វិទ្យាសាស្ត្រនិងកំណត់ហេតុសៀវភៅដើមកំណើត
យោងទៅតាមសម្ដីរបស់មនុស្សជាច្រើន វិទ្យាសាស្ត្របង្ហាញថាអ្វីដែលគម្ពីរចែងអំពីការបង្កើតគឺខុស។ ក៏ប៉ុន្តែ អ្វីដែលផ្ទុយគ្នាគឺមិនមែនវិទ្យាសាស្ត្រនិងគម្ពីរទេ តែគឺវិទ្យាសាស្ត្រនិងគំនិតរបស់គ្រិស្តសាសនិកដែលកាន់តាមគម្ពីរយ៉ាងតឹងរ៉ឹងវិញ។ ក្រុមខ្លះក្នុងចំណោមអ្នកទាំងនោះ និយាយមិនពិតថា តាមគម្ពីរអ្វីៗទាំងអស់ក្នុងសកលលោកបានត្រូវបង្កើតជិត១០.០០០ឆ្នាំមុន ក្នុងរយៈពេលតែ៦ថ្ងៃ ដោយថ្ងៃនីមួយៗប្រើពេល២៤ម៉ោង។
ប៉ុន្តែ គម្ពីរមិនគាំទ្រគំនិតនេះទេ។ បើគាំទ្រមែន នោះអ្វីៗជាច្រើនដែលអ្នកវិទ្យាសាស្ត្របានរកឃើញក្នុងអំឡុងមួយរយឆ្នាំកន្លងទៅនេះ ប្រាកដជានឹងបង្កើតឲ្យមានការសង្ស័យថាគម្ពីរគឺមិនត្រឹមត្រូវទេ។ ប៉ុន្តែបើសិក្សាគម្ពីរឲ្យបានដិតដល់ នោះនឹងដឹងថាគម្ពីរមិនចែងអ្វីដែលផ្ទុយពីហេតុការណ៍ពិតខាងវិទ្យាសាស្ត្រឡើយ។ ហេតុនេះហើយ សាក្សីព្រះយេហូវ៉ាមិនយល់ស្របនឹងគំនិតរបស់គ្រិស្តសាសនិកដែលកាន់តាមគម្ពីរយ៉ាងតឹងរ៉ឹងទេ។ ចំណុចជាបន្តបន្ទាប់នេះ នឹងបង្ហាញអ្វីដែលគម្ពីរពិតជាបង្រៀនអំពីរឿងនេះ។
សៀវភៅដើមកំណើតមិនចែងថាផែនដីនិងសកលលោក បានត្រូវបង្កើតមកគ្រាន់តែប៉ុន្មានពាន់ឆ្នាំមុន ក្នុងរយៈពេល៦ថ្ងៃ ដោយថ្ងៃនីមួយៗប្រើពេល២៤ម៉ោងនោះទេ
តើពាក្យថា«ដើមដំបូង»សំដៅលើពេលណា?
សៀវភៅដើមកំណើត ដែលជាសៀវភៅដំបូងបង្អស់ក្នុងគម្ពីរបរិសុទ្ធ ចាប់ផ្ដើមដោយឃ្លាខ្លីមួយដែលមានន័យជ្រៅ ពោលគឺ«កាលដើមដំបូងឡើយ ព្រះបានបង្កើតមេឃនិងផែនដី»។ (ដើមកំណើត ១:១) បណ្ឌិតគម្ពីរមួយចំនួនយល់ស្របថា ឃ្លានេះសំដៅទៅលើសកម្មភាពមួយដោយឡែកពីអ្វីដែលបានកើតឡើងនៅថ្ងៃនៃការបង្កើត ដែលត្រូវរៀបរាប់ចាប់ពីខ៣ទៅ។ ចំណុចនេះគឺសំខាន់ណាស់។ យោងទៅតាមឃ្លាដំបូងក្នុងគម្ពីរ គឺអស់មួយរយៈពេលដែលពុំប្រាកដ មុនថ្ងៃនៃការបង្កើតបានចាប់ផ្ដើម នោះសកលលោកទាំងមូល រួមទាំងភពផែនដីរបស់យើង មានរួចហើយ។
អ្នកផែនដីវិទ្យាប៉ាន់ស្មានថា ផែនដីមានចំណាស់៤ពាន់លានឆ្នាំ ហើយតារាវិទូប៉ាន់ស្មានថាសកលលោកអាចមានចំណាស់ដល់ទៅ១៥ពាន់លានឆ្នាំ។ តើអ្វីដែលអ្នកវិទ្យាសាស្ត្របានរកឃើញ ឬអ្វីដែលពួកគេប្រហែលជានឹងរកឃើញនៅថ្ងៃមុខ បង្ហាញថាដើមកំណើត ១:១គឺខុសទេ? មិនមែនទេ។ គម្ពីរមិនបញ្ជាក់អំពីចំណាស់នៃ«មេឃនិងផែនដី»ទេ។ វិទ្យាសាស្ត្រមិនប្រឆាំងនឹងអ្វីដែលគម្ពីរចែងឡើយ។
តើថ្ងៃនីមួយៗនៃការបង្កើតមានរយៈពេលប៉ុន្មាន?
ចុះតើថ្ងៃនីមួយៗនៃការបង្កើតមានរយៈពេលប៉ុន្មាន? តើថ្ងៃនីមួយៗមានរយៈពេល២៤ម៉ោងទេ? មនុស្សខ្លះអះអាងថា ថ្ងៃនៃការបង្កើតច្បាស់ជាមានរយៈពេល២៤ម៉ោង ដោយសារម៉ូសេដែលជាអ្នកសរសេរសៀវភៅដើមកំណើត បានបញ្ជាក់ថាថ្ងៃឈប់សម្រាកប្រចាំសប្ដាហ៍របស់ជនជាតិអ៊ីស្រាអែល ដែលមានរយៈពេល២៤ម៉ោង បានត្រូវរៀបចំឡើងដោយយកថ្ងៃទាំង៦នៃការបង្កើតជាគំរូ។ (ដំណើរចាកចេញ ២០:១១) តើសៀវភៅដើមកំណើតគាំទ្រសេចក្ដីសន្និដ្ឋាននេះទេ?
មិនគាំទ្រទេ។ ពាក្យភាសាហេប្រឺដែលបានត្រូវបកប្រែថា«ថ្ងៃ» អាចសំដៅលើរយៈពេលផ្សេងៗ មិនគ្រាន់តែ២៤ម៉ោងប៉ុណ្ណោះទេ។ ជាឧទាហរណ៍ ពេលដែលម៉ូសេនិយាយសង្ខេបអំពីការបង្កើតរបស់ព្រះ នោះគាត់រៀបរាប់ថា ថ្ងៃទាំង៦នៃការបង្កើតគឺសំដៅទៅលើមួយគ្រា។ (ដើមកំណើត ២:៤, កំណត់សម្គាល់) នេះជាពាក្យហេប្រឺដូចគ្នាដែលគាត់ប្រើសំដៅទៅលើថ្ងៃនីមួយៗនៃការបង្កើត។ ម្យ៉ាងទៀត នៅថ្ងៃទី១នៃការបង្កើត «ព្រះបានហៅពន្លឺថាថ្ងៃ តែហៅភាពងងឹតថាយប់»។ (ដើមកំណើត ១:៥) ក្នុងខនេះ មានតែមួយផ្នែកនៃគ្រា២៤ម៉ោង ដែលត្រូវហៅថា«ថ្ងៃ»។ នេះបង្ហាញច្បាស់ថា គ្មានទីសំអាងណាក្នុងគម្ពីរដែលគាំទ្រសេចក្ដីសន្និដ្ឋានថា ថ្ងៃនីមួយៗនៃការបង្កើតមានរយៈពេល២៤ម៉ោងនោះទេ។
បើដូច្នេះ តើថ្ងៃនីមួយៗនៃការបង្កើតមានរយៈពេលប៉ុន្មាន? គម្ពីរមិនចែងអំពីនោះទេ ប៉ុន្តែពាក្យក្នុងដើមកំណើតជំពូក១និង២បង្ហាញឲ្យឃើញថាថ្ងៃនីមួយៗមានរយៈពេលយូរ។
ប្រាំមួយគ្រានៃការបង្កើត
ម៉ូសេបានសរសេរកំណត់ហេតុរបស់គាត់ជាភាសាហេប្រឺ ហើយគាត់សរសេររៀបរាប់ពីអ្វីដែលមនុស្សម្នាក់អាចឃើញ បើឈរនៅផែនដីពេលដែលព្រះកំពុងបង្កើតនោះ។ ចំណុចទាំងពីរនេះ ហើយចំណុចដែលថា មុនថ្ងៃឬគ្រានៃការបង្កើតបានចាប់ផ្ដើមនោះ សកលលោកមានរួចហើយ នេះជាទីសំអាងដែលជួយដោះស្រាយការខ្វែងគំនិតគ្នាជាច្រើនដែលទាក់ទងនឹងកំណត់ហេតុគម្ពីរស្ដីអំពីការបង្កើត។ តើដោះស្រាយយ៉ាងដូចម្ដេច?
ព្រឹត្តិការណ៍ដែលកើតឡើងនៅ«ថ្ងៃ»មួយ ក៏បានបន្តទៅ«ថ្ងៃ»មួយផ្សេងទៀត
បើពិនិត្យមើលកំណត់ហេតុក្នុងសៀវភៅដើមកំណើតឲ្យបានដិតដល់ នោះនឹងឃើញថាព្រឹត្តិការណ៍ដែលកើតឡើងនៅ«ថ្ងៃ»ឬគ្រាមួយ ក៏បានបន្តទៅ«ថ្ងៃ»មួយផ្សេងទៀត។ ជាឧទាហរណ៍ មុន«ថ្ងៃ»ទី១នៃការបង្កើតបានចាប់ផ្ដើមនោះ ព្រះអាទិត្យមានរួចហើយ តែពន្លឺបានត្រូវបាំង មិនបានភ្លឺដល់ផ្ទៃផែនដីទេ ប្រហែលជាដោយសារផែនដីមានស្រទាប់ពពកក្រាស់។ (យ៉ូប ៣៨:៩) ក្នុងអំឡុង«ថ្ងៃ»ទី១ ស្រទាប់នេះចាប់ផ្ដើមបាត់ទៅ ហើយពន្លឺព្រះអាទិត្យក៏ភ្លឺកាត់បរិយាកាសផែនដី។a
តាមមើលទៅ នៅ«ថ្ងៃ»ទី២បរិយាកាសកាន់តែស្រឡះទៅៗ រហូតដល់មានចន្លោះរវាងស្រទាប់ពពកក្រាស់នៅខាងលើ និងសមុទ្រនៅខាងក្រោម។ នៅ«ថ្ងៃ»ទី៤ បរិយាកាសបានស្រឡះ រហូតដល់អាចឃើញព្រះអាទិត្យនិងព្រះចន្ទ«នៅលើមេឃ»បាន។ (ដើមកំណើត ១:១៤-១៦) នេះមានន័យថា បើមានមនុស្សម្នាក់នៅផែនដីនៅពេលនោះ អ្នកនោះនឹងចាប់ផ្ដើមឃើញព្រះអាទិត្យនិងព្រះចន្ទ។ ព្រឹត្តិការណ៍ទាំងនេះបានកើតឡើងបន្តិចម្ដងៗ។
កំណត់ហេតុនៅសៀវភៅដើមកំណើតក៏បញ្ជាក់ថា នៅ«ថ្ងៃ»ទី៥ កាលដែលបរិយាកាសកាន់តែស្រឡះទៅៗ នោះចាប់ផ្ដើមមានសត្វស្លាប រួមបញ្ចូលសត្វល្អិតផងដែរ។
តាមកំណត់ហេតុគម្ពីរ ព្រឹត្តិការណ៍សំខាន់ៗខ្លះៗក្នុងអំឡុងថ្ងៃឬគ្រានីមួយៗនៃការបង្កើត ប្រហែលជាបានកើតឡើងបន្តិចម្ដងៗ ជាជាងភ្លាមៗមួយរំពេច ហើយព្រឹត្តិការណ៍ខ្លះប្រហែលជាកើតឡើងតដល់ថ្ងៃបន្ទាប់ទៀត។b
តាមពូជ
ដោយឃើញថារុក្ខជាតិនិងសត្វបានចាប់ផ្ដើមមានបន្តិចម្ដងៗ តើនេះបង្កប់អត្ថន័យថាព្រះបានប្រើការវិវត្តន៍ដើម្បីបង្កើតភាវរស់ប្រភេទផ្សេងៗជាច្រើនដែលមានសព្វថ្ងៃនេះទេ? មិនមែនទេ។ កំណត់ហេតុគម្ពីរបញ្ជាក់ច្បាស់ថា ព្រះបានបង្កើតអម្បូរទាំងអស់នៃរុក្ខជាតិនិងសត្វតាម«ពូជ»របស់វា។ (ដើមកំណើត ១:១១, ១២, ២០-២៥) តើរុក្ខជាតិនិងសត្វ«ពូជ»ដើមទាំងនេះ កើតមកមានសមត្ថភាពប្រែប្រួលតាមបរិស្ថានរបស់ខ្លួនទេ? តើភាវរស់«ពូជ»មួយត្រូវកំណត់យ៉ាងដូចម្ដេច? គម្ពីរមិនបានចែងទេ។ ក៏ប៉ុន្តែ អ្វីដែលគម្ពីរចែងគឺថា ភាវរស់«រស់រវើក . . . តាមពូជរបស់វា»។ (ដើមកំណើត ១:២១) ពាក្យនេះបញ្ជាក់ថាការប្រែប្រួលនៃភាវរស់«ពូជ»មួយគឺមានកម្រិត។ សំណុំទិន្នន័យពីហ្វូស៊ីល ព្រមទាំងការស្រាវជ្រាវនៅសម័យយើង គាំទ្រគំនិតថាអម្បូរផ្សេងៗនៃរុក្ខជាតិនិងសត្វមិនបានប្រែប្រួលប៉ុន្មានទេ ក្នុងរយៈពេលរាប់យុគសម័យនោះ។
ការស្រាវជ្រាវនៅសម័យនេះបង្ហាញថា ភាវរស់ទាំងអស់បន្តពូជ«តាមពូជ»
ផ្ទុយពីការអះអាងរបស់អ្នកដែលកាន់តាមសាសនាយ៉ាងតឹងរ៉ឹងនោះ កំណត់ហេតុក្នុងសៀវភៅដើមកំណើតមិនបង្រៀនថាសកលលោក រួមទាំងផែនដី និងជីវិតទាំងឡាយលើផែនដី បានត្រូវបង្កើតមកក្នុងរយៈពេលខ្លី គ្រាន់តែប៉ុន្មានយុគសម័យមុនប៉ុណ្ណោះទេ។ ប៉ុន្តែអ្វីដែលសៀវភៅដើមកំណើតចែងអំពីការបង្កើតសកលលោកនិងអំពីរបៀបដែលជីវិតបានកើតមកនៅផែនដី គឺស្របតាមអ្វីដែលវិទ្យាសាស្ត្របានរកឃើញនៅពេលថ្មីៗនេះ។
អ្នកវិទ្យាសាស្ត្រជាច្រើននាក់បដិសេធមិនចង់ជឿអ្វីដែលគម្ពីរចែងថាព្រះបានបង្កើតអ្វីៗទាំងអស់ទេ។ នេះគឺដោយសារពួកគេជឿជាក់លើគំនិតរបស់ពួកគេផ្ទាល់ ឬជឿតាមគំនិតរបស់អ្នកវិទ្យាសាស្ត្រឯទៀត។ ក៏ប៉ុន្តែ គួរឲ្យចាប់អារម្មណ៍ណាស់ថា ក្នុងសៀវភៅគម្ពីរដើមកំណើតពីបុរាណនោះ ម៉ូសេបានសរសេរថាសកលលោកមានដើមកំណើត ហើយជីវិតបានកើតមកតាមដំណាក់កាលបន្តិចម្ដងៗ ក្នុងអំឡុងគ្រាផ្សេងៗ។ តើម៉ូសេអាចទទួលព័ត៌មានត្រឹមត្រូវអំពីវិទ្យាសាស្ត្រ ជិត៣.៥០០ឆ្នាំមុនពីកន្លែងណា? មានចម្លើយមួយដែលសមហេតុផល។ គឺថា លោកដែលមានឫទ្ធានុភាពនិងប្រាជ្ញាដើម្បីបង្កើតមេឃនិងផែនដី ប្រាកដជាអាចផ្ដល់ចំណេះដឹងត្រឹមត្រូវអំពីវិទ្យាសាស្ត្រដល់ម៉ូសេបាន។ ចំណុចនេះគាំទ្រអ្វីដែលគម្ពីរចែងថា បទគម្ពីរ«បានត្រូវសរសេរក្រោមការដឹកនាំរបស់ព្រះ»។c—ធីម៉ូថេទី២ ៣:១៦
ប៉ុន្តែ លោកអ្នកប្រហែលជាឆ្ងល់ថា តើសំខាន់ទេ បើជឿឬមិនជឿលើកំណត់ហេតុក្នុងគម្ពីរស្ដីអំពីការបង្កើតនោះ? សូមពិចារណាហេតុផលច្បាស់លាស់ដែលបង្ហាញថា នោះគឺសំខាន់មែន។
a ពេលគម្ពីររៀបរាប់អំពីអ្វីដែលបានកើតឡើងនៅ«ថ្ងៃ»ទី១ កំណត់ហេតុនោះប្រើពាក្យភាសាហេប្រឺអ័រ ដែលសំដៅលើពន្លឺជាទូទៅ។ ប៉ុន្តែពេលរៀបរាប់អំពី«ថ្ងៃ»ទី៤ គម្ពីរប្រើពាក្យភាសាហេប្រឺម៉ាអ័រ ដែលសំដៅលើប្រភពពន្លឺវិញ។
b ជាឧទាហរណ៍ ក្នុងអំឡុងថ្ងៃទី៦នៃការបង្កើត ព្រះបានមានប្រសាសន៍ថា មនុស្សត្រូវ«ចម្រើនជាច្រើនឡើង ឲ្យមានពេញពាសលើផែនដីចុះ»។ (ដើមកំណើត ១:២៨, ៣១) ប៉ុន្តែទាល់តែ«ថ្ងៃ»បន្ទាប់មកដល់ ទើបព្រឹត្តិការណ៍នេះចាប់ផ្ដើម។—ដើមកំណើត ២:២
c ដើម្បីទទួលព័ត៌មានថែមទៀតអំពីរឿងនេះ សូមមើលវីដេអូខ្លី ហេតុអ្វីយើងអាចប្រាកដថាគម្ពីរបរិសុទ្ធគឺមកពីព្រះ? ក្នុងគេហទំព័រjw.org/km។