សំណួរពីយុវវ័យ
តើខ្ញុំអាចធ្វើយ៉ាងណាពេលជួបរឿងខ្លោចផ្សា?
មនុស្សគ្រប់គ្នាអាចជួបរឿងខ្លោចផ្សា។ គម្ពីរចែងថា៖«អ្នកដែលរត់លឿនមិនតែងតែឈ្នះក្នុងការប្រណាំងទេ ហើយអ្នកដែលពូកែច្បាំងក៏មិនតែងតែច្បាំងឈ្នះជានិច្ចដែរ។ . . . ពីព្រោះមនុស្សទាំងអស់អាចជួបហេតុការណ៍ដែលមិនបានរំពឹងទុក នៅពេលដែលពួកគេមិននឹកស្មានដល់»។ (អ្នកទូន្មាន ៩:១១) យុវវ័យខ្លះក៏បានជួបរឿងខ្លោចផ្សាដែរ។ តើតាមរបៀបណាពួកគេអាចស៊ូទ្រាំនឹងរឿងនោះ? សូមពិចារណាអំពីបទពិសោធន៍របស់យុវវ័យពីរនាក់។
រេបិកា
ឪពុកម្ដាយខ្ញុំបានលែងលះគ្នាពេលខ្ញុំអាយុ១៤ឆ្នាំ។
ខ្ញុំបានកុហកខ្លួនឯងថាឪពុកខ្ញុំមិនបានលែងលះម្ដាយខ្ញុំទេ គាត់គ្រាន់តែត្រូវការពេលនៅម្នាក់ឯងមួយរយៈសិន។ ខ្ញុំឃើញគាត់ស្រឡាញ់ម្ដាយខ្ញុំណាស់ តែម្ដេចក៏គាត់ដាច់ចិត្តចាកចោលម្ដាយខ្ញុំអ៊ីចឹង? ខ្ញុំមិនយល់សោះ ហេតុអ្វីគាត់បោះបង់ខ្ញុំចោល?
ខ្ញុំពិបាកនិយាយប្រាប់រឿងនេះដល់គេណាស់ ហើយខ្ញុំក៏មិនចង់នឹកនាអំពីរឿងនេះដែរ។ ពេលនោះខ្ញុំខឹងពួកគាត់ ហើយច្របូកច្របល់ក្នុងចិត្ត។ បន្តិចម្ដងៗ ខ្ញុំចាប់ផ្ដើមថប់បារម្ភ ហើយគេងមិនលក់។
ពេលខ្ញុំអាយុ១៩ឆ្នាំ ម្ដាយខ្ញុំបានស្លាប់ដោយសារជំងឺមហារីក។ គាត់ជាមិត្តជិតស្និទ្ធបំផុតរបស់ខ្ញុំ។
ការលែងលះរបស់ឪពុកម្ដាយខ្ញុំ នៅតែធ្វើឲ្យខ្ញុំតក់ស្លុតនិងឈឺចាប់នៅឡើយ តែការស្លាប់របស់ម្ដាយខ្ញុំធ្វើឲ្យខ្ញុំរឹតតែឈឺចាប់ជាងនោះទៅទៀត។ ខ្ញុំនៅតែពិបាកចិត្ត ហើយគេងមិនលក់សោះ រហូតដល់មានជំងឺថប់បារម្ភ។
នៅដំណាលគ្នានោះ ខ្ញុំបានរកឃើញយោបល់ល្អៗដែលបានជួយខ្ញុំ។ ជាឧទាហរណ៍ នៅសុភាសិត ១៨:១ លើកទឹកចិត្តយើងកុំឲ្យផ្ដាច់ខ្លួនពីអ្នកឯទៀត ដូច្នេះ ខ្ញុំព្យាយាមធ្វើតាមយោបល់នោះ។
ម្យ៉ាងទៀត ដោយសារខ្ញុំជាសាក្សីព្រះយេហូវ៉ា ខ្ញុំព្យាយាមអានសៀវភៅដែលមានមូលដ្ឋានពីគម្ពីរ។ សៀវភៅមួយដែលបានជួយខ្ញុំក្នុងអំឡុងពេលដែលឪពុកម្ដាយខ្ញុំលែងលះគ្នា គឺសៀវភៅសំណួរយុវវ័យចង់ដឹង និងចម្លើយដែលស្រាយចម្ងល់។ ជាពិសេស នៅក្បាលទី២នៃសៀវភៅនេះ ក្នុងជំពូកមួយដែលមានចំណងជើងថា«តើខ្ញុំអាចមានសុភមង្គលក្នុងក្រុមគ្រួសារដែលមានតែម្ដាយឬឪពុកបានទេ?»(ជាភាសាអង់គ្លេស)។
បទគម្ពីរមួយដែលខ្ញុំចូលចិត្តនិងជួយខ្ញុំពេលខ្ញុំខ្វល់ចិត្ត គឺនៅម៉ាថាយ ៦:២៥-៣៤។ ក្នុងខ២៧ លោកយេស៊ូបានសួរថា៖«បើអ្នកខ្វល់ខ្វាយ តើអ្នកអាចធ្វើឲ្យអាយុជីវិតរបស់ខ្លួនវែងជាង សូម្បីតែបន្តិចaបានទេ?»។
យើងទាំងអស់គ្នាអាចជួបរឿងរ៉ាវអាក្រក់។ តែខ្ញុំបានរៀនពីគំរូរបស់ម្ដាយខ្ញុំអំពីរបៀបពុះពារនឹងទុក្ខលំបាកទាំងនោះ។ គាត់បានឆ្លងកាត់ទុក្ខលំបាកច្រើនណាស់ គាត់បានលែងលះគ្នា និងធ្លាក់ខ្លួនឈឺធ្ងន់។ ប៉ុន្តែ គាត់បានពុះពារនឹងអ្វីទាំងនោះដោយមានចិត្តគំនិតត្រឹមត្រូវជានិច្ច ហើយគាត់បានរក្សាជំនឿរឹងមាំរហូតដល់ស្លាប់។ ខ្ញុំមិនដែលភ្លេចអ្វីដែលគាត់បានបង្រៀនខ្ញុំអំពីព្រះយេហូវ៉ាទេ។
សូមពិចារណា៖ តើតាមរបៀបណាការអានគម្ពីរនិងសៀវភៅផ្សេងៗដែលមានមូលដ្ឋានពីគម្ពីរអាចជួយប្អូនឲ្យស៊ូទ្រាំនឹងរឿងខ្លោចផ្សា?—ចម្រៀងសរសើរព្រះ ៩៤:១៩
ខ័រឌីល
ពេលខ្ញុំអាយុ១៧ឆ្នាំ ខ្ញុំបានឃើញឪពុកខ្ញុំស្លាប់ដោយផ្ទាល់ភ្នែក។ ការបាត់បង់គាត់គឺជារឿងដ៏ពិបាកបំផុតក្នុងជីវិតខ្ញុំ។ ខ្ញុំឈឺខ្លោចផ្សាក្នុងចិត្តណាស់។
ខ្ញុំពិបាកជឿថាគាត់បានស្លាប់។ ទោះជាគេយកក្រណាត់គ្របសពគាត់ក៏ដោយ ក៏ខ្ញុំនៅតែមិនជឿថានោះជាឪពុកខ្ញុំដែរ។ ខ្ញុំបានប្រាប់ខ្លួនឯងថា‹ស្អែកគាត់នឹងភ្ញាក់ឡើងវិញ›។ ខ្ញុំមានអារម្មណ៍ហេងហាងណាស់។
ខ្ញុំនិងក្រុមគ្រួសារខ្ញុំជាសាក្សីព្រះយេហូវ៉ា។ ពេលឪពុកខ្ញុំស្លាប់ បងប្អូនក្នុងក្រុមជំនុំបានជួយយើងច្រើនណាស់។ ពួកគេមកជួយគេងកំដរយើង បានជួយធ្វើម្ហូបឲ្យយើង និងនៅក្បែរយើងជានិច្ច។ ពួកគេធ្វើដូច្នោះមិនមែនមួយរយៈពេលខ្លីទេ តែអស់រយៈពេលជាយូរ។ ចំពោះខ្ញុំ ជំនួយរបស់ពួកគេជាភស្តុតាងបង្ហាញថាសាក្សីព្រះយេហូវ៉ាជាគ្រិស្តសាសនិកពិត។—យ៉ូហាន ១៣:៣៥
បទគម្ពីរមួយដែលបានលើកទឹកចិត្តខ្ញុំ គឺនៅកូរិនថូសទី២ ៤:១៧, ១៨។ ខនេះចែងថា៖«ទោះជាសេចក្ដីវេទនាដែលយើងជួបប្រទះមានតែមួយរយៈពេលខ្លី ហើយស្រាលក៏ដោយ សេចក្ដីវេទនានោះនាំឲ្យយើងទទួលសិរីរុងរឿងដែលកាន់តែឧត្ដុង្គឧត្ដម និងដែលស្ថិតស្ថេរជារៀងរហូត។ នៅពេលជាមួយគ្នានោះដែរ យើងផ្ដោតអារម្មណ៍ទៅលើអ្វីដែលយើងមើលមិនឃើញ មិនមែនលើអ្វីដែលយើងមើលឃើញនោះទេ។ ព្រោះអ្វីដែលយើងមើលឃើញ គឺគ្រាន់តែបណ្ដោះអាសន្ន តែអ្វីដែលយើងមើលមិនឃើញ នោះស្ថិតស្ថេរជារៀងរហូត»។
ពាក្យនៅខ១៨ពិតជាលើកទឹកចិត្តខ្ញុំខ្លាំងណាស់។ នេះជួយខ្ញុំឲ្យយល់ថាការស្លាប់របស់ឪពុកខ្ញុំគ្រាន់តែបណ្ដោះអាសន្នប៉ុណ្ណោះ តែអ្វីដែលព្រះសន្យានៅថ្ងៃអនាគតគឺស្ថិតស្ថេរជារៀងរហូត។ ការស្លាប់របស់គាត់ ធ្វើឲ្យខ្ញុំគិតពិចារណាអំពីខ្លួនថាគួរប្រើជីវិតយ៉ាងណានិងមានគោលដៅបែបណា។
សូមពិចារណា៖ តើតាមរបៀបណារឿងខ្លោចផ្សាដែលប្អូនជួបអាចជួយប្អូនឲ្យរៀបចំគោលដៅជីវិត?—យ៉ូហានទី១ ២:១៧
a ន័យត្រង់«សូម្បីតែមួយហត្ថ»។ ហត្ថគឺជាខ្នាតនៃរង្វាស់រង្វាល់ ហើយមួយហត្ថមានប្រវែងប្រហែលស្មើនឹង៤៥សង់ទីម៉ែត្រ។