បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w13 ១៥/១១ ទំ. ២៦-៣០
  • គង្វាលទាំងឡាយ ចូរយកតម្រាប់គង្វាលឧត្តុង្គឧត្តមបំផុត

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • គង្វាលទាំងឡាយ ចូរយកតម្រាប់គង្វាលឧត្តុង្គឧត្តមបំផុត
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • លោក​«​លើក​ផ្ទាប់​»​នៅ​ទ្រូង
  • ​«​ខ្ញុំ​បាន​ធ្វើ​គំរូ​ឲ្យ​អ្នក​រាល់​គ្នា​»​
  • ចូរ​«​កាន់​ខ្ជាប់​តាម​បណ្ដាំ​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត​»​
  • ​«​គំរូ​ដល់​ហ្វូង​ចៀម​»​
  • ចូរ​«​គាំ​ពារ​ពួក​អ្នក​ដែល​ខ្សោយ​»​
  • «ចូរឃ្វាលហ្វូងចៀមរបស់ព្រះដែលនៅក្រោមការថែទាំរបស់អ្នករាល់គ្នា»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
  • ចូរស្ដាប់បង្គាប់គង្វាលរបស់ព្រះយេហូវ៉ា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
  • ការឃ្វាលហ្វូងចៀមរបស់ព្រះដោយសេចក្ដីស្រឡាញ់
    ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ចូរជួយបងប្អូនដែលវង្វេងចេញពីហ្វូងចៀមរបស់ព្រះ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
w13 ១៥/១១ ទំ. ២៦-៣០

គង្វាល​ទាំង​ឡាយ ចូរ​យក​តម្រាប់​គង្វាល​ឧត្តុង្គឧត្តម​បំផុត

​«​គ្រិស្ត​បាន​រង​ទុក្ខ​ដើម្បី​អ្នក​រាល់​គ្នា ហើយ​ទុក​គំរូ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ខំ​ដើរ​តាម​លំ​អាន​ដាន​របស់​លោក ឲ្យ​បាន​ដិត​ដល់​»។—១ពេ. ២:២១

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

  • ក្នុង​នាម​ជា​គង្វាល តើ​អ្នក​ចាស់​ទុំ​អាច​ធ្វើ​តាម​គំរូ​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

  • តើ​អ្នក​ចាស់​ទុំ​អាច​យក​តម្រាប់​លោក​យេស៊ូ​យ៉ាង​ដូច​ម្ដេច?

  • តើ​អ្នក​ចាស់​ទៅ​លេង​បង​ប្អូន​ក្នុង​គោល​បំណង​អ្វី?

១, ២​. (​ក​) តើ​មាន​លទ្ធផល​អ្វី​ពេល​ចៀម​ទទួល​ការ​ថែ​រក្សា​យ៉ាង​ល្អ? (​ខ​) ហេតុ​អ្វី​មនុស្ស​ជា​ច្រើន​នៅ​សម័យ​លោក​យេស៊ូ​ដូច​ជា​សត្វ​ចៀម​ដែល​គ្មាន​គង្វាល?

ចៀម​មាន​សុខភាព​ល្អ​ពេល​គង្វាល​យក​ចិត្ត​ទុក​ដាក់​ដល់​សុខុមាលភាព​ហ្វូង​ចៀម​របស់​គាត់។ សៀវភៅ​មួយ​អំពី​ការ​ចិញ្ចឹម​ចៀម​ចែង​ថា ប្រសិនបើ​គង្វាល​ម្នាក់​គ្រាន់តែ​ទុក​ចៀម​របស់​គាត់​ចោល​ឲ្យ​ស៊ី​ស្មៅ​នៅ​វាល ដោយ​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សេចក្ដី​ត្រូវ​ការ​ផ្សេង​ទៀត​របស់​ចៀម ចៀម​នោះ​នឹង​ខ្សោយ​ហើយ​ឈឺ​ក្នុង​រយៈ​ពេល​ពីរ​បី​ឆ្នាំ។ ប៉ុន្តែ ពេល​គង្វាល​ថែ​រក្សា​ចៀម​តាម​របៀប​ត្រឹម​ត្រូវ នោះ​ហ្វូង​ចៀម​របស់​គាត់​នឹង​មាន​សុខភាព​ល្អ។

២ នៅ​ក្នុង​ក្រុម​ជំនុំ​ក៏​ដូច្នេះ​ដែរ។ ពេល​គង្វាល​ដែល​ជា​គ្រិស្ត​សាសនិក​ថែ​រក្សា ហើយ​យក​ចិត្ត​ទុក​ដាក់​នឹង​ចៀម​ម្នាក់​ៗ នោះ​ក្រុម​ជំនុំ​ទាំង​មូល​នឹង​ទទួល​ប្រយោជន៍។ អ្នក​ប្រហែលជា​នឹក​ចាំ​ថា លោក​យេស៊ូ​មាន​ចិត្ត​អាណិត​អាសូរ​ចំពោះ​បណ្ដា​ជន ដោយ​សារ​«​ពួក​គេ​បាន​ត្រូវ​គេ​ធ្វើ​ទុក្ខ និង​ទុក​ចោល​ឲ្យ​នៅ​រាត់​រាយ​ដូច​សត្វ​ចៀម​ដែល​គ្មាន​គង្វាល​»។ (​ម៉ាថ. ៩:៣៦​) ហេតុ​អ្វី​ពួក​គេ​ស្ថិត​ក្នុង​ស្ថានភាព​ដែល​គួរ​ឲ្យ​អាណិត​អាសូរ​បែប​នេះ? ដោយ​សារ​ពួក​អ្នក​ដែល​មាន​តួនាទី​បង្រៀន​ច្បាប់​របស់​ព្រះ​ដល់​ជន​ជាតិ​អ៊ីស្រាអែល គឺ​គ្មាន​មេត្ដា ពិបាក​ផ្គាប់​ចិត្ត ហើយ​មាន​ពុត​ត្បុត។ ជា​ជាង​ជួយ​ហើយ​ថែ​រក្សា​ចៀម ពួក​មេ​ដឹក​នាំ​សាសនា​របស់​ជន​ជាតិ​អ៊ីស្រាអែល​ដាក់​«​បន្ទុក​យ៉ាង​ធ្ងន់​»​លើ​ស្មា​របស់​ពួក​គេ។—ម៉ាថ. ២៣:៤

៣​. តើ​អ្នក​ចាស់​ទុំ​គួរ​ដឹង​អំពី​អ្វី ពេល​ពួក​គាត់​បំពេញ​តួនាទី​របស់​ពួក​គាត់​ជា​គង្វាល​ក្នុង​ក្រុម​ជំនុំ?

៣ នៅ​សព្វ​ថ្ងៃ​នេះ គង្វាល​ដែល​ជា​គ្រិស្ត​សាសនិក ពោល​គឺ​ពួក​អ្នក​ចាស់​ទុំ មាន​ភារកិច្ច​ដ៏​ធ្ងន់ធ្ងរ​មួយ។ ចៀម​នៅ​ក្នុង​ហ្វូង​ដែល​ពួក​គាត់​មើល​ថែ គឺ​ជា​របស់​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ ដែល​សម្គាល់​ខ្លួន​លោក​ជា​«​គង្វាល​ដ៏​ល្អ​ប្រសើរ​»។ (​យ៉ូន. ១០:១១​) ចៀម​ទាំង​នោះ​បាន​ត្រូវ​«​ទិញ​ក្នុង​តម្លៃ​ថ្លៃ​ណាស់​»។ លោក​យេស៊ូ​បាន​បង់​ថ្លៃ​នោះ​ដោយ​«​ឈាម​ដ៏​ថ្លៃ​វិសេស​»​របស់​លោក។ (​១កូ. ៦:២០; ១ពេ. ១:១៨, ១៩​) លោក​ស្រឡាញ់​ចៀម​ទាំង​នោះ​ដល់​ម្ល៉េះ​បាន​ជា​លោក​សុខចិត្ត​លះ​បង់​ជីវិត​របស់​លោក​សម្រាប់​ពួក​គេ។ អ្នក​ចាស់​ទុំ​គួរ​ចាំ​ជា​និច្ច​ថា ពួក​គាត់​គឺ​ជា​គង្វាល​ដែល​នៅ​ក្រោម​អំណាច​របស់​លោក ហើយ​នៅ​ក្រោម​ការ​មើល​ខុស​ត្រូវ​របស់​លោក​យេស៊ូ​ដែល​ជា​បុត្រ​ជា​ទី​ស្រឡាញ់​របស់​ព្រះ និង​ជា​«​គង្វាល​ចៀម​ឧត្តុង្គឧត្តម​»។—ហេ. ១៣:២០

៤​. តើ​អត្ថបទ​នេះ​នឹង​ពិចារណា​អំពី​អ្វី?

៤ ដូច្នេះ តើ​គង្វាល​ដែល​ជា​គ្រិស្ត​សាសនិក​ត្រូវ​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​ចៀម? សមាជិក​ក្នុង​ក្រុម​ជំនុំ​បាន​ត្រូវ​ដាស់​តឿន​ឲ្យ​«​ស្ដាប់​បង្គាប់ . . . ពួក​អ្នក​ដែល​នាំ​មុខ​»​ពួក​គេ។ ម្យ៉ាង​ទៀត អ្នក​ចាស់​ទុំ​ជា​គ្រិស្ត​សាសនិក​បាន​ត្រូវ​ដាស់​តឿន​ឲ្យ​ជៀស​វាង​ពី​ការ​«​ធ្វើ​ជា​ចៅហ្វាយ​លើ​ពួក​អ្នក​ដែល​ជា​មត៌ក​របស់​ព្រះ​»។ (​ហេ. ១៣:១៧; សូម​អាន ពេត្រុសទី១ ៥:២, ៣​) ដូច្នេះ តើ​តាម​របៀប​ណា​អ្នក​ចាស់​ទុំ​ដែល​ព្រះ​បាន​តែង​តាំង​អាច​នាំ​មុខ​ដោយ​មិន​ធ្វើ​ជា​ចៅហ្វាយ​លើ​ចៀម? ឬ​បើ​និយាយ​ឲ្យ​ស្រួល​យល់ តើ​តាម​របៀប​ណា​អ្នក​ត្រួត​ពិនិត្យ​អាច​ថែ​រក្សា​ចៀម ដោយ​មិន​ធ្វើ​លើស​ពី​អំណាច​ដែល​ព្រះ​បាន​ផ្ដល់​ឲ្យ​ពួក​គាត់?

លោក​«​លើក​ផ្ទាប់​»​នៅ​ទ្រូង

៥​. តើ​ឧទាហរណ៍​នៅ​អេសាយ ៤០:១១​បង្ហាញ​អ្វី​អំពី​ព្រះ​យេហូវ៉ា?

៥ ស្តី​អំពី​ព្រះ​យេហូវ៉ា អ្នក​ប្រកាស​ទំនាយ​អេសាយ​បាន​និយាយ​ថា​៖ ​«​ទ្រង់​នឹង​ឃ្វាល​ហ្វូង​របស់​ទ្រង់ ដូច​ជា​អ្នក​គង្វាល ទ្រង់​នឹង​ប្រមូល​អស់​ទាំង​កូន​ចៀម​មក​បី​នៅ​ព្រះ​ពាហុ ហើយ​លើក​ផ្ទាប់​នៅ[​ទ្រូង​] ក៏​នឹង​នាំ​ពួក​មេ​ៗ ដែល​មាន​កូន​ខ្ចី ទៅ​ដោយ​ថ្នម​»។ (​អេ. ៤០:១១​) ឧទាហរណ៍​នេះ​បង្ហាញ​ថា ព្រះ​យេហូវ៉ា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សេចក្ដី​ត្រូវ​ការ​របស់​សមាជិក​ក្រុម​ជំនុំ​ដែល​ខ្សោយ​និង​ងាយ​រង​គ្រោះ។ ដូច​គង្វាល​ម្នាក់​ដែល​កត់​សម្គាល់​អំពី​សេចក្ដី​ត្រូវ​ការ​របស់​ចៀម​នីមួយ​ៗ​ក្នុង​ហ្វូង ហើយ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ជួយ​ចៀម ព្រះ​យេហូវ៉ា​ដឹង​អំពី​សេចក្ដី​ត្រូវ​ការ​របស់​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ ហើយ​លោក​ពេញ​ចិត្ត​នឹង​ផ្ដល់​ជំនួយ​ដែល​ពួក​គេ​ត្រូវ​ការ។ ដូច​គង្វាល​ដែល​លើក​ចៀម​ដែល​ទើប​នឹង​កើត​មក​បី​ក្នុង​ថ្នក់​អាវ​ធំ​របស់​គាត់​ពេល​ចាំ​បាច់ ព្រះ​យេហូវ៉ា​ដែល​ជា​«​បិតា​នៃ​សេចក្ដី​មេត្ដា​ករុណា​»​ នឹង​ជួយ​ទ្រទ្រង់​យើង​ពេល​យើង​មាន​ទុក្ខ​លំបាក។ លោក​នឹង​សម្រាល​ទុក្ខ​យើង​ពេល​យើង​ជួប​នឹង​ការ​ល្បង​ល​ដ៏​ធំ ឬ​ពេល​យើង​មាន​សេចក្ដី​ត្រូវ​ការ​ពិសេស​ណា​មួយ។—២កូ. ១:៣, ៤

៦​. ក្នុង​នាម​ជា​គង្វាល​ក្នុង​ក្រុម​ជំនុំ តើ​អ្នក​ចាស់​ទុំ​អាច​ធ្វើ​តាម​គំរូ​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

៦ នេះ​ពិត​ជា​មេរៀន​ដ៏​អស្ចារ្យ​មួយ​ដែល​គង្វាល​ក្នុង​ក្រុម​ជំនុំ​អាច​រៀន​ពី​ព្រះ​យេហូវ៉ា​ដែល​ជា​បិតា​របស់​យើង​ដែល​នៅ​ស្ថាន​សួគ៌! ដូច​ព្រះ​យេហូវ៉ា គាត់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សេចក្ដី​ត្រូវ​ការ​របស់​ចៀម។ ដោយ​ដឹង​អំពី​ទុក្ខ​លំបាក​ដែល​ពួក​គេ​កំពុង​ជួប​ប្រទះ និង​អំពី​អ្វី​ដែល​ពួក​គេ​ត្រូវ​ការ​ជា​បន្ទាន់ អ្នក​ចាស់​ទុំ​មាន​ភារកិច្ច​ផ្ដល់​ការ​លើក​ទឹក​ចិត្ត និង​ការ​គាំ​ទ្រ​ដែល​ពួក​គេ​ត្រូវ​ការ។ (​សុភ. ២៧:២៣​) អ្នក​ចាស់​ទុំ​ត្រូវ​មាន​ការ​ប្រាស្រ័យ​ទាក់​ទង​ល្អ​ជា​មួយ​បង​ប្អូន​រួម​ជំនឿ​របស់​គាត់។ អ្នក​ចាស់​ទុំ​គោរព​សិទ្ធិ​បង​ប្អូន​ដោយ​មិន​ជ្រៀត​ជ្រែក​ក្នុង​រឿង​ផ្ទាល់​ខ្លួន​របស់​ពួក​គេ​ឡើយ តែ​គាត់​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្វី​ដែល​គាត់​ឃើញ​និង​ឮ​ក្នុង​ក្រុម​ជំនុំ ហើយ​គាត់​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដោយ​ចំណាយ​ពេល​«​ជួយ​អ្នក​ដែល​ខ្សោយ​»។—សកម្ម. ២០:៣៥; ១ថែ. ៤:១១

៧​. (​ក​) តើ​គង្វាល​បាន​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​ចៀម​របស់​ព្រះ​នៅ​សម័យ​អេសេគាល​និង​យេរេមា? (​ខ​) តើ​យើង​អាច​ទាញ​មេរៀន​អ្វី​ពី​ការ​ផ្ដន្ទា​ទោស​របស់​ព្រះ​ចំពោះ​គង្វាល​ដែល​មិន​ស្មោះ​ត្រង់?

៧ សូម​ពិចារណា​អំពី​ចិត្ត​គំនិត​របស់​គង្វាល​ដែល​ព្រះ​ផ្ដន្ទា​ទោស។ នៅ​សម័យ​អេសេគាល​និង​យេរេមា ព្រះ​យេហូវ៉ា​បាន​រិះ​គន់​ពួក​អ្នក​ដែល​គួរ​តែ​ថែ​រក្សា​ចៀម​របស់​លោក តែ​បែរ​ជា​មិន​បាន​ធ្វើ​ដូច្នេះ​តាម​របៀប​ត្រឹម​ត្រូវ​ឡើយ។ ពេល​គ្មាន​នរណា​ម្នាក់​មើល​ថែ​រក្សា​ចៀម ហ្វូង​ចៀម​បាន​វង្វេង ហើយ​ខ្ចាត់​ខ្ចាយ។ ជា​ជាង​ឲ្យ​ចំណី​ចៀម គង្វាល​ទាំង​នោះ​បាន​ជញ្ជក់​យក​ផល​ប្រយោជន៍​ពី​ពួក​គេ ហើយ​«​ឃ្វាល​តែ​ខ្លួន​ឯង​»​ឬ​ចិញ្ចឹម​ខ្លួន​ឯង។ (​អេស. ៣៤:៧​-​១០; យេ. ២៣:១​) ការ​ផ្ដន្ទា​ទោស​របស់​ព្រះ​ចំពោះ​គង្វាល​ទាំង​នោះ​ក៏​សម​នឹង​គង្វាល​ដែល​ជា​អ្នក​ដឹក​នាំ​ពិភព​គ្រិស្ត​សាសនា​ដែរ។ ប៉ុន្តែ​រឿង​នេះ​ក៏​បង្ហាញ​ដែរ​ថា គឺ​ជា​ការ​សំខាន់​ណាស់​ដែល​អ្នក​ចាស់​ទុំ​ជា​គ្រិស្ត​សាសនិក​ថែ​រក្សា​ហ្វូង​ចៀម​របស់​ព្រះ​យេហូវ៉ា​តាម​របៀប​ត្រឹម​ត្រូវ ហើយ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដោយ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ចៀម​ទាំង​នោះ។

​«​ខ្ញុំ​បាន​ធ្វើ​គំរូ​ឲ្យ​អ្នក​រាល់​គ្នា​»​

៨​. តើ​លោក​យេស៊ូ​បាន​បង្ហាញ​គំរូ​ដ៏​ល្អ​អ្វី ស្តី​អំពី​ការ​កែ​ប្រែ​ចិត្ត​គំនិត​ដែល​មិន​ត្រឹម​ត្រូវ?

៨ ដោយ​សារភាព​មិន​ល្អ​ឥត​ខ្ចោះ ចៀម​ខ្លះ​របស់​ព្រះ​ប្រហែលជា​មិន​ឆាប់​យល់​នូវ​អ្វី​ដែល​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​ពួក​គាត់​ធ្វើ​ឡើយ។ ពួក​គាត់​ប្រហែលជា​មិន​បាន​ចាត់​វិធានការ​ស្រប​តាម​ឱវាទ​ពី​បទ​គម្ពីរ ឬ​ពួក​គាត់​ប្រហែលជា​បាន​ធ្វើ​អ្វី​មួយ​ដែល​បង្ហាញ​ថា​ពួក​គាត់​គ្មាន​ភាព​ចាស់​ទុំ​ជា​គ្រិស្ត​សាសនិក។ តើ​អ្នក​ចាស់​ទុំ​គួរ​មាន​ប្រតិកម្ម​យ៉ាង​ណា? ពួក​គាត់​គួរ​ធ្វើ​តាម​គំរូ​នៃ​ចិត្ត​អត់​ធ្មត់​របស់​លោក​យេស៊ូ​ចំពោះ​អ្នក​កាន់​តាម​លោក ពេល​ដែល​ពួក​គេ​បាន​គិត​ហួស​ហេតុ​ពេក​ថា អ្នក​ណា​ក្នុង​ចំណោម​ពួក​គាត់​នឹង​ទៅ​ជា​អ្នក​ធំ​ជាង​គេ​ក្នុង​រាជាណាចក្រ​ព្រះ។ ជា​ជាង​ឈប់​អត់​ធ្មត់​នឹង​ពួក​គាត់ លោក​យេស៊ូ​បន្ត​បង្រៀន​អ្នក​កាន់​តាម​លោក ហើយ​ដោយ​សេចក្ដី​ស្រឡាញ់​លោក​ផ្ដល់​ការ​ណែនាំ​ដល់​ពួក​គាត់​អំពី​ការ​បង្ហាញ​ចិត្ត​រាប​ទាប។ (​លូក. ៩:៤៦​-​៤៨; ២២:២៤​-​២៧​) ដោយ​លាង​ជើង​ឲ្យ​ពួក​គាត់ លោក​យេស៊ូ​បាន​បង្រៀន​ពួក​គាត់​នូវ​មេរៀន​ដ៏​សំខាន់​មួយ​ស្តី​អំពី​ចិត្ត​រាប​ទាប ដែល​ជា​គុណ​សម្បត្ដិ​មួយ​ដែល​អ្នក​ត្រួត​ពិនិត្យ​ជា​គ្រិស្ត​សាសនិក​ត្រូវ​បង្ហាញ។—សូម​អាន យ៉ូហាន ១៣:១២​-​១៥; ១ពេ. ២:២១

៩​. តើ​លោក​យេស៊ូ​ចង់​ឲ្យ​សាវ័ក​របស់​លោក​មាន​ចិត្ត​គំនិត​បែប​ណា?

៩ សាវ័ក​យ៉ាកុប​និង​យ៉ូហាន​បាន​បង្ហាញ​ថា ពួក​គាត់​គិត​ថា​ការ​ធ្វើ​ជា​គង្វាល​មាន​ន័យ​ថា​ការ​គ្រប់​គ្រង​អ្នក​ឯ​ទៀត។ សាវ័ក​ទាំង​ពីរ​នាក់​នេះ​ចង់​បាន​ឋានៈ​ខ្ពង់​ខ្ពស់​ក្នុង​រាជាណាចក្រ​ព្រះ។ ប៉ុន្តែ​លោក​យេស៊ូ​បាន​កែ​តម្រង់​ចិត្ត​គំនិត​របស់​ពួក​គាត់​ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​រាល់​គ្នា​ដឹង​ថា អ្នក​គ្រប់​គ្រង​ប្រជាជាតិ​នានា​ត្រួត​ត្រា​លើ​ពួក​គេ ហើយ​អ្នក​ធំ​ក៏​ប្រើ​អំណាច​លើ​ពួក​គេ​ដែរ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា​គឺ​មិន​ដូច្នេះ​ឡើយ ផ្ទុយ​ទៅ​វិញ​អ្នក​ណា​ដែល​ចង់​ធ្វើ​ជា​អ្នក​ធំ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ត្រូវ​ធ្វើ​ជា​អ្នក​បម្រើ​របស់​អ្នក​រាល់​គ្នា​វិញ​»។ (​ម៉ាថ. ២០:២៥, ២៦​) ពួក​សាវ័ក​ត្រូវ​បដិសេធ​ចិត្ត​គំនិត​ដែល​ចង់​«​ត្រួត​ត្រា​»​លើ​អ្នក​ឯ​ទៀត ឬ​បង្គាប់​បញ្ជា​អ្នក​ឯ​ទៀត។

១០​. តើ​លោក​យេស៊ូ​ចង់​ឲ្យ​អ្នក​ចាស់​ទុំ​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​ចៀម ហើយ​តើ​ប៉ូល​បាន​ទុក​គំរូ​អ្វី​ស្តី​អំពី​រឿង​នេះ?

១០ លោក​យេស៊ូ​តម្រូវ​ឲ្យ​អ្នក​ចាស់​ទុំ​ដែល​ជា​គ្រិស្ត​សាសនិក​ប្រព្រឹត្ត​ចំពោះ​ចៀម​តាម​របៀប​ដែល​លោក​ប្រព្រឹត្ត​ចំពោះ​ចៀម​ទាំង​នោះ។ ពួក​គាត់​ត្រូវ​ស្ម័គ្រ​ចិត្ត​បម្រើ​បង​ប្អូន មិន​មែន​ជា​ចៅហ្វាយ​លើ​ពួក​គេ​ទេ។ សាវ័ក​ប៉ូល​មាន​ចិត្ត​រាប​ទាប​បែប​នោះ ពីព្រោះ​គាត់​បាន​ប្រាប់​បុរស​ចាស់​ទុំ​នៅ​ក្រុម​ជំនុំ​នៅ​ក្រុង​អេភេសូរ​ថា​៖ ​«​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា តាំង​ពី​ថ្ងៃ​ដំបូង​ដែល​ខ្ញុំ​ឈាន​ជើង​ចូល​តំបន់​អាស៊ី ខ្ញុំ​បាន​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​រហូត ខ្ញុំ​បាន​ធ្វើ​ការ​យ៉ាង​នឿយ​ហត់​ដើម្បី​លោក​ម្ចាស់ ដូច​ជា​ខ្ញុំ​បម្រើ​ម្នាក់ ដោយ​ចិត្ត​រាប​ទាប​»។ សាវ័ក​ប៉ូល​ចង់​ឲ្យ​អ្នក​ចាស់​ទុំ​ទាំង​នោះ​ជួយ​អ្នក​ឯ​ទៀត​ដោយ​ស្មោះ និង​ដោយ​ចិត្ត​រាប​ទាប។ គាត់​បាន​និយាយ​ថា​៖ ​«​ក្នុង​ការ​ទាំង​អស់ ខ្ញុំ​បាន​បង្ហាញ​អ្នក​រាល់​គ្នា​ថា អ្នក​រាល់​គ្នា​ត្រូវ​ជួយ​អ្នក​ដែល​ខ្សោយ​»។ (​សកម្ម. ២០:១៨, ១៩, ៣៥​) ប៉ូល​បាន​ប្រាប់​បង​ប្អូន​នៅ​ក្រុង​កូរិនថូស​ថា គាត់​មិន​មែន​ជា​ម្ចាស់​លើ​ជំនឿ​របស់​ពួក​គេ​ឡើយ។ ផ្ទុយ​ទៅ​វិញ​គាត់​ជា​អ្នក​រួម​ការ​ងារ​ដើម្បី​ឲ្យ​ពួក​គេ​ទាំង​អស់​គ្នា​មាន​អំណរ។ (​២កូ. ១:២៤​) ប៉ូល​បាន​ទុក​គំរូ​ដ៏​ល្អ​ដល់​អ្នក​ចាស់​ទុំ​នៅ​សព្វ​ថ្ងៃ​នេះ​ស្តី​អំពី​ចិត្ត​រាប​ទាប​និង​ការ​ខំ​ប្រឹង​ធ្វើ​ការ។

ចូរ​«​កាន់​ខ្ជាប់​តាម​បណ្ដាំ​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត​»​

១១, ១២​. តើ​តាម​របៀប​ណា​អ្នក​ចាស់​ទុំ​អាច​ជួយ​បង​ប្អូន​រួម​ជំនឿ​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត?

១១ អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​ត្រូវ​«​កាន់​ខ្ជាប់​តាម​បណ្ដាំ​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត ក្នុង​របៀប​ដែល​គាត់​បង្រៀន​»។ (​ទីត. ១:៩​) ប៉ុន្តែ​គាត់​ធ្វើ​ដូច្នេះ​ដោយ​«​ចិត្ត​ស្លូតបូត​»។ (​កាឡ. ៦:១​) ជា​ជាង​ព្យាយាម​បង្ខំ​បង​ប្អូន​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ​ឲ្យ​ធ្វើ​អ្វី​មួយ គង្វាល​ល្អ​ក្នុង​ក្រុម​ជំនុំ​គិត​អំពី​វិធី​ដែល​អាច​ជំរុញ​ចិត្ត​គាត់​ឲ្យ​ធ្វើ​អ្វី​មួយ។ អ្នក​ចាស់​ទុំ​ម្នាក់​ប្រហែលជា​ប្រាប់​អំពី​គោល​ការណ៍​គម្ពីរ​ដែល​បង​ប្អូន​ម្នាក់​គួរ​ពិចារណា ពេល​គាត់​ខំ​ព្យាយាម​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​មួយ។ អ្នក​ចាស់​ទុំ​ប្រហែលជា​ពិភាក្សា​ជា​មួយ​គាត់​នូវ​ព័ត៌មាន​ដែល​អង្គការ​យើង​បាន​បោះពុម្ព​អំពី​ប្រធានបទ​នោះ។ គាត់​ក៏​ប្រហែលជា​សុំ​ឲ្យ​បង​ប្អូន​នោះ​គិត​ថា​ការ​សម្រេច​ចិត្ត​របស់​គាត់​មាន​ឥទ្ធិពល​យ៉ាង​ណា​លើ​ចំណង​មិត្តភាព​របស់​គាត់​ជា​មួយ​ព្រះ​យេហូវ៉ា។ អ្នក​ចាស់​ទុំ​នោះ​អាច​ប្រាប់​អំពី​សារៈសំខាន់​នៃ​ការ​ស្វែងរក​ការ​ណែនាំ​ពី​ព្រះ​តាម​រយៈ​សេចក្ដី​អធិដ្ឋាន​មុន​ពេល​ធ្វើ​ការ​សម្រេច​ចិត្ត​មួយ។ (​សុភ. ៣:៥, ៦​) ក្រោយ​ពី​បាន​ពិចារណា​អំពី​អ្វី​ទាំង​នេះ​ជា​មួយ​បង​ប្អូន​នោះ អ្នក​ចាស់​ទុំ​នឹង​ឲ្យ​គាត់​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​គាត់។—រ៉ូម ១៤:១​-​៤

១២ អ្នក​ត្រួត​ពិនិត្យ​ជា​គ្រិស្ត​សាសនិក​ត្រូវ​អាង​លើ​បទ​គម្ពីរ​ប៉ុណ្ណោះ​ដើម្បី​ណែនាំ​បង​ប្អូន។ ហេតុ​នេះ គឺ​សំខាន់​ណាស់​ដែល​ពួក​គាត់​ប្រើ​គម្ពីរ​យ៉ាង​ប៉ិនប្រសប់ ហើយ​ធ្វើ​តាម​អ្វី​ដែល​គម្ពីរ​ចែង។ ការ​ធ្វើ​ដូច្នេះ​ជួយ​អ្នក​ចាស់​ទុំ​ឲ្យ​ជៀស​វាង​ពី​ការ​ប្រើ​អំណាច​តាម​របៀប​មិន​ត្រឹម​ត្រូវ។ ម្យ៉ាង​វិញ​ទៀត ពួក​គាត់​គ្រាន់តែ​ជា​គង្វាល​ដែល​នៅ​ក្រោម​អំណាច​របស់​លោក​យេស៊ូ​ប៉ុណ្ណោះ ហើយ​សមាជិក​ម្នាក់​ៗ​ក្នុង​ក្រុម​ជំនុំ​នឹង​ទទួល​ខុស​ត្រូវ​ចំពោះ​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​ពួក​គាត់។—កាឡ. ៦:៥, ៧, ៨

​«​គំរូ​ដល់​ហ្វូង​ចៀម​»​

១៣, ១៤​. តើ​អ្នក​ចាស់​ទុំ​ត្រូវ​ធ្វើ​ជា​គំរូ​ដ៏​ល្អ​សម្រាប់​ក្រុម​ជំនុំ​ក្នុង​រឿង​ណាខ្លះ?

១៣ ក្រោយ​ពី​បាន​ដាស់​តឿន​ពួក​បុរស​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​កុំ​ឲ្យ‹ធ្វើ​ជា​ចៅហ្វាយ​លើ​ពួក​អ្នក​ដែល​ព្រះ​បាន​ប្រគល់​ឲ្យ​ពួក​គាត់› សាវ័ក​ពេត្រុស​ដាស់​តឿន​ពួក​គាត់​ឲ្យ​«​ធ្វើ​ជា​គំរូ​ដល់​ហ្វូង​ចៀម​»។ (​១ពេ. ៥:៣​) តើ​អ្នក​ចាស់​ទុំ​អាច​ធ្វើ​ជា​គំរូ​ដល់​ហ្វូង​ចៀម​យ៉ាង​ដូច​ម្ដេច? សូម​ពិចារណា​អំពី​គុណ​សម្បត្ដិ​ពីរ​យ៉ាង​ដែល​បង​ប្អូន ដែល​«​ព្យាយាម​ឲ្យ​បាន​មុខ​ងារ​ជា​អ្នក​ត្រួត​ពិនិត្យ​»​ត្រូវ​មាន។ គាត់​ត្រូវ​«​ដឹង​ខុស​ត្រូវ​»​ ហើយ​ត្រូវ​«​ដឹក​នាំ​ពួក​អ្នក​ផ្ទះ​របស់​ខ្លួន​យ៉ាង​ល្អ​ប្រសើរ​»។ ហេតុ​អ្វី? ពីព្រោះ​អ្នក​ចាស់​ទុំ​ម្នាក់​ដែល​មាន​ក្រុម​គ្រួសារ ត្រូវ​ដឹក​នាំ​ពួក​អ្នក​ផ្ទះ​របស់​គាត់ តាម​រយៈ​គំរូ​ដ៏​ល្អ​របស់​គាត់។ ​«​ប្រសិនបើ​អ្នក​ណា​ម្នាក់​មិន​ចេះ​ដឹក​នាំ​ពួក​អ្នក​ផ្ទះ​របស់​ខ្លួន តើ​អ្នក​នោះ​អាច​ថែ​រក្សា​ក្រុម​ជំនុំ​របស់​ព្រះ​យ៉ាង​ដូច​ម្ដេច​បាន?​»។ (​១ធី. ៣:១, ២, ៤, ៥​) ដើម្បី​មាន​លក្ខណៈ​គ្រប់​គ្រាន់​ទទួល​មុខ​ងារ​ជា​អ្នក​ត្រួត​ពិនិត្យ បង​ប្រុស​ម្នាក់​ត្រូវ​ដឹង​ខុស​ត្រូវ​ក្នុង​ន័យ​ថា​គាត់​យល់​ច្បាស់​អំពី​គោល​ការណ៍​របស់​ព្រះ ហើយ​ដឹង​អំពី​របៀប​អនុវត្ត​គោល​ការណ៍​ទាំង​នោះ​ក្នុង​ជីវិត​របស់​គាត់។ គាត់​មាន​ចិត្ត​ធ្ងន់ ហើយ​មិន​វិនិច្ឆ័យ​ដោយ​មិន​បាន​ពិចារណា​វែង​ឆ្ងាយ​ឡើយ។ ពេល​ឃើញ​បង​ប្រុស​ដែល​ទៅ​ជា​អ្នក​ចាស់​ទុំ​មាន​គុណ​សម្បត្ដិ​បែប​នេះ បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​ទុក​ចិត្ត​គាត់។

១៤ ការ​នាំ​មុខ​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ គឺ​ជា​របៀប​មួយ​ទៀត​ដែល​អ្នក​ចាស់​ទុំ​អាច​ធ្វើ​ជា​គំរូ​ដ៏​ល្អ​ដល់​បង​ប្អូន​រួម​ជំនឿ​របស់​ពួក​គាត់។ ស្តី​អំពី​រឿង​នេះ លោក​យេស៊ូ​បាន​ទុក​គំរូ​សម្រាប់​អ្នក​ចាស់​ទុំ។ ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ គឺ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​កិច្ច​ការ​របស់​លោក​យេស៊ូ​នៅ​លើ​ផែនដី។ លោក​យេស៊ូ​បាន​បង្ហាញ​អំពី​របៀប​ដែល​អ្នក​កាន់​តាម​លោក​អាច​សម្រេច​កិច្ច​ការ​នេះ។ (​ម៉ាក. ១:៣៨; លូក. ៨:១​) សព្វ​ថ្ងៃ​នេះ អ្នក​ផ្សាយ​ពិត​ជា​ទទួល​ការ​លើក​ទឹក​ចិត្ត​ពេល​ផ្សព្វ​ផ្សាយ​ជា​មួយ​អ្នក​ចាស់​ទុំ ហើយ​ឃើញ​ចិត្ត​ខ្នះ​ខ្នែង​របស់​ពួក​គាត់​ក្នុង​កិច្ច​ការ​សង្គ្រោះ​ជីវិត​នេះ ព្រម​ទាំង​រៀន​ពី​ពួក​គាត់​អំពី​វិធី​បង្រៀន។ ពេល​អ្នក​ចាស់​ទុំ​ប្រើ​ពេល​វេលា​និង​កម្លាំង​របស់​ពួក​គាត់​ជា​ទៀង​ទាត់​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ ទោះ​ជា​ពួក​គាត់​ជាប់​រវល់​យ៉ាង​ណា​ក៏​ដោយ ពួក​គាត់​ជំរុញ​ឲ្យ​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​បង្ហាញ​ចិត្ត​ខ្នះ​ខ្នែង​ដូច​ពួក​គាត់។ អ្នក​ចាស់​ទុំ​ក៏​អាច​ទុក​គំរូ​ល្អ​ដល់​បង​ប្អូន​តាម​រយៈ​ការ​រៀបចំ​សម្រាប់​កិច្ច​ប្រជុំ ហើយ​ការ​ចូល​រួម​កិច្ច​ប្រជុំ​និង​សកម្មភាព​ឯ​ទៀត ដូច​ជា​ការ​សម្អាត​និង​ការ​ថែ​ទាំ​សាល​ប្រជុំ​ជា​ដើម។—អេភ. ៥:១៥, ១៦; សូម​អាន ហេប្រឺ ១៣:៧

ចូរ​«​គាំ​ពារ​ពួក​អ្នក​ដែល​ខ្សោយ​»​

១៥​. តើ​មាន​មូលហេតុ​អ្វី​ខ្លះ ដែល​អ្នក​ចាស់​ទុំ​ទៅ​លេង​បង​ប្អូន?

១៥ គង្វាល​ល្អ​ផ្ដល់​ជំនួយ​ភ្លាម​ៗ​ពេល​ចៀម​ណា​មួយ​របួស​ឬ​ឈឺ។ ស្រដៀង​គ្នា​ដែរ អ្នក​ចាស់​ទុំ​ត្រូវ​ចាត់​វិធានការ​ភ្លាម​ៗ​ដើម្បី​ជួយ​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​ដែល​កំពុង​រង​ទុក្ខ ឬ​ត្រូវ​ការ​ជំនួយ​ក្នុង​ការ​ពង្រឹង​ចំណង​មិត្តភាព​ជា​មួយ​ព្រះ។ បង​ប្អូន​វ័យ​ចាស់​និង​បង​ប្អូន​ដែលឈឺ​ប្រហែលជា​ត្រូវ​ការ​ជំនួយ​ខាង​សម្ភារ ប៉ុន្តែ​ជា​ពិសេស​ពួក​គាត់​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត​និង​ជំនួយ​ក្នុង​ការ​ពង្រឹង​ចំណង​មិត្តភាព​ជា​មួយ​ព្រះ។ (​១ថែ. ៥:១៤​) សមាជិក​វ័យ​ក្មេង​ក្នុង​ក្រុម​ជំនុំ​ប្រហែលជា​កំពុង​ជួប​ប្រទះ​នឹង​ការ​ពិបាក ដូច​ជា​ការ​បដិសេធ​«​សេចក្ដី​ប៉ង​ប្រាថ្នា​ដែល​កើត​មាន​ក្នុង​ភាព​ជា​យុវវ័យ​»​ជា​ដើម។ (​២ធី. ២:២២​) ដូច្នេះ ការ​ធ្វើ​ជា​គង្វាល​រួម​បញ្ចូល​ការ​ទៅ​លេង​សមាជិក​ក្នុង​ក្រុម​ជំនុំ​ជា​រឿយ​ៗ ដើម្បី​ដឹង​អំពី​ស្ថានភាព​ដែល​ពួក​គាត់​កំពុង​ប្រឈម​មុខ ហើយ​លើក​ទឹក​ចិត្ត​ពួក​គាត់​ដោយ​ផ្ដល់​ឱវាទ​ត្រឹម​ត្រូវ​ពី​បទ​គម្ពីរ។ ប្រសិនបើ​អ្នក​ចាស់​ទុំ​ឆាប់​ផ្ដល់​ជំនួយ​ដែល​ពួក​គាត់​ត្រូវ​ការ នោះ​បង​ប្អូន​អាច​ជៀស​ផុត​ពី​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​ជា​ច្រើន។

១៦​. ពេល​បង​ប្អូន​ណា​ម្នាក់​ក្នុង​ក្រុម​ជំនុំ​មាន​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​មួយ តើ​អ្នក​ចាស់​ទុំ​អាច​ធ្វើ​អ្វី?

១៦ ចុះ​យ៉ាង​ណា​បើ​បង​ប្អូន​ម្នាក់​ក្នុង​ក្រុម​ជំនុំ​មាន​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​មួយ ហើយ​អាច​បាត់បង់​ចំណង​មិត្តភាព​ជា​មួយ​ព្រះ​យេហូវ៉ា? យ៉ាកុប​បាន​សួរ​ថា​៖ ​«​តើ​មាន​អ្នក​ណា​ឈឺ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ទេ? ចូរ​ឲ្យ​អ្នក​នោះ​ហៅ​បុរស​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​មក ហើយ​ឲ្យ​ពួក​គាត់​អធិដ្ឋាន​ឲ្យ​អ្នក​នោះ ដោយ​លាប​ប្រេង​ក្នុង​នាម​ព្រះ​យេហូវ៉ា។ រួច​សេចក្ដី​អធិដ្ឋាន​ដែល​បាន​ត្រូវ​ពោល​ដោយ​ជំនឿ​នឹង​ធ្វើ​ឲ្យ​អ្នក​ដែល​មិន​ស្រួល​ខ្លួន​បាន​ជា​សះ​ស្បើយ ហើយ​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​អ្នក​នោះ​មាន​សុខភាព​ល្អ​ឡើង​វិញ។ ម្យ៉ាង​ទៀត ប្រសិនបើ​អ្នក​នោះ​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង អ្នក​នោះ​នឹង​ទទួល​ការ​អភ័យទោស​»។ (​យ៉ា. ៥:១៤, ១៥​) ទោះ​ជា​បង​ប្អូន​ដែល​«​ឈឺ​»​មិន​បាន​«​ហៅ​បុរស​ចាស់​ទុំ​»​ក៏​ដោយ នោះ​អ្នក​ចាស់​ទុំ​គួរ​ឆាប់​មក​ជួយ​បង​ប្អូន​នោះ ពេល​ពួក​គាត់​ដឹង​អំពី​ស្ថានភាព​របស់​គាត់។ ពេល​អ្នក​ចាស់​ទុំ​អធិដ្ឋាន​ជា​មួយ​និង​សម្រាប់​បង​ប្អូន ព្រម​ទាំង​ផ្ដល់​ជំនួយ​ពេល​ដែល​បង​ប្អូន​ត្រូវ​ការ នោះ​ពួក​គាត់​ពង្រឹង​ជំនឿ ហើយ​លើក​ទឹក​ចិត្ត​បង​ប្អូន​ដែល​ស្ថិត​ក្រោម​ការ​មើល​ថែ​រក្សា​របស់​ពួក​គាត់។—សូម​អាន អេសាយ ៣២:១, ២

១៧​. តើ​មាន​លទ្ធផល​អ្វី ពេល​អ្នក​ចាស់​ទុំ​យក​តម្រាប់​«​គង្វាល​ឧត្តុង្គឧត្តម​»​?

១៧ ទោះ​ជា​ពួក​គាត់​ធ្វើ​កិច្ច​ការ​អ្វី​ក៏​ដោយ​ក្នុង​អង្គការ​របស់​ព្រះ​យេហូវ៉ា គង្វាល​ដែល​ជា​គ្រិស្ត​សាសនិក​ព្យាយាម​យក​តម្រាប់​លោក​យេស៊ូ​គ្រិស្ត​ដែល​ជា‹គង្វាល​ឧត្តុង្គឧត្តម›។ ដោយ​ទទួល​ជំនួយ​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ​ពី​បង​ប្រុស​ទាំង​នេះ ដែល​មាន​ភារកិច្ច​ទទួល​ខុស​ត្រូវ​ក្នុង​ក្រុម​ជំនុំ ចៀម​ទទួល​ប្រយោជន៍​យ៉ាង​ច្រើន ហើយ​បន្ត​រីក​ចម្រើន។ យើង​ដឹង​គុណ ហើយ​យើង​បាន​ត្រូវ​ជំរុញ​ចិត្ត​ឲ្យ​សរសើរ​ព្រះ​យេហូវ៉ា​ដែល​ជា​គង្វាល​ដ៏​ឧត្តម​របស់​យើង ចំពោះ​កិច្ច​ការ​ទាំង​អស់​នេះ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក