ចូរស្ដាប់បង្គាប់គង្វាលរបស់ព្រះយេហូវ៉ា
«ចូរស្ដាប់បង្គាប់ហើយចុះចូលនឹងពួកអ្នកដែលនាំមុខអ្នករាល់គ្នា ព្រោះពួកគេកំពុងថែរក្សាអ្នករាល់គ្នា»។—ហេ. ១៣:១៧
១, ២. ហេតុអ្វីព្រះយេហូវ៉ាប្រៀបប្រដូចខ្លួនលោកនឹងគង្វាលម្នាក់?
ព្រះយេហូវ៉ាប្រៀបប្រដូចខ្លួនលោកនឹងគង្វាលម្នាក់។ (អេស. ៣៤:១១-១៤) នេះជួយយើងឲ្យយល់អំពីលក្ខណៈរបស់ព្រះយេហូវ៉ា។ គង្វាលដែលជាមនុស្សដែលមានសេចក្ដីស្រឡាញ់ ទទួលខុសត្រូវទាំងស្រុងចំពោះជីវិតនិងសុខុមាលភាពរបស់ហ្វូងចៀមដែលនៅក្រោមការថែទាំរបស់គាត់។ គាត់នាំវាទៅវាលស្មៅនិងទៅប្រភពទឹក (ទំនុក. ២៣:១, ២) មើលថែរក្សាវាទាំងយប់ទាំងថ្ងៃ (លូក. ២:៨) ការពារវាពីសត្វដែលចង់ចាប់វាធ្វើជាចំណី (១សាំ. ១៧:៣៤, ៣៥) បីកូនវាដែលទើបនឹងកើត (អេ. ៤០:១១) ស្វែងរកចៀមដែលវង្វេង ហើយថែទាំយ៉ាងល្អនូវចៀមដែលរបួស។—អេស. ៣៤:១៦
២ នៅសម័យបុរាណ រាស្ត្រភាគច្រើនរបស់ព្រះជាគង្វាលនិងជាកសិករ។ ហេតុនេះ ពួកគេយល់អំពីមូលហេតុដែលព្រះយេហូវ៉ាប្រៀបប្រដូចខ្លួនលោកនឹងគង្វាលម្នាក់។ ពួកគេបានដឹងថា ចៀមត្រូវការការថែរក្សានិងការយកចិត្តទុកដាក់ដើម្បីវាអាចធំធាត់និងមានសុខភាពល្អ។ ក្នុងន័យធៀប មនុស្សក៏ដូចគ្នាដែរ។ (ម៉ាក. ៦:៣៤) បើគ្មានការថែទាំនិងការណែនាំពីព្រះទេ នោះមនុស្សរងទុក្ខ។ ពួកគេមិនដឹងអ្វីដែលត្រូវនិងអ្វីដែលខុសទេ ហើយក៏គ្មានអ្នកណាការពារពួកគេដែរ។ ពួកគេគឺដូចជា«ហ្វូងចៀមដែលគ្មានអ្នកគង្វាល»។ (១ព. ២២:១៧) ប៉ុន្តែ ព្រះយេហូវ៉ាបង្ហាញសេចក្ដីស្រឡាញ់ ដោយផ្គត់ផ្គង់អ្វីៗដែលរាស្ត្រលោកត្រូវការ។
៣. តើយើងនឹងពិចារណាអំពីអ្វីនៅក្នុងអត្ថបទនេះ?
៣ យើងក៏យល់ដែរអំពីលក្ខណៈរបស់ព្រះយេហូវ៉ាដែលដូចជាគង្វាលម្នាក់។ ព្រះយេហូវ៉ានៅតែផ្គត់ផ្គង់រាស្ត្ររបស់លោកដែលមានលក្ខណៈដូចចៀម។ យើងនឹងពិចារណាអំពីរបៀបដែលលោកណែនាំចៀមរបស់លោក ហើយបំពេញសេចក្ដីត្រូវការរបស់ពួកគេនៅសព្វថ្ងៃនេះ។ យើងក៏នឹងពិចារណាដែរថាចៀមគួរប្រព្រឹត្តយ៉ាងណាពេលព្រះយេហូវ៉ាបង្ហាញសេចក្ដីស្រឡាញ់និងយកចិត្តទុកដាក់ចំពោះពួកគេ។
គង្វាលដ៏ល្អប្រសើរផ្ដល់គង្វាលដែលនៅក្រោមអំណាចលោកយេស៊ូ
៤. តើលោកយេស៊ូមានតួនាទីអ្វីក្នុងការផ្គត់ផ្គង់ចៀមរបស់ព្រះយេហូវ៉ា?
៤ ព្រះយេហូវ៉ាបានតែងតាំងលោកយេស៊ូជាប្រមុខនៃក្រុមជំនុំគ្រិស្តសាសនិក។ (អេភ. ១:២២, ២៣) ក្នុងនាមជា«គង្វាលដ៏ល្អប្រសើរ» លោកយេស៊ូមានចំណាប់អារម្មណ៍ មានគោលបំណង និងមានគុណសម្បត្ដិដូចបិតាលោក។ លោកយេស៊ូថែមទាំង‹បានលះបង់ជីវិតដើម្បីចៀម›។ (យ៉ូន. ១០:១១, ១៥) គ្រឿងបូជាលោះរបស់គ្រិស្តពិតជាពរដ៏ប្រសើរមែនចំពោះមនុស្សជាតិ។ (ម៉ាថ. ២០:២៨) ព្រះយេហូវ៉ាមានគោលបំណងឲ្យ«អស់អ្នកដែលបង្ហាញជំនឿលើ[លោកយេស៊ូ]អាចមានជីវិតដែលគ្មានទីបញ្ចប់ ហើយមិនត្រូវបំផ្លាញឡើយ»។—យ៉ូន. ៣:១៦
៥, ៦. (ក) តើលោកយេស៊ូបានតែងតាំងអ្នកណាឲ្យថែរក្សាចៀមរបស់លោក ហើយចៀមត្រូវធ្វើអ្វីដើម្បីទទួលប្រយោជន៍ពីការរៀបចំនេះ? (ខ) តើអ្វីជាមូលហេតុសំខាន់បំផុតដែលយើងចង់ធ្វើតាមការណែនាំរបស់អ្នកចាស់ទុំ?
៥ តើចៀមបង្ហាញយ៉ាងណាថាលោកយេស៊ូគ្រិស្តជាគង្វាលរបស់ពួកគេ? លោកយេស៊ូបានមានប្រសាសន៍ថា៖ «ចៀមរបស់ខ្ញុំស្ដាប់សំឡេងរបស់ខ្ញុំ ខ្ញុំស្គាល់ពួកគេ ហើយពួកគេមកតាមខ្ញុំ»។ (យ៉ូន. ១០:២៧) ការស្ដាប់សំឡេងរបស់គង្វាលដ៏ល្អប្រសើរមានន័យថាធ្វើតាមការណែនាំរបស់លោកក្នុងគ្រប់ការទាំងអស់។ នេះរួមទាំងការសហការជាមួយនឹងគង្វាលដែលនៅក្រោមអំណាចលោកយេស៊ូ ដែលលោកបានតែងតាំង។ លោកយេស៊ូបានបញ្ជាក់ថាសាវ័កនិងអ្នកកាន់តាមលោកត្រូវបន្តកិច្ចការដែលលោកបានចាប់ផ្ដើម។ ពួកគាត់ត្រូវ«បង្រៀន»និង‹ឲ្យចំណីដល់ចៀមតូចៗរបស់លោកយេស៊ូ›។ (ម៉ាថ. ២៨:២០; សូមអាន យ៉ូហាន ២១:១៥-១៧) កាលដែលដំណឹងល្អបានឮសុសសាយ ហើយចំនួនអ្នកកាន់តាមបានកើនឡើង នោះលោកយេស៊ូបានរៀបចំឲ្យគ្រិស្តសាសនិកដែលមានភាពចាស់ទុំឃ្វាលក្រុមជំនុំ។—អេភ. ៤:១១, ១២
៦ ពេលសាវ័កប៉ូលនិយាយទៅកាន់អ្នកត្រួតពិនិត្យក្រុមជំនុំនៅក្រុងអេភេសូរនាសតវត្សរ៍ទី១ គាត់បានបញ្ជាក់ថាសកម្មពលបរិសុទ្ធបានតែងតាំងពួកគាត់ជាអ្នកត្រួតពិនិត្យ «ដើម្បីឃ្វាលក្រុមជំនុំរបស់ព្រះ»។ (សកម្ម. ២០:២៨) អ្នកត្រួតពិនិត្យក្នុងក្រុមជំនុំសព្វថ្ងៃនេះក៏ដូច្នោះដែរ ពីព្រោះពួកគាត់ក៏បានត្រូវតែងតាំងដោយផ្អែកលើតម្រូវការក្នុងបទគម្ពីរដែលសកម្មពលបរិសុទ្ធបានដឹកនាំឲ្យសរសេរ។ ដូច្នេះ ពេលយើងស្ដាប់បង្គាប់អ្នកត្រួតពិនិត្យក្នុងក្រុមជំនុំ នោះយើងគោរពព្រះយេហូវ៉ានិងលោកយេស៊ូ ដែលជាគង្វាលដ៏ឧត្តុង្គឧត្តមបំផុតពីររូប។ (លូក. ១០:១៦) នេះជាមូលហេតុសំខាន់បំផុតដែលយើងស្ដាប់បង្គាប់អ្នកចាស់ទុំដោយស្ម័គ្រចិត្ត។ ប៉ុន្តែ មានមូលហេតុផ្សេងទៀតដែលយើងគួរធ្វើតាមការណែនាំរបស់ពួកគាត់។
៧. តើតាមរបៀបណាអ្នកចាស់ទុំជួយអ្នកឲ្យរក្សាចំណងមិត្តភាពរវាងអ្នកនិងព្រះយេហូវ៉ាឲ្យបានរឹងមាំ?
៧ ពេលអ្នកចាស់ទុំឲ្យការណែនាំដល់បងប្អូនរួមជំនឿ ពួកគាត់ផ្ដល់ការលើកទឹកចិត្តនិងឱវាទដោយផ្អែកលើបទគម្ពីរឬគោលការណ៍គម្ពីរ។ គោលបំណងរបស់ពួកគាត់ក្នុងការឲ្យការណែនាំបែបនេះ គឺមិនមែនដើម្បីបង្គាប់បងប្អូនរបស់ពួកគាត់អំពីរបៀបរស់នៅឡើយ។ (២កូ. ១:២៤) ផ្ទុយទៅវិញ គឺដើម្បីផ្ដល់ការណែនាំពីបទគម្ពីរដល់បងប្អូនរួមជំនឿ ដើម្បីជួយពួកគាត់ឲ្យធ្វើការសម្រេចចិត្តត្រឹមត្រូវ ហើយជួយឲ្យមានរបៀបរៀបរយនិងសេចក្ដីសុខសាន្តនៅក្នុងក្រុមជំនុំ។ (១កូ. ១៤:៣៣, ៤០) គម្ពីរចែងថា អ្នកចាស់ទុំ«កំពុងថែរក្សាអ្នករាល់គ្នា»។ នេះមានន័យថាពួកគាត់ចង់ជួយបងប្អូនម្នាក់ៗនៅក្នុងក្រុមជំនុំឲ្យរក្សាភាពជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា។ ដូច្នេះ ពួកគាត់នឹងឆាប់ផ្ដល់ជំនួយ ប្រសិនបើពួកគាត់ឃើញថា បងប្រុសឬបងស្រីណាម្នាក់ហៀបនឹងចាប់ផ្ដើម«ដើរផ្លូវខុស» ឬបានដើរផ្លូវនោះរួចហើយ។ (កាឡ. ៦:១, ២; យូ. ២២) ទាំងអស់នេះជាមូលហេតុត្រឹមត្រូវដែលយើង«ស្ដាប់បង្គាប់ . . . ពួកអ្នកដែលនាំមុខ»យើង។—សូមអាន ហេប្រឺ ១៣:១៧
៨. តើអ្នកចាស់ទុំការពារហ្វូងចៀមរបស់ព្រះយ៉ាងដូចម្ដេច?
៨ ក្នុងនាមជាគង្វាលក្នុងក្រុមជំនុំ សាវ័កប៉ូលបានព្រមានបងប្អូនរបស់គាត់នៅក្រុងកូឡុសថា៖ «ចូរប្រយ័ត្ន ក្រែងលោមានអ្នកណាចាប់យកអ្នករាល់គ្នាធ្វើជាចំណី តាមរយៈទស្សនវិជ្ជានិងការបោកបញ្ឆោតអសារឥតការ ដែលមានមូលដ្ឋានលើទំនៀមទម្លាប់របស់មនុស្ស និងបឋមសេចក្ដីរបស់ពិភពលោកនេះ មិនមែនមានមូលដ្ឋានលើគ្រិស្តឡើយ»។ (កូឡ. ២:៨) ការព្រមាននេះលើកបញ្ជាក់នូវមូលហេតុត្រឹមត្រូវមួយទៀតដែលយើងគួរយកចិត្តទុកដាក់នឹងឱវាទរបស់អ្នកចាស់ទុំដែលមានមូលដ្ឋានលើបទគម្ពីរ។ ពួកគាត់ការពារហ្វូងចៀម ដោយប្រាប់បងប្អូនឲ្យប្រុងប្រយ័ត្នចំពោះអ្នកណាក៏ដោយដែលប្រហែលជាប៉ុនប៉ងបង្ខូចជំនឿរបស់ពួកគាត់។ សាវ័កប៉ូលបានព្រមានអំពី«ពួកអ្នកប្រកាសទំនាយមិនពិត» និង«គ្រូក្លែងក្លាយ»ដែលនឹងព្យាយាម«ទាក់ទាញចិត្តពួកអ្នកដែលមិនមាំមួន» ឲ្យធ្វើអំពើខុសឆ្គង។ (២ពេ. ២:១, ១៤) អ្នកចាស់ទុំនៅសព្វថ្ងៃនេះត្រូវផ្ដល់ការព្រមានស្រដៀងគ្នានេះ កាលណាចាំបាច់។ ក្នុងនាមជាគ្រិស្តសាសនិកដែលមានភាពចាស់ទុំ ពួកគាត់មានបទពិសោធន៍ក្នុងជីវិត។ ម្យ៉ាងទៀត មុនពួកគាត់បានត្រូវតែងតាំង ពួកគាត់បានបង្ហាញថា ពួកគាត់មានការយល់ដឹងច្បាស់លាស់អំពីបទគម្ពីរ ហើយថាពួកគាត់មានគុណសម្បត្ដិគ្រប់គ្រាន់ដើម្បីបង្រៀនអ្វីដែលមានប្រយោជន៍។ (១ធី. ៣:២; ទីត. ១:៩) ភាពចាស់ទុំ តុល្យភាពនិងប្រាជ្ញារបស់ពួកគាត់ដែលមានមូលដ្ឋានលើគម្ពីរជួយពួកគាត់ឲ្យផ្ដល់ការណែនាំយ៉ាងប៉ិនប្រសប់ដល់ហ្វូងចៀម។
គង្វាលដ៏ល្អប្រសើរផ្ដល់ចំណី ហើយការពារចៀម
៩. តើតាមរបៀបណាលោកយេស៊ូណែនាំ ហើយផ្ដល់អាហារឲ្យក្រុមជំនុំនៅសព្វថ្ងៃនេះ?
៩ តាមរយៈអង្គការរបស់លោក ព្រះយេហូវ៉ាផ្ដល់សេចក្ដីបង្រៀនជាច្រើនដែលប្រៀបដូចជាអាហារដល់បងប្អូនរួមជំនឿនៅទូទាំងពិភពលោក។ ឱវាទជាច្រើនពីបទគម្ពីរបានត្រូវផ្ដល់ឲ្យតាមរយៈសៀវភៅរបស់យើង។ ជួនកាល អង្គការយើងក៏ផ្ដល់ការណែនាំឲ្យអ្នកចាស់ទុំក្នុងក្រុមជំនុំដោយផ្ទាល់ដែរ។ អ្នកចាស់ទុំទទួលការណែនាំនេះតាមរយៈសំបុត្រ ឬតាមការណែនាំដែលអ្នកធ្វើដំណើរត្រួតពិនិត្យផ្ដល់ឲ្យ។ តាមរបៀបនេះ ចៀមទទួលនូវការណែនាំច្បាស់លាស់។
១០. ស្តីអំពីពួកអ្នកដែលវង្វេងចេញពីក្រុមជំនុំ តើគង្វាលក្នុងក្រុមជំនុំមានភារកិច្ចអ្វី?
១០ ក្នុងន័យធៀប អ្នកត្រួតពិនិត្យមានភារកិច្ចការពារ និងថែទាំសុខភាពនៃសមាជិកក្រុមជំនុំ ជាពិសេសពួកអ្នកដែលបានធ្វើអំពើខុសឆ្គងធ្ងន់ធ្ងរ ឬពួកអ្នកដែលមានជំនឿខ្សោយ។ (សូមអាន យ៉ាកុប ៥:១៤, ១៥) បុគ្គលខ្លះក្នុងចំណោមបុគ្គលទាំងនេះប្រហែលជាវង្វេងចេញពីក្រុមជំនុំ ហើយបានឈប់បំពេញភារកិច្ចជាគ្រិស្តសាសនិក។ ក្នុងករណីបែបនេះ អ្នកចាស់ទុំដែលយកចិត្តទុកដាក់ ខំអស់ពីសមត្ថភាពដើម្បីស្វែងរកចៀមដែលវង្វេង ហើយដាស់តឿនបុគ្គលនោះឲ្យត្រឡប់មកក្រោលឬក្រុមជំនុំវិញ មែនទេ? អ្នកចាស់ទុំនោះពិតជានឹងខំអស់ពីសមត្ថភាពមែន! លោកយេស៊ូបានពន្យល់ថា៖ «បិតារបស់ខ្ញុំដែលស្ថិតនៅស្ថានសួគ៌មិនចង់ឲ្យអ្នកតូចណាម្នាក់បែបនេះវិនាសឡើយ»។—ម៉ាថ. ១៨:១២-១៤
តើយើងគួរមានទស្សនៈយ៉ាងណាចំពោះភាពទន់ខ្សោយរបស់អ្នកចាស់ទុំ?
១១. ហេតុអ្វីអ្នកខ្លះពិបាកធ្វើតាមការដឹកនាំរបស់អ្នកចាស់ទុំ?
១១ ព្រះយេហូវ៉ានិងលោកយេស៊ូជាគង្វាលល្អឥតខ្ចោះ។ លោកទាំងពីរបានប្រគល់ភារកិច្ចថែរក្សាក្រុមជំនុំ ដល់មនុស្សជាគង្វាលដែលនៅក្រោមអំណាចលោក។ មនុស្សទាំងនោះមិនល្អឥតខ្ចោះឡើយ។ ការពិតនេះប្រហែលជាធ្វើឲ្យអ្នកខ្លះពិបាកធ្វើតាមការដឹកនាំរបស់អ្នកចាស់ទុំ។ បុគ្គលបែបនេះប្រហែលជាគិតថា ‹ពួកគាត់ជាមនុស្សមិនល្អឥតខ្ចោះដូចយើងដែរ ដូច្នេះហេតុអ្វីយើងគួរស្ដាប់ដំបូន្មានរបស់ពួកគាត់?›។ មែនហើយ អ្នកចាស់ទុំមិនល្អឥតខ្ចោះទេ។ ប៉ុន្តែ យើងត្រូវមានទស្សនៈត្រឹមត្រូវចំពោះកំហុសនិងភាពទន់ខ្សោយរបស់ពួកគាត់។
១២, ១៣. (ក) នៅអតីតកាល តើអ្នកបម្រើរបស់ព្រះយេហូវ៉ាដែលមានភារកិច្ចទទួលខុសត្រូវបានធ្វើខុសអ្វីខ្លះ? (ខ) ហេតុអ្វីកំហុសរបស់បុរសដែលមានភារកិច្ចទទួលខុសត្រូវបានត្រូវរៀបរាប់ក្នុងគម្ពីរ?
១២ បទគម្ពីរទទួលស្គាល់យ៉ាងស្មោះនូវកំហុសរបស់ពួកអ្នកដែលព្រះយេហូវ៉ាបានប្រើឲ្យដឹកនាំរាស្ត្ររបស់លោកនៅអតីតកាល។ ជាឧទាហរណ៍ ដាវីឌបានត្រូវរើសតាំងជាស្តេចនិងជាអ្នកដឹកនាំស្រុកអ៊ីស្រាអែល។ ប៉ុន្តែ គាត់បានចុះចាញ់ការល្បួង ហើយបានប្រព្រឹត្តអំពើផិតក្បត់និងឃាតកម្ម។ (២សាំ. ១២:៧-៩) សូមពិចារណាអំពីសាវ័កពេត្រុសផងដែរ។ ទោះជាគាត់បានទទួលភារកិច្ចដ៏ធំក្នុងក្រុមជំនុំគ្រិស្តសាសនិកនៅសតវត្សរ៍ទី១ក្ដី គាត់បានធ្វើខុសធ្ងន់ធ្ងរ។ (ម៉ាថ. ១៦:១៨, ១៩; យ៉ូន. ១៣:៣៨; ១៨:២៧; កាឡ. ២:១១-១៤) លើកលែងតែលោកយេស៊ូ គ្មានមនុស្សណាល្អឥតខ្ចោះទេតាំងពីអាដាមនិងអេវ៉ាមក។
១៣ ហេតុអ្វីព្រះយេហូវ៉ាបានឲ្យអ្នកសរសេរគម្ពីររៀបរាប់អំពីកំហុសរបស់បុរសដែលលោកបានតែងតាំង? មូលហេតុមួយដែលព្រះធ្វើដូច្នេះ គឺដើម្បីបង្ហាញថាលោកអាចប្រើមនុស្សមិនល្អឥតខ្ចោះឲ្យដឹកនាំរាស្ត្ររបស់លោក។ តាមការពិត លោកតែងតែបានធ្វើដូច្នេះ។ ហេតុនេះ យើងមិនគួរយកភាពមិនល្អឥតខ្ចោះរបស់ពួកអ្នកនាំមុខក្នុងចំណោមយើងសព្វថ្ងៃនេះធ្វើជាលេសដើម្បីរអ៊ូរទាំអំពីពួកគាត់ ឬមិនទទួលស្គាល់អំណាចរបស់ពួកគាត់ឡើយ។ ព្រះយេហូវ៉ាតម្រូវឲ្យយើងគោរព ហើយស្ដាប់បង្គាប់បងប្អូនបែបនេះ។—សូមអាន និក្ខមនំ ១៦:២, ៨
១៤, ១៥. តើយើងអាចរៀនអ្វីពីរបៀបដែលព្រះយេហូវ៉ាទាក់ទងនឹងរាស្ត្ររបស់លោកនៅអតីតកាល?
១៤ ការស្ដាប់បង្គាប់ពួកអ្នកដែលនាំមុខសព្វថ្ងៃនេះក្នុងចំណោមយើងគឺសំខាន់ចាំបាច់។ សូមគិតអំពីរបៀបដែលព្រះយេហូវ៉ាទាក់ទងជាមួយនឹងរាស្ត្ររបស់លោកក្នុងអំឡុងគ្រាលំបាកនៅអតីតកាល។ ពេលដែលបណ្ដាជនអ៊ីស្រាអែលបានចាកចេញពីស្រុកអេស៊ីបសម័យបុរាណ បង្គាប់របស់ព្រះចំពោះពួកគេ បានមកតាមរយៈម៉ូសេនិងអេរ៉ុន។ ដើម្បីរួចជីវិតពីទុក្ខវេទនាទី១០ ជនជាតិអ៊ីស្រាអែលត្រូវធ្វើតាមការណែនាំដែលឲ្យពួកគេបរិភោគអាហារពិសេស ហើយឲ្យយកឈាមខ្លះនៃចៀមដែលពួកគេបានសម្លាប់ទៅប្រោះនៅលើធ្នឹមទ្វារនិងក្របទ្វារផ្ទះរបស់ពួកគេ។ ការណែនាំនេះមិនបានមកដល់ពួកគេតាមរយៈសំឡេងចេញពីស្ថានសួគ៌ទេ។ ពួកគេត្រូវស្ដាប់ពួកបុរសចាស់ទុំនៃស្រុកអ៊ីស្រាអែល ដែលបានទទួលការណែនាំជាក់លាក់ពីម៉ូសេ។ (និក្ខ. ១២:១-៧, ២១-២៣, ២៩) តាមរបៀបនេះ ព្រះយេហូវ៉ាបានប្រើម៉ូសេនិងបុរសចាស់ទុំឲ្យណែនាំរាស្ត្ររបស់លោក។ សព្វថ្ងៃនេះ ព្រះយេហូវ៉ាប្រើអ្នកចាស់ទុំក្នុងក្រុមជំនុំឲ្យធ្វើកិច្ចការនេះ។
១៥ អ្នកទំនងជាអាចគិតអំពីកំណត់ហេតុជាច្រើនទៀតនៅក្នុងគម្ពីរ ពេលដែលព្រះយេហូវ៉ាបានផ្ដល់ការណែនាំដែលសង្គ្រោះជីវិត តាមរយៈមនុស្ស ឬទេវតាដែលជាតំណាងរបស់លោក។ ក្នុងស្ថានភាពទាំងអស់នេះ ព្រះបានសម្រេចចិត្តឲ្យអំណាចដល់អ្នកឯទៀត ដើម្បីនិយាយតាងនាមរបស់លោក និងដើម្បីប្រាប់រាស្ត្ររបស់លោកអំពីអ្វីដែលពួកគេត្រូវធ្វើក្នុងគ្រាដែលមានគ្រោះថ្នាក់។ យើងមានហេតុត្រឹមត្រូវឲ្យសន្និដ្ឋានថា ព្រះយេហូវ៉ាប្រហែលជានឹងធ្វើអ្វីមួយស្រដៀងគ្នានេះនៅសង្គ្រាមហាម៉ាគេដូន។ ម្យ៉ាងទៀត នៅសព្វថ្ងៃនេះ អ្នកចាស់ទុំដែលមានភារកិច្ចធ្វើជាតំណាងព្រះយេហូវ៉ា ឬអង្គការរបស់លោក ពិតជាត្រូវប្រុងប្រយ័ត្នខ្លាំងណាស់ ដោយមិនធ្វើលើសពីអំណាចដែលពួកគាត់បានទទួលឡើយ។
«ហ្វូងតែមួយ ហើយមានគង្វាលតែម្នាក់»
១៦. តើយើងត្រូវយកចិត្តទុកដាក់នឹង«ពាក្យ»អ្វី?
១៦ រាស្ត្ររបស់ព្រះយេហូវ៉ាគឺជា«ហ្វូងតែមួយ»នៅក្រោម«គង្វាលតែម្នាក់» ពោលគឺលោកយេស៊ូគ្រិស្ត។ (យ៉ូន. ១០:១៦) លោកយេស៊ូបានបង្ហាញថា លោកនឹងនៅជាមួយនឹងពួកអ្នកកាន់តាមលោក«ជារៀងរាល់ថ្ងៃ រហូតដល់គ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោកនេះ»។ (ម៉ាថ. ២៨:២០) ក្នុងនាមជាស្តេចនៅស្ថានសួគ៌ លោកមានអំណាចធ្វើឲ្យព្រឹត្ដិការណ៍ទាំងអស់នោះដែលនាំទៅដល់ការដាក់ទោសពិភពលោករបស់សាថាន កើតឡើង។ ដើម្បីរក្សាសាមគ្គីភាពនិងសុវត្ថិភាពក្នុងហ្វូងចៀមរបស់ព្រះ យើងត្រូវស្ដាប់‹ពាក្យពីក្រោយយើង› ដែលប្រាប់ផ្លូវដែលយើងត្រូវទៅ។ «ពាក្យ»នេះរួមបញ្ចូលអ្វីដែលព្រះយេហូវ៉ាបង្រៀនយើងក្នុងគម្ពីរ និងអ្វីដែលលោកនិងលោកយេស៊ូមានប្រសាសន៍តាមរយៈគង្វាលដែលលោកបានតែងតាំង។—សូមអាន អេសាយ ៣០:២១; ការបើកបង្ហាញ ៣:២២
១៧, ១៨. (ក) តើរាស្ត្ររបស់ព្រះអាចមានគ្រោះថ្នាក់យ៉ាងណា? តើយើងអាចប្រាកដអំពីអ្វី? (ខ) តើអត្ថបទបន្ទាប់នឹងពិភាក្សាអំពីអ្វី?
១៧ គម្ពីរចែងថាសាថានគឺ«ដូចតោដែលកំពុងគ្រហឹមរកលេបត្របាក់អ្នកណាម្នាក់»។ (១ពេ. ៥:៨) ដូចសត្វព្រៃដែលចាប់សត្វឯទៀតជាចំណី ហើយដែលឃ្លានយ៉ាងខ្លាំង វាកំពុងលបចាប់ហ្វូងសត្វ ដោយរង់ចាំឱកាសដើម្បីលោតសង្គ្រុបសត្វណាដែលមិនប្រុងប្រយ័ត្ន ឬសត្វដែលវង្វេង។ នេះជាមូលហេតុមួយទៀតដែលយើងគួរនៅជិតស្និទ្ធជាមួយបងប្អូនឯទៀត និងព្រះយេហូវ៉ាជា«គង្វាលដែលរក្សាការពារជីវិតរបស់»យើង។ (១ពេ. ២:២៥) ស្តីអំពីពួកអ្នកដែលរួចជីវិតពីគ្រាវេទនាជាខ្លាំង សៀវភៅការបើកបង្ហាញ ៧:១៧ចែងថា៖ «កូនចៀម[លោកយេស៊ូ] . . . នឹងឃ្វាលពួកគេ ហើយនាំទៅឯរន្ធទឹកដែលផ្ដល់ជីវិត។ ឯព្រះនឹងជូតអស់ទាំងទឹកភ្នែកចេញពីភ្នែករបស់ពួកគេ»។ នេះពិតជាសេចក្ដីសន្យាដ៏អស្ចារ្យមែន!
១៨ ក្រោយពីបានពិចារណាអំពីតួនាទីដ៏សំខាន់នៃអ្នកចាស់ទុំក្នុងក្រុមជំនុំជាគង្វាលដែលនៅក្រោមអំណាចលោកយេស៊ូ យើងគួរសួរថា តើពួកបុរសដែលបានត្រូវតែងតាំងទាំងនេះ អាចធ្វើដូចម្ដេចដើម្បីឲ្យប្រាកដថាពួកគាត់ប្រព្រឹត្តយ៉ាងត្រឹមត្រូវទៅលើចៀមរបស់លោកយេស៊ូ? ចម្លើយរបស់សំណួរនេះនឹងត្រូវពិភាក្សានៅអត្ថបទបន្ទាប់។