បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • jy ជំ. ១៣៧ ទំ. ៣១០-ទំ. ៣១១ វ. ២
  • មុនបុណ្យថ្ងៃទី៥០មនុស្សរាប់រយនាក់ឃើញលោក

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • មុនបុណ្យថ្ងៃទី៥០មនុស្សរាប់រយនាក់ឃើញលោក
  • លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
  • អត្ថបទស្រដៀងគ្នា
  • ការលេចខ្លួនឲ្យឃើញចុងក្រោយ និងបុណ្យថ្ងៃទី៥០នៅឆ្នាំ៣៣ ស.យ.
    បុរសឧត្តមបំផុតដែលធ្លាប់រស់នៅ
  • «អ្នករាល់គ្នានឹងធ្វើជាសាក្សីបញ្ជាក់អំពីខ្ញុំ»
    ចូរ«ធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់»អំពីរាជាណាចក្ររបស់ព្រះ
  • លោកយេស៊ូត្រឡប់ទៅស្ថានសួគ៌
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • ព្រះយេស៊ូផ្ដែផ្ដាំពួកសាវ័កចំពោះការយាងទៅរបស់ទ្រង់
    បុរសឧត្តមបំផុតដែលធ្លាប់រស់នៅ
មើលបន្ថែមទៀត
លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
jy ជំ. ១៣៧ ទំ. ៣១០-ទំ. ៣១១ វ. ២
លោកយេស៊ូឡើងទៅស្ថានសួគ៌វិញ

ជំពូក​ទី​១៣៧

មុន​បុណ្យ​ថ្ងៃ​ទី​៥០​មនុស្ស​រាប់​រយ​នាក់​ឃើញ​លោក

ម៉ាថាយ ២៨:១៦​-​២០ លូកា ២៤:៥០​-​៥២ សកម្មភាព ១:១​-​១២; ២:១​-​៤

  • លោក​យេស៊ូ​លេច​មក​ឲ្យ​មនុស្ស​ជា​ច្រើន​ឃើញ

  • លោក​ឡើង​ទៅ​ស្ថាន​សួគ៌

  • លោក​យេស៊ូ​ចាក់​សកម្មពល​បរិសុទ្ធ​ទៅ​លើ​អ្នក​កាន់​តាម​១២០​នាក់

ក្រោយ​ពី​លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ លោក​ប្រាប់​សាវ័ក​ទាំង​១១​នាក់​របស់​លោក ឲ្យ​ទៅ​ជួប​លោក​នៅ​ឯ​ភ្នំ​មួយ​ក្នុង​ស្រុក​កាលីឡេ។ អ្នក​កាន់​តាម​ឯ​ទៀត​ប្រហែល​ជា​៥០០​នាក់ ក៏​បាន​ទៅ​ទី​នោះ​ដែរ ហើយ​ពួក​គេ​ខ្លះ​នៅ​តែ​មាន​ចិត្ត​សង្ស័យ។ (​ម៉ាថាយ ២៨:១៧; កូរិនថូស​ទី១ ១៥:៦​) ប៉ុន្តែ អ្វី​ដែល​លោក​យេស៊ូ​មាន​ប្រសាសន៍​នៅ​ឥឡូវ​នេះ​នឹង​ជួយ​ពួក​គេ​ម្នាក់​ៗ​ឲ្យ​ជឿ​ថា​លោក​ពិត​ជា​រស់​ឡើង​វិញ​មែន។

ពេល​នោះ លោក​យេស៊ូ​ពន្យល់​ថា ព្រះ​បាន​ផ្ដល់​គ្រប់​ទាំង​អំណាច​នៅ​ស្ថាន​សួគ៌​និង​ផែន​ដី​ដល់​លោក។ លោក​ក៏​បាន​ដាស់​តឿន​ពួក​គេ​ថា​៖ ​«​ដូច្នេះ ចូរ​ទៅ​បង្រៀន​មនុស្ស​គ្រប់​ជាតិ​សាសន៍​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​ខ្ញុំ ហើយ​ជ្រមុជ​ទឹក​ឲ្យ​ពួក​គេ ក្នុង​នាម​បិតា​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌ ក្នុង​នាម​បុត្រ​របស់​លោក និង​ក្នុង​នាម​សកម្មពល​បរិសុទ្ធ​របស់​លោក ហើយ​បង្រៀន​ពួក​គេ​ឲ្យ​កាន់​តាម​អ្វី​ៗ​ទាំង​អស់​ដែល​ខ្ញុំ​បាន​បង្គាប់​អ្នក​រាល់​គ្នា​»។ (​ម៉ាថាយ ២៨:១៨​-​២០​) ក្រោយ​ពី​លោក​យេស៊ូ​រស់​ឡើង​វិញ លោក​នៅ​តែ​ចាប់​អារម្មណ៍​ក្នុង​ការ​ជួយ​ពួក​អ្នក​កាន់​តាម​ឲ្យ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ។

ពួក​អ្នក​កាន់​តាម​ទាំង​អស់​របស់​លោក​យេស៊ូ ដែល​រួម​មាន​បុរស ស្ត្រី និង​កូន​ក្មេង​បាន​ទទួល​បង្គាប់​ដូច​គ្នា​ក្នុង​ការ​បង្រៀន​អ្នក​ឯ​ទៀត​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក។ ប៉ុន្តែ ពួក​អ្នក​ប្រឆាំង​ប្រហែល​ជា​ព្យាយាម​បញ្ឈប់​កិច្ច​ផ្សព្វ​ផ្សាយ​និង​ការ​បង្រៀន​របស់​ពួក​គេ។ ទោះ​ជា​យ៉ាង​នោះ​ក្ដី លោក​យេស៊ូ​បាន​ធានា​ដល់​ពួក​គេ​ថា​៖ ​«​ខ្ញុំ​បាន​ទទួល​គ្រប់​ទាំង​អំណាច​នៅ​ស្ថាន​សួគ៌​និង​នៅ​ផែន​ដី​»។ តើ​នេះ​មាន​ន័យ​យ៉ាង​ណា​ចំពោះ​អ្នក​កាន់​តាម​លោក? លោក​យេស៊ូ​ប្រាប់​ពួក​គេ​ថា​៖ ​«​មើល! ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​រៀង​រាល់​ថ្ងៃ រហូត​ដល់​គ្រា​ចុង​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​នេះ​»។ លោក​យេស៊ូ​មិន​បាន​និយាយ​ថា អស់​អ្នក​ដែល​ចូល​រួម​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អាច​ធ្វើ​អព្ភូតហេតុ​ទាំង​អស់​គ្នា​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា​ក្ដី ពួក​គេ​ទាំង​អស់​គ្នា​នឹង​ទទួល​សកម្មពល​បរិសុទ្ធ។

តាំង​ពី​ពេល​ដែល​លោក​យេស៊ូ​រស់​ឡើង​វិញ លោក​បាន​បង្ហាញ​ខ្លួន​ឲ្យ​ពួក​អ្នក​កាន់​តាម​ឃើញ​«​ក្នុង​រយៈ​ពេល​៤០​ថ្ងៃ​»។ លោក​លេច​មក​ដោយ​មាន​រូប​កាយ​សាច់​ឈាម​ខុស​ៗ​គ្នា ហើយ​បង្ហាញ​«​ខ្លួន​ឲ្យ​អ្នក​ទាំង​នេះ​ឃើញ​ជា​ច្រើន​ដង​តាម​របៀប​ដែល​បញ្ជាក់​យ៉ាង​ជាក់​ច្បាស់​ថា​លោក​មាន​ជីវិត​រស់​នៅ​»។ បន្ថែម​ទៅ​ទៀត លោក​បាន​បង្រៀន​ពួក​គាត់​«​អំពី​រាជាណាចក្រ​របស់​ព្រះ​»​ទៀត​ផង។—សកម្មភាព ១:៣; កូរិនថូស​ទី១ ១៥:៧

ទំនង​ជា​ពេល​ដែល​ពួក​សាវ័ក​នៅ​ស្រុក​កាលីឡេ​នៅ​ឡើយ លោក​យេស៊ូ​បាន​បង្គាប់​ពួក​គាត់​ឲ្យ​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ។ នៅ​ពេល​ដែល​លោក​ជួប​ពួក​គាត់​នៅ​ក្រុង​យេរូសាឡិម លោក​មាន​ប្រសាសន៍​ថា​៖ ​«​កុំ​ចេញ​ពី​ក្រុង​យេរូសាឡិម​ឡើយ តែ​ចូរ​រង់​ចាំ​អ្វី​ដែល​បិតា​នៅ​ស្ថាន​សួគ៌​បាន​សន្យា ជា​អ្វី​ដែល​អ្នក​រាល់​គ្នា​បាន​ឮ​ពី​ខ្ញុំ ពី​ព្រោះ​យ៉ូហាន​បាន​ជ្រមុជ​គេ​ក្នុង​ទឹក ប៉ុន្តែ​អ្នក​រាល់​គ្នា​នឹង​ទទួល​ការ​ជ្រមុជ​ក្នុង​សកម្មពល​បរិសុទ្ធ​របស់​ព្រះ នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​»។—សកម្មភាព ១:៤, ៥

ក្រោយ​មក លោក​យេស៊ូ​ជួប​ជា​មួយ​នឹង​ពួក​សាវ័ក​របស់​លោក​ម្ដង​ទៀត។ ពេល​នោះ លោក​បាន​នាំ​«​ពួក​គាត់​ចេញ​ទៅ​រហូត​ដល់​ភូមិ​បេថានី​»​ ដែល​នៅ​ខាង​កើត​ជម្រាល​ភ្នំ​ដើម​អូលីវ។ (​លូកា ២៤:៥០​) ទោះ​ជា​លោក​យេស៊ូ​ធ្លាប់​បាន​ប្រាប់​ពួក​គាត់​អំពី​អ្វី​ៗ​ទាំង​អស់​ដែល​ទាក់​ទង​នឹង​ការ​ចាក​ចេញ​របស់​លោក​ក៏​ដោយ ពួក​គាត់​នៅ​តែ​ជឿ​ថា​រាជាណាចក្រ​របស់​លោក​នឹង​តាំង​ឡើង​នៅ​ផែន​ដី។—លូកា ២២:១៦, ១៨, ៣០; យ៉ូហាន ១៤:២, ៣

ពួក​សាវ័ក​សួរ​លោក​យេស៊ូ​ថា​៖ ​«​លោក​ម្ចាស់ តើ​លោក​នឹង​តាំង​រាជាណាចក្រ​អ៊ីស្រាអែល​ឡើង​វិញ​នៅ​ពេល​នេះ​ឬ?​»។ លោក​ឆ្លើយ​តប​ចំ​ៗ​ទៅ​ពួក​គាត់​ថា​៖ ​«​អ្នក​រាល់​គ្នា​មិន​ចាំ​បាច់​ដឹង​អំពី​ពេល​វេលា​និង​គ្រា​កំណត់​ដែល​បិតា​នៅ​ស្ថាន​សួគ៌​ដាក់​នៅ​ក្រោម​អំណាច​របស់​លោក​ផ្ទាល់​ឡើយ​»។ បន្ទាប់​មក លោក​ក៏​បញ្ជាក់​ម្ដង​ទៀត​អំពី​កិច្ច​ការ​ដែល​ពួក​គាត់​ត្រូវ​ធ្វើ ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​រាល់​គ្នា​នឹង​ទទួល​ឫទ្ធានុភាព កាល​ដែល​សកម្មពល​បរិសុទ្ធ​របស់​ព្រះ​មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​ខ្ញុំ​នៅ​ក្រុង​យេរូសាឡិម នៅ​តំបន់​យូឌា​ទាំង​មូល នៅ​ស្រុក​សាម៉ារី និង​រហូត​ដល់​កន្លែង​ឆ្ងាយ​បំផុត​នៅ​ផែន​ដី​»។—សកម្មភាព ១:៦​-​៨

លោកយេស៊ូឡើងទៅលើមេឃកាលដែលពួកសាវ័កស្មោះត្រង់កំពុងសម្លឹងមើលលោក

ពួក​សាវ័ក​នៅ​ឯ​ភ្នំ​ដើម​អូលីវ​ជា​មួយ​នឹង​លោក​យេស៊ូ កាល​ដែល​លោក​ចាប់​ផ្ដើម​ឡើង​ទៅ​លើ​មេឃ។ ភ្លាម​នោះ ពពក​បាន​បាំង​លោក​យេស៊ូ​មិន​ឲ្យ​ពួក​គាត់​ឃើញ​ឡើយ។ បន្ទាប់​ពី​លោក​យេស៊ូ​រស់​ឡើង​វិញ លោក​លេច​មក​ដោយ​មាន​រូប​កាយ​ជា​សាច់​ឈាម ប៉ុន្តែ​ឥឡូវ​នេះ​រូប​កាយ​នោះ​បាត់​ទៅ ហើយ​លោក​ត្រឡប់​ទៅ​ស្ថាន​សួគ៌​វិញ​ជា​បុគ្គល​វិញ្ញាណ។ (​កូរិនថូស​ទី១ ១៥:៤៤, ៥០; ពេត្រុស​ទី១ ៣:១៨​) កាល​ដែល​ពួក​សាវ័ក​ស្មោះ​ត្រង់​កំពុង​សម្លឹង​មើល​ទៅ​មេឃ ស្រាប់​តែ​មាន​«​បុរស​ពីរ​នាក់​ស្លៀក​ពាក់​ស​»​ឈរ​នៅ​ក្បែរ​ពួក​គាត់។ បុរស​ពីរ​នាក់​នោះ​គឺ​ជា​ទេវតា​ដែល​បាន​កាឡា​ខ្លួន​ជា​មនុស្ស ទេវតា​នោះ​សួរ​ពួក​គាត់​ថា​៖ ​«​អ្នក​ស្រុក​កាលីឡេ​អើយ ហេតុ​អ្វី​អ្នក​រាល់​គ្នា​កំពុង​ឈរ​មើល​មេឃ​ដូច្នេះ? លោក​យេស៊ូ​នោះ ដែល​បាន​ត្រូវ​យក​ឡើង​ទៅ​លើ​មេឃ ក៏​នឹង​មក​តាម​បែប​ដែល​អ្នក​រាល់​គ្នា​ឃើញ​លោក​ឡើង​ទៅ​លើ​មេឃ​ដូច្នេះ​ដែរ​»។—សកម្មភាព ១:១០, ១១

លោក​យេស៊ូ​ចាក​ចេញ​ពី​ផែន​ដី​ដោយ​មិន​មាន​ពិធី​អធិកអធម​អ្វី​ឡើយ នៅ​ពេល​នោះ​មាន​តែ​ពួក​អ្នក​កាន់​តាម​ស្មោះ​ត្រង់​ប៉ុណ្ណោះ​ដែល​បាន​ឃើញ​លោក​ចាក​ចេញ។ ស្រដៀង​គ្នា​ដែរ លោក​នឹង​ត្រឡប់​មកវិញ‹តាម​បែប​ដូច​គ្នា› ពោល​គឺ​គ្មាន​ពិធី​ឱឡារិក​ទេ គឺ​មាន​តែ​ពួក​អ្នក​កាន់​តាម​ស្មោះ​ត្រង់​របស់​លោក​ប៉ុណ្ណោះ​ដែល​នឹង​ដឹង​អំពី​វត្តមាន​របស់​លោក​ជា​ស្តេច​ក្នុង​រាជាណាចក្រ។

ពួក​សាវ័ក​បាន​ត្រឡប់​មក​ក្រុង​យេរូសាឡិម​វិញ ហើយ​នៅ​ថ្ងៃ​ក្រោយ​មក ពួក​គាត់​បាន​ជួប​ជុំ​គ្នា​ជា​មួយ​នឹង​ពួក​អ្នក​កាន់​តាម​ឯ​ទៀត ដែល​រួម​មាន‹ប្អូន​ប្រុស​ៗ​របស់​លោក​យេស៊ូ និង​ម៉ារៀ​ជា​ម្ដាយ​របស់​លោក›។ (​សកម្មភាព ១:១៤​) ពួក​គាត់​បាន​បន្ត​អធិដ្ឋាន​ឥត​ឈប់ ហើយ​នៅ​ពេល​នោះ​ពួក​គាត់​ក៏​អធិដ្ឋាន​ដែរ​អំពី​ការ​ជ្រើស​រើស​ឲ្យ​អ្នក​កាន់​តាម​ម្នាក់​មក​ជំនួស​យូដាស​អ៊ីស្ការីយ៉ុត ដើម្បី​បង្គ្រប់​ចំនួន​សាវ័ក​ទាំង​១២​នាក់។ (​ម៉ាថាយ ១៩:២៨​) ពួក​គាត់​ចង់​បាន​អ្នក​កាន់​តាម​ណា​ម្នាក់​ដែល​បាន​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​នូវ​សកម្មភាព​របស់​លោក​យេស៊ូ និង​ការ​ដែល​លោក​រស់​ឡើង​វិញ។ ពួក​គាត់​បាន​ចាប់​ឆ្នោត​ដើម្បី​ឲ្យ​ដឹង​ពី​គោល​បំណង​របស់​ព្រះ ហើយ​នេះ​គឺ​ជា​ការ​ចាប់​ឆ្នោត​ចុង​ក្រោយ​បង្អស់​ដែល​បាន​ត្រូវ​រៀប​រាប់​ក្នុង​គម្ពីរ។ (​ទំនុក​តម្កើង ១០៩:៨; សុភាសិត ១៦:៣៣​) ពេល​នោះ​ម៉ាធាស​ដែល​ប្រហែល​ជា​អ្នក​កាន់​តាម​ម្នាក់​ក្នុង​ចំណោម​៧០​នាក់​ដែល​លោក​យេស៊ូ​បាន​ចាត់​ឲ្យ​ទៅ​ផ្សព្វ​ផ្សាយ បាន​ត្រូវ​ជ្រើស​រើស​ឲ្យ​ធ្វើ​ជា​សាវ័ក​ម្នាក់ ហើយ​គាត់​«​ត្រូវ​រាប់​ជា​មួយ​នឹង​សាវ័ក​ដប់​មួយ​នាក់​ទៀត​»។—សកម្មភាព ១:២៦

បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣ គ.ស. ជា​បុណ្យ​របស់​ជន​ជាតិ​យូដា។ បុណ្យ​នេះ​បាន​ត្រូវ​ធ្វើ​ឡើង​១០​ថ្ងៃ​ក្រោយ​ពី​លោក​យេស៊ូ​ត្រឡប់​ទៅ​ស្ថាន​សួគ៌​វិញ។ នៅ​ពេល​នោះ ពួក​អ្នក​កាន់​តាម​ប្រហែល​ជា​១២០​នាក់​បាន​ជួប​ជុំ​គ្នា​នៅ​បន្ទប់​ជាន់​លើ​ក្នុង​ក្រុង​យេរូសាឡិម។ កាល​ដែល​ពួក​គាត់​កំពុង​ជួប​ជុំ​គ្នា ស្រាប់​តែ​មាន​សូរ​សំឡេង​ដូច​សន្ធឹក​ខ្យល់​បក់​យ៉ាង​ខ្លាំង​ឮ​ពេញ​ផ្ទះ​ដែល​ពួក​គាត់​អង្គុយ។ រំពេច​នោះ ពួក​គាត់​ឃើញ​អ្វី​ដែល​មើល​ទៅ​ដូច​ជា​អណ្ដាត​ភ្លើង​ជា​ច្រើន​លេច​មក ហើយ​ទៅ​សណ្ឋិត​លើ​ពួក​គាត់​ម្នាក់​មួយ​ៗ។ រួច​មក ពួក​អ្នក​កាន់​តាម​ទាំង​អស់​ដែល​នៅ​ទី​នោះ​ចាប់​តាំង​និយាយ​ភាសា​ផ្សេង​ៗ។ ហេតុ​ការណ៍​នេះ​គឺ​ជា​ការ​ចាក់​សកម្មពល​បរិសុទ្ធ​មក​លើ​ពួក​អ្នក​កាន់​តាម​ដូច​អ្វី​ដែល​លោក​យេស៊ូ​បាន​សន្យា​មែន!—យ៉ូហាន ១៤:២៦

  • តើ​អ្នក​ណា​ខ្លះ​មាន​វត្តមាន​ពេល​ដែល​លោក​យេស៊ូ​ផ្ដល់​ការ​ណែនាំ​នៅ​លើ​ភ្នំ​មួយ​ក្នុង​ស្រុក​កាលីឡេ ហើយ​តើ​លោក​មាន​ប្រសាសន៍​អំពី​អ្វី?

  • ក្រោយ​ពី​លោក​យេស៊ូ​រស់​ឡើង​វិញ តើ​លោក​បាន​បង្ហាញ​ខ្លួន​ឲ្យ​ពួក​អ្នក​កាន់​តាម​ឃើញ​អស់​ប៉ុន្មាន​ថ្ងៃ ហើយ​តើ​លោក​បាន​ធ្វើ​អ្វី​ខ្លះ?

  • ស្តី​អំពី​របៀប​ដែល​លោក​យេស៊ូ​បាន​ចាក​ចេញ តើ​លោក​នឹង​មក​វិញ​តាម​របៀប​ណា?

  • តើ​មាន​អ្វី​កើត​ឡើង​នៅ​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣ គ.ស.?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក