មេរៀនទី៧៩
លោកយេស៊ូធ្វើអព្ភូតហេតុជាច្រើន
លោកយេស៊ូមកផែនដី ដើម្បីប្រកាសដំណឹងល្អអំពីរាជាណាចក្រព្រះ។ ព្រះយេហូវ៉ាបានផ្ដល់ឫទ្ធានុភាពបរិសុទ្ធឲ្យលោកយេស៊ូធ្វើអព្ភូតហេតុ ដើម្បីបង្ហាញទុកជាមុនអំពីអ្វីដែលលោកយេស៊ូនឹងធ្វើ ពេលលោកទៅជាស្ដេច។ លោកយេស៊ូអាចព្យាបាលជំងឺគ្រប់ប្រភេទ។ មិនថាលោកយេស៊ូទៅកន្លែងណាទេ មនុស្សឈឺតែងមកសុំជំនួយពីលោក ហើយលោកបានធ្វើឲ្យពួកគេគ្រប់គ្នាជាសះស្បើយ។ មនុស្សខ្វាក់អាចមើលឃើញ មនុស្សថ្លង់អាចស្ដាប់ឮ មនុស្សខ្វិនអាចដើរបាន ហើយសូម្បីតែមនុស្សដែលមានវិញ្ញាណកំណាចចូល ក៏បានជាឡើងវិញដែរ។ រីឯអ្នកខ្លះទៀតបានជាសះស្បើយ ដោយគ្រាន់តែពាល់ជាយសម្លៀកបំពាក់របស់លោកប៉ុណ្ណោះ។ មនុស្សម្នានាំគ្នាដើរតាមលោកយេស៊ូគ្រប់ទីកន្លែង។ ទោះជាលោកចង់នៅម្នាក់ឯងក៏ដោយ លោកមិនដែលបដិសេធអស់អ្នកដែលមករកលោកទេ។
មានថ្ងៃមួយ មនុស្សខ្លះបាននាំបុរសស្លាប់ដៃស្លាប់ជើងម្នាក់មកផ្ទះដែលលោកយេស៊ូស្នាក់នៅ។ ប៉ុន្តែ ដោយសារផ្ទះមានមនុស្សច្រើនកកកុញ ទើបមិនអាចចូលទៅខាងក្នុងបាន។ ហេតុនេះ ពួកគេបានចោះប្រឡោះមួយនៅលើដំបូល ហើយសម្រូតបុរសនោះចុះទៅឯលោកយេស៊ូ។ រួចមក លោកយេស៊ូប្រាប់បុរសនោះថា៖ ‹ចូរក្រោកឡើង ហើយដើរទៅចុះ›។ គ្រប់គ្នានឹកអស្ចារ្យក្នុងចិត្តជាខ្លាំង ពេលបុរសនោះចាប់ផ្ដើមដើរ។
នៅពេលមួយទៀត កាលលោកយេស៊ូចូលទៅក្នុងភូមិមួយ មានបុរសឃ្លង់១០នាក់ឈរពីចម្ងាយ ហើយស្រែកឡើងថា៖ ‹លោកយេស៊ូ សូមជួយយើងផង!›។ នៅសម័យនោះ អ្នកកើតឃ្លង់មិនបានត្រូវអនុញ្ញាតឲ្យចូលទៅជិតមនុស្សឯទៀតទេ។ លោកយេស៊ូប្រាប់បុរសទាំងនោះឲ្យទៅវិហារ។ ស្របតាមច្បាប់របស់ព្រះយេហូវ៉ា មនុស្សឃ្លង់ត្រូវធ្វើដូច្នោះ ក្រោយជាពីជំងឺ។ នៅតាមផ្លូវទៅវិហារ ពួកគេបានជាសះស្បើយ។ ប៉ុន្តែ ក្នុងចំណោម១០នាក់មានតែម្នាក់ប៉ុណ្ណោះ ដែលត្រឡប់មកអរគុណលោកយេស៊ូ ហើយសរសើរតម្កើងព្រះ។
មានស្ត្រីម្នាក់ដែលឈឺធ្ងន់អស់១២ឆ្នាំ ចង់បានជំនួយយ៉ាងខ្លាំងពីលោកយេស៊ូ។ ដូច្នេះ នាងបានចូលទៅឯក្រុមមនុស្សដែលកំពុងដើរពីក្រោយលោក។ រួចមក នាងពាល់ជាយសម្លៀកបំពាក់របស់លោក ហើយនាងក៏ជាសះស្បើយមួយរំពេច។ លោកយេស៊ូសួរថា៖ «តើអ្នកណាបានពាល់ខ្ញុំ?»។ ស្ត្រីនោះភ័យតក់ស្លុតណាស់។ ប៉ុន្តែ នាងបានចេញមក ហើយជម្រាបលោកអំពីការពិត។ លោកយេស៊ូសម្រាលទុក្ខនាង ដោយមានប្រសាសន៍ថា៖ ‹កូនស្រីអើយ សូមទៅឲ្យបានសេចក្ដីសុខ›។
អ្នកទទួលខុសត្រូវសាលាប្រជុំម្នាក់ឈ្មោះយ៉ែរ៉ូស បានអង្វរលោកយេស៊ូថា៖ ‹សូមលោកមកផ្ទះរបស់ខ្ញុំ! កូនស្រីខ្ញុំឈឺធ្ងន់ណាស់›។ ប៉ុន្តែ មុនពេលលោកទៅដល់ផ្ទះយ៉ែរ៉ូស កូនស្រីរបស់គាត់បានស្លាប់ហើយ។ ពេលទៅដល់ លោកឃើញមនុស្សជាច្រើនកំពុងយំកើតទុក្ខជាមួយនឹងក្រុមគ្រួសារគាត់។ លោកប្រាប់ពួកគេថា៖ ‹ឈប់យំទៅ! ក្មេងស្រីនេះកំពុងដេកលក់ទេ›។ រួចមក លោកចាប់ដៃក្មេងស្រីនេះឡើង ហើយមានប្រសាសន៍ថា៖ «នាងតូចអើយ! ចូរក្រោកឡើង!»។ ភ្លាមនោះ នាងក៏ក្រោកឡើង ហើយលោកយេស៊ូប្រាប់ឪពុកម្ដាយនាង ឲ្យយកអាហារមកឲ្យនាងបរិភោគ។ សូមស្រមៃទៅមើល តើឪពុកម្ដាយរបស់នាងសប្បាយចិត្តខ្លាំងយ៉ាងណា!
«ព្រះបានរើសតាំងលោកដោយឫទ្ធានុភាពបរិសុទ្ធនិងឫទ្ធិអំណាច។ លោកបានធ្វើដំណើរពាសពេញស្រុកដោយធ្វើអំពើល្អ និងធ្វើឲ្យអស់អ្នកដែលត្រូវមេកំណាចបៀតបៀនបានជាសះស្បើយ ពីព្រោះព្រះនៅជាមួយនឹងលោក»។—សកម្មភាព ១០:៣៨