សេចក្ដីពន្យល់បន្ថែម
ដំណឹងជូនចំពោះឪពុកម្ដាយ ដែលជាគ្រិស្តសាសនិក:
ក្នុងនាមជាឪពុកម្ដាយ អ្នកចង់ជួយកូនដ៏មានតម្លៃរបស់អ្នកឲ្យស្រឡាញ់ព្រះយេហូវ៉ា ហើយប្រគល់ខ្លួនជូនលោក។ តើអ្នកអាចធ្វើយ៉ាងណាដើម្បីជួយកូនឲ្យត្រៀមលក្ខណៈដើម្បីទទួលការជ្រមុជទឹក? តើនៅពេលណាទើបកូនអ្នកអាចមានលក្ខណៈគ្រប់គ្រាន់សម្រាប់ជំហានដ៏សំខាន់នេះ?
លោកយេស៊ូបានបង្គាប់អ្នកកាន់តាមលោកថា៖ «ចូរទៅបង្រៀនមនុស្សគ្រប់ជាតិសាសន៍ឲ្យក្លាយទៅជាអ្នកកាន់តាមខ្ញុំ ហើយជ្រមុជទឹកឲ្យពួកគេ»។ (ម៉ាថ. ២៨:១៩) យោងទៅតាមប្រសាសន៍របស់លោកយេស៊ូ តម្រូវការសំខាន់ចម្បងមួយសម្រាប់អ្នកដែលចង់ទទួលការជ្រមុជទឹក គឺពួកគេត្រូវធ្វើជាអ្នកកាន់តាមលោក។ នេះមានន័យថា ពួកគេមិនត្រឹមតែយល់ហើយជឿសេចក្ដីបង្រៀនរបស់គ្រិស្តប៉ុណ្ណោះទេ តែពួកគេក៏ធ្វើតាមសេចក្ដីបង្រៀននោះយ៉ាងដិតដល់ផងដែរ។ សូម្បីតែប្អូនៗវ័យក្មេងក៏អាចធ្វើដូច្នេះបានដែរ។
សូមទុកគំរូល្អឲ្យកូនរបស់អ្នក ហើយបង្រៀនកូនអំពីសេចក្ដីបង្រៀនរបស់ព្រះយេហូវ៉ា។ (ចោ. ៦:៦-៩) នេះរួមបញ្ចូលការប្រើព័ត៌មានក្នុងសៀវភៅតើគម្ពីរអាចបង្រៀនយើងអំពីអ្វី? និងក្នុងសៀវភៅ«ចូររក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់» ដើម្បីជួយកូនយល់សេចក្ដីបង្រៀនបឋមក្នុងគម្ពីរ ហើយជួយកូនឲ្យចេះវែកញែកនិងរស់នៅសមស្របតាមគោលការណ៍គម្ពីរ។ ចូរជួយកូនរបស់អ្នកឲ្យចេះពន្យល់ដោយផ្ទាល់នូវជំនឿរបស់ខ្លួន។ (១ពេ. ៣:១៥) ពេលដែលកូនទទួលចំណេះនិងការលើកទឹកចិត្តពីអ្នក ពីការសិក្សាផ្ទាល់ខ្លួន ពីការគោរពប្រណិប័តន៍ជាក្រុមគ្រួសារ ពីកិច្ចប្រជុំក្រុមជំនុំ និងពីការសេពគប់ល្អ នោះកូនអាចរីកចម្រើនរហូតដល់ទទួលការជ្រមុជទឹក ហើយរីកចម្រើនតទៅទៀត។ សូមជួយពួកគេឲ្យមានគោលដៅក្នុងកិច្ចបម្រើព្រះ។
សុភាសិត ២០:១១ ចែងថា៖ «សូម្បីតែកូនក្មេងក៏សំដែងខ្លួន ដោយសារកិរិយាប្រព្រឹត្តរបស់វាដែរ ឲ្យដឹងជាកិរិយានោះបរិសុទ្ធ ហើយត្រឹមត្រូវឬយ៉ាងណា»។ តើក្មេងៗ(ទោះជាប្រុសឬស្រីក្ដី)មានការប្រព្រឹត្តអ្វីខ្លះដែលបញ្ជាក់ថា គាត់បានក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូគ្រិស្ត ហើយមានលក្ខណៈគ្រប់គ្រាន់ដើម្បីទទួលការជ្រមុជទឹក?
ក្មេងៗដែលកំពុងរីកចម្រើនឆ្ពោះទៅរកការជ្រមុជទឹក គួរចេះស្ដាប់បង្គាប់ឪពុកម្ដាយរបស់ខ្លួន។ (សកម្ម. ៥:២៩; កូឡ. ៣:២០) ពេលលោកយេស៊ូមានអាយុ១២ឆ្នាំ លោកបាន«បន្តចុះចូលក្នុងឱវាទរបស់[ឪពុកម្ដាយ]»។ (លូក. ២:៥១) ពិតមែន អ្នកមិនគួររំពឹងថាកូនរបស់អ្នកនឹងធ្វើបានល្អឥតខ្ចោះនោះទេ។ ក៏ប៉ុន្តែ ប្រសិនបើកូនចង់ទទួលការជ្រមុជទឹក កូននឹងខំព្យាយាមធ្វើតាមគំរូរបស់លោកយេស៊ូ ដូច្នេះ អ្នកឯទៀតនឹងទទួលស្គាល់ថាគាត់ចុះចូលក្នុងឱវាទរបស់ឪពុកម្ដាយ។
ម្យ៉ាងទៀត កូននឹងបង្ហាញថាគាត់ចង់រៀនសេចក្ដីពិតក្នុងគម្ពីរ។ (លូក. ២:៤៦) តើកូនរបស់អ្នកចង់ចូលរួមកិច្ចប្រជុំ និងចង់រួមចំណែកក្នុងកិច្ចប្រជុំឬទេ? (ទំនុក. ១២២:១) តើគាត់ចូលចិត្តអានគម្ពីរនិងសិក្សាផ្ទាល់ខ្លួនជាទៀងទាត់ឬទេ?—ម៉ាថ. ៤:៤
ក្មេងៗដែលកំពុងរីកចម្រើនឆ្ពោះទៅរកការជ្រមុជទឹក ព្យាយាមស្វែងរករាជាណាចក្ររបស់ព្រះជាមុន។ (ម៉ាថ. ៦:៣៣) គាត់យល់ថាខ្លួនមានភារកិច្ចផ្សព្វផ្សាយដល់អ្នកឯទៀត។ គាត់ចូលរួមផ្នែកផ្សេងៗនៃកិច្ចបម្រើផ្សាយ ហើយមិនខ្មាសគេក្នុងការប្រាប់គ្រូបង្រៀននិងសិស្សរួមថ្នាក់ឲ្យដឹងថា គាត់ជាសាក្សីព្រះយេហូវ៉ា។ គាត់យកចិត្តទុកដាក់រៀបចំនិងថ្លែងសុន្ទរកថារបស់គាត់ក្នុងកិច្ចប្រជុំកិច្ចបម្រើនិងជីវិត។
គាត់ក៏ព្យាយាមរក្សាភាពស្អាតស្អំខាងសីលធម៌ដែរ ដោយជៀសវាងការសេពគប់អាក្រក់។ (សុភ. ១៣:២០; ១កូ. ១៥:៣៣) នេះនឹងសឲ្យឃើញតាមរយៈចំណង់ចំណូលចិត្តរបស់គាត់ចំពោះបទភ្លេង ភាពយន្ត កម្មវិធីទូរទស្សន៍ ហ្គេមវីដេអូ និងរបៀបប្រើអ៊ីនធឺណិតជាដើម។
ដោយសារការខំព្យាយាមរបស់ឪពុកម្ដាយ ក្មេងៗជាច្រើនបានយកសេចក្ដីពិតធ្វើជារបៀបរស់នៅរបស់ខ្លួន។ យ៉ាងនេះ ពួកគេមានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលការជ្រមុជទឹក ទោះជាពួកគេនៅក្មេងនៅឡើយក្ដី។ សូមឲ្យព្រះយេហូវ៉ាផ្ដល់ពរដល់អ្នក កាលដែលអ្នកជួយកូនឲ្យស្រឡាញ់ព្រះយេហូវ៉ានិងសម្រេចគោលដៅដ៏សំខាន់នេះ។
ដំណឹងជូនចំពោះអ្នកផ្សព្វផ្សាយ ដែលមិនទាន់ទទួលការជ្រមុជទឹក:
ការបម្រើជាមួយនឹងក្រុមជំនុំ ក្នុងនាមជាអ្នកផ្សព្វផ្សាយដែលមិនទាន់ទទួលការជ្រមុជទឹក គឺជាឯកសិទ្ធិមួយ។ ពិតជាគួរឲ្យសរសើរមែន ដែលអ្នកបានរីកចម្រើនក្នុងការគោរពប្រណិប័តន៍ព្រះ។ អ្នកបានស្គាល់ព្រះដោយសិក្សាបណ្ដាំរបស់លោក ក៏បានបង្ហាញជំនឿលើសេចក្ដីសន្យារបស់លោកដែរ។—យ៉ូន. ១៧:៣; ហេ. ១១:៦
មុនអ្នកបានរៀនគម្ពីរជាមួយសាក្សីព្រះយេហូវ៉ា អ្នកប្រហែលជាបានកាន់សាសនាផ្សេង ឬប្រហែលជាមិនកាន់សាសនាណាសោះ។ ប្រហែលជាអ្នកធ្លាប់ប្រព្រឹត្តអ្វីដែលមិនស្របតាមគោលការណ៍គម្ពីរ។ ប៉ុន្តែឥឡូវនេះ អ្នកបានបង្ហាញជំនឿដោយប្រែចិត្ត នេះមានន័យថាអ្នកស្ដាយក្រោយយ៉ាងខ្លាំងចំពោះអំពើខុសឆ្គងដែលអ្នកធ្លាប់ប្រព្រឹត្តពីមុន។ អ្នកក៏បានបង្ហាញជំនឿដោយផ្លាស់ប្រែរបៀបរស់នៅដែរ នេះមានន័យថាអ្នកបានលះចោលការប្រព្រឹត្តខុសឆ្គងពីមុន ហើយបានតាំងចិត្តធ្វើអ្វីដ៏ត្រឹមត្រូវតាមទស្សនៈរបស់ព្រះវិញ។—សកម្ម. ៣:១៩
ម្យ៉ាងវិញទៀត ប្រហែលជាអ្នកបានស្គាល់ឯកសារបរិសុទ្ធនានា«តាំងពីអ្នកជាទារកនៅឡើយ»។ ដូច្នេះ នេះបានការពារអ្នកពីការប្រព្រឹត្តដែលខុសពីគោលការណ៍គម្ពីរ និងពីការធ្វើអំពើខុសឆ្គងធ្ងន់ធ្ងរ។ (២ធី. ៣:១៥) អ្នកបានរៀនឲ្យចេះយកឈ្នះការបង្ខិតបង្ខំពីមនុស្សអាយុស្រករគ្នា ក៏បានយកឈ្នះការល្បួងផ្សេងៗទៀតដែលអាចនាំឲ្យធ្វើអ្វីដែលព្រះយេហូវ៉ាមិនពេញចិត្ត។ អ្នកបានបង្ហាញជំនឿដោយកាន់ខ្ជាប់ការគោរពប្រណិប័តន៍ពិត និងដោយប្រាប់អ្នកឯទៀតអំពីជំនឿរបស់អ្នក។ អ្នកបានទទួលការបង្ហាត់បង្រៀនក្នុងកិច្ចបម្រើគ្រិស្តសាសនិក។ ឥឡូវ អ្នកបានសម្រេចចិត្តដោយខ្លួនឯងថា អ្នកចង់បម្រើព្រះយេហូវ៉ាក្នុងនាមជាអ្នកផ្សព្វផ្សាយដែលមិនទាន់ទទួលការជ្រមុជទឹក។
តើអ្នកបានត្រូវអប់រំអំពីផ្លូវរបស់ព្រះយេហូវ៉ាតាំងពីក្មេងទេ? ឬតើអ្នកបានស្គាល់ព្រះយេហូវ៉ាពេលដែលធំឡើងហើយ? ទោះជាយ៉ាងណាក៏ដោយ ឥឡូវអ្នកប្រហែលជាកំពុងគិតអំពីជំហានពីរទៀតដែលបង្ហាញពីការរីកចម្រើនរបស់អ្នក ពោលគឺការប្រគល់ខ្លួនជូនព្រះ និងការទទួលការជ្រមុជទឹក។ អ្នកអាចប្រគល់ខ្លួនជូនព្រះយេហូវ៉ា ដោយអធិដ្ឋានជម្រាបលោកអំពីការសម្រេចចិត្តរបស់អ្នកផ្ទាល់ថា អ្នកនឹងបង្ហាញភក្ដីភាពផ្ដាច់មុខចំពោះលោកជារៀងរហូត។ (ម៉ាថ. ១៦:២៤) រួចមក អ្នកនឹងបង្ហាញអំពីការប្រគល់ខ្លួននោះ ដោយទទួលការជ្រមុជទឹក។ (ម៉ាថ. ២៨:១៩, ២០) តាមរយៈការប្រគល់ខ្លួននិងការជ្រមុជទឹក អ្នកនឹងត្រូវតែងតាំងជាអ្នកបម្រើពេញសិទ្ធិរបស់ព្រះយេហូវ៉ា។ នេះជាឯកសិទ្ធិដ៏អស្ចារ្យមែន!
ប៉ុន្តែ តាមរយៈការសិក្សាគម្ពីរអ្នកដឹងថា អ្នកប្រហែលជានឹងជួបការពិបាកផ្សេងៗ។ សូមចាំថា មិនយូរប៉ុន្មានក្រោយពីលោកយេស៊ូបានទទួលការជ្រមុជទឹក នោះ«សកម្មពលរបស់ព្រះបាននាំលោកយេស៊ូទៅតំបន់ស្ងាត់ជ្រងំ ហើយមេកំណាចបានល្បួងលោក»។ (ម៉ាថ. ៤:១) អ្នកក៏នឹងទទួលការសាកល្បងផ្សេងៗដែរ ក្រោយពីអ្នកទទួលការជ្រមុជទឹកជាអ្នកកាន់តាមគ្រិស្ត។ (យ៉ូន. ១៥:២០) ជាឧទាហរណ៍ អ្នកប្រហែលជានឹងជួបការប្រឆាំងពីក្រុមគ្រួសារ។ (ម៉ាថ. ១០:៣៦) ម្យ៉ាងទៀត ប្រហែលជាអ្នកនឹងត្រូវសិស្សរួមថ្នាក់ អ្នករួមការងារ ឬមនុស្សដែលអ្នកធ្លាប់សេពគប់ពីមុន ចំអកមើលងាយ។ ប៉ុន្តែ សូមចាំជានិច្ចនូវប្រសាសន៍របស់លោកយេស៊ូនៅម៉ាកុស ១០:២៩, ៣០ ដែលចែងថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា អ្នកណាដែលចាកចេញពីផ្ទះ ឬបងប្អូនប្រុសស្រី ឬម្ដាយ ឬឪពុក ឬកូន ឬស្រែចម្ការដើម្បីខ្ញុំ និងដើម្បីដំណឹងល្អ អ្នកនោះនឹងទទួលផ្ទះ និងបងប្អូនប្រុសស្រី និងម្ដាយ និងកូន និងស្រែចម្ការ មួយជាមួយរយ ព្រមទាំងការបៀតបៀនផងដែរ ក្នុងគ្រាឥឡូវនេះ ហើយក្នុងរបៀបរបបពិភពលោកដែលនឹងមកដល់ នឹងទទួលជីវិតដែលគ្មានទីបញ្ចប់»។ ដូច្នេះ ចូរបន្តខំប្រឹងឲ្យនៅជិតស្និទ្ធនឹងព្រះយេហូវ៉ា ហើយរស់នៅស្របតាមខ្នាតតម្រាដ៏សុចរិតរបស់លោក។
នៅពេលអ្នកចង់ទទួលការជ្រមុជទឹក សូមប្រាប់អ្នកចាត់ចែងកិច្ចការពួកអ្នកចាស់ទុំ។ សំណួរដែលមានជាបន្តបន្ទាប់ពីដំណឹងនេះ ជាមូលដ្ឋានសម្រាប់ការពិភាក្សារវាងអ្នកនិងអ្នកចាស់ទុំ ដើម្បីឲ្យពួកគាត់ដឹងថាអ្នកមានលក្ខណៈគ្រប់គ្រាន់ដើម្បីទទួលការជ្រមុជទឹកឬមិនមាន។ ឥឡូវអ្នកមានទម្លាប់សិក្សាគម្ពីរដោយខ្លួនឯងជាទៀងទាត់ ដូច្នេះ អ្នកអាចចាប់ផ្ដើមមើលសំណួរទាំងនេះក្នុងអំឡុងពេលសិក្សានោះ។
ពេលដែលអ្នករៀបចំសម្រាប់ការពិភាក្សាទាំងនេះ សូមឆ្លៀតពេលអាននិងរំពឹងគិតអំពីបទគម្ពីរដែលបានដកស្រង់។ អ្នកប្រហែលជាចង់កត់កំណត់ក្នុងសៀវភៅនេះ ឬកត់កំណត់លើក្រដាសផ្សេងទៀតក៏បាន។ អ្នកអាចប្រើកំណត់ទាំងនោះ ហើយបើកមើលសៀវភៅនេះ ក្នុងអំឡុងពេលដែលអ្នកពិភាក្សាជាមួយនឹងអ្នកចាស់ទុំ។ ប្រសិនបើអ្នកពិបាកយល់សំណួរណាមួយ ចូរសុំជំនួយពីបងប្អូនដែលបង្រៀនគម្ពីរដល់អ្នក ឬពីអ្នកចាស់ទុំណាម្នាក់ក៏បាន។
ពេលពិភាក្សាជាមួយនឹងអ្នកចាស់ទុំ សូមកុំមានអារម្មណ៍ថាចម្លើយរបស់អ្នកត្រូវតែវែងឬស្មុគស្មាញឡើយ។ ចម្លើយអស់ពីចិត្តដោយប្រើពាក្យស្រួលយល់និងចំៗគឺល្អបំផុត។ ចំពោះសំណួរជាច្រើន ជាការល្អបើអ្នកអាចឆ្លើយដោយលើកបទគម្ពីរមួយឬពីរ ព្រោះនេះបង្ហាញថាចម្លើយរបស់អ្នកមានមូលដ្ឋានលើបទគម្ពីរ។
បើអ្នកមិនទាន់មានចំណេះគ្រប់គ្រាន់អំពីសេចក្ដីបង្រៀនបឋមក្នុងគម្ពីរទេ នោះអ្នកចាស់ទុំនឹងរៀបចំឲ្យអ្នកទទួលជំនួយ ដើម្បីអ្នកអាចឆ្លើយអស់ពីចិត្តនិងយ៉ាងត្រឹមត្រូវអំពីសេចក្ដីបង្រៀនក្នុងគម្ពីរនៅពេលក្រោយ ហើយមានលក្ខណៈគ្រប់គ្រាន់ដើម្បីទទួលការជ្រមុជទឹកនៅពេលនោះ។
[កំណត់ជូនអ្នកចាស់ទុំក្នុងក្រុមជំនុំ: មានការណែនាំអំពីរបៀបដឹកនាំការពិភាក្សាជាមួយនឹងអ្នកដែលចង់ទទួលការជ្រមុជទឹក នៅទំព័រ២០៨-២១២]