បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • jy ជំ. ៦៦ ទំ. ១៥៨-ទំ. ១៥៩ វ. ១
  • ចូលរួមបុណ្យរោងនៅក្រុងយេរូសាឡិម

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូលរួមបុណ្យរោងនៅក្រុងយេរូសាឡិម
  • លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
  • អត្ថបទស្រដៀងគ្នា
  • នៅឯពិធីបុណ្យបារាំ
    បុរសឧត្តមបំផុតដែលធ្លាប់រស់នៅ
  • «មិនដែលមានអ្នកណានិយាយដូចបុរសនេះទេ»
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
  • «កំណត់ទ្រង់មិនទាន់មកដល់នៅឡើយ»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០០
  • លោកបង្រៀនក្នុងពេលទៅក្រុងយេរូសាឡិម
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
មើលបន្ថែមទៀត
លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
jy ជំ. ៦៦ ទំ. ១៥៨-ទំ. ១៥៩ វ. ១
លោកយេស៊ូបង្រៀននៅវិហារក្នុងក្រុងយេរូសាឡិម

ជំពូក​ទី​៦៦

ចូល​រួម​បុណ្យ​រោង​នៅ​ក្រុង​យេរូសាឡិម

យ៉ូហាន ៧:១១​-​៣២

  • លោក​យេស៊ូ​បង្រៀន​នៅ​ឯ​វិហារ

ក្នុង​អំឡុង​ប៉ុន្មាន​ឆ្នាំ​តាំង​ពី​លោក​យេស៊ូ​បាន​ទទួល​ការ​ជ្រមុជ​ទឹក លោក​បាន​ទៅ​ជា​ល្បី​សុសសាយ។ ជន​ជាតិ​យូដា​រាប់​ពាន់​នាក់​ធ្លាប់​ឃើញ​អព្ភូតហេតុ​ផ្សេង​ៗ​ដែល​លោក​បាន​ធ្វើ ហើយ​កិច្ច​ការ​របស់​លោក​ក៏​បាន​ត្រូវ​ផ្សព្វ​ផ្សាយ​នៅ​ពេញ​តំបន់។ ហេតុ​នេះ មនុស្ស​ជា​ច្រើន​ដែល​មក​ចូល​រួម​បុណ្យ​រោង (​ឬ​បុណ្យ​ខ្ទម​) ដែល​កំពុង​ធ្វើ​ឡើង​នៅ​ក្រុង​យេរូសាឡិម កំពុង​រក​មើល​លោក។

មនុស្ស​មាន​ទស្សនៈ​ខុស​ៗ​គ្នា​អំពី​លោក​យេស៊ូ មនុស្ស​ខ្លះ​បាន​និយាយ​ថា​៖ ​«​បុរស​នោះ​ជា​មនុស្ស​ល្អ​»​ ប៉ុន្តែ អ្នក​ខ្លះ​ទៀត​បាន​និយាយ​ថា​៖ ​«​បុរស​នោះ​មិន​មែន​ល្អ​ទេ គាត់​បំភាន់​បណ្ដា​ជន​»។ (​យ៉ូហាន ៧:១២​) ក្នុង​អំឡុង​ប៉ុន្មាន​ថ្ងៃ​ដំបូង​នៃ​ពិធី​បុណ្យ មាន​ការ​និយាយ​ខ្សឹប​ខ្សៀវ​ជា​ច្រើន​អំពី​រឿង​នេះ។ ប៉ុន្តែ គ្មាន​អ្នក​ណា​ម្នាក់​ហ៊ាន​និយាយ​ជា​ចំហ​អំពី​លោក​យេស៊ូ​ទេ ពី​ព្រោះ​ពួក​គេ​ខ្លាច​ពួក​មេ​ដឹក​សាសនា​យូដា។

នៅ​ពាក់​កណ្ដាល​ពិធី​បុណ្យ​នោះ​លោក​យេស៊ូ​បាន​ទៅ​ឯ​វិហារ​ដើម្បី​បង្រៀន​បណ្ដា​ជន។ មនុស្ស​ជា​ច្រើន​ដែល​នៅ​ទី​នោះ​ពិត​ជា​ស្ញប់​ស្ញែង​នឹង​សមត្ថភាព​បង្រៀន​របស់​លោក។ តាម​ពិត លោក​យេស៊ូ​មិន​ដែល​រៀន​នៅ​សាលា​សាសនា​យូដា​ទេ ម្ល៉ោះ​ហើយ ជន​ជាតិ​យូដា​ក៏​តាំង​ឆ្ងល់​ថា​៖ ​«​បុរស​នេះ​មិន​ដែល​រៀន​នៅ​សាលា​សាសនា​ទេ ចុះ​ហេតុ​អ្វី​បាន​ជា​គាត់​មាន​ចំណេះ​ដឹង​យ៉ាង​នេះ?​»។—យ៉ូហាន ៧:១៥

លោក​យេស៊ូ​បាន​ពន្យល់​ពួក​គេ​ថា​៖ ​«​អ្វី​ដែល​ខ្ញុំ​បង្រៀន មិន​មែន​ជា​សេចក្ដី​បង្រៀន​របស់​ខ្ញុំ​ទេ តែ​ជា​សេចក្ដី​បង្រៀន​របស់​លោក​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក។ ប្រសិន​បើ​អ្នក​ណា​ចង់​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក អ្នក​នោះ​នឹង​ដឹង​ថា​នេះ​ជា​សេចក្ដី​បង្រៀន​មក​ពី​ព្រះ ឬ​ក៏​ជា​សេចក្ដី​បង្រៀន​ដែល​ខ្ញុំ​និយាយ​ចេញ​ពី​ខ្លួន​ខ្ញុំ​»។ (​យ៉ូហាន ៧:១៦, ១៧​) សេចក្ដី​បង្រៀន​របស់​លោក​យេស៊ូ​គឺ​ស្រប​តាម​ច្បាប់​របស់​ព្រះ។ ហេតុ​នេះ បណ្ដា​ជន​គួរ​តែ​ឃើញ​ថា​លោក​យេស៊ូ​ពិត​ជា​ចង់​ផ្ដល់​សិរី​រុង​រឿង​ដល់​ព្រះ មិន​មែន​ដល់​ខ្លួន​លោក​ទេ។

បន្ទាប់​មក លោក​ក៏​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា​៖ ​«​ម៉ូសេ​បាន​ឲ្យ​ច្បាប់​ដល់​អ្នក​រាល់​គ្នា មែន​ទេ? ប៉ុន្តែ​គ្មាន​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ធ្វើ​តាម​ច្បាប់​នោះ​សោះ។ ហេតុ​អ្វី​អ្នក​រាល់​គ្នា​ខំ​រក​វិធី​សម្លាប់​ខ្ញុំ?​»។ ក៏​ប៉ុន្តែ អ្នក​ខ្លះ​ដែល​នៅ​ក្នុង​ចំណោម​ក្រុម​មនុស្ស ប្រហែល​ជា​អ្នក​ដែល​មក​ពី​ក្រៅ​ក្រុង ដូច្នេះ​ពួក​គេ​មិន​បាន​ដឹង​អំពី​រឿង​នេះ​ឡើយ។ ម្យ៉ាង​ទៀត ពួក​គេ​គិត​ថា​ការ​ដែល​មាន​មនុស្ស​ចង់​សម្លាប់​លោក​យេស៊ូ​ដែល​ជា​គ្រូ​ដ៏​ល្អ​ប្រសើរ​បែប​នេះ​គឺ​ពិត​ជា​មិន​គួរ​ឲ្យ​ជឿ​ទេ ហេតុ​នេះ ពួក​គេ​បាន​គិត​ថា​លោក​យេស៊ូ​ច្បាស់​ជា​វង្វេង​ស្មារតី​ហើយ​ដែល​និយាយ​ដូច្នោះ។ រួច​ពួក​គេ​និយាយ​ថា​៖ ​«​អ្នក​មាន​វិញ្ញាណ​កំណាច​ចូល​ហើយ។ តើ​អ្នក​ណា​កំពុង​រក​វិធី​សម្លាប់​អ្នក?​»។—យ៉ូហាន ៧:១៩, ២០

កាល​ពី​មួយ​ឆ្នាំ​កន្លះ​មុន​នេះ មេ​ដឹក​នាំ​សាសនា​យូដា​បាន​ចង់​សម្លាប់​លោក​យេស៊ូ​ដោយ​សារ​លោក​បាន​ធ្វើ​ឲ្យ​បុរស​ម្នាក់​ជា​សះ​ស្បើយ​នៅ​ថ្ងៃ​ឈប់​សម្រាក។ ឥឡូវ​នេះ លោក​យេស៊ូ​ប្រើ​ការ​វែក​ញែក​ដែល​នាំ​ឲ្យ​ពួក​គេ​ពិចារណា ហើយ​លោក​ក៏​បាន​បង្ហាញ​ពី​គំនិត​មិន​សម​ហេតុ​សម​ផល​របស់​ពួក​គេ។ លោក​បាន​លើក​បញ្ជាក់​ថា តាម​ច្បាប់​ម៉ូសេ ទារក​ប្រុស​ត្រូវ​ទទួល​ការ​កាត់​ចុង​ស្បែក​នៅ​ថ្ងៃ​ទី​៨ ទោះ​បី​ជា​ថ្ងៃ​នោះ​ចំ​នឹង​ថ្ងៃ​ឈប់​សម្រាក​ក៏​ដោយ។ ដូច្នេះ​លោក​សួរ​ពួក​គេ​ថា​៖ ​«​ប្រសិន​បើ​បុរស​ម្នាក់​ទទួល​ការ​កាត់​ចុង​ស្បែក​នៅ​ថ្ងៃ​ឈប់​សម្រាក​ដើម្បី​កុំ​ឲ្យ​បំពាន​ច្បាប់​ម៉ូសេ ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​រាល់​គ្នា​ក្ដៅ​ចិត្ត​នឹង​ខ្ញុំ ព្រោះ​តែ​ខ្ញុំ​បាន​ធ្វើ​ឲ្យ​បុរស​ម្នាក់​ជា​សះ​ស្បើយ​នៅ​ថ្ងៃ​ឈប់​សម្រាក? ឈប់​វិនិច្ឆ័យ​ដោយ​មើល​តែ​សម្បក​ក្រៅ​ប៉ុណ្ណោះ ប៉ុន្តែ​ចូរ​វិនិច្ឆ័យ​ដោយ​សេចក្ដី​សុចរិត​វិញ​»។—យ៉ូហាន ៧:២៣, ២៤

មនុស្ស​នៅ​ក្រុង​យេរូសាឡិម​ដែល​ដឹង​អំពី​រឿង​នេះ បាន​និយាយ​ថា​៖ ​«​នេះ​ជា​បុរស​ដែល​ពួក​គេ[​អ្នក​គ្រប់​គ្រង​]កំពុង​រក​វិធី​សម្លាប់ មែន​ទេ? តែ​មើល! គាត់​កំពុង​និយាយ​ជា​សាធារណៈ ហើយ​ពួក​គេ​មិន​ថា​អ្វី​សោះ។ ប្រហែល​ជា​ពួក​អ្នក​គ្រប់​គ្រង​ដឹង​ច្បាស់​ថា​បុរស​នេះ​ជា​គ្រិស្ត​ទេ​ដឹង?​»។ បើ​ពួក​គេ​ដឹង​ដូច្នេះ​មែន ហេតុ​អ្វី​ពួក​គេ​មិន​បាន​ជឿ​ថា​លោក​យេស៊ូ​គឺ​ជា​គ្រិស្ត? ពួក​គេ​ប្រាប់​មូលហេតុ​មួយ​ថា​៖ ​«​ចំណែក​យើង​វិញ យើង​ដឹង​ថា​បុរស​នេះ​មក​ពី​ណា តែ​ពេល​គ្រិស្ត​មក​ដល់ គ្មាន​អ្នក​ណា​អាច​ដឹង​ថា​លោក​មក​ពី​ណា​ឡើយ​»។—យ៉ូហាន ៧:២៥​-​២៧

ពេល​នោះ​កាល​លោក​នៅ​ឯ​វិហារ​នៅ​ឡើយ លោក​យេស៊ូ​បាន​តប​ឆ្លើយ​ថា​៖ ​«​អ្នក​រាល់​គ្នា​ស្គាល់​ខ្ញុំ ក៏​ដឹង​ថា​ខ្ញុំ​មក​ពី​ណា​ដែរ។ ម្យ៉ាង​ទៀត ខ្ញុំ​មិន​មែន​មក​ដោយ​គំនិត​ខ្ញុំ​ទេ ប៉ុន្តែ​មាន​លោក​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​មែន ហើយ​អ្នក​រាល់​គ្នា​មិន​ស្គាល់​លោក​ទេ។ ខ្ញុំ​ស្គាល់​លោក ពី​ព្រោះ​ខ្ញុំ​ជា​តំណាង​ម្នាក់​ដែល​មក​ពី​លោក ហើយ​លោក​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​»។ (​យ៉ូហាន ៧:២៨, ២៩​) ក្រោយ​ពី​ស្ដាប់​ប្រសាសន៍​ដ៏​ច្បាស់​របស់​លោក​យេស៊ូ​ហើយ ពួក​គេ​បាន​ប៉ុន​ប៉ង​ចាប់​លោក​យេស៊ូ​ដាក់​គុក ឬ​ក៏​សម្លាប់​លោក​តែ​ម្ដង។ ប៉ុន្តែ ការ​ប៉ុន​ប៉ង​នោះ​មិន​បាន​សម្រេច​ទេ ពី​ព្រោះ​មិន​ទាន់​ដល់​ពេល​ដែល​លោក​យេស៊ូ​ត្រូវ​ស្លាប់​ឡើយ។

ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ មាន​មនុស្ស​ជា​ច្រើន​ក្នុង​ចំណោម​បណ្ដា​ជន​ចាប់​ផ្ដើម​ជឿ​លើ​លោក​យេស៊ូ ពួក​គេ​គួរ​ជឿ​លើ​លោក​មែន ពី​ព្រោះ​លោក​យេស៊ូ​បាន​ដើរ​លើ​ទឹក ធ្វើ​ឲ្យ​ខ្យល់​ស្ងប់​ទៅ​វិញ ធ្វើ​អព្ភូតហេតុ​ចម្អែត​មនុស្ស​រាប់​ពាន់​នាក់​ដោយ​នំ​ប៉័ង​ពីរ​បី​ដុំ​និង​ត្រី​ពីរ​បី​កន្ទុយ ធ្វើ​ឲ្យ​មនុស្ស​ឈឺ​ជា​សះ​ស្បើយ ធ្វើ​ឲ្យ​អ្នក​ពិការ​ដើរ​បាន ធ្វើ​ឲ្យ​អ្នក​ងងឹត​ភ្នែក​មើល​ឃើញ​ឡើង​វិញ ធ្វើ​ឲ្យ​អ្នក​មាន​ជំងឺ​ឃ្លង់​ជា​ស្អាត ព្រម​ទាំង​បាន​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​ទៀត​ផង។ ដូច្នេះ ពួក​គេ​មាន​មូលហេតុ​ត្រឹម​ត្រូវ​ដែល​សួរ​ថា​៖ ​«​នៅ​ពេល​ដែល​គ្រិស្ត​មក​ដល់ លោក​នឹង​មិន​ធ្វើ​សញ្ញា​សម្គាល់​ច្រើន​ជាង​បុរស​នេះ​ទេ មែន​ទេ?​»។—យ៉ូហាន ៧:៣១

នៅ​ពេល​ដែល​ពួក​ផារិស៊ី​ឮ​បណ្ដា​ជន​និយាយ​ដូច្នេះ ពួក​គេ​និង​ពួក​សង្ឃនាយក​បាន​បញ្ជូន​ពួក​អាជ្ញាធរ​ឲ្យ​ទៅ​ចាប់​លោក​យេស៊ូ។

  • កាល​ដែល​លោក​យេស៊ូ​បាន​មក​ដល់​ពិធី​បុណ្យ តើ​បណ្ដា​ជន​និយាយ​យ៉ាង​ណា​អំពី​លោក?

  • តើ​លោក​យេស៊ូ​បាន​លើក​ហេតុ​ផល​អ្វី​ដើម្បី​បង្ហាញ​ថា​លោក​មិន​បាន​បំពាន​លើ​ច្បាប់​របស់​ព្រះ​ទេ?

  • ហេតុ​អ្វី​មនុស្ស​ជា​ច្រើន​មាន​ជំនឿ​លើ​លោក​យេស៊ូ?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក