មេរៀនទី២៤
តើកិច្ចការទូទាំងពិភពលោករបស់យើងទទួលប្រាក់ឧបត្ថម្ភយ៉ាងដូចម្ដេច?
នេប៉ាល់
តូហ្គោ
អង់គ្លេស
រៀងរាល់ឆ្នាំអង្គការរបស់យើងបោះពុម្ពគម្ពីរនិងសៀវភៅផ្សេងទៀតរាប់រយលានក្បាល ហើយចែកចាយដោយមិនគិតថ្លៃ។ យើងក៏សាងសង់ និងជួសជុលសាលប្រជុំនិងអគារនៃការិយាល័យសាខាដែរ។ យើងផ្ដល់ប្រាក់ឧបត្ថម្ភដល់សមាជិកក្រុមគ្រួសារបេតអែល និងសាសនទូតរាប់ពាន់នាក់ ហើយយើងក៏ផ្ដល់ជំនួយពេលមានគ្រោះមហន្តរាយដែរ។ ដូច្នេះ លោកអ្នកប្រហែលជាឆ្ងល់ថា ‹តើអង្គការយើងបានលុយមកពីណា?›។
យើងមិនរៃអង្គាសប្រាក់ មិនតម្រូវឲ្យបង់១ភាគក្នុង១០ ឬបង់ប្រាក់ជាសមាជិកឡើយ។ ទោះជាចំណាយច្រើនក្នុងការគាំទ្រកិច្ចការផ្សព្វផ្សាយក៏ដោយ យើងមិនសុំជំនួយប្រាក់កាសពីអ្នកឯទៀតទេ។ ជាង១០០ឆ្នាំមុន ទស្សនាវដ្ដីប៉មយាមលេខទី២បានសរសេរថា យើងជឿជាក់ថាព្រះយេហូវ៉ាជាអ្នកទំនុកបម្រុងយើង ហេតុនេះហើយ «យើងនឹងមិនសុំជំនួយជាប្រាក់កាសពីអ្នកដទៃឡើយ»។ យើងពិតជាមិនដែលធ្វើដូច្នេះមែន!—ម៉ាថាយ ១០:៨
កិច្ចការរបស់យើងគាំទ្រដោយវិភាគទានស្ម័គ្រចិត្ត។ មនុស្សជាច្រើនមានចិត្តដឹងគុណចំពោះកិច្ចការអប់រំដែលមកពីគម្ពីរ ហើយពួកគេធ្វើវិភាគទានដើម្បីគាំទ្រកិច្ចការនេះ។ សាក្សីព្រះយេហូវ៉ារីករាយនឹងប្រើពេលវេលា កម្លាំង ប្រាក់កាស និងធនធានរបស់ខ្លួនដើម្បីធ្វើតាមបំណងប្រាថ្នារបស់ព្រះទូទាំងផែនដី។ (របាក្សត្រទី១ ២៩:៩) នៅឯសាលប្រជុំ សាលសន្និបាត និងមហាសន្និបាតរបស់យើង មានប្រអប់វិភាគទានសម្រាប់អ្នកដែលចង់ជូនវិភាគទាន ឬធ្វើវិភាគទានតាមរយៈគេហទំព័ររបស់យើងjw.org។ នៅកន្លែងភាគច្រើន ប្រាក់ទាំងនេះគឺបានទទួលពីអ្នកដែលមានជីវភាពធម្មតា ដូចជាស្ត្រីមេម៉ាយក្រីក្រម្នាក់នៅសម័យរបស់លោកយេស៊ូដែរ។ លោកបានសរសើរនាងដោយសារនាងបានដាក់កាក់ពីរចូលទៅក្នុងប្រដាប់ដាក់កាក់សម្រាប់ឃ្លាំងប្រាក់។ (លូកា ២១:១-៤) ហេតុនេះហើយ យើងគ្រប់គ្នាអាចមានទម្លាប់«ទុករបស់ទ្រព្យខ្លះដោយឡែក» ដើម្បីជូន«តាមការសម្រេចចិត្តរបស់ខ្លួន»។—កូរិនថូសទី១ ១៦:២; កូរិនថូសទី២ ៩:៧
យើងជឿជាក់ថា ព្រះយេហូវ៉ានឹងបន្តជំរុញចិត្តរបស់ពួកអ្នកដែលចង់‹ថ្វាយកិត្ដិនាមដល់លោកដោយទ្រព្យសម្បត្ដិ› ដោយគាំទ្រកិច្ចការដែលទាក់ទងនឹងរាជាណាចក្រ ដើម្បីធ្វើឲ្យបំណងប្រាថ្នារបស់លោកបានសម្រេច។—សុភាសិត ៣:៩
តើអ្វីធ្វើឲ្យអង្គការរបស់យើងខុសប្លែកពីសាសនាឯទៀត?
តើលុយដែលជាវិភាគទានស្ម័គ្រចិត្តបានត្រូវប្រើយ៉ាងដូចម្ដេច?