បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • jy ជំ. ៩៥ ទំ. ២២២-ទំ. ២២៣ វ. ៩
  • សេចក្ដីបង្រៀនអំពីការលែងលះនិងសេចក្ដីស្រឡាញ់ចំពោះកូនក្មេង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សេចក្ដីបង្រៀនអំពីការលែងលះនិងសេចក្ដីស្រឡាញ់ចំពោះកូនក្មេង
  • លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
  • អត្ថបទស្រដៀងគ្នា
  • មេរៀនអំពីការលែងលះគ្នា និងអំពីសេចក្ដីស្រឡាញ់ចំពោះកូនក្មេង
    បុរសឧត្តមបំផុតដែលធ្លាប់រស់នៅ
  • ចូរឲ្យតម្លៃចំពោះអាពាហ៍ពិពាហ៍ជាការរៀបចំរបស់ព្រះ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៨
  • សំណួរពីអ្នកអាន
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១២
  • «កុំ . . . ពង្រាត់គូដែលព្រះបានផ្សំផ្គុំឡើយ»
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៨)
មើលបន្ថែមទៀត
លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
jy ជំ. ៩៥ ទំ. ២២២-ទំ. ២២៣ វ. ៩
បណ្ដាជននាំកូនតូចៗរបស់ខ្លួនមកជួបលោកយេស៊ូ

ជំពូក​ទី​៩៥

សេចក្ដី​បង្រៀន​អំពី​ការ​លែង​លះ​និង​សេចក្ដី​ស្រឡាញ់​ចំពោះ​កូន​ក្មេង

ម៉ាថាយ ១៩:១​-​១៥ ម៉ាកុស ១០:១​-​១៦ លូកា ១៨:១៥​-​១៧

  • លោក​យេស៊ូ​ប្រាប់​អំពី​ទស្សនៈ​របស់​ព្រះ​ចំពោះ​ការ​លែង​លះ

  • អំណោយ​ជា​ភាព​នៅ​លីវ

  • ត្រូវ​មាន​លក្ខណៈ​ដូច​កូន​ក្មេង

ក្រោយ​ពី​ចាក​ចេញ​ពី​ស្រុក​កាលីឡេ លោក​យេស៊ូ​និង​ពួក​អ្នក​កាន់​តាម​ធ្វើ​ដំណើរ​ឆ្លង​ទន្លេ​យ៉ូដាន់ ហើយ​ឆ្ពោះ​ទៅ​ទិស​ខាង​ត្បូង​កាត់​តាម​តំបន់​ភេរៀ។ ពី​មុន ពេល​លោក​នៅ​តំបន់​ភេរៀ លោក​ធ្លាប់​បញ្ជាក់​ប្រាប់​ពួក​ផារិស៊ី​អំពី​ខ្នាត​តម្រា​របស់​ព្រះ​ចំពោះ​ការ​លែង​លះ។ (​លូកា ១៦:១៨​) ឥឡូវ​ពួក​គេ​បាន​លើក​យក​រឿង​នោះ​មក​ល្បង​ល​លោក​យេស៊ូ។

ច្បាប់​ម៉ូសេ​ចែង​ថា​ប្ដី​អាច​លែង​លះ​ប្រពន្ធ​បាន បើ​គាត់​បាន​ឃើញ​«​សេចក្ដី​ណា​ដែល​មិន​គប្បី​»​នៅ​នឹង​នាង។ (​ចោទិយកថា ២៤:១​) នេះ​នាំ​ឲ្យ​មាន​ទស្សនៈ​ខុស​ៗ​គ្នា​អំពី​មូលហេតុ​នៃ​ការ​លែង​លះ។ អ្នក​ខ្លះ​ជឿ​ថា​ច្បាប់​នោះ​អាច​ឲ្យ​មនុស្ស​លែង​លះ​គ្នា​បាន​សូម្បី​តែ​មាន​កំហុស​តូច​តាច។ ដូច្នេះ ពួក​ផារិស៊ី​សួរ​លោក​យេស៊ូ​ថា​៖ ​«​តើ​បុរស​មាន​ច្បាប់​លែង​លះ​ប្រពន្ធ ដោយ​មូលហេតុ​អ្វី​ក៏​ដោយ​ឬ​ទេ?​»។—ម៉ាថាយ ១៩:៣

ជា​ជាង​ឆ្លើយ​តាម​ទស្សនៈ​របស់​មនុស្ស លោក​យេស៊ូ​បាន​ឆ្លើយ​យ៉ាង​ប៉ិន​ប្រសប់​ដោយ​លើក​ឡើង​នូវ​ការ​រៀប​ចំ​របស់​ព្រះ​សម្រាប់​អាពាហ៍ពិពាហ៍។ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​តើ​អ្នក​រាល់​គ្នា​មិន​ធ្លាប់​អាន​ទេ​ថា លោក​ដែល​បាន​បង្កើត​មនុស្សជាតិ​ដំបូង បាន​បង្កើត​ពួក​គេ​ជា​ប្រុស​និង​ស្រី ហើយ​មាន​ប្រសាសន៍​ថា​៖ ‹ហេតុ​នេះ​ហើយ បុរស​នឹង​ចាក​ចេញ​ពី​ឪ​ពុក​និង​ម្ដាយ​ខ្លួន ហើយ​នឹង​នៅ​ជាប់​ជា​មួយ​នឹង​ប្រពន្ធ​របស់​គាត់ រួច​ពួក​គេ​ទាំង​ពីរ​នាក់​នឹង​ទៅ​ជា​សាច់​ឈាម​តែ​មួយ›នោះ? ដូច្នេះ ពួក​គេ​លែង​ជា​ពីរ​ទៀត​ហើយ ប៉ុន្តែ​ជា​សាច់​ឈាម​តែ​មួយ​វិញ។ ម្ល៉ោះ​ហើយ កុំ​ឲ្យ​អ្នក​ណា​ពង្រាត់​គូ​ដែល​ព្រះ​បាន​ផ្សំផ្គុំ​ឡើយ​»។ (​ម៉ាថាយ ១៩:៤​-​៦​) ពេល​ព្រះ​ផ្សំផ្គុំ​អាដាម​និង​អេវ៉ា​ឲ្យ​ធ្វើ​ជា​ប្ដី​ប្រពន្ធ លោក​មិន​បាន​ផ្ដល់​ការ​រៀប​ចំ​សម្រាប់​ឲ្យ​ពួក​គេ​លែង​លះ​គ្នា​ទេ។

ប៉ុន្តែ ពួក​ផារិស៊ី​លើក​យក​បញ្ហា​នោះ​មក​តវ៉ា​ជា​មួយ​នឹង​លោក​យេស៊ូ​ថា​៖ ​«​បើ​ដូច្នេះ ហេតុ​អ្វី​បាន​ជា​ម៉ូសេ​បង្គាប់​ឲ្យ​ប្រគល់​សំបុត្រ​លែង​លះ​ទៅ​នាង ហើយ​ឲ្យ​នាង​ចុះ​ចេញ?​»។ (​ម៉ាថាយ ១៩:៧​) លោក​យេស៊ូ​ប្រាប់​ពួក​គេ​ថា​៖ ​«​ម៉ូសេ​បាន​អនុញ្ញាត​ឲ្យ​អ្នក​រាល់​គ្នា​លែង​លះ​ប្រពន្ធ ដោយ​សារ​អ្នក​រាល់​គ្នា​មាន​ចិត្ត​រឹង។ ក៏​ប៉ុន្តែ នៅ​ដើម​ដំបូង មិន​មែន​ដូច្នេះ​ទេ​»។ (​ម៉ាថាយ ១៩:៨​) ប្រសាសន៍​របស់​លោក​ដែល​ថា​«​នៅ​ដើម​ដំបូង​»​ គឺ​មិន​មែន​នៅ​សម័យ​របស់​ម៉ូសេ​ទេ តែ​គឺ​ជា​ពេល​ដែល​ព្រះ​បាន​ផ្ដើម​ឲ្យ​មាន​អាពាហ៍ពិពាហ៍​នៅ​សួន​អេដែន។

រួច​មក លោក​យេស៊ូ​ប្រាប់​អំពី​សេចក្ដី​ពិត​ដ៏​សំខាន់​ថា​៖ ​«​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​ដែល​លែង​លះ​ប្រពន្ធ​ដែល​មិន​បាន​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ[​ភាសា​ក្រិច​ផូនៀ​] រួច​រៀប​ការ​ជា​មួយ​នឹង​ស្ត្រី​ម្នាក់​ទៀត អ្នក​នោះ​ជា​អ្នក​ផិត​ក្បត់​»។ (​ម៉ាថាយ ១៩:៩​) ដូច្នេះ ក្នុង​គម្ពីរ​មូលហេតុ​តែ​មួយ​គត់​សម្រាប់​ការ​លែង​លះ គឺ​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ។

ពេល​ឮ​ដូច្នោះ ពួក​អ្នក​កាន់​តាម​ជម្រាប​លោក​ថា​៖ ​«​ប្រសិន​បើ​ជា​ប្ដី​ប្រពន្ធ​គឺ​ដូច្នោះ​មែន មិន​រៀប​ការ​ល្អ​ជាង​»។ (​ម៉ាថាយ ១៩:១០​) ពេល​បុគ្គល​ណា​ម្នាក់​គិត​ចង់​រៀប​ការ គាត់​គួរ​យល់​យ៉ាង​ច្បាស់​ថា​ចំណង​អាពាហ៍ពិពាហ៍​ជា​ចំណង​ដែល​ស្ថិតស្ថេរ​ជា​រៀង​រហូត!

ស្តី​អំពី​ភាព​នៅ​លីវ លោក​យេស៊ូ​ពន្យល់​ថា​អ្នក​ខ្លះ​ជា​ជន​គម្រៀវ​ពី​កំណើត ដូច្នេះ​ពួក​គាត់​មិន​មាន​សមត្ថភាព​ក្នុង​ការ​រួម​ដំណេក​ជា​មួយ​នឹង​គូ​អាពាហ៍ពិពាហ៍​ទេ។ រីឯ​អ្នក​ខ្លះ​ទៀត​ដែល​បាន​ត្រូវ​គេ​គ្រៀវ បាន​ក្លាយ​ទៅ​ជា​មនុស្ស​ពិការ​អវយវៈ​ភេទ។ ក៏​ប៉ុន្តែ អ្នក​ខ្លះ​ទៀត​ព្យាយាម​ទប់​ចិត្ត​ពី​ចំណង់​ខាង​ការ​រួម​ដំណេក ហើយ​មិន​រៀប​ការ ដើម្បី​ពួក​គេ​អាច​ផ្ចង់​អារម្មណ៍​ខ្លាំង​ជាង​ទៅ​លើ​កិច្ច​ការ​ដែល​ទាក់​ទង​នឹង​រាជាណាចក្រ​ព្រះ។ រួច​លោក​យេស៊ូ​ដាស់​តឿន​អ្នក​ស្ដាប់​លោក​ថា​៖ ​«​អ្នក​ណា​ដែល​អាច​ទទួល​យក​អ្វី​បែប​នេះ​បាន[​ភាព​នៅ​លីវ​] ចូរ​ទទួល​យក​ចុះ​»។—ម៉ាថាយ ១៩:១២

ឥឡូវ បណ្ដា​ជន​ចាប់​ផ្ដើម​នាំ​កូន​តូច​ៗ​របស់​ពួក​គេ​មក​ឯ​លោក​យេស៊ូ។ ប៉ុន្តែ ពួក​អ្នក​កាន់​តាម​ក៏​តាំង​ស្តី​បន្ទោស​ពួក​គេ។ ពួក​គាត់​ធ្វើ​ដូច្នេះ ទំនង​ជា​ដោយ​សារ​ពួក​គាត់​មិន​ចង់​ឲ្យ​មាន​ការ​រំខាន​ដល់​លោក​យេស៊ូ។ ឃើញ​ដូច្នេះ លោក​យេស៊ូ​ទាស់​ចិត្ត ហើយ​ប្រាប់​ពួក​គាត់​ថា​៖ ​«​ឲ្យ​កូន​ក្មេង​ទាំង​នោះ​មក​ឯ​ខ្ញុំ កុំ​ឃាត់​ពួក​គេ​ឡើយ ពី​ព្រោះ​រាជាណាចក្រ​របស់​ព្រះ​ជា​របស់​អ្នក​ដែល​មាន​លក្ខណៈ​ដូច​ក្មេង​ទាំង​នេះ។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា អ្នក​ណា​ដែល​មិន​ព្រម​ទទួល​រាជាណាចក្រ​របស់​ព្រះ ដូច​ក្មេង​តូច​ម្នាក់​ទេ អ្នក​នោះ​នឹង​មិន​បាន​ចូល​ក្នុង​រាជាណាចក្រ​របស់​ព្រះ​សោះ​ឡើយ​»។—ម៉ាកុស ១០:១៤, ១៥; លូកា ១៨:១៥

នេះ​ពិត​ជា​មេ​រៀន​ដ៏​ល្អ​មែន! ដើម្បី​ទទួល​រាជាណាចក្រ​របស់​ព្រះ យើង​ត្រូវ​មាន​ចិត្ត​សុភាព​រាប​ទាប ហើយ​ជា​មនុស្ស​ស្រួល​បង្ហាត់​បង្រៀន​ដូច​កូន​ក្មេង។ ឥឡូវ​លោក​យេស៊ូ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​កូន​ក្មេង​ដោយ​ឱប​ពួក​គេ ហើយ​ឲ្យ​ពរ​ពួក​គេ។ ម្យ៉ាង​ទៀត លោក​មាន​សេចក្ដី​ស្រឡាញ់​ដ៏​កក់​ក្ដៅ​ដូច​នេះ​ចំពោះ‹អ្នក​ណា​ដែល​ព្រម​ទទួល​រាជាណាចក្រ​របស់​ព្រះ ដូច​ក្មេង​តូច​ម្នាក់›។—លូកា ១៨:១៧

  • ស្តី​អំពី​ការ​លែង​លះ តើ​ពួក​ផារិស៊ី​បាន​ល្បង​ល​លោក​យេស៊ូ​យ៉ាង​ដូច​ម្ដេច?

  • យោង​តាម​ប្រសាសន៍​របស់​លោក​យេស៊ូ តើ​អ្វី​ជា​ខ្នាត​តម្រា​របស់​ព្រះ​ចំពោះ​ការ​លែង​លះ?

  • ហេតុ​អ្វី​អ្នក​កាន់​តាម​ខ្លះ​ប្រហែល​ជា​សម្រេច​ចិត្ត​នៅ​លីវ?

  • តាម​រយៈ​ការ​ប្រស្រ័យ​ទាក់​ទង​រវាង​លោក​យេស៊ូ​និង​កូន​ក្មេង តើ​លោក​បង្រៀន​មេ​រៀន​អ្វី?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក