បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • jy ជំ. ៦៥ ទំ. ១៥៤-ទំ. ១៥៥ វ. ៣
  • លោកបង្រៀនក្នុងពេលទៅក្រុងយេរូសាឡិម

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • លោកបង្រៀនក្នុងពេលទៅក្រុងយេរូសាឡិម
  • លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
  • អត្ថបទស្រដៀងគ្នា
  • ការយាងដំណើរដោយសម្ងាត់ទៅក្រុងយេរូសាឡិម
    បុរសឧត្តមបំផុតដែលធ្លាប់រស់នៅ
  • «កំណត់ទ្រង់មិនទាន់មកដល់នៅឡើយ»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០០
  • ពិធីបុណ្យជាព្រឹត្ដិការណ៍សំខាន់នៃប្រវត្ដិសាស្ត្ររបស់អ៊ីស្រាអែល
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • នៅឯពិធីបុណ្យបារាំ
    បុរសឧត្តមបំផុតដែលធ្លាប់រស់នៅ
មើលបន្ថែមទៀត
លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
jy ជំ. ៦៥ ទំ. ១៥៤-ទំ. ១៥៥ វ. ៣
លោកយេស៊ូនិងអ្នកកាន់តាមកំពុងធ្វើដំណើរទៅក្រុងយេរូសាឡិម

ជំពូក​ទី​៦៥

លោក​បង្រៀន​ក្នុង​ពេល​ទៅ​ក្រុង​យេរូសាឡិម

ម៉ាថាយ ៨:១៩​-​២២ លូកា ៩:៥១​-​៦២ យ៉ូហាន ៧:២​-​១០

  • ទស្សនៈ​ប្អូន​ប្រុស​ៗ​របស់​លោក​យេស៊ូ​ចំពោះ​លោក

  • ហេតុ​អ្វី​កិច្ច​បម្រើ​រាជាណាចក្រ​សំខាន់​ម្ល៉េះ?

អស់​មួយ​រយៈ​ពេល លោក​យេស៊ូ​បាន​បំពេញ​កិច្ច​បម្រើ​តែ​ក្នុង​ស្រុក​កាលីឡេ​ប៉ុណ្ណោះ ពី​ព្រោះ​នៅ​ទី​នោះ​មាន​មនុស្ស​ចាប់​អារម្មណ៍​ចំពោះ​ដំណឹង​ដែល​លោក​ផ្សាយ​ច្រើន​ជាង​នៅ​ស្រុក​យូឌា។ បន្ថែម​ទៅ​ទៀត ពេល​លោក​នៅ​ក្រុង​យេរូសាឡិម លោក​បាន​ធ្វើ​ឲ្យ​បុរស​ម្នាក់​ជា​សះ​ស្បើយ​ក្នុង​ថ្ងៃ​ឈប់​សម្រាក។ ម្ល៉ោះ​ហើយ ​«​ជន​ជាតិ​យូដា​បាន​ខំ​ប្រឹង​ខ្លាំង​ជាង​មុន​ដើម្បី​រក​វិធី​សម្លាប់​លោក​»។—យ៉ូហាន ៥:១៨; ៧:១

ឥឡូវ​ជា​រដូវ​ស្លឹក​ឈើ​ជ្រុះ នា​ឆ្នាំ​៣២ គ.ស. ហើយ​ជិត​ដល់​ពេល​ដែល​មាន​ពិធី​បុណ្យ​រោង (​ឬ​បុណ្យ​ខ្ទម​)។ បុណ្យ​នេះ​មាន​រយៈ​ពេល​៧​ថ្ងៃ ហើយ​នៅ​ថ្ងៃ​ទី​៨​ក៏​មាន​បុណ្យ​ដ៏​ឱឡារិក​ដែរ។ បុណ្យ​នេះ​ធ្វើ​ឡើង​នៅ​ពេល​បញ្ចប់​រដូវ​ប្រមូល​ផល។ នៅ​ពេល​នោះ​គឺ​ជា​គ្រា​ដ៏​សប្បាយ​រីក​រាយ​ក្រៃ​លែង និង​ជា​គ្រា​ថ្លែង​អំណរ​គុណ​ព្រះ។

លោកយេស៊ូជាមួយនឹងយ៉ាកុបនិងយ៉ូហានដែលជាអ្នកកាន់តាមលោក

ពេល​នោះ​ប្អូន​ប្រុស​ៗ​របស់​លោក​យេស៊ូ​ឈ្មោះ​យ៉ាកុប ស៊ីម៉ូន យ៉ូសែប និង​យូដាស បាន​ជំរុញ​លោក​ថា​៖ ​«​សូម​ចេញ​ពី​ទី​នេះ​ទៅ​តំបន់​យូឌា​»។ នៅ​ពេល​នោះ​ក្រុង​យេរូសាឡិម​ក្នុង​តំបន់​យូឌា​គឺ​ជា​មណ្ឌល​សាសនា​នៃ​ស្រុក​អ៊ីស្រាអែល។ ជា​ធម្មតា​ពេល​មាន​បុណ្យ​ប្រចាំ​ឆ្នាំ​បី​ដង​ក្នុង​មួយ​ឆ្នាំ នៅ​ក្រុង​នោះ​មាន​មនុស្ស​ច្រើន​កុះ​ករ។ ហេតុ​នេះ​ហើយ​បាន​ជា​ប្អូន​ប្រុស​ៗ​របស់​លោក​យេស៊ូ​វែក​ញែក​ជា​មួយ​នឹង​លោក​ថា​៖ ​«​គ្មាន​អ្នក​ណា​ធ្វើ​អ្វី​ដោយ​សម្ងាត់​ទេ ប្រសិន​បើ​អ្នក​នោះ​ចង់​ឲ្យ​គេ​ស្គាល់​ខ្លួន​ជា​សាធារណៈ។ បើ​បង​ធ្វើ​ការ​ទាំង​នេះ សូម​បង្ហាញ​ខ្លួន​ឲ្យ​ពិភព​លោក​ទាំង​មូល​ឃើញ​»។—យ៉ូហាន ៧:៣, ៤

តាម​ពិត ប្អូន​ប្រុស​ទាំង​បួន​នាក់​របស់​លោក​យេស៊ូ​«​មិន​ជឿ​លើ​លោក​»​ថា​ជា​មេស្ស៊ី​ទេ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ពួក​គេ​ចង់​ឲ្យ​បណ្ដា​ជន​ដែល​ទៅ​ចូល​រួម​បុណ្យ​នោះ​ឃើញ​លោក​ធ្វើ​ការ​អស្ចារ្យ។ ប៉ុន្តែ លោក​យេស៊ូ​ជ្រាប​អំពី​គ្រោះ​ថ្នាក់​ដែល​អាច​កើត​ឡើង​ចំពោះ​លោក ដូច្នេះ​លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​ពិភព​លោក​គ្មាន​ហេតុ​ស្អប់​ប្អូន​ៗ​ទេ តែ​ចំណែក​ខ្ញុំ​វិញ គេ​ស្អប់​ខ្ញុំ ពី​ព្រោះ​ខ្ញុំ​បញ្ជាក់​ថា​ការ​ប្រព្រឹត្ត​របស់​គេ​គឺ​ទុច្ចរិត។ សូម​ប្អូន​ៗ​ឡើង​ទៅ​បុណ្យ​នោះ​ចុះ។ ខ្ញុំ​មិន​ទាន់​ឡើង​ទៅ​បុណ្យ​នោះ​ទេ ពី​ព្រោះ​ពេល​កំណត់​របស់​ខ្ញុំ​មិន​ទាន់​មក​ដល់​នៅ​ឡើយ​»។—យ៉ូហាន ៧:៥​-​៨

ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​ប្អូន​ប្រុស​ៗ​របស់​លោក​យេស៊ូ​ឡើង​ទៅ​ធ្វើ​បុណ្យ​នោះ​ជា​មួយ​នឹង​អ្នក​ឯ​ទៀត នោះ​លោក​និង​អ្នក​កាន់​តាម​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​បុណ្យ​នោះ​ដែរ តែ​ដោយ​សម្ងាត់​វិញ។ ជា​ជាង​ទៅ​តាម​ផ្លូវ​ជិត​ទន្លេ​យ៉ូដាន់ ដែល​មនុស្ស​ច្រើន​តែ​ធ្វើ​ដំណើរ​នោះ ពួក​គាត់​បាន​ទៅ​តាម​ផ្លូវ​មួយ​កាត់​តាម​ស្រុក​សាម៉ារី​វិញ។ លោក​យេស៊ូ​និង​ពួក​អ្នក​កាន់​តាម​ត្រូវ​ការ​កន្លែង​ស្នាក់​នៅ​ពេល​ទៅ​ដល់​ស្រុក​សាម៉ារី ដូច្នេះ​លោក​បាន​ចាត់​អ្នក​នាំ​ពាក្យ​ឲ្យ​ទៅ​មុន​ដើម្បី​រៀប​ចំ​កន្លែង​ឲ្យ​ពួក​គាត់។ ប៉ុន្តែ មនុស្ស​នៅ​កន្លែង​នោះ​មិន​ទទួល​ស្វាគមន៍​ពួក​គាត់​តាម​ទម្លាប់​ដែល​ពួក​គេ​ទទួល​ភ្ញៀវ​ឡើយ។ ហេតុ​អ្វី? ពី​ព្រោះ​លោក​យេស៊ូ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​យេរូសាឡិម​ដើម្បី​ចូល​រួម​ពិធី​បុណ្យ​សាសនា​របស់​ជន​ជាតិ​យូដា។ ឃើញ​ដូច្នេះ យ៉ាកុប និង​យ៉ូហាន​ខឹង​យ៉ាង​ខ្លាំង ក៏​សួរ​លោក​យេស៊ូ​ថា​៖ ​«​លោក​ម្ចាស់ តើ​ចង់​ឲ្យ​យើង​ហៅ​ភ្លើង​ឲ្យ​ធ្លាក់​ពី​លើ​មេឃ​មក​បំផ្លាញ​ពួក​គេ​ចោល​ឬ​ទេ?​»។ (​លូកា ៩:៥៤​) ឮ​ដូច្នេះ លោក​យេស៊ូ​ស្តី​បន្ទោស​ពួក​គាត់​ដែល​មាន​ចិត្ត​គំនិត​បែប​នោះ។ រួច​មក ពួក​គាត់​ក៏​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។

ពេល​កំពុង​ធ្វើ​ដំណើរ មាន​អ្នក​ជំនាញ​ខាង​ច្បាប់​ម្នាក់​បាន​មក​ឯ​លោក ហើយ​ជម្រាប​ថា​៖ ​«​លោក​គ្រូ! ខ្ញុំ​នឹង​ទៅ​តាម​លោក ទោះ​ជា​លោក​ទៅ​ទី​ណា​ក៏​ដោយ​»។ លោក​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​កញ្ជ្រោង​មាន​រូង ហើយ​សត្វ​ស្លាប​លើ​មេឃ​មាន​ទ្រនំ តែ​កូន​មនុស្ស​គ្មាន​កន្លែង​ស្នាក់​នៅ​ទេ​»។ (​ម៉ាថាយ ៨:១៩, ២០​) លោក​យេស៊ូ​ចង់​បញ្ជាក់​ប្រាប់​បុរស​នោះ​ថា​បើ​គាត់​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក នោះ​គាត់​នឹង​ជួប​ការ​ពិបាក​ផ្សេង​ៗ។ តាម​មើល​ទៅ​អ្នក​ជំនាញ​ខាងច្បាប់​នោះ​មាន​អំនួត​ខ្លាំង​ណាស់​បាន​ជា​គាត់​មិន​ព្រម​មាន​របៀប​រស់​នៅ​បែប​នោះ​ឡើយ។ ដូច្នេះ យើង​ម្នាក់​ៗ​គួរ​សួរ​ខ្លួន​ថា​៖ ‹តើ​ខ្ញុំ​សុខ​ចិត្ត​ទទួល​ការ​ពិបាក​ដើម្បី​ធ្វើ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ​ឬ​ទេ?›។

១. កញ្ជ្រោងនៅក្នុងរូង។ ២. សត្វស្លាបក្នុងសម្បុក

រួច​មក លោក​មាន​ប្រសាសន៍​ទៅ​បុរស​ម្នាក់​ទៀត​ថា​៖ ​«​ចូរ​មក​តាម​ខ្ញុំ​ចុះ​»។ បុរស​នោះ​ជម្រាប​លោក​ថា​៖ ​«​សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ចេញ​ទៅ​បញ្ចុះ​សព​ឪ​ពុក​ខ្ញុំ​សិន​»។ លោក​យេស៊ូ​ជ្រាប​អំពី​កាលៈទេសៈ​របស់​គាត់ ដូច្នេះ​លោក​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​ទុក​ឲ្យ​មនុស្ស​ស្លាប់​បញ្ចុះ​សព​គ្នា​គេ​ទៅ តែ​អ្នក​វិញ ចូរ​ទៅ​ប្រកាស​អំពី​រាជាណាចក្រ​របស់​ព្រះ​នៅ​គ្រប់​ទី​កន្លែង​»។ (​លូកា ៩:៥៩, ៦០​) តាម​ពិត ឪ​ពុក​របស់​បុរស​នោះ​មិន​ទាន់​ស្លាប់​ទេ បើ​ឪ​ពុក​គាត់​ស្លាប់​មែន គាត់​ទំនង​ជា​មិន​នៅ​ទី​នេះ​និយាយ​ជា​មួយ​នឹង​លោក​យេស៊ូ​ឡើយ។ មូលហេតុ​ដែល​បុរស​នោះ​និយាយ​ដូច្នោះ​គឺ​ដោយ​សារ​គាត់​មិន​ទាន់​ត្រៀម​ខ្លួន​ដើម្បី​ចាត់​ទុក​រាជាណាចក្រ​ព្រះ​ជា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​គាត់។

កាល​ដែល​ពួក​គាត់​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​យេរូសាឡិម នោះ​មាន​បុរស​ម្នាក់​ទៀត​មក​ជម្រាប​លោក​យេស៊ូ​ថា​៖ ​«​លោក​ម្ចាស់ ខ្ញុំ​នឹង​ទៅ​តាម​លោក ប៉ុន្តែ​សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​លា​ពួក​អ្នក​ផ្ទះ​របស់​ខ្ញុំ​សិន​»។ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​អ្នក​ណា​ដែល​ចាប់​កាន់​នង្គ័ល តែ​បែរ​ទៅ​មើល​អ្វី​នៅ​ខាង​ក្រោយ អ្នក​នោះ​មិន​សម​នឹង​រាជាណាចក្រ​របស់​ព្រះ​ឡើយ​»។—លូកា ៩:៦១, ៦២

អ្នក​ដែល​ចង់​ធ្វើ​ជា​អ្នក​កាន់​តាម​ពិត​របស់​លោក​យេស៊ូ ពួក​គេ​ត្រូវ​តែ​ផ្ដោត​អារម្មណ៍​ទៅ​លើ​កិច្ច​បម្រើ​រាជាណាចក្រ​ប៉ុណ្ណោះ។ ជា​ឧទាហរណ៍ ពេល​អ្នក​ភ្ជួរ​រាស់​មិន​មើល​ទៅ​ត្រង់​ទេ នោះ​គាត់​ទំនង​ជា​ភ្ជួរ​ខុស​គន្លង​នង្គ័ល។ ម្យ៉ាង​ទៀត បើ​គាត់​ដាក់​នង្គ័ល​ចុះ ហើយ​បែរ​ទៅ​មើល​អ្វី​នៅ​ខាង​ក្រោយ នោះ​គាត់​មិន​អាច​ភ្ជួរ​ស្រែ​របស់​គាត់​ឲ្យ​រួច​ទេ។ ស្រដៀង​គ្នា​ដែរ បើ​អ្នក​ណា​ម្នាក់​ដែល​មើល​ទៅ​ក្រោយ​ក្នុង​របៀប​របប​ពិភព​លោក​នេះ អ្នក​នោះ​ប្រហែល​ជា​ជំពប់​ដួល​ចេញ​ពី​ផ្លូវ​ដែល​នាំ​ទៅ​ដល់​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។

  • តើ​ប្អូន​ប្រុស​បួន​នាក់​របស់​លោក​យេស៊ូ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​លោក?

  • ហេតុ​អ្វី​ជន​ជាតិ​សាម៉ារី​មិន​ទទួល​ស្វាគមន៍​លោក​យេស៊ូ ហើយ​តើ​យ៉ាកុប​និង​យ៉ូហាន​ចង់​ធ្វើ​អ្វី?

  • នៅ​តាម​ផ្លូវ​ទៅ​ក្រុង​យេរូសាឡិម លោក​យេស៊ូ​មាន​ការ​សន្ទនា​បី តើ​នោះ​ជា​អ្វី​ខ្លះ ហើយ​តើ​លោក​បាន​លើក​បញ្ជាក់​អ្វី​ខ្លះ​ស្តី​អំពី​កិច្ច​បម្រើ​ព្រះ?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក