បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w08 ១/៥ ទំ. ៣០-ទំ. ៣២ វ. ១៦
  • គោលសំខាន់ៗពីសៀវភៅកិច្ចការ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • គោលសំខាន់ៗពីសៀវភៅកិច្ចការ
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ពេត្រុស​ចាក់​«កូនសោ» ដើម្បី​បើក​ផ្លូវ​ឲ្យ​ចូល​«នគរ​ស្ថាន​សួគ៌»
  • (កិច្ច. ១:១​–​១១:១៨)
  • ចិត្ត​ខ្នះខ្នែង​របស់​ប៉ុល ក្នុង​កិច្ច​បម្រើ​ផ្សាយ
  • (កិច្ច. ១១:១៩​–​២៨:៣០)
  • «ចូរបន្តនិយាយ ហើយកុំនៅស្ងៀម»
    ចូរ«ធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់»អំពីរាជាណាចក្ររបស់ព្រះ
  • «ពោរពេញទៅដោយអំណរនិងឫទ្ធានុភាពបរិសុទ្ធ»
    ចូរ«ធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់»អំពីរាជាណាចក្ររបស់ព្រះ
  • «ទទួលអំណាចពីព្រះយេហូវ៉ាដើម្បីនិយាយយ៉ាងក្លាហាន»
    ចូរ«ធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់»អំពីរាជាណាចក្ររបស់ព្រះ
  • «ពង្រឹងក្រុមជំនុំនានា»
    ចូរ«ធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់»អំពីរាជាណាចក្ររបស់ព្រះ
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
w08 ១/៥ ទំ. ៣០-ទំ. ៣២ វ. ១៦

ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា នោះ​រស់នៅ

គោល​សំខាន់ៗ​ពី​សៀវភៅ​កិច្ចការ

សៀវភៅ​កិច្ចការ​ដែល​មាននៅ​ក្នុង​គម្ពីរ រៀប​រាប់​ពី​របៀប​ដែល​ក្រុម​ជំនុំ​នៃ​ពួក​គ្រិស្ត​សាសនិក​បាន​ចាប់​កំណើត​និង​លូត​លាស់​ឡើង​ជា​បន្ត​បន្ទាប់។ គ្រូ​ពេទ្យ​ម្នាក់​ឈ្មោះ​លូកា ជា​អ្នក​តាក់​តែង​សៀវភៅ​កិច្ចការ។ លូកា​រៀប​រាប់​យ៉ាង​រស់​រវើក​ពី​សកម្ម​ភាព​របស់​ពួក​គ្រិស្ត​សាសនិក​ក្នុង​រយៈ​ពេល​២៨​ឆ្នាំ ចាប់​ពី​ឆ្នាំ​៣៣ គ.ស. ដល់​ឆ្នាំ​៦១ គ.ស.។

ផ្នែក​ដំបូង​នៃ​សៀវភៅ​កិច្ចការ​ច្រើន​តែ​រៀប​រាប់​អំពី​សកម្ម​ភាព​របស់​សាវ័ក​ពេត្រុស។ ជា​បន្ត​បន្ទាប់ សៀវភៅ​កិច្ចការ​រៀប​រាប់​អំពី​សកម្ម​ភាព​របស់​សាវ័ក​ប៉ុល។ ដោយ​សារ​លូកា​ប្រើ​សព្វនាម​«យើង»​ច្រើន​ដង​ក្នុង​សៀវភៅ​កិច្ចការ នេះ​បង្ហាញ​ថា​គាត់​មាន​វត្តមាន​នៅ​ទី​កន្លែង​ដែល​ព្រឹត្ដិការណ៍​មួយ​ចំនួន​នោះ​បាន​កើត​ឡើង។ ការ​ផ្ដោត​អារម្មណ៍​ទៅ​លើ​សារ​ដែល​មាន​នៅ​ក្នុង​សៀវភៅ​កិច្ចការ ប្រាកដ​ជា​ជួយ​យើង​ឲ្យ​ទទួល​ស្គាល់​ថា បន្ទូល​ឬ​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា​ជា​លាយ​លក្ខណ៍​អក្សរ​នោះ រួម​ជា​មួយ​សកម្ម​ពល​របស់​ទ្រង់ ពិត​ជា​ពូកែ​មែន។ (ហេ. ៤:១២) ការ​ផ្ចង់​អារម្មណ៍​ទៅ​លើ​សារ​ក្នុង​សៀវភៅ​កិច្ចការ ក៏​នឹង​ជួយ​ពង្រឹង​ជំនឿ​របស់​យើង​ទៅ​លើ​រាជាណាចក្រ​របស់​ព្រះ​យេហូវ៉ា ព្រម​ទាំង​ជួយ​យើង​បណ្ដុះ​ឲ្យ​មាន​ស្មារតី​លះបង់។

ពេត្រុស​ចាក់​«កូនសោ» ដើម្បី​បើក​ផ្លូវ​ឲ្យ​ចូល​«នគរ​ស្ថាន​សួគ៌»

(កិច្ច. ១:១​–​១១:១៨)

ក្រោយ​ពួក​សាវ័ក​បាន​ទទួល​សកម្ម​ពល​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា ពួក​គាត់​ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ​ដោយ​ចិត្ត​ក្លាហាន។ ក្នុង​ន័យ​ធៀប ពេត្រុស​មាន​«កូន​សោ»​ដើម្បី​បើក​ផ្លូវ​ឲ្យ​មនុស្ស​ឯ​ទៀត​រួម​ចំណែក​ក្នុង​«នគរ​ស្ថាន​សួគ៌»។ មុន​ដំបូង ពេត្រុស​បាន​ផ្ដល់​ចំណេះ​ដល់​ជន​ជាតិ​យូដា​និង​អ្នក​ដែល​បាន​ចូល​សាសនា​យូដា។ យ៉ាង​នេះ គឺ​ហាក់​ដូច​ជា​ពេត្រុស​បាន​ចាក់​«កូន​សោ»​ទី​១ ដើម្បី​បើក​ឱកាស​ឲ្យ​អ្នក​ដែល​«ទទួល​ពាក្យ»​របស់​គាត់​រួម​ចំណែក​ក្នុង​រាជាណាចក្រ​របស់​ព្រះ។ (ម៉ាថ. ១៦:១៩; កិច្ច. ២:៥, ៤១) មិន​យូរ​ប៉ុន្មាន​ក្រោយ ស្រាប់​តែ​មាន​ការ​បៀត​បៀន​ដែល​បណ្ដាល​ឲ្យ​ពួក​គ្រិស្ត​សាសនិក​រត់​បែក​ខ្ញែក​គ្នា​ខ្ចាត់​ខ្ចាយ​អស់។ ជា​លទ្ធផល កិច្ចការ​ផ្សព្វ​ផ្សាយ​បាន​ចម្រើន​កើន​ឡើង​ទៅ​វិញ។

កាល​បាន​ឮ​ថា មនុស្ស​នៅ​ស្រុក​សា​ម៉ា​រី​ចាប់​ផ្ដើម​ជឿ​ទៅ​លើ​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា ពួក​សាវ័ក​នៅ​ទី​ក្រុង​យេរូសាឡិម​បាន​ចាត់​ពេត្រុស​និង​យ៉ូហាន​ទៅ​ឯ​ពួក​អ្នក​នោះ។ ពេល​ពេត្រុស​ផ្ដល់​ឱកាស​ឲ្យ​ជន​ជាតិ​សា​ម៉ា​រី​រួមចំណែក​ក្នុង​រាជាណាចក្រ​របស់​ព្រះ​យេហូវ៉ា នេះ​គឺ​ហាក់​ដូច​ជា​គាត់​បាន​ចាក់​កូន​សោ​ទី​២​ដើម្បី​ឲ្យ​ពួក​គេ​ចូល​ទៅ​នគរ​ស្ថាន​សួគ៌។ (កិច្ច. ៨:១៤​-​១៧) តាម​មើល​ទៅ មិន​ដល់​មួយ​ឆ្នាំ​ក្រោយ​ពី​ព្រះ​យេស៊ូ​បាន​រស់​ឡើង​វិញ លោក​សុល​ពី​ទី​ក្រុង​តើ​សុស​បាន​កែប្រែ​បុគ្គលិក​លក្ខណៈ​របស់​ខ្លួន​ខុស​ស្រឡះ​ពី​មុន ហើយ​បាន​ក្លាយ​ទៅ​ជា​គ្រិស្ត​សាសនិក​ម្នាក់។ ក្នុង​ន័យ​ធៀប ពេត្រុស​ចាក់​កូន​សោ​ទី​៣​នៅ​ឆ្នាំ​៣៦ គ.ស. ហើយ​ពួក​សាសន៍​ដទៃ​ដែល​មិន​មែន​ជា​អ្នក​កាត់​ស្បែក បាន​ទទួល​សកម្ម​ពល​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា ដែល​ចាក់​មក​លើ​ពួក​គេ​ទុក​ជា​អំណោយ​ទាន។—កិច្ច. ១០:៤៥

ចម្លើយ​ចំពោះ​សំណួរ​អំពី​បទ​គម្ពីរ:

២:៤៤​-​៤៧; ៤:៣៤, ៣៥—ហេតុ​អ្វី​ក៏​ពួក​អ្នក​ជឿ​បាន​លក់​ទ្រព្យ​សម្បត្ដិ ហើយ​ចែក​ដល់​គ្នា​តាម​ដែល​ត្រូវ​ការ? មនុស្ស​ភាគ​ច្រើន​ដែល​បាន​ចាប់​ផ្ដើម​ជឿ​នោះ ពួក​គេ​មក​ពី​ទី​កន្លែង​ឆ្ងាយ ហើយ​មិន​មាន​អ្វី​គ្រប់​គ្រាន់​ដើម្បី​ស្នាក់​នៅ​ទី​ក្រុង​យេរូសាឡិម​ជា​បន្ត​ទៅ​ទៀត។ ក៏​ប៉ុន្តែ ពួក​គេ​មាន​បំណង​ចង់​ស្នាក់​នៅ​ទី​ក្រុង​យេរូសាឡិម​យូរ​បន្ដិច ដើម្បី​រៀន​ឲ្យ​បាន​ច្រើន​ថែម​ទៀត​អំពី​ជំនឿ​ថ្មី​របស់​ខ្លួន ហើយ​ដើម្បី​ផ្សព្វ​ផ្សាយ​ដល់​អ្នក​ដទៃ។ ដើម្បី​ជួយ​បង​ប្អូន​ថ្មី​ទាំងនោះ គ្រិស្ត​សាសនិក​ខ្លះ​បាន​លក់​ទ្រព្យ​សម្បត្ដិ​របស់​ខ្លួន ហើយ​យក​ប្រាក់​ទៅ​ចែក​ដល់​គ្រប់​គ្នា​តាម​ដែល​ត្រូវ​ការ។

៤:១៣—តើ​ពេត្រុស​និង​យ៉ូហាន​ពិតជា​អត់​ចេះ​អក្សរ​និង​គ្មាន​ការ​អប់រំ​ទេ? ទេ ពួក​គាត់​ចេះ​អក្សរ​មែន! អ្នក​ធំ​និង​ពួក​ចាស់​ទុំ​ទាំង​ឡាយ​បាន​ហៅ​ពេត្រុស​និង​យ៉ូហាន​ថា ជា​មនុស្ស​ដែល​«មិន​សូវ​ចេះ​ជ្រៅ​ជ្រះ ហើយ​ឥត​បាន​រៀន​សូត្រ​ប៉ុន្មាន»​ផង ពីព្រោះ​ពួក​គាត់​មិន​បាន​ចូល​សាលា​ហ្វឹក​ហ្វឺន​ខាង​សាសនា​នៅ​ជំនាន់​នោះ។

៥:៣៤​-​៣៩—បើ​លោក​កាម៉ាលាល​បាន​និយាយ​ជា​មួយ​តែ​ពួក​ជំនុំ ដែល​សាធារណជន​មិន​អាច​ចូល​ស្ដាប់​បាន តើ​លូកា​អាច​ដឹង​អំពី​រឿង​នោះ​យ៉ាង​ដូច​ម្ដេច? យ៉ាង​ហោច​ណាស់​មាន​មូល​ហេតុ​បី​យ៉ាង (១) ដោយ​សារ​ប៉ុល​ធ្លាប់​ជា​សិស្ស​របស់​កាម៉ាលាល ប្រហែល​ជា​គាត់​បាន​ផ្ដល់​ព័ត៌មាន​ឲ្យ​លូកា (២) លូកា​ប្រហែល​ជា​ទទួល​ព័ត៌មាន​នោះ​ពី​សមាជិក​ម្នាក់​នៃ​ពួក​ជំនុំ​ដែល​មាន​ចិត្ត​ល្អ ដូច​ជា​លោក​នីកូដេម​ជា​ដើម (៣) សកម្ម​ពល​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា​បាន​បណ្ដាល​ឲ្យ​លូកា​ដឹង​ព័ត៌មាន​នោះ។

៧:៥៩—តើ​ស្ទេផាន​បាន​អធិដ្ឋាន​ចំពោះ​ព្រះ​យេស៊ូ​ឬ? អត់​ទេ ស្ទេផាន​មិន​បាន​អធិដ្ឋាន​ចំពោះ​ព្រះ​យេស៊ូ​ទេ។ ដោយ​ហេតុ​ថា​យើង​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​តែ​មួយ​អង្គ​ប៉ុណ្ណោះ បាន​ជា​យើង​អធិដ្ឋាន​ចំពោះ​ទ្រង់​តែ​មួយ​អង្គ​ប៉ុណ្ណោះ​ដែរ។ (លូ. ៤:៨; ៦:១២) តាម​ធម្មតា ស្ទេផាន​អធិដ្ឋាន​ចំពោះ​ព្រះ​យេហូវ៉ា​ដោយ​នូវ​ឈ្មោះ​ឬ​ដោយ​ទទួល​ស្គាល់​មុខ​តំណែង​របស់​ព្រះ​យេស៊ូ។ (យ៉ូន. ១៥:១៦) តែ​ក្នុង​ខណៈ​នោះ ស្ទេផាន​បាន​ឃើញ​ក្នុង​គំនិត «កូន​មនុស្ស​ឈរ​នៅ​ខាង​ព្រះ​ហស្ត​ស្ដាំ​នៃ​ព្រះ»។ (កិច្ច. ៧:​៥៦) ដោយ​យល់​ដឹង​យ៉ាង​ច្បាស់​ថា ព្រះ​យេស៊ូ​បាន​ទទួល​អំណាច​ដើម្បី​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ ស្ទេផាន​បាន​និយាយ​ទៅ​កាន់​ព្រះ​យេស៊ូ​ផ្ទាល់ ហើយ​សូម​ឲ្យ​ទ្រង់​នឹក​ចាំ​ពី​គាត់ មិន​មែន​អធិដ្ឋាន​ទេ។—យ៉ូន. ៥:​២៧​-​២៩

មេរៀន​សម្រាប់​យើង:

១:៨: បើ​អត់​មាន​សកម្ម​ពល​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា អ្នក​ថ្វាយ​បង្គំ​ទ្រង់​មិន​អាច​បំពេញ​កិច្ចការ​ផ្សព្វ​ផ្សាយ​នៅ​ទូ​ទាំង​ពិភព​លោក​នេះ​បាន​ឡើយ។

៤:៣៦​–​៥:១១: ឈ្មោះ​បា​ណា​បាស​ជា​នាមត្រកូល​របស់​យ៉ូសែប​ពី​កោះ​គី​ប្រុស។ ឈ្មោះ​បា​ណា​បាស​មាន​ន័យ​ថា «អ្នក​ជំនួយ»។ ប្រហែល​ជា​ពួក​សាវ័ក​ហៅ​គាត់​ថា បា​ណា​បាស ពីព្រោះ​គាត់​មាន​ចិត្ត​សប្បុរស ចេះ​បង្ហាញ​សេចក្ដី​ស្រឡាញ់​និង​ចូល​ចិត្ត​ជួយ​អ្នក​ដទៃ។ គប្បី​ឲ្យ​យើង​មាន​លក្ខណៈ​ដូច​បា​ណា​បាស មិន​មែន​ដូច​លោក​អាន្ន៉ានាស​និង​ភរិយា​របស់​គាត់ ឈ្មោះ​សាភីរ៉ា ដែល​ចូល​ចិត្ត​ធ្វើ​ពើ លាក់​ពុត​និង​វៀច​វេរ​ឡើយ។

៩:២៣​-​២៥: ចេះ​បង្វែង​ដាន​អ្នក​ដែល​ប្រឆាំង​នឹង​យើង មិន​មាន​ន័យ​ថា​យើង​ជា​មនុស្ស​កំសាក​ទេ។

៩:២៨​-​៣០: បើ​យើង​ផ្សព្វ​ផ្សាយ​នៅ​តំបន់​ឬ​ដល់​មនុស្ស​ណា​ដែល​អាច​បណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់ មិន​ថា​ដល់​ខ្លួន​យើង ធ្វើ​ឲ្យ​បាក់​ទឹក​ចិត្ត ឬ​បង្ខូច​ចំណង​មេត្រី​ភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ក្ដី នោះ​យើង​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ដោយ​ចេះ​ជ្រើស​រើស​ទី​កន្លែង​និង​ពេល​វេលា​ដើម្បី​ផ្សព្វ​ផ្សាយ។

៩:៣១: ក្នុង​អំឡុង​ពេល​ដែល​នៅ​មាន​សន្ដិភាព​ខ្លះ​នៅ​ឡើយ យើង​គួរតែ​ព្យាយាម​ពង្រឹង​ជំនឿ​របស់​ខ្លួន​ដោយ​សិក្សា​ស្រាវ​ជ្រាវ​និង​រំពឹង​គិត។ នេះ​នឹង​ជួយ​យើង​ឲ្យ​ចេះ​កោត​ខ្លាច​ព្រះ​យេហូវ៉ា និង​ជួយ​យើង​ឲ្យ​ធ្វើ​តាម​អ្វី​ដែល​យើង​រៀន ព្រម​ទាំង​មាន​ចិត្ត​ខ្នះខ្នែង​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ទៀត​ផង។

ចិត្ត​ខ្នះខ្នែង​របស់​ប៉ុល ក្នុង​កិច្ច​បម្រើ​ផ្សាយ

(កិច្ច. ១១:១៩​–​២៨:៣០)

នៅ​ឆ្នាំ​៤៤ គ.ស. លោក​អ័ក្កាបុស​បាន​ទៅ​ដល់ទី​ក្រុង​អាន់ទីយ៉ូក ជា​ទី​ក្រុង​ដែល​បា​ណា​បាស​និង​សុល​បាន​បង្រៀន​បណ្ដា​ជន​អស់​«១​ឆ្នាំ»​ទៅ​ហើយ។ អ័ក្កាបុស​ទាយ​ថា នឹង​មាន​«អំណត់​អត់​ជា​ខ្លាំង» ហើយ​ពីរ​ឆ្នាំ​ក្រោយ​មក​ការ​នោះ​បាន​កើត​ឡើង​មែន។ (កិច្ច. ១១:២៦​-​២៨) ក្រោយ​ពី​បា​ណា​បាស​និង​សុល​«បាន​ធ្វើ​ការ​ងារ​របស់​ខ្លួន​រួច​សព្វ​គ្រប់​ហើយ» ពួក​គាត់​ក៏​ត្រឡប់​មក​ទី​ក្រុង​អាន់ទីយ៉ូក​វិញ។ (កិច្ច. ១១:២៩, ៣០; ១២:២៥) នៅ​ឆ្នាំ​៤៧ គ.ស. ប្រហែល​ជា​១២​ឆ្នាំ​ក្រោយ​ពេល​ដែល​សុល​បាន​រួម​ជំនឿ​ជា​គ្រិស្ត​សាសនិក សកម្ម​ពល​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា​បាន​ចាត់​បា​ណា​បាស​និង​សុល​ឲ្យ​ធ្វើ​ជា​សាសនទូត​ក្នុង​ការ​ផ្សាយ​ដំណឹង​ល្អ​ដល់​ប្រជា​ជាតិ​ដទៃ។ (កិច្ច. ១៣:១​-​៤) នៅ​ឆ្នាំ​៤៨ គ.ស. បា​ណា​បាស​និង​សុល​បាន​ត្រឡប់​មក​ទី​ក្រុង​អាន់ទីយ៉ូក​វិញ «ជា​កន្លែង​ដែល​គេ​បាន​ទុក​ដាក់​អ្នក​ទាំង​២​ក្នុង​ព្រះ​គុណ​នៃ​ព្រះ»។—កិច្ច. ១៤:២៦

ប្រហែល​ជា​៩​ខែ​ក្រោយមក​ទៀត ប៉ុល​(ដែល​ហៅ​ថា​សុល​ក៏​បាន) បាន​រើស​យក​លោក​ស៊ី​ឡា​ស​ដើម្បី​ធ្វើ​ដំណើរ​ផ្សព្វ​ផ្សាយ​ជា​លើក​ទី​២​ជាមួយ​គាត់។ (កិច្ច. ១៥:៤០) ប្អូន​ប្រុស​ឈ្មោះ​ធីម៉ូថេ និង​លូកា​ក៏​បាន​ទៅ​ជួប​ប៉ុល​នៅ​តាម​ផ្លូវ​ដែរ។ លូកា​ឈប់​នៅ​ទី​ក្រុង​ភីលីព ហើយ​ប៉ុល​បន្ត​ដំណើរ​ទៅ​ទី​ក្រុង​អាថែន រួច​បន្ទាប់​មក គាត់​បាន​ទៅ​ទី​ក្រុង​កូរិនថូស​ដើម្បី​ជួប​លោក​អ័គីឡា​និង​ភរិយា​របស់​គាត់​ឈ្មោះ​ព្រីស៊ីល។ ប៉ុល​បាន​ស្នាក់​នៅ​ទី​ក្រុង​កូរិនថូស​អស់​មួយ​ឆ្នាំ​កន្លះ។ (កិច្ច. ១៨:១១) ប៉ុល​ទុក​ឲ្យ​ធីម៉ូថេ​និង​ស៊ី​ឡា​ស​បម្រើ​ការ​នៅ​ទី​ក្រុង​កូរិនថូស​ត​ទៅ​ទៀត ហើយ​នៅ​ដើម​ឆ្នាំ​៥២ គ.ស. គាត់​ចុះ​សំពៅ​ទៅ​ឯ​ស្រុក​ស៊ី​រី​វិញ មាន​ទាំង​អ័គីឡា​និង​ព្រីស៊ីល​ទៅ​ជាមួយ​ផង។ (កិច្ច. ១៨:១៨) មក​ដល់ទី​ក្រុង​អេភេសូរ អ័គីឡា​និង​ព្រីស៊ីល​ស្នាក់​នៅ​ទី​នោះ តែ​ប៉ុល​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។

នៅ​ឆ្នាំ​៥២ គ.ស. បន្ទាប់​ពី​ប៉ុល​នៅ​ទី​ក្រុង​អាន់ទីយ៉ូក​នា​ស្រុក​ស៊ី​រី​បាន​យូរ​ក្រែល​បន្ដិច​ហើយ គាត់​ក៏​ចេញ​ដំណើរ​ជា​លើក​ទី​៣។ (កិច្ច. ១៨:​២៣) នៅ​ទី​ក្រុង​អេភេសូរ «ព្រះ​បន្ទូល​នៃ​ព្រះ​អម្ចាស់​បាន​ចំរើន​កើនឡើង ហើយ​បាន​ឈ្នះ​ដោយ​អំណាច»។ (កិច្ច. ១៩:២០) ប៉ុល​បាន​ផ្សព្វ​ផ្សាយ​នៅ​ទី​ក្រុង​អេភេសូរ​អស់​រវាង​បី​ឆ្នាំ។ (កិច្ច. ២០:៣១) មក​ដល់​បុណ្យ​ថ្ងៃ​ទី​៥០ នា​ឆ្នាំ​៥៦ គ.ស. ប៉ុល​បាន​វិល​ទៅ​ឯ​ទី​ក្រុង​យេរូសាឡិម​វិញ។ ក្រោយ​ពី​ត្រូវ​ឃាត់​ខ្លួន ប៉ុល​បាន​ផ្សព្វ​ផ្សាយ​យ៉ាង​ក្លាហាន​នៅ​ចំពោះ​មុខ​ពួក​អាជ្ញាធរ។ នៅ​ទី​ក្រុង​រ៉ូម ប៉ុល​ត្រូវ​ឃាត់​ខ្លួន​នៅ​ក្នុង​ផ្ទះ​របស់​គាត់​អស់​ពេញ​ពីរ​ឆ្នាំ (ប្រហែល​ជា​នៅ​ឆ្នាំ​៥៩​-​៦១ គ.ស.)។ ពេល​បាន​ឃាត់​ខ្លួន​នៅ​ទី​ក្រុង​រ៉ូម​នោះ ប៉ុល​រក​វិធី​ប្រកាស​ប្រាប់​ពី​រាជាណាចក្រ​របស់​ព្រះ​យេហូវ៉ា ហើយ​គាត់​ក៏​បង្រៀន​«គ្រប់​ទាំង​សេចក្ដី​ពី​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ»។—កិច្ច. ២៨:៣០

ចម្លើយ​ចំពោះ​សំណួរ​អំពី​បទ​គម្ពីរ:

១៤:៨​-​១៣—ហេតុ​អ្វី​បាន​ជា​មនុស្ស​នៅ​ទីក្រុង​លីស្ដ្រាហៅ​«បា​ណា​បាស ជា​ព្រះ​សេយូស ហើយ​ប៉ុល ជា​ព្រះ​ហ៊ើមេស»? ព្រះ​សេយូស​ជា​អ្នក​គ្រប់​គ្រង​ព្រះ​នានា​ក្នុង​រឿង​តាម​ប្រពៃណី​របស់​ជន​ជាតិ​ក្រិច។ ព្រះ​ហ៊ើមេស​ជា​កូន​ប្រុស​របស់​ព្រះ​សេយូស ហើយ​មាន​ឈ្មោះ​ល្បី​ជា​ព្រះ​ដែល​មាន​សំនួន​វោហារ។ ដោយ​ហេតុ​ថា​ប៉ុល​ពូកែ​និយាយ មនុស្ស​នៅ​ទី​ក្រុង​លីស្ដ្រាហៅ​គាត់​ថា ព្រះ​ហ៊ើមេស និង​បា​ណា​បាស​គេ​ហៅ​ថា ព្រះសេយូស។

១៦:៦, ៧—ហេតុ​អ្វី​បានជា​វិញ្ញាណ​ឬ​សកម្ម​ពល​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា​ឃាត់​ប៉ុល​និង​គូកន​របស់​គាត់ មិន​ឲ្យ​ផ្សព្វ​ផ្សាយ​នៅ​ស្រុក​អាស៊ី​និង​ស្រុក​ប៊ីធូនា? ដោយ​សារ​គ្រា​នោះ​មាន​អ្នក​ផ្សព្វ​ផ្សាយ​តិច​ទេ សកម្ម​ពល​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា​បាន​នាំ​ពួក​គាត់​ទៅ​កន្លែង​ដែល​អាច​បង្កើន​ផល​បាន​ច្រើន​ជាង។

១៨:១២​-​១៧—ហេតុ​អ្វី​បានជា​លោក​កាលីយ៉ូ​ដែល​ជា​អ្នក​តំណាង​មហា​អំណាច​រ៉ូម មិន​រវល់​សោះ​ពេល​មហា​ជន​បាន​ចាប់​វាយ​ផ្ចាល​លោក​សូស្ថេន? ប្រហែល​ជា​កាលីយ៉ូ​ស្មានថា សូស្ថេន​ជា​មេ​ដឹក​នាំ​មនុស្ស​មួយ​ក្រុម​ធំ​ដែល​បាន​ប្រឆាំង​នឹង​ប៉ុល។ ដូច្នេះ កាលីយ៉ូ​គិត​ថា សូស្ថេន​គួរ​នឹង​ត្រូវ​គេ​វាយ​ផ្ចាល។ យ៉ាង​ណា​ក្ដី រឿង​នេះ​បែរ​ជា​មាន​លទ្ធផល​ល្អ ពីព្រោះ​ក្រោយ​មក​សូស្ថេន​បាន​ក្លាយ​ទៅ​ជា​គ្រិស្ត​សាសនិក​ម្នាក់​ទៅ​វិញ។ ក្រោយ​មក​ទៀត ប៉ុល​សំដៅ​ទៅ​លើ​សូស្ថេន​ជា​«បង​ប្អូន»​រួម​ជំនឿ​ដែរ។—១កូ. ១:១

១៨:១៨—តើ​ប៉ុល​បាន​បន់​បំណន់​អ្វី? អ្នក​ប្រាជ្ញ​ខ្លះ​ខាង​គម្ពីរ ស្មានថា​ប៉ុល​បាន​បន់​បំណន់​ឬ​ស្បថ​ធ្វើ​តាម​ច្បាប់​របស់​ពួក​ន៉ាសារីត។ (ជន. ៦:១​-​២១) ក៏​ប៉ុន្តែ គម្ពីរ​មិន​រៀប​រាប់​ថា​ប៉ុល​បាន​ស្បថ​អ្វី​ទេ។ បន្ថែម​ទៅ​ទៀត គម្ពីរ​មិន​បាន​ចែង​ថា​ប៉ុល​ធ្វើ​សម្បថ​នោះ មុន​ឬ​ក្រោយ​ពេល​ដែល​គាត់​ក្លាយ​ទៅ​ជា​គ្រិស្ត​សាសនិក ហើយ​ក៏​មិន​បញ្ជាក់​ថា គាត់​ទើប​តែ​បាន​ស្បថ​ដើម្បី​ធ្វើ​អ្វី​មួយ ឬ​ជិត​បង្គ្រប់​សម្បថ​ហើយ​ទេ។ ទោះ​ជា​ប៉ុល​បាន​ធ្វើ​សម្បថ​យ៉ាង​ណា​ក្ដី សម្បថ​នោះ​មិន​បំពាន​ច្បាប់​របស់​ព្រះ​យេហូវ៉ា​ឡើយ។

មេរៀន​សម្រាប់​យើង:

១២:៥​-​១១: យើង​អាច​និង​គួរតែ​អធិដ្ឋាន​ឲ្យ​បង​ប្អូន​រួម​ជំនឿ។

១២:២១​-​២៣; ១៤:១៤​-​១៨: មាន​តែ​ព្រះ​យេហូវ៉ា​ទេ​ដែល​សម​នឹង​សរសើរ តែ​ស្តេច​ហេរ៉ូឌ​ស្រវា​យក​សេចក្ដី​សរសើរ​ជា​របស់​ផង​ខ្លួន​ទៅ​វិញ។ រីឯ​ប៉ុល​និង​បា​ណា​បាស ពួក​គាត់​បាន​ប្រព្រឹត្ត​ផ្ទុយ​ស្រឡះ​ពី​ស្តេច​ហេរ៉ូឌ ដោយ​បដិសេធ​ភ្លាម​ហើយ​យ៉ាង​ម៉ឺង​ម៉ាត់​ថា ពួក​គាត់​មិន​គួរ​នឹង​សរសើរ​ឡើយ! អ្វី​ក៏​ដោយ​ដែល​យើង​សម្រេច​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា មិន​គួរ​ផ្ដល់​ហេតុ​ឲ្យ​យើង​ប្រាថ្នា​ចង់​បានការ​សរសើរ​ទេ។

១៤:៥​-​៧: បើ​យើង​ចេះ​ប្រុង​ប្រយ័ត្ន យើង​ប្រហែល​ជា​អាច​មាន​សកម្ម​ភាព​យូរ​អង្វែង​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា។—ម៉ាថ. ១០:២៣

១៤:២២: ពួក​គ្រិស្ត​សាសនិក​ដឹង​ខ្លួន​ថា​នឹង​ជួប​ប្រទះ​សេចក្ដី​វេទនា​ជា​មិន​ខាន។ ពួក​គេ​មិន​រក​វិធី​គេច​ពី​សេចក្ដី​វេទនា ដោយ​សុខ​ចិត្ត​លះ​បង់​ច្បាប់​របស់​ព្រះ​យេហូវ៉ា​ឡើយ។—២ធី. ៣:១២

១៦:១, ២: គ្រិស្ត​សាសនិក​ដែល​ជា​យុ​វ​វ័យ​គួរ​តែ​ឃ្មាត​ខ្មី​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា ព្រម​ទាំង​សូម​ជំនួយ​ពី​ទ្រង់​ដើម្បី​កសាង​ឲ្យ​មាន​កេរ្ដិ៍​ឈ្មោះ​ល្អ។

១៦:៣: យើង​គួរ​តែ​ខំ​ប្រឹង​ឲ្យ​អស់ពី​សមត្ថ​ភាព​ស្រប​ទៅ​តាម​គោល​ការណ៍​ក្នុង​គម្ពីរ ដើម្បី​ជួយ​មនុស្ស​ដទៃ​ឲ្យ​ឮ​ដំណឹង​ល្អ។—១កូ. ៩:​១៩​-​២៣

២០:២០, ២១: ការ​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ជា​ផ្នែក​សំខាន់​ក្នុង​កិច្ច​បម្រើ​ផ្សាយ​របស់​យើង។

២០:២៤; ២១:១៣: រក្សា​ចិត្ត​ស្មោះ​ភក្ដី​ចំពោះ​ព្រះ​យេហូវ៉ា​ពិត​ជា​សំខាន់​ជាង​រក្សា​ជីវិត​ខ្លួន។

២១:២១​-​២៦: គប្បី​ឲ្យ​យើង​ចូល​ចិត្ត​ទទួល​ឱវាទ​ដ៏​ល្អ។

២៥:៨​-​១២: គ្រិស្ត​សាសនិក​ទាំង​ឡាយ​នៅ​សម័យ​នេះ អាច​និង​គួរតែ​ប្រើ​សិទ្ធិ​ស្រប​ច្បាប់​របស់​ខ្លួន​ដើម្បី​«ដោះ​សា ហើយ​បញ្ជាក់​ដំណឹង​ល្អ»​ពី​ព្រះ។—ភី. ១:៧

២៦:២៤, ២៥: យើង​គួរ​តែ‹និយាយ​ពាក្យ​ពិត›ដែល​«ជានា​[ឬ​«មាន​ន័យ​ត្រឹម​ត្រូវ»​, ខ.ស.]» ទោះ​ជា​«មនុស្ស​ខាង​សាច់​ឈាម»​ដែល​ឲ្យ​«សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួន​ដឹក​នាំ​គំនិត»​ចេះ​តែ​ចាត់​ទុក​សម្ដី​បែប​នោះ​ជា​អ្វី​ដែល​ល្ងីល្ងើក្ដី។—១កូ. ២:១៤; ព.ថ.

[រូបភាព​នៅ​ទំព័រ​៣១]

ដើម្បី​បើក​ផ្លូវ ឲ្យ​មាន​ឱកាស​ចូល ទៅ​ក្នុង​«នគរ​ស្ថាន​សួគ៌» ក្នុង​ន័យ​ធៀប តើ​ពេត្រុស​បាន ចាក់​«កូន​សោ»​នានា នៅ​ពេល​ណា​ខ្លះ?

[រូបភាព​នៅ​ទំព័រ​៣១]

បើ​អត់​មាន​សកម្ម​ពល​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា អ្នក​ថ្វាយ​បង្គំ​ទ្រង់​មិន​អាច​បំពេញ​កិច្ចការ​ផ្សព្វ​ផ្សាយ​នៅ​ទូ​ទាំង​ពិភព​លោក​នេះ​បាន​ឡើយ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក