សំណួរទី៣
តើខ្ញុំអាចនិយាយយ៉ាងណាឲ្យឪពុកម្ដាយយល់ចិត្តខ្ញុំ?
តើប្អូននឹងធ្វើយ៉ាងណា?
សូមស្រមៃគិតអំពីរឿងនេះ: យុវជនម្នាក់ឈ្មោះពិសិដ្ឋមានអាយុ១៧ឆ្នាំ។ នៅល្ងាចថ្ងៃពុធមួយ ក្រោយពីបានជួយធ្វើកិច្ចការផ្ទះរួចហើយ គាត់ក៏ទៅអង្គុយសម្រាកលើសាឡុង រួចបើកទូរទស្សន៍មើល។
ខណៈនោះ ប៉ារបស់គាត់ក៏ចូលមកទាំងទឹកមុខមិនសប្បាយ ហើយនិយាយថា៖
«ពិសិដ្ឋ! ម៉េចបានជាកូនមិនទៅជួយបង្រៀនប្អូនធ្វើលំហាត់ បែរជាមកអង្គុយមើលទូរទស្សន៍ទៅវិញ? ឯងនេះមិនដែលស្ដាប់ប៉ាសោះ!»។
ពិសិដ្ឋរអ៊ូតិចៗថា៖ «ទៀតហើយ»។
ប៉ាផ្ទៀងត្រចៀកស្ដាប់ រួចនិយាយថា៖ «ឯងនិយាយថាម៉េច?»។
ពិសិដ្ឋដកដង្ហើមធំ ហើយនិយាយទាំងទឹកមុខធុញទ្រាន់ថា៖ «គ្មានអីទេប៉ា»។
ឥឡូវប៉ាខឹងកាន់តែខ្លាំង ហើយនិយាយយ៉ាងម៉ឺងម៉ាត់ថា៖ «កុំនិយាយអ៊ីចឹងដាក់ប៉ាឲ្យសោះ!»។
បើប្អូនជាពិសិដ្ឋ តើប្អូននឹងធ្វើយ៉ាងណាដើម្បីកុំឲ្យមានរឿងដូចនេះ?
គិតមុនគូរ!
ការប្រស្រ័យទាក់ទងជាមួយនឹងឪពុកម្ដាយរបស់ប្អូន គឺប្រៀបដូចជាការបើកឡាន។ ពេលដែលប្អូនបើកឡាន បើប្អូនប្រទះផ្លូវដែលគេបិទមិនឲ្យទៅ ប្អូនប្រហែលជារកផ្លូវមួយផ្សេងទៀត មែនទេ?
ឧទាហរណ៍:
យុវតីម្នាក់ឈ្មោះលេអា បាននិយាយថា៖ «ខ្ញុំពិបាកនិយាយឲ្យប៉ាយល់អារម្មណ៍ខ្ញុំណាស់។ ជួនកាល ខ្ញុំនិយាយជាមួយគាត់អស់មួយស្របក់ តែគាត់និយាយថា៖ ‹សូមទោស កូននិយាយជាមួយប៉ាមែន?›»។
ប្អូនស្រីលេអាមានជម្រើសបី។
ក. ស្រែកដាក់ប៉ា។
លេអាស្រែកឡើងថា៖ «ប៉ា ហេតុអីមិនស្ដាប់ខ្ញុំនិយាយអ៊ីចឹង។ រឿងនេះសំខាន់ណាស់!»។
ខ. ឈប់និយាយជាមួយប៉ា។
លេអាឈប់ព្យាយាមប្រាប់ប៉ាអំពីបញ្ហារបស់នាងទៀត។
គ. រង់ចាំឱកាសល្អ ហើយលើករឿងនោះម្ដងទៀតប្រាប់ប៉ា។
លេអានិយាយជាមួយប៉ានាងដោយផ្ទាល់នៅពេលក្រោយ ឬសរសេរសំបុត្រប្រាប់ប៉ាអំពីបញ្ហារបស់នាង។
តើប្អូនចង់ឲ្យលេអាយកជម្រើសមួយណា?
សូមពិចារណា: ពេលនោះប្រហែលប៉ារបស់លេអាមានអារម្មណ៍មិនមូល ហើយមិនបានចាប់អារម្មណ៍អំពីការតានតឹងចិត្តរបស់កូនទេ។ ដូច្នេះ បើលេអាយកជម្រើស ក ប៉ានាងប្រហែលជាមិនយល់មូលហេតុដែលនាងស្រែកដាក់គាត់ឡើយ។ ម្ល៉ោះហើយ ជម្រើសនេះច្បាស់ជាមិនអាចធ្វើឲ្យឪពុកព្រមស្ដាប់នាងនិយាយទេ ហើយនោះមិនបង្ហាញការគោរពនិងផ្ដល់កិត្ដិយសចំពោះឪពុកឡើយ។ (អេភេសូរ ៦:២) ជម្រើសនេះពិតជាមិនអាចជួយលេអានិងឪពុកឲ្យយល់ចិត្តគ្នាបានទេ។
ពេលប្អូនប្រទះផ្លូវដែលគេបិទមិនឲ្យទៅ ប្អូនត្រូវរកផ្លូវផ្សេង។ ដូច្នេះ ប្អូនក៏ត្រូវរកវិធីផ្សេងទៀតដើម្បីឲ្យឪពុកម្ដាយយល់ចិត្តប្អូនដែរ
ទោះជាជម្រើស ខ ប្រហែលជាវិធីដែលស្រួលជាងគេក៏ដោយ តែនោះមិនមែនជាវិធីល្អបំផុតទេ។ ហេតុអ្វី? ពីព្រោះដើម្បីអាចដោះស្រាយបញ្ហារបស់នាងបាន លេអាត្រូវនិយាយជាមួយនឹងប៉ារបស់នាង។ ម្យ៉ាងទៀត ដើម្បីឲ្យប៉ានាងអាចជួយនាងបាន នោះគាត់ត្រូវដឹងបញ្ហារបស់នាង។ ដូច្នេះ ការនៅស្ងៀមមិនអាចជួយនាងបានទេ។
ក៏ប៉ុន្តែ បើលេអាយកជម្រើស គ គឺនាងមិនឲ្យស្ថានភាពមិនល្អនោះធ្វើឲ្យនាងឈប់ព្យាយាមនិយាយជាមួយនឹងប៉ារបស់នាងឡើយ។ ផ្ទុយទៅវិញ នាងខំពិគ្រោះជាមួយប៉ានាងនៅពេលផ្សេងទៀត។ ម្យ៉ាងទៀត បើលេអាសម្រេចចិត្តសរសេរសំបុត្រឲ្យប៉ានាង នោះក៏អាចជួយនាងឲ្យមានអារម្មណ៍ធូរស្រាលភ្លាមផងដែរ។
ការសរសេរសំបុត្រប្រហែលជាអាចជួយលេអាឲ្យរៀបចំពាក្យបានល្អដើម្បីប្រាប់អំពីបញ្ហារបស់នាង។ ពេលប៉ានាងអានសំបុត្ររបស់នាង គាត់នឹងដឹងថាកូនចង់ប្រាប់គាត់អំពីរឿងអ្វី ហើយនេះអាចជួយគាត់ឲ្យស្គាល់បញ្ហារបស់កូនច្បាស់ជាង។ ដូច្នេះ ជម្រើស គ គឺជាវិធីល្អសម្រាប់លេអានិងប៉ារបស់នាង។ ទោះជាលេអាសម្រេចចិត្តនិយាយដោយផ្ទាល់ ឬសរសេរសំបុត្រទៅឲ្យប៉ានាងក្ដី វិធីនេះគឺស្របតាមយោបល់ពីគម្ពីរដែលឲ្យយើង«ស្វែងរកអ្វីដែលនាំឲ្យមានសន្ដិភាព»។—រ៉ូម ១៤:១៩
តើលេអាមានជម្រើសអ្វីផ្សេងទៀតឬទេ?
បើប្អូនអាចគិតឃើញជម្រើសមួយផ្សេងទៀត សូមគិតអំពីលទ្ធផលដែលមកពីជម្រើសនោះ។
ចូរកុំធ្វើឲ្យមានការភាន់ច្រឡំ
សូមចាំថា អ្វីដែលប្អូនបាននិយាយនិងអ្វីដែលឪពុកម្ដាយប្អូនគិតអំពីពាក្យសម្ដីរបស់ប្អូនគឺមិនតែងតែស្របគ្នាទេ។
ឧទាហរណ៍:
ឪពុកម្ដាយប្អូនប្រហែលជាចង់ដឹងអំពីមូលហេតុដែលប្អូនមិនសប្បាយចិត្ត។ ប្អូនឆ្លើយថា «ខ្ញុំមានអីណា»។
ប៉ុន្តែ ឪពុកម្ដាយប្រហែលជាយល់ថាប្អូនចង់មានន័យថា: «ខ្ញុំមិនសូវទុកចិត្តប៉ាម៉ាក់ទេ។ ខ្ញុំទៅនិយាយជាមួយពួកម៉ាកខ្ញុំវិញល្អជាង»។
ឥឡូវសូមគិតថា ប្អូនកំពុងជួបការពិបាកមួយ ហើយឪពុកម្ដាយចង់ជួយប្អូន។ តែប្អូនប្រាប់ពួកគាត់ថា «អត់អីទេ ខ្ញុំដោះស្រាយខ្លួនឯងបាន»។
តើឪពុកម្ដាយប្អូនប្រហែលជាយល់ន័យអ្វី?
ជាជាងនិយាយដូចខាងលើ តើប្អូនអាចឆ្លើយយ៉ាងដូចម្ដេច?