥, ១៦, ២០, ២២) ប៉ុលជាអ្នកដែលឆ្លៀតពេលដើម្បីរំពឹងគិតពីកិច្ចបម្រើព្រះ។
៥ ដោយសារប៉ុលបានសិក្សាគម្ពីរដោយខ្លួនឯង គាត់មានចំណេះហើយក៏យល់ធ្លុះមែន! ជាលទ្ធផល នេះបានជួយគាត់ឲ្យមានប្រសិទ្ធភាពក្នុងការបង្រៀនអ្នកដទៃនូវសេចក្ដីពិតក្នុងគម្ពីរ។ ជាឧទាហរណ៍ ពេលប៉ុលបានចូលទៅក្នុងសាលាប្រជុំនៅទីក្រុងអាន់ទីយ៉ូក នាស្រុកពីស៊ីឌា យ៉ាងហោចណាស់គាត់បានដកស្រង់ខគម្ពីរប្រាំ ពីបទគម្ពីរភាសាហេព្រើរ ដើម្បីផ្ដល់ទីសំអាងថា ព្រះយេស៊ូជាមេស្ស៊ី។ ប៉ុលក៏បានសំដៅទៅលើបទគម្ពីរបរិសុទ្ធទាំងនោះច្រើនដងទៀតដែរ។ ប៉ុលពូកែវែកញែកហេតុផលពីបទគម្ពីរដល់ម្ល៉េះបានជា«ពួកសាសន៍យូដានឹងពួកចូលសាសន៍ជាច្រើនដែលមកថ្វាយបង្គំ គេដើរតាមប៉ុលនឹងបាណាបាស»ដោយមានបំណងរៀនបន្ថែមទៀត។ (កិច្ច. ១៣:១៤-៤៤) ប៉ុន្មានឆ្នាំក្រោយមក ពួកសាសនាយូដាមួយចំនួនពីទីក្រុងរ៉ូម បានទៅជួបប៉ុលនៅឯផ្ទះរបស់គាត់ ហើយគាត់បានបកស្រាយដល់គេដោយពន្យល់«សព្វគ្រប់ . . . ពីនគរព្រះឲ្យគេស្ដាប់ ក៏បញ្ចុះបញ្ចូលឲ្យគេជឿអស់ទាំងសេចក្ដីដែលដំរូវពីព្រះយេស៊ូវ ក្នុងក្រិត្យវិន័យលោកម៉ូសេហើយក្នុងគម្ពីរពួកហោរា»។—កិច្ច. ២៨:១៧, ២២, ២៣
៦. ពេលរងទុក្ខលំបាក តើអ្វីបានជួយប៉ុលឲ្យកាន់ជំហររឹងមាំ?
៦ សូម្បីតែពេលមានទុក្ខលំបាកក្ដី ប៉ុលនៅតែបានពិនិត្យមើលបទគម្ពីរនិងទទួលកម្លាំងចិត្តពីសារនោះដែលមកពីព្រះ។ (ហេ. ៤:១២) ពេលជាប់គុកនៅទីក្រុងរ៉ូម ហើយមិនយូរប៉ុន្មានមុនគេប្រហារជីវិតប៉ុល គាត់បានសូមប្អូនធីម៉ូថេឲ្យយក«សៀវភៅទាំងប៉ុន្មាន»និង«ក្រាំងស្បែក»មកឲ្យគាត់។ (២ធី. ៤:១៣) ឯកសារទាំងនោះប្រហែលជាផ្នែកផ្សេងៗពីបទគម្ពីរភាសាហេព្រើរ ដែលប៉ុលបានអានពេលសិក្សាសេចក្ដីដ៏ជ្រាលជ្រៅ។ គឺចាំបាច់ណាស់ឲ្យប៉ុលទទួលចំណេះពីគម្ពីរ និងមានទម្លាប់សិក្សាគម្ពីរយ៉ាងទៀងទាត់ ទើបគាត់អាចកាន់ជំហររឹងមាំបាន។
៧. សូមរៀបរាប់អំពីផលប្រយោជន៍ដែលយើងអាចទទួលពីការសិក្សាគម្ពីរយ៉ាងទៀងទាត់។
៧ ទម្លាប់សិក្សាគម្ពីរយ៉ាងទៀងទាត់ រួមជាមួយការរំពឹងគិតដោយមានបំណងទទួលប្រយោជន៍ពីអ្វីដែលយើងរៀន នោះអាចជួយយើងបណ្ដុះឲ្យមានលក្ខណៈកាន់តែល្អក្នុងកិច្ចបម្រើព្រះ។ (ហេ. ៥:១២-១៤) អ្នកតែងបទទំនុកដំកើងបានបញ្ជាក់ពីតម្លៃនៃបណ្ដាំរបស់ព្រះយេហូវ៉ា ដោយច្រៀងថា៖ «ក្រិត្យវិន័យដែលចេញពីព្រះឱស្ឋទ្រង់មក នោះវិសេសដល់ទូលបង្គំជាជាងមាសប្រាក់ទាំងពាន់ផង។ សេចក្ដីបង្គាប់របស់ទ្រង់ក៏ធ្វើឲ្យទូលបង្គំមានប្រាជ្ញាលើសជាងខ្មាំងសត្រូវ ដ្បិត[សេចក្ដីបង្គាប់ទាំងនោះ]បាននៅជាប់ជាមួយនឹងទូលបង្គំជាដរាប។ ទូលបង្គំបានបង្ខាំងជើងឲ្យវៀរចាកពីផ្លូវអាក្រក់ ដើម្បីឲ្យទូលបង្គំបានកាន់តាមព្រះបន្ទូលនៃទ្រង់»។ (ទំនុក. ១១៩:៧២, ៩៨, ១០១) តើយើងមានទម្លាប់សិក្សាគម្ពីរយ៉ាងទៀងទាត់ដោយខ្លួនឯងទេ? តើយើងអានគម្ពីរជារៀងរាល់ថ្ងៃ និងរំពឹងគិតពីអ្វីដែលយើងអានដោយមានបំណងត្រៀមខ្លួនសម្រាប់កិច្ចការឯទៀតដែលយើងប្រហែលជានឹងទទួលក្នុងកិច្ចបម្រើព្រះយេហូវ៉ាទេ?
សុលបណ្ដុះឲ្យមានចិត្តស្រឡាញ់
៨. ចំពោះមនុស្សដែលមិនកាន់សាសនាយូដា តើសុលបានប្រព្រឹត្តយ៉ាងណា?
៨ មុនសុលបានក្លាយទៅជាគ្រិស្តសាសនិកម្នាក់ គាត់កាន់សាសនារបស់ខ្លួនយ៉ាងខ្នះខ្នែងណាស់! តែគាត់មិនសូវយកចិត្តទុកដាក់ចំពោះមនុស្សដែលមិនកាន់សាសនាយូដាទេ។ (កិច្ច. ២៦:៤, ៥) ពេលពួកយូដាបានចោលលោកស្ទេផាននឹងថ្ម សុលក៏ឈរមើលទាំងយល់ព្រមទៀតផង។ ដោយសារសុលចាត់ទុកស្ទេផានជាអ្នកដែលគួរនឹងទទួលទោសនោះមែន តាមមើលទៅ នេះបានជំរុញចិត្តគាត់ឲ្យចង់រួមដៃក្នុងការបៀតបៀនពួកគ្រិស្តសាសនិក។ (កិច្ច. ៦:៨-១៤; ៧:៥៤–៨:១) កំណត់ហេតុដែលព្រះយេហូវ៉ាបណ្ដាលឲ្យលូកាសរសេរក៏បញ្ជាក់ថា៖ «សុលបានធ្វើទុក្ខដល់ពួកជំនុំខ្លាំងណាស់! ដោយចូលគ្រប់តែផ្ទះ ចាប់ទាញអូសទាំងប្រុសទាំងស្រី បញ្ជូនទៅដាក់គុក»។ (កិច្ច. ៨:៣) សុលមានចិត្តឧស្សាហ៍ដល់ម្ល៉េះបានជាគាត់«ធ្វើទុក្ខបៀតបៀនដល់គេរហូតដល់ក្រុងនៃសាសន៍ដទៃផង»។—កិច្ច. ២៦:១១
៩. តើព្រឹត្ដិការណ៍អ្វីខ្លះបានជំរុញសុលឲ្យកែប្រែរបៀបដែលគាត់ប្រព្រឹត្តចំពោះអ្នកដទៃ?
៩ លោកម្ចាស់យេស៊ូបានលេចមកជួបសុល ពេលគាត់កំពុងធ្វើដំណើរទៅឯក្រុងដាម៉ាសដោយមានផែនការចង់ធ្វើបាបដល់សិស្សរបស់ទ្រង់។ ដោយសារពន្លឺចាំងចែងដែលភ្លឺមកពីបុត្ររបស់ព្រះយេហូវ៉ា សុលបានទៅជាងងឹតភ្នែកមួយរយៈ ហើយត្រូវពឹងអ្នកដទៃដើម្បីធ្វើដំណើរតទៅទៀត។ ក្រោយមក ព្រះយេស៊ូបានចាត់លោកអាន្ន៉ានាសដើម្បីប្រោសភ្នែករបស់សុលឲ្យជា។ ក្នុងអំឡុងពេលដែលសុលងងឹតភ្នែកនោះ ទស្សនៈរបស់គាត់ចំពោះអ្នកដទៃបានកែប្រែទាំងស្រុង។ (កិច្ច. ៩:១-៣០) ក្រោយសុលបានចាប់ផ្ដើមកាន់តាមព្រះយេស៊ូ គាត់ព្យាយាមប្រព្រឹត្តចំពោះអ្នកដទៃឲ្យបានស្របទៅតាមគំរូរបស់ទ្រង់។ នេះមានន័យថា សុលលែងប្រើអំពើហិង្សា ហើយបានប្រព្រឹត្តដោយ«មេត្រីនឹងមនុស្សទាំងអស់»វិញ។—សូមអាន រ៉ូម ១២:១៧-២១
១០, ១១. តើប៉ុលបានបង្ហាញសេចក្ដីស្រឡាញ់យ៉ាងស្មោះចំពោះមនុស្សយ៉ាងដូចម្ដេច?
១០ ប៉ុលមិនស្កប់ចិត្តត្រឹមតែមានមេត្រីនឹងមនុស្សប៉ុណ្ណោះទេ តែគាត់ក៏ចង់បង្ហាញសេចក្ដីស្រឡាញ់យ៉ាងស្មោះចំពោះគេផង ហើយកិច្ចបម្រើផ្សាយជាគ្រិស្តសាសនិកបានផ្ដល់ឱកាសឲ្យគាត់ធ្វើដូច្នេះ! លើកទី១ដែលប៉ុលបានធ្វើដំណើរជាសាសនទូត គាត់បានផ្សព្វផ្សាយដំណឹងល្អនៅតំបន់ដែលសព្វថ្ងៃនេះជាទឹកដីរបស់ប្រទេសតួគី។ ទោះជាមានអ្នកប្រឆាំងដ៏សាហាវនៅទីនោះក៏ដោយ ប៉ុលនិងគូកនរបស់គាត់បានផ្ដោតអារម្មណ៍ទៅលើមនុស្សរាបសា ហើយបានជួយពួកគេឲ្យក្លាយទៅជាគ្រិស្តសាសនិក។ ទោះជាអ្នកប្រឆាំងនៅឯក្រុងលីស្ដ្រានិងក្រុងអ៊ីកូនាមចង់សម្លាប់ប៉ុលក៏ដោយ គាត់និងគូកនរបស់គាត់នៅតែបានវិលត្រឡប់ទៅឯក្រុងទាំងនោះម្ដងទៀត។—កិច្ច. ១៣:១-៣; ១៤:១-៧, ១៩-២៣
១១ ក្រោយៗមក ប៉ុលនិងគ្នីគ្នារបស់គាត់បានទៅទីក្រុងភីលីព នាស្រុកម៉ាសេដូន ដើម្បីស្វែងរកមនុស្សឯទៀតដែលព្រមជឿ។ ស្ត្រីម្នាក់ឈ្មោះលីឌា ដែលជាអ្នកចូលសាសនាយូដា គាត់បានស្ដាប់ដំណឹងល្អហើយក្លាយទៅជាគ្រិស្តសាសនិកម្នាក់ដែរ។ ពួកអាជ្ញាធរនៅទីនោះបានវាយប៉ុលនិងស៊ីឡាសនឹងរំពាត់ ហើយនាំយកពួកគាត់ទៅដាក់ក្នុងគុកជ្រៅ។ ប៉ុន្តែ ប៉ុលបានផ្សព្វផ្សាយដល់អ្នកយាមគុក។ ជាលទ្ធផល អ្នកយាមគុកនិងក្រុមគ្រួសាររបស់គាត់បានទទួលការជ្រមុជទឹកជាអ្នកថ្វាយបង្គំព្រះយេហូវ៉ា។—កិច្ច. ១៦:១១-៣៤
១២. បើសុលធ្លាប់ជាមនុស្សព្រហើនឈ្លានពាន តើអ្វីបានជំរុញគាត់ឲ្យក្លាយទៅជាសាវ័កប៉ុលដែលស្រឡាញ់គេទៅវិញ?
១២ បើសុលធ្លាប់បៀតបៀនពួកគ្រិស្តសាសនិក ហេតុអ្វីបានជាគាត់ក្លាយទៅជាអ្នករួមជំនឿវិញ? បើសុលធ្លាប់ជាមនុស្សព្រហើនឈ្លានពាន តើអ្វីបានជំរុញគាត់ឲ្យក្លាយទៅជាសាវ័កប៉ុលដែលចេះស្រឡាញ់គេ មានចិត្តសប្បុរស និងស៊ូស្លាប់ដើម្បីផ្ដល់ឱកាសឲ្យអ្នកដទៃរៀននូវសេចក្ដីពិតអំពីព្រះយេហូវ៉ានិងព្រះយេស៊ូគ្រិស្ត? ប៉ុលពន្យល់ពីមូលហេតុនោះថា៖ «[ព្រះ]បានហៅខ្ញុំដោយព្រះគុណទ្រង់» ហើយក៏ពេញចិត្ត«បើកសំដែងព្រះរាជបុត្រាទ្រង់មកក្នុងខ្ញុំ»។ (កា. ១:១៥, ១៦) ប៉ុលក៏បានសរសេរជូនចំពោះធីម៉ូថេថា៖ «ដោយហេតុនោះបានជាទ្រង់អាណិតមេត្ដាដល់ខ្ញុំ ដើម្បីឲ្យព្រះយេស៊ូវគ្រីស្ទបានសំដែងចេញគ្រប់ទាំងសេចក្ដីអត់ធន់របស់ទ្រង់ក្នុងខ្លួនខ្ញុំដែលជា[មនុស្សមានបាប]លេខ១នោះ ឲ្យខ្ញុំបានធ្វើជាក្បួនដល់ពួកអ្នកដែលនឹងជឿដល់ទ្រង់ ប្រយោជន៍ឲ្យគេបានជីវិតអស់កល្បជានិច្ច»។ (១ធី. ១:១៦) ដោយសារព្រះយេហូវ៉ាបានអាណិតមេត្ដា និងបង្ហាញគុណដ៏វិសេសលើសលប់ដល់ប៉ុលដោយអត់ទោសឲ្យគាត់ នេះបានជំរុញគាត់ឲ្យចង់បង្ហាញសេចក្ដីស្រឡាញ់ចំពោះមនុស្សដទៃ ដោយផ្សព្វផ្សាយដំណឹងល្អដល់ពួកគេ។
១៣. តើអ្វីគួរជំរុញចិត្តយើងឲ្យចង់បង្ហាញសេចក្ដីស្រឡាញ់ដល់មនុស្សដទៃ? តើយើងអាចបង្ហាញសេចក្ដីស្រឡាញ់ដល់គេដោយរបៀបណាខ្លះ?
១៣ ដូចគ្នាដែរ ព្រះយេហូវ៉ាក៏អត់ទោសឲ្យយើង ហើយមិនប្រកាន់ពេកពេលដែលយើងធ្វើខុស។ (ទំនុក. ១០៣:៨-១៤) អ្នកតែងបទទំនុកដំកើងបានសួរថា៖ «ឱព្រះយេហូវ៉ាអើយ! បើសិនជាទ្រង់កត់ចំណាំអស់ទាំងអំពើទុច្ចរិតនោះ ឱព្រះអម្ចាស់អើយ! តើអ្នកណានឹងធន់នៅបាន?»។ (ទំនុក. ១៣០:៣) បើព្រះយេហូវ៉ាមិនបានអាណិតមេត្ដាដល់យើង នោះគ្មាននរណាអាចក្លាយទៅជាអ្នកបម្រើទ្រង់ដែលពេញទៅដោយអំណរ ហើយក៏គ្មាននរណាអាចមានសេចក្ដីសង្ឃឹមរស់ជារៀងរហូតបានឡើយ។ ព្រះយេហូវ៉ាបានបង្ហាញគុណដ៏វិសេសលើសលប់ដល់យើងរាល់គ្នាមែន! អាស្រ័យហេតុនេះ ដូចប៉ុល គប្បីឲ្យយើងមានចិត្តចង់បង្ហាញសេចក្ដីស្រឡាញ់ដល់មនុស្សដទៃ ដោយផ្សព្វផ្សាយនិងបង្រៀនពួកគេនូវសេចក្ដីពិតក្នុងគម្ពីរ ព្រមទាំងពង្រឹងកម្លាំងចិត្តឲ្យបងប្អូនរួមជំនឿផង។—សូមអាន កិច្ចការ ១៤:២១-២៣
១៤. តើយើងអាចរួមចំណែកកាន់តែច្រើនក្នុងកិច្ចបម្រើផ្សាយយ៉ាងដូចម្ដេច?
១៤ ក្នុងនាមជាអ្នកផ្សាយដំណឹងល្អ ប៉ុលប្រាថ្នាចង់បណ្ដុះឲ្យមានលក្ខណៈកាន់តែល្អ ហើយគំរូរបស់ព្រះយេស៊ូបានជំរុញគាត់ឲ្យធ្វើដូច្នេះមែន! វិធីមួយដែលបុត្ររបស់ព្រះយេហូវ៉ាបានបង្ហាញសេចក្ដីស្រឡាញ់ដែលគ្មានអ្វីប្រៀបផ្ទឹមបាន គឺដោយផ្សព្វផ្សាយដល់គេ។ ព្រះយេស៊ូមានប្រសាសន៍ថា៖ «ចំរូតធំណាស់! តែមានអ្នកច្រូតតិចទេ។ ដូច្នេះ ចូរសូមអង្វរដល់ព្រះអម្ចាស់នៃចំរូត ឲ្យទ្រង់ចាត់អ្នកច្រូតមកក្នុងចំរូតទ្រង់»។ (ម៉ាថ. ៩:៣៥-៣៨) ប៉ុលជាអ្នកដែលឧស្សាហ៍ផ្សព្វផ្សាយ ដូច្នេះគាត់បានតាំងគំរូដ៏ល្អឲ្យអ្នកដទៃ មុនហៅពួកគេឲ្យចូលរួមកិច្ចការដែលប្រៀបដូចជាចម្រូតនោះ។ ចុះយ៉ាងណាចំពោះយើងម្នាក់ៗ? តើយើងអាចបណ្ដុះឲ្យមានលក្ខណៈកាន់តែល្អក្នុងកិច្ចបម្រើផ្សាយរបស់យើងបានទេ? ឬមួយក៏ តើយើងអាចរួមចំណែកកាន់តែច្រើនក្នុងកិច្ចការផ្សព្វផ្សាយដំណឹងល្អស្តីអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ាបានទេ? តើយើងអាចលះបង់អ្វីខ្លះដើម្បីមានលទ្ធភាពចុះឈ្មោះជាអ្នកត្រួសត្រាយទេ? ចូរឲ្យយើងបង្ហាញសេចក្ដីស្រឡាញ់យ៉ាងស្មោះចំពោះមនុស្សដទៃដោយជួយពួកគេឲ្យកាន់ខ្ជាប់នឹង«ព្រះបន្ទូលនៃជីវិត»ឬបណ្ដាំរបស់ព្រះដែលនាំឲ្យបានជីវិត។—ភី. ២:១៦
តើប៉ុលចាត់ទុកខ្លួនជាមនុស្សបែបណា?
១៥. ស្តីអំពីឋានៈរបស់ខ្លួនក្នុងចំណោមគ្រិស្តសាសនិកគ្នីគ្នា តើប៉ុលចាត់ទុកខ្លួនជាមនុស្សបែបណា?
១៥ ក្នុងនាមជាគ្រិស្តសាសនិកដែលបម្រើព្រះយេហូវ៉ា ប៉ុលក៏ជាគំរូដ៏ល្អប្រសើរក្នុងលក្ខណៈមួយទៀតដែរ។ ទោះជាប៉ុលបានទទួលឯកសិទ្ធិជាច្រើនក្នុងកិច្ចបម្រើជាគ្រិស្តសាសនិកក្ដី គាត់ក៏ទទួលស្គាល់ថា គាត់ទទួលពរទាំងនោះ មិនមែនដោយព្រោះគាត់គួរនឹងទទួលទេ ឬដោយព្រោះគាត់ប៉ិនប្រសប់ឡើយ។ ប៉ុលយល់ថា គាត់ទទួលពរទាំងនោះពីព្រោះព្រះយេហូវ៉ាបានបង្ហាញគុណដ៏វិសេសលើសលប់ដល់គាត់។ ប៉ុលក៏ទទួលស្គាល់ថា គ្រិស្តសាសនិកឯទៀតក៏មានប្រសិទ្ធភាពក្នុងការផ្សាយដំណឹងល្អដែរ។ សរុបសេចក្ដី ទោះជាប៉ុលមានភារកិច្ចនិងឯកសិទ្ធិជាច្រើនក្នុងកិច្ចបម្រើព្រះក្ដី គាត់តែងតែមានចិត្តរាបទាប។—សូមអាន កូរិនថូសទី១ ១៥:៩-១១
១៦. ក្នុងករណីរឿងកាត់ស្បែក តើប៉ុលប្រព្រឹត្តដោយសម្លូតនិងបង្ហាញថាខ្លួនមានចិត្តរាបទាបយ៉ាងដូចម្ដេច?
១៦ សូមគិតអំពីរបៀបដែលប៉ុលដោះស្រាយរឿងមួយដែលបានផុសឡើងក្នុងក្រុមជំនុំនៅទីក្រុងអាន់ទីយ៉ូក នាស្រុកស៊ីរី។ ពួកគ្រិស្តសាសនិកក្នុងក្រុមជំនុំនៅទីក្រុងនោះ មានទស្សនៈប្រឆាំងគ្នាស្តីអំពីទម្លាប់របស់ពួកយូដាក្នុងការកាត់ស្បែក។ (កិច្ច. ១៤:២៦–១៥:២) ដោយសារព្រះយេស៊ូបានចាត់ប៉ុលឲ្យនាំមុខក្នុងកិច្ចការផ្សព្វផ្សាយដល់ជនជាតិដទៃដែលមិនមានទម្លាប់កាត់ស្បែក គាត់អាចចាត់ទុកខ្លួនជាអ្នកស្ទាត់ជំនាញជាងគេក្នុងការដោះស្រាយរឿងទាក់ទងនឹងអ្នកដែលមិនមែនជាជនជាតិយូដា។ បើដូច្នេះ ប៉ុលច្បាស់ជានឹងមានគំនិតថា គាត់មានសមត្ថភាពដោះស្រាយរឿងនោះដោយខ្លួនឯង។ (សូមអាន កាឡាទី ២:៨, ៩) ប៉ុន្តែ ពេលប៉ុលមើលទៅដូចជាមិនអាចដោះស្រាយរឿងនោះបាន គាត់ប្រព្រឹត្តដោយសម្លូតនិងបង្ហាញថាខ្លួនមានចិត្តរាបទាប ដោយធ្វើតាមសំណូមពរឲ្យយករឿងនោះទៅពិភាក្សាជាមួយគណៈអភិបាលនៅទីក្រុងយេរូសាឡិម។ ក្រោយគណៈអភិបាលបានស្ដាប់ប៉ុល បានធ្វើការសម្រេចចិត្ត ហើយបានចាត់គាត់ឲ្យធ្វើជាអ្នកនាំសារម្នាក់ នោះប៉ុលបានចុះចូលតាមការណែនាំរបស់ពួកគាត់។ (កិច្ច. ១៥:២២-៣១) យ៉ាងនេះ ប៉ុលបាន‹ខំរាប់អាន[ឬ«លើកកិត្ដិយសដោយចិត្តគោរព»]›ដល់អ្នកបម្រើគ្នីគ្នា«ជាមុន»។—រ៉ូម ១២:១០ខ; ខ.ស.
១៧, ១៨. (ក) តើប៉ុលបានបណ្ដុះឲ្យមានទឹកចិត្តបែបណាចំពោះបងប្អូនក្នុងក្រុមជំនុំ? (ខ) ដោយសារពួកអ្នកចាស់ទុំពីទីក្រុងអេភេសូរបានឱបថើបប៉ុលពេលបែកគ្នានោះ តើនេះបង្ហាញយ៉ាងណាអំពីគាត់?
១៧ ដោយសារប៉ុលមានចិត្តរាបទាប គាត់មិនបានលើកខ្លួនខ្ពស់ជាងបងប្អូនក្នុងក្រុមជំនុំឡើយ។ ផ្ទុយស្រឡះ គាត់ទៅជាជាប់ចិត្តនឹងពួកគេទៅវិញ។ ក្នុងពាក្យបញ្ចប់នៃសំបុត្រដែលប៉ុលបានសរសេរចំពោះពួកគ្រិស្តសាសនិកនៅទីក្រុងរ៉ូម គាត់ផ្ដែផ្ដាំបងប្អូនជាង២០នាក់ តាមឈ្មោះរបស់ពួកគេរៀងៗខ្លួនផង។ ក្នុងចំណោមបងប្អូនទាំងនោះ មានតែប៉ុន្មាននាក់ទេដែលមានភារកិច្ចពិសេស ហើយកម្រណាស់ដែលគម្ពីររៀបរាប់អំពីពួកគេម្ដងទៀតដែរ។ យ៉ាងណាក៏ដោយ ពួកគេជាអ្នកដែលមានចិត្តស្មោះត្រង់ក្នុងកិច្ចបម្រើព្រះយេហូវ៉ា ហើយប៉ុលស្រឡាញ់ពួកគេណាស់!—រ៉ូម ១៦:១-១៦
១៨ ដោយសារប៉ុលមានចិត្តរាបទាប ហើយមានលក្ខណៈស្រួលទាក់ទងផង នេះបានពង្រឹងកម្លាំងចិត្តឲ្យបងប្អូនក្នុងក្រុមជំនុំ។ លើកចុងក្រោយដែលប៉ុលបានជួបជាមួយពួកអ្នកចាស់ទុំពីទីក្រុងអេភេសូរ ពួកគាត់បាន«ឱបកគាត់ថើបដោយថ្និតថ្នម ទាំងមានសេចក្ដីព្រួយពីពាក្យនេះជាដើម គឺដែលគាត់ថា គេ[នឹង]មិនឃើញមុខគាត់ទៀតឡើយ»។ បើប៉ុលជាអ្នកមានអំណួត ហើយលើកខ្លួនខ្ពស់ជាងអ្នកដទៃ ពួកអ្នកចាស់ទុំទាំងនោះច្បាស់ជាមិនឱបថើបគាត់បែបនោះទេ។—កិច្ច. ២០:៣៧, ៣៨
១៩. ពេលមានទំនាក់ទំនងជាមួយនឹងគ្រិស្តសាសនិកគ្នីគ្នា តើយើងអាចបង្ហាញ«ចិត្តសុភាព»យ៉ាងដូចម្ដេច?
១៩ អស់អ្នកដែលចង់បណ្ដុះឲ្យមានលក្ខណៈកាន់តែល្អក្នុងកិច្ចបម្រើព្រះ ត្រូវតែមានចិត្តរាបទាបដូចប៉ុលដែរ។ ប៉ុលដាស់តឿនគ្រិស្តសាសនិកគ្នីគ្នារបស់គាត់ថា៖ «កុំឲ្យធ្វើអ្វី ដោយទាស់ទែងគ្នា ឬដោយសេចក្ដីអំនួតឥតប្រយោជន៍ឡើយ តែចូររាប់អានគេឲ្យលើសជាងខ្លួនដោយចិត្តសុភាពវិញ»។ (ភី. ២:៣) តើយើងអាចធ្វើតាមឱវាទនេះយ៉ាងដូចម្ដេច? វិធីមួយ គឺដោយពួតដៃគ្នាជាមួយពួកអ្នកចាស់ទុំក្នុងក្រុមជំនុំ ហើយធ្វើតាមការណែនាំរបស់ពួកគាត់។ ណាមួយទៀត ពេលពួកអ្នកចាស់ទុំវិនិច្ឆ័យនិងដាក់ទោសអ្នកដែលមានកំហុសធ្ងន់ក្នុងក្រុមជំនុំ គប្បីឲ្យយើងប្រតិបត្ដិតាមដែរ។ (សូមអាន ហេព្រើរ ១៣:១៧) វិធីមួយទៀត គឺដោយផ្ដល់កិត្ដិយសដល់បងប្អូនទាំងឡាយដែលជាអ្នកជឿគ្នីគ្នា។ ក្រុមជំនុំជាច្រើននៃរាស្ត្ររបស់ព្រះយេហូវ៉ា មានជាតិសាសន៍ចម្រុះគ្នាដែលមកពីគ្រប់ស្រទាប់វណ្ណៈ ហើយមានទំនៀមទម្លាប់និងវប្បធម៌ផ្សេងៗគ្នា។ អាស្រ័យហេតុនេះ ដូចប៉ុលដែរ គប្បីឲ្យយើងស្រឡាញ់និងមិនរើសមុខបងប្អូនទាំងឡាយ មែនទេ? (កិច្ច. ១៧:២៦; រ៉ូម ១២:១០ក) មានការដាស់តឿនក្នុងគម្ពីរថា៖ «ចូរទទួលគ្នាទៅវិញទៅមក ដូចជាព្រះគ្រីស្ទបានទទួលយើងដែរ សំរាប់នឹងសរសើរដល់ព្រះចុះ!»។—រ៉ូម ១៥:៧
យើង‹ត្រូវរត់ក្នុងទីប្រណាំងដោយអំណត់›
២០, ២១. ដើម្បីទទួលជីវិតដែលគ្មានទីបញ្ចប់ តើអ្វីនឹងជួយយើងឲ្យមានជ័យជម្នះ?
២០ ជីវិតរបស់យើងជាគ្រិស្តសាសនិកមានលក្ខណៈប្រៀបដូចជាការរត់ប្រណាំងយ៉ាងឆ្ងាយ។ ប៉ុលបានសរសេរថា៖ «ខ្ញុំបានរត់ប្រណាំងជាស្រេច ខ្ញុំបានរក្សាសេចក្ដីជំនឿទៅហើយ។ ពីនេះទៅមុខនឹងមានមកុដនៃសេចក្ដីសុចរិតបំរុងទុកឲ្យខ្ញុំ ដែលព្រះអម្ចាស់ដ៏ជាចៅក្រមសុចរិត ទ្រង់នឹងប្រទានមកខ្ញុំនៅថ្ងៃនោះ មិនមែនដល់ខ្ញុំតែម្នាក់ប៉ុណ្ណោះ គឺដល់អស់អ្នកណាដែលចូលចិត្តនឹងដំណើរទ្រង់យាងមកវិញនោះដែរ»។—២ធី. ៤:៧, ៨
២១ បើយើងយកតម្រាប់តាមគំរូរបស់ប៉ុល នេះនឹងជួយយើងឲ្យមានជ័យជម្នះដើម្បីទទួលជីវិតដែលគ្មានទីបញ្ចប់ ហាក់ដូចជាទទួលរង្វាន់ក្នុងការរត់ប្រណាំង។ (ហេ. ១២:១) អាស្រ័យហេតុនេះ ចូរឲ្យយើងរាល់គ្នាបណ្ដុះឲ្យមានលក្ខណៈកាន់តែល្អជានិច្ចក្នុងកិច្ចបម្រើព្រះយេហូវ៉ា ដោយបណ្ដុះឲ្យមានទម្លាប់សិក្សាគម្ពីរយ៉ាងទៀងទាត់ដោយខ្លួនឯង ព្រមទាំងខំបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះចំពោះមនុស្សដទៃ និងរក្សាឲ្យមានចិត្តរាបទាបផង។
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើប៉ុលបានទទួលប្រយោជន៍អ្វីខ្លះពីការសិក្សាគម្ពីរយ៉ាងទៀងទាត់ដោយខ្លួនឯង?
• ហេតុអ្វីសំខាន់ម្ល៉េះឲ្យគ្រិស្តសាសនិកពិតបង្ហាញសេចក្ដីស្រឡាញ់យ៉ាងស្មោះ?
• តើចិត្តគំនិតបែបណាដែលនឹងជួយយើងឲ្យប្រព្រឹត្តដោយឥតរើសមុខ?
• តើគំរូរបស់ប៉ុលអាចជួយយើងឲ្យពួតដៃគ្នាជាមួយពួកអ្នកចាស់ទុំក្នុងក្រុមជំនុំរបស់ខ្លួនយ៉ាងដូចម្ដេច?
[រូបភាពនៅទំព័រ២៩]
ហេតុអ្វីបានជាបងប្អូនរួមជំនឿស្រឡាញ់ប៉ុលដល់ម្ល៉េះ?