សេចក្ដីពន្យល់បន្ថែម ផ្នែកគ
របៀបបង្រៀនគម្ពីរដោយប្រើសៀវភៅសប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់!
បងប្អូនបានអធិដ្ឋានយ៉ាងច្រើន និងបានគិតយ៉ាងដិតដល់អំពីព័ត៌មានដែលត្រូវបញ្ចូលទៅក្នុងសៀវភៅសប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! ហេតុនេះ ពេលអ្នកបង្រៀនគម្ពីរដល់សិស្ស សូមប្រើព័ត៌មានក្នុងសៀវភៅនោះឲ្យបានគ្រប់ជ្រុងជ្រោយ។ ដើម្បីធ្វើដូច្នេះ សូមធ្វើតាមចំណុចដូចតទៅ៖
មុនបង្រៀន
១. សូមរៀបចំឲ្យបានល្អ។ កាលដែលអ្នកកំពុងរៀបចំ សូមគិតអំពីសេចក្ដីត្រូវការ ស្ថានភាព និងជំនឿរបស់សិស្ស។ ខំគិតទុកជាមុនអំពីចំណុចណាដែលសិស្សប្រហែលជាពិបាកយល់ ឬពិបាកធ្វើតាម។ សូមគិតថា តើព័ត៌មាននៅក្នុងផ្នែក«ស្វែងយល់ថែមទៀត»អាចជួយសិស្សយ៉ាងណា? បន្ទាប់មក សូមរៀបចំព័ត៌មាននោះជាស្រេច ដើម្បីអាចប្រើតាមតម្រូវការក្នុងពេលបង្រៀនសិស្ស។
ពេលបង្រៀន
២. បើសិស្សយល់ព្រម សូមចាប់ផ្ដើមនិងបញ្ចប់ការសិក្សាដោយអធិដ្ឋាន។
៣. សូមប្រយ័ត្ន កុំនិយាយច្រើនពេក។ ចូរផ្ដោតទៅលើព័ត៌មានក្នុងមេរៀន ហើយទុកឲ្យសិស្សប្រាប់អំពីទស្សនៈនិងអារម្មណ៍របស់គាត់។
៤. ពេលចាប់ផ្ដើមចូលផ្នែកថ្មី សូមអានគោលចំណុចដែលមានក្នុងផ្នែកនោះ ហើយប្រាប់ត្រួសៗអំពីចំណងជើងមេរៀនខ្លះក្នុងផ្នែកនោះ។
៥. ពេលចប់ផ្នែកណាមួយ សូមពិនិត្យមើលផ្នែករៀនសាឡើងវិញ ដើម្បីជួយសិស្សឲ្យចងចាំសេចក្ដីពិតដែលគាត់បានរៀន។
៦. ពេលបង្រៀនមេរៀននីមួយៗដល់សិស្ស៖
ក. អានវគ្គ។
ខ. អានបទគម្ពីរទាំងអស់ដែលមានពាក្យថា«សូមអាន»។
គ. អានបទគម្ពីរឯទៀតក្នុងវគ្គនោះ បើចាំបាច់។
ឃ. មើលវីដេអូទាំងអស់ដែលមានពាក្យថា«លេងវីដេអូ» (បើមានជាភាសារបស់អ្នក)។
ង. សួរសិស្សគ្រប់សំណួរដែលមាននៅក្នុងសៀវភៅនោះ។
ច. ឲ្យសិស្សមើលរូបភាពដែលមាននៅក្នុងផ្នែក«បង្កើនចំណេះ»។ រួចមក សូមឲ្យគាត់ពន្យល់អំពីរូបភាពនោះ។
ឆ. ដើម្បីជួយសិស្សឲ្យពិនិត្យមើលការរីកចម្រើនរបស់គាត់ នោះសូមលើកទឹកចិត្តគាត់ឲ្យប្រើប្រអប់«គោលដៅ»ដែលមានស្រាប់ ឬឲ្យគាត់សរសេរគោលដៅផ្សេងទៀតក្នុងប្រអប់នោះ ឬអាចធ្វើទាំងពីរ។
ជ. សួរសិស្សថា ពេលដែលគាត់រៀបចំមេរៀនទុកជាមុន តើគាត់ចូលចិត្តអត្ថបទឬវីដេអូមួយណាជាងគេនៅក្នុងផ្នែក«ស្វែងយល់ថែមទៀត»?
ឈ. ពេលបង្រៀនសិស្សម្ដងៗ សូមព្យាយាមបង្រៀនឲ្យបានចប់មួយមេរៀន។
ក្រោយបង្រៀន
៧. បន្តគិតអំពីសិស្សរបស់អ្នក។ អធិដ្ឋានសុំព្រះយេហូវ៉ាឲ្យពរដល់ការខំព្យាយាមរីកចម្រើនរបស់សិស្ស ហើយសុំលោកផ្ដល់ប្រាជ្ញាឲ្យអ្នកដើម្បីដឹងអំពីរបៀបជួយគាត់។