ជំពូកទី១
អង្គការមួយ ដើម្បីធ្វើតាមបំណងប្រាថ្នាព្រះយេហូវ៉ា
ទូទាំងពិភពលោក មានអង្គការខាងសាសនា នយោបាយ ពាណិជ្ជកម្ម និងសង្គមជាច្រើន ដែលមានលក្ខណៈនិងគោលដៅខុសៗគ្នា។ អង្គការទាំងនោះបានត្រូវបង្កើតឡើងតាមទស្សនវិជ្ជានិងមតិរបស់មនុស្ស។ ក៏ប៉ុន្តែ មានអង្គការមួយដែលលេចធ្លោខុសប្លែកពីអង្គការទាំងនោះ។ គម្ពីរដែលជាបណ្ដាំរបស់ព្រះបញ្ជាក់យ៉ាងច្បាស់ថា អង្គការនោះគឺអង្គការសាក្សីព្រះយេហូវ៉ា។
២ ពិតជាគួរឲ្យរីករាយណាស់ដែលអ្នកបានរួមចំណែកក្នុងអង្គការព្រះយេហូវ៉ា។ ម្យ៉ាងទៀត អ្នកកំពុងធ្វើតាមបំណងប្រាថ្នារបស់ព្រះ ដោយសារអ្នកបានពិចារណា ហើយបានស្គាល់បំណងប្រាថ្នារបស់លោក។ (ទំនុក. ១៤៣:១០; រ៉ូម ១២:២) ឥឡូវអ្នកកំពុងបម្រើព្រះយ៉ាងសកម្មជាមួយនឹងបងប្អូនជាទីស្រឡាញ់ទូទាំងពិភពលោក។ (២កូ. ៦:៤; ១ពេ. ២:១៧; ៥:៩) ដូចបណ្ដាំរបស់ព្រះបានសន្យា អ្នកកំពុងទទួលពរយ៉ាងសន្ធឹក ព្រមទាំងមានសុភមង្គលដែរ។ (សុភ. ១០:២២; ម៉ាក. ១០:៣០) ដោយធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ាយ៉ាងស្មោះត្រង់ អ្នកកំពុងត្រៀមលក្ខណៈដើម្បីមានអនាគតដ៏ស្ថិតស្ថេរនិងភ្លឺស្វាង។—១ធី. ៦:១៨, ១៩; ១យ៉ូន. ២:១៧
៣ ព្រះដ៏ឧត្តុង្គឧត្តមដែលជាអ្នកបង្កើតយើង មានអង្គការដ៏ពិសេសមួយនៅទូទាំងផែនដីដែលលោកកំពុងដឹកនាំ។ នេះមានន័យថា ព្រះយេហូវ៉ាដែលជាប្រមុខលើអ្វីៗទាំងអស់ គឺជាអ្នកគ្រប់គ្រងអង្គការនេះ។ យើងទុកចិត្តលោកទាំងស្រុង។ លោកជាចៅក្រម ជាអ្នកតែងច្បាប់ និងជាមហាក្សត្រនៃយើងរាល់គ្នា។ (អេ. ៣៣:២២) ដោយសារព្រះយេហូវ៉ាធ្វើអ្វីៗទាំងអស់ដោយមានសណ្ដាប់ធ្នាប់ នោះលោកមានការរៀបចំផ្សេងៗដើម្បីជួយឲ្យយើង«រួមធ្វើការជាមួយនឹងលោក»ក្នុងការសម្រេចបំណងប្រាថ្នារបស់លោក។—២កូ. ៦:១, ២
៤ កាលដែលទីបញ្ចប់នៃរបៀបរបបពិភពលោកនេះកាន់តែជិតមកដល់ យើងជឿនទៅមុខក្រោមការដឹកនាំរបស់គ្រិស្តយេស៊ូដែលបានត្រូវតែងតាំងជាស្ដេច។ (អេ. ៥៥:៤; បប. ៦:២; ១១:១៥) លោកយេស៊ូបានប្រាប់ទុកជាមុនថា អ្នកកាន់តាមលោកនឹងធ្វើការធំជាងការដែលលោកបានធ្វើ ពេលលោកបំពេញកិច្ចបម្រើនៅផែនដី។ (យ៉ូន. ១៤:១២) លោកមានប្រសាសន៍ដូច្នោះ ដោយសារអ្នកកាន់តាមលោកនឹងផ្សព្វផ្សាយយូរជាងលោក ហើយដោយសារមានចំនួនអ្នកផ្សាយកាន់តែច្រើន នោះពួកគេអាចផ្សព្វផ្សាយដល់កន្លែងឆ្ងាយៗ។ ពួកគេនឹងផ្សាយដំណឹងល្អអំពីរាជាណាចក្រព្រះរហូតដល់ចុងផែនដីបំផុត។—ម៉ាថ. ២៤:១៤; ២៨:១៩, ២០; សកម្ម. ១:៨
៥ ទំនាយនោះកំពុងកើតឡើងមែន។ ក៏ប៉ុន្តែ ដូចលោកយេស៊ូមានប្រសាសន៍យ៉ាងច្បាស់ កិច្ចការប្រកាសដំណឹងល្អនឹងចប់នៅពេលកំណត់របស់ព្រះយេហូវ៉ា។ ទំនាយទាំងប៉ុន្មានក្នុងបណ្ដាំរបស់ព្រះបញ្ជាក់ឲ្យដឹងថាថ្ងៃដ៏ធំហើយគួរស្ញែងខ្លាចរបស់ព្រះយេហូវ៉ាគឺជិតណាស់ហើយ។—យ៉ូល. ២:៣១; សេផ. ១:១៤-១៨; ២:២, ៣; ១ពេ. ៤:៧
យើងត្រូវខំព្យាយាមកាន់តែខ្លាំងដើម្បីធ្វើតាមអ្វីដែលព្រះតម្រូវពីយើង។ ហេតុនេះ យើងត្រូវយល់ច្បាស់អំពីរបៀបដែលអង្គការរបស់ព្រះដំណើរការ
៦ កាលដែលយើងយល់អំពីបំណងប្រាថ្នារបស់ព្រះយេហូវ៉ានៅគ្រាចុងបញ្ចប់នេះ យើងត្រូវខំព្យាយាមកាន់តែខ្លាំងដើម្បីធ្វើតាមអ្វីដែលព្រះតម្រូវពីយើង។ ហេតុនេះ យើងត្រូវយល់ច្បាស់អំពីរបៀបដែលអង្គការរបស់ព្រះដំណើរការ ហើយត្រូវសហការទាំងស្រុងជាមួយនឹងអង្គការរបស់លោក។ ដំណើរការនៃអង្គការរបស់ព្រះមានមូលដ្ឋានលើគោលការណ៍គម្ពីរ រួមទាំងក្រឹត្យវិន័យ បញ្ញត្ដិ ក្រឹត្យក្រម និងសេចក្ដីបង្រៀនដែលមានក្នុងបណ្ដាំរបស់ព្រះដែលបានត្រូវសរសេរក្រោមការដឹកនាំរបស់លោក។—ទំនុក. ១៩:៧-៩
៧ ពេលរាស្ត្ររបស់ព្រះយេហូវ៉ាកាន់ខ្ជាប់តាមការណែនាំក្នុងគម្ពីរជានិច្ច នោះពួកគេរួមគ្នាធ្វើការដោយមានសាមគ្គីភាពនិងសន្តិភាព។ (ទំនុក. ១៣៣:១; អេ. ៦០:១៧; រ៉ូម ១៤:១៩) ហេតុអ្វីយើងអាចមានចំណងមិត្តភាពរឹងមាំជាមួយបងប្អូនយើងនៅគ្រប់ទីកន្លែង? គឺដោយសារសេចក្ដីស្រឡាញ់ជំរុញចិត្តយើង ហើយយើងក៏បំពាក់ខ្លួនដោយសេចក្ដីស្រឡាញ់នោះដែរ។ (យ៉ូន. ១៣:៣៤, ៣៥; កូឡ. ៣:១៤) ដោយសារព្រះយេហូវ៉ាធ្វើឲ្យរាស្ត្រលោកមានសាមគ្គីភាព នោះយើងអាចជឿនទៅមុខទាន់អង្គការរបស់លោកផ្នែកនៅស្ថានសួគ៌។
អង្គការរបស់ព្រះយេហូវ៉ាផ្នែកនៅស្ថានសួគ៌
៨ អ្នកប្រកាសទំនាយអេសាយ អេសេគាល និងដានីយ៉ែល បានឃើញក្នុងគំនិតអំពីអង្គការព្រះយេហូវ៉ាផ្នែកស្ថានសួគ៌។ (អេ. ជំ.៦; អេស. ជំ.១; ដាន. ៧:៩, ១០) សាវ័កយ៉ូហានក៏បានឃើញក្នុងគំនិតអំពីរបៀបរៀបចំនោះនៅស្ថានសួគ៌ ហើយគាត់បានកត់ទុកក្នុងសៀវភៅការបើកបង្ហាញ ដើម្បីឲ្យយើងអាចយល់ខ្លះអំពីរបៀបរៀបចំនោះដែរ។ សាវ័កយ៉ូហានបានឃើញព្រះយេហូវ៉ាអង្គុយលើបល្ល័ង្ករុងរឿង អមដោយពួកទេវតាដែលប្រកាសថា៖ «បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ គឺព្រះយេហូវ៉ា ជាព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត ដែលមានជីវិតរស់នៅកាលពីមុន មានជីវិតរស់នៅឥឡូវនេះ ហើយនឹងមកដល់»។ (បប. ៤:៨) យ៉ូហានក៏បានឃើញ«កូនចៀមមួយ . . . កំពុងឈរនៅជិតបល្ល័ង្ក»ដែរ។ នោះជាកូនចៀមនៃព្រះ ពោលគឺលោកយេស៊ូគ្រិស្ត។—បប. ៥:៦, ១៣, ១៤; យ៉ូន. ១:២៩
៩ ការឃើញក្នុងគំនិតនេះអំពីព្រះយេហូវ៉ាអង្គុយលើបល្ល័ង្កបញ្ជាក់ថា លោកជាប្រមុខនៃអង្គការនេះ។ របាក្សត្រទី១ ២៩:១១, ១២ បានសរសេរអំពីព្រះយេហូវ៉ានិងឋានៈខ្ពង់ខ្ពស់បំផុតរបស់លោកថា៖ «ឱព្រះយេហូវ៉ាអើយ! ភាពដ៏ធំនឹងព្រះចេស្ដា សិរីល្អ ជ័យជំនះ នឹងតេជានុភាព នោះសុទ្ធតែជារបស់ផងទ្រង់ ដ្បិតគ្រប់ទាំងអស់ដែលនៅលើមេឃ នឹងនៅផែនដី ជារបស់ផងទ្រង់ ឱព្រះយេហូវ៉ាអើយ! រាជ្យនេះក៏ជារបស់ផងទ្រង់ដែរ ហើយទ្រង់បានដំកើងឡើង ជាប្រធានលើទាំងអស់ ទ្រព្យសម្បត្តិនឹងកេរ្ដិ៍ឈ្មោះក៏មកអំពីទ្រង់ ហើយគឺទ្រង់ដែលគ្រប់គ្រងលើទាំងអស់ នៅព្រះហស្តទ្រង់មានទាំងព្រះចេស្ដា នឹងឥទ្ធិឫទ្ធិ ហើយទ្រង់មានអំណាចនឹងលើកជាធំ ហើយប្រោសឲ្យមានកំឡាំងដល់មនុស្សទាំងអស់»។
១០ ក្នុងនាមជាអ្នករួមការងារជាមួយនឹងព្រះយេហូវ៉ា លោកយេស៊ូគ្រិស្តមានឋានៈខ្ពស់នៅស្ថានសួគ៌ ព្រមទាំងបានទទួលអំណាចជាច្រើនផងដែរ។ ព្រះបាន«ដាក់អ្វីៗទាំងអស់ឲ្យចុះចូលក្រោមបាតជើងរបស់លោក[យេស៊ូ] ហើយបានតែងតាំងលោកជាប្រមុខនៃអ្វីៗទាំងអស់ដើម្បីក្រុមជំនុំ»។ (អេភ. ១:២២) សាវ័កប៉ូលបានសរសេរអំពីលោកយេស៊ូថា៖ «ព្រះបានលើកតម្កើងលោកឲ្យមានឋានៈខ្ពស់ជាងមុន ក៏បានមេត្តាឲ្យនាមដល់លោកដែលជានាមប្រសើរជាងនាមឯទៀតទាំងអស់ ដើម្បីឲ្យអ្នកនៅស្ថានសួគ៌ អ្នកនៅផែនដី និងអ្នកនៅក្រោមដី លុតជង្គង់ដោយសារនាមយេស៊ូ ហើយដើម្បីឲ្យគ្រប់អណ្ដាតប្រកាសទទួលស្គាល់ជាសាធារណៈថា លោកយេស៊ូគ្រិស្តជាម្ចាស់ ដើម្បីសរសើរតម្កើងព្រះដែលជាបិតា»។ (ភី. ២:៩-១១) អាស្រ័យហេតុនេះ យើងអាចទុកចិត្តទាំងស្រុងទៅលើការដឹកនាំដ៏សុចរិតរបស់លោកយេស៊ូគ្រិស្ត។
១១ អ្នកប្រកាសទំនាយដានីយ៉ែលបានឃើញក្នុងគំនិតអំពី«ព្រះដ៏មានព្រះជន្មពីចាស់បុរាណ»អង្គុយលើបល្ល័ង្កលោក ហើយមានទេវតា«ទាំងពាន់ទាំងពាន់ដែលគោរពដល់ទ្រង់ ហើយទាំងម៉ឺនទាំងសែនក៏ឈរនៅចំពោះទ្រង់»។ (ដាន. ៧:៩, ១០) គម្ពីរសំដៅលើកងទ័ពទេវតានេះជា«វិញ្ញាណដែលបំពេញកិច្ចបម្រើសាធារណៈ ហើយបានត្រូវចាត់ឲ្យបម្រើជាប្រយោជន៍ដល់អស់អ្នកដែលនឹងទទួលសេចក្ដីសង្គ្រោះជាមត៌ក»។ (ហេ. ១:១៤) ទេវតាទាំងអស់នេះបានត្រូវរៀបចំឲ្យមានមុខតំណែងផ្សេងៗក្នុងអង្គការព្រះ។—កូឡ. ១:១៦
១២ នៅពេលយើងរំពឹងគិតអំពីលក្ខណៈផ្សេងៗនៃអង្គការព្រះយេហូវ៉ាផ្នែកនៅស្ថានសួគ៌ យើងអាចយល់អារម្មណ៍របស់អេសាយពេលគាត់ឃើញក្នុងគំនិតអំពី«[ព្រះយេហូវ៉ា]គង់លើបល្ល័ង្ក» ហើយ«នៅពីលើទ្រង់មានពួកសេរភីម»។ អេសាយបាននិយាយថា៖ «វរហើយខ្ញុំ! ខ្ញុំត្រូវវិនាសជាពិត ដ្បិតខ្ញុំជាមនុស្សមានបបូរមាត់មិនស្អាត ហើយខ្ញុំនៅកណ្ដាលបណ្ដាមនុស្សដែលមានបបូរមាត់មិនស្អាតដែរ ពីព្រោះភ្នែកខ្ញុំបានឃើញមហាក្សត្រ គឺជាព្រះយេហូវ៉ានៃពួកពលបរិវារ»។ ពេលអេសាយយល់អំពីទំហំនៃអង្គការព្រះយេហូវ៉ា គាត់បានកោតស្ញប់ស្ញែងហើយមានអារម្មណ៍ថាខ្លួនតូចទាបណាស់។ ការឃើញក្នុងគំនិតនេះមានឥទ្ធិពលខ្លាំងណាស់ទៅលើអេសាយ។ ហេតុនេះ នៅពេលមានសេចក្ដីអញ្ជើញមួយពីស្ថានសួគ៌ឲ្យធ្វើកិច្ចការពិសេស ពោលគឺប្រកាសប្រាប់ពីការវិនិច្ឆ័យទោសរបស់ព្រះយេហូវ៉ា អេសាយបានឆ្លើយតបថា៖ «ទូលបង្គំនៅឯណេះហើយ សូមចាត់ទូលបង្គំចុះ!»។—អេ. ៦:១-៥, ៨
១៣ ស្រដៀងគ្នាដែរ រាស្ត្ររបស់ព្រះមានអារម្មណ៍ដូចអេសាយ ដោយសារពួកគេទទួលស្គាល់ហើយឲ្យតម្លៃចំពោះអង្គការព្រះយេហូវ៉ា។ កាលដែលអង្គការរបស់ព្រះជឿនទៅមុខ យើងខំជឿនទៅមុខឲ្យទាន់អង្គការព្រះ។ យើងព្យាយាមបង្ហាញថា យើងទុកចិត្តអង្គការរបស់ព្រះយេហូវ៉ានៅសព្វថ្ងៃនេះ។
អង្គការព្រះយេហូវ៉ាកំពុងជឿនទៅមុខ
១៤ ជំពូកទី១នៃទំនាយរបស់អេសេគាល បានពណ៌នាថាព្រះយេហូវ៉ាកំពុងអង្គុយលើរទេះដ៏ធំសម្បើមមួយនៅស្ថានសួគ៌។ រទេះដ៏រុងរឿងចិញ្ចាចចិញ្ចែងនេះ ជានិមិត្តរូបនៃអង្គការព្រះយេហូវ៉ាផ្នែកនៅស្ថានសួគ៌ ជាផ្នែកដែលយើងមើលមិនឃើញឡើយ។ ព្រះយេហូវ៉ាអង្គុយលើរទេះនេះក្នុងន័យថា លោកដឹកនាំអង្គការលោកដោយសេចក្ដីស្រឡាញ់ ហើយប្រើអង្គការនេះស្របតាមបំណងប្រាថ្នារបស់លោក។—ទំនុក. ១០៣:២០
១៥ ក្នុងកង់នីមួយៗនៃរទេះនេះក៏មានកង់មួយទៀតដែរ គឺកង់ទី២ខ្វែងគ្នានឹងកង់ទី១។ ហេតុនេះទើបអាចនិយាយថា ពេលកង់នោះទៅ «ក៏ទៅទាំង៤មុខ»។ (អេស. ១:១៧) កង់ទាំងនោះអាចដូរទិសភ្លាមមួយរំពេច។ ក៏ប៉ុន្តែ រទេះនេះមិនមែនទៅដោយគ្មានអ្នកបញ្ជាទេ។ ព្រះយេហូវ៉ាមិនបណ្ដោយឲ្យអង្គការលោកទៅតាមទិសណាដែលចង់ទៅ ដោយគ្មានការបញ្ជាឡើយ។ អេសេគាល ១:២០ ប្រាប់ថា៖ «នៅទីណាដែលព្រះវិញ្ញាណត្រូវទៅ នោះវាក៏ទៅដែរ»។ ដូច្នេះ គឺព្រះយេហូវ៉ាទេដែលប្រើសកម្មពលរបស់លោកដើម្បីបណ្ដាលឲ្យអង្គការលោកទៅតាមទិសណាដែលលោកពេញចិត្ត។ សំណួរដែលយើងត្រូវសួរខ្លួនឯងគឺ‹តើខ្ញុំកំពុងតាមទាន់អង្គការរបស់លោកឬទេ?›។
១៦ ការជឿនទៅមុខជាមួយអង្គការព្រះយេហូវ៉ា មិនត្រឹមតែទាក់ទងនឹងការចូលរួមកិច្ចប្រជុំនិងកិច្ចផ្សព្វផ្សាយប៉ុណ្ណោះទេ តែសំខាន់បំផុត យើងត្រូវរីកចម្រើនខាងការគោរពប្រណិប័តន៍ព្រះ ហើយមានចំណងមិត្តភាពកាន់តែជិតស្និទ្ធជាមួយនឹងលោក។ ដូច្នេះ យើងត្រូវ«ពិចារណាឲ្យដឹងប្រាកដថាការអ្វីដែលសំខាន់ជាង» ហើយ ទទួលសេចក្ដីបង្រៀនថ្មីៗពីគម្ពីរដែលប្រៀបដូចជាអាហារ។ (ភី. ១:១០; ៤:៨, ៩; យ៉ូន. ១៧:៣) យើងក៏ត្រូវចាំដែរថា កាលណាមានអង្គការមួយ ក៏ត្រូវមានការចាត់ចែងឲ្យបានល្អនិងការសហការគ្នាល្អដែរ។ ហេតុនេះ យើងត្រូវចាំជានិច្ចនូវសារៈសំខាន់នៃការប្រើពេលវេលា កម្លាំង សមត្ថភាព និងធនធានដែលព្រះយេហូវ៉ាបានផ្ញើទុកនឹងយើង ឲ្យបានប្រយោជន៍ច្រើនបំផុតដើម្បីបំពេញកិច្ចការរបស់លោក។ កាលដែលយើងជឿនទៅមុខទាន់រទេះរបស់ព្រះយេហូវ៉ានៅស្ថានសួគ៌ យើងមានរបៀបរស់នៅដែលសមស្របនឹងដំណឹងដែលយើងផ្សព្វផ្សាយ។
១៧ យើងទាំងអស់គ្នាកំពុងជឿនទៅមុខក្នុងការធ្វើតាមបំណងប្រាថ្នារបស់លោក ដោយសារយើងមានជំនួយពីអង្គការព្រះយេហូវ៉ា។ សូមចាំថា អ្នកដែលអង្គុយលើរទេះនៅស្ថានសួគ៌នោះគឺព្រះយេហូវ៉ា។ ហេតុនេះ ការជឿនទៅមុខទាន់រទេះនៅស្ថានសួគ៌បង្ហាញថាយើងគោរពព្រះយេហូវ៉ា ហើយទុកចិត្តលោកដែលជាថ្មដារបស់យើង។ (ទំនុក. ១៨:៣១) គម្ពីរសន្យាថា៖ «ព្រះយេហូវ៉ាទ្រង់នឹងចំរើនកំឡាំងដល់រាស្ត្រទ្រង់ ព្រះយេហូវ៉ាទ្រង់នឹងប្រទានពរដល់រាស្ត្រទ្រង់ ឲ្យបានសេចក្ដីសុខសាន្តត្រាណ»។ (ទំនុក. ២៩:១១) ដោយរួមចំណែកជាមួយអង្គការព្រះយេហូវ៉ាសព្វថ្ងៃនេះ យើងទទួលកម្លាំងនិងសេចក្ដីសុខសាន្តដែលព្រះផ្ដល់ឲ្យរាស្ត្ររបស់លោក។ យើងនឹងបន្តទទួលពរយ៉ាងសន្ធឹកជាមិនខាន ពេលដែលយើងធ្វើតាមបំណងប្រាថ្នាព្រះយេហូវ៉ានៅឥឡូវនេះនិងជារៀងរហូត។