ជំពូកទី១២
ការគាំទ្រកិច្ចការរាជាណាចក្រព្រះក្នុងតំបន់និងទូទាំងពិភពលោក
សាក្សីព្រះយេហូវ៉ាបានផ្សព្វផ្សាយដំណឹងល្អ«រហូតដល់កន្លែងឆ្ងាយបំផុតនៅផែនដី» ហើយនេះនាំឲ្យទំនាយរបស់លោកយេស៊ូស្ដីអំពីគ្រាចុងក្រោយបង្អស់បានត្រូវសម្រេច។ (សកម្ម. ១:៨; ម៉ាថ. ២៤:១៤) ដើម្បីធ្វើដូច្នេះ ពួកគាត់ស្ម័គ្រចិត្តចំណាយពេលវេលានិងកម្លាំង ក្នុងការប្រកាសផ្សាយដំណឹងល្អ។ ពួកគាត់ជឿជាក់ថាព្រះយេហូវ៉ានឹងផ្គត់ផ្គង់អ្នកដែលរួមការងារជាមួយនឹងលោក ដូច្នេះពួកគាត់បន្តស្វែងរករាជាណាចក្ររបស់ព្រះជាមុនក្នុងជីវិត។ (ម៉ាថ. ៦:២៥-៣៤; ១កូ. ៣:៥-៩) លទ្ធផលពីការបម្រើព្រះដូចនេះបញ្ជាក់យ៉ាងច្បាស់ថា ព្រះយេហូវ៉ាបានពេញចិត្តកិច្ចការនេះ ហើយបានឲ្យពរ។
ការគាំទ្រកិច្ចការរាជាណាចក្រទូទាំងពិភពលោក
២ ពេលមនុស្សឯទៀតដឹងថា យើងចែកចាយគម្ពីរនិងសៀវភៅដែលមានមូលដ្ឋានលើគម្ពីរដោយឥតគិតថ្លៃ នោះពួកគេខ្លះសួរថា៖ «តើកិច្ចការទាំងអស់នេះអាចសម្រេចបានយ៉ាងដូចម្ដេច?»។ ពិតមែន ដើម្បីបោះពុម្ពគម្ពីរនិងសៀវភៅដែលមានមូលដ្ឋានលើគម្ពីរ អង្គការយើងច្បាស់ជាត្រូវចំណាយប្រាក់។ ក្រៅពីនេះ នៅមានចំណាយផ្សេងទៀតទៅលើការសាងសង់និងការថែទាំអគារបេតអែលសម្រាប់ពួកអ្នកដែលបម្រើនៅផ្នែកបោះពុម្ព ផ្នែកត្រួតពិនិត្យកិច្ចបម្រើផ្សាយ និងផ្នែកផ្សេងទៀតដែលជួយឲ្យកិច្ចការផ្សព្វផ្សាយដំណឹងល្អជឿនទៅមុខ។ បន្ថែមទៅទៀត អ្នកត្រួតពិនិត្យប្រចាំមណ្ឌល សាសនទូត អ្នកត្រួសត្រាយពិសេស និងអ្នកបម្រើពេញពេលពិសេសផ្សេងទៀត ទទួលជំនួយខ្លះៗខាងសម្ភារឬលុយកាក់ ដើម្បីពួកគាត់អាចបន្តបំពេញភារកិច្ចរបស់ពួកគាត់។ ប្រាកដណាស់ ដើម្បីគាំទ្រកិច្ចបម្រើផ្សាយនៅសព្វថ្ងៃនេះ ទោះជានៅក្នុងតំបន់ឬនៅទូទាំងពិភពលោកក្ដី អង្គការព្រះត្រូវចំណាយប្រាក់ច្រើនណាស់។ តើប្រាក់ទាំងអស់នោះបានមកពីណា?
៣ មនុស្សជាច្រើនដែលឲ្យតម្លៃទៅលើការអប់រំខាងគម្ពីររបស់សាក្សីព្រះយេហូវ៉ា ពេញចិត្តជូនវិភាគទានដើម្បីជួយគាំទ្រកិច្ចការនេះនៅទូទាំងពិភពលោក។ ក៏ប៉ុន្តែ វិភាគទានភាគច្រើនមកពីសាក្សីព្រះយេហូវ៉ាផ្ទាល់ ហើយសាក្សីខ្លះក៏ផ្ញើវិភាគទានទៅការិយាល័យសាខានៅតំបន់របស់ពួកគាត់ដែរ។ យ៉ាងនេះ ពួកគាត់មានចិត្តគំនិតដូចអ្នកបម្រើព្រះនៅសម័យបុរាណ ដែលបង្ហាញចិត្តទូលាយក្នុងការផ្ដល់ទ្រព្យសម្បត្តិដើម្បីសាងសង់កន្លែងគោរពប្រណិប័តន៍ព្រះយេហូវ៉ា។ (និក្ខ. ៣៥:២០-២៩; ១រប. ២៩:៩) ជួនកាលអង្គការព្រះទទួលអំណោយតាមរយៈបណ្ដាំមត៌ក ហើយក៏ទទួលវិភាគទានជាប្រាក់បន្តិចបន្តួចពីបុគ្គលផ្សេងៗ ពីក្រុមជំនុំ ឬពីមណ្ឌល។ ដោយសារវិភាគទានទាំងអស់នេះ អង្គការព្រះមានប្រាក់ដើម្បីគាំទ្រកិច្ចបម្រើព្រះ។
សាក្សីព្រះយេហូវ៉ាចាត់ទុកថា ការចំណាយប្រាក់និងធនធានរបស់ខ្លួនដើម្បីធ្វើឲ្យកិច្ចការផ្សព្វផ្សាយជឿនទៅមុខ គឺជាឯកសិទ្ធិមួយ
៤ សាក្សីព្រះយេហូវ៉ាចាត់ទុកថា ការចំណាយប្រាក់និងធនធានរបស់ខ្លួនដើម្បីធ្វើឲ្យកិច្ចការផ្សព្វផ្សាយជឿនទៅមុខ គឺជាឯកសិទ្ធិមួយ។ លោកយេស៊ូនិងអ្នកកាន់តាមលោកមានប្រអប់ដាក់ប្រាក់ ហើយនេះបញ្ជាក់ថាពួកគាត់បានទទួលអំណោយជាទឹកប្រាក់ ដើម្បីជួយចេញថ្លៃចំណាយ។ (យ៉ូន. ១៣:២៩) គម្ពីរក៏រៀបរាប់ដែរអំពីស្ត្រីមួយចំនួនដែលបានប្រើធនធានរបស់ខ្លួន ដើម្បីជួយគាំទ្រកិច្ចបម្រើរបស់លោកយេស៊ូនិងអ្នកកាន់តាមលោក។ (ម៉ាក. ១៥:៤០, ៤១; លូក. ៨:៣) សាវ័កប៉ូលមានចិត្តដឹងគុណចំពោះជំនួយដែលគាត់បានទទួលពីបងប្អូនដ៏សប្បុរស ដែលមានចិត្តចង់ជួយឲ្យកិច្ចការផ្សព្វផ្សាយជឿនទៅមុខ និងដែលចង់គាំទ្រកិច្ចបម្រើផ្សាយរបស់គាត់ផ្ទាល់។ (ភី. ៤:១៤-១៦; ១ថែ. ២:៩) បងប្អូននៅសម័យបុរាណធ្លាប់មានចិត្តទូលាយនិងចិត្តខ្នះខ្នែងចំពោះកិច្ចបម្រើព្រះ ហើយសាក្សីព្រះយេហូវ៉ាបន្តធ្វើតាមគំរូរបស់ពួកគាត់។ ដូច្នេះ ពួកអ្នកដែលមានចិត្តស្មោះនៅគ្រប់ទីកន្លែងទាំងអស់អាចមកយក«ទឹកដែលផ្ដល់ជីវិត . . . ដោយឥតគិតថ្លៃ»។—បប. ២២:១៧
ការគាំទ្រក្រុមជំនុំក្នុងតំបន់
៥ ចំណាយផ្សេងៗរបស់ក្រុមជំនុំក្នុងតំបន់បានត្រូវគាំទ្រដោយវិភាគទានស្ម័គ្រចិត្ត។ គ្មានការរៃអង្គាសប្រាក់ គ្មានការកំណត់ថាបុគ្គលម្នាក់ៗគួរជូនប្រាក់ប៉ុន្មាន ហើយក៏គ្មានការប្រមូលលុយដែរ។ ប៉ុន្តែ មានប្រអប់វិភាគទាននៅកន្លែងដែលមានកិច្ចប្រជុំ ដើម្បីម្នាក់ៗអាចដាក់វិភាគទាន«តាមការសម្រេចចិត្តរបស់ខ្លួន»។—២កូ. ៩:៧
៦ មុនបង្អស់ ប្រាក់វិភាគទានត្រូវប្រើទៅលើការថែទាំនិងចំណាយផ្សេងៗទៀតក្នុងសាលប្រជុំ។ ក្រុមអ្នកចាស់ទុំអាចសម្រេចចិត្តផ្ញើប្រាក់មួយចំនួនទៅការិយាល័យសាខារបស់សាក្សីព្រះយេហូវ៉ា ដើម្បីជួយគាំទ្រកិច្ចការទូទាំងពិភពលោក។ ក្រុមជំនុំត្រូវធ្វើសេចក្ដីសម្រេចដើម្បីផ្ញើវិភាគទាននោះ។ តាមរបៀបនេះ ក្រុមជំនុំជាច្រើនផ្ដល់វិភាគទានជាទៀងទាត់ដើម្បីគាំទ្រកិច្ចការទូទាំងពិភពលោក។ ម្ដងម្កាល ក្រុមជំនុំមានចំណាយខុសពីធម្មតា ដូច្នេះ បើបងប្អូនយល់អំពីចំណាយទាំងនោះ អ្នកចាស់ទុំមិនចាំបាច់ធ្វើសេចក្ដីជូនដំណឹងញឹកញាប់អំពីការដាក់វិភាគទានទេ។
ការគ្រប់គ្រងប្រាក់វិភាគទាន
៧ ក្រោយចប់កិច្ចប្រជុំនីមួយៗ បងប្រុសពីរនាក់ត្រូវប្រមូលប្រាក់ពីប្រអប់វិភាគទាន ហើយកត់ចំនួនទឹកប្រាក់។ (២ព. ១២:៩, ១០; ២កូ. ៨:២០) ក្រុមអ្នកចាស់ទុំនឹងរៀបចំទុកដាក់វិភាគទាននេះឲ្យបានត្រឹមត្រូវ រហូតដល់បានផ្ញើទៅការិយាល័យសាខា ឬបានប្រើសម្រាប់ចំណាយក្នុងក្រុមជំនុំ។ បងប្រុសដែលមើលការខុសត្រូវផ្នែកគណនេយ្យក្រុមជំនុំនឹងធ្វើរបាយការណ៍ដើម្បីជម្រាបក្រុមជំនុំរាល់ខែ ហើយរាល់បីខែម្ដងអ្នកចាត់ចែងកិច្ចការពួកអ្នកចាស់ទុំ នឹងរៀបចំឲ្យមានការត្រួតពិនិត្យគណនេយ្យ។
ចំណាយក្នុងមណ្ឌល
៨ ចំណាយសម្រាប់សន្និបាតប្រចាំមណ្ឌល និងចំណាយឯទៀតក្នុងមណ្ឌល បានមកពីវិភាគទានរបស់សាក្សីព្រះយេហូវ៉ាក្នុងមណ្ឌល។ នៅកន្លែងសន្និបាតនានាមានប្រអប់វិភាគទាន ដើម្បីបងប្អូនអាចគាំទ្រការចំណាយក្នុងមណ្ឌលដោយដាក់វិភាគទានស្ម័គ្រពីចិត្ត។ បន្ថែមទៅទៀត ក្រុមជំនុំនានាអាចជូនវិភាគទាននៅពេលផ្សេងទៀត ដើម្បីចេញថ្លៃចំណាយជាប្រចាំ។
៩ បើអាចធ្វើបាន ជាការល្អបើមណ្ឌលនីមួយៗចេញថ្លៃចំណាយទាំងអស់ ហើយប្រាក់ដែលនៅសល់អាចផ្ញើជាវិភាគទានដើម្បីគាំទ្រកិច្ចការទូទាំងពិភពលោក។ ប្រសិនបើគណនីរបស់មណ្ឌល មិនមានប្រាក់គ្រប់គ្រាន់ដើម្បីបង់ថ្លៃចំណាយសម្រាប់សន្និបាត ឬដើម្បីកក់ថ្លៃឈ្នួលសាលសម្រាប់សន្និបាតលើកក្រោយទេ នោះអ្នកត្រួតពិនិត្យប្រចាំមណ្ឌលអាចរំលឹកក្រុមជំនុំអំពីឯកសិទ្ធិក្នុងការធ្វើវិភាគទាន។ ក្រុមអ្នកចាស់ទុំក្នុងក្រុមជំនុំទាំងនោះនឹងពិភាក្សាអំពីបញ្ហានេះ ហើយសម្រេចចិត្តថាតើក្រុមជំនុំរបស់ពួកគាត់អាចជូនវិភាគទានប៉ុន្មានទៅគណនីរបស់មណ្ឌល។ ក្រោយមក ពួកគាត់នឹងធ្វើសេចក្ដីសម្រេចជាមួយក្រុមជំនុំមុនផ្ញើវិភាគទាននោះ។
១០ ពេលអ្នកចាស់ទុំក្នុងមណ្ឌលត្រូវធ្វើការសម្រេចចិត្តអំពីថវិកា ពួកគាត់នឹងមានកិច្ចប្រជុំនៅថ្ងៃសន្និបាតប្រចាំមណ្ឌល។ ក្នុងកិច្ចប្រជុំនោះ ពួកអ្នកចាស់ទុំគួរធ្វើសេចក្ដីសម្រេចសម្រាប់ចំណាយទាំងអស់ដែលត្រូវធ្វើសម្រាប់មណ្ឌល ក៏ប៉ុន្តែសម្រាប់ចំណាយធម្មតា មិនចាំបាច់ធ្វើសេចក្ដីសម្រេចទេ។ សេចក្ដីសម្រេចទាំងនេះ ត្រូវសរសេរអំពីចំនួនទឹកប្រាក់ជាក់លាក់ដែលត្រូវចំណាយ ហើយគួរមានការយល់ព្រមពីអ្នកចាស់ទុំរាល់ចំណាយនីមួយៗរបស់មណ្ឌល។
១១ អ្នកត្រួតពិនិត្យប្រចាំមណ្ឌលនឹងរៀបចំឲ្យមានការត្រួតពិនិត្យគណនេយ្យរបស់មណ្ឌលជាទៀងទាត់។
ការជួយអ្នកក្រីក្រ
១២ មូលហេតុមួយដែលលោកយេស៊ូនិងអ្នកកាន់តាមលោកមានប្រអប់ដាក់ប្រាក់ គឺដើម្បីទុកជួយអ្នកក្រីក្រ។ (ម៉ាក. ១៤:៣-៥; យ៉ូន. ១៣:២៩) គ្រិស្តសាសនិកនៅតែមានភារកិច្ចជួយអ្នកក្រ ពីព្រោះលោកយេស៊ូមានប្រសាសន៍ថា៖ «អ្នកតែងតែមានអ្នកក្រនៅជាមួយ»។ (ម៉ាក. ១៤:៧) សព្វថ្ងៃនេះ តើសាក្សីព្រះយេហូវ៉ាបំពេញភារកិច្ចនេះយ៉ាងដូចម្ដេច?
១៣ ជួនកាល បងប្អូនដែលបម្រើស្មោះត្រង់ក្នុងក្រុមជំនុំប្រហែលជាត្រូវការជំនួយខាងសម្ភារដោយសារមានវ័យចាស់ មានពិការភាព ឬមានបញ្ហាលំបាកផ្សេងៗទៀតដែលគេចមិនផុត។ សមាជិកក្រុមគ្រួសារ សាច់ញាតិ ឬអ្នកឯទៀតដែលដឹងអំពីរឿងនោះប្រហែលជាចង់ជួយ ហើយនេះស្របតាមពាក្យរបស់សាវ័កយ៉ូហានដែលថា៖ «ប្រសិនបើអ្នកណាមានធនធានសម្រាប់ចិញ្ចឹមជីវិត ហើយសង្កេតឃើញបងប្អូនខ្លួនខ្វះខាត តែបែរជាមិនព្រមអាណិតមេត្តាទៅវិញ តើអ្នកនោះអាចមានសេចក្ដីស្រឡាញ់ចំពោះព្រះដូចម្ដេចបាន? កូនៗអើយ! យើងមិនត្រូវស្រឡាញ់តែមាត់ ឬដោយពាក្យសម្ដីប៉ុណ្ណោះទេ ប៉ុន្តែត្រូវស្រឡាញ់ដោយការប្រព្រឹត្ត និងដោយសេចក្ដីពិតវិញ»។ (១យ៉ូន. ៣:១៧, ១៨; ២ថែ. ៣:៦-១២) ការគោរពប្រណិប័តន៍ពិតរួមបញ្ចូលការមើលថែពួកអ្នកស្មោះត្រង់ដែលប្រហែលជាត្រូវការជំនួយខាងសម្ភារ។—យ៉ា. ១:២៧; ២:១៤-១៧
១៤ ក្នុងសំបុត្រទី១របស់សាវ័កប៉ូលទៅកាន់ធីម៉ូថេ គាត់បានពន្យល់អំពីរបៀបផ្ដល់ជំនួយខាងសម្ភារដល់បងប្អូនដែលសមនឹងទទួល។ នៅធីម៉ូថេទី១ ៥:៣-២១ ប៉ូលបានជូនឱវាទស្ដីអំពីរឿងនេះ។ គ្រិស្តសាសនិកម្នាក់ៗមានភារកិច្ចចម្បងក្នុងការចិញ្ចឹមបីបាច់ក្រុមគ្រួសាររបស់ខ្លួន។ បងប្អូនវ័យចាស់ឬពិការគួរទទួលជំនួយពីកូនចៅរបស់ខ្លួន ឬពីសាច់ញាតិជិតរបស់ខ្លួន។ ជួនកាល រដ្ឋាភិបាលឬអង្គការផ្សេងៗផ្ដល់ជំនួយខាងសម្ភារដល់មនុស្សដែលមានសេចក្ដីត្រូវការ ដូច្នេះសាច់ញាតិឬអ្នកឯទៀតអាចជួយពួកគាត់បំពេញពាក្យស្នើសុំជំនួយ។ ម្យ៉ាងទៀត ប្រហែលជាមានស្ថានភាពដែលតម្រូវឲ្យក្រុមជំនុំគិតពិចារណាអំពីរបៀបផ្ដល់ជំនួយដល់បងប្អូនខ្វះខាតខ្លះដែលបានបម្រើព្រះយ៉ាងស្មោះត្រង់ជាយូរមកហើយ។ ប្រសិនបើពួកគាត់គ្មានបងប្អូនឬសាច់ញាតិដែលអាចជួយបាន ហើយមិនមានការឧបត្ថម្ភគ្រប់គ្រាន់ពីរដ្ឋាភិបាលទេ នោះក្រុមអ្នកចាស់ទុំអាចសម្រេចចិត្តផ្ដល់ជំនួយខ្លះសមស្របតាមតម្រូវការរបស់បងប្អូនទាំងនោះ។ គ្រិស្តសាសនិកចាត់ទុកថា ការចែករំលែកធនធានរបស់ខ្លួនដល់បងប្អូនដែលខ្វះខាតជាឯកសិទ្ធិមួយ។
១៥ បងប្អូនយើងជាច្រើននាក់ប្រហែលជាត្រូវការជំនួយដោយសារជួបប្រទះការបៀតបៀន សង្គ្រាម ការរញ្ជួយដី ទឹកជំនន់ ទុរ្ភិក្ស ឬក៏ទុក្ខលំបាកផ្សេងៗទៀត ដែលមានជាទូទៅក្នុងគ្រាដ៏លំបាកនេះ។ (ម៉ាថ. ២៤:៧-៩) នៅក្នុងស្ថានភាពបែបនេះ ប្រហែលជាក្រុមជំនុំក្នុងតំបន់មិនមានអ្វីដើម្បីជួយគ្នាទៅវិញទៅមកទេ ដូច្នេះ គណៈអភិបាលចាត់ចែងឲ្យបងប្អូននៅកន្លែងផ្សេងទៀត ជួយផ្ដល់អ្វីៗដែលបងប្អូនត្រូវការ។ នេះគឺដូចគ្នានឹងរបៀបដែលបងប្អូននៅតំបន់អាស៊ីប៉ែកខាងលិច បានផ្ដល់ស្បៀងអាហារដល់បងប្អូននៅស្រុកយូដាក្នុងអំឡុងពេលមានគ្រោះទុរ្ភិក្ស។ (១កូ. ១៦:១-៤; ២កូ. ៩:១-៥) ដោយធ្វើតាមគំរូរបស់ពួកគាត់ យើងបង្ហាញសេចក្ដីស្រឡាញ់ចំពោះបងប្អូន ហើយបង្ហាញថាយើងជាអ្នកកាន់តាមពិតរបស់លោកយេស៊ូគ្រិស្ត។—យ៉ូន. ១៣:៣៥
ការចែកចាយសៀវភៅ
១៦ គម្ពីរនិងសៀវភៅដែលមានមូលដ្ឋានលើគម្ពីរ មានតួនាទីសំខាន់ក្នុងការប្រកាសផ្សាយអំពីរាជាណាចក្រព្រះ។ តាមធម្មតា ក្រុមអ្នកចាស់ទុំនឹងចាត់តាំងជំនួយការខាងកិច្ចបម្រើម្នាក់ ឲ្យមើលការខុសត្រូវក្នុងការផ្គត់ផ្គង់សៀវភៅផ្សេងៗសម្រាប់បងប្អូន។ បងប្អូនដែលទទួលខុសត្រូវខាងផ្នែកនេះ បំពេញភារកិច្ចរបស់ខ្លួនយ៉ាងហ្មត់ចត់។ ពួកគាត់រៀបចំបញ្ជីយ៉ាងច្បាស់លាស់ ដើម្បីប្រាកដថាមានសៀវភៅគ្រប់គ្រាន់សម្រាប់ក្រុមជំនុំ។
១៧ ក្នុងនាមជាគ្រិស្តសាសនិកដែលបានប្រគល់ខ្លួនជូនព្រះ យើងទទួលស្គាល់ថាពេលវេលា គំនិតប្រាជ្ញា កម្លាំង ភាពប៉ិនប្រសប់ ធនធាន សូម្បីតែជីវិតរបស់យើង សុទ្ធតែជាអំណោយពីព្រះ ដែលលោកចង់ឲ្យយើងប្រើសម្រាប់កិច្ចបម្រើលោក។ (លូក. ១៧:១០; ១កូ. ៤:៧) ពេលយើងប្រើអ្វីៗទាំងអស់ដែលយើងមានយ៉ាងត្រឹមត្រូវដូចនេះ យើងបង្ហាញសេចក្ដីស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះលោក។ យើងពិតជាចង់ប្រើអ្វីៗដែលមានតម្លៃរបស់យើងដើម្បីសរសើរតម្កើងព្រះយេហូវ៉ា ព្រោះយើងដឹងថាលោកពេញចិត្តនឹងអំណោយណាដែលយើងឲ្យដោយស្មោះអស់ពីចិត្ត។ (សុភ. ៣:៩; ម៉ាក. ១៤:៣-៩; លូក. ២១:១-៤; កូឡ. ៣:២៣, ២៤) លោកយេស៊ូមានប្រសាសន៍ថា៖ «អ្នករាល់គ្នាបានទទួលដោយឥតបង់ថ្លៃ ចូរឲ្យដោយឥតគិតថ្លៃដែរ»។ (ម៉ាថ. ១០:៨) កាលដែលយើងចំណាយកម្លាំងនិងធនធានដើម្បីបម្រើព្រះយេហូវ៉ា នោះយើងមានអំណរកាន់តែខ្លាំងឡើង។—សកម្ម. ២០:៣៥