បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w95 ១/១ ទំ. ១៣-១៨
  • ការឃ្វាលហ្វូងចៀមរបស់ព្រះដោយសេចក្ដីស្រឡាញ់

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការឃ្វាលហ្វូងចៀមរបស់ព្រះដោយសេចក្ដីស្រឡាញ់
  • ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • គំរូ​របស់​អ្នក​គង្វាល​ល្អ
  • ពួក​អ្នក​គង្វាល​ដ៏​ឃោរ​ឃៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល
  • អ្នក​គង្វាល​ដែល​មាន​ចិត្ត​ស្រឡាញ់​ក្នុង​ក្រុម​ជំនុំ​គ្រីស្ទាន
  • ការ​គោរព​ចំពោះ​ការ​ប្រើ​ចិត្ត​សេរី
  • គង្វាលទាំងឡាយ ចូរយកតម្រាប់គង្វាលឧត្តុង្គឧត្តមបំផុត
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
  • ចូរស្ដាប់បង្គាប់គង្វាលរបស់ព្រះយេហូវ៉ា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
  • «ចូរឃ្វាលហ្វូងចៀមរបស់ព្រះដែលនៅក្រោមការថែទាំរបស់អ្នករាល់គ្នា»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
  • ចូរជួយបងប្អូនដែលវង្វេងចេញពីហ្វូងចៀមរបស់ព្រះ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
w95 ១/១ ទំ. ១៣-១៨

ការ​ឃ្វាល​ហ្វូង​ចៀម​របស់​ព្រះ​ដោយ​សេចក្ដី​ស្រឡាញ់

«ចូរ​ឃ្វាល​ហ្វូង​ចៀម​របស់​ព្រះ ដែល​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ចុះ»។—ពេត្រុស​ទី​១ ៥:២

១, ២. តើ​អ្វី​ជា​គុណសម្បត្ដិ​ដ៏​សំខាន់​ជាង​គេ​របស់​ព្រះ​យេហូវ៉ា ហើយ​តើ​តាម​របៀប​ណា​ដែល​គុណសម្បត្ដិ​នេះ​ត្រូវ​បាន​សម្ដែង​មក?

នៅ​គ្រប់​ទី​កន្លែង​ក្នុង​ព្រះ​គម្ពីរ​បរិសុទ្ធ ត្រូវ​បាន​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថា សេចក្ដី​ស្រឡាញ់​ជា​គុណសម្បត្ដិ​ដ៏​សំខាន់​ជាង​គេ​បំផុត​របស់​ព្រះ។ នៅ​យ៉ូហាន​ទី​១ ៤:៨ ចែង​ថា៖ «ព្រះ​ទ្រង់​ជា​សេចក្ដី​ស្រឡាញ់»។ ដោយ​សារ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ត្រូវ​បាន​សម្ដែង​មក​តាម​រយៈ​សកម្មភាព ពេត្រុស​ទី​១ ៥:៧ ចែង​ថា​ព្រះ«យក​ព្រះ​ទ័យ​ទុក​ដាក់​នឹង​អ្នក​រាល់​គ្នា»។ នៅ​ក្នុង​ព្រះ​គម្ពីរ របៀប​ដែល​ព្រះ​យេហូវ៉ា​យក​ព្រះ​ទ័យ​ទុក​ដាក់​នឹង​ប្រជារាស្ត្រ​របស់​ទ្រង់ ត្រូវ​បាន​ប្រដូច​នឹង​របៀប​ដែល​អ្នក​គង្វាល​ដែល​មាន​សេចក្ដី​ស្រឡាញ់ ថែ​រក្សា​ចៀម​របស់​គាត់​យ៉ាង​ថ្នាក់​ថ្នម៖ «មើល ព្រះ​អម្ចាស់​យេហូវ៉ា​ទ្រង់ . . . នឹង​ឃ្វាល​ហ្វូង​របស់​ទ្រង់ ដូច​ជា​អ្នក​គង្វាល ទ្រង់​នឹង​ប្រមូល​អស់​ទាំង​កូន​ចៀម​មក​បី​នៅ​ព្រះ​ពាហុ ហើយ​លើក​ផ្ទាប់​នៅ​ព្រះ​ឧរា ក៏​នឹង​នាំ​ពួក​មេ​ៗ ដែល​មាន​កូន​ខ្ចី ទៅ​ដោយ​ថ្នម»។ (អេសាយ ៤០:១០, ១១) ដាវីឌ​ច្បាស់​ជា​បាន​សម្រាល​ទុក្ខ​ហើយ ដែល​អាច​មាន​ប្រសាសន៍​ថា៖ «ព្រះ​យេហូវ៉ា​ទ្រង់​ជា​អ្នក​គង្វាល​ខ្ញុំ ខ្ញុំ​នឹង​មិន​ខ្វះ​អ្វី​សោះ»!—ទំនុកដំកើង ២៣:១

២ ជា​ការ​ត្រឹម​ត្រូវ​ណាស់ ដែល​ព្រះ​គម្ពីរ​ប្រដូច​មនុស្ស​ដែល​ព្រះ​យល់​ព្រម​ទៅ​នឹង​ចៀម ពី​ព្រោះ​ចៀម​ជា​សត្វ​ស្លូត​បូត មិន​រឹង​រូស ហើយ​ចេះ​ស្ដាប់​បង្គាប់​អ្នក​គង្វាល​ដែល​ថែ​រក្សា​វា។ ជា​អ្នក​គង្វាល​ដែល​មាន​សេចក្ដី​ស្រឡាញ់ ព្រះ​យេហូវ៉ា​យក​ព្រះ​ទ័យ​ទុក​ដាក់​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ប្រជារាស្ត្រ​របស់​ទ្រង់​ដែល​មាន​លក្ខណៈ​ដូច​ចៀម។ ទ្រង់​បង្ហាញ​សេចក្ដី​ស្រឡាញ់ ដោយ​ជួយ​ផ្គត់​ផ្គង់​ពួក​គេ​ខាង​វត្ថុ​និង​ខាង​វិញ្ញាណ ហើយ​ដោយ​ដឹក​នាំ​ពួក​គេ​ឆ្លង​កាត់«ថ្ងៃ​ជាន់​ក្រោយ​បង្អស់»ដ៏​ពិបាក​នៃ​លោកីយ៍​ដ៏​អាក្រក់​នេះ ឆ្ពោះ​ទៅ​ពិភព​លោក​ថ្មី​ដ៏​សុចរិត​របស់​ទ្រង់​ដែល​នឹង​មក​ខាង​មុខ​នេះ។—ធីម៉ូថេ​ទី​២ ៣:១​-​៥, ១៣; ម៉ាថាយ ៦:៣១​-​៣៤; ១០:២៨​-​៣១; ពេត្រុស​ទី​២ ៣:១៣

៣. តើ​អ្នក​តែង​បទ​ទំនុកដំកើង​បាន​ពិពណ៌នា​យ៉ាង​ណា​ខ្លះ អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​យក​ព្រះ​ទ័យ​ទុក​ដាក់​នឹង​ចៀម​របស់​ទ្រង់?

៣ សូម​កត់​សម្គាល់​នូវ​របៀប​ដែលព្រះ​យេហូវ៉ា​សម្ដែង​សេចក្ដី​ស្រឡាញ់ ដោយ​យក​ព្រះ​ទ័យ​ទុក​ដាក់​នឹង​ចៀម​របស់​ទ្រង់៖ «ព្រះ​នេត្រ​ព្រះ​យេហូវ៉ា​ទត​ទៅ​ចំពោះ​មនុស្ស​សុចរិត ហើយ​ព្រះ​កាណ៌​ទ្រង់​ក៏​ប្រុង​ស្ដាប់​សំរែ​ក​របស់​គេ . . . គេ​អំពាវ​នាវ ហើយ​ព្រះ​យេហូវ៉ា​ទ្រង់​ទទួល​ស្ដាប់ ទ្រង់​ក៏​ប្រោស​គេ​ឲ្យ​រួច​ពី​គ្រប់​សេចក្ដី​លំបាក​របស់​គេ។ ព្រះ​យេហូវ៉ា​ទ្រង់​គង់​ជិត​បង្កើយ​នឹង​អស់​អ្នក​ដែល​មាន​ចិត្ត​សង្រេង ហើយ​ទ្រង់​ជួយ​សង្គ្រោះ​ដល់​អស់​អ្នក ដែល​មាន​វិញ្ញាណ​ទន់​ទាប។ មនុស្ស​សុចរិត​តែង​កើត​មាន​សេចក្ដី​លំបាក​ជា​ច្រើន តែ​ព្រះ​យេហូវ៉ា​ទ្រង់​ជួយ​ឲ្យ​រួច​ពី​សេចក្ដី​ទាំង​នោះ»។ (ទំនុកដំកើង ៣៤:១៥​-​១៩) ជា​ការ​សម្រាល​ទុក្ខ​ដ៏​សម្បើម​មែន ដែល​អ្នក​គង្វាល​សកល​លោក​ជួយ​ប្រជារាស្ត្រ​របស់​ទ្រង់​ដែល​មាន​លក្ខណៈ​ដូច​ចៀម!

គំរូ​របស់​អ្នក​គង្វាល​ល្អ

៤. តើ​ព្រះ​យេស៊ូវ​មាន​មុខ​នាទី​អ្វី​ក្នុង​ការ​ថែ​រក្សា​ហ្វូង​ចៀម​របស់​ព្រះ?

៤ ព្រះ​យេស៊ូវ​ជា​រាជបុត្រា​របស់​ព្រះ បាន​រៀន​យ៉ាង​ប្រសើរ​ពី​ព្រះ​វរបិតា​របស់​ទ្រង់ ដ្បិត​ព្រះ​គម្ពីរ​ហៅ​ព្រះ​យេស៊ូវ​ជា«អ្នក​គង្វាល​ល្អ»។ (យ៉ូហាន ១០:១១​-​១៦) ការ​បំរើ​ដ៏​សំខាន់​របស់​ទ្រង់​ចំពោះ​ហ្វូង​ចៀម​របស់​ព្រះ ត្រូវ​បាន​សម្គាល់​ឃើញ​នៅ​សៀវភៅ​វិវរណៈ ជំពូក​ទី​៧។ ក្នុង​ខ​៩ ពួក​អ្នក​បំរើ​ព្រះ​នៅ​សម័យ​យើង​នេះ ត្រូវ​បាន​ហៅ​ជា«មនុស្ស​១​ហ្វូង​យ៉ាង​ធំ . . . មក​ពី​គ្រប់​ទាំង​សាសន៍ គ្រប់​ទាំង​ពូជ​មនុស្ស គ្រប់​ទាំង​គ្រួសារ ហើយ​គ្រប់​ទាំង​ភាសា»។ រួច​មក​នៅ​ខ​១៧ ចែង​ថា៖ «កូន​ចៀម[ព្រះ​យេស៊ូវ] . . . នឹង​ឃ្វាល ហើយ​នាំ​គេ ទៅ​ដល់​រន្ធ​ទឹក​នៃ​ជីវិត ហើយ​ព្រះ​ទ្រង់​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក ពី​ភ្នែក​គេ​ចេញ»។ ព្រះ​យេស៊ូវ​ដឹក​នាំ​ពួក​ចៀម​របស់​ព្រះ​ទៅ​ឯ​ទឹក​នៃ​សេចក្ដី​ពិត ដែល​នាំ​ទៅ​ជីវិត​អស់​កល្ប​ជា​និច្ច។ (យ៉ូហាន ១៧:៣) សូម​កត់​សម្គាល់​ថា ព្រះ​យេស៊ូវ​ត្រូវ​បាន​ហៅ​ជា«កូន​ចៀម» គឺ​ចង្អុល​ប្រាប់​ពី​គុណសម្បត្ដិ​របស់​ទ្រង់​ដែល​មាន​លក្ខណៈ​ដូច​ចៀម ដែល​ទ្រង់​ជា​មេ​គំរូ​នៃ​ភាព​ចុះ​ចូល​នឹង​ព្រះ។

៥. តើ​ព្រះ​យេស៊ូវ​មាន​ព្រះ​ទ័យ​យ៉ាង​ណា​ចំពោះ​មនុស្ស?

៥ នៅ​លើ​ផែនដី ព្រះ​យេស៊ូវ​បាន​រស់​នៅ​ក្នុង​ចំណោម​មនុស្ស ហើយ​បាន​ទត​ឃើញ​នូវ​ស្ថានភាព​ដែល​គួរ​ឲ្យ​អាណិត​របស់​គេ។ តើ​ទ្រង់​បាន​មាន​ព្រះ​ទ័យ​យ៉ាង​ណា​ចំពោះ​ស្ថានភាព​របស់​គេ? «ទ្រង់​មាន​ព្រះ​ហឫទ័យ​ក្ដួល​អាណិត​ដល់​គេ ដ្បិត​គេ​ល្វើយ ហើយ​ខ្ចាត់​ខ្ចាយ ដូច​ហ្វូង​ចៀម ដែល​ឥត​អ្នក​គង្វាល»។ (ម៉ាថាយ ៩:៣៦) ពួក​ចៀម​ដែល​គ្មាន​អ្នក​គង្វាល រង​ទុក្ខ​យ៉ាង​ខ្លាំង​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​សត្រូវ ហើយ​ពួក​ចៀម​ដែល​អ្នក​គង្វាល​មិន​យក​ចិត្ត​ទុក​ដាក់ ក៏​មាន​ទុក្ខ​បៀត​បៀន​ដូច​នេះ​ដែរ។ ប៉ុន្តែ ព្រះ​យេស៊ូវ​យក​ព្រះ​ទ័យ​ទុក​ដាក់​ណាស់ ដ្បិត​ទ្រង់​បាន​មាន​បន្ទូល​ថា៖ «អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សំរាក។ ចូរ​ទទួល​នឹម​ខ្ញុំ ហើយ​រៀន​នឹង​ខ្ញុំ​ចុះ ដ្បិត​ខ្ញុំ​ស្លូត ហើយ​មាន​ចិត្ត​សុភាព នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សេចក្ដី​សំរាក​ដល់​ព្រលឹង ពី​ព្រោះ​នឹម​ខ្ញុំ​ងាយ​ទេ ហើយ​បន្ទុក​ខ្ញុំ​ក៏​ស្រាល»។—ម៉ាថាយ ១១:២៨​-​៣០

៦. តើ​ព្រះ​យេស៊ូវ​បាន​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ដូច​ម្ដេច ចំពោះ​ពួក​ដែល​គេ​ជិះ​ជាន់?

៦ ទំនាយ​ព្រះ​គម្ពីរ​បាន​ទាយ​ទុក​មក​ថា ព្រះ​យេស៊ូវ​នឹង​ទាក់​ទង​ជា​មួយ​ប្រជារាស្ត្រ​ដោយ​សេចក្ដី​ស្រឡាញ់៖ «ព្រះ​យេហូវ៉ា​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ខ្ញុំ . . . ដើម្បី​នឹង​ប្រោសមនុស្ស​ដែល​មាន​ចិត្ត​សង្រេង . . . ហើយ​ឲ្យ​កំសាន្ត​ចិត្ត​នៃ​អស់​អ្នក​ណា​ដែល​សោយ​សោក»។ (អេសាយ ៦១:១, ២; លូកា ៤:១៧​-​២១) ព្រះ​យេស៊ូវ​មិន​ដែល​មើល​ងាយ​ពួក​ក្រី​ក្រ​និង​ពួក​អភ័ព្វ​ឡើយ។ តែ​ផ្ទុយ​ទៅ​វិញ ទ្រង់​បាន​បំពេញ​អេសាយ ៤២:៣​ថា៖ «ទ្រង់​នឹង​មិន​ផ្ដាច់​ដើម​ត្រែង​ដែល​បាក់​ទេ ក៏​មិន​លត់​ប្រឆេះ​ដែល​នៅ​ហុយ​ដែរ»។ (ប្រៀប​ធៀប ម៉ាថាយ ១២:១៧​-​២១) ពួក​អ្នក​ដែល​មាន​ទុក្ខ​វេទនា​ហាក់​បី​ដូច​ជា​ដើម​ត្រែង​ដែល​បាក់ និង​ដូច​ចង្កៀង​ដែល​ហៀប​នឹង​រលត់​ដោយ​គ្មាន​ឥន្ធនៈ។ ដោយ​ទទួល​ស្គាល់​ស្ថានភាព​ដែល​គួរ​ឲ្យ​អាណិត​នេះ ព្រះ​យេស៊ូវ​បាន​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា​ដល់​គេ ហើយ​ផ្ដល់​កំឡាំង​និង​សេចក្ដី​សង្ឃឹម ព្រម​ទាំង​ប្រោស​ឲ្យ​គេ​ជា​ខាង​វិញ្ញាណ​និង​ខាង​រូប​កាយ​ផង។—ម៉ាថាយ ៤:២៣

៧. ចំពោះ​ពួក​អ្នក​ដែល​តប​ឆ្លើយ​នឹង​ទ្រង់​នោះ តើ​ទ្រង់​ដឹក​នាំ​ពួក​គេ​ទៅ​ឯ​ណា?

៧ មនុស្ស​ដែល​មាន​លក្ខណៈ​ដូច​ចៀម​បាន​តប​ឆ្លើយ​នឹង​ព្រះ​យេស៊ូវ​ទាំង​ហ្វូង​ៗ។ ការ​បង្រៀន​របស់​ទ្រង់​បាន​ធ្វើ​ឲ្យ​ចាប់​អារម្មណ៍​ដល់​ម្ល៉េះ ដែល​ពួក​អាជ្ញា​ដែល​ត្រូវ​បាន​ចាត់​ឲ្យ​ទៅ​ចាប់​ទ្រង់ បាន​រាយ​ការណ៍​មក​ថា៖ «មិន​ដែល​មាន​អ្នក​ណា​និយាយ​ដូច​អ្នក​នោះ​ទេ»។ (យ៉ូហាន ៧:៤៦) ពួក​មេ​ដឹក​នាំ​សាសនា​ដែល​លាក់​ពុត​បាន​ត្អូញត្អែរ​ថា៖ «លោកីយ​ទាំង​ស្រុង​ទៅ​តាម​អ្នក​នោះ​ហើយ»! (យ៉ូហាន ១២:១៩) ប៉ុន្តែ​ព្រះ​យេស៊ូវ​មិន​ចង់​បាន​កិត្ដិយស​ឬ​សិរី​ល្អ​ចំពោះ​ទ្រង់​ទេ។ ទ្រង់​បាន​ដឹក​នាំ​មនុស្ស​ទៅ​ឯ​ព្រះ​វរបិតា​ទ្រង់​វិញ។ ទ្រង់​បាន​បង្រៀន​ពួក​គេ​ឲ្យ​បំរើ​ព្រះ​យេហូវ៉ា​ដោយ​ញ៉ាំង​ពី​សេចក្ដី​ស្រឡាញ់​ចំពោះ​គុណសម្បត្ដិ​ដ៏​គួរ​ឲ្យ​សរសើរ​នៃ​ព្រះ​វរបិតា​របស់​ទ្រង់៖ «ឯង​ត្រូវ​ស្រឡាញ់​ព្រះ​អម្ចាស់ ជា​ព្រះ​នៃ​ឯង ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង អស់​អំពី​កំឡាំង ហើយ​អស់​អំពី​គំនិត​ឯង»។—លូកា ១០:២៧, ២៨

៨. តើ​មាន​ការ​ខុស​គ្នា​យ៉ាង​ណា រវាង​ការ​គោរព​ប្រតិបត្ដិ​នៃ​ប្រជារាស្ត្រ​របស់​ព្រះ និង​ការ​គោរព​ប្រតិបត្ដិ​នៃ​អ្នក​ឯ​ទៀត ចំពោះ​មេ​ដឹក​នាំ​លោកីយ៍?

៨ ព្រះ​យេហូវ៉ា​សម្ដែង​សេចក្ដី​រីករាយ​ក្រៃ​លែង ដែល​អធិបតេយ្យភាព​សកល​លោក​របស់​ទ្រង់ បាន​គាំទ្រ​ដោយ​ពួក​មនុស្ស​ដែល​មាន​លក្ខណៈ​ដូច​ចៀម ដោយ​សំអាង​ទៅ​លើ​សេចក្ដី​ស្រឡាញ់​របស់​ពួក​គេ​ចំពោះ​ទ្រង់។ ពួក​គេ​សម្រេច​ចិត្ត​បំរើ​ទ្រង់​ដោយ​ស្ម័គ្រ​ចិត្ត ពី​ព្រោះ​ពួក​គេ​មាន​តម្រិះ​វិជ្ជា​អំពី​គុណសម្បត្ដិ​ដែល​គួរ​ឲ្យ​ស្រឡាញ់​របស់​ទ្រង់។ នេះ​ជា​ការ​ខុស​ប្លែក​ណាស់​ពី​មេ​ដឹក​នាំ​ទាំង​ឡាយ​ក្នុង​ពិភព​លោក ដែល​អនុ​រាស្ត្រ​របស់​គេ​ស្ដាប់​បង្គាប់​ពួក​គេ ដោយ​សារ​សេចក្ដី​ខ្លាច ឬ​ក៏​ធ្វើ​ទាំង​បង្ខំ​ចិត្ត ឬ​ពី​ព្រោះ​ពួក​គេ​មាន​ចេតនា​អ្វី​លាក់​កំបាំង​ណា​មួយ! យើង​មិន​អាច​ប្រដូច​ព្រះ​យេហូវ៉ា​ឬ​ព្រះ​យេស៊ូវ ទៅ​នឹង​អ្វី​ៗ​ដែល​គេ​បាន​និយាយ​អំពី​មហា​សង្ឃ​នៃ​សាសនា​កាតូលិក ដែល​ថា៖ «មហាសង្ឃ​ត្រូវ​បាន​មនុស្ស​សរសើរ​ជា​ច្រើន ហើយ​មនុស្ស​ជា​ច្រើន​ក៏​បាន​ខ្លាច​ដែរ ព្រម​ទាំង​គ្មាន​អ្នក​ណា​មួយ​ស្រឡាញ់​ឡើយ»។—ពួក​បព្វជិត​នៃ​ព្រះ​គ្រីស្ទ—ទិដ្ឋភាព​ដ៏​ងងឹត​នៃ​មហា​សង្ឃ ដោយ​លោក ភីតធើ ឌឺ រ៉ូសា។

ពួក​អ្នក​គង្វាល​ដ៏​ឃោរ​ឃៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល

៩, ១០. សូម​ពិពណ៌នា​អំពី​មេ​ដឹក​នាំ​នៃ​ប្រទេស​អ៊ីស្រាអែល​ពី​សម័យ​បុរាណ និង​នៅ​សតវត្ស​ទី​មួយ។

៩ មិន​ដូច​ព្រះ​យេស៊ូវ ពួក​មេ​ដឹក​នាំ​សាសនា​ក្នុង​ប្រទេស​អ៊ីស្រាអែល​នៅ​ជំនាន់​ទ្រង់ មិន​មាន​សេចក្ដី​ស្រឡាញ់​ដល់​ពួក​ចៀម​ទេ។ ពួក​គេ​មាន​សភាព​ដូច​ពួក​អ្នក​គ្រប់​គ្រង​ក្នុង​ប្រទេស​អ៊ីស្រាអែល​ពី​ដើម ដែល​ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​អំពី​ពួក​គេ៖ «វេទនា​ដល់​ពួក​អ្នក​គង្វាល​នៃ​សាសន៍​អ៊ីស្រាអែល ដែល​ឃ្វាល​តែ​ខ្លួន​ឯង តើ​មិន​ត្រូវ​ឲ្យ​ពួក​អ្នក​គង្វាល​នោះ ឃ្វាល​ហ្វូង​ចៀម​វិញ​ទេ​ឬ​អី? . . . ឯង​រាល់​គ្នា​មិន​បាន​ចំរើន​កំឡាំង ដល់​សត្វ​ណា​ដែល​អន់​កំឡាំង ហើយ​ណា​ដែល​ឈឺ នោះ​មិន​បាន​មើល​ឲ្យ​ជា​ទេ ណា​ដែល​បាក់​ជើង ឯង​មិន​បាន​រុំ​អប ណា​ដែល​ត្រូវ​កំចាត់​កំចាយ នោះ​ឯង​មិន​បាន​នាំ​មក​វិញ ហើយ​ណា​ដែល​វង្វេង​ទៅ នោះ​ក៏​មិន​បាន​ស្វែង​រក​ដែរ គឺ​ឯង​រាល់​គ្នា​បាន​គ្រប់​គ្រង​លើ​វា ដោយ​កំឡាំង ហើយ​តឹង​រ៉ឹង​វិញ»។—អេសេគាល ៣៤:២​-​៤

១០ ដូច​អស់​ពួក​គង្វាល​ខាង​នយោបាយ ពួក​មេ​ដឹក​នាំ​សាសនា​សាសន៍​យូដា​នៃ​សតវត្ស​ទី​មួយ ជា​មនុស្ស​ដែល​គ្មាន​សេចក្ដី​មេត្ដា​ករុណា។ (លូកា ១១:៤៧​-​៥២) ដើម្បី​ពន្យល់​អំពី​រឿង​នេះ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ប្រាប់​អំពី​សាសន៍​យូដា​ម្នាក់ ដែល​ត្រូវ​បាន​គេ​ប្លន់ វាយ​តប់ ហើយ​ទុក​ឲ្យ​សន្លប់​នៅ​តាម​ផ្លូវ។ បព្វជិត​សាសន៍​យូដា​ម្នាក់​បាន​ដើរ​មក ប៉ុន្តែ​នៅ​ពេល​ឃើញ​បុរស​សាសន៍​យូដា​នោះ គាត់​ក៏​បាន​ដើរ​វាង​ហួស​ទៅ។ បុរស​លេវី​ម្នាក់​ក៏​បាន​ធ្វើ​ដូច្នេះ​ដែរ។ រួច​មក បុរស​ម្នាក់​ដែល​មិន​មែន​ជាតិ​អ៊ីស្រាអែល ជា​សាសន៍​សាម៉ារី​ដែល​គេ​ស្អប់​ខ្ពើម​បាន​មក​ដល់ ហើយ​បាន​មាន​ចិត្ត​អាណិត​ដល់​បុគ្គល​រង​គ្រោះ​នោះ។ គាត់​បាន​រុំ​របួស​ឲ្យ​បុរស​នោះ រួច​លើក​គាត់​ដាក់​លើ​សត្វ​យក​ទៅ​ឯ​ផ្ទះ​សំណាក់ ហើយ​បាន​មើល​ថែ​ទាំ​អ្នក​របួស​នោះ។ គាត់​បាន​បង់​ប្រាក់​ឲ្យ​ម្ចាស់​ផ្ទះ​សំណាក់ ហើយ​បាន​មាន​ប្រសាសន៍​ថា គាត់​នឹង​ត្រឡប់​មក​វិញ ដើម្បី​នឹង​បង់​ប្រាក់​បង្គ្រប់​ថែម​ទៀត។—លូកា ១០:៣០​-​៣៧

១១, ១២. (ក) នៅ​ជំនាន់​ព្រះ​យេស៊ូវ តើ​អំពើ​អាក្រក់​ជួជាតិ​នៃ​មេ​ដឹក​នាំ​សាសនា​បាន​លូត​លាស់​ដល់​កម្រិត​ណា? (ខ) នៅ​ទី​បំផុត តើ​ពួក​រ៉ូម៉ាំង​បាន​ធ្វើ​យ៉ាង​ណា​ដល់​ពួក​មេ​ដឹក​នាំ​សាសនា?

១១ ពួក​មេ​ដឹក​នាំ​សាសនា​នៅ​ជំនាន់​ព្រះ​យេស៊ូវ​បាន​ពុក​រលួយ​ដល់​ម្ល៉េះ ដែល​នៅ​ពេល​ព្រះ​យេស៊ូវ​បាន​ប្រោស​លោក​ឡាសារ​ឲ្យ​រស់​ពី​សេចក្ដី​ស្លាប់​វិញ ពួក​សង្គ្រាជ​និង​ពួក​ផារិស៊ី បាន​ហៅ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​មក​ទាំង​អស់​គ្នា ហើយ​បាន​មាន​ប្រសាសន៍​ថា៖ «តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្ដេច ព្រោះ​មនុស្ស​នេះ[ព្រះ​យេស៊ូវ]ធ្វើ​ទី​សំគាល់​ច្រើន​ណាស់? បើ​យើង​ទុក​ឲ្យ​ធ្វើ​តែ​យ៉ាង​ដូច្នេះ​ទៅ នោះ​មុខ​ជា​មនុស្ស​ទាំង​អស់​នឹង​ជឿ​តាម​វា​ហើយ រួច​សាសន៍​រ៉ូម​នឹង​មក​ចាប់​យក​ទាំង​ស្រុក នឹង​ជាតិ​យើង​ផង»។ (យ៉ូហាន ១១:៤៧, ៤៨) ពួក​គេ​មិន​បាន​ខ្វល់​អំពី​ការ​ប្រព្រឹត្ត​ល្អ​ៗ​ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ​នោះ​ទេ ដែល​ជា​ប្រយោជន៍​ដល់​បុរស​ស្លាប់​នោះ។ ពួក​គេ​បាន​ខ្វល់​តែ​អំពី​ឋានៈ​របស់​គេ​ប៉ុណ្ណោះ។ ដូច្នេះ«ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក គេ​ក៏​ពិគ្រោះ​គ្នា​នឹង​សំឡាប់[ព្រះ​យេស៊ូវ]ចេញ»។—យ៉ូហាន ១១:៥៣

១២ ដើម្បី​ធ្វើ​ឲ្យ​អំពើ​ដ៏​អាក្រក់​ជួជាតិ​របស់​គេ​រឹត​តែ​ធ្ងន់​ឡើង ពួក​សង្គ្រាជ«ជំនុំ​គ្នា​នឹង​សំឡាប់​ទាំង​ឡាសារ​ដែរ ដ្បិត​ដោយ​ព្រោះ​តែ​គាត់ បាន​ជា​មាន​សាសន៍​យូដា​ជា​ច្រើន ដក​ខ្លួន​ចេញ​ពី​ពួក​គេ ទៅ​ជឿ​ដល់​ព្រះ​យេស៊ូវ​វិញ»។ (យ៉ូហាន ១២:១០, ១១) ការ​ខំ​ប្រឹង​ដ៏​អាត្មា​និយម​របស់​គេ​ដើម្បី​ការ​ពារ​ឋានៈ​របស់​គេ មិន​បាន​ជោគ​ជ័យ​ទេ ពី​ព្រោះ​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ប្រាប់​គេ​ថា៖ «ផ្ទះ​ឯង​នឹង​ត្រូវ​ចោល​ស្ងាត់​ទុក​ឲ្យ​ឯង»។ (ម៉ាថាយ ២៣:៣៨) ពាក្យ​បន្ទូល​ទាំង​នោះ​បាន​សម្រេច​មែន នៅ​ជំនាន់​នោះ ពួក​សាសន៍​រ៉ូម៉ាំង​បាន​មក ហើយ​បាន​យក‹ទី​កន្លែង​របស់​គេ​និង​ស្រុក​របស់​គេ›ព្រម​ទាំង​ជីវិត​របស់​គេ​ផង។

អ្នក​គង្វាល​ដែល​មាន​ចិត្ត​ស្រឡាញ់​ក្នុង​ក្រុម​ជំនុំ​គ្រីស្ទាន

១៣. តើ​ព្រះ​យេហូវ៉ា​បាន​សន្យា​ឲ្យ​អ្នក​ណា​មក​ឃ្វាល​ហ្វូង​ចៀម​របស់​ទ្រង់?

១៣ ព្រះ​យេហូវ៉ា​នឹង​តាំង​ឲ្យ​មាន​អ្នក​គង្វាល​ល្អ​ម្នាក់ គឺ​ព្រះ​យេស៊ូវ​ឲ្យ​ថែ​រក្សា​ហ្វូង​ចៀម​របស់​ទ្រង់ ជា​ជាង​ពួក​អ្នក​គង្វាល​ដែល​មាន​ចិត្ត​ឃោរ​ឃៅ​និង​កំណាញ់។ ទ្រង់​ក៏​បាន​សន្យា​នឹង​តាំង​ឲ្យ​មាន​អនុ​គង្វាល​ដែល​មាន​ចិត្ត​ស្រឡាញ់​ដើម្បី​នឹង​ថែ​រក្សា​ចៀម​ដែរ៖ «អញ​នឹង​តាំង​អ្នក​គង្វាល​លើ​គេ​ដែល​នឹង​ឃ្វាល​គេ គ្រា​នោះ​គេ​នឹង​មិន​ភ័យ ឬ​ស្រយុត​ចិត្ត​ទៀត​ឡើយ»។ (យេរេមា ២៣:៤) ដូច្នេះ ដូច​នៅ​ក្នុង​ក្រុម​ជំនុំ​គ្រីស្ទាន​សតវត្ស​ទី​មួយ សព្វ​ថ្ងៃ​នេះ​ក៏​មាន​ការ«តាំង​ឲ្យ​មាន ពួក​ចាស់​ទុំ​នៅ​គ្រប់​ទាំង​ទី​ក្រុង»ដែរ។ (ទីតុស ១:៥) ពួក​ចាស់​ទុំ​ទាំង​នេះ​មាន​ភាព​វិញ្ញាណ ហើយ​មាន​គុណវុឌ្ឍិ​គ្រប់​គ្រាន់​សម​តាម​សេចក្ដី​តម្រូវ​ដែល​ចែង​មក​ក្នុង​ព្រះ​គម្ពីរ ដើម្បី​ឲ្យ«ឃ្វាង​ហ្វូង​ចៀម​របស់​ព្រះ»។—ពេត្រុស​ទី​១ ៥:២; ធីម៉ូថេ​ទី​១ ៣:១​-​៧; ទីតុស ១:៧​-​៩

១៤, ១៥. (ក) តើ​អាកប្បកិរិយា​មួយ​ណា ដែល​ពួក​សិស្ស​មាន​ការ​ពិបាក​នឹង​បណ្ដុះ​ឲ្យ​មាន? (ខ) តើ​ព្រះ​យេស៊ូវ​បាន​ធ្វើ​អ្វី ដើម្បី​បង្ហាញ​ថា ពួក​ចាស់​ទុំ​គួរ​តែ​ជា​អ្នក​បំរើ​ដែល​បន្ទាប​ខ្លួន?

១៤ ក្នុង​ការ​ថែ​រក្សា​ចៀម ពួក​ចាស់​ទុំ«មុន​ដំបូង​បង្អស់»ត្រូវ​មាន«សេចក្ដី​ស្រឡាញ់ . . . ឲ្យ​អស់​ពី​ចិត្ត»ដល់​ពួក​ចៀម។ (ពេត្រុស​ទី​១ ៤:៨) ប៉ុន្តែ​ពួក​សិស្ស​របស់​ព្រះ​យេស៊ូវ ដោយ​សារ​តែមាន​កង្វល់​ដ៏​ហួស​ហេតុ​អំពី​កិត្យានុភាព​និង​ឋានៈ ក៏​ត្រូវ​តែ​រៀន​អំពី​រឿង​នេះ។ ដូច្នេះ នៅ​ពេល​ដែល​ម្ដាយ​របស់​សិស្ស​ពីរ​នាក់​បាន​ទូល​ទៅ​ព្រះ​យេស៊ូវ​ថា៖ «សូម​អនុញ្ញាត​ឲ្យ​កូន​ខ្ញុំ​ម្ចាស់​ទាំង​២​នេះ​បាន​អង្គុយ ១​ខាង​ស្ដាំ​១​ខាង​ឆ្វេង​ទ្រង់ ក្នុង​នគរ​របស់​ទ្រង់»នោះ ពួក​សិស្ស​ឯ​ទៀត​បាន​ទៅ​ជា​តូច​ចិត្ត។ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ទៅ​ពួក​គេ​ថា៖ «ពួក​ចៅហ្វាយ​នៃ​សាសន៍​ដទៃ​តែង​គ្រប់​គ្រង​លើ​សាសន៍​របស់​ខ្លួន ហើយ​ពួក​អ្នក​ធំ​ក៏​មាន​អំណាច​លើ​គេ​ដែរ ប៉ុន្តែ​មិន​ត្រូវ​ឲ្យ​មាន​ដូច្នោះ​ក្នុង​ពួក​អ្នក​រាល់​គ្នា​ឡើយ គឺ​អ្នក​ណា​ក្នុង​ពួក​អ្នក​រាល់​គ្នា ដែល​ចង់​ធ្វើ​ជា​ធំ នោះ​នឹង​ត្រូវ​ធ្វើ​ជា​អ្នក​បំរើ​ដល់​អ្នក​រាល់​គ្នា​វិញ ហើយ​អ្នក​ណា​ក្នុង​ពួក​អ្នក ដែល​ចង់​បាន​ជា​លេខ​១ អ្នក​នោះ​ត្រូវ​ធ្វើ​ជា​បាវ​ដល់​អ្នក​រាល់​គ្នា​វិញ​ដែរ»។—ម៉ាថាយ ២០:២០​-​២៨

១៥ នៅ​ពេល​មួយ​ទៀត ក្រោយ​ពី​ពួក​សិស្ស‹បាន​ជជែក​គ្នា​ចង់​ដឹង​ថា​ក្នុង​ចំណោម​ពួក​គេ​អ្នក​ណា​ធំ​ជាង​គេ› ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ទៅ​ពួក​គេ​ថា៖ «បើ​អ្នក​ណា​ចង់​ធ្វើ​ជា​លេខ​១ នោះ​ត្រូវ​ទៅ​ជា​ចុង​បង្អស់​វិញ ហើយ​ត្រូវ​បំរើ​គេ​ទាំង​អស់​ដែរ»។ (ម៉ាកុស ៩:៣៤, ៣៥) ការ​មាន​ចិត្ត​រាប​ទាប និង​ការ​បំរើ​ដោយ​ស្មោះ​ពី​ចិត្ត គឺ​ត្រូវ​តែ​ទៅ​ជា​ផ្នែក​មួយ​នៃ​បុគ្គលិក​លក្ខណៈ​របស់​គេ។ ប៉ុន្តែ ពួក​សិស្ស​នៅ​តែ​មាន​ការ​ពិបាក​នឹង​ប្រកាន់​គំនិត​ទាំង​នោះ ពី​ព្រោះ​នៅ​រាត្រី​មុន​នឹង​ព្រះ​យេស៊ូវ​ទទួល​មរណភាព នៅ​ពេល​ទទួល​អាហារ​ចុង​ក្រោយ​របស់​ទ្រង់ «ការ​ទាស់​ទែង​គ្នា»បាន​ផ្ទុះ​ឡើង​ក្នុង​ចំណោម​ពួក​គេ​អំពី​អ្នក​ណា​ដែល​រាប់​ជា​ធំ​ជាង​គេ! រឿង​នោះ​បាន​កើត​ឡើង ថ្វី​បើ​ព្រះ​យេស៊ូវ​បាន​បង្ហាញ​ពួក​គេ នូវ​របៀប​ដែល​អ្នក​ចាស់​ទុំ​ត្រូវ​បំរើ​ហ្វូង​ចៀម​ក្ដី។ ទ្រង់​បាន​បន្ទាប​ខ្លួន ហើយ​បាន​លាង​ជើង​របស់​ពួក​គេ។ ទ្រង់​បាន​មាន​បន្ទូល​ថា៖ «ដូច្នេះ បើ​ខ្ញុំ ដែល​ជា​ព្រះ​អម្ចាស់ ហើយ​ជា​គ្រូ បាន​លាង​ជើង ឲ្យ​អ្នក​រាល់​គ្នា នោះ​គួរ​តែ​ឲ្យ​អ្នក​រាល់​គ្នា​លាង​ជើង ដល់​គ្នា​នឹង​គ្នា​ដែរ ដ្បិត​ខ្ញុំ​បាន​ធ្វើ​ដំ​រាប់​ទុក​ឲ្យ​អ្នក​រាល់​គ្នា​ហើយ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ត្រាប់​តាម​ការ​ដែល​ខ្ញុំ​បាន​ធ្វើ​ឲ្យ​នោះ»។—លូកា ២២:២៤; យ៉ូហាន ១៣:១៤, ១៥

១៦. ក្នុង​ឆ្នាំ​១៨៩៩ តើ​ទស្សនាវដ្ដី​ប៉ម​យាម​ពន្យល់​យ៉ាង​ណា ចំពោះ​គុណសម្បត្ដិ​ដ៏​សំខាន់​បំផុត​នៃ​ពួក​ចាស់​ទុំ?

១៦ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​តែង​តែ​បាន​បង្រៀន​ថា ពួក​ចាស់​ទុំ​ត្រូវ​ធ្វើ​ដូច​នេះ។ ជិត​មួយ​សតវត្ស​កន្លង​ទៅ​ហើយ ទស្សនាវដ្ដី​ប៉ម​យាម នៅ​ខែ​មេសា ថ្ងៃ​ទី​១ ឆ្នាំ​១៨៩៩ បាន​កត់​សម្គាល់​ពាក្យ​របស់​ប៉ុល​នៅ​កូរិនថូស​ទី​១ ១៣:១​-​៨ ហើយ​រួច​មក​បាន​ចែង​ថា៖ «សាវក​ចង្អុល​ប្រាប់​យ៉ាង​ច្បាស់​ថា ចំណេះ​វិជ្ជា​និង​ជំនាញ​ខាង​ការ​ថ្លែង​សុន្ទរកថា​មិន​មែន​ជា​សំខាន់​បំផុត​ទេ ប៉ុន្តែ​ជា​សេចក្ដី​ស្រឡាញ់​ដែល​ជ្រាប​ចូល​ទៅ​ក្នុង​ចិត្ត រួច​ចេញ​មក​សម្ដែង​ឲ្យ​ឃើញ​តាម​ជីវភាព​រស់​នៅ និង​ធ្វើ​ឲ្យ​យើង​មាន​ការ​ប្រព្រឹត្ត​និង​ប្រតិបត្ដិ​ការ នោះ​ជា​ការ​សាក​ល្បង​ពិត​ប្រាកដ—ជា​ទី​សំអាង​ពិត​ប្រាកដ​នៃ​ការ​មាន​ទំនាក់​ទំនង​នឹង​ព្រះ។ . . . ចរិត​លក្ខណៈ​ដ៏​សំខាន់​ជាង​គេ ដែល​ត្រូវ​ស្វែង​រក​ក្នុង​មនុស្ស​គ្រប់​រូប​ដែល​ទទួល​ព្រម​ជា​បព្វជិត​នៃ​សាសនា ឬ​បំរើ​ក្នុង​អ្វី​ៗ​បរិសុទ្ធ​នោះ ជា​ដំបូង​គឺ​ត្រូវ​មាន​គតិ​នៃ​សេចក្ដី​ស្រឡាញ់»។ គេ​បាន​សម្គាល់​ឃើញ​ថា ពួក​បុរស​ដែល​មិន​បន្ទាប​ខ្លួន​បំរើ​ដោយ​សេចក្ដី​ស្រឡាញ់ គឺ«ជា​គ្រូ​បង្រៀន​មិន​ល្អ ហើយ​ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ច្រើន​ជាង​ធ្វើ​ឲ្យ​មាន​ប្រយោជន៍»។—កូរិនថូស​ទី​១ ៨:១

១៧. តើ​តាម​របៀប​ណា ដែល​ព្រះ​គម្ពីរ​បញ្ជាក់​អំពី​គុណសម្បត្ដិ​ទាំង​ឡាយ​ដែល​ពួក​ចាស់​ទុំ​ត្រូវ​មាន?

១៧ ដូច្នេះ ពួក​បុរស​ចាស់​ទុំ មិន​ត្រូវ‹ប្រើ​អំណាច​ជិះ​ជាន់​លើ›ពួក​ចៀម​ឡើយ។ (ពេត្រុស​ទី​១ ៥:៣) ផ្ទុយ​ទៅ​វិញ ពួក​គេ​ត្រូវ​ធ្វើ​ជា​មេ​នាំ​មុខ ជា​អ្នក​ដែល«មាន​ចិត្ត​សប្បុរស​នឹង​គ្នា​ទៅ​វិញ​ទៅ​មក ព្រម​ទាំង​មាន​ចិត្ត​ទន់​សន្ដោស»។ (អេភេសូរ ៤:៣២) ប៉ុល​បាន​បញ្ជាក់​ថា៖ «ចូរ​ប្រដាប់​កាយ ដោយ​ចិត្ត​ក្ដួល​អាណិត សប្បុរស សុភាព សំ​ឡូត នឹង​ចិត្ត​អត់​ធ្មត់ . . . ចូរ​បន្ថែម​ទាំង​សេចក្ដី​ស្រឡាញ់​ថែម​ទៀត ជា​ចំណង​នៃ​សេចក្ដី​គ្រប់​លក្ខណ៍»។—កូល៉ុស ៣:១២​-​១៤

១៨. (ក) តើ​ប៉ុល​បាន​ទុក​គំរូ​ដ៏​ល្អ​យ៉ាង​ណា ក្នុង​ការ​ប្រព្រឹត្ត​ជា​មួយ​នឹង​ពួក​ចៀម? (ខ) ហេតុ​អ្វី​ក៏​ពួក​ចាស់​ទុំ​ទាំង​ឡាយ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​នឹង​សេចក្ដី​ត្រូវ​ការ​របស់​ពួក​ចៀម?

១៨ ប៉ុល​បាន​រៀន​ធ្វើ​ដូច​នេះ ដោយ​មាន​ប្រសាសន៍​ថា៖ «យើង​ខ្ញុំ​បាន​នៅ​កណ្ដាល​អ្នក​រាល់​គ្នា ដោយ​ស្លូត​បូត​វិញ ប្រៀប​ដូច​ជា​ម្ដាយ​ថ្នម​កូន ដែល​កំពុង​នៅ​បៅ គឺ​យ៉ាង​នោះ​ហើយ ដែល​យើង​ខ្ញុំ​បាន​ស្រឡាញ់​ដល់​អ្នក​រាល់​គ្នា ដល់​ម្ល៉េះ​បាន​ជា​យើង​ខ្ញុំ​ចូល​ចិត្ត​ចែក​ដំណឹង​ល្អ​ពី​ព្រះ មក​អ្នក​រាល់​គ្នា មិន​ត្រឹម​តែ​ប៉ុណ្ណោះ ក៏​ចូល​ចិត្ត​ចែក​ទាំង​ជីវិត​យើង​ខ្ញុំ​ផង ដោយ​ព្រោះ​អ្នក​រាល់​គ្នា​បាន​ត្រឡប់​ជា​ស្ងួន​ភ្ងា​ដល់​យើង​ខ្ញុំ»។ (ថែស្សាឡូនីច​ទី​១ ២:៧, ៨) ក្នុង​សេចក្ដី​ស្រប​នឹង​ការ​នោះ គាត់​បាន​និយាយ​ថា៖ «ជួយ​កំសាន្ត​ដល់​ពួក​អ្នក​ណា​ដែល​មាន​សេចក្ដី​ទន់​ក្រំ​ចិត្ត ទាំង​គាំ​ពារ​ពួក​អ្នក​ដែល​ខ្សោយ នឹង​អត់​ឱន​ចំពោះ​មនុស្ស​ទាំង​អស់»។ (ថែស្សាឡូនីច​ទី​១ ៥:១៤) ទោះ​ជា​ពួក​ចៀម​យក​បញ្ហា​ប្រភេទ​ណា​ទៅ​ពួក​គេ​ឲ្យ​ដោះ​ស្រាយ​ក៏​ដោយ ពួក​ចាស់​ទុំ​ត្រូវ​ចង​ចាំ​សុភាសិត ២១:១៣៖ «អ្នក​ណា​ដែល​ចុក​ត្រចៀក​មិន​ស្ដាប់​ពាក្យ​អំពាវ​នាវ​របស់​មនុស្ស​ទាល់​ក្រ អ្នក​នោះ​ឯង​នឹង​ត្រូវ​អំពាវ​នាវ​ដែរ តែ​មិន​មាន​អ្នក​ណា​ស្ដាប់​ឡើយ»។

១៩. ហេតុ​អ្វី​ក៏​ពួក​ចាស់​ទុំ​ដែល​មាន​សេចក្ដី​ស្រឡាញ់​ជា​ប្រសិទ្ធិពរ ហើយ​តើ​ពួក​ចៀម​តប​ឆ្លើយ​នឹង​សេចក្ដី​ស្រឡាញ់​បែប​នេះ ដោយ​របៀប​ណា?

១៩ ពួក​បុរស​ចាស់​ទុំ​ដែល​ឃ្វាង​ហ្វូង​ចៀម​ដោយ​សេចក្ដី​ស្រឡាញ់ ជា​ប្រសិទ្ធិពរ​ដល់​ពួក​ចៀម។ អេសាយ ៣២:២ បានទាយ​ទុក​មក​ថា៖ «មនុស្ស​ម្នាក់​នឹង​បាន​ដូច​ជា​ទី​បាំង​ឲ្យ​រួច​ពី​ខ្យល់ នឹង​ជា​ទី​ជ្រក​ឲ្យ​រួច​ពី​ព្យុះ​សង្ឃរា ដូច​ផ្លូវ​ទឹក​ហូរ​នៅ​ទី​ហួត​ហែង ហើយ​ដូច​ជា​ម្លប់​នៃ​ថ្ម​ដា​យ៉ាង​ធំ​នៅ​ទី​ខ្សោះ​ល្វើយ»។ យើង​មាន​ចិត្ត​សប្បាយ​រីករាយ​ណាស់​ដោយ​ដឹង​ថា ពួក​ចាស់​ទុំ​ជា​ច្រើន​របស់​យើង នៅ​សព្វ​ថ្ងៃ​នេះ បាន​ប្រព្រឹត្ត​សម​ស្រប​នឹង​ការ​ពិពណ៌នា​នៃ​ការ​ធ្វើ​ឲ្យ​ត្រជាក់​ខ្លួន​នេះ។ ពួក​គេ​បាន​រៀន​អនុវត្ត​តាម​គោល​ការណ៍​ជា​បន្ទាប់៖ «ខាង​ឯ​សេចក្ដី​ស្រឡាញ់​ជា​បង​ជា​ប្អូន នោះ​ចូរ​មាន​ចិត្ត​ថ្នម​គ្នា​ទៅ​វិញ​ទៅ​មក​ចុះ ខាង​ឯ​សេចក្ដី​រាប់​អាន នោះ​ឲ្យ​ខំ​រាប់​អាន​គេ​ជា​មុន»។ (រ៉ូម ១២:១០) នៅ​ពេល​ដែល​ពួក​ចាស់​ទុំ​បង្ហាញ​សេចក្ដី​ស្រឡាញ់ និង​ការ​បន្ទាប​ខ្លួន​បែប​នេះ ពួក​ចៀម​តប​ឆ្លើយ​វិញ​ដោយ«រាប់​អាន​ជា​ខ្លាំង ចំពោះ​ពួក​អ្នក​យ៉ាង​នោះ ដោយ​សេចក្ដី​ស្រឡាញ់​ដោយ​ព្រោះ​ការ​ដែល​គេ​ធ្វើ»។—ថែស្សាឡូនីច​ទី​១ ៥:១២, ១៣

ការ​គោរព​ចំពោះ​ការ​ប្រើ​ចិត្ត​សេរី

២០. ហេតុ​អ្វី​ក៏​ពួក​ចាស់​ទុំ​ត្រូវ​គោរព​នឹង​ចិត្ត​សេរី?

២០ ព្រះ​យេហូវ៉ា​បាន​បង្កើត​មនុស្ស​លោក​ដោយ​មាន​ចិត្ត​សេរី ដើម្បី​ឲ្យ​គេ​សម្រេច​ចិត្ត​ដោយ​ខ្លួន​គេ។ ថ្វី​បើ​ពួក​ចាស់​ទុំ​ត្រូវ​ឲ្យ​ឱវាទ​និង​ទូន្មាន​ក្ដី ពួក​គេ​មិន​ត្រូវ​កាន់​កាប់​លើ​ជីវិត​ឬ​ជំនឿ​របស់​អ្នក​ដទៃ​ទៀត​ឡើយ។ ប៉ុល​បាន​មាន​ប្រសាសន៍​ថា៖ «មិន​មែន​ថា យើង​ខ្ញុំ​ធ្វើ​ជា​ម្ចាស់​លើ​សេចក្ដី​ជំនឿ​របស់​អ្នក​រាល់​គ្នា​ទេ គឺ​ធ្វើ​ជា​គូកន ជួយ​ឲ្យ​អ្នក​រាល់​គ្នា​បាន​សេចក្ដី​អំណរ​វិញ ដ្បិត​អ្នក​រាល់​គ្នា​កំពុង​ឈរ​ហើយ ដោយ​សារ​សេចក្ដី​ជំនឿ»។ (កូរិនថូស​ទី​២ ១:២៤) ត្រូវ​ហើយ «គ្រប់​គ្នា​ត្រូវ​ទទួល​បន្ទុក​ជា​របស់​ផង​ខ្លួន»។ (កាឡាទី ៦:៥) ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​យើង​មាន​សេរី​ភាព​ជា​ច្រើន ក្នុង​ព្រំ​ដែន​នៃ​ច្បាប់​និង​គោល​ការណ៍​របស់​ទ្រង់។ ដូច្នេះ បើ​កាល​ណា​គោល​ការណ៍​ព្រះ​គម្ពីរ​មិន​បាន​ប្រព្រឹត្ត​ល្មើស​ទេ ពួក​ចាស់​ទុំ​ត្រូវ​ជៀស​វាង​បង្កើត​ច្បាប់។ ហើយ​ពួក​គេ​ត្រូវ​ទប់​ទល់​នឹង​ការ​ទោរ​ទន់​ផ្ដល់​ឲ្យ​មតិ​របស់​ខ្លួន​គេ​ជា​សិទ្ធាន្ត ឬ​ក៏​បណ្ដោយ​ឲ្យ​អត្ថទត្ថភាព​របស់​គេ​ជ្រៀត​ជ្រែក​ចូល បើ​សិន​ជា​អ្នក​ណា​ម្នាក់​មិន​យល់​ស្រប​នឹង​ទស្សនៈ​បែប​នោះ។—កូរិនថូស​ទី​២ ៣:១៧; ពេត្រុស​ទី​១ ២:១៦

២១. តើ​យើង​អាច​រៀន​អ្វី​ខ្លះ ពី​អាកប្បកិរិយា​របស់​ប៉ុល​ចំពោះ​ភីលេម៉ូន?

២១ កាល​ដែល​ប៉ុល​បាន​ជាប់​គុក​នៅ​ក្នុង​ទី​ក្រុង​រ៉ូម សូម​កត់​សម្គាល់​នូវ​របៀប​ដែល​គាត់​បាន​ប្រព្រឹត្ត​នឹង​ភីលេម៉ូន ជា​ជន​គ្រីស្ទាន​ម្នាក់​ដែល​ជា​ម្ចាស់​បាវ រស់​នៅ​ក្នុង​ទី​ក្រុង​កូល៉ុស​នៅ​ស្រុក​អាស៊ី។ បាវ​របស់​ភីលេម៉ូន ឈ្មោះ​អូនេស៊ីម​បាន​រត់​ចេញ​ទៅ​ក្រុង​រ៉ូម រួច​មក​បាន​ក្លាយ​ទៅ​ជា​គ្រីស្ទាន​ម្នាក់ ហើយ​បាន​ជួយ​ថែ​រក្សា​ប៉ុល​នៅ​ទី​នោះ។ ប៉ុល​បាន​សរសេរ​សំបុត្រ​មួយ​ទៅ​ភីលេម៉ូន​ថា៖ «ខ្ញុំ​ចង់​ទុក​គាត់​ឲ្យ​នៅ​ជា​មួយ​នឹង​ខ្ញុំ​ណាស់ ដើម្បី​ឲ្យ​គាត់​បំរើ​ខ្ញុំ​ជំនួស​អ្នក ដែល​ខ្ញុំ​នៅ​ជាប់​ចំណង ដោយ​ព្រោះ​ដំណឹង​ល្អ។ តែ​ខ្ញុំ​មិន​ចង់​ធ្វើ​អ្វី​ទេ លើក​តែ​អ្នក​យល់​ព្រម​ដែរ ដើម្បី​កុំ​ឲ្យ​អ្នក​ធ្វើ​គុណ​ទាំង​បង្ខំ​ឡើយ គឺ​ចង់​ឲ្យ​បាន​ធ្វើ​ដោយ​ស្ម័គ្រ​ពី​ចិត្ត​វិញ»។ (ភីលេម៉ូន ១៣, ១៤) ប៉ុល​បាន​បញ្ជូន​អូនេស៊ីម​ឲ្យ​ត្រឡប់​ទៅ​វិញ ហើយ​សុំ​ឲ្យ​ភីលេម៉ូន​ប្រព្រឹត្ត​នឹង​គាត់​ជា​ជន​គ្រីស្ទាន​ម្នាក់​វិញ។ ប៉ុល​បាន​ដឹង​ថា ហ្វូង​ចៀម​មិន​មែន​របស់​គាត់​ទេ គឺ​ជា​របស់​ព្រះ​វិញ។ គាត់​មិន​មែន​ជា​ចៅហ្វាយ​នៃ​ហ្វូង​ចៀម​ទេ ប៉ុន្តែ​ជា​អ្នក​បំរើ​ហ្វូង​ចៀម​នោះ​វិញ។ ប៉ុល​មិន​បាន​បញ្ជា​ភីលេម៉ូន​ទេ គាត់​បាន​គោរព​នូវ​ចិត្ត​សេរី​របស់​គាត់។

២២. (ក) ចំពោះ​ឋានៈ​របស់​គេ តើ​ពួក​ចាស់​ទុំ​ត្រូវ​យល់​ជា​យ៉ាង​ណា? (ខ) តើ​អង្គការ​ប្រភេទ​ណា ដែល​ព្រះ​យេហូវ៉ា​កំពុង​តែ​ធ្វើ​ឲ្យ​លូត​លាស់​ឡើង?

២២ កាល​ដែល​អង្គការ​របស់​ព្រះ​រីក​ចំរើន​ឡើង មាន​ពួក​ចាស់​ទុំ​ជា​ច្រើន​ត្រូវ​បាន​តែង​តាំង។ ពួក​គេ​ព្រម​ទាំង​ពួក​ចាស់​ទុំ​ដែល​មាន​ការ​ពិសោធន៍​ជា​ច្រើន​ឯ​ទៀត ត្រូវ​យល់​ថា​ឋានៈ​របស់​គេ ជា​កិច្ច​បំរើ​ដ៏​មាន​ចិត្ត​រាប​ទាប។ តាម​វិធី​នេះ កាល​ដែល​ព្រះ​ដឹក​នាំ​អង្គការ​របស់​ទ្រង់​ឆ្ពោះ​ទៅ​ពិភព​លោក​ថ្មី អង្គការ​នេះ​នឹង​បន្ត​រីក​ចំរើន​តាម​ដែល​ទ្រង់​ប្រាថ្នា—ដែល​បាន​រៀបចំ​មក​យ៉ាង​ប្រសើរ ប៉ុន្តែ​មិន​មែន​បូជា​សេចក្ដី​ស្រឡាញ់​ឬ​សេចក្ដី​ករុណា​សំរាប់​ប្រសិទ្ធិភាព​ល្អ​នោះ​ទេ។ ដូច្នេះ អង្គការ​របស់​ទ្រង់​នឹង​ទៅ​ជា​ទី​គាប់​ចិត្ត​កាន់​តែ​ខ្លាំង ចំពោះ​បុគ្គល​ដែល​មាន​លក្ខណៈ​ដូច​ចៀម ដែល​ពួក​គេ​នឹង​ឃើញ​ការ​នេះ​ជា​ទី​សំអាង​នៃ«គ្រប់​ការ​ទាំង​អស់​ផ្សំ​គ្នា សំរាប់​សេចក្ដី​ល្អ​ដល់​ពួក​អ្នក​ដែល​ស្រឡាញ់​ព្រះ»។ នោះ​ហើយ​ជា​អ្វី​ដែល​ត្រូវ​មាន​ពី​អង្គការ​ដែល​មាន​សេចក្ដី​ស្រឡាញ់ ពី​ព្រោះ«សេចក្ដី​ស្រឡាញ់​មិន​ដែល​ផុត​ឡើយ»។—រ៉ូម ៨:២៨; កូរិនថូស​ទី​១ ១៣:៨

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

◻ តើ​ព្រះ​គម្ពីរ​ពិពណ៌នា​យ៉ាង​ណា​ខ្លះ អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​ថែ​រក្សា​ប្រជារាស្ត្រ​របស់​ទ្រង់?

◻ តើ​ព្រះ​យេស៊ូវ​មាន​មុខ​នាទី​យ៉ាង​ណា ក្នុង​ការ​ថែ​រក្សា​ហ្វូង​ចៀម​របស់​ទ្រង់?

◻ តើ​ចរិត​លក្ខណៈ​ដ៏​សំខាន់​ណា ដែល​ពួក​ចាស់​ទុំ​ត្រូវ​តែ​មាន?

◻ ហេតុ​អ្វី​ក៏​ពួក​ចាស់​ទុំ​ត្រូវ​តែ​ពិចារណា​ដល់​ចិត្ត​សេរី​របស់​ពួក​ចៀម?

[រូប​ភាព​នៅ​ទំព័រ​១៤]

ព្រះ​យេស៊ូវ​ជា«អ្នក​គង្វាល​ល្អ»បាន​បង្ហាញ​នូវ​សេចក្ដី​មេត្ដា​ករុណា

[រូប​ភាព​នៅ​ទំព័រ​១៥]

ពួក​មេ​ដឹក​នាំ​សាសនា​ដ៏​ពុក​រលួយ បាន​រួម​គំនិត​ដើម្បី​ធ្វើ​គត់​ដល់​ព្រះ​យេស៊ូវ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក