មេរៀនទី៧៧
ស្ត្រីនៅអណ្ដូងទឹក
បន្ទាប់ពីបុណ្យរំលង នៅតាមផ្លូវត្រឡប់ទៅស្រុកកាលីឡេវិញ លោកយេស៊ូនិងពួកអ្នកកាន់តាមបានឆ្លងកាត់ស្រុកសាម៉ារី។ ពេលលោកយេស៊ូទៅជិតដល់ក្រុងស៊ីខា លោកបានឈប់នៅកន្លែងមួយហៅថាអណ្ដូងយ៉ាកុប។ កាលលោកសម្រាកនៅទីនោះ ពួកអ្នកកាន់តាមបានចូលទៅក្នុងក្រុងដើម្បីទិញអាហារ។
មានស្ត្រីម្នាក់មកដងទឹកនៅអណ្ដូងនោះ។ លោកយេស៊ូមានប្រសាសន៍ទៅនាងថា៖ «សូមឲ្យទឹកខ្ញុំផឹកផង»។ នាងឆ្លើយដោយភ្ញាក់ផ្អើលថា៖ ‹ហេតុអ្វីបានជាលោកនិយាយជាមួយនឹងខ្ញុំ? ខ្ញុំជាជនជាតិសាម៉ារី។ ជនជាតិយូដាមិននិយាយជាមួយនឹងជនជាតិសាម៉ារីទេ›។ លោកយេស៊ូតបថា៖ ‹បើនាងដឹងថាខ្ញុំជាអ្នកណា នាងនឹងសុំទឹកពីខ្ញុំផឹក ហើយខ្ញុំនឹងឲ្យទឹកដែលផ្ដល់ជីវិតដល់នាង›។ នាងបានសួរថា៖ ‹ខ្ញុំមិនយល់ទេ។ លោកគ្មានធុងដងទឹកឡើយ›។ លោកយេស៊ូឆ្លើយថា៖ ‹អ្នកណាផឹកទឹកដែលខ្ញុំឲ្យ អ្នកនោះនឹងមិនស្រេកម្ដងទៀតទេ›។ នាងនិយាយភ្លាមថា៖ ‹លោក! សូមឲ្យទឹកនោះមកខ្ញុំ›។
ដូច្នេះ លោកយេស៊ូប្រាប់នាងថា៖ ‹ចូរហៅប្ដីរបស់នាងមកទីនេះ›។ នាងឆ្លើយថា៖ «ខ្ញុំគ្មានប្ដីទេ»។ លោកតបថា៖ ‹នាងនិយាយពាក្យពិត ព្រោះនាងធ្លាប់រៀបការប្រាំដង ហើយសព្វថ្ងៃនាងរស់នៅជាមួយនឹងបុរសដែលមិនមែនជាប្ដី›។ នាងជម្រាបលោកថា៖ ‹ខ្ញុំយល់ឃើញថា លោកជាអ្នកប្រកាសទំនាយ។ ជនជាតិរបស់ខ្ញុំជឿថា យើងអាចគោរពប្រណិប័តន៍ព្រះនៅភ្នំនេះ។ ប៉ុន្តែ ជនជាតិយូដានិយាយថា យើងអាចគោរពប្រណិប័តន៍ព្រះតែនៅក្នុងក្រុងយេរូសាឡិមប៉ុណ្ណោះ។ ខ្ញុំជឿថានៅពេលមេស្ស៊ីមក លោកនឹងបង្រៀនយើងអំពីរបៀបគោរពប្រណិប័តន៍ព្រះ›។ បន្ទាប់មក លោកយេស៊ូបានប្រាប់រឿងមួយ ដែលលោកមិនធ្លាប់ប្រាប់អ្នកណាឡើយថា៖ ‹ខ្ញុំគឺជាមេស្ស៊ី›។
ស្ត្រីនោះប្រញាប់ចូលទៅក្នុងក្រុងវិញ ហើយប្រាប់ជនជាតិសាម៉ារីឯទៀតថា៖ ‹ខ្ញុំគិតថា ខ្ញុំបានជួបមេស្ស៊ីហើយ។ លោកជ្រាបអ្វីៗទាំងអស់អំពីខ្ញុំ។ សូមអញ្ជើញទៅមើល!›។ ពួកគេតាមនាងទៅអណ្ដូង ហើយស្ដាប់លោកយេស៊ូបង្រៀន។
ជនជាតិសាម៉ារីបានអញ្ជើញលោកយេស៊ូឲ្យស្នាក់នៅក្នុងក្រុង។ លោកបង្រៀននៅទីនោះអស់ពីរថ្ងៃ ហើយមនុស្សជាច្រើនបានបង្ហាញជំនឿលើលោក។ ពួកគេប្រាប់ស្ត្រីសាម៉ារីនោះថា៖ ‹ក្រោយពីបានស្ដាប់បុរសនេះ យើងដឹងថា លោកប្រាកដជាអ្នកសង្គ្រោះពិភពលោក›។
«‹មកចុះ!› ហើយចូរឲ្យអ្នកណាដែលស្រេក មកចុះ។ ចូរឲ្យអ្នកណាដែលចង់បានទឹកដែលផ្ដល់ជីវិត មកយកដោយឥតគិតថ្លៃចុះ»។—ការបើកបង្ហាញ ២២:១៧