ជំពូកទី១៧
ចូរនៅជាប់នឹងអង្គការរបស់ព្រះយេហូវ៉ា
យ៉ាកុបដែលជាអ្នកកាន់តាមលោកយេស៊ូ បានសរសេរថា៖ «ចូរចូលទៅជិតព្រះ ហើយលោកនឹងចូលមកជិតអ្នករាល់គ្នាដែរ»។ (យ៉ា. ៤:៨) មែនហើយ ទោះជាយើងជាមនុស្សមិនល្អឥតខ្ចោះក្ដី ព្រះយេហូវ៉ាមិននៅឆ្ងាយពេកពីយើងឬខ្ពង់ខ្ពស់ពេក បានជាលោកមិនអាចស្ដាប់ឮសេចក្ដីអធិដ្ឋានរបស់យើងទេ។ (សកម្ម. ១៧:២៧) តើយើងអាចចូលទៅជិតព្រះយ៉ាងដូចម្ដេច? យើងអាចធ្វើដូច្នេះដោយបង្កើតចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា ហើយនេះរួមបញ្ចូលការអធិដ្ឋានដ៏ស្មោះអស់ពីចិត្ត។ (ទំនុក. ៣៩:១២) យើងក៏អាចបង្កើតភាពជិតស្និទ្ធជាមួយនឹងព្រះ ដោយសិក្សាបណ្ដាំរបស់លោកជាទៀងទាត់ដែរ។ យ៉ាងនេះ យើងអាចស្គាល់ព្រះយេហូវ៉ា គោលបំណងរបស់លោក និងបំណងប្រាថ្នារបស់លោកចំពោះយើង។ (២ធី. ៣:១៦, ១៧) ជាលទ្ធផល យើងចាប់ផ្ដើមស្រឡាញ់ព្រះយេហូវ៉ា ដូច្នេះយើងមិនហ៊ានធ្វើអ្វីដែលលោកមិនពេញចិត្តឡើយ។—ទំនុក. ២៥:១៤
២ ក៏ប៉ុន្តែ យើងអាចមានភាពជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា លុះត្រាតែយើងស្គាល់លោកយេស៊ូជាបុត្ររបស់លោកឲ្យបានច្បាស់។ (យ៉ូន. ១៧:៣; រ៉ូម ៥:១០) គ្មានមនុស្សណាដែលអាចជួយឲ្យយើងស្គាល់គំនិតរបស់ព្រះយេហូវ៉ាបានច្បាស់ជាងលោកយេស៊ូទេ។ លោកយេស៊ូមានភាពជិតស្និទ្ធនឹងបិតាលោកដល់ម្ល៉េះ បានជាលោកអាចមានប្រសាសន៍ថា៖ «គ្មានអ្នកណាស្គាល់បុត្ររបស់ព្រះច្បាស់ជាងព្រះដែលជាបិតា ហើយគ្មានអ្នកណាស្គាល់ព្រះដែលជាបិតាច្បាស់ជាងបុត្ររបស់លោក និងអ្នកដែលបុត្ររបស់លោកសុខចិត្តបើកសម្ដែងឲ្យស្គាល់នោះទេ»។ (លូក. ១០:២២) ដូច្នេះ នៅពេលយើងសិក្សាសៀវភៅដំណឹងល្អដើម្បីស្គាល់គំនិតនិងអារម្មណ៍របស់លោកយេស៊ូ នោះយើងកំពុងតែយល់គំនិតនិងអារម្មណ៍របស់ព្រះយេហូវ៉ា។ ចំណេះបែបនេះជួយយើងឲ្យចូលកាន់តែជិតព្រះរបស់យើង។
៣ យើងនៅក្រោមការដឹកនាំនៃបុត្ររបស់ព្រះ ដូច្នេះដោយនៅជាប់នឹងអង្គការរបស់ព្រះផ្នែកនៅផែនដី យើងអាចបង្កើតភាពជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា ព្រោះអង្គការនេះជួយយើងឲ្យចេះធ្វើតាមបំណងប្រាថ្នារបស់ព្រះ។ ដូចបានប្រាប់ទុកជាមុននៅម៉ាថាយ ២៤:៤៥-៤៧ លោកយេស៊ូគ្រិស្តដែលជាម្ចាស់ បានតែងតាំង«ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា» ដើម្បីផ្ដល់‹អាហារតាមត្រូវពេល›ដល់បងប្អូនរួមជំនឿ។ នៅសព្វថ្ងៃនេះ ខ្ញុំបម្រើដ៏ស្មោះត្រង់កំពុងផ្ដល់សេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារយ៉ាងបរិបូរដល់យើង។ ព្រះយេហូវ៉ាដាស់តឿនយើងតាមខ្សែរយៈនេះ ឲ្យអានបណ្ដាំរបស់លោកជារៀងរាល់ថ្ងៃ ចូលរួមជាទៀងទាត់នូវកិច្ចប្រជុំរបស់យើងជាគ្រិស្តសាសនិក ហើយចូលរួមផ្សាយ‹ដំណឹងល្អអំពីរាជាណាចក្រ›ដោយមានប្រសិទ្ធភាព។ (ម៉ាថ. ២៤:១៤; ២៨:១៩, ២០; យ៉ូស. ១:៨; ទំនុក. ១:១-៣) ទោះជាខ្ញុំបម្រើដ៏ស្មោះត្រង់មិនល្អឥតខ្ចោះក៏ដោយ យើងជឿជាក់ថាព្រះដឹកនាំពួកគាត់។ យើងគួរខំព្យាយាមនៅជាប់នឹងអង្គការព្រះយេហូវ៉ាផ្នែកនៅផែនដី ហើយធ្វើតាមការណែនាំរបស់អង្គការលោក។ នេះនឹងជួយយើងកាន់តែចូលទៅជិតព្រះយេហូវ៉ា ក៏នឹងជួយពង្រឹងកម្លាំងចិត្តនិងការពារយើងទោះជាមានទុក្ខលំបាកផ្សេងៗក៏ដោយ។
មូលហេតុដែលមានទុក្ខលំបាកកាន់តែច្រើនឡើង
៤ អ្នកប្រហែលជាបានបម្រើព្រះយេហូវ៉ាអស់ជាច្រើនឆ្នាំមកហើយ។ បើដូច្នេះមែន អ្នកប្រាកដជាធ្លាប់ស៊ូទ្រាំនឹងការសាកល្បងចំពោះចិត្តស្មោះឥតងាករេរបស់អ្នក។ ក៏ប៉ុន្តែ បើអ្នកទើបតែបានស្គាល់ព្រះយេហូវ៉ានិងសេពគប់រាស្ត្ររបស់លោកវិញ នោះអ្នកដឹងហើយថាមេកំណាចសាថានប្រឆាំងអស់អ្នកដែលចុះចូលនឹងការគ្រប់គ្រងរបស់ព្រះយេហូវ៉ា។ (២ធី. ៣:១២) ដូច្នេះ ទោះជាអ្នកបានប្រឈមមុខនឹងការសាកល្បងច្រើនឬតិចក្ដី គ្មានមូលហេតុដែលនាំឲ្យអ្នកភ័យខ្លាចឬធ្លាក់ទឹកចិត្តឡើយ។ ព្រះយេហូវ៉ាសន្យាថា លោកនឹងគាំទ្រអ្នក ហើយផ្ដល់រង្វាន់ដោយសង្គ្រោះអ្នកនិងផ្ដល់ជីវិតឲ្យអ្នកនៅពេលអនាគត។—ហេ. ១៣:៥, ៦; បប. ២:១០
៥ នៅថ្ងៃអនាគត យើងទាំងអស់គ្នាប្រហែលជាត្រូវប្រឈមមុខនឹងទុក្ខលំបាកផ្សេងៗ មុននឹងរបៀបរបបសាថានត្រូវបំផ្លាញចោល។ តាំងពីរាជាណាចក្ររបស់ព្រះបានចាប់ផ្ដើមគ្រប់គ្រងនៅឆ្នាំ១៩១៤ ព្រះយេហូវ៉ាមិនបានអនុញ្ញាតឲ្យសាថានទៅស្ថានសួគ៌វិញឡើយ។ វាបានត្រូវបោះទម្លាក់មកផែនដី ជាកន្លែងដែលវានិងពួកទេវតាអាក្រក់របស់វាត្រូវនៅ។ ដោយសារសាថានមានកំហឹងយ៉ាងខ្លាំង នោះមានទុក្ខវេទនាកាន់តែច្រើនឡើងនៅផែនដី ហើយនេះរួមបញ្ចូលការបៀតបៀនរឹតតែខ្លាំងឡើងចំពោះអ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ា។ ទុក្ខលំបាកទាំងនេះជាភ័ស្តុតាងដែលបញ្ជាក់ថា យើងកំពុងរស់នៅគ្រាចុងក្រោយបង្អស់នៃការគ្រប់គ្រងដ៏អាក្រក់របស់សាថានលើមនុស្សជាតិ។—បប. ១២:១-១២
៦ សាថានដឹងថាវាមានពេលតែបន្តិចបន្តួចប៉ុណ្ណោះ ហើយវាមានកំហឹងខ្លាំងក្រៃលែងដោយសារវាស្ថិតក្នុងសភាពដ៏ងងឹតសូន្យសុង។ សាថាននិងពួកវិញ្ញាណកំណាចរបស់វា ខំប្រឹងគ្រប់បែបយ៉ាងដើម្បីរារាំងកិច្ចការផ្សព្វផ្សាយរាជាណាចក្រ និងដើម្បីបំផ្លាញសាមគ្គីភាពរបស់អ្នកបម្រើព្រះយេហូវ៉ា។ នេះមានន័យថា យើងកំពុងតយុទ្ធនឹងសាថាន ដូចបានរៀបរាប់ក្នុងគម្ពីរថា៖ «យើងមានការប្រយុទ្ធ មិនមែនប្រយុទ្ធនឹងសាច់ឈាមទេ តែប្រយុទ្ធនឹងរដ្ឋាភិបាលទាំងឡាយ ពួកអាជ្ញាធរ ពួកអ្នកគ្រប់គ្រងពិភពលោកងងឹតនេះ ពួកវិញ្ញាណទុច្ចរិតនៅស្ថានសួគ៌»។ ដើម្បីទទួលជ័យជម្នះជាមួយព្រះយេហូវ៉ា យើងត្រូវបន្តខំប្រឹងតយុទ្ធ ហើយបន្តរក្សាគ្រប់គ្រឿងចម្បាំងពីព្រះ។ ម្យ៉ាងទៀត យើងត្រូវ«កាន់ជំហរមាំមួននៅចំពោះមុខកលល្បិចទាំងប៉ុន្មាន»របស់មេកំណាច។ (អេភ. ៦:១០-១៧) នេះមានន័យថាយើងត្រូវចេះស៊ូទ្រាំ។
ចូរឲ្យយើងចេះស៊ូទ្រាំ
៧ ការស៊ូទ្រាំមានន័យថា«ខំប្រឹងមិនលែង»ឬ«សមត្ថភាពតស៊ូដោយអត់ទ្រាំ»ពេលមានទុក្ខលំបាក។ បើនិយាយអំពីការគោរពប្រណិប័តន៍ព្រះ ការស៊ូទ្រាំសំដៅទៅលើចិត្តគំនិតរឹងប៉ឹងក្នុងការធ្វើអ្វីដែលត្រឹមត្រូវពេលប្រឈមមុខនឹងទុក្ខលំបាក ការប្រឆាំង ការបៀតបៀន ឬអ្វីៗទៀតដែលអាចបំបែរយើងចេញពីការបម្រើព្រះយ៉ាងស្មោះឥតងាករេ។ គ្រិស្តសាសនិកត្រូវអប់រំខ្លួនឲ្យចេះស៊ូទ្រាំ ប៉ុន្តែនេះត្រូវការពេល។ បើយើងកាន់តែរីកចម្រើនក្នុងការបម្រើព្រះ នោះយើងកាន់តែមានសមត្ថភាពស៊ូទ្រាំ។ ប្រសិនបើយើងចេះស៊ូទ្រាំនឹងការសាកល្បងតូចតាចចំពោះជំនឿពេលយើងចាប់ផ្ដើមបម្រើព្រះ នោះយើងនឹងមានចិត្តគំនិតរឹងប៉ឹង ហើយអាចស៊ូទ្រាំនឹងទុក្ខលំបាកធំជាងដែលនឹងមកដល់។ (លូក. ១៦:១០) យើងមិនគួររង់ចាំរហូតដល់មានទុក្ខលំបាកធំៗ ទើបតាំងចិត្តរក្សាជំនឿឲ្យរឹងមាំនោះទេ។ យើងត្រូវតាំងចិត្តរក្សាជំនឿឲ្យមាំមួនមុននឹងប្រឈមមុខការសាកល្បងនោះ។ សាវ័កពេត្រុសបានបញ្ជាក់ថាយើងត្រូវអប់រំខ្លួនឲ្យចេះស៊ូទ្រាំនិងឲ្យមានគុណសម្បត្តិឯទៀតដែលព្រះពេញចិត្ត ដោយសរសេរថា៖ «ចូរអ្នករាល់គ្នាតបស្នងសងគុណលោក ដោយខំប្រឹងយ៉ាងស្មោះអស់ពីចិត្តដើម្បីបន្ថែមគុណធម៌ទៅលើជំនឿរបស់អ្នករាល់គ្នា បន្ថែមចំណេះទៅលើគុណធម៌របស់អ្នករាល់គ្នា បន្ថែមការទប់ចិត្តទៅលើចំណេះរបស់អ្នករាល់គ្នា បន្ថែមការស៊ូទ្រាំទៅលើការទប់ចិត្ត បន្ថែមភក្ដីភាពចំពោះព្រះទៅលើការស៊ូទ្រាំ បន្ថែមការរាប់អានគ្នាជាបងប្អូនទៅលើភក្ដីភាពចំពោះព្រះ បន្ថែមសេចក្ដីស្រឡាញ់ទៅលើការរាប់អានគ្នាជាបងប្អូន»។—២ពេ. ១:៥-៧; ១ធី. ៦:១១
កាលដែលយើងប្រឈមមុខនឹងទុក្ខលំបាកផ្សេងៗ ហើយយកឈ្នះទុក្ខលំបាកទាំងនោះ យើងកាន់តែចេះស៊ូទ្រាំពីមួយថ្ងៃទៅមួយថ្ងៃ
៨ យ៉ាកុបបានបញ្ជាក់អំពីសារៈសំខាន់នៃការអប់រំខ្លួនឲ្យចេះស៊ូទ្រាំ ពេលគាត់សរសេរថា៖ «បងប្អូនខ្ញុំអើយ ពេលដែលជួបនឹងទុក្ខលំបាកផ្សេងៗ ចូរចាត់ទុកការនោះជាអំណរសុទ្ធសាធ ព្រោះអ្នករាល់គ្នាដឹងថា ការសាកល្បងជំនឿរបស់អ្នករាល់គ្នាយ៉ាងនេះ ធ្វើឲ្យចេះស៊ូទ្រាំ។ ក៏ប៉ុន្តែ ចូរឲ្យការស៊ូទ្រាំសម្រេចគោលបំណងរបស់វា ដើម្បីឲ្យអ្នករាល់គ្នាបានពេញលក្ខណៈ គ្មានគុណវិបត្តិ ហើយឥតខ្វះគុណសម្បត្តិណាមួយសោះឡើយ»។ (យ៉ា. ១:២-៤) យ៉ាកុបប្រាប់ថា គ្រិស្តសាសនិកគួរព្រមទទួលនិងមានចិត្តសប្បាយចំពោះទុក្ខលំបាកផ្សេងៗ ពីព្រោះទុក្ខលំបាកទាំងនោះធ្វើឲ្យចេះស៊ូទ្រាំ។ តើអ្នកធ្លាប់មានទស្សនៈបែបនេះឬទេ? រួចមក យ៉ាកុបបង្ហាញថា ការស៊ូទ្រាំជួយធ្វើឲ្យគ្រិស្តសាសនិកមិនខ្វះគុណសម្បត្តិណាមួយសោះឡើយ ក៏ជួយឲ្យយើងធ្វើជាមនុស្សដែលព្រះយេហូវ៉ាពិតជាពេញចិត្តដែរ។ មែនហើយ កាលដែលយើងប្រឈមមុខនឹងទុក្ខលំបាកផ្សេងៗ ហើយយកឈ្នះទុក្ខលំបាកទាំងនោះ យើងកាន់តែចេះស៊ូទ្រាំពីមួយថ្ងៃទៅមួយថ្ងៃ ហើយការចេះស៊ូទ្រាំបង្កើតឲ្យមានគុណសម្បត្តិឯទៀតដែលយើងត្រូវការ។
៩ ព្រះយេហូវ៉ាពេញចិត្តនឹងការស៊ូទ្រាំរបស់យើង ដូច្នេះលោកនឹងផ្ដល់ជីវិតជារៀងរហូតដល់យើងជារង្វាន់។ យ៉ាកុបបានបន្ថែមទៀតថា៖ «អ្នកណាដែលបន្តស៊ូទ្រាំនឹងទុក្ខលំបាក អ្នកនោះមានសុភមង្គល ពីព្រោះពេលដែលព្រះពេញចិត្តនឹងអ្នកនោះ អ្នកនោះនឹងទទួលមកុដជីវិត ដែលព្រះយេហូវ៉ាបានសន្យាឲ្យដល់ពួកអ្នកដែលរក្សាសេចក្ដីស្រឡាញ់ចំពោះលោក»។ (យ៉ា. ១:១២) មែនហើយ យើងស៊ូទ្រាំពីព្រោះនេះទាក់ទងនឹងជីវិតយើង។ បើយើងមិនចេះស៊ូទ្រាំទេ យើងមិនអាចនៅជាប់នឹងសេចក្ដីពិតបានឡើយ។ បើយើងចុះចាញ់នឹងការបង្ខិតបង្ខំពីពិភពលោក នោះយើងនឹងចូលទៅក្នុងពិភពលោកនេះវិញ។ បើយើងមិនចេះស៊ូទ្រាំទេ យើងនឹងលែងទទួលសកម្មពលរបស់ព្រះយេហូវ៉ា ហេតុនេះយើងមិនអាចមានផលដែលបង្កើតដោយសកម្មពលនោះក្នុងជីវិតរបស់យើងឡើយ។
១០ ដើម្បីឲ្យយើងបន្តស៊ូទ្រាំក្នុងគ្រាពិបាកនេះ យើងត្រូវរៀនឲ្យមានទស្សនៈត្រឹមត្រូវចំពោះការរងទុក្ខក្នុងនាមជាគ្រិស្តសាសនិក។ សូមចាំពាក្យរបស់យ៉ាកុបដែលថា៖ «ចូរចាត់ទុកការនោះជាអំណរសុទ្ធសាធ»។ នេះប្រហែលជាមិនស្រួលទេ កាលដែលយើងរងទុក្ខខាងផ្លូវកាយឬខាងផ្លូវចិត្ត។ ប៉ុន្តែ សូមចាំថានេះទាក់ទងនឹងអនាគតរបស់យើង។ បទពិសោធន៍មួយរបស់ពួកសាវ័កជួយយើងឲ្យយល់ពីរបៀបដែលយើងអាចអរសប្បាយពេលរងទុក្ខលំបាក។ សៀវភៅសកម្មភាពចែងអំពីកំណត់ហេតុនេះថា«ពួកគេ . . . បានហៅពួកសាវ័កមក វាយពួកគាត់នឹងរំពាត់ ហើយបង្គាប់ឲ្យឈប់និយាយដោយអាងនាមលោកយេស៊ូ។ បន្ទាប់មក ពួកគេក៏ដោះលែងពួកគាត់ទៅ។ ម្ល៉ោះហើយ ពួកគាត់ចេញពីមុខក្រុមប្រឹក្សាជាន់ខ្ពស់ដោយត្រេកអរ ពីព្រោះពួកគាត់បានត្រូវរាប់ជាសមនឹងទទួលការមើលងាយ ដោយសារនាមរបស់លោក»។ (សកម្ម. ៥:៤០, ៤១) ពួកសាវ័កបានយល់ថា ការរងទុក្ខនោះជាភ័ស្តុតាងដែលបញ្ជាក់ថាពួកគាត់បានស្ដាប់បង្គាប់លោកយេស៊ូ ហើយបានទទួលការពេញចិត្តពីព្រះយេហូវ៉ា។ ច្រើនឆ្នាំក្រោយមក ពេលពេត្រុសបានសរសេរសំបុត្រទី១ក្រោមការដឹកនាំរបស់ព្រះ គាត់បានរៀបរាប់ពីប្រយោជន៍ដែលមកពីការរងទុក្ខដោយសារសេចក្ដីសុចរិត។—១ពេ. ៤:១២-១៦
១១ សូមគិតដែរអំពីបទពិសោធន៍របស់ប៉ូលនិងស៊ីឡាស។ ពេលដែលពួកគាត់កំពុងធ្វើកិច្ចការជាសាសនទូតនៅក្រុងភីលីព ពួកគាត់បានត្រូវគេចាប់ខ្លួនព្រមទាំងចោទថា ពួកគាត់កំពុងរំខានក្រុងខ្លាំងណាស់ ហើយកំពុងផ្សព្វផ្សាយទំនៀមទម្លាប់ដែលគេគ្មានច្បាប់ទទួលឬកាន់តាមទេ។ ជាលទ្ធផល ពួកគាត់បានត្រូវគេវាយយ៉ាងដំណំ រួចបោះចូលក្នុងគុក។ កំណត់ហេតុក្នុងគម្ពីរចែងថា កាលដែលពួកគាត់នៅក្នុងគុកទាំងមិនបានត្រូវគេមើលថែរបួសឲ្យ នោះ«ប្រហែលកណ្ដាលអធ្រាត្រ ប៉ូលនិងស៊ីឡាសកំពុងអធិដ្ឋាននិងច្រៀងសរសើរព្រះ ហើយពួកអ្នកទោសឮ»។ (សកម្ម. ១៦:១៦-២៥) ប៉ូលនិងស៊ីឡាសមានទស្សនៈត្រឹមត្រូវថា ការរងទុក្ខរបស់ពួកគាត់ដើម្បីគ្រិស្ត មិនគ្រាន់តែជាភ័ស្តុតាងដែលបញ្ជាក់ថាពួកគាត់មានចិត្តស្មោះឥតងាករេនៅចំពោះមុខព្រះនិងមនុស្សប៉ុណ្ណោះទេ តែនេះក៏ជាឱកាសដើម្បីផ្សាយដំណឹងល្អដល់ពួកអ្នកដែលចង់ស្ដាប់ដែរ ព្រោះនេះទាក់ទងនឹងជីវិតរបស់ពួកគេ។ នៅយប់នោះឯង អ្នកយាមគុកនិងពួកអ្នកផ្ទះរបស់គាត់បានស្ដាប់ដំណឹងល្អ ហើយក្លាយទៅជាអ្នកកាន់តាមគ្រិស្ត។ (សកម្ម. ១៦:២៦-៣៤) ប៉ូលនិងស៊ីឡាសបានទុកចិត្តព្រះយេហូវ៉ា ឫទ្ធានុភាពរបស់លោក និងបំណងចិត្តរបស់លោកដើម្បីគាំទ្រពួកគាត់ក្នុងកាលដែលមានទុក្ខលំបាក។ ពួកគាត់មិនបានខកចិត្តឡើយ។
១២ នៅសព្វថ្ងៃនេះដែរ ព្រះយេហូវ៉ាផ្ដល់អ្វីទាំងអស់ដែលយើងត្រូវការដើម្បីគាំទ្រយើងក្នុងគ្រាលំបាក។ លោកចង់ឲ្យយើងស៊ូទ្រាំ។ ព្រះបានឲ្យបណ្ដាំដែលបានត្រូវសរសេរក្រោមការដឹកនាំរបស់លោក ដើម្បីឲ្យយើងមានចំណេះត្រឹមត្រូវស្ដីអំពីគោលបំណងរបស់លោក។ នេះពង្រឹងជំនឿរបស់យើង។ យើងមានឱកាសសេពគប់បងប្អូនរួមជំនឿ និងបំពេញកិច្ចបម្រើពិសិដ្ឋ។ យើងក៏មានឯកសិទ្ធិអធិដ្ឋានទៅព្រះយេហូវ៉ា ដើម្បីរក្សាភាពជិតស្និទ្ធជាមួយនឹងលោក។ លោកស្ដាប់ពាក្យសរសើរពីយើង និងការអង្វរសុំឲ្យលោកជួយយើងរក្សាភាពស្អាតស្អំនៅចំពោះមុខលោក។ (ភី. ៤:១៣) មិនត្រឹមតែប៉ុណ្ណោះ ពេលយើងរំពឹងគិតអំពីសេចក្ដីសង្ឃឹមចំពោះអនាគត យើងក៏មានកម្លាំងចិត្តដែរ។—ម៉ាថ. ២៤:១៣; ហេ. ៦:១៨; បប. ២១:១-៤
ការស៊ូទ្រាំនឹងទុក្ខលំបាកផ្សេងៗ
១៣ ទុក្ខលំបាកដែលយើងប្រឈមមុខនៅសព្វថ្ងៃនេះ គឺមិនខុសពីទុក្ខលំបាកដែលអ្នកកាន់តាមលោកយេស៊ូគ្រិស្តធ្លាប់ឆ្លងកាត់ទេ។ នៅសព្វថ្ងៃនេះ សាក្សីព្រះយេហូវ៉ារងការវាយប្រហារដោយពាក្យសម្ដីនិងអំពើហិង្សា ពីអ្នកប្រឆាំងដែលទទួលព័ត៌មានមិនត្រឹមត្រូវអំពីយើងដែលធ្វើឲ្យគេយល់ច្រឡំ។ ដូចនៅសម័យពួកសាវ័ក ការបៀតបៀនភាគច្រើនបង្កឡើងដោយពួកអ្នកជ្រុលនិយមខាងសាសនា ពីព្រោះបណ្ដាំរបស់ព្រះបកអាក្រាតសេចក្ដីបង្រៀនមិនពិតនិងការប្រព្រឹត្តមិនត្រឹមត្រូវរបស់ពួកគេ។ (សកម្ម. ១៧:៥-៩, ១៣) នៅពេលខ្លះ រាស្ត្ររបស់ព្រះយេហូវ៉ាបានធូរស្រាលពីការប្រឆាំងទាំងនោះ ដោយសារពួកគេទាមទារសិទ្ធិតាមផ្លូវច្បាប់ពីរដ្ឋាភិបាលក្នុងប្រទេសនោះ។ (សកម្ម. ២២:២៥; ២៥:១១) ក៏ប៉ុន្តែ អ្នកគ្រប់គ្រងខ្លះក៏បានដាក់បម្រាមលើកិច្ចការយើង ក្នុងគោលបំណងបញ្ឈប់កិច្ចការផ្សព្វផ្សាយរបស់យើងជាគ្រិស្តសាសនិក។ (ទំនុក. ២:១-៣) ក្រោមកាលៈទេសៈបែបនេះ យើងបង្ហាញចិត្តក្លាហាន ហើយធ្វើតាមគំរូរបស់ពួកសាវ័កស្មោះត្រង់ដែលបាននិយាយថា៖ «យើងត្រូវស្ដាប់បង្គាប់ព្រះជាអ្នកគ្រប់គ្រង ជាជាងមនុស្ស»។—សកម្ម. ៥:២៩
១៤ កាលដែលជាតិនិយមមានកាន់តែខ្លាំងឡើងៗនៅទូទាំងពិភពលោក នោះនាំឲ្យមានការបង្ខិតបង្ខំកាន់តែខ្លាំងឡើងទៅលើអ្នកផ្សាយដំណឹងល្អ ឲ្យបោះបង់ចោលកិច្ចបម្រើផ្សាយដែលព្រះបានប្រគល់ឲ្យ។ អ្នកបម្រើទាំងអស់របស់ព្រះយល់កាន់តែច្បាស់នូវការព្រមានក្នុងការបើកបង្ហាញ ១៤:៩-១២ ស្ដីអំពីការគោរពប្រណិប័តន៍«សត្វសាហាវនិងរូបរបស់វា»។ យើងយល់នូវសារៈសំខាន់នៃពាក្យរបស់យ៉ូហានដែលថា៖ «ការនោះតម្រូវឲ្យពួកអ្នកបរិសុទ្ធចេះស៊ូទ្រាំ គឺអ្នកដែលកាន់តាមបញ្ញត្ដិរបស់ព្រះ និងកាន់ខ្ជាប់តាមជំនឿលោកយេស៊ូ»។
១៥ ប្រសិនបើការសាកល្បងជំនឿកើតឡើងដោយសារសង្គ្រាម បដិវត្តន៍ ការបៀតបៀនយ៉ាងខ្លាំង ឬការដាក់បម្រាមជាផ្លូវការ នោះអ្នកប្រហែលជាមិនអាចគោរពប្រណិប័តន៍ព្រះដោយចំហបានឡើយ។ ក្នុងស្ថានភាពដូចនេះ អ្នកប្រហែលជាមិនអាចជួបជុំគ្នាជាក្រុមជំនុំ មិនអាចទាក់ទងការិយាល័យសាខា មិនមានទស្សនកិច្ចរបស់អ្នកត្រួតពិនិត្យប្រចាំមណ្ឌល ឬមិនអាចទទួលសៀវភៅថ្មីៗឡើយ។ បើអ្នកស្ថិតនៅក្នុងស្ថានភាពណាមួយដូចនេះ តើអ្នកគួរធ្វើយ៉ាងណា?
១៦ ចម្លើយគឺ សូមព្យាយាមធ្វើឲ្យបានច្រើនបំផុត សមស្របតាមស្ថានភាពនោះ។ អ្នកនៅតែអាចព្យាយាមសិក្សាដោយខ្លួនឯង។ ធម្មតាក្រុមតូចៗអាចប្រជុំគ្នាតាមផ្ទះ។ អ្នកអាចប្រើគម្ពីរឬសៀវភៅផ្សេងៗដែលធ្លាប់សិក្សាពីមុន ជាមូលដ្ឋានសម្រាប់ការសិក្សាពេលប្រជុំគ្នា។ ចូរកុំបារម្ភឬភ័យខ្លាចហួសហេតុពេក។ ដើម្បីទាក់ទងបងប្អូនដែលមើលខុសត្រូវ តាមធម្មតា គណៈអភិបាលមិនត្រូវការពេលយូរទេ។
១៧ ក៏ប៉ុន្តែ ទោះជាអ្នកនឹងត្រូវនៅដាច់ឆ្ងាយពីបងប្អូនគ្រិស្តសាសនិកទាំងអស់ក៏ដោយ សូមចាំថាអ្នកមិននៅដាច់ឆ្ងាយពីព្រះយេហូវ៉ានិងបុត្ររបស់លោកទេ គឺលោកយេស៊ូគ្រិស្ត។ អ្នកអាចរក្សាសេចក្ដីសង្ឃឹមយ៉ាងមាំមួន។ ព្រះយេហូវ៉ានឹងនៅតែស្ដាប់សេចក្ដីអធិដ្ឋានរបស់អ្នក ហើយលោកអាចពង្រឹងកម្លាំងចិត្តអ្នកតាមរយៈសកម្មពលរបស់លោក។ ចូរសុំការណែនាំពីលោកចុះ។ សូមចាំថា អ្នកជាអ្នកបម្រើព្រះយេហូវ៉ានិងជាអ្នកកាន់តាមលោកយេស៊ូគ្រិស្ត ដូច្នេះសូមឆ្លៀតឱកាសផ្សព្វផ្សាយដំណឹងល្អ។ ព្រះយេហូវ៉ានឹងឲ្យពរដល់ការខំប្រឹងរបស់អ្នក ហើយមិនយូរក្រោយមក ប្រហែលជាអ្នកឯទៀតនឹងចូលរួមការគោរពប្រណិប័តន៍ពិតជាមួយនឹងអ្នកដែរ។—សកម្ម. ៤:១៣-៣១; ៥:២៧-៤២; ភី. ១:២៧-៣០; ៤:៦, ៧; ២ធី. ៤:១៦-១៨
១៨ ប៉ុន្តែ ប្រសិនបើអ្នកត្រូវប្រឈមមុខនឹងសេចក្ដីស្លាប់ ដូចពួកសាវ័កនិងអ្នកឯទៀតដែរ ចូរទុកចិត្ត«ព្រះដែលប្រោសមនុស្សឲ្យរស់ពីស្លាប់ឡើងវិញ»។ (២កូ. ១:៨-១០) ជំនឿដែលអ្នកមានលើព្រះយេហូវ៉ាថាលោកនឹងប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ក៏អាចជួយអ្នកឲ្យស៊ូទ្រាំនឹងការប្រឆាំងដ៏ខ្លាំងក្រៃលែងដែរ។ (លូក. ២១:១៩) លោកយេស៊ូគ្រិស្តបានទុកគំរូឲ្យយើង។ លោកជ្រាបថា អ្នកឯទៀតនឹងមានកម្លាំងចិត្តស៊ូទ្រាំ ដោយសារលោកបានរក្សាភាពស្មោះត្រង់ក្រោមការសាកល្បង។ អ្នកក៏អាចពង្រឹងកម្លាំងចិត្តបងប្អូនតាមរបៀបដូចគ្នាដែរ។—យ៉ូន. ១៦:៣៣; ហេ. ១២:២, ៣; ១ពេ. ២:២១
១៩ ក្រៅពីការបៀតបៀននិងការប្រឆាំង អ្នកប្រហែលជាត្រូវស៊ូទ្រាំនឹងស្ថានភាពដ៏ពិបាកឯទៀត។ ជាឧទាហរណ៍ បងប្អូនខ្លះបានធ្លាក់ទឹកចិត្ត ដោយសារមនុស្សក្នុងតំបន់ផ្សាយមិនចាប់អារម្មណ៍នឹងដំណឹងល្អ។ បងប្អូនឯទៀតត្រូវប្រឈមមុខនឹងជំងឺខាងផ្លូវកាយឬខាងផ្លូវចិត្ត ឬត្រូវស៊ូទ្រាំដោយសារភាពមិនល្អឥតខ្ចោះធ្វើឲ្យពួកគេមានបញ្ហាផ្សេងៗដែលនាំឲ្យពិបាកបម្រើព្រះ។ ស្រដៀងគ្នាដែរ សាវ័កប៉ូលត្រូវស៊ូទ្រាំនឹងទុក្ខលំបាកម្យ៉ាងដែលរំខានដល់កិច្ចបម្រើរបស់គាត់ ហើយពេលខ្លះបញ្ហានេះធ្វើឲ្យគាត់ពិបាកបំពេញកិច្ចបម្រើព្រះ។ (២កូ. ១២:៧) ម្យ៉ាងទៀត អេប៉ាប្រូឌីតដែលជាគ្រិស្តសាសនិកពីក្រុងភីលីពនៅសតវត្សរ៍ទី១ បាន«ធ្លាក់ទឹកចិត្តពីព្រោះ[មិត្តភក្ដិគាត់]បានឮថាគាត់ឈឺ»។ (ភី. ២:២៥-២៧) ភាពមិនល្អឥតខ្ចោះរបស់យើងនិងរបស់អ្នកឯទៀត អាចបណ្ដាលឲ្យមានបញ្ហាដែលពិបាកស៊ូទ្រាំណាស់។ ជាឧទាហរណ៍ យើងប្រហែលជាទាស់ទែងគ្នាជាមួយបងប្អូនគ្រិស្តសាសនិកឬសមាជិកក្រុមគ្រួសារយើង ដោយសារយើងមានបុគ្គលិកលក្ខណៈខុសគ្នា។ ប៉ុន្តែយើងអាចស៊ូទ្រាំបានហើយយកឈ្នះឧបសគ្គបែបនេះ បើយើងធ្វើតាមឱវាទក្នុងបណ្ដាំរបស់ព្រះយេហូវ៉ា។—អេស. ២:៣-៥; ១កូ. ៩:២៧; ១៣:៨; កូឡ. ៣:១២-១៤; ១ពេ. ៤:៨
ចូរតាំងចិត្តនៅស្មោះត្រង់ជានិច្ច
២០ យើងត្រូវតែកាន់តាមលោកយេស៊ូគ្រិស្តជានិច្ច ពីព្រោះព្រះយេហូវ៉ាបានតែងតាំងលោកឲ្យធ្វើជាប្រមុខនៃក្រុមជំនុំ។ (កូឡ. ២:១៨, ១៩) យើងត្រូវធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹង«ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា» និងជាមួយពួកអ្នកដែលបានត្រូវតែងតាំងឲ្យបម្រើជាអ្នកត្រួតពិនិត្យ។ (ហេ. ១៣:៧, ១៧) ដើម្បីធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ាដោយមានការរៀបចំល្អ គឺជាការសំខាន់ដែលយើងធ្វើតាមការរៀបចំនៃអង្គការលោកយ៉ាងដិតដល់ ហើយសហការជាមួយនឹងពួកអ្នកដែលនាំមុខយើង។ យើងត្រូវឆ្លៀតយកប្រយោជន៍យ៉ាងពេញលេញពីឯកសិទ្ធិដែលយើងមានដើម្បីអធិដ្ឋាន។ សូមចាំថា ទោះជាយើងជាប់គុកឬជាប់ឃុំឃាំងតែម្នាក់ឯងក្ដី យើងនៅតែអាចអធិដ្ឋានទៅបិតារបស់យើងនៅស្ថានសួគ៌ដែលប្រកបដោយសេចក្ដីស្រឡាញ់ ហើយនៅតែមានសាមគ្គីភាពជាមួយនឹងបងប្អូនរួមជំនឿដែរ។
២១ សូមឲ្យយើងបន្តស៊ូទ្រាំជានិច្ច ហើយតាំងចិត្តបំពេញកិច្ចបម្រើផ្សាយយ៉ាងអស់ពីសមត្ថភាព។ យ៉ាងនេះ យើងអាចតស៊ូធ្វើកិច្ចការដែលលោកយេស៊ូគ្រិស្តបានបង្គាប់អ្នកកាន់តាមលោក ក្រោយពីលោកបានត្រូវប្រោសឲ្យរស់ឡើងវិញ។ នៅពេលនោះលោកបានបង្គាប់ថា៖ «ដូច្នេះ ចូរទៅបង្រៀនមនុស្សគ្រប់ជាតិសាសន៍ឲ្យក្លាយទៅជាអ្នកកាន់តាមខ្ញុំ ហើយជ្រមុជទឹកឲ្យពួកគេ ក្នុងនាមបិតាដែលស្ថិតនៅស្ថានសួគ៌ ក្នុងនាមបុត្ររបស់លោក និងក្នុងនាមសកម្មពលបរិសុទ្ធរបស់លោក ហើយបង្រៀនពួកគេឲ្យកាន់តាមអ្វីៗទាំងអស់ដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា»។ (ម៉ាថ. ២៨:១៩, ២០) ដូចលោកយេស៊ូដែរ សូមឲ្យយើងបន្តស៊ូទ្រាំ ហើយផ្ដោតអារម្មណ៍ជានិច្ចទៅលើសេចក្ដីសង្ឃឹមរស់ជារៀងរហូតក្រោមការគ្រប់គ្រងនៃរាជាណាចក្រព្រះ។ (ហេ. ១២:២) យើងបានទទួលការជ្រមុជទឹកជាអ្នកកាន់តាមគ្រិស្ត ដូច្នេះយើងមានឯកសិទ្ធិរួមចំណែកក្នុងការសម្រេចទំនាយរបស់លោកយេស៊ូស្ដីអំពី«គ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោក»។ លោកមានប្រសាសន៍ថា៖ «ដំណឹងល្អនេះអំពីរាជាណាចក្រនឹងត្រូវផ្សព្វផ្សាយនៅគ្រប់ទីអាស្រ័យនៅផែនដី ដើម្បីឲ្យប្រជាជាតិទាំងឡាយបានឮ រួចទីបញ្ចប់នឹងមកដល់»។ (ម៉ាថ. ២៤:៣, ១៤) ប្រសិនបើយើងខំប្រឹងផ្សព្វផ្សាយអស់ពីចិត្តក្នុងអំឡុងពេលនេះ យើងនឹងរីករាយទទួលជីវិតដែលគ្មានទីបញ្ចប់ក្នុងពិភពលោកថ្មីដ៏សុចរិតរបស់ព្រះយេហូវ៉ា!