យើងត្រូវមានការស៊ូទ្រាំក្នុងកិច្ចផ្សព្វផ្សាយ
១ សាវ័កប៉ុលមានសេចក្ដីស្កប់ស្កល់ក្នុងការបម្រើជាអ្នកផ្សាយដំណឹងល្អអស់រយៈជាង៣០ឆ្នាំ ហើយនេះជាការងារសំខាន់បំផុតរបស់គាត់ដែលប្រៀបដូចជាអាជីព។ ប៉ុលជួបប្រទះនឹងទុក្ខលំបាកខ្លះៗក្នុងកិច្ចផ្សព្វផ្សាយ ដូចជាក្នុងកិច្ចការមួយណាដែលមានប្រយោជន៍ដែរ។ (២កូ. ១១:២៣-២៩) ប៉ុន្តែ ប៉ុលមិនបានរសាយព្យាយាមឡើយ។ (២កូ. ៤:១) គាត់បានយល់ដឹងថាកម្លាំងដើម្បីស៊ូទ្រាំខណៈដែលគាត់បំពេញកិច្ចបម្រើផ្សាយ នោះនឹងមកពីព្រះយេហូវ៉ា។ (ទំនុក. ១២១:១, ២) ដោយប៉ុលស៊ូទ្រាំយ៉ាងស្មោះត្រង់ នោះគាត់អាចនិយាយថា៖ «ចូរត្រាប់តាមខ្ញុំ ដូចជាខ្ញុំបានត្រាប់តាមព្រះគ្រីស្ទដែរ»។—១កូ. ១១:១
២ ស៊ូទ្រាំនឹងទុក្ខលំបាកសព្វថ្ងៃនេះ : ជារៀងរាល់ថ្ងៃ បងប្អូនរបស់យើងជាច្រើននាក់ជួបប្រទះនឹងការតិះដៀល ការបៀតបៀន ឬភាពមិនរួសរាយពីសមាជិកក្រុមគ្រួសារ អ្នករួមការងារ ឬសិស្សរួមថ្នាក់ជាដើម។ (ម៉ាថ. ១០:៣៥; យ៉ូន. ១៥:២០) ប្រហែលនេះជាអ្វីដែលរូបអ្នកផ្ទាល់កំពុងប្រឈមមុខ។ ម្យ៉ាងវិញទៀត ប្រហែលជាអ្នកកំពុងតែតស៊ូនឹងបញ្ហាសុខភាព ឬមានការប្រទាញប្រទង់ក្នុងចិត្តរាល់ថ្ងៃដើម្បីមិនគិតអំពីអ្វីៗដែលបំបែរអារម្មណ៍ ព្រមទាំងសេចក្ដីល្បួងដែលល្បងលជំនឿនិងការស៊ូទ្រាំរបស់អ្នក។ ការពិចារណាពីគំរូរបស់អ្នកបម្រើដ៏ស្មោះពីបុរាណ ព្រមទាំងអ្នករួមជំនឿសព្វថ្ងៃដែលបានជួបប្រទះ ហើយយកឈ្នះលើទុក្ខលំបាកផ្សេងៗ នោះពិតជាពង្រឹងកម្លាំងចិត្តកម្លាំងកាយរបស់យើងមែន។—១ពេ. ៥:៩
៣ ដោយសារយើងរក្សាយ៉ាងមាំមួនក្នុងកិច្ចបម្រើផ្សាយ នោះយើងអាចទទួលកម្លាំងដោយប្រាកដថាយើងបាន«ពាក់គ្រប់គ្រឿងសឹករបស់ព្រះ»។ (អេភ. ៦:១០-១៣, ១៥) ការអធិដ្ឋានឲ្យចេះស៊ូទ្រាំក៏ចាំបាច់ដែរ។ ព្រះផ្ដល់សកម្មពលបរិសុទ្ធរបស់ទ្រង់ដើម្បីឲ្យយើងអាចស៊ូទ្រាំទុក្ខលំបាកបាន។ (២កូ. ៦:៤-៧) ដើម្បីមានជោគជ័យក្នុងការប្រយុទ្ធនឹងសាតាំងព្រមទាំងពិភពលោករបស់វា នោះយើងត្រូវតែធ្វើតាមការរំលឹករបស់ព្រះដើម្បីពង្រឹងកម្លាំងចិត្ត។ (ទំនុក. ១១៩:២៤, ៨៥-៨៨) ដូចជាកូនដែលអានសំបុត្រម្ដងហើយម្ដងទៀតពីបិតាដែលប្រកបដោយសេចក្ដីស្រឡាញ់ នោះពេលយើងអានគម្ពីររៀងរាល់ថ្ងៃ នេះនឹងពង្រឹងចំណងមេត្រីភាពរបស់យើងជាមួយព្រះយេហូវ៉ា។ យើងនឹងទទួលប្រាជ្ញាដើម្បីយកឈ្នះលើទុក្ខលំបាកតាមរយៈការសិក្សាដោយខ្លួនឯង។ យ៉ាងនេះ យើងអនុញ្ញាតឲ្យទស្សនៈរបស់ព្រះមានអានុភាពលើការសម្រេចចិត្តរបស់យើង ព្រមទាំងពង្រឹងភក្ដីភាពរបស់ខ្លួនចំពោះព្រះយេហូវ៉ាផង។—សុ. ២:១០, ១១
៤ ការស៊ូទ្រាំនាំឲ្យមានពរ : ដូចក្នុងករណីរបស់ប៉ុល ការស៊ូទ្រាំដោយស្មោះត្រង់ខណៈដែលយើងបំពេញកិច្ចបម្រើផ្សាយរបស់យើង នោះនាំឲ្យព្រះយេហូវ៉ារីករាយ និងនាំឲ្យយើងហើយអ្នកឯទៀតទទួលពរផង។ (សុ. ២៧:១១) សូមឲ្យយើងតាំងចិត្តព្យាយាមក្នុងកិច្ចបម្រើផ្សាយ។ ដោយធ្វើដូច្នេះយើងនឹងបង្ហាញថា ជំនឿរបស់យើងមាំមួន ព្រមទាំង«វិសេសជាងមាសដែលតែងតែខូច ទោះបើបានសាកនឹងភ្លើងក៏ដោយ»។—១ពេ. ១:៦, ៧