កិច្ចផ្សព្វផ្សាយជួយយើងឲ្យស៊ូទ្រាំ
១ បន្ទូលរបស់ព្រះដាស់តឿនយើងឲ្យ«រត់ក្នុងទីប្រណាំង ដែលនៅមុខយើង ដោយអំណត់[ឬ«ដោយស៊ូទ្រាំ», ព.ថ.]»។ (ហេ. ១២:១) ដូចជាអ្នករត់ប្រណាំងម្នាក់ត្រូវការការស៊ូទ្រាំដើម្បីប្រកួតប្រជែងឲ្យបានជោគជ័យនោះ យើងក៏ត្រូវការការស៊ូទ្រាំដែរ ដើម្បីទទួលបាននូវរង្វាន់ជាជីវិតអស់កល្បជានិច្ច។ (ហេ. ១០:៣៦) តើកិច្ចបម្រើគ្រីស្ទានជួយយើងឲ្យស៊ូទ្រាំដោយស្មោះត្រង់យ៉ាងដូចម្ដេចរហូតដល់ទីបញ្ចប់?—ម៉ាថ. ២៤:១៣
២ យើងត្រូវបានពង្រឹងកម្លាំងខាងវិញ្ញាណ: ការប្រកាសអំពីសេចក្ដីសន្យាដ៏អស្ចារ្យក្នុងព្រះគម្ពីរស្តីអំពីពិភពលោកថ្មីដ៏សុចរិតជួយយើងរក្សាសេចក្ដីសង្ឃឹមរបស់យើងឲ្យនៅជាប់ជានិច្ច។ (១ថែ. ៥:៨) កាលណាយើងចូលរួមយ៉ាងទៀងទាត់នៅក្នុងកិច្ចផ្សព្វផ្សាយ នោះយើងអាចមានឱកាសធ្វើឲ្យគេស្គាល់សេចក្ដីពិតដែលយើងបានរៀនពីព្រះគម្ពីរ។ យើងមានឱកាសការពារជំនឿរបស់យើងដែលនេះហើយអាចជួយពង្រឹងកម្លាំងយើងខាងវិញ្ញាណ។
៣ ដើម្បីបង្រៀនអ្នកឯទៀតដោយប្រសិទ្ធភាព ខ្លួនយើងផ្ទាល់ត្រូវយល់ឲ្យបានច្បាស់នូវសេចក្ដីពិតនៃព្រះគម្ពីរ។ យើងត្រូវធ្វើការស្រាវជ្រាវនិងរំពឹងគិតទៅលើព័ត៌មាននោះ។ ការខំប្រឹងដោយស្មោះអស់ពីចិត្តធ្វើឲ្យចំណេះយើងរឹតតែជ្រាលជ្រៅ ពង្រឹងជំនឿរបស់យើង និងលើកកម្លាំងយើងខាងវិញ្ញាណឡើងវិញ។ (សុ. ២:៣-៥) ដូច្នេះពេលដែលយើងព្យាយាមជួយអ្នកឯទៀតនោះ យើងក៏ពង្រឹងកម្លាំងខ្លួនយើងផងដែរ។—១ធី. ៤:១៥, ១៦
៤ ការចូលរួមដ៏ខ្នះខ្នែងនៅក្នុងកិច្ចបម្រើគឺជាផ្នែកមួយដ៏សំខាន់នៃ«គ្រប់គ្រឿងសឹករបស់ព្រះ»ដែលយើងត្រូវការដើម្បីទប់ទល់នឹងអារក្សនិងពួកបិសាច។ (អេភ. ៦:១០-១៣, ១៥) ការជាប់រវល់ក្នុងកិច្ចបម្រើផ្សាយជួយយើងឲ្យផ្ដោតអារម្មណ៍ទៅលើរឿងដែលស្អាងចិត្តហើយចៀសវាងកុំឲ្យក្លាយទៅជាខូចអាក្រក់ដោយសារលោកីយ៍របស់សាតាំង។ (កូល. ៣:២) ពេលដែលយើងបង្រៀនអ្នកឯទៀតអំពីផ្លូវរបស់ព្រះយេហូវ៉ានោះ យើងត្រូវបានរំឭកជាប់ជានិច្ចអំពីសេចក្ដីត្រូវការរបស់យើងដើម្បីរក្សានូវចរិយាមារយាទបរិសុទ្ធ។—១ពេ. ២:១២
៥ យើងត្រូវបានពង្រឹងកម្លាំងដោយសារពះ: ការចូលរួមរបស់យើងក្នុងកិច្ចការផ្សព្វផ្សាយដំណឹងល្អបង្រៀនយើងឲ្យចេះទុកចិត្តលើព្រះយេហូវ៉ា។ (២កូ. ៤:១, ៧) នេះពិតជាអំណោយពរដ៏អស្ចារ្យមែន! ការបណ្ដុះបណ្ដាលឲ្យមានទំនុកចិត្តបែបនេះមិនត្រឹមតែប្រដាប់យើងឲ្យអាចបំពេញកិច្ចបម្រើផ្សាយរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយឲ្យយើងឲ្យប្រឈមមុខនឹងកាលៈទេសៈណាក៏ដោយដែលយើងអាចជួបប្រទះក្នុងជីវិត។ (ភី. ៤:១១-១៣) ពិតមែនហើយ ការរៀនទុកចិត្តលើព្រះយេហូវ៉ាគឺជាកត្ដាសំខាន់ឆ្ពោះទៅរកការស៊ូទ្រាំ។ (ទំនុក. ៥៥:២២) កិច្ចផ្សព្វផ្សាយជួយយើងឲ្យចេះស៊ូទ្រាំ តាមរបៀបច្រើនយ៉ាង។