បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w08 ១/១១ ទំ. ១៤-១៨
  • ចូរជួយបងប្អូនដែលវង្វេងចេញពីហ្វូងចៀមរបស់ព្រះ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរជួយបងប្អូនដែលវង្វេងចេញពីហ្វូងចៀមរបស់ព្រះ
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • តើ​អ្នក​ណា​អាច​ជួយ​ពួក​គេ?
  • យើង​គ្រប់​គ្នា​អាច​ខំ​ប្រឹង​ជួយ
  • ចូរ​បន្ត​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​ពួក​គាត់
  • ‹គឺខ្ញុំនេះហើយនឹងស្វែងរកចៀមរបស់ខ្ញុំ›
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២០
  • ចូរជួយបងប្អូនដែលបានវង្វេងចេញឲ្យត្រឡប់មកហ្វូងចៀមរបស់ព្រះវិញជាប្រញាប់!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • គង្វាលទាំងឡាយ ចូរយកតម្រាប់គង្វាលឧត្តុង្គឧត្តមបំផុត
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
  • «ចូរឃ្វាលហ្វូងចៀមរបស់ព្រះដែលនៅក្រោមការថែទាំរបស់អ្នករាល់គ្នា»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
w08 ១/១១ ទំ. ១៤-១៨

ចូរ​ជួយ​បង​ប្អូន​ដែល​វង្វេង​ចេញ​ពី​ហ្វូង​ចៀម​របស់​ព្រះ

​«សូម​អរ​សប្បាយ​ជា​មួយ​នឹង​ខ្ញុំ ដ្បិត​ចៀម​ខ្ញុំ​ដែល​បាត់ នោះ​ឃើញ​វិញ​ហើយ»។—លូ. ១៥:៦

១​. តើ​ព្រះ​យេស៊ូ​បាន​ស​ឲ្យ​ឃើញ​ថា​ទ្រង់​ជា​គង្វាល​ដែល​មាន​សេចក្ដី​ស្រឡាញ់​យ៉ាង​ដូច​ម្ដេច?

ព្រះ​យេស៊ូ​គ្រិស្ត​ជា​បុត្រ​តែ​មួយ​គត់​ដែល​ព្រះ​បង្កើត​ផ្ទាល់ ត្រូវ​បាន​ហៅ​ជា​«គង្វាល​ដ៏​ធំ​នៃ​ហ្វូង​ចៀម»។ (ហេ. ១៣:២០) បទ​គម្ពីរ​បាន​ទាយ​ប្រាប់​អំពី​ការ​ត្រឡប់​មក​វិញ​របស់​ទ្រង់។ ទ្រង់​ពិត​ជា​គង្វាល​ម្នាក់​ដែល​គ្មាន​នរណា​ដូច ដោយ​បាន​ខំ​ស្វែងរក​«ពួក​កូន​ចៀម​ដែល​បាត់បង់»​របស់​សាសន៍​អ៊ីស្រាអែល។ (ម៉ាថ. ២:១​-​៦; ១៥:២៤) ម្យ៉ាង​វិញ​ទៀត ដូច​ជា​គង្វាល​ម្នាក់​ដែល​នឹង​ប្ដូរ​ជីវិត​ដើម្បី​ការពារ​ហ្វូង​ចៀម​របស់​គាត់ នោះ​ព្រះ​យេស៊ូ​បាន​លះបង់​ជីវិត​ទុកជា​ការ​បូជា​លោះ​សម្រាប់​មនុស្ស​ដែល​មាន​លក្ខណៈ​ដូច​ចៀម ដើម្បី​ឲ្យ​ពួក​គេ​ទទួល​ប្រយោជន៍​ពី​ថ្លៃ​លោះ​របស់​ទ្រង់។—យ៉ូន. ១០:១១, ១៥; ១យ៉ូន. ២:១, ២

២​. តើ​មាន​មូលហេតុ​អ្វី​ដែល​ធ្វើ​ឲ្យ​គ្រិស្ត​សាសនិក​ខ្លះ​ទៅ​ជា​អសកម្ម?

២ គួរ​ឲ្យ​ស្ដាយ​មែន! ចំពោះ​បង​ប្អូន​ដែល​ធ្លាប់​ជឿ​ទៅ​លើ​យញ្ញ​បូជា​របស់​ព្រះ​យេស៊ូ ហើយ​បាន​ឧទ្ទិស​ថ្វាយខ្លួន​ជូន​ព្រះ តែ​លែង​ជា​សមាជិក​ដ៏​សកម្ម​ក្នុង​ក្រុម​ជំនុំ​របស់​ពួក​គ្រិស្ត​សាសនិក។ មូលហេតុ​ខ្លះៗ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ទៅ​ជា​អសកម្ម ប្រហែល​ជា​ដោយ​សារ​ការ​ធ្លាក់​ទឹក​ចិត្ត បញ្ហា​សុខភាព ឬ​កត្ដា​ផ្សេង​ទៀត​ដែល​ធ្វើ​ឲ្យ​ចិត្ត​ខ្នះខ្នែង​របស់​ពួក​គេ​រសាយ​ចេញ។ ប៉ុន្តែ លុះ​ត្រា​តែ​ពួក​គេ​ស្ថិត​ក្នុង​ហ្វូង​ចៀម​របស់​ព្រះ ទើប​ពួក​គេ​មាន​អារម្មណ៍​ស្ងប់​និង​មាន​សុភមង្គល ដូច​ដាវីឌ​បាន​រៀប​រាប់​នៅ​ទំនុក​ដំ​កើង​ទី​២៣។ ជា​ឧទាហរណ៍ ដាវីឌ​បាន​ច្រៀង​ថា​៖ «ព្រះ​យេហូវ៉ា​ទ្រង់​ជា​អ្នក​គង្វាល​ខ្ញុំ ខ្ញុំ​នឹង​មិន​ខ្វះ​អ្វី​សោះ»។ (ទំនុក. ២៣:១) គ្រិស្ត​សាសនិក​ដែល​នៅ​ក្នុង​ហ្វូង​របស់​ព្រះ​មាន​ជំនួយ​សព្វ​គ្រប់ ដើម្បី​រក្សា​ចំណង​មេត្រីភាព​របស់​គេ​ជា​មួយ​ទ្រង់​ឲ្យ​បាន​រឹង​មាំ។ ប៉ុន្តែ បង​ប្អូន​ដែល​បាន​វង្វេង​ចេញពី​ហ្វូង​ចៀម​របស់​ព្រះ ពុំ​ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ​ទេ។ តើ​អ្នក​ណា​អាច​ជួយ​ពួក​គាត់? ហើយ​តើ​អាច​ផ្ដល់​ជំនួយ​យ៉ាង​ណា? មែន​ហើយ តើ​មាន​អ្វី​ជាក់​លាក់​ដែល​អាច​ជួយ​ពួក​គាត់​ឲ្យ​ត្រឡប់​មក​ហ្វូង​ចៀម​របស់​ព្រះ​វិញ?

តើ​អ្នក​ណា​អាច​ជួយ​ពួក​គេ?

៣​. ដើម្បី​សង្គ្រោះ​ចៀម​ដែល​វង្វេង​ចេញពី​ទី​គង្វាល​របស់​ព្រះ តើ​ព្រះ​យេស៊ូ​បង្ហាញ​ថា​ត្រូវ​ធ្វើ​អ្វី?

៣ ការ​សង្គ្រោះ​ចៀម​ដែល​វង្វេង​ចេញពី​ទី​គង្វាល​របស់​ព្រះ​តម្រូវ​ឲ្យ​ខំ​ប្រឹង​ព្យាយាម។ (ទំនុក. ១០០:៣) ព្រះ​យេស៊ូ​បាន​ពន្យល់​ចំណុច​នេះ​ដោយ​មាន​ប្រសាសន៍​ថា​៖ «បើ​មនុស្ស​ណា​មាន​ចៀម​១​រយ ហើយ​មាន​១​វង្វេង​បាត់ តើ​អ្នក​រាល់​គ្នា​គិត​ដូច​ម្ដេច? តើ​មិន​ទុក​ចៀម​៩៩​នៅ​លើ​ភ្នំ នឹង​ទៅ​រក​ចៀម​១ ដែល​វង្វេង​បាត់​នោះ​ទេ​ឬ​អី? ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បើ​រក​ឃើញ នោះ​មាន​សេចក្ដី​អំណរ​ចំពោះ​ចៀម​នោះ ជា​ជាង​ចៀម​៩៩​ដែល​មិន​បាន​វង្វេង​ទៅ​ទៀត។ ដូច្នេះ ព្រះ​វរបិតា​នៃ​អ្នក​រាល់​គ្នា​ដែល​គង់នៅ​ស្ថាន​សួគ៌ ទ្រង់​ក៏​មិន​សព្វ​ព្រះ​ហឫទ័យ ឲ្យ​កូន​តូច​ណាមួយ​នេះ ត្រូវ​វិនាស​ដូច្នោះ​ដែរ»។ (ម៉ាថ. ១៨:១២​-​១៤) តើ​អ្នក​ណា​ដែល​អាច​ជួយ​មនុស្ស​ដែល​មាន​លក្ខណៈ​ដូច​ចៀម ដែល​បាន​វង្វេង​ចេញពី​ហ្វូង​របស់​ព្រះ?

៤, ៥​. តើ​អ្នក​ចាស់ទុំ​ត្រូវ​មានចិត្ត​គំនិត​បែប​ណា​ចំពោះ​ហ្វូង​ចៀម​របស់​ព្រះ?

៤ ប្រសិនបើ​ពួក​អ្នក​ចាស់ទុំ​ចង់​ជួយ​ចៀម​ដែល​បាន​វង្វេង​ចេញ ពួក​គាត់​ត្រូវ​តែ​ចាំ​ថា ហ្វូង​ចៀម​របស់​ព្រះ គឺជា​ក្រុម​ជំនុំ​ដែល​មាន​មនុស្ស​ដែល​បាន​ឧទ្ទិស​ថ្វាយខ្លួន​ចំពោះ​ព្រះ​យេហូវ៉ា «ជា​ហ្វូង​ចៀម​នៅ​ទី​គង្វាល​ទ្រង់»​ដែល​មាន​តម្លៃ​ណាស់​ចំពោះ​ទ្រង់។ (ទំនុក. ៧៩:១៣) ចៀម​ដែល​មាន​តម្លៃ​បែប​នេះ​ត្រូវការ​ការ​ថ្នាក់ថ្នម ហើយ​នេះ​បាន​ន័យ​ថា គង្វាល​ដែល​មាន​សេចក្ដី​ស្រឡាញ់​ត្រូវ​យក​ចិត្ត​ទុកដាក់​នឹង​ពួក​គាត់។ ការ​ទៅ​លេង​ដើម្បី​ផ្ដល់​កម្លាំង​ចិត្ត​ពួក​គាត់​ដោយ​បង្ហាញ​ចិត្ត​រាក់ទាក់ គឺ​មាន​ប្រសិទ្ធភាព​ណាស់។ បើ​គង្វាល​លើក​ទឹកចិត្ត​ពួក​គាត់​ដោយ​ក្ដី​ស្រឡាញ់ នេះ​អាច​ជួយ​ពួក​គាត់​ឲ្យ​ពង្រឹង​ជំនឿ និង​ធ្វើ​ឲ្យ​ពួក​គាត់​មាន​ចិត្ត​ចង់​ត្រឡប់​មក​ហ្វូង​ចៀម​របស់​ព្រះ​វិញ។—១កូ. ៨:១

៥ ពួក​គង្វាល​ហ្វូង​ចៀម​របស់​ព្រះ​មាន​ភារកិច្ច​ស្វែង​រក​ចៀម​ដែល​បាន​វង្វេង​ចេញ ហើយ​ត្រូវ​ខំ​ព្យាយាម​ជួយ​ពួក​គាត់។ សាវ័ក​ប៉ុល​បាន​រំលឹក​ពួក​អ្នក​ចាស់ទុំ​នៅ​ក្រុង​អេភេសូរ​ពី​បុរាណ ថា​ពួក​គាត់​មាន​ភារកិច្ច​ឃ្វាល​ហ្វូង​ចៀម​ដោយ​និយាយ​ថា​៖ «ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត​ខ្លួន ហើយ​ខំ​ថែរក្សា​ហ្វូង​សិស្ស ដែល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​តាំង​អ្នក​រាល់​គ្នា ឲ្យ​ធ្វើ​ជា​អ្នក​គង្វាល​ដល់​គេ ដើម្បី​ឲ្យ​បាន​ឃ្វាល​ពួក​ជំនុំ​របស់​ព្រះ​អម្ចាស់ ដែល​ទ្រង់​បាន​ទិញ​ដោយ​ព្រះ​លោហិត​ព្រះ​អង្គ​ទ្រង់​ចុះ»។ (កិច្ច. ២០:២៨) ស្រ​ដៀង​គ្នា​នេះ សាវ័ក​ពេត្រុស​បាន​ដាស់តឿន​អ្នក​ដែល​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌​ថា​៖ «ចូរ​ឃ្វាល​ហ្វូង​ចៀម​របស់​ព្រះ ដែល​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ចុះ! ទាំង​គ្រប់​គ្រង ដោយ​ស្ម័គ្រ​ពី​ចិត្ត មិន​មែន​ដោយ​បង្ខំ​ទេ ក៏​មិន​មែន​ដោយ​ចង់​បាន​កំរៃ​ដែរ គឺ​ដោយ​គាប់ចិត្ត​វិញ។ មិន​មែន​បែប​ដូច​ជា​មាន​អំណាច​លើ​របស់ទ្រព្យ​ទេ គឺ​ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​គំរូ​ដល់​ហ្វូង​ចៀម​វិញ​ប៉ុណ្ណោះ»។—១ពេ. ៥:១​-​៣

៦​. ជា​ពិសេស​សព្វថ្ងៃ​នេះ ហេតុ​អ្វី​ក៏​ចៀម​របស់​ព្រះ​ត្រូវ​ការ​ឲ្យ​ពួក​គង្វាល​មើល​ថែរក្សា​ពួក​គាត់?

៦ ពួក​គង្វាល​ដែល​ជា​គ្រិស្ត​សាសនិក​ត្រូវ​យក​តម្រាប់​តាម​ព្រះ​យេស៊ូ ដែល​ជា​«គង្វាល​ល្អ»។ (យ៉ូន. ១០:១១) ព្រះ​យេស៊ូ​បាន​យក​ចិត្ត​ទុកដាក់​យ៉ាង​ជ្រាល​ជ្រៅ​នឹង​ចៀម​របស់​ព្រះ។ ទ្រង់​បាន​បញ្ជាក់​នូវ​សារៈសំខាន់​នៃ​ការ​មើល​ថែរក្សា​ហ្វូង​ចៀម ពេល​ប្រាប់​ស៊ីម៉ូន​ពេត្រុស​ឲ្យ‹ឃ្វាល​កូន​ចៀម​របស់​ព្រះ›។ (សូម​អាន យ៉ូហាន ២១:១៥​-​១៧) ជា​ពិសេស​សព្វថ្ងៃ​នេះ ចៀម​ត្រូវការ​ការ​យក​ចិត្ត​ទុកដាក់​យ៉ាង​ជ្រាល​ជ្រៅ ពីព្រោះ​មេ​កំណាច​កំពុង​ប្រឹង​ប្រែ​ង​កាន់តែ​ខ្លាំង​ឡើង ដើម្បី​បំផ្លាញ​ភក្ដីភាព​របស់​អ្នក​ដែល​បាន​ឧទ្ទិស​ថ្វាយខ្លួន​ចំពោះ​ព្រះ។ ភាព​ទន់​ទោរ​ទៅ​រក​អំពើ​ខុសឆ្គង​ជា​អ្វី​ដែល​សាតាំង​ខិតខំ​ជញ្ជក់​យក​ប្រយោជន៍ ហើយ​ប្រើ​សេចក្ដី​ល្បួង​ក្នុង​ពិភព​លោក​នេះ​ដើម្បី​ឲ្យ​ចៀម​របស់​ព្រះ​យេហូវ៉ា​ប្រព្រឹត្ត​អំពើ​ខុសឆ្គង។ (១យ៉ូន. ២:១៥​-​១៧; ៥:១៩) គ្រិស្ត​សាសនិក​ដែល​អសកម្ម​ងាយ​រង​គ្រោះ​ជាង​គេ​ក្នុង​ហ្វូង​ចៀម ហេតុ​នេះ​ហើយ​ពួក​គាត់​ត្រូវការ​ជំនួយ​ដើម្បី​ធ្វើ​តាម​ការ​ដាស់​តឿន​ឲ្យ‹ដើរ​ក្នុង​វិញ្ញាណ› ឬ​មាន​របៀប‹រស់នៅ​ស្រប​តាម›សកម្ម​ពល​របស់​ព្រះ។ (កា. ៥:១៦​-​២១, ២៥; កា​ឡ​. ៥:១៦, ខ.ស.) ការ​ជួយ​ចៀម​ដែល​ងាយ​រង​គ្រោះ​តម្រូវ​ឲ្យ​យើង​ពឹង​ទៅ​លើ​ព្រះ​យេហូវ៉ា​ដោយ​អធិដ្ឋាន សុំ​ការ​ណែនាំ​ពី​សកម្ម​ពល​របស់​ព្រះ និង​បកស្រាយ​បណ្ដាំ​របស់​ព្រះ​ដោយ​ប៉ិន​ប្រសប់។—សុ. ៣:៥, ៦; លូ. ១១:១៣; ហេ. ៤:១២

៧​. តើ​ភារកិច្ច​របស់​អ្នក​ចាស់ទុំ​សំខាន់​ប៉ុណ្ណា​ក្នុង​ការ​ឃ្វាល​ហ្វូង​ចៀម​របស់​ព្រះ?

៧ គង្វាល​នៅ​ស្រុក​អ៊ីស្រាអែល​ពី​បុរាណ​ប្រើ​ដំបង​វែង​មួយ ដែល​នៅ​ចុង​ម្ខាង​មាន​រាង​កោង​ដើម្បី​នាំ​ផ្លូវ​ហ្វូង​ចៀម​របស់​គាត់។ ពេល​ដែល​ចៀម​ចូល​ឬ​ចេញពី​ក្រោល នោះ​នឹង​«ចូល​ទៅ​ក្រោម​ដំបង» ហើយ​គង្វាល​អាច​រាប់​សត្វ​ទាំង​នោះ​បាន។ (លេវី. ២៧:៣២; មីកា ២:១២; ៧:១៤) យ៉ាង​ដូច្នេះ​ដែរ គង្វាល​ដែល​ជា​គ្រិស្ត​សាសនិក​ត្រូវ​ស្គាល់​ហ្វូង​ចៀម​របស់​ព្រះ និង​ដឹង​អំពី​ស្ថានភាព​របស់​ចៀម​នីមួយៗ​ដែរ។ (សូម​ពិនិត្យ​បន្ថែម សុភាសិត ២៧:២៣) ដូច្នេះ​ហើយ ការ​ទៅ​លេង​ដើម្បី​ផ្ដល់​កម្លាំង​ចិត្ត​ឲ្យ​បង​ប្អូន​ជា​រឿង​ដ៏​សំខាន់​ដែល​ក្រុម​អ្នក​ចាស់ទុំ​តែងតែ​យក​មក​ពិគ្រោះ​គ្នា ព្រម​ទាំង​មានការ​រៀបចំ​ដើម្បី​ជួយ​ចៀម​ដែល​បាន​វង្វេង​ចេញ។ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​ទ្រង់​ស្វែងរក​ចៀម​របស់​ទ្រង់ និង​ជួយ​ពួក​គេ។ (អេសេ. ៣៤:១១) ដូច្នេះ ព្រះ​ក៏​ពេញចិត្ត​ណាស់ ពេល​អ្នក​ចាស់ទុំ​ធ្វើ​ដូច​ទ្រង់​ក្នុង​ការ​ចាត់​វិធានការ​ដើម្បី​ជួយ​ចៀម​ដែល​វង្វេង​ចេញ​ឲ្យ​ត្រឡប់​មក​ហ្វូង​វិញ។

៨​. តើ​តាម​របៀប​ណា​ដែល​អ្នក​ចាស់ទុំ​យក​ចិត្ត​ទុកដាក់​នឹង​ចៀម?

៨ នៅ​ពេល​បង​ប្អូន​រួម​ជំនឿ​ឈឺ បើ​អ្នក​ចាស់ទុំ​ទៅ​សួរ​សុខទុក្ខ​គាត់ នេះ​ពិតជា​នាំ​ឲ្យ​គាត់​មាន​អំណរ​និង​ការ​លើក​ទឹកចិត្ត​មែន! យ៉ាង​ដូច្នេះ​ដែរ នៅ​ពេល​អ្នក​ចាស់ទុំ​យក​ចិត្ត​ទុកដាក់​នឹង​បង​ប្អូន​រួម​ជំនឿ​ដែល​មាន​ចំណង​មិត្តភាព​មិន​សូវ​ល្អ​ជា​មួយ​នឹង​ព្រះ នេះ​ពិតជា​លើក​ទឹកចិត្ត​ពួក​គាត់​ណាស់។ អ្នក​ចាស់ទុំ​អាច​អាន​បទ​គម្ពីរ ពិនិត្យ​មើល​អត្ថបទ​ណាមួយ ប្រាប់​ចំណុច​សំខាន់ៗ​ពី​កិច្ចប្រជុំ និង​អធិដ្ឋាន​ជា​មួយ​នឹង​អ្នក​អសកម្ម​ជាដើម។ អ្នក​ចាស់ទុំ​អាច​ពន្យល់​ប្រាប់​ថា សមាជិក​ក្នុង​ក្រុម​ជំនុំ​ពិតជា​ចង់​ឃើញ​គាត់​មក​កិច្ចប្រជុំ​វិញ​ណាស់។ (២កូ. ១:៣​-​៧; យ៉ា. ៥:១៣​-​១៥) សួរ​សុខទុក្ខ ទូរស័ព្ទ ឬ​សរសេរ​សំបុត្រ​ពិតជា​ជួយ​បង​ប្អូន​អសកម្ម​ច្រើន​មែន! ការ​ផ្ដល់​ជំនួយ​ដល់​ចៀម​ដែល​វង្វេង​ចេញ ក៏​ពិតជា​នាំ​ឲ្យ​អ្នក​ចាស់ទុំ​នោះ​មាន​អំណរ​យ៉ាង​ច្រើន​ផង​ដែរ។

យើង​គ្រប់​គ្នា​អាច​ខំ​ប្រឹង​ជួយ

៩, ១០​. ហេតុ​អ្វី​ក៏​មិន​មែន​តែ​ពួក​អ្នក​ចាស់ទុំ​ដែល​គួរ​ខ្វល់ខ្វាយ​អំពី​ចៀម​ដែល​វង្វេង​ចេញ​នោះ?

៩ យើង​គ្រប់​គ្នា​តែង​តែ​រវល់ ហើយ​រស់​នៅ​ក្នុង​គ្រា​ដ៏​ពិបាក។ ដូច្នេះ​ហើយ គឺ​ប្រហែល​ជា​យើង​មិន​ទាំង​ចាប់ភ្លឹក​ថា​បង​ប្អូន​រួម​ជំនឿ​ណា​ម្នាក់​កំពុង​តែ​រសាត់​ចេញពី​ក្រុម​ជំនុំ​ទៀត​ផង។ (ហេ. ២:១) ប៉ុន្តែ ចៀម​របស់​ព្រះ​យេហូវ៉ា​គឺ​មាន​តម្លៃ​ណាស់​ចំពោះ​ទ្រង់។ ដូច​ជា​អវយវៈ​ផ្សេងៗ​នៃ​រូប​កាយ​មាន​តម្លៃ នោះ​ចៀម​នីមួយៗ​របស់​ព្រះ​ក៏​មាន​តម្លៃ​ដែរ។ ហេតុ​ដូច្នេះ​ហើយ យើង​គ្រប់​គ្នា​ត្រូវ​យក​ចិត្ត​ទុកដាក់​និង​ជួយ​គាំពារ​បង​ប្អូន​រួម​ជំនឿ​របស់​យើង។ (១កូ. ១២:២៥) តើ​អ្នកមាន​ចិត្តគំនិត​បែប​នេះ​ទេ?

១០ ទោះជា​អ្នក​ចាស់ទុំ​មាន​ភារកិច្ច​ជា​ចម្បង​ក្នុង​ការ​ស្វែង​រក​និង​ជួយ​ចៀម​ដែល​បាន​វង្វេង​ចេញ​ក៏​ពិត​មែន តែ​យើង​គ្រប់​គ្នា​ក៏​គួរ​ខ្វល់ខ្វាយ​អំពី​បង​ប្អូន​ដែល​វង្វេង​ចេញ​នោះ​ដែរ។ យើង​គ្រប់​គ្នា​អាច​សហការ​ជា​មួយ​នឹង​អ្នក​ចាស់ទុំ។ យើង​អាច និង​គួរ​លើក​ទឹក​ចិត្ត​បង​ប្អូន​រួម​ជំនឿ​ដែល​ត្រូវការ​ជំនួយ​ដើម្បី​ពង្រឹង​ចំណង​មិត្តភាព​ជា​មួយ​ព្រះ ហើយ​ត្រឡប់​មក​ហ្វូង​ចៀម​របស់​ព្រះ​វិញ។ តើ​យើង​អាច​ផ្ដល់​ជំនួយ​បែប​នោះ​យ៉ាង​ដូច​ម្ដេច?

១១, ១២​. ដើម្បី​ជួយ​បង​ប្អូន​អសកម្ម តើ​អ្នក​ប្រហែល​ជា​ទទួល​ឯកសិទ្ធិ​ពិសេស​អ្វី?

១១ នៅ​ក្នុង​ករណី​ខ្លះ ពួក​អ្នក​ចាស់ទុំ​អាច​សុំ​អ្នក​ផ្សាយ​ដែល​មាន​ពិសោធ​ឲ្យ​សិក្សា​គម្ពីរ​ជា​មួយ​នឹង​បង​ប្អូន​អសកម្ម​ដែល​ចង់​ទទួល​ជំនួយ។ គោល​បំណង​នៃ​ការ​សិក្សា​គម្ពីរ​ជា​មួយ​នឹង​អ្នក​អសកម្ម​គឺ​ដើម្បី​ឲ្យ​ពួក​គេ​បណ្ដុះ​«សេចក្ដី​ស្រឡាញ់​ដើម»​ឡើង​វិញ។ (វិវរ. ២:១, ៤) បង​ប្អូន​ទាំងនេះ​អាច​ស្អាង​ចិត្ត​ឡើង​វិញ និង​ពង្រឹង​ជំនឿ​ដោយ​ពិនិត្យ​មើល​ព័ត៌មាន​ផ្សេងៗ ដែល​គេ​មិន​បាន​ឮ​ដោយ​សារ​ខាន​ទៅ​កិច្ចប្រជុំ​ក្រុម​ជំនុំ។

១២ ប្រសិនបើ​អ្នក​ចាស់ទុំ​សុំ​អ្នក​ឲ្យ​សិក្សា​ជា​មួយ​នឹង​បង​ប្អូន​រួម​ជំនឿ​ដែល​ត្រូវការ​ជំនួយ​ដើម្បី​ពង្រឹង​ចំណង​មិត្តភាព​ជាមួយ​ព្រះ សូម​អធិដ្ឋាន​ឲ្យ​ព្រះ​យេហូវ៉ា​ដឹកនាំ និង​ផ្ដល់​ពរ​ឲ្យ​ការ​ខ្នះខ្នែង​របស់​អ្នក​បង្កើត​ផល។ ប្រាកដ​ហើយ «ចូរ​ទុក​ដាក់​អស់​ទាំង​ការ​ឯង នៅ​នឹង​ព្រះ​យេហូវ៉ា​ចុះ នោះ​អស់​ទាំង​គំនិត​របស់​ឯង​នឹង​បាន​សំ​រេច»។ (សុ. ១៦:៣) ចូរ​រំពឹង​គិត​ពី​បទ​គម្ពីរ​និង​ចំណុច​ផ្សេងៗ​ដែល​ពង្រឹង​ជំនឿ ដែល​អ្នក​អាច​លើក​មក​ពិគ្រោះ​ជា​មួយ​នឹង​បង​ប្អូន​អសកម្ម។ ចូរ​គិត​អំពី​គំរូ​ដ៏​ល្អ​របស់​សាវ័ក​ប៉ុល។ (សូម​អាន រ៉ូម ១:១១, ១២) ប៉ុល​បាន​ទន្ទឹង​ចាំ​ជួប​គ្រិស្ត​សាសនិក​នៅ​ទីក្រុង​រ៉ូម ដើម្បី​ចែក​អំណោយ​ដ៏​ពិសេស​ដល់​ពួក​គាត់ ប្រយោជន៍​ឲ្យ​ពួក​គាត់​បាន​តាំង​នៅ​យ៉ាង​ខ្ជាប់​ខ្ជួន។ គាត់​ក៏​ទន្ទឹង​ចាំ​ទទួល​សេចក្ដី​កម្សាន្ត​ចិត្ត​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ។ យើង​គួរ​មាន​ចិត្ត​គំនិត​បែប​នេះ ពេល​យើង​ខំ​ជួយ​ចៀម​ដែល​បាន​វង្វេង​ចេញពី​ហ្វូង​ចៀម​របស់​ព្រះ មែន​ទេ?

១៣​. តើ​អ្នក​អាច​ពិគ្រោះ​ព័ត៌មាន​អ្វីខ្លះ​ជាមួយ​បង​ប្អូន​អសកម្ម?

១៣ នៅ​ពេល​សិក្សា អ្នក​អាច​សួរ «តើ​អ្នក​ស្គាល់​សេចក្ដី​ពិត​យ៉ាង​ដូច​ម្ដេច?»។ ចូរ​ជួយ​ពួក​គាត់​ឲ្យ​នឹក​ចាំ​ពី​ពេល​ដ៏​សប្បាយ ដែល​ពួក​គាត់​ធ្លាប់​មាន​ក្នុង​កាល​បម្រើ​ព្រះ​យេហូវ៉ា។ ចូរ​លើក​ទឹកចិត្ត​បង​ប្អូន​អសកម្ម​ឲ្យ​និយាយ​ពី​បទ​ពិសោធន៍​ដ៏​សប្បាយ​ដែល​គាត់​ធ្លាប់​មាន​ក្នុង​កិច្ចប្រជុំ ពេល​ផ្សព្វផ្សាយ និង​នៅ​ឯ​មហាសន្និបាត។ ចូរ​និយាយ​អំពី​ពេល​ដ៏​សប្បាយ​ដែល​អ្នក​ធ្លាប់​មាន​ជាមួយ​គ្នា​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា។ ចូរ​និយាយ​អំពី​អំណរ​ដែល​អ្នក​ទទួល​ពី​ការ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា។ (យ៉ា. ៤:៨) ចូរ​ប្រាប់​គាត់​ពី​ចិត្ត​កតញ្ញូ​របស់​អ្នក​ចំពោះ​ព្រះ​យេហូវ៉ា​ដែល​បាន​ផ្ដល់​ដល់​រាស្ត្រ​ទ្រង់​នូវ​ការ​កម្សាន្ត​ចិត្ត និង​ក្ដី​សង្ឃឹម​ជា​ពិសេស​ពេល​ជួប​ប្រទះ​សេចក្ដី​វេទនា​ផ្សេងៗ។—រ៉ូម ១៥:៤; ២កូ. ១:៣, ៤

១៤, ១៥​. តើ​យើង​អាច​រំលឹក​បង​ប្អូន​អសកម្ម​អំពី​ពរ​ណាខ្លះ​ដែល​គាត់​ធ្លាប់​មាន?

១៤ ពិតជា​មាន​ប្រយោជន៍ បើ​រំលឹក​បង​ប្អូន​អសកម្ម​អំពី​ពរ​ខ្លះៗ​ដែល​គាត់​ធ្លាប់​មាន​ពេល​បាន​ចូល​រួម​ជិត​ស្និទ្ធ​នឹង​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ។ ជា​ឧទាហរណ៍ ចូរ​គិត​អំពី​ពរ​ដែល​បាន​មក​ពី​ការ​រីក​ចម្រើន​ខាង​ចំណេះ​ពី​បណ្ដាំ​របស់​ព្រះ និង​គោល​បំណង​របស់​ទ្រង់។ (សុ. ៤:១៨) នៅ​ពេល​ដែល​គាត់‹ដើរ​ក្នុង​វិញ្ញាណ› ឬ​រស់នៅ​ស្រប​តាម​សកម្ម​ពល​របស់​ព្រះ នោះ​ប្រាកដ​ជា​ស្រួល​ជាង​ឲ្យ​គាត់​ទប់​ទល់​នឹង​សេចក្ដី​ល្បួង​ឲ្យ​ប្រព្រឹត្ត​អំពើ​ខុសឆ្គង។ (កា. ៥:២២​-​២៦) ជា​លទ្ធផល ដោយ​ចិត្ត​មិន​បន្ទោស​ខ្លួន នោះ​គាត់​អាច​អធិដ្ឋាន​ព្រះ​យេហូវ៉ា និង​មាន‹សេចក្ដី​សុខសាន្ត​របស់​ព្រះ ដែល​ហួស​លើស​ពី​អស់​ទាំង​គំនិត នឹង​ជួយ​ការពារ​ចិត្ត ហើយ​គំនិត​របស់​យើង›។ (ភី. ៤:៦, ៧) ចូរ​ចង​ចាំ​អំពី​ចំណុច​ទាំងនេះ បង្ហាញ​ការ​យក​ចិត្ត​ទុកដាក់​ដ៏​ស្មោះ និង​សូម​លើក​ទឹកចិត្ត​បង​ប្អូន​គ្រិស្ត​សាសនិក​របស់​យើង​ដោយ​ក្ដី​ស្រឡាញ់​ឲ្យ​ត្រឡប់​មក​ហ្វូង​របស់​ព្រះ​វិញ។—សូម​អាន ភីលីព ២:៤

១៥ ឧបមា​ថា អ្នកជា​អ្នក​ចាស់ទុំ​ម្នាក់​ដែល​បាន​ទៅ​លេង​បង​ប្អូន​ដើម្បី​ផ្ដល់​កម្លាំង​ចិត្ត។ អ្នក​អាច​លើក​ទឹកចិត្ត​គូ​ស្វាមី​ភរិយា​ដែល​អសកម្ម​ឲ្យ​គិត​អំពី​គ្រា​ដែល​ពួក​គាត់​បាន​រៀន​សេចក្ដី​ពិត​ពី​បណ្ដាំ​របស់​ព្រះ​ជា​លើក​ដំបូង។ ការ​រៀន​សេចក្ដី​ពិត​អំពី​ព្រះ​ច្បាស់​ជា​អស្ចារ្យ សម​ហេតុផល ធ្វើ​ឲ្យ​ស្កប់ចិត្ត និង​ជួយ​ឲ្យ​ពួក​គាត់​រួច​ពី​ជំនឿ​មិន​ពិតមែន! (យ៉ូន. ៨:៣២) ពួក​គាត់​ពោរ​ពេញ​ដោយ​ចិត្ត​កតញ្ញូ​ចំពោះ​ព្រះ​យេហូវ៉ា​ដោយ​បាន​រៀន​សេចក្ដី​ពិត​អំពី​ទ្រង់ សេចក្ដី​ស្រឡាញ់ និង​គោល​បំណង​ដ៏​អស្ចារ្យ​របស់​ទ្រង់! (សូម​ពិនិត្យ​បន្ថែម លូកា ២៤:៣២) ចូរ​រំលឹក​ពួក​គាត់​ថា គ្រិស្ត​សាសនិក​ដែល​បំពេញ​តាម​ការ​ថ្វាយខ្លួន​ចំពោះ​ព្រះ មាន​ចំណង​មេត្រីភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ទ្រង់ ហើយ​មាន​ឯកសិទ្ធិ​អធិដ្ឋាន​ថ្វាយ​ទ្រង់​ដោយ​ចិត្ត​មិន​បន្ទោស​ខ្លួន​ឡើយ។ ចូរ​ខំ​ព្យាយាម​លើក​ទឹកចិត្ត​បង​ប្អូន​អសកម្ម​ឲ្យ​អនុវត្ត​សេចក្ដី​ពិត​ដែល​ជា​«ដំណឹង​ពី​សិរី​ល្អ​នៃ​ព្រះ​ដ៏​មាន​ពរ» ពោល​គឺ​ព្រះ​យេហូវ៉ា។—១ធី. ១:១១

ចូរ​បន្ត​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​ពួក​គាត់

១៦​. ចូរ​លើក​ឧទាហរណ៍​មួយ​ដែល​បង្ហាញ​ថា ការ​ខំ​ប្រឹង​ជួយ​បង​ប្អូន​អសកម្ម​ពិតជា​មាន​ប្រយោជន៍​មែន។

១៦ តើ​យោបល់​ទាំងនេះ​ពិតជា​មាន​ប្រយោជន៍​ទេ? គឺ​មាន​ប្រយោជន៍​មែន។ ជា​ឧទាហរណ៍ ប្អូន​ម្នាក់​ចាប់ផ្ដើម​ធ្វើ​ជា​អ្នក​ផ្សាយ​រាជាណាចក្រ​ពេល​មាន​អាយុ​១២​ឆ្នាំ តែ​នៅ​អាយុ​១៥​ឆ្នាំ គាត់​ក្លាយ​ជា​អសកម្ម​ទៅ​វិញ។ ប៉ុន្តែ ក្រោយមក គាត់​មាន​សកម្មភាព​ឡើង​វិញ ហើយ​ចូល​រួម​ក្នុង​កិច្ច​បម្រើ​ពេញ​ពេល​អស់​ជាង​៣០​ឆ្នាំ​ហើយ។ គាត់​បាន​ទទួល​ជំនួយ​ពី​អ្នក​ចាស់ទុំ​ម្នាក់​ក្នុង​ក្រុម​ជំនុំ ជា​ហេតុ​ដែល​គាត់​បាន​ក្លាយ​ទៅ​ជា​សមាជិក​សកម្ម​វិញ។ គាត់​ច្បាស់​ជា​ត្រេកអរ​ណាស់​ចំពោះ​អ្នក​ចាស់ទុំ​នោះ​ដែល​បាន​ជួយ​គាត់!

១៧, ១៨​. ប្រសិនបើ​អ្នក​ចង់​ជួយ​អ្នក​ណា​ដែល​បាន​វង្វេង​ចេញពី​ហ្វូង​ចៀម​របស់​ព្រះ តើ​អ្នក​ត្រូវ​តែ​បង្ហាញ​គុណសម្បត្ដិ​ណាខ្លះ?

១៧ ដោយ​សេចក្ដី​ស្រឡាញ់ គ្រិស្ត​សាសនិក​ទាំងឡាយ​ខំ​ជួយ​បង​ប្អូន​រួម​ជំនឿ​ដែល​អសកម្ម​ឲ្យ​ត្រឡប់​មក​ក្រុម​ជំនុំ​វិញ។ ព្រះ​យេស៊ូ​ប្រាប់​ពួក​អ្នក​កាន់​តាម​ទ្រង់​ថា​៖ «ខ្ញុំ​ឲ្យ​សេចក្ដី​បញ្ញត្ត​១​ថ្មី​ដល់​អ្នក​រាល់​គ្នា គឺ​ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ត្រូវ​ឲ្យ​ស្រឡាញ់​គ្នា ដូច​ជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ គេ​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ ដោយសារ​សេចក្ដី​នេះឯង គឺ​ដោយ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក»។ (យ៉ូន. ១៣:៣៤, ៣៥) មែន​ហើយ សេចក្ដី​ស្រឡាញ់​គឺជា​លក្ខណៈ​ដែល​សម្គាល់​គ្រិស្ត​សាសនិក​ពិត។ ចំពោះ​គ្រិស្ត​សាសនិក​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ហើយ តែ​ក្លាយ​ទៅ​ជា​អសកម្ម យើង​គួរ​បង្ហាញ​សេចក្ដី​ស្រឡាញ់​បែប​នេះ​ដល់​ពួក​គេ មែន​ទេ? ពិតមែន! ប៉ុន្តែ នៅ​ពេល​ដែល​យើង​ជួយ​បង​ប្អូន​អសកម្ម យើង​ត្រូវ​តែ​បង្ហាញ​គុណសម្បត្ដិ​ផ្សេងៗ​ដូច​ព្រះ​យេហូវ៉ា​ដែរ។

១៨ ប្រសិនបើ​អ្នក​ចង់​ជួយ​បុគ្គល​ដែល​បាន​វង្វេង​ចេញពី​ហ្វូង​ចៀម​របស់​ព្រះ តើ​អ្នក​ត្រូវ​តែ​បង្ហាញ​គុណសម្បត្ដិ​បែប​ណា? ក្រៅពី​សេចក្ដី​ស្រឡាញ់ អ្នក​ត្រូវ​តែ​បង្ហាញ​ចិត្ត​ក្ដួល​អាណិត សប្បុរស ស្លូតបូត និង​អត់ធ្មត់។ ហើយ​ក្នុង​កាលៈទេសៈ​ខ្លះ ប្រហែល​ជា​អ្នក​ក៏​ត្រូវ​តែ​ចេះ​អត់ឱន​ទោស​ដែរ។ ប៉ុល​បាន​សរសេរ​ថា​៖ «ដូច្នេះ ចូរ​ប្រដាប់​កាយ​ដោយ​ចិត្ត​ក្ដួល​អាណិត សប្បុរស សុភាព សំ​ឡូ​ត នឹង​ចិត្ត​អត់ធ្មត់ . . . ហើយ​ទ្រាំទ្រ​គ្នា ទាំង​អត់​ទោស​ទៅ​វិញ​ទៅ​មក បើ​អ្នក​ណា​មាន​ហេតុ​ទាស់​នឹង​អ្នក​ណា នោះ​ចូរ​អត់​ទោស​ឲ្យ​គេ​ចុះ ដូច​ជា​ព្រះ​[យេហូវ៉ា]​បាន​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា​ដែរ។ ចូរ​បន្ថែម​ទាំង​សេចក្ដី​ស្រឡាញ់​ថែម​ទៀត ជា​ចំណង​នៃ​សេចក្ដី​គ្រប់លក្ខណ៍»។—កូល. ៣:១២​-​១៤

១៩​. ហេតុ​អ្វី​ក៏​មាន​ប្រយោជន៍​ឲ្យ​យើង​ខំ​ប្រឹង​ជួយ​បង​ប្អូន​ដែល​មាន​លក្ខណៈ​ដូច​ចៀម​ឲ្យ​ត្រឡប់​មក​ហ្វូង​របស់​ព្រះ​វិញ?

១៩ នៅ​ក្នុង​អត្ថបទ​បន្ទាប់ យើង​នឹង​ពិនិត្យ​មើល​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​បង​ប្អូន​ខ្លះ​វង្វេង​ចេញពី​ហ្វូង​ចៀម​របស់​ព្រះ។ អត្ថបទ​នោះ​ក៏​ពិគ្រោះ​ពី​របៀប​យើង​ទទួល​ស្វាគមន៍​បង​ប្អូន​ដែល​ត្រឡប់​មក​ហ្វូង​ចៀម​របស់​ព្រះ​វិញ។ ពេល​ដែល​អ្នក​សិក្សា​អត្ថបទ​បន្ទាប់ និង​សញ្ជឹង​គិត​ពី​អត្ថបទ​ដែល​កំពុង​សិក្សា ចូរ​ឲ្យ​ដឹង​ថា​ការ​ខំ​ប្រឹង​ជួយ​មនុស្ស​ដែល​មាន​លក្ខណៈ​ដូច​ចៀម​ឲ្យ​ត្រឡប់​មក​ហ្វូង​ចៀម​របស់​ព្រះ គឺ​ពិតជា​មាន​ប្រយោជន៍​មែន! នៅ​ក្នុង​របៀប​របប​ពិភព​លោក​នេះ មនុស្ស​ជា​ច្រើន​ខំ​ប្រឹង​អស់​មួយ​ជីវិត​ដើម្បី​ប្រមូល​ទ្រព្យ​សម្បត្ដិ។ ប៉ុន្តែ ទោះ​ជា​មានទ្រព្យ​សម្បត្ដិ​ច្រើន​ប៉ុណ្ណា​ក៏​ដោយ ក៏​មិន​មាន​តម្លៃ​ស្មើ​នឹង​ជីវិត​មនុស្ស​ម្នាក់​ឡើយ។ ព្រះ​យេស៊ូ​បាន​បញ្ជាក់​ហេតុនេះ​ក្នុង​រឿង​ប្រៀប​ប្រដូច​អំពី​ចៀម​ដែល​វង្វេង​បាត់។ (ម៉ាថ. ១៨:១២​-​១៤) សូម​ឲ្យ​អ្នក​រមែង​ចង​ចាំ​អំពី​ចំណុច​នេះ កាល​ដែល​អ្នក​ខំ​ខ្នះខ្នែង​ជា​បន្ទាន់​ដើម្បី​ជួយ​ចៀម​ជា​ទី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា ដែល​បាន​វង្វេង​ចេញ​ឲ្យ​ត្រឡប់​មក​ហ្វូង​របស់​ព្រះ​វិញ។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

• តើ​ពូក​គង្វាល​គ្រិស្ត​សាសនិក​មាន​ភារកិច្ច​អ្វី ស្តី​អំពី​មនុស្ស​ដែល​មាន​លក្ខណៈ​ដូច​ចៀម​ដែល​បាន​វង្វេង​ចេញពី​ហ្វូង​របស់​ព្រះ?

• តើ​យើង​អាច​ជួយ​បង​ប្អូន​អសកម្ម​យ៉ាង​ដូច​ម្ដេច?

• តើ​អ្នក​ត្រូវ​បង្ហាញ​គុណសម្បត្ដិ​អ្វីខ្លះ ដើម្បី​ជួយ​បង​ប្អូន​ដែល​បាន​វង្វេង​ចេញពី​ហ្វូង​ចៀម​របស់​ព្រះ?

[រូបភាព​នៅ​ទំព័រ​១៦]

ពួក​គង្វាល​គ្រិស្ត​សាសនិក​ខំ​ប្រឹង​ដោយ​ក្ដី​ស្រឡាញ់ ដើម្បី​ជួយ​អស់អ្នក​ដែល​បាន​វង្វេង​ចេញពី​ហ្វូង​ចៀម​របស់​ព្រះ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក