មេរៀនទី៦០
រាជាណាចក្រមួយដែលនឹងនៅជារៀងរហូត
នាយប់មួយ ស្ដេចនេប៊ូក្នេសាបានសុបិនឃើញរឿងដ៏ចម្លែក។ នេះធ្វើឲ្យគាត់គេងមិនលក់សោះ។ ដូច្នេះ គាត់បានហៅគ្រូវេទមន្តមកប្រាប់ថា៖ ‹ចូរពន្យល់អំពីអ្វីដែលខ្ញុំបានសុបិនឃើញ›។ ពួកគេជម្រាបថា៖ ‹ឱស្ដេចជាម្ចាស់ សូមប្រាប់យើងខ្ញុំអំពីសុបិនរបស់លោកសិន›។ ប៉ុន្តែ នេប៊ូក្នេសាប្រាប់ពួកគេថា៖ ‹អត់ទេ! អ្នករាល់គ្នាត្រូវប្រាប់ថាខ្ញុំសុបិនឃើញអ្វី? បើមិនដូច្នេះទេ ខ្ញុំនឹងសម្លាប់អ្នករាល់គ្នា›។ ពួកគេសួរស្ដេចម្ដងទៀតថា៖ ‹សូមលោកម្ចាស់ប្រាប់យើងខ្ញុំជាមុនសិន ថាលោកសុបិនឃើញអ្វី? ទើបយើងខ្ញុំអាចបកស្រាយបាន›។ ស្ដេចនិយាយថា៖ ‹អ្នករាល់គ្នាកំពុងព្យាយាមបញ្ឆោតខ្ញុំ! ចូរប្រាប់មក ថាខ្ញុំសុបិនឃើញអ្វី?›។ ពួកគេប្រាប់ស្ដេចថា៖ ‹នៅផែនដីនេះ គ្មានអ្នកណាម្នាក់អាចធ្វើតាមបង្គាប់របស់ស្ដេចជាម្ចាស់បានទេ›។
ពេលឮដូច្នេះ នេប៊ូក្នេសាខឹងជាខ្លាំង រួចចេញបញ្ជាថាត្រូវសម្លាប់ពួកអ្នកប្រាជ្ញទាំងអស់ក្នុងស្រុកបាប៊ីឡូន។ នេះរួមបញ្ចូលទាំងដានីយ៉ែល សាដ្រាក់ មេសាក់ និងអាបេឌនេកោ។ ដានីយ៉ែលបានសុំស្ដេចទុកពេលឲ្យគាត់បន្តិច។ រួចមក គាត់និងមិត្តភក្តិបានអធិដ្ឋានសុំព្រះយេហូវ៉ាឲ្យជួយ។ តើព្រះយេហូវ៉ានឹងធ្វើអ្វី?
ព្រះយេហូវ៉ាបានបើកបង្ហាញឲ្យដានីយ៉ែលឃើញអំពីអាថ៌កំបាំងនៃសុបិនរបស់ស្ដេចនេប៊ូក្នេសា និងអំពីអត្ថន័យនៃសុបិននោះ។ នៅថ្ងៃបន្ទាប់ ដានីយ៉ែលបានទៅជួបអ្នកបម្រើរបស់ស្ដេច ហើយប្រាប់ថា៖ ‹សូមកុំទាន់សម្លាប់អ្នកប្រាជ្ញណាម្នាក់ឡើយ។ ខ្ញុំអាចបកស្រាយសុបិនជូនស្ដេចបាន›។ ដូច្នេះ អ្នកបម្រើបាននាំដានីយ៉ែលទៅជួបស្ដេចនេប៊ូក្នេសា។ ដានីយ៉ែលជម្រាបស្ដេចថា៖ ‹ព្រះបានបើកបង្ហាញអាថ៌កំបាំងឲ្យលោកម្ចាស់ដឹងអំពីហេតុការណ៍នៅថ្ងៃខាងមុខ។ សុបិនរបស់លោកម្ចាស់មានដូចតទៅ៖ លោកបានឃើញរូបដ៏ធំសម្បើមមួយ មានក្បាលធ្វើពីមាសសុទ្ធ ទ្រូងនិងដៃធ្វើពីប្រាក់ ពោះនិងភ្លៅធ្វើពីស្ពាន់ ជើងធ្វើពីដែក ហើយប្រអប់ជើងធ្វើពីដែកលាយដីឥដ្ឋ។ រួចមានដុំថ្មមួយកាត់ចេញពីភ្នំ មកបុកទង្គិចចំប្រអប់ជើងរបស់រូបនោះ។ រូបនោះបែកខ្ទេចហ្មត់ដូចអង្កាម ហើយខ្យល់ក៏បក់ផាត់នាំយកទៅអស់។ ឯដុំថ្មនោះ បានទៅជាភ្នំដ៏ធំមួយនៅពេញផែនដីទាំងមូល›។
ដានីយ៉ែលជម្រាបទៀតថា៖ ‹ចំណែកអត្ថន័យនៃសុបិនរបស់លោកម្ចាស់មានដូចតទៅ៖ ក្បាលធ្វើពីមាស គឺជារាជាណាចក្ររបស់លោក។ ផ្នែកដែលធ្វើពីប្រាក់ គឺជារាជាណាចក្រដែលនឹងមកបន្ទាប់ពីលោក។ រីឯផ្នែកដែលធ្វើពីស្ពាន់ គឺជារាជាណាចក្រដែលនឹងគ្រប់គ្រងពេញផែនដី។ ចំណែកឯផ្នែកដែលធ្វើពីដែក គឺជារាជាណាចក្របន្ទាប់ ដែលមានកម្លាំងខ្លាំងក្លា។ ឯផ្នែកចុងក្រោយដែលខ្លះរឹងដូចជាដែក ខ្លះទន់ដូចជាដីឥដ្ឋ គឺជារាជាណាចក្រដែលគ្មានការរួបរួមគ្នា។ ថ្មដែលក្លាយទៅជាភ្នំដ៏ធំមួយ គឺជារាជាណាចក្ររបស់ព្រះ។ រាជាណាចក្រនេះនឹងបំផ្លាញរាជាណាចក្រទាំងអស់ឲ្យសាបសូន្យទៅ ហើយមានតែរាជាណាចក្រនេះប៉ុណ្ណោះ ដែលនឹងនៅជារៀងរហូត›។
បន្ទាប់មក នេប៊ូក្នេសាក្រាបមុខដល់ដីនៅចំពោះដានីយ៉ែល ហើយនិយាយថា៖ ‹ព្រះរបស់អ្នកបានបើកបង្ហាញសុបិននេះឲ្យអ្នកដឹង។ គ្មានព្រះណាដូចលោកទេ›។ ដូច្នេះ ជាជាងសម្លាប់ដានីយ៉ែល នេប៊ូក្នេសាបានតែងតាំងគាត់ឲ្យធ្វើជាមេលើពួកអ្នកប្រាជ្ញទាំងអស់ ហើយឲ្យគាត់គ្រប់គ្រងលើអាណាខេត្តស្រុកបាប៊ីឡូន។ តើអ្នកអាចឃើញរបៀបដែលព្រះយេហូវ៉ាតបឆ្លើយសេចក្ដីអធិដ្ឋានរបស់ដានីយ៉ែលទេ?
«ពួកគេបានប្រមូលស្ដេចទាំងនោះទៅឯកន្លែងដែលភាសាហេប្រឺហៅថាអាម៉ាគេដូន»។—ការបើកបង្ហាញ ១៦:១៦