មេរៀនទី៩
ចូរគោរពប្រណិប័តន៍ព្រះយេហូវ៉ាជាក្រុមគ្រួសារ
«ចូរគោរពប្រណិប័តន៍លោកដែលបានបង្កើតមេឃនិងផែនដី»។—ការបើកបង្ហាញ ១៤:៧
ដូចដែលអ្នកបានរៀនក្នុងសៀវភៅនេះ គម្ពីរមានគោលការណ៍ជាច្រើនដែលអាចជួយអ្នក ព្រមទាំងក្រុមគ្រួសាររបស់អ្នក។ ព្រះយេហូវ៉ាចង់ឲ្យអ្នកមានសុភមង្គល។ បើអ្នកចាត់ទុកការគោរពប្រណិប័តន៍ព្រះថាសំខាន់បំផុត នោះលោកសន្យាថានឹងផ្ដល់នូវអ្វីដែលអ្នកត្រូវការ។ (ម៉ាថាយ ៦:៣៣) លោកពិតជាចង់ឲ្យអ្នកធ្វើជាមិត្តរបស់លោកខ្លាំងណាស់។ សូមប្រើគ្រប់ឱកាសដើម្បីពង្រឹងចំណងមិត្តភាពរវាងអ្នកនិងព្រះ។ ការដែលមនុស្សអាចមានចំណងមិត្តភាពជាមួយនឹងព្រះ នោះគឺជាឯកសិទ្ធដ៏ខ្ពង់ខ្ពស់បំផុត។—ម៉ាថាយ ២២:៣៧, ៣៨
១ ពង្រឹងចំណងមិត្តភាពរបស់អ្នកជាមួយនឹងព្រះយេហូវ៉ា
គម្ពីររៀបរាប់ថា: «‹ខ្ញុំនឹងធ្វើជាឪពុករបស់អ្នករាល់គ្នា ឯអ្នករាល់គ្នានឹងទៅជាកូនប្រុសកូនស្រីរបស់ខ្ញុំ›។ នេះជាប្រសាសន៍របស់ព្រះយេហូវ៉ា»។ (កូរិនថូសទី២ ៦:១៨) ព្រះចង់ឲ្យអ្នកក្លាយទៅជាមិត្តសម្លាញ់របស់លោក។ វិធីមួយដើម្បីធ្វើដូច្នេះ គឺដោយអធិដ្ឋានទៅព្រះ។ ព្រះយេហូវ៉ាអញ្ជើញអ្នកឲ្យ«អធិដ្ឋានឥតឈប់»។ (ថែស្សាឡូនិចទី១ ៥:១៧) ព្រះពិតជាចង់ឲ្យអ្នកជម្រាបលោកអំពីគំនិតនិងកង្វល់ដែលមាននៅក្នុងចិត្តរបស់អ្នក។ (ភីលីព ៤:៦) ពេលដែលអ្នកអធិដ្ឋានជាមួយនឹងក្រុមគ្រួសារ ពួកគេនឹងឃើញថា អ្នកពិតជាជឿថាព្រះជាបុគ្គលដែលមានពិតមែន។
អ្នកមិនគ្រាន់តែត្រូវអធិដ្ឋានទៅព្រះប៉ុណ្ណោះទេ តែអ្នកក៏ត្រូវស្ដាប់លោកផងដែរ។ អ្នកអាចធ្វើដូច្នេះ ដោយសិក្សាបណ្ដាំរបស់ព្រះ និងសៀវភៅផ្សេងៗដែលមានមូលដ្ឋានលើគម្ពីរ។ (ទំនុកតម្កើង ១:១, ២) សូមរំពឹងគិតអំពីអ្វីដែលអ្នករៀន។ (ទំនុកតម្កើង ៧៧:១១, ១២) ម្យ៉ាងទៀត ការស្ដាប់ព្រះ ក៏តម្រូវឲ្យអ្នកចូលរួមកិច្ចប្រជុំរបស់គ្រិស្តសាសនិកពិតជាទៀងទាត់ដែរ។—ទំនុកតម្កើង ១២២:១-៤
វិធីដ៏សំខាន់មួយទៀតដើម្បីពង្រឹងចំណងមិត្តភាពដែលអ្នកមានជាមួយនឹងព្រះយេហូវ៉ា គឺដោយប្រាប់អ្នកឯទៀតអំពីលោក។ កាលណាអ្នកនិយាយកាន់តែច្រើនអំពីព្រះ នោះអ្នកក៏នឹងមានអារម្មណ៍កាន់តែជិតស្និទ្ធជាមួយនឹងលោកដែរ។—ម៉ាថាយ ២៨:១៩, ២០
សូមសាកធ្វើតាមយោបល់នេះ:
សូមលៃទុកពេលជារៀងរាល់ថ្ងៃ ដើម្បីអានគម្ពីរនិងអធិដ្ឋាន
ជាក្រុមគ្រួសារ សូមចាត់ទុកសកម្មភាពដែលទាក់ទងនឹងការគោរពប្រណិប័តន៍ព្រះថាសំខាន់ជាងការកម្សាន្តនិងការសម្រាកលម្ហែកាយ
២ រីករាយនឹងការគោរពប្រណិប័តន៍ព្រះជាក្រុមគ្រួសារ
គម្ពីររៀបរាប់ថា: «ចូរចូលទៅជិតព្រះ ហើយលោកនឹងចូលមកជិតអ្នករាល់គ្នាដែរ»។ (យ៉ាកុប ៤:៨) អ្នកត្រូវមានកាលវិភាគដើម្បីគោរពប្រណិប័តន៍ជាក្រុមគ្រួសារa ហើយធ្វើតាមកាលវិភាគនោះកុំខាន។ (លោកុប្បត្តិ ១៨:១៩) ប៉ុន្តែ ការធ្វើដូច្នេះគឺមិនគ្រប់គ្រាន់ទេ។ ជារៀងរាល់ថ្ងៃ មិនថាអ្នកធ្វើអ្វីឬនៅកន្លែងណាក៏ដោយ អ្នកត្រូវគិតអំពីព្រះជានិច្ច។ សូមពង្រឹងចំណងមិត្តភាពរបស់ក្រុមគ្រួសារជាមួយនឹងព្រះ ដោយនិយាយអំពីលោក«កាលដែលអង្គុយនៅក្នុងផ្ទះហើយដើរតាមផ្លូវ ក្នុងកាលដែលដេក ហើយក្រោកឡើងផង»។ (ចោទិយកថា ៦:៦, ៧) សូមមានគោលដៅដូចបុរសម្នាក់ឈ្មោះយ៉ូស្វេ ដែលបាននិយាយថា៖ ‹ខ្ញុំនិងពួកគ្រួសារខ្ញុំ យើងទាំងអស់គ្នានឹងគោរពប្រតិបត្ដិដល់ព្រះយេហូវ៉ាតែមួយប៉ុណ្ណោះ›។—យ៉ូស្វេ ២៤:១៥
សូមសាកធ្វើតាមយោបល់នេះ:
សូមរៀបចំឲ្យមានកម្មវិធីអប់រំជាទៀងទាត់ ដែលស្របតាមសេចក្ដីត្រូវការរបស់សមាជិកម្នាក់ៗក្នុងក្រុមគ្រួសារ
a សាក្សីព្រះយេហូវ៉ាលៃទុកពេលមួយរាល់សប្ដាហ៍ដើម្បីគោរពប្រណិប័តន៍ព្រះយេហូវ៉ាជាមួយគ្នា ពេលនោះគឺជាពេលដែលក្រុមគ្រួសារពិគ្រោះអំពីរឿងដែលទាក់ទងនឹងព្រះដោយបរិយាកាសរីករាយ។