មេរៀនទី៨
ហេតុអ្វីព្រះអនុញ្ញាតឲ្យមានអំពើអាក្រក់និងទុក្ខវេទនា?
១. តើអំពើអាក្រក់ចាប់ផ្ដើមមាននៅពេលណា?
ព្រះបានអនុញ្ញាតឲ្យមនុស្សគ្រប់គ្រងអស់មួយរយៈពេលដែលល្មមឲ្យឃើញថាពួកគេមិនអាចដោះស្រាយបញ្ហារបស់មនុស្សជាតិបានទេ
អំពើអាក្រក់ចាប់ផ្ដើមមាននៅផែនដីតាំងពីពេលដែលសាថានបាននិយាយពាក្យភូតភរជាលើកដំបូង។ ព្រះមិនបានបង្កើតសាថានជាទេវតាអាក្រក់ទេ។ នៅដើមដំបូង វាជាទេវតាដ៏ល្អឥតខ្ចោះមួយរូប ប៉ុន្តែវា«មិនបាននៅជាប់នឹងសេចក្ដីពិតឡើយ»។ (យ៉ូហាន ៨:៤៤) វាចង់ឲ្យមនុស្សគោរពប្រណិប័តន៍វា ទោះជាការគោរពប្រណិប័តន៍នោះគឺសម្រាប់តែព្រះប៉ុណ្ណោះ។ សាថានបាននិយាយភូតភរអេវ៉ាដែលជាស្ត្រីដំបូង ហើយបានបញ្ចុះបញ្ចូលនាងឲ្យស្ដាប់បង្គាប់វាជាជាងព្រះ។ អាដាមក៏បានចូលរួមជាមួយអេវ៉ាក្នុងការមិនស្ដាប់បង្គាប់ព្រះដែរ។ ការសម្រេចចិត្តរបស់អាដាមបាននាំឲ្យមនុស្សមានទុក្ខវេទនានិងសេចក្ដីស្លាប់។—សូមអាន លោកុប្បត្តិ ៣:១-៦, ១៩
ពេលដែលសាថានបានផ្ដល់គំនិតដល់អេវ៉ាឲ្យឈប់ស្ដាប់បង្គាប់ព្រះ នោះវាចាប់ផ្ដើមបះបោរប្រឆាំងនឹងសិទ្ធិគ្រប់គ្រងរបស់ព្រះ ឬឋានៈរបស់លោកដែលជាព្រះដ៏ខ្ពង់ខ្ពស់បំផុត។ មនុស្សភាគច្រើនបានចូលរួមជាមួយសាថានដោយមិនព្រមឲ្យព្រះគ្រប់គ្រងពួកគេ។ យ៉ាងនេះ សាថានបានក្លាយទៅជា«អ្នកគ្រប់គ្រងពិភពលោកនេះ»។—សូមអាន យ៉ូហាន ១៤:៣០; យ៉ូហានទី១ ៥:១៩
២. តើព្រះបង្កើតអ្វីៗទាំងអស់មិនល្អឥតខ្ចោះឬ?
ព្រះបានបង្កើតអ្វីៗទាំងអស់ល្អឥតខ្ចោះ។ ពេលដែលព្រះបង្កើតមនុស្សនិងទេវតាទាំងឡាយ លោកបានឲ្យពួកគេមានសមត្ថភាពស្ដាប់បង្គាប់លោកយ៉ាងល្អឥតខ្ចោះ។ (ចោទិយកថា ៣២:៤, ៥) ព្រះបានបង្កើតយើងឲ្យមានសេរីភាពដើម្បីជ្រើសរើសធ្វើអំពើល្អឬធ្វើអំពើអាក្រក់។ សេរីភាពនោះផ្ដល់ឱកាសឲ្យយើងបង្ហាញសេចក្ដីស្រឡាញ់ចំពោះព្រះ។—សូមអាន យ៉ាកុប ១:១៣-១៥; យ៉ូហានទី១ ៥:៣
៣. ហេតុអ្វីព្រះអនុញ្ញាតឲ្យមានទុក្ខវេទនារហូតមកដល់សព្វថ្ងៃនេះ?
អស់មួយរយៈពេល ព្រះយេហូវ៉ាអនុញ្ញាតឲ្យមានការបះបោរប្រឆាំងនឹងការគ្រប់គ្រងរបស់លោក។ ហេតុអ្វី? គឺដើម្បីបង្ហាញថា ការគ្រប់គ្រងដែលគ្មានការគាំទ្រពីលោកមិនអាចផ្ដល់ប្រយោជន៍ចំពោះមនុស្សជាតិបានឡើយ។ (សាស្ដា ៧:២៩; ៨:៩) ប្រវត្ដិសាស្ត្រមនុស្សជាង៦.០០០ឆ្នាំកន្លងទៅនេះ បានបង្ហាញយ៉ាងច្បាស់ថា ការគ្រប់គ្រងរបស់មនុស្សមិនអាចបំបាត់ចោលសង្គ្រាម ឧក្រិដ្ឋកម្ម ភាពអយុត្ដិធម៌ ឬជំងឺបានទេ។—សូមអាន យេរេមា ១០:២៣; រ៉ូម ៩:១៧
ផ្ទុយពីការគ្រប់គ្រងរបស់មនុស្ស ការគ្រប់គ្រងរបស់ព្រះផ្ដល់ប្រយោជន៍ដល់អស់អ្នកដែលទទួលស្គាល់ការគ្រប់គ្រងនោះ។ (អេសាយ ៤៨:១៧, ១៨) បន្ដិចទៀត ព្រះយេហូវ៉ានឹងបំផ្លាញចោលរដ្ឋាភិបាលទាំងអស់របស់មនុស្ស។ មានតែអ្នកដែលសុខចិត្តនៅក្រោមការគ្រប់គ្រងរបស់ព្រះប៉ុណ្ណោះ ដែលនឹងរស់នៅផែនដី។—អេសាយ ១១:៩—សូមអាន ដានីយ៉ែល ២:៤៤
សូមមើលវីដេអូ ហេតុអ្វីព្រះអនុញ្ញាតឲ្យមានទុក្ខវេទនា?
៤. តើចិត្តអត់ធ្មត់របស់ព្រះផ្ដល់ឱកាសឲ្យយើងធ្វើអ្វី?
សាថានបានអះអាងថា មនុស្សសុខចិត្តបម្រើព្រះយេហូវ៉ាដើម្បីប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។ តើលោកអ្នកចង់បង្ហាញថា នេះជាពាក្យភូតភរឬទេ? លោកអ្នកអាចធ្វើដូច្នេះបាន! ចិត្តអត់ធ្មត់របស់ព្រះផ្ដល់ឱកាសឲ្យយើងទាំងអស់គ្នាបង្ហាញថា យើងចង់ឲ្យព្រះឬក៏មនុស្សគ្រប់គ្រងយើង។ របៀបរស់នៅរបស់យើងអាចបង្ហាញថា យើងចង់បានការគ្រប់គ្រងមួយណា។—សូមអាន យ៉ូប ១:៨-១២; សុភាសិត ២៧:១១
៥. តើយើងអាចសម្រេចចិត្តឲ្យព្រះគ្រប់គ្រងយើងយ៉ាងដូចម្ដេច?
ការសម្រេចចិត្តរបស់យើងសឲ្យឃើញថា តើយើងចង់ឲ្យព្រះធ្វើជាអ្នកគ្រប់គ្រងរបស់យើងឬយ៉ាងណា?
យើងអាចសម្រេចចិត្តឲ្យព្រះគ្រប់គ្រងយើង ដោយរៀនអំពីព្រះនិងចូលរួមក្នុងការគោរពប្រណិប័តន៍ពិត ដែលមានមូលដ្ឋានលើគម្ពីរជាបណ្ដាំរបស់ព្រះ។ (យ៉ូហាន ៤:២៣) យើងអាចបង្ហាញថា យើងមិនចង់បានការគ្រប់គ្រងរបស់សាថាន ដោយមិនរួមចំណែកក្នុងរឿងនយោបាយ និងសង្គ្រាម ដូចលោកយេស៊ូបានធ្វើដែរ។—សូមអាន យ៉ូហាន ១៧:១៤
សាថានប្រើអំណាចរបស់វាដើម្បីលើកតម្កើងអំពើប្រាសចាកសីលធម៌ និងការប្រព្រឹត្តដែលនាំឲ្យមានគ្រោះថ្នាក់ដល់ជីវិត។ ពេលយើងមិនចូលរួមក្នុងការប្រព្រឹត្តបែបនេះ មិត្តភក្ដិនិងសាច់ញាតិរបស់យើងខ្លះប្រហែលជាសើចចំអក ឬបៀតបៀនយើង។ (ពេត្រុសទី១ ៤:៣, ៤) ដូច្នេះ យើងត្រូវសម្រេចចិត្តថា យើងនឹងសេពគប់ជាមួយពួកអ្នកដែលស្រឡាញ់ព្រះប៉ុណ្ណោះ មែនទេ? ហើយយើងនឹងធ្វើតាមច្បាប់របស់ព្រះដែលប្រកបដោយប្រាជ្ញា និងសេចក្ដីស្រឡាញ់ មែនទេ? បើយើងធ្វើដូច្នេះមែន នោះយើងបង្ហាញថា ពាក្យដែលសាថានបានអះអាងជាពាក្យភូតភរ ដោយសារវានិយាយថា ពេលមនុស្សមានការពិបាក នោះគ្មាននរណាម្នាក់នឹងស្ដាប់បង្គាប់ព្រះទេ។—សូមអាន កូរិនថូសទី១ ៦:៩, ១០; ១៥:៣៣
ដោយសារព្រះស្រឡាញ់មនុស្សជាតិ នោះធានាថា លោកនឹងលុបបំបាត់ចោលអំពើអាក្រក់ ព្រមទាំងទុក្ខវេទនាឲ្យសាបសូន្យ។ អស់អ្នកដែលបង្ហាញថា ពួកគេជឿទៅលើសេចក្ដីសន្យានេះនឹងទទួលជីវិតដែលគ្មានទីបញ្ចប់នៅផែនដី។—សូមអាន យ៉ូហាន ៣:១៦