សំណួរពីយុវវ័យ
ចុះបើឪពុកម្ដាយខ្ញុំមានជំងឺ?
យុវវ័យភាគច្រើនមិនដែលគិតអំពីការថែទាំឪពុកម្ដាយទេ។ ព្រោះពួកគេនៅក្មេងនៅឡើយ ហើយគិតថាច្រើនឆ្នាំទៅមុខទៀត ទើបឪពុកម្ដាយអាចមានបញ្ហាសុខភាព។
ចុះបើប៉ាឬម៉ាក់ប្អូនធ្លាក់ខ្លួនឈឺ កាលដែលប្អូននៅក្មេង? សូមពិចារណាអំពីយុវវ័យពីរនាក់ដែលបានជួបស្ថានភាពដូចនោះ។
រឿងរ៉ាវជីវិតរបស់អេម៉ាឡាញ
ម៉ាក់ខ្ញុំមានជំងឺម្យ៉ាង(Ehlers-Danlos) ជំងឺនេះធ្វើឲ្យគាត់ឈឺចាប់ខ្លាំង ព្រោះវាធ្វើទុក្ខដល់សន្លាក់ ស្បែក និងជាលិកាឈាម។
ជំងឺគាត់គ្មានថ្នាំព្យាបាលទេ ហើយក្នុងអំឡុង១០ឆ្នាំកន្លងមកនេះស្ថានភាពរបស់គាត់កាន់តែធ្ងន់ធ្ងរឡើងៗ។ តាមពិត មានពេលខ្លះសម្ពាធឈាមរបស់គាត់ធ្លាក់ចុះខ្លាំងហៀបនឹងគ្រោះថ្នាក់ដល់ជីវិត ហើយពេលខ្លះទៀត គាត់ឈឺចាប់ខ្លាំងរហូតដល់លែងចង់រស់ទៀត។
ក្រុមគ្រួសារខ្ញុំជាសាក្សីព្រះយេហូវ៉ា។ បងប្អូនក្នុងក្រុមជំនុំតែងតែជួយសម្រាលទុក្ខយើងជានិច្ច! ជាឧទាហរណ៍ ថ្មីៗនេះប្អូនស្រីម្នាក់ដែលមានអាយុស្របាលខ្ញុំ បានផ្ញើសំបុត្រមួយដល់ក្រុមគ្រួសារយើង នាងបានសរសេរថានាងស្រឡាញ់យើង ហើយប្រាប់យើងថាសូមកុំខ្លាចចិត្តអី ពេលណាត្រូវការជំនួយ។ ខ្ញុំសប្បាយណាស់ដែលមានមិត្តល្អដូចនាង!
គម្ពីរជាជំនួយដ៏ធំចំពោះខ្ញុំ។ ជាឧទាហរណ៍ បទគម្ពីរមួយដែលខ្ញុំចូលចិត្តគឺនៅចម្រៀងសរសើរព្រះ ៣៤:១៨ ដែលចែងថា៖«ព្រះយេហូវ៉ានៅជិតអ្នកដែលមានចិត្តខ្ទេចខ្ទាំ»។ ចំណែកខគម្ពីរមួយទៀត គឺនៅហេប្រឺ ១៣:៦ ដែលចែងថា៖«ព្រះយេហូវ៉ាជាអ្នកជួយខ្ញុំ ខ្ញុំនឹងមិនខ្លាចឡើយ»។
ចំពោះខ្ញុំ បទគម្ពីរចុងក្រោយពិតជាពិសេសណាស់។ អ្វីដែលខ្ញុំខ្លាចជាងគេ គឺខ្លាចបាត់បង់ម៉ាក់ខ្ញុំ។ ខ្ញុំស្រឡាញ់គាត់ខ្លាំងណាស់ ហើយរាល់ថ្ងៃខ្ញុំដឹងគុណព្រះដែលខ្ញុំមានគាត់។ ខគម្ពីរនោះបានជួយខ្ញុំឲ្យទទួលស្គាល់ថាខ្ញុំអាចប្រឈមមុខនឹងអនាគតបាន មិនថាមានរឿងអ្វីកើតឡើងក៏ដោយ។
ប៉ុន្តែ មានអ្វីមួយទៀតដែលខ្ញុំខ្លាច គឺជំងឺនេះជាជំងឺតពូជ។ ម៉ាក់ខ្ញុំបានឆ្លងជំងឺនេះពីយាយខ្ញុំ ហើយខ្ញុំក៏ឆ្លងជំងឺនេះពីម៉ាក់ខ្ញុំដែរ។ ប៉ុន្តែ ខគម្ពីរហេប្រឺ ១៣:៦ ផ្ដល់ការធានាដល់ខ្ញុំថា ព្រះយេហូវ៉ាជា«អ្នកជួយខ្ញុំ» ខ្ញុំមិនគួរខ្លាចឡើយ។
ក្នុងអំឡុងពេលនេះ ខ្ញុំព្យាយាមឲ្យតម្លៃចំពោះអ្វីដែលខ្ញុំកំពុងមាន ហើយមិននឹកស្រណោះអតីតកាល ឬបារម្ភហួសហេតុពេកពីអនាគតទេ។ បើខ្ញុំប្រៀបធៀបអ្វីដែលម៉ាក់ខ្ញុំធ្លាប់ធ្វើកន្លងមក អាចធ្វើឲ្យខ្ញុំធ្លាក់ទឹកចិត្ត។ ប៉ុន្តែ គម្ពីរចែងថាទុក្ខលំបាកដែលយើងជួបនៅឥឡូវនេះ «មានតែមួយរយៈពេលខ្លី ហើយស្រាល» បើប្រៀបនឹងសេចក្ដីសង្ឃឹមអំពីជីវិតដែលគ្មានទីបញ្ចប់ដែលគ្មានជំងឺរោគាណាឡើយ។—កូរិនថូសទី២ ៤:១៧; ការបើកបង្ហាញ ២១:១-៤
សូមពិចារណា៖ តើអ្វីជួយឲ្យអេម៉ាឡាញរក្សាចិត្តគំនិតវិជ្ជមាន? តើតាមរបៀបណាប្អូនអាចរក្សាចិត្តគំនិតវិជ្ជមានពេលជួបការពិបាក?
រឿងរ៉ាវជីវិតរបស់អេមេលី
ពេលខ្ញុំរៀននៅវិទ្យាល័យ ប៉ាខ្ញុំមានជំងឺធ្លាក់ទឹកចិត្តដំណាក់កាលដំបូង។ ជំងឺនេះធ្វើឲ្យគាត់ក្លាយទៅជាមនុស្សផ្សេង គាត់មានទឹកមុខក្រៀមក្រំ ឆាប់ខ្លាច ស្រពាប់ស្រពោន និងចេះតែបារម្ភរហូត។ ខ្ញុំមានអារម្មណ៍ថាប៉ាខ្ញុំពីមុនបានស្លាប់បាត់ហើយ។ គាត់បានស៊ូទ្រាំនឹងជំងឺនេះអស់១៥ឆ្នាំហើយ។ ជំងឺនេះធ្វើទុក្ខគាត់ខ្លាំងណាស់ ព្រោះវាធ្វើឲ្យគាត់មិនសប្បាយចិត្តរហូត ទោះជាគ្មានមូលហេតុអ្វីក៏ដោយ។
ក្រុមគ្រួសារខ្ញុំជាសាក្សីព្រះយេហូវ៉ា បងប្អូនក្នុងក្រុមជំនុំតែងតែជួយគាំទ្រយើង។ ពួកគាត់បង្ហាញចិត្តសប្បុរសនិងយោគយល់យើង។ ពួកគាត់មិនដែលធ្វើឲ្យប៉ាខ្ញុំមានអារម្មណ៍ថាគាត់ជាមនុស្សគ្មានតម្លៃក្នុងក្រុមជំនុំឡើយ។ ពេលខ្ញុំឃើញប៉ាខំស៊ូទ្រាំនឹងជំងឺនេះ ធ្វើឲ្យខ្ញុំកាន់តែស្រឡាញ់គាត់ខ្លាំងឡើងៗ។
ខ្ញុំនឹកប៉ាខ្ញុំពីមុនណាស់ គឺប៉ាដែលមិនទាន់មានជំងឺធ្លាក់ទឹកចិត្ត ប៉ាដែលមិនទាន់រងទុក្ខវេទនា គឺប៉ាដែលសប្បាយរីករាយ។ ខ្ញុំពិបាកចិត្តណាស់ពេលឃើញគាត់ត្រូវតយុទ្ធនឹងសត្រូវនៅក្នុងគំនិតរបស់គាត់ជារៀងរាល់ថ្ងៃ។
ទោះជាយ៉ាងនោះក៏ដោយ ប៉ាខ្ញុំខំព្យាយាមរក្សាឲ្យមានចិត្តគំនិតត្រឹមត្រូវ។ ថ្មីៗនេះក្នុងអំឡុងគ្រាដ៏ពិបាកមួយ គាត់បានខំពុះពាររហូតដល់អាចអានគម្ពីរជារៀងរាល់ថ្ងៃ ទោះជាគាត់អានបានតែពីរបីខក្ដី។ ការធ្វើដូច្នោះបានជួយពង្រឹងកម្លាំងចិត្តគាត់។ មើលទៅទម្លាប់នេះមិនសូវធំដុំទេ តែនេះជាទម្លាប់ល្អដែលអាចជួយសង្គ្រោះជីវិតគាត់។ ខ្ញុំមានមោទនភាពខ្លាំងណាស់ចំពោះគាត់។
ខ្ញុំចូលចិត្តបទគម្ពីរមួយនៅនេហេមា ៨:១០ ដែលចែងថា៖«អំណរពីព្រះយេហូវ៉ាជាកម្លាំងរបស់អ្នករាល់គ្នា»។ ពេលខ្ញុំនៅជាមួយបងប្អូនក្នុងក្រុមជំនុំ ខ្ញុំមានអំណរក្រៃលែង ហើយការរួមចំណែកក្នុងកិច្ចប្រជុំ និងកិច្ចបម្រើផ្សាយ បានជួយបំពេញចន្លោះប្រហោងដែលមានក្នុងចិត្តខ្ញុំ។ វាធ្វើឲ្យខ្ញុំមានអារម្មណ៍កក់ក្ដៅអស់ពេញមួយថ្ងៃ។ គំរូរបស់ប៉ាខ្ញុំបានបង្រៀនខ្ញុំថា មិនថាមានរឿងអ្វីក៏ដោយ ព្រះយេហូវ៉ាតែងតែជួយយើងជានិច្ច។
សូមពិចារណា៖ តើតាមរបៀបណាអេមេលីបានជួយប៉ានាងឲ្យស៊ូទ្រាំនឹងជំងឺរបស់គាត់? តើប្អូនអាចធ្វើយ៉ាងណាដើម្បីអាចជួយអ្នកណាម្នាក់ដែលកំពុងរងទុក្ខនឹងជំងឺធ្លាក់ទឹកចិត្ត?