មេរៀនទី១០
តើអ្វីទៅដែលហៅថាការគោរពប្រណិប័តន៍ជាក្រុមគ្រួសារ?
កូរ៉េខាងត្បូង
ប្រេស៊ីល
អូស្ដ្រាលី
ហ្គីណេ
តាំងពីសម័យបុរាណ ព្រះយេហូវ៉ាចង់ឲ្យក្រុមគ្រួសារនីមួយៗចំណាយពេលជាមួយគ្នាដើម្បីពង្រឹងចំណងមិត្តភាពជាមួយលោក និងជាមួយសមាជិកក្រុមគ្រួសារ។ (ចោទិយកថា ៦:៦, ៧) នេះជាមូលហេតុដែលសាក្សីព្រះយេហូវ៉ាលៃទុកពេលមួយជារៀងរាល់សប្ដាហ៍ដើម្បីគោរពប្រណិប័តន៍ព្រះជាមួយគ្នា ពោលគឺក្នុងបរិយាកាសដែលធ្វើឲ្យមានអារម្មណ៍ស្រួល ពួកគេពិភាក្សាគ្នាតាមតម្រូវការរបស់ពួកគេស្តីអំពីរឿងដែលទាក់ទងនឹងព្រះ។ ទោះជាលោកអ្នករស់នៅតែម្នាក់ឯងក៏ដោយ លោកអ្នកអាចប្រើពេលវេលានេះដើម្បីចូលទៅជិតព្រះ ដោយជ្រើសរើសប្រធានបទមួយដើម្បីសិក្សាផ្ទាល់ខ្លួន។
ការគោរពប្រណិប័តន៍ជាក្រុមគ្រួសារជួយយើងឲ្យកាន់តែចូលទៅជិតព្រះយេហូវ៉ា។ គម្ពីរចែងថា៖ «ចូរចូលទៅជិតព្រះ ហើយលោកនឹងចូលមកជិតអ្នករាល់គ្នាដែរ»។ (យ៉ាកុប ៤:៨) យើងនឹងស្គាល់ព្រះយេហូវ៉ាកាន់តែច្បាស់ជាង ពេលដែលយើងរៀនយ៉ាងល្អិតល្អន់អំពីគុណសម្បត្ដិនិងការប្រព្រឹត្តរបស់លោកតាមរយៈគម្ពីរដែលជាបណ្ដាំរបស់លោក។ វិធីដ៏ស្រួលមួយដើម្បីចាប់ផ្ដើមមានការគោរពប្រណិប័តន៍ជាក្រុមគ្រួសារ គឺចំណាយពេលអានគម្ពីរជាមួយគ្នាដោយបញ្ចេញសំឡេងឲ្យឮៗ។ លោកអ្នកប្រហែលជាអាចអានតាមអំណានគម្ពីរប្រចាំសប្ដាហ៍ដែលមានក្នុងកិច្ចប្រជុំ កិច្ចបម្រើនិងជីវិត។ សូមឲ្យសមាជិកម្នាក់ៗអានមួយផ្នែកនៃអំណាននោះ បន្ទាប់មក សមាជិកទាំងអស់អាចពិភាក្សាគ្នាអំពីចំណុចដែលពួកគេបានរៀនពីបទគម្ពីរ។
ការគោរពប្រណិប័តន៍ជាក្រុមគ្រួសារជួយយើងឲ្យកាន់តែជិតស្និទ្ធគ្នា។ កាលដែលប្ដីនិងប្រពន្ធ ឪពុកម្ដាយនិងកូនសិក្សាគម្ពីរជាក្រុមគ្រួសារ នោះជួយពង្រឹងចំណងមិត្តភាពរបស់ពួកគេ។ ពេលវេលានៃការគោរពប្រណិប័តន៍ព្រះគួរជាពេលដែលសប្បាយ ជាពេលមានសេចក្ដីសុខ និងជាពេលដែលសមាជិកម្នាក់ៗនៅក្នុងគ្រួសារទន្ទឹងចាំជារៀងរាល់សប្ដាហ៍។ ស្របតាមអាយុរបស់កូន ឪពុកម្ដាយអាចពិភាក្សាជាមួយកូនដោយជ្រើសរើសប្រធានបទដែលកូនអាចយកមកអនុវត្តក្នុងជីវិតប្រចាំថ្ងៃ ប្រហែលប្រើអត្ថបទក្នុងទស្សនាវដ្ដីប៉មយាម និងសៀវភៅផ្សេងទៀត ឬគេហទំព័រjw.org។ លោកអ្នកអាចពិភាក្សាអំពីបញ្ហាដែលកូនជួបប្រទះនៅឯសាលារៀន និងអំពីរបៀបដែលកូនអាចដោះស្រាយបញ្ហានោះ។ សូមមើលកម្មវិធីទូរទស្សន៍ក្នុងប្រព័ន្ធអ៊ីនធឺណិត JW Broadcasting (tv.jw.org) រួចមកពិគ្រោះគ្នាអំពីព័ត៌មាននោះ។ លោកអ្នកប្រហែលជាសប្បាយ បើលោកអ្នកអាចហាត់ច្រៀងចម្រៀងដែលមានក្នុងកិច្ចប្រជុំ ហើយអាចរៀបចំឲ្យមាននំចំណីបន្ដិចបន្តួចដើម្បីញ៉ាំជាមួយគ្នាក្រោយពេលគោរពប្រណិប័តន៍ជាក្រុមគ្រួសារ។
ការលៃទុកពេលយ៉ាងពិសេសជារៀងរាល់សប្ដាហ៍ដើម្បីគោរពប្រណិប័តន៍ព្រះយេហូវ៉ាជាមួយគ្នា នឹងជួយសមាជិកទាំងអស់ក្នុងក្រុមគ្រួសារឲ្យរីករាយក្នុងការសិក្សាបណ្ដាំរបស់ព្រះ ហើយលោកនឹងឲ្យពរជាបរិបូរដល់ការខំព្យាយាមរបស់លោកអ្នក។—ទំនុកតម្កើង ១:១-៣
ហេតុអ្វីយើងត្រូវលៃទុកពេលដើម្បីគោរពប្រណិប័តន៍ព្រះជាក្រុមគ្រួសារ?
តើឪពុកម្ដាយអាចធ្វើយ៉ាងណាដើម្បីជួយសមាជិកទាំងអស់ឲ្យរីករាយក្នុងឱកាសនេះ?