មេរៀនទី១៥
តើពួកអ្នកចាស់ទុំជួយក្រុមជំនុំយ៉ាងដូចម្ដេច?
ហ្វាំងឡង់
បង្រៀន
ពង្រឹងជំនឿ
ផ្សព្វផ្សាយ
ក្នុងអង្គការរបស់យើង គ្មានបព្វជិតដែលទទួលប្រាក់ខែទេ។ ផ្ទុយទៅវិញ អ្នកត្រួតពិនិត្យដែលមានគុណសម្បត្ដិគ្រប់គ្រាន់បានត្រូវតែងតាំងឡើង«ដើម្បីឃ្វាលក្រុមជំនុំរបស់ព្រះ» ដូចពេលដែលក្រុមជំនុំគ្រិស្តសាសនិកទើបចាប់ផ្ដើមមានឡើងដែរ។ (សកម្មភាព ២០:២៨) ពួកអ្នកចាស់ទុំជាបុរសដែលមានគុណសម្បត្ដិគ្រប់គ្រាន់ ហើយនាំមុខ និងឃ្វាលឬពង្រឹងជំនឿបងប្អូនក្នុងក្រុមជំនុំ«មិនមែនឃ្វាលដោយបង្ខំចិត្តទេ តែដោយស្ម័គ្រចិត្ត ហើយមិនមែនដោយចង់បានប្រយោជន៍ផ្ទាល់ខ្លួនឡើយ តែដោយស្មោះអស់ពីចិត្ត»។ (ពេត្រុសទី១ ៥:១-៣) តើពួកគាត់ធ្វើអ្វីខ្លះដើម្បីផ្ដល់ជាប្រយោជន៍សម្រាប់យើង?
ពួកគាត់មើលថែរក្សានិងយកចិត្តទុកដាក់ចំពោះយើង។ ពួកអ្នកចាស់ទុំផ្ដល់ការណែនាំនិងជួយក្រុមជំនុំឲ្យរក្សាចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា។ ដោយដឹងថា ព្រះបានប្រគល់ភារកិច្ចដ៏សំខាន់ដល់ពួកគាត់ នោះពួកអ្នកចាស់ទុំមិនចង់ធ្វើជាម្ចាស់លើរាស្ត្រលោកទេ ប៉ុន្តែពួកគាត់ជួយយើងឲ្យមានអំណរនិងសេចក្ដីសុខវិញ។ (កូរិនថូសទី២ ១:២៤) ដូចគង្វាលដែលយកចិត្តទុកដាក់ថែរក្សាចៀមនីមួយៗរបស់គាត់ នោះពួកអ្នកចាស់ទុំក៏ព្យាយាមស្គាល់សមាជិកម្នាក់ៗក្នុងក្រុមជំនុំដែរ។—សុភាសិត ២៧:២៣
ពួកគាត់បង្រៀនយើងនូវរបៀបធ្វើតាមបំណងប្រាថ្នារបស់ព្រះ។ រៀងរាល់សប្ដាហ៍ ពួកអ្នកចាស់ទុំដឹកនាំកិច្ចប្រជុំក្នុងក្រុមជំនុំដើម្បីពង្រឹងជំនឿរបស់យើងទាំងអស់គ្នា។ (សកម្មភាព ១៥:៣២) បុរសស្មោះត្រង់ទាំងនេះក៏នាំមុខក្នុងកិច្ចការផ្សព្វផ្សាយដំណឹងល្អដែរ ដោយផ្សព្វផ្សាយជាមួយយើង និងបង្រៀនអំពីរបៀបផ្សេងៗដែលយើងអាចផ្សព្វផ្សាយ។
ពួកគាត់លើកទឹកចិត្តយើងម្នាក់ៗ។ ដើម្បីជួយយើងម្នាក់ៗឲ្យពង្រឹងចំណងមិត្តភាពជាមួយនឹងព្រះយេហូវ៉ា ពួកអ្នកចាស់ទុំប្រហែលជាមកលេងយើងនៅឯផ្ទះ ឬប្រហែលជានិយាយជាមួយនឹងយើងនៅឯសាលប្រជុំដើម្បីជួយលើកទឹកចិត្តនិងសម្រាលទុក្ខយើងដោយប្រើបទគម្ពីរ។—យ៉ាកុប ៥:១៤, ១៥
បន្ថែមពីលើភារកិច្ចដែលមាននៅក្នុងក្រុមជំនុំ អ្នកចាស់ទុំភាគច្រើនក៏ធ្វើការដើម្បីចិញ្ចឹមជីវិត និងមានភារកិច្ចក្នុងក្រុមគ្រួសារដែលពួកគាត់ត្រូវគិតនិងចំណាយពេលដែរ។ ពួកអ្នកចាស់ទុំដែលធ្វើការនឿយហត់ទាំងនេះសមនឹងទទួលការគោរពពីយើងមែន។—ថែស្សាឡូនិចទី១ ៥:១២, ១៣
តើពួកអ្នកចាស់ទុំក្នុងក្រុមជំនុំមានតួនាទីអ្វីខ្លះ?
តើពួកអ្នកចាស់ទុំយកចិត្តទុកដាក់ចំពោះយើងម្នាក់ៗតាមរបៀបណា?